១. របៀប​ការពារ​កុំព្យូទ័រ​របស់​លោកអ្នក​ពី Malware (ម៉លវែរ) និង​ Hackers (​ហែកឃឺ​)

ដោយមិនគិតថាអ្នកមានគោលដៅធំប៉ុណ្ណានោះទេ ការរក្សាកុំព្យូទ័ររបស់លោកអ្នកឲ្យមានសុវត្ថិភាពល្អ គឺជាជំហានដំបូងដ៏សំខាន់បំផុតមួយឆ្ពោះទៅរកសុវត្ថិភាពដែលល្អជាងនេះ។ ហេតុដូច្នេះហើយ មុននឹងលោកអ្នក ចាប់ផ្តើមព្រួយបារម្ភខ្លាំងទៅលើ ពាក្យសម្ងាត់ដែលរឹងមាំ ការប្រាស្រ័យទាក់ទងជាឯកជន និងការលុបឯកសារចោលដោយសុវត្ថិភាពនោះ លោកអ្នកត្រូវធ្វើឱ្យប្រាកដថា កុំព្យូទ័ររបស់អ្នក មិនងាយរងគ្រោះដោយ hackers ឬរងការញាំញីដោយកម្មវិធីព្យាបាទ ដែលជាទូទៅត្រូវបានគេហៅថា malware ដែលមានដូចជា virus (វីរុស) និង spyware (ស្ប៉ាយវែរ) ជាដើម។ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចធានាបានអំពីប្រសិទ្ធភាព នៃកម្មវិធីការពារសុវត្ថិភាពណាផ្សេងទៀត ដែលលោកអ្នកប្រហែលនឹងយកមកប្រើឡើយ។ សរុបសេចក្តីមក គ្មានប្រយោជន៍ក្នុងការចាក់សោរទ្វាររបស់លោកអ្នកឡើយ ប្រសិនបើចោរកំពុងស្ថិតនៅក្នុងផ្ទះរបស់លោកអ្នករួចទៅហើយនោះ ហើយវាក៏មិនជួយលោកអ្នកប៉ុន្មានដែរ ក្នុងការដែលទៅស្វែងរកចោរនៅក្នុងផ្ទះ ប្រសិនបើលោកអ្នកទុកទ្វារឱ្យនៅបើកចំហនោះ។

ដោយហេតុនេះហើយ ជំពូកនេះពន្យល់អំពីរបៀបថែទាំកម្មវិធីកុំព្យូទ័ររបស់លោកអ្នក និងរបៀបប្រើប្រាស់កម្មវិធីដូចជា Avast (អេវ៉ាស), Spybot (ស្ប៉ាយបត) និង Comodo Firewall (ខូម៉ូដូហ្វាយអឺវ៉ល) ដើម្បីការពារកុំព្យូទ័ររបស់លោកអ្នកទប់ទល់នឹងគ្រោះថ្នាក់គ្រប់ពេលនៃការឆ្លង malware និងការវាយប្រហាររបស់hacker។ ទោះបីកម្មវិធីដែលណែនាំនៅក្នុងជំពូកនេះគឺសម្រាប់ Windows ដែលជាប្រព័ន្ធប្រតិបត្តិការ ងាយរងគ្រោះបំផុតចំពោះការគំរាមកំហែងទាំងនេះក៏ដោយ អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ GNU/Linux (គន្នូ/លីនុក) និង Apple OS X (អែបផល អូអេស អិច) ក៏មានការប្រឈមទៅនឹងហានិភ័យទាំងនេះផងដែរ ហើយក៏គួរនៅទទួលយកមធ្យោបាយដែលបង្ហាញខាងក្រោមនេះផងដែរ។

សេណារីយ៉ូពីក្រោយ

លោក អាសានី គឺជាសកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសនិយាយភាសាបារាំងមួយនៃទ្វីបអាហ្វ្រិក។ កូនវ័យជំទង់ពីររូបរបស់គាត់ឈ្មោះ សាលីម៉ា និង មូហ៊ីនដូ បានស្នើសុំជួយគាត់នៅក្នុងការងារកុំព្យូទ័រ ជាប្រចាំមួយចំនួនដែលគាត់ត្រូវធ្វើ។ បន្ទាប់ពីមើលឃើញសភាពកុំព្យូទ័ររបស់គាត់ ពួកគេស្នើសុំបង្រៀនគាត់អំពីមូលដ្ឋានគ្រឹះ នៃរបៀបថែទាំកុំព្យូទ័រឲ្យមានសុវត្ថិភាព និងដំណើរការល្អ។ លោក អាសានី ចាប់អារម្មណ៍ចំពោះគំនិតនៃការប្រើប្រាស់កម្មវិធីកុំព្យូទ័រ Free and Open Source Software (កម្មវិធីឥតគិតថ្លៃនិងបើកចំហរ) ផងដែរ ប៉ុន្តែ គាត់មិនប្រាកដថា តើកម្មវិធីកុំព្យូទ័រប្រភេទនេះអាចនឹងមានសុវត្ថិភាពតិច ឬច្រើននោះទេ ដោយហេតុនេះហើយ គាត់ក៏សួរយោបល់ពីកូនរបស់គាត់។

អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ

  • ការយល់ដឹងបន្ថែមអំពីលក្ខណៈនៃការគំរាមកំហែងជាក់លាក់ខ្លះដែល malware បង្កឡើងចំពោះភាពឯកជន និងបូរណភាពនៃព័ត៌មានរបស់លោកអ្នក ស្ថេរភាពនៃកុំព្យូទ័ររបស់លោកអ្នក និងភាពអាចទុកចិត្តបាននៃកម្មវិធីការពារសុវត្ថិភាពផ្សេងទៀត
  • របៀបដែលលោកអ្នកអាចប្រើកម្មវិធីដែលត្រូវបានណែនាំមួយចំនួន ដើម្បីជួយការពារលោកអ្នកពីការគំរាមកំហែងទាំងនេះ
  • របៀបថែទាំកុំព្យូទ័ររបស់លោកអ្នកឱ្យមានសុវត្ថិភាព ដោយការធ្វើបច្ចុប្បន្នភាពកម្មវិធីកុំព្យូទ័រជាញឹកញាប់
  • ហេតុផលដែលលោកអ្នកគួរប្រើកម្មវិធី freeware (ហ្វ្រីវែ) ដើម្បីជៀសវាងពីគ្រោះថ្នាក់ដែលបណ្តាលមកពីការផុតកំណត់អាជ្ញាប័ណ្ណរបស់កម្មវិធី ឬកម្មវិធីលួចចម្លង និងកម្មវិធី FOSS (ហ្វូស) ដ៏ពេញនិយមនានា (ប្រសិនបើមាន) ដើម្បីពង្រឹងសុវត្ថិភាពរបស់លោកអ្នក។