៦. របៀបបំផ្លាញព័ត៌មានរសើប

ជំពូកមុនៗ បានពិភាក្សាអំពីកម្មវិធី និងទម្លាប់មួយចំនួន ដែលអាចជួយការពារទិន្នន័យរបស់លោកអ្នក ប៉ុន្តែ តើមានអ្វីខ្លះកើតឡើង នៅពេលលោកអ្នកសម្រេចចិត្តថាលែងត្រូវការរក្សាទុកទិន្នន័យណាមួយទៀតហើយនោះ? ឧទា. ប្រសិនបើ​លោកអ្នក​សម្រេចថា លោកអ្នក​មាន​សំណៅថតចម្លងឯកសារដែលធ្វើកូដនីយកម្មគ្រប់គ្រាន់ហើយនោះ ហើយលោកអ្នកចង់លុបចោលសំណៅមេនៃឯកសារនោះ តើមានវិធីល្អបំផុតអ្វីខ្លះដែលអាចធ្វើទៅបាន? ចម្លើយសម្រាប់សំណួរនេះ គឺមានលក្ខណៈស្មុគស្មាញជាងអ្វីដែលលោកអ្នកអាចនឹងគិតទៅទៀត។ នៅពេលលោកអ្នកលុបចោលឯកសារមួយ ទោះនៅក្រោយពេលលោកអ្នកសម្អាត ធុងសម្រាម ហើយក៏ដោយ មាតិកាដែលមាននៅក្នុងឯកសារនោះគឺនៅតែស្ថិតនៅក្នុងHard diskដដែល ហើយអាចត្រូវទាញយកមកវិញបានដោយអ្នកដែលមានកម្មវិធីត្រឹមត្រូវមួយ និងសំណាងតូចមួយផងដែរ។

ដើម្បីធានាថា ព័ត៌មានដែលបានលុបចោលរួចមិនធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់ លោកអ្នកត្រូវពឹងផ្អែកទៅលើកម្មវិធីពិសេស ដែលអាចលុបទិន្នន័យបានដោយសុវត្ថិភាពនិងជាអចិន្ត្រៃយ៍បាន។ Eraser (អុីរេសឺ) គឺជាកម្មវិធីមួយសម្រាប់ធ្វើការងារប្រភេទនេះ ហើយត្រូវបានពិភាក្សានៅខាងក្រោម។ ការប្រើកម្មវិធីEraser មានលក្ខណៈដូចជាការកាត់ច្រៀកក្រដាសឯកសារ ជាជាងការដែលគ្រាន់តែបោះវាចោលទៅក្នុងធុងសម្រាមដោយសង្ឃឹមថាគ្មាននរណារកឃើញវា។ ជាការពិតណាស់ ការលុបឯកសារ គឺជាឧទាហរណ៍តែមួយប៉ុណ្ណោះក្នុងចំណោមស្ថានភាពដែលលោកអ្នកត្រូវការបំផ្លាញទិន្នន័យរសើប។ ប្រសិនបើលោកអ្នកពិចារណាដោយលម្អិតថា មាននរណាម្នាក់ ជាពិសេស គូប្រឆាំងដែលមានអំណាចផ្នែកនយោបាយ ​អាចដឹងអំពីលោកអ្នក ឬអង្គភាពរបស់លោកអ្នក ដោយការអានឯកសារមួយចំនួនដែលលោកអ្នកគិតថាបានលុបចោលហើយនោះ នោះលោកអ្នកនឹងទំនងជាត្រូវគិតអំពីគំរូទិន្នន័យបន្ថែមពីរបីទៀត ដែលលោកអ្នកចង់លុបចោលជាអចិន្ត្រៃយ៍ ឧទា.ដូចជា ត្រូវបំផ្លាញចោលសំណៅថតចម្លងដែលហួសសម័យ ការលុបដោយគ្មានស្លាកស្នាមនូវហាដដ្រាយចាស់ៗមុននឹងឲ្យពួកវាទៅអ្នកដទៃ លុបចោលគណនីប្រើប្រាស់ចាស់ៗ និងសម្អាតប្រវត្តិគេហទំព័រអុីនធឺណិតដែលបានបើកមើលជាដើម។ កម្មវិធី CCleaner និងកម្មវិធីផ្សេងទៀតដែលបរិយាយនៅក្នុងជំពូកនេះ អាចជួយលោកអ្នកដោះស្រាយបញ្ហានៃការលុបចោលឯកសារបណ្តោះអាសន្នជាច្រើន ដែលប្រព័ន្ធប្រតិបត្តិការនិងកម្មវិធីរបស់លោកអ្នកបានបង្កើតនៅរៀងរាល់ពេលដែលលោកអ្នកប្រើឯកសារទាំងនោះ។

សេណា​រី​យ៉ូ​ពីក្រោយ

អេ​លេ​ណា គឺជា​អ្នកការពារ​បរិស្ថាន​នៅក្នុង​ប្រទេស​និយាយ​ភាសា​រូ​សុីមួយ ដែល​នៅ​ទីនោះ​គាត់​ទទួលខុសត្រូវថែទាំ​គេហទំព័រ​ដែល​កាន់​តែមាន​ប្រជាប្រិយ​មួយ ដែល​គូស​បង្ហាញ​អំពី​វិសាលភាព​នៃ​ការកាប់​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់​នោះ។ គាត់​បាន​បង្កើត​សំណៅ​ថតចម្លង​មួយ​របស់​ព័ត៌មាន​ដែល​ប្រើ​ដើម្បី​បង្កើត​គេហទំព័រ​នោះ ហើយ​គាត់​រក្សា​សំណៅ​ចម្លង​នោះ​នៅផ្ទះ នៅក្នុង​ការិយាល័យ និង​នៅក្នុង​ឡេ​ប​ថប់​ថ្មី​របស់គាត់។ ថ្មីៗនេះ គាត់​បានចាប់ផ្តើម​រក្សា​ទុក​ផងដែរ នូវ​សំណៅ​កំណត់ត្រា​ភ្ញៀវ​ចូល​មើល​គេហទំព័រ និង​ឃ្លាំង​ផ្ទុក​ទិន្នន័យ​ដែលមាន​ព័ត៌មាន​ទាក់ទង​វេទិកា​អ្នកប្រើប្រាស់​របស់គាត់។ ក្នុងពេលឆាប់ៗនេះ គាត់​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​សកម្មជន​បរិ​ស្ថាន​សកលលោក​ធំ​មួយ។ អ្នកចូលរួម​មួយចំនួន​ធ្លាប់បាន​រាយការណ៍​ថា ឡេ​ប​ថប់​របស់ខ្លួន​ត្រូវបាន​គេ​ដកយក​អស់​រយៈពេល​ជាង​មួយ​ម៉ោង​នៅ​ច្រក​ឆ្លងកាត់​ព្រំដែន។ ដើម្បី​ការពារ​ព័ត៌មាន​រសើប​របស់ខ្លួន និង​សុវត្ថិភាព​របស់​អ្នកចូលរួម​វេទិកា​នយោបាយ​របស់ខ្លួន គាត់​បាន​ផ្លាស់ប្តូរ​សំណៅ​ថតចម្លង​ដែល​នៅផ្ទះ​និង​ការិយាល័យ​ទៅ​ដាក់​ក្នុង​ប្រអប់​ទិន្នន័យ​មួយ​របស់​កម្មវិធី​TrueCrypt ហើយ​បាន​លុបចោល​សំណៅ​ថតចម្លង​នៅក្នុង​ឡេ​ប​ថប់​របស់គាត់។ គាត់​បាន​សួរ​យោបល់​ទៅ​ក្មួយប្រុស​របស់គាត់​ឈ្មោះ នី​កូ​ឡាយ។ ក្មួយប្រុស​របស់គាត់​បា​ន​ផ្តល់យោបល់​ប្រាប់​គាត់​ថា គាត់​ចាំបាច់​ត្រូវធ្វើ​ការងារ​ជាច្រើន​ផ្សេងទៀត ក្រៅពី​ការ​ដែល​គ្រាន់តែ​លុបចោល​សំណៅ​ថតចម្លង​ចាស់​របស់គាត់ ប្រសិនបើ​គាត់​បារម្ភ​ថា​កុំព្យូទ័រ​របស់គាត់​ត្រូវបាន​ចាប់យក​ដោយ​មន្ត្រី​ព្រំដែន។

អ្វីដែល​លោកអ្នក​អាច​រៀនបាន​ពី​ជំពូក​នេះ

  • របៀប​លុបចោល​ព័ត៌មាន​រសើប​ចេញពី​កុំព្យូទ័រ​របស់លោក​អ្នក​ជា​អចិន្ត្រៃយ៍
  • របៀប​លុបចោល​ព័ត៌មាន​ដែល​រក្សាទុក​នៅក្នុង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចល័ត ដូចជា CD និង អង្គ​ចងចាំ​USB ជាដើម
  • របៀប​បង្ការ​មិនឱ្យ​នរណាម្នាក់​ដឹង​អំពី​ឯកសារ ដែល​លោកអ្នក​ធ្លាប់បាន​បើក​មើល​នៅក្នុង​កុំព្យូទ័រ​របស់លោក​អ្នក
  • របៀប​រក្សា​កុំព្យូទ័រ​របស់លោក​អ្នក មិនឱ្យ​ឯកសារ​ដែល​លុបចោល​រួច អាច​ទាញយក​វិញ​បាន​នៅពេល​ក្រោយ