៩. របៀបការពារខ្លួនលោកអ្នក និងទិន្នន័យរបស់លោកអ្នក នៅពេលប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គម

សហគមន៍អនឡាញជាច្រើនបានកកើតឡើង ចាប់តាំងពីអុីនធឺណិតចាប់កំណើតមក។ ជាដំបូង មានការបង្កើតក្តារបិទប្រកាស និង​​បញ្ជីអុីមែលសម្រាប់ប្រជាជនជុំវិញពិភពលោក ធ្វើការភ្ជាប់ទំនាក់ទំនង និងចែករំលែកព័ត៌មាន​អំពី​ប្រធានបទ​ជាក់​​លាក់​​ផ្សេងៗ។ សព្វថ្ងៃនេះ គេហទំព័របណ្តាញទំនាក់ទំនងសង្គម ​បានពង្រីកវិសាលភាពទំនាក់ទំនងដែល​​កាន់តែ​អស្ចារ្យ​​ ហើយអនុញ្ញាតឱ្យលោកអ្នកអាចចែករំលែកសារ រូបភាព ឯកសារ និងព័ត៌មានបានយ៉ាងរហ័ស អំពីអ្វីដែលលោកអ្នកកំពុងធ្វើ ​និង​​កន្លែងដែលលោកអ្នកកំពុងស្ថិតនៅ។ មុខងារទាំងអស់នេះ មិនមែនថ្មី ឬមានតែមួយទេ – សកម្មភាពទាំងនេះ អាចត្រូវ​បាន​អនុវត្តផងដែរតាម​រយៈអុីនធឺណិត ដោយមិនចាំបាច់ចូលរួមក្នុងបណ្តាញទំនាក់ទំនងសង្គមនោះទេ។

ទោះបីបណ្តាញទាំងនេះអាចមានប្រយោជន៍ច្រើន និងលើកកម្ពស់ទំនាក់ទំនងសង្គម ទាំងអនឡាញនិងមិនអនឡាញក៏ដោយ នៅ​ពេលប្រើពួកវា ព័ត៌មានរបស់លោកអ្នកក៏អាចធ្លាក់ដល់ដៃអ្នកដទៃដែលមានបំណងមិនល្អផងដែរ។ លោកអ្នកអាចគិតថា គេហ​ទំព័រ​​បណ្តាញ​​ទំនាក់ទំនងសង្គម​​មួយ គឺ​ប្រៀប​​ដូចជាកម្មវិធីជប់លៀងដ៏ធំមួយដែរ។ មានមនុស្សជាច្រើននៅទីនោះ​ដែល​លោក​អ្នក​ស្គាល់ និងមានមនុស្សខ្លះ​ទៀត​ដែល​​លោក​អ្នកមិនស្គាល់។ សាកល្បងស្រមៃគិតថា លោកអ្នកកំពុងដើរកាត់ពិធី ជប់លៀងនោះ ដោយ​​មាន​ព័ត៌​មាន​​លម្អិត​ផ្ទាល់​ខ្លួន និង​ព័ត៌មាន​បច្ចុប្បន្ន​អំពី​អ្វីដែលលោកអ្នកកំពុងគិត ត្រូវបានសរសេរ​នៅ​លើ​ស្លាកធំ​មួយ​បិទ​ជាប់​ក្រោយ​​ខ្នងរបស់លោកអ្នក ដែលអាច​ឱ្យ​គ្រប់​គ្នា​អាចអាន​វាបាន ដោយសូម្បីតែលោកអ្នកខ្លួនឯងមិនទាំងដឹងផង។ តើលោកអ្នក​ពិត​ជាចង់​ឱ្យគ្រប់គ្នា​ដឹង​គ្រប់​ព័ត៌មាន​ទាំងអស់នោះដែរទេ?

ត្រូវចាំថា បណ្តាញទំនាក់ទំនងសង្គមត្រូវបានគ្រប់គ្រងជាកម្មសិទ្ធដោយក្រុមហ៊ុនឯកជន ហើយពួកគេរកប្រាក់បានដោយ​ការ​ប្រមូល​ទិន្ន​ន័យអំពីមនុស្សម្នាក់ៗ ហើយលក់ទិន្នន័យនោះបន្ត ជាពិសេសលក់ទៅឱ្យភាគីទីបីជាអ្នកផ្សាយពាណិជ្ជកម្ម។ នៅពេលលោក​អ្នក​ចូលទៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ លោកអ្នកកំពុងទុកចោលសេរីភាពរបស់អ្នកលើអុីនធឺណិត ហើយកំពុងចូល​ក្នុង​បណ្តាញមួយដែលត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយម្ចាស់គេហទំព័រនោះ។ បណ្តា​មុខងារ​កំណត់​ភាព​ឯក​ជន គឺ​គ្រាន់​តែ​មាន​ន័យ​ចង់ការពារលោកអ្នកពីសមាជិកផ្សេងទៀតរបស់បណ្តាញទំនាក់ទំនងសង្គមនោះតែប៉ុណ្ណោះ ប៉ុន្តែមុខងារកំណត់ទាំង នោះ​មិន​លាក់ទិន្នន័យរបស់លោកអ្នកពីម្ចាស់គេហទំព័រនោះឡើយ។ អ្វីដែលសំខាន់ លោកអ្នកកំពុងផ្តល់ទិន្នន័យទាំងអស់របស់ខ្លួន ទៅ​ឱ្យ​ម្ចាស់គេហទំព័រទំនាក់ទំនងសង្គមនោះ និងទុកចិត្តទៅលើពួកគេ។

ប្រសិនបើលោកអ្នកធ្វើការជាមួយព័ត៌មាននិងប្រធានបទរសើប ហើយចាប់អារម្មណ៍ចំពោះការប្រើសេវាបណ្តាញទំនាក់ទំនង​សង្គម​នោះ វាគឺជាការសំខាន់ដែលលោកអ្នកត្រូវដឹងឱ្យបានច្បាស់លាស់ អំពីបញ្ហាភាពឯកជន និងសុវត្ថិភាពដែល​សេវា​ទាំង​នោះ​លើក​​​ឡើង​។ អ្នកតស៊ូមតិខាងសិទ្ធិមនុស្ស គឺងាយរងគ្រោះខ្លាំងណាស់នៅក្នុងការប្រើប្រាស់គេហទំព័រទំនាក់ទំនងសង្គម ហើយចាំបាច់​ត្រូវប្រុង​ប្រយ័ត្ន​បំផុត អំពីព័ត៌មានដែលខ្លួនបើកបង្ហាញអំពីខ្លួនឯង និងអំពីអ្នកដែលខ្លួនធ្វើការជាមួយ។

មុនពេលលោកអ្នកប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមណាមួយ ការសំខាន់សម្រាប់លោកអ្នក គឺ​ត្រូវយល់អំពីរបៀប​ដែល​គេហទំព័រ​​ទាំង​នោះធ្វើឱ្យលោកអ្នកប្រឈមនឹងហានិភ័យ ហើយបន្ទាប់មក ចាត់ជំហានអនុវត្តន៍ដើម្បីការពារខ្លួនលោកអ្នក​ និង​អ្នក​ដែល​​​លោកអ្នកធ្វើការជាមួយ។ មគ្គុទ្ទេសក៍ណែនាំនេះ នឹងជួយលោកអ្នកឱ្យយល់អំពីបញ្ហាពាក់ព័ន្ធសុវត្ថិភាពក្នុងការប្រើ​គេហទំព័រ​បណ្តាញ​ទំនាក់ទំនងសង្គមទាំងនោះ។

សេណារីយ៉ូពីក្រោយ

ម៉ានសួរ និងម៉ាកដា គឺជាអ្នកការពារសិទ្ធិមនុស្សមកពីអាហ្វ្រិកខាងជើង។ ពួកគេកំពុងរៀបចំការដង្ហែរក្បួនមួយ ដែលនឹងប្រព្រឹត្ត​ធ្វើ​​នៅកណ្តាលទីក្រុងធំមួយ។ ពួកគេចង់ប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមFacebook ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។ ពួក​គេ​មានការព្រួយបារម្ភណ៍ថា អាជ្ញាធរអាចនឹងដឹងព័ត៌មាននេះ ហើយអាចនឹងតាម​ដានអ្នក​ដែលបង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​​នេះ។ ពួកគេគ្រោងប្រើTwitterនៅក្នុងអំឡុងពេលដង្ហែរក្បួន ដើម្បី​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ដំណើរ​វិវត្តន៍​របស់​ការ​ដង្ហែរ​​ក្បួននេះ។ ប៉ុន្តែ ចុះប្រសិនបើនគរបាលអាចពិនិត្យតាមដានtweets ហើយពង្រាយកងតម្រួតដើម្បីស្ទាក់ចាប់អ្នកដង្ហែរក្បួននោះ? ម៉ានសួរ និងម៉ាកដាគ្រោងរៀនចំផែនការ អំពីរបៀបចែករំលែករូបថត និងវីដេអូរបស់ការដង្ហែរក្បួននេះ ដោយមិនបើកបង្ហាញអត្ត​សញ្ញាណ​​របស់អ្នកចូលរួម ព្រោះពួកគេព្រួយបារម្ភណ៍ថា អ្នកចូលរួមអាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញ។

យើងមិនមែនលើកទឹកចិត្តឱ្យលោកអ្នកឈប់ប្រើបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងនោះទេ។ ប៉ុន្តែ លោកអ្នកគួរចាត់វិធានការ​សុវត្ថិ​ភាព​​ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យលោកអ្នកអាចប្រើបណ្តាញទាំងនោះបាន ដោយមិនធ្វើឱ្យខ្លួនឯង​ ឬអ្នកដទៃទៀត​ប្រឈម​នឹង​ហា​និ​ភ័យ​។

អ្វីដែលលោកអ្នកអាចរៀនបានពីជំពូកនេះ

  • របៀបដែលគេហទំព័របណ្តាញទំនាក់ទំនងសង្គម ងាយធ្វើឱ្យបែកព័ត៌មានរសើបដោយអចេតនា
  • របៀបការពារព័ត៌មានអំពីខ្លួនឯងនិងអ្នកដទៃ នៅពេលប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គម