របៀបការពារខ្លួនលោកអ្នក និងទិន្នន័យរបស់លោកអ្នក នៅពេលប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គម
បានធ្វើបច្ចុប្បន្នភាព2013
មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ
សហគមន៍អនឡាញជាច្រើនបានកកើតឡើង ចាប់តាំងពីអុីនធឺណិតចាប់កំណើតមក។ ជាដំបូង មានការបង្កើតក្តារបិទប្រកាស និងបញ្ជីអុីមែលសម្រាប់ប្រជាជនជុំវិញពិភពលោក ធ្វើការភ្ជាប់ទំនាក់ទំនង និងចែករំលែកព័ត៌មានអំពីប្រធានបទជាក់លាក់ផ្សេងៗ។ សព្វថ្ងៃនេះ គេហទំព័របណ្តាញទំនាក់ទំនងសង្គម បានពង្រីកវិសាលភាពទំនាក់ទំនងដែលកាន់តែអស្ចារ្យ ហើយអនុញ្ញាតឱ្យលោកអ្នកអាចចែករំលែកសារ រូបភាព ឯកសារ និងព័ត៌មានបានយ៉ាងរហ័ស អំពីអ្វីដែលលោកអ្នកកំពុងធ្វើ និងកន្លែងដែលលោកអ្នកកំពុងស្ថិតនៅ។ មុខងារទាំងអស់នេះ មិនមែនថ្មី ឬមានតែមួយទេ – សកម្មភាពទាំងនេះ អាចត្រូវបានអនុវត្តផងដែរតាមរយៈអុីនធឺណិត ដោយមិនចាំបាច់ចូលរួមក្នុងបណ្តាញទំនាក់ទំនងសង្គមនោះទេ។
ទោះបីបណ្តាញទាំងនេះអាចមានប្រយោជន៍ច្រើន និងលើកកម្ពស់ទំនាក់ទំនងសង្គម ទាំងអនឡាញនិងមិនអនឡាញក៏ដោយ នៅពេលប្រើពួកវា ព័ត៌មានរបស់លោកអ្នកក៏អាចធ្លាក់ដល់ដៃអ្នកដទៃដែលមានបំណងមិនល្អផងដែរ។ លោកអ្នកអាចគិតថា គេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ គឺប្រៀបដូចជាកម្មវិធីជប់លៀងដ៏ធំមួយដែរ។ មានមនុស្សជាច្រើននៅទីនោះដែលលោកអ្នកស្គាល់ និងមានមនុស្សខ្លះទៀតដែលលោកអ្នកមិនស្គាល់។ សាកល្បងស្រមៃគិតថា លោកអ្នកកំពុងដើរកាត់ពិធី ជប់លៀងនោះ ដោយមានព័ត៌មានលម្អិតផ្ទាល់ខ្លួន និងព័ត៌មានបច្ចុប្បន្នអំពីអ្វីដែលលោកអ្នកកំពុងគិត ត្រូវបានសរសេរនៅលើស្លាកធំមួយបិទជាប់ក្រោយខ្នងរបស់លោកអ្នក ដែលអាចឱ្យគ្រប់គ្នាអាចអានវាបាន ដោយសូម្បីតែលោកអ្នកខ្លួនឯងមិនទាំងដឹងផង។ តើលោកអ្នកពិតជាចង់ឱ្យគ្រប់គ្នាដឹងគ្រប់ព័ត៌មានទាំងអស់នោះដែរទេ?
ត្រូវចាំថា បណ្តាញទំនាក់ទំនងសង្គមត្រូវបានគ្រប់គ្រងជាកម្មសិទ្ធដោយក្រុមហ៊ុនឯកជន ហើយពួកគេរកប្រាក់បានដោយការប្រមូលទិន្នន័យអំពីមនុស្សម្នាក់ៗ ហើយលក់ទិន្នន័យនោះបន្ត ជាពិសេសលក់ទៅឱ្យភាគីទីបីជាអ្នកផ្សាយពាណិជ្ជកម្ម។ នៅពេលលោកអ្នកចូលទៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ លោកអ្នកកំពុងទុកចោលសេរីភាពរបស់អ្នកលើអុីនធឺណិត ហើយកំពុងចូលក្នុងបណ្តាញមួយដែលត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយម្ចាស់គេហទំព័រនោះ។ បណ្តាមុខងារកំណត់ភាពឯកជន គឺគ្រាន់តែមានន័យចង់ការពារលោកអ្នកពីសមាជិកផ្សេងទៀតរបស់បណ្តាញទំនាក់ទំនងសង្គមនោះតែប៉ុណ្ណោះ ប៉ុន្តែមុខងារកំណត់ទាំង នោះមិនលាក់ទិន្នន័យរបស់លោកអ្នកពីម្ចាស់គេហទំព័រនោះឡើយ។ អ្វីដែលសំខាន់ លោកអ្នកកំពុងផ្តល់ទិន្នន័យទាំងអស់របស់ខ្លួន ទៅឱ្យម្ចាស់គេហទំព័រទំនាក់ទំនងសង្គមនោះ និងទុកចិត្តទៅលើពួកគេ។
ប្រសិនបើលោកអ្នកធ្វើការជាមួយព័ត៌មាននិងប្រធានបទរសើប ហើយចាប់អារម្មណ៍ចំពោះការប្រើសេវាបណ្តាញទំនាក់ទំនងសង្គមនោះ វាគឺជាការសំខាន់ដែលលោកអ្នកត្រូវដឹងឱ្យបានច្បាស់លាស់ អំពីបញ្ហាភាពឯកជន និងសុវត្ថិភាពដែលសេវាទាំងនោះលើកឡើង។ អ្នកតស៊ូមតិខាងសិទ្ធិមនុស្ស គឺងាយរងគ្រោះខ្លាំងណាស់នៅក្នុងការប្រើប្រាស់គេហទំព័រទំនាក់ទំនងសង្គម ហើយចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុត អំពីព័ត៌មានដែលខ្លួនបើកបង្ហាញអំពីខ្លួនឯង និងអំពីអ្នកដែលខ្លួនធ្វើការជាមួយ។
មុនពេលលោកអ្នកប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមណាមួយ ការសំខាន់សម្រាប់លោកអ្នក គឺត្រូវយល់អំពីរបៀបដែលគេហទំព័រទាំងនោះធ្វើឱ្យលោកអ្នកប្រឈមនឹងហានិភ័យ ហើយបន្ទាប់មក ចាត់ជំហានអនុវត្តន៍ដើម្បីការពារខ្លួនលោកអ្នក និងអ្នកដែលលោកអ្នកធ្វើការជាមួយ។ មគ្គុទ្ទេសក៍ណែនាំនេះ នឹងជួយលោកអ្នកឱ្យយល់អំពីបញ្ហាពាក់ព័ន្ធសុវត្ថិភាពក្នុងការប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមទាំងនោះ។
សេណារីយ៉ូពីក្រោយ
យើងមិនមែនលើកទឹកចិត្តឱ្យលោកអ្នកឈប់ប្រើបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងនោះទេ។ ប៉ុន្តែ លោកអ្នកគួរចាត់វិធានការសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីឱ្យលោកអ្នកអាចប្រើបណ្តាញទាំងនោះបាន ដោយមិនធ្វើឱ្យខ្លួនឯង ឬអ្នកដទៃទៀតប្រឈមនឹងហានិភ័យ។
អ្វីដែលលោកអ្នកអាចរៀនបានពីជំពូកនេះ
- របៀបដែលគេហទំព័របណ្តាញទំនាក់ទំនងសង្គម ងាយធ្វើឱ្យបែកព័ត៌មានរសើបដោយអចេតនា
- របៀបការពារព័ត៌មានអំពីខ្លួនឯងនិងអ្នកដទៃ នៅពេលប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គម
ដំបូន្មានទូទៅ អំពីការប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គម
ត្រូវសួរខ្លួនឯងជានិច្ចនូវសំណួរដូចខាងក្រោម៖
- តើនរណាខ្លះ ដែលអាចចូលមើលព័ត៌មានដែលខ្ញុំកំពុងដាក់នៅលើអនឡាញ?
- តើនរណាខ្លះ ជាអ្នកត្រួតត្រានិងគ្រប់គ្រងជាកម្មសិទ្ធិលើព័ត៌មាន ដែលខ្ញុំដាក់ទៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ?
- តើព័ត៌មានអំពីខ្ញុំអ្វីខ្លះ ដែលដៃគូទំនាក់ទំនងរបស់ខ្ញុំផ្សព្វផ្សាយបន្តទៅមនុស្សដទៃទៀត?
- តើនឹងមានបញ្ហាដល់ដៃគូទំនាក់ទំនងរបស់ខ្ញុំដែរឬទេ ប្រសិនបើខ្ញុំចែករំលែកព័ត៌មានអំពីពួកគេជាមួយមនុស្សដទៃទៀត?
- តើខ្ញុំគួរទុកចិត្តគ្រប់អ្នកដែលខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយដែរឬទេ?
ត្រូវប្រាកដជានិច្ចថា លោកអ្នកប្រើពាក្យសម្ងាត់សុវត្ថិភាពដើម្បីបើកចូលបណ្តាញទំនាក់ទំនងសង្គម។ ប្រសិនបើមាននរណាម្នាក់ផ្សេងទៀតចូលក្នុងគណនីរបស់លោកអ្នក ពួកគេកំពុងទទួលបានសិទ្ធិចូលមើលព័ត៌មានជាច្រើនអំពីលោកអ្នក និងអំពីអ្នកដទៃទៀតដែលលោកអ្នកកំពុងភ្ជាប់ទំនាក់ទំនងជាមួយតាមរយៈបណ្តាញសង្គមនោះ។ ត្រូវមានទម្លាប់ផ្លាស់ពាក្យសម្ងាត់របស់លោកអ្នកឱ្យបានទៀងទាត់។ សូមមើល ជំពូក ៣ ៖ របៀបបង្កើត និងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព សម្រាប់ព័ត៌មានបន្ថែម។
ត្រូវប្រាកដថា លោកអ្នកយល់អំពីមុខងារកំណត់ភាពឯកជន ដែលផ្តល់ជាស្វ័យប្រវត្តដោយគេហទំព័របណ្តាញទំនាក់ទំនងសង្គម និងយល់អំពីរបៀបផ្លាស់ប្តូរពួកវា។
ត្រូវពិចារណាប្រើគណនី/អត្តសញ្ញាណផ្សេងគ្នា ឬអាចជារហស្សនាមផ្សេងគ្នា សម្រាប់យុទ្ធនាការ និងសកម្មភាពផ្សេងគ្នា។ ត្រូវចាំថា គន្លឹះមួយចំពោះការប្រើបណ្តាញសង្គមដោយសុវត្ថិភាព គឺការដែលអាចទុកចិត្តលើសមាជិកទាំងឡាយ។ គណនីផ្សេងដាច់ដោយឡែកពីគ្នា អាចជាមធ្យោបាយល្អមួយដើម្បីធានាថា ការទុកចិត្តនោះអាចធ្វើទៅបាន។
ត្រូវប្រយ័ត្ន នៅពេលបើកចូលគណនីបណ្តាញសង្គមរបស់លោកអ្នក នៅក្នុងកន្លែងអុីនធឺណិតសាធារណៈ។ ត្រូវលុបចោលពាក្យសម្ងាត់ និងប្រវត្តិបើកទំព័រអុីនធឺណិតរបស់លោកអ្នក នៅពេលប្រើកម្មវិធីបើកអុីនធឺណិតមួយនៅលើកុំព្យូទ័រសាធារណៈ។ សូមមើល ជំពូក ៦ ៖ របៀបបំផ្លាញព័ត៌មានរសើប.
ចូរប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមដោយប្រើ https:// ដើម្បីការពារឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ និង ព័ត៌មានផ្សេងទៀតដែលលោកអ្នកផ្សព្វផ្សាយទៅក្នុងគេហទំព័រនោះ។ ការប្រើ https:// ជាជាងការប្រើ http:// គឺបន្ថែមនូវស្រទាប់មួយផ្សេងទៀត ដោយការធ្វើកូដនីយកម្មនូវចរាចរណ៍ទិន្នន័យពីកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នក ទៅគេហទំព័របណ្តាញទំនាក់ទំនងសង្គមរបស់លោកអ្នក។ សូមមើល ជំពូក ៨ ៖ របៀបរក្សាអនាមិកភាព និងគេចវាងពីការរឹតត្បិតលើអុីនធឺណិត។
ត្រូវប្រយ័ត្នអំពីការដាក់ព័ត៌មានច្រើនពេកទៅក្នុង ការធ្វើបច្ចុប្បន្នភាពពីស្ថានភាពរបស់លោកអ្នក – ទោះបីលោកអ្នកទុកចិត្តមនុស្សដែលមាននៅក្នុងបណ្តាញរបស់លោកអ្នកក៏ដោយ។ វាមានលក្ខណៈងាយស្រួល ដើម្បីឱ្យនរណាម្នាក់ចម្លងព័ត៌មានរបស់លោកអ្នកបាន។
បណ្តាញទំនាក់ទំនងសង្គមភាគច្រើនបំផុត អនុញ្ញាតឱ្យលោកអ្នកបញ្ចូលព័ត៌មានជាមួយបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។ ឧទា. លោកអ្នកអាចសរសេរព័ត៌មានថ្មីមួយចូលក្នុងគណនី Twitter របស់លោកអ្នក ហើយព័ត៌មាននោះត្រូវបានចែករំឡែកដោយស្វ័យប្រវត្តទៅក្នុងគណនីFacebookរបស់លោកអ្នកផងដែរ។ ត្រូវប្រុងប្រយ័ត្នបំផុតនៅពេលដាក់គណនីបណ្តាញទំនាក់ទំនងសង្គមច្រើនរបស់លោកអ្នករួមបញ្ចូលគ្នា! លោកអ្នកអាចលាក់អត្តសញ្ញាណនៅក្នុងគេហទំព័រមួយ ប៉ុន្តែបើកបង្ហាញអត្តសញ្ញាណនៅពេលប្រើគេហទំព័រមួយទៀត។
ត្រូវប្រយ័ត្នប្រយែងជានិច្ចចំពោះសុវត្តិភាពនៃព័ត៌មាន ដែលលោកអ្នកផ្សព្វផ្សាយនៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ។ មិនត្រូវពឹងផ្អែកទៅលើគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ ធ្វើជាកន្លែងផ្ទុកទិន្នន័យចម្បងសម្រាប់ខ្លឹមសារ ឬព័ត៌មានរបស់លោកអ្នកឡើយ។ វាងាយស្រួលសម្រាប់រដ្ឋាភិបាល ក្នុងការបិទសិទ្ធិប្រើប្រាស់គេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយនេះ នៅក្នុងរវាងដែនសមត្ថកិច្ចរបស់ពួកគេ ប្រសិនបើពួកគេភ្លាមៗនោះរកឃើញថា ខ្លឹមសាររបស់ព័ត៌មាននោះស្របនិងពួកគេ។ អ្នកគ្រប់គ្រងទាំងអស់របស់គេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ អាចសម្រេចធ្វើការលុបចោលខ្លឹមសារដែលគេគិតថាមិនសមស្របដោយខ្លួនឯងផងដែរ ដើម្បីជៀសវាងការបិទសេវារបស់កម្មរបស់ពួកគេនៅក្នុងប្រទេសជាក់លាក់ណាមួយ។
ការផ្សព្វផ្សាយព័ត៌មានលម្អិតផ្ទាល់ខ្លួន
គេហទំព័របណ្តាញទំនាក់ទំនងសង្គម ស្នើសុំនូវទិន្នន័យជាច្រើនអំពីខ្លួនលោកអ្នកដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ផ្សេងទៀតងាយស្រួលក្នុងការស្វែងរក និងភ្ជាប់ទំនាក់ទំនងជាមួយលោកអ្នក។ ជួនកាល ការស្នើសុំព័ត៌មានផ្ទាល់ខ្លួនជាច្រើននេះបង្កើតនូវហានិភ័យធំបំផុតសម្រាប់អ្នកប្រើប្រាស់របស់គេហទំព័រទាំងនេះ ដូចជាការក្លែងបន្លំអត្តសញ្ញាណដែលកាន់តែកើតមានច្រើនឡើងៗ។ លើសពីនេះទៅទៀត ព័ត៌មានបន្ថែមអំពីខ្លួនលោកអ្នកផ្ទាល់ ដែលលោកអ្នកបើកបង្ហាញតាមអនឡាញកាន់តែច្រើននោះ កាន់តែផ្តល់ភាពងាយស្រួលសម្រាប់អាជ្ញាធរ ក្នុងការកំណត់អត្តសញ្ញាណលោកអ្នកនិងពិនិត្យតាមដានសកម្មភាពរបស់លោកអ្នកផងដែរ។ សកម្មភាពអនឡាញរបស់សកម្មជនក្រៅស្រុកពីប្រទេសមួយចំនួន បាននាំឱ្យមានការផ្តោតមុខសញ្ញាទៅលើសមាជិកគ្រួសាររបស់ពួកគេដោយអាជ្ញាធរនៅក្នុងមាតុភូមិរបស់ពួកគេ។
ចូរសួរខ្លួនឯងថា៖ តើជាការចាំបាច់ដែរឬទេ ដែលត្រូវសរសេរព័ត៌មានខាងក្រោមទៅលើអនឡាញ?
- ថ្ងៃខែឆ្នាំកំណើត
- លេខទូរស័ព្ទទំនាក់ទំនង
- អាសយដ្ឋាន
- ព័ត៌មានលម្អិតអំពីសមាជិកគ្រួសារ
- ទំនោរផ្លូវភេទ
- ប្រវត្តិអប់រំនិងការងារ
មិត្តភក្តិ អ្នកតាមដានព័ត៌មាន និងដៃគូទំនាក់ទំនង
បន្ទាប់ពីបានបំពេញព័ត៌មានលម្អិតផ្ទាល់ខ្លួនក្នុងទម្រង់បែបបទរបស់បណ្តាញទំនាក់ទំនងសង្គមណាមួយរួចហើយ ការទីមួយដែលលោកអ្នកត្រូវធ្វើ គឺបង្កើតការភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សដទៃទៀត។ មនុស្សទាំងនោះគួរតែជាអ្នកដែលលោកអ្នកស្គាល់ និងទុកចិត្ត – ប៉ុន្តែលោកអ្នកអាចភ្ជាប់ទំនាក់ទំនងផងដែរទៅសហគមន៍អនឡាញរបស់អ្នកដែលមានគំនិតដូចគ្នា ដែលលោកអ្នកមិនដែលជួប។ ការសំខាន់បំផុតដែលលោកអ្នកត្រូវយល់ដឹងគឺថា តើព័ត៌មានអ្វីខ្លះដែលលោកអ្នកអនុញ្ញាតឱ្យសហគមន៍អនឡាញនេះមាន។
នៅពេលប្រើគណនីបណ្តាញទំនាក់ទំនងសង្គមមួយដូចជាFacebookជាដើម ដែលមានផ្ទុកព័ត៌មានជាច្រើនអំពីលោកអ្នកផ្ទាល់នោះ លោកអ្នកត្រូវពិចារណាភ្ជាប់ទំនាក់ទំនងទៅកាន់តែអ្នកដែលលោកអ្នកស្គាល់ និងទុកចិត្តប៉ុណ្ណោះ ដើម្បីកុំឱ្យព័ត៌មានដែលលោកអ្នកផ្សព្វផ្សាយត្រូវបានប្រើខុស។
ការធ្វើបច្ចុប្បន្នភាព (STATUS UPDATES)
នៅក្នុងTwitterនិងFacebook និងបណ្តាញស្រដៀងគ្នានេះផ្សេងទៀត ការធ្វើបច្ចុប្បន្នភាពគឺត្រូវឆ្លើយនឹងសំណួរដូចតទៅ៖ ឥឡូវនេះតើខ្ញុំកំពុងធ្វើអ្វី? តើអ្វីកំពុងកើតឡើង? ការសំខាន់បំផុតដើម្បីយល់អំពីការធ្វើបច្ចុប្បន្នភាពនេះគឺ តើនរណាខ្លះដែលជាក់ស្តែងអាចមើលឃើញវា។ មុខងារកំណត់ដែលកម្មវិធីបណ្តាញទំនាក់ទំនងសង្គមផ្តល់ឱ្យដោយស្វ័យប្រវត្តសម្រាប់ការធ្វើបច្ចុប្បន្នភាព គឺគ្រប់គ្នានៅលើអុីនធឺណិតអាចមើលឃើញវា។ ប្រសិនបើលោកអ្នកចង់ឱ្យតែដៃគូទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះដែលអាចមើលឃើញវា លោកអ្នកចាំបាច់ត្រូវតែប្រាប់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមនោះឱ្យលាក់ពីបច្ចុប្បន្នភាពរបស់លោកអ្នកពីអ្នកដទៃទៀត។
ដើម្បីធ្វើការនេះបាននៅក្នុងTwitter អ្នកត្រូវស្វែងរក“Protect Your Tweets”។ នៅក្នុងFacebook ត្រូវផ្លាស់ប្តូរមុខងារកំណត់ឱ្យចែករំលែកបច្ចុប្បន្នភាពរបស់លោកអ្នកជាមួយ “Friends Only”(“មិត្តភក្តិប៉ុណ្ណោះ”)។ ទោះបីលោកអ្នកផ្លាស់ប្តូរទៅការកំណត់មុខងារដូចនេះក៏ដោយ ត្រូវពិចារណាផងដែរថា តើអ្នកតាមដានព័ត៌មាន និងមិត្តភក្តិរបស់លោកអ្នក មានភាពងាយស្រួលកម្រិតណាក្នុង ការផ្សព្វផ្សាយព័ត៌មានរបស់លោកអ្នកបន្ត។ ត្រូវយល់ព្រមជាមួយបណ្តាញមិត្តភក្តិរបស់លោកអ្នក អំពីវិធីសាស្ត្រទូទៅមួយ ចំពោះការបញ្ជូនព័ត៌មានបន្តពីគណនីបណ្តាញទំនាក់ទំនងសង្គមរបស់លោកអ្នក។ លោកអ្នកគួរគិតផងដែរអំពី អ្វីដែលលោកអ្នកអាចកំពុងលាតត្រដាងអំពីមិត្តភក្តិរបស់លោកអ្នក នូវអ្វីដែលពួកគេប្រហែលជាមិនចង់ឱ្យមនុស្សដទៃទៀតស្គាល់។ អ្វីដែលសំខាន់ គឺត្រូវប្រយ័ត្នអំពីចំណុចនេះ ហើយត្រូវសុំឱ្យអ្នកដទៃប្រយ័ត្នចំពោះអ្វីដែលពួកគេលាតត្រដាងអំពីលោកអ្នកផងដែរ។
ធ្លាប់កើតមានហេតុចៃដន្យជាច្រើន ដែលព័ត៌មាននៅក្នុងការធ្វើបច្ចុប្បន្នភាព ត្រូវបានប្រើដើម្បីប្រឆាំងនឹងអ្នកដែលផូស្តព័ត៌មាននោះ។ គ្រូបង្រៀនខ្លះនៅសហរដ្ឋអាមេរិក ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានអំពីអារម្មណ៍ ដែលពួកគេមានចំពោះសិស្សរបស់ខ្លួន; និយោជិតខ្លះបានបាត់បង់ការងាររបស់ខ្លួនដោយសារផ្សព្វផ្សាយព័ត៌មានអំពីនិយោជករបស់ខ្លួន។ នេះគឺជាអ្វី ដែលសឹងតែគ្រប់គ្នាចាំបាច់ត្រូវតែប្រយ័ត្ន។
ការចែករំលែកព័ត៌មានក្នុងអុីនធឺណិត
ការចែករំលែកតំណភ្ជាប់ទៅកាន់គេហទំព័រមួយ ហើយទាក់ទាញការចាប់អារម្មណ៍របស់មិត្តភក្តិរបស់លោកអ្នក គឺជាការងាយស្រួល។ ប៉ុន្តែ តើអ្នកដទៃទៀតណាខ្លះដែលនឹងចាប់អារម្មណ៍ ហើយពួកគេនឹងមានប្រតិកម្មដូចម្តេចខ្លះ? ប្រសិនបើលោកអ្នកនិយាយថា លោកអ្នកចូលចិត្តគេហទំព័រមួយដែលមានការទាក់ទងខ្លះទៅនឹងការចង់ផ្តួលរំលំរបបជិះជាន់មួយ នោះរបបនោះអាចនឹងមានការចាប់អារម្មណ៍ ហើយបន្ទាប់មកផ្តោតមុខសញ្ញាទៅលើលោកអ្នកផងដែរ។
ប្រសិនបើលោកអ្នកចង់ឱ្យតែដៃគូទំនាក់ទំនងរបស់ខ្លួនមើលឃើញអ្វីដែលលោកអ្នកចែករំលែក ឬគូសសម្គាល់ថាចាប់អារម្មណ៍នោះ លោកអ្នកត្រូវប្រាកដថា លោកអ្នកបានពិនិត្យមើលមុខងារកំណត់ភាពឯកជនរបស់លោកអ្នកឲ្យត្រឹមត្រូវ។
ការលាតត្រដាងអំពីទីតាំងរបស់លោកអ្នក
គេហទំព័របណ្តាញទំនាក់ទំនងសង្គមភាគច្រើនបំផុត នឹងបង្ហាញទីតាំងរបស់លោកអ្នក ប្រសិនបើមានទិន្នន័យនោះ។ មុខងារនេះ ជាទូទៅត្រូវបានផ្តល់ នៅពេលលោកអ្នកប្រើទូរស័ព្ទមួយដែលមានបើកដំណើរការGPS ដើម្បីធ្វើការទាក់ទងគ្នាជាមួយបណ្តាញទំនាក់ទំនងសង្គមមួយ។ ប៉ុន្តែកុំសន្មតជាមុនថា ការនេះមិនអាចធ្វើទៅបានទេប្រសិនបើលោកអ្នកមិនភ្ជាប់សេវាGPSពីទូរស័ព្ទនោះ។ បណ្តាញដែលកុំព្យូទ័ររបស់លោកអ្នកត្រូវបានភ្ជាប់ជាមួយនោះ អាចផ្តល់ទិន្នន័យអំពីទីតាំងផងដែរ។ មធ្យោបាយដែលមានសុវត្ថិភាពបំផុតអំពីប្រការនេះ គឺត្រូវពិនិត្យផ្ទៀងផ្ទាត់មុខងារកំណត់របស់លោកអ្នក។
ត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះមុខងារកំណត់ទីតាំងនៅក្នុងគេហទំព័រចែករំលែករូបភាពនិងវីដេអូ។ កុំគ្រាន់តែសន្មតជាមុនថា ពួកវាមិនកំពុងចែករំលែកទីតាំងរបស់លោកអ្នកឱ្យសោះ៖ ត្រូវពិនិត្យផ្ទៀងផ្ទាត់មុខងារកំណត់របស់លោកអ្នក ដើម្បីបញ្ជាក់ឱ្យបានប្រាកដច្បាស់លាស់។
សូមមើលផងដែរនូវឯកសារអំពី ភាពឯកជននៃទីតាំង និងរបៀបជៀសវាងបាត់បង់វាជារៀងរហូត របស់គេហទំព័រ Electronic Frontier Foundation។
ការចែករំលែករូបថត/វីដេអូ
រូបថតនិងវីដេអូ អាចលាតត្រដាងអត្តសញ្ញាណរបស់មនុស្សបានយ៉ាងងាយស្រួលបំផុត។ ដូច្នេះ វាគឺជាការសំខាន់ ដែលលោកអ្នកត្រូវមានការយល់ព្រមពីម្ចាស់រូបថត ឬវីដេអូណាមួយដែលលោកអ្នកផ្សព្វផ្សាយទៅក្នុងបណ្តាញសង្គម។ ប្រសិនបើលោកអ្នកកំពុងផ្សព្វផ្សាយរូបភាពរបស់នរណាម្នាក់ផ្សេងទៀត លោកអ្នកត្រូវដឹងអំពីប្រការ ដែលលោកអ្នកអាចនឹងធ្វើឱ្យប៉ះពាល់ដល់ភាពឯកជនរបស់ពួកគេ។ មិនត្រូវផ្សព្វផ្សាយរូបថត ឬវីដេអូរបស់នរណាម្នាក់ ដោយមិនមានការយល់ព្រមពីពួកគេជាមុនឡើយ។
រូបថត និងវីដេអូ អាចលាតត្រដាងព័ត៌មានជាច្រើនដោយអចេតនាផងដែរ។ កាមេរ៉ាជាច្រើនបានរក្សាទិន្នន័យបង្កប់ ដែលវានឹងបង្ហាញអំពីកាលបរិច្ឆេទ ពេលវេលា និងទីតាំងរបស់រូបថត ប្រភេទកាមេរ៉ា ។ល។ គេហទំព័រចែករំលែករូបថត និងវីដេអូ អាចនឹងផ្សព្វផ្សាយព័ត៌មាននេះ នៅពេលលោកអ្នកអាប់ឡូតរូបថត និងវីដេអូនោះទៅគេហទំព័ររបស់ពួកគេ។
កម្មវិធីជជែកគ្នា
គេហទំព័របណ្តាញទំនាក់ទំនងសង្គមជាច្រើន មានកម្មវិធីដែលអនុញ្ញាតឱ្យលោកអ្នកអាចពិភាក្សាជាមួយមិត្តភក្តិបានភ្លាមៗ។ កម្មវិធីទាំងនេះប្រតិបត្តិការដូចកម្មវិធីផ្ញើសាររហ័សភ្លាមៗដែរ ហើយវាគឺជាផ្លូវអសុវត្ថិភាពបំផុតមួយក្នុងការទាក់ទងគ្នាតាមអុីនធឺណិត ដោយសារតែពួកវាអាចលាតត្រដាងបានទាំងអ្នកដែលលោកអ្នកកំពុងទាក់ទងជាមួយ និងអ្វីដែលលោកអ្នកកំពុងនិយាយគ្នា។
ការភ្ជាប់ទៅគេហទំព័រនោះតាមរយៈhttps គឺជាតម្រូវការជាអប្បបរមាមួយដើម្បីជជែកគ្នាឲ្យមានសុត្ថិភាព ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ វាក៏មិនអាចធានាបានជានិច្ចថា ការជជែកគ្នារបស់លោកអ្នកកំពុងប្រើការភ្ជាប់មួយដែលមានសុវត្ថិភាពឡើយ។ ឧទា. កម្មវិធីជជែកគ្នារបស់Facebook ប្រើបណ្តាញខុសគ្នាមួយទៅកាន់HTTPS (ហើយងាយនឹងលាតត្រដាងព័ត៌មានជាង)។
ការប្រើកម្មវិធីជាក់លាក់មួយសម្រាប់ការជជែកគ្នារបស់លោកអ្នក គឺអាចមានសុវត្ថិភាពជាងនេះ ដូចជាកម្មវិធី Pidgin ជាមួយមុខងារបន្ថែមពិសេសOff-the-record ដែលមានប្រើវិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ជាដើម។ សូមអានមគ្គុទ្ទេសក៍អនុវត្តន៍របស់កម្មវិធី'Pidgin – កម្មវិធីផ្ញើសាររហ័សភ្លាមៗដែលមានសុវត្ថិភាព'។
ការចូលរួម/ការបង្កើតក្រុម ព្រឹត្តិការណ៍ និងសហគមន៍
តើព័ត៌មានអ្វីខ្លះដែលលោកអ្នកកំពុងផ្តល់ទៅឱ្យអ្នកដទៃ ប្រសិនបើលោកអ្នកចូលរួមក្នុងក្រុមមួយ ឬសហគមន៍មួយ? តើព័ត៌មាននោះនិយាយអ្វីខ្លះអំពីលោកអ្នក? តើមនុស្សកំពុងផ្សព្វផ្សាយអ្វីខ្លះទៅកាន់ពិភពលោក ប្រសិនបើពួកគេចូលរួមក្នុងក្រុម ឬសហគមន៍មួយដែលលោកអ្នកបានបង្កើត? តើលោកអ្នកកំពុងដាក់អ្នកដទៃឱ្យប្រឈមហានិភ័យដោយរបៀបណា?
នៅពេលលោកអ្នកចូលរួមក្នុងសហគមន៍ ឬក្រុមមួយនៅលើអនឡាញ វាកំពុងលាតត្រដាងអ្វីមួយអំពីលោកអ្នកទៅកាន់អ្នកដទៃ។ ជារួម អ្នកដទៃអាចសន្មតថា លោកអ្នកគាំទ្រ ឬឯកភាពលើអ្វីដែលក្រុមនោះកំពុងនិយាយ ឬធ្វើ ដែលការនេះអាចធ្វើឱ្យលោកអ្នកប្រឈមនឹងហានិភ័យ ប្រសិនបើលោកអ្នកត្រូវបានគេមើលឃើញថាសម្របខ្លួនតាម ឧទា. ក្រុមនយោបាយជាក់លាក់ណាមួយ។ ដូចគ្នានេះដែរ ប្រសិនបើលោកអ្នកចូលរួមក្នុងក្រុមមួយដែលមានចំនួនសមាជិកយ៉ាងច្រើនដែលលោកអ្នកមិនស្គាល់នោះ វាអាចធ្វើឱ្យចុះខ្សោយដល់មុខងារកំណត់ភាពឯកជន និងសុវត្ថិភាពណាមួយដែលលោកអ្នកបានអនុវត្តចំពោះគណនីរបស់ខ្លួន ដែលដោយហេតុនេះហើយ លោកអ្នកត្រូវគិតថាតើព័ត៌មានអ្វីខ្លះដែលលោកអ្នកកំពុងផ្តល់ឱ្យ មុននឹងចូលរួមក្នុងក្រុម ឬសហគមន៍នោះ។ តើលោកអ្នកកំពុងប្រើរូបថត ឬឈ្មោះពិត ដែលអាចឱ្យជនចម្លែកអាចកំណត់អត្តសញ្ញាណលោកអ្នកបានដែរឬទេ?
ម្យ៉ាងទៀត ប្រសិនបើលោកអ្នកបង្កើតក្រុមមួយ ហើយមានមនុស្សជ្រើសរើសចូលរួមក្នុងក្រុមនេះ តើពួកគេកំពុងប្រកាសអ្វីដល់ពិភពលោកអំពីការចូលរួមនេះ? ឧទា. ក្រុមគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា ឬក្រុមនារីស្រឡាញ់នារី ដែលលោកអ្នកបង្កើតដើម្បីជួយមនុស្ស ប៉ុន្តែដោយសារការចូលរួមក្នុងក្រុមនេះ អ្នកទាំងនោះកំពុងកំណត់អត្តសញ្ញាណខ្លួនឯងជាចំហថា ពួកគេជាអ្នកស្រឡាញ់ភេទដូចគ្នា ឬជាអ្នកស្និទ្ធស្នាលនឹងអ្នកស្រឡាញ់ភេទដូចគ្នា ដែលអាចនាំមកនូវគ្រោះថ្នាក់សម្រាប់ពួកគេនៅក្នុងមជ្ឈដ្ឋានពិត។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយ ឧបករណ៍បណ្តាញទំនាក់ទំនងសង្គម៖ Facebook, Twitter, YouTube និងឧបករណ៍ផ្សេងទៀត។
គេហទំព័របណ្តាញទំនាក់ទំនងសង្គម
គេហទំព័របណ្តាញទំនាក់ទំនងសង្គម៖ Facebook, Twitter និង ផ្សេងៗទៀត