gpg4usb - កម្មវិធីបម្លែងអត្ថបទអ៊ីមែល និងឯកសារជាទម្រង់សម្ងាត់

gpg4usb គឺជាកម្មវិធីសេរី បើកចំហ និងអាចយកតាមខ្លួនបានមួយ ប្រើសម្រាប់បម្លែងជាទម្រង់សម្ងាត់នូវសារ(អ៊ីមែល)ជាអក្សរនិងឯកសារ។ វាប្រើរូបមន្តបម្លែងជាទម្រង់សម្ងាត់កូនសោរសាធារណៈ (Public Key Encryption algorithm) ដូចកម្មវិធី GPG និង PGP ដែរ។

របៀបដោនឡូតកម្មវិធី gpg4usb

  • ចុចលើរូបសញ្ញា gpg4usb ខាងក្រោមនេះ ដើម្បីបើកទំព័រអ៊ីនធើរណែត http://www.gpg4usb.org/download.html
  • ចុចលើតំណភ្ជាប់ gpg4usb-x.x.x.zip ដែលស្ថិតនៅក្រោមចំណងជើង Filename ដើម្បីដោនឡូតសំណុំឯកសារបង្ហាប់របស់កម្មវិធីនេះ។
  • កំណត់ទីតាំង ឱ្យឯកសារ gpg4usb-x.x.x.zip នេះ បន្ទាប់មក លែងបង្ហាប់ ឯកសារនេះ។
  • បន្ទាប់ពីលោកអ្នកលែងបង្ហាប់ និងទាញយកគ្រប់ឯកសារទាំងអស់រួចហើយ លោកអ្នកអាចលុបចោលឯកសារ .zip ដែលលោកអ្នកបានថតទុកនៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។

gpg4usb

គេហទំព័រដើម

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

  • គ្រប់សំណៅ Windows ទាំងអស់

សំណៅកម្មវិធី ឮដែលប្រើ នៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

  • 0.3.3

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

  • កក្កដា ២០១៤

អាជ្ញាប័ណ្ណ

  • កម្មវិធីសេរីនិងបើកចំហ

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

  • សមត្ថភាព ដើម្បីបម្លែងជាទម្រង់សម្ងាត់នូវឯកសារនិងសារជាអក្សរ ចេញពីគ្រប់ទីកន្លែងដែលលោកអ្នកស្ថិតនៅ (ឧទា. នៅហាង អ៊ីនធើរណែត ឬកន្លែងធ្វើការ)

  • សមត្ថភាព ដើម្បីបម្លែងសារជាទម្រង់សម្ងាត់នៅពេលដាច់សេវាអ៊ីនធើរណែត ឬមិនមានសេវាអ៊ីនធើរណែត បន្ទាប់មក ផ្ញើសារទាំងនោះចេញពីកុំព្យូទ័រដែលមានភ្ជាប់អ៊ីនធើរណែតណាមួយនៅពេលក្រោយ។

១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

gpg4usb គឺជាកម្មវិធីមួយមានលក្ខណៈសាមញ្ញ ងាយស្រួលប្រើ និងអាចយកតាមខ្លួនបាន ដែលអាចឱ្យលោកអ្នកបម្លែងទម្រង់សម្ងាត់និងស្រាយទម្រង់សម្ងាត់សារជាអក្សរ និងឯកសារ។ កម្មវិធី gpg4usb គឺមានមូលដ្ឋានលើអក្សរកូដសាស្ត្រនៃកូនសោរសាធារណៈ(Public-key Cryptography)។ នៅក្នុងវិធីសាស្ត្រនេះ អ្នកប្រើប្រាស់ម្នាក់ៗត្រូវតែបង្កើតគូកូនសោរផ្ទាល់ខ្លួនរបស់ពួកគេ។ កូនសោរទីមួយ ត្រូវបានគេហៅថា កូនសោរឯកជន (private key)។ វាត្រូវបានការពារដោយពាក្យសម្ងាត់ ឬឃ្លាសម្ងាត់មួយ ដែលត្រូវបានការពារ និងមិនត្រូវចែករំលែកជាមួយអ្នកដទៃ។

កូនសោទីពីរ ត្រូវបានគេហៅថា កូនសោសាធារណៈ (public key)។ កូនសោនេះ អាចចែករំលែកជាមួយដៃគូឆ្លងឆ្លើយរបស់លោកអ្នកបាន។ បន្ទាប់ពីលោកអ្នកមានកូនសោរសាធារណៈរបស់ដៃគូឆ្លងឆ្លើយម្នាក់ លោកអ្នកអាចចាប់ផ្តើមផ្ញើទៅឱ្យដៃគូឆ្លងឆ្លើយនោះ នូវអ៊ីមែលដែលមានទម្រង់សម្ងាត់។ មានតែដៃគូឆ្លងឆ្លើយនោះប៉ុណ្ណោះ ដែលនឹងអាចស្រាយទម្រង់សម្ងាត់ និងអានអ៊ីមែលរបស់លោកអ្នកបាន ព្រោះដៃគូឆ្លងឆ្លើយនោះ គឺជាមនុស្សតែម្នាក់គត់ដែលមានសិទ្ធិប្រើកូនសោរឯកជនដែលត្រូវគ្នានឹងកូនសោសាធារណៈរបស់លោកអ្នក។

ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកផ្ញើសំណៅកូនសោសាធារណៈរបស់ខ្លួន ទៅឱ្យដៃគូទំនាក់ទំនងអ៊ីមែលរបស់លោកអ្នក និងរក្សាទុកកូនសោរឯកជនជាព័ត៌មានសម្ងាត់ នោះមានតែលោកអ្នកតែប៉ុណ្ណោះដែលនឹងអាចអានសារទម្រង់សម្ងាត់ដែលផ្ញើមកពីដៃគូទំនាក់ទំនងទាំងនោះបាន។

លោកអ្នកអាចនឹងភ្ជាប់ហត្ថលេខាឌីជីតថល (digital signatures) ជាមួយសាររបស់លោកអ្នកបានផងដែរ។ អ្នកទទួលសាររបស់លោកអ្នកដែលមានសំណៅពិតប្រាកដនៃកូនសោរសាធារណៈរបស់លោកអ្នក នឹងអាចពិនិត្យផ្ទៀងផ្ទាត់បានថា សារអ៊ីមែលនោះគឺផ្ញើមកពីលោកអ្នក ហើយខ្លឹមសាររបស់វាមិនត្រូវបានលួចកែនៅតាមផ្លូវបញ្ជូនទិន្នន័យឡើយ។ ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកមានកូនសោរសាធារណៈរបស់ដៃគូឆ្លងឆ្លើយ លោកអ្នកនឹងអាចពិនិត្យផ្ទៀងផ្ទាត់ហត្ថលេខាឌីជីតថលដែលមាននៅលើសាររបស់ដៃគូឆ្លងឆ្លើយនោះបាន។

កម្មវិធី gpg4usb អាចឱ្យលោកអ្នកបង្កើតគូកូនសោរបម្លែងទម្រង់សម្ងាត់មួយ នាំចេញកូនសោរសាធារណៈទៅចែករំលែកជាមួយដៃគូទំនាក់ទំនងដទៃទៀត សរសេរសារជាអក្សរ និងបម្លែងសារនោះជាទម្រង់សម្ងាត់។ លោកអ្នកអាចគ្រាន់តែថតចម្លងកូនសោរសាធារណៈនិង/ឬសារដែលមានទម្រង់សម្ងាត់ ពីក្នុងកម្មវិធី gpg4usb ទៅដាក់ក្នុងតួអ៊ីមែលរបស់លោកអ្នក ឬថតទុកពួកវាជាឯកសារអក្សរដើម្បីទុកផ្ញើចេញនៅពេលក្រោយ។ កម្មវិធី gpg4usb ក៏អាចបម្លែងឯកសារជាទម្រង់សម្ងាត់បានផងដែរ។

កំណត់សម្គាល់ ៖ ត្រូវប្រុងប្រយ័ត្នថា សំណៅដើមនិងធម្មតា(គ្មានទម្រង់សម្ងាត់)នៃឯកសាររបស់លោកអ្នក អាចមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នកនៅឡើយ ដូច្នេះ លោកអ្នកនិងដៃគូឆ្លងឆ្លើយរបស់លោកអ្នកត្រូវតែកុំភ្លេចលុបចោលពួកវាពីកុំព្យូទ័រនៅពេលចាំបាច់។

កម្មវិធី gpg4usb អាចឱ្យលោកអ្នកផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវសារដែលជាប់ទម្រង់សម្ងាត់និងកូនសោ ជាមួយកម្មវិធី GPGPGP ស្រដៀងគ្នានេះផ្សេងទៀត។