៨. របៀបរក្សាអនាមិកភាព និងគេចវាងការរឹតត្បិតនៅលើអុីនធឺណិត
Updated2010
មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ
ប្រទេសជាច្រើនជុំវិញពិភពលោក បានតម្លើងកម្មវិធីដែលបង្ការមិនឱ្យអ្នកប្រើប្រាស់ អុីនធឺណិតនៅក្នុងប្រទេសទាំងនោះ អាចបើកមើលគេហទំព័រ ឬប្រើសេវាអុីនធឺណិតមួយចំនួន។ បណ្តាក្រុមហ៊ុន សាលារៀន និងបណ្ណាល័យសាធារណៈ ជាទូទៅប្រើកម្មវិធីកុំព្យូទ័រស្រដៀងៗគ្នា ដើម្បីការពារនិយោជិត សិស្ស និងអតិថិជន មិនឱ្យចូលមើលព័ត៌មានដែលពួកគេគិតថាធ្វើឱ្យបែកអារម្មណ៍ ឬដែលនាំទុក្ខទោស។ បច្ចេកវិទ្យាត្រួតពិនិត្យប្រភេទនេះ មានក្នុងទម្រង់ផ្សេងៗគ្នា។ ឧបករណ៍ត្រួតពិនិត្យខ្លះ បិទគេហទំព័រមួយដោយពឹងផ្អែកលើIP addressរបស់គេហទំព័រនោះ ខណៈដែលឧបករណ៍ត្រួតពិនិត្យផ្សេងទៀតដាក់ឈ្មោះអាសយដ្ឋានគេហទំព័រខ្លះទៅក្នុងបញ្ជីខ្មៅ ឬស្រាវជ្រាវរកពាក្យគន្លឹះនៅក្នុងរាល់ការទំនាក់ទំនងតាមអុីនធឺណិតទាំងអស់។
មិនថាការរឹតត្បិតត្រូវបានធ្វើឡើងដោយវិធីណានោះទេ លោកអ្នកតែងតែជានិច្ចកាលអាចគេចវាងវិធីសាស្ត្ររឹតត្បិតទាំងនោះបាន ដោយពឹងផ្អែកទៅលើកុំព្យូទ័រអន្តរការីនៅក្រៅប្រទេស ដើម្បីចូលប្រើសេវាកម្មដែលត្រូវបានរឹតត្បិតទាំងនោះ។ ដំណើរការនេះ ជាញឹកញាប់ត្រូវបានហៅថា ការគេចវាងការរឹតត្បិត ឬត្រូវបានហៅយ៉ាងសាមញ្ញថា គេចវាង ហើយកុំព្យូទ័រអន្តរការីត្រូវបានហៅថា Proxies (ប្រុកសុី)។ Proxies ក៏មានក្នុងទម្រង់ខុសៗគ្នាជាច្រើនផងដែរ។ នៅក្នុងជំពូកនេះ មានរួមបញ្ចូលកិច្ចពិភាក្សាខ្លីមួយអំពី បណ្តាញអនាមិកភាពពហុប្រុកសុី ដែលបន្តដោយការបរិយាយលម្អិតអំពីProxies គេចវាងមូលដ្ឋាន និងរបៀបដែលពួកវាធ្វើការ។
វិធីសាស្ត្រទាំងពីរនេះ គឺជាមធ្យោបាយដែលមានប្រសិទ្ធភាព ដើម្បីគេចវាងឧបករណ៍រឹតត្បិតតាមអុីនធឺណិត ប៉ុន្តែវិធីសាស្ត្រទីមួយមានលក្ខណៈសមស្របបំផុត បើសិនជាលោកអ្នកសុខចិត្តឲ្យអុីនធឺណិតដើរយឺិតបន្តិច ដើម្បីរក្សាអនាមិកភាពរបស់លោកអ្នកតាមអុីនធឺណិត។ ប្រសិនបើលោកអ្នកដឹងនិងទុកចិត្តបុគ្គល ឬអង្គភាពដែលធ្វើប្រតិបត្តិការProxiesរបស់លោកអ្នក ឬប្រសិនបើល្បឿនបំពេញការងារមានសារៈសំខាន់ចំពោះលោកអ្នកជាងអនាមិកភាព នោះProxies គេចវាងមូលដ្ឋានមួយ ប្រហែលជាអាចបម្រើលោកអ្នកបានល្អជាងនេះ។
សេណារីយ៉ូខាងក្រោយ
ម៉ានសួរ និង ម៉ាកដា គឺជាបងប្អូននឹងគ្នា។ ពួកគេនៅក្នុងប្រទេសនិយាយភាសាអារ៉ាប់មួយ។ ពួកគេមានប្លុក(blog)មួយ ដែលនៅលើប្លុកនោះពួកគេផ្សព្វផ្សាយដោយអនាមិក នូវការរំលោភសិទ្ធិមនុស្ស និងការឃោសនាទាមទារឱ្យមានការផ្លាស់ប្តូរនយោបាយ។ អាជ្ញាធរនៅក្នុងប្រទេសពួកគេមិនអាចបិទគេហទំព័ររបស់ពួកគេបានឡើយ ព្រោះគេហទំព័រនោះត្រូវបានដាក់នៅក្នុងប្រទេសមួយផ្សេងទៀត ប៉ុន្តែក្រុមអាជ្ញាធរជាញឹកញាប់បានព្យាយាមរកអត្តសញ្ញាណរបស់អ្នកគ្រប់គ្រងប្លុកនោះ ពីសកម្មជនផ្សេងទៀត។ ម៉ានសួរ និង ម៉ាកដា ព្រួយបារម្ភណ៍ថា អាជ្ញាធរទាំងនោះប្រហែលជាអាចពិនិត្យតាមដានបច្ចុប្បន្នភាពរបស់ខ្លួន និងដឹងអំពីសមាសភាពរបស់ខ្លួន។ លើសពីនេះទៅទៀត ពួកគេចង់រៀបចំទុកជាមុន សម្រាប់ពេលដែលរដ្ឋាភិបាលត្រួតពិនិត្យគេហទំព័ររបស់ពួកគេជាយថាហេតុ ដើម្បីមិនមែនគ្រាន់តែឱ្យពួកគេអាចបន្តធ្វើបច្ចុប្បន្នភាពវាប៉ុណ្ណោះទេ គឺដើម្បីផ្តល់ផងដែរនូវយោបល់ល្អៗអំពីការគេចវាងការរឹតត្បិត ទៅឱ្យអ្នកអានដែលស្ថិតនៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ព្រោះបើមិនធ្វើដូច្នេះទេ អ្នកអានទាំងនោះអាចនឹងបាត់បង់សិទ្ធិចូលទៅក្នុងប្លុកនោះផងដែរ។
អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ
- របៀបចូលទៅក្នុងគេហទំព័រមួយដែលត្រូវបានបិទពីក្នុងប្រទេសរបស់លោកអ្នក
- របៀបបង្ការគេហទំព័រដែលលោកអ្នកបានបើកមើល មិនឱ្យស្គាល់ទីតាំងរបស់លោកអ្នក
- របៀបធ្វើឱ្យប្រាកដថា ទាំងISP និងអង្គភាពឃ្លាំមើលនៅក្នុងប្រទេសរបស់លោកអ្នក មិនអាចកំណត់បាននូវគេហទំព័រ និងសេវាអុីនធឺណិតដែលលោកអ្នកបើកមើល និងប្រើប្រាស់។
ការយល់ដឹងអំពីការរឹតត្បិតតាមអុីនធឺណិត
ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយអង្គការដូចជា OpenNet Initiative (ONI) និង Reporters Without Borders (RSF) ចង្អុលបង្ហាញថា ប្រទេសជាច្រើនធ្វើការត្រួតពិនិត្យមាតិកាដែលទាក់ទងសង្គម នយោបាយ និង'សន្តិសុខជាតិ' ប៉ុន្តែកម្រនឹងផ្សព្វផ្សាយបញ្ជីលម្អិតនៃអ្វីដែលត្រូវបានបិទណាស់។ ជាធម្មតា អ្នកដែលចង់ត្រួតត្រាលើសិទ្ធិប្រើប្រាស់អុីនធឺណិតរបស់ពលរដ្ឋខ្លួន ក៏អនុវត្តកិច្ចប្រឹងប្រែងពិសេសមួយផងដែរ ដើម្បីបិទProxiesនិងគេហទំព័រដែលត្រូវបានគេដឹងថា បានផ្តល់កម្មវិធីនិងការណែនាំ ដើម្បីជួយប្រជាជនឱ្យគេចវាងពីឧបករណ៍ត្រួតរឹតត្បិតទាំងនេះ។ ទោះបីមានការធានាអំពីសិទ្ធិប្រើប្រាស់ព័ត៌មានដោយសេរី ដែលត្រូវបានបញ្ចូលនៅក្នុងមាត្រា ១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សក៏ដោយ ចំនួនប្រទេសដែលធ្វើការរឹតត្បិតការប្រើប្រាស់អុីនធឺណិត បានបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ដោយសារការអនុវត្តការរឹតត្បិតការប្រើប្រាស់អុីនធឺណិតរីករាលដាលពេញពិភពលោកដូចនេះ ក៏នាំឱ្យមានការប្រើប្រាស់ឧបករណ៍គេចវាងការត្រួតពិនិត្យ ដែលត្រូវបានបង្កើត ពង្រាយ និងផ្សព្វផ្សាយដោយសកម្មជន អ្នកសរសេរកម្មវិធី និងអ្នកស្ម័គ្រចិត្តផងដែរ។
មុននឹងរុករកមធ្យោបាយផ្សេងៗដើម្បីគេចវាងការរឹតត្បិតតាមអុីនធឺណិត ជាដំបូង លោកអ្នកគួរអភិវឌ្ឍការយល់ដឹងជាមូលដ្ឋានមួយ អំពីរបៀបដែលឧបករណ៍រឹតត្បិតទាំងនេះធ្វើការជាមុនសិន។ ការគិតពិចារណាអំពីគំរូបំព្រួញមួយនៃការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នក អាចនឹងជួយលោកអ្នកក្នុងការស្វែងយល់អំពីការនេះបាន។
ការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នក

ជំហានទីមួយនៃការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នក ជាទូទៅត្រូវបានធ្វើតាមរយៈ <i>ក្រុមហ៊ុនផ្តល់សេវាអុីនធឺណិតISPមួយ នៅផ្ទះ ការិយាល័យ សាលារៀន បណ្ណាល័យ ឬហាងអុីនធឺណិតជាដើម។ ISPនោះ កំណត់ឱ្យកុំព្យូទ័ររបស់លោកអ្នកនូវIP Addressមួយ ដែលសេវាអុីនធឺណិតផ្សេងៗអាចប្រើដើម្បីកំណត់អត្តសញ្ញាណលោកអ្នក និងផ្ញើព័ត៌មានឱ្យលោកអ្នក ដែលមានដូចជាអុីមែល និងទំព័រអុីនធឺណិតដែលលោកអ្នកស្នើសុំជាដើម។
អ្នកដែលស្គាល់IP addressរបស់លោកអ្នក អាចរកឃើញទីក្រុងដែលលោកអ្នកស្ថិតនៅ។ ប៉ុន្តែ អង្គភាពដែលមានទំនាក់ទំនងល្អនៅក្នុងប្រទេសរបស់លោកអ្នក អាចប្រើព័ត៌មាននេះដើម្បីកំណត់ទីតាំងជាក់លាក់របស់លោកអ្នកបាន។
- ISPរបស់លោកអ្នក នឹងស្គាល់អគារដែលលោកអ្នកកំពុងស្ថិតនៅ ឬខ្សែទូរស័ព្ទដែលលោកអ្នកកំពុងប្រើ ប្រសិនបើលោកអ្នកប្រើម៉ូដឹម(modem)ដើម្បីភ្ជាប់សេវាអុីនធឺណិត។
- ហាងអុីនធឺណិត បណ្ណាល័យ ឬធុរកិច្ចរបស់លោកអ្នក នឹងស្គាល់កុំព្យូទ័រដែលលោកអ្នកបានប្រើក្នុងពេលវេលាជាក់លាក់មួយ ព្រមទាំងចំណុចភ្ជាប់មានខ្សែ ឬឥតខ្សែដែលលោកអ្នកត្រូវបានភ្ជាប់ទៅ។
- ទីភ្នាក់ងាររដ្ឋាភិបាល អាចនឹងដឹងអំពីព័ត៌មានលម្អិតទាំងនេះ ដោយសារឥទ្ធិពលរបស់ពួកគេទៅលើក្រុមហ៊ុនខាងលើ។ នៅដំណាក់កាលនេះ ISPរបស់លោកអ្នកពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញកុំព្យូទ័រនៅក្នុងប្រទេសរបស់លោកអ្នក ដើម្បីភ្ជាប់អ្នកប្រើប្រាស់របស់ខ្លួន(រួមទាំងលោកអ្នកផងដែរ)ជាមួយពិភពលោក។ នៅចុងម្ខាងទៀតនៃការភ្ជាប់សេវារបស់លោកអ្នក គេហទំព័រ ឬសេវាអុីនធឺណិតដែលលោកអ្នកកំពុងបើកមើល ឬប្រើ បានឆ្លងកាត់ដំណើរការស្រដៀងគ្នានេះដែរ គឺបានទទួលIP addressesរបស់ខ្លួនពីISPមួយនៅក្នុងប្រទេសរបស់ខ្លួន។ ទោះបីគ្មានការគ្រប់ព័ត៌មានបច្ចេកទេសលម្អិតក៏ដោយ គំរូមូលដ្ឋានមួយដែលមានលក្ខណៈដូចនេះ អាចមានប្រយោជន៍ នៅពេលពិចារណាអំពីឧបករណ៍ផ្សេងៗដែលអនុញ្ញាតឱ្យលោកអ្នកអាចគេចវាងពីឧបករណ៍ត្រួតពិនិត្យ និងអាចរក្សាអនាមិកភាពនៅលើអុីនធឺណិត។
របៀបដែលគេហទំព័រត្រូវបានបិទ
នៅពេលលោកអ្នកចូលមើលទំព័រអុីនធឺណិតមួយ លោកអ្នកកំពុងបង្ហាញIP addressរបស់គេហទំព័រនោះទៅISPរបស់លោកអ្នក ហើយស្នើសុំឱ្យISPរបស់លោកអ្នកភ្ជាប់លោកអ្នកជាមួយISPរបស់គេហទំព័រអុីនធឺណិតនោះ។ ហើយ ប្រសិនបើលោកអ្នកភ្ជាប់សេវាអុីនធឺណិតមួយ ដែលមិនមានការរឹតត្បិត នោះដំណើរការវានឹងទៅតាមដំណើរយ៉ាងដូច្នោះ។ ប៉ុន្តែ ប្រសិនបើលោកអ្នកស្ថិតនៅក្នុងប្រទេសមួយដែលមានការត្រួតត្រាលើអុីនធឺណិត ជាដំបូង វានឹងធ្វើការផ្ទៀងផ្ទាត់ជាមួយបញ្ជីខ្មៅនៃគេហទំព័រដែលត្រូវបានហាមឃាត់សិន ហើយបន្ទាប់មក ទើបធ្វើការសម្រេចថា តើអនុវត្តតាមសំណើរបស់លោកអ្នកដែរឬទេ។
នៅក្នុងករណីខ្លះ អាចនឹងមានអង្គភាពកណ្តាលមួយ ដែលចាត់ចែងត្រួតពិនិត្យជំនួសឱ្យISPs។ ជាញឹកញាប់ នៅក្នុងបញ្ជីខ្មៅនឹងមានព័ត៌មានអំពីឈ្មោះអាសយដ្ឋានគេហទំព័រ ដូចជា www.blogger.com ជាដើម ជាជាងIP addresses។ ហើយនៅក្នុងប្រទេសខ្លះ កម្មវិធីត្រួតពិនិត្យធ្វើការពិនិត្យតាមដានការភ្ជាប់សេវារបស់លោកអ្នក ជាជាងព្យាយាមបិទអាសយដ្ឋាន អុីនធឺណិត។
កម្មវិធីកុំព្យូទ័រប្រភេទនេះ ធ្វើការស្គែនសំណើដែលលោកអ្នកស្នើសុំ និងទំព័រដែលត្រូវបានផ្តល់ត្រឡប់ទៅឱ្យលោកអ្នកវិញ រួចស្វែងរកពាក្យគន្លឹះរសើប ហើយបន្ទាប់មកទើបសម្រេចថា តើឱ្យលោកអ្នកមើលឃើញលទ្ធផលដែរឬទេ។
ហើយ រឿងដែលអាក្រក់បំផុតនោះ នៅពេលទំព័រអុីនធឺណិតមួយត្រូវបានបិទ លោកអ្នកអាចមិនទាំងដឹងផង។ ឧបករណ៍ត្រួតពិនិត្យខ្លះបង្ហាញ'ទំព័របញ្ជាក់ពីការបិទ'មួយ ដែលពន្យល់អំពីមូលហេតុដែលទំព័រអុីនធឺណិតនោះត្រូវបានបិទ ហើយខ្លះទៀតបង្ហាញសេចក្តីពន្យល់បន្លំអំពីកំហុស។ ឧទា. សារទាំងនេះអាចនឹងថ្លែងបញ្ជាក់ថា ទំព័រនេះមិនអាចរកឃើញទេ ឬថា អាសយដ្ឋាននេះមានប្រកបតួអក្សរខុស។
ជាទូទៅ វាគឺជាការងាយបំផុតក្នុងការទទួលយកទស្សនៈមិនល្អមួយ ចំពោះការរឹតត្បិតតាមអុីនធឺណិត ជាជាងការព្យាយាមសិក្សាស្រាវជ្រាវរកចំណុចខ្លាំង និងចំណុចខ្សោយរបស់បច្ចេកវិទ្យារឹតត្បិត ដែលត្រូវបានប្រើនៅក្នុងប្រទេសរបស់លោកអ្នក។ និយាយម្យ៉ាងទៀត លោកអ្នកប្រហែលជាសន្មតផងដែរថា៖ - ចរាចរណ៍អុីនធឺណិតរបស់លោកអ្នកត្រូវបានពិនិត្យតាមដានដោយរកពាក្យគន្លឹះ - ដំណើរការត្រួតពិនិត្យត្រូវបានអនុវត្តដោយផ្ទាល់នៅកម្រិតISP - គេហទំព័ដែលត្រូវបានបិទ គឺត្រូវបានចុះបញ្ជីខ្មៅដោយIP addressesរបស់ពួកវា និងឈ្មោះអាសយដ្ឋានគេហទំព័ររបស់ពួកវា - លោកអ្នកអាចនឹងត្រូវបានផ្តល់នូវមូលហេតុមិនច្បាស់លាស់ ឬបំភ័ន្តមួយ ក្នុងការពន្យល់អំពីមូលហេតុដែលគេហទំព័រត្រូវបានបិទនោះមិនអាចបើកបាន។ ជាទូទៅវាមិនបង្កអន្តរាយចំពោះការសន្មតជាលក្ខណៈទុទិដ្ឋិនិយមទាំងនេះទេ ទោះបីជាមានឧបករណ៍គេចវាងការរឹតត្បិតដែលមានប្រសិទ្ធភាពបំផុត អាចប្រើបានគ្រប់ការរឹតត្បិតទាំងឡាយក៏ដោយ។
<div class="background" markdown="1"> ម៉ានសួរ៖ ដូច្នេះ ប្រសិនបើថ្ងៃមួយខ្ញុំរកឃើញថា ខ្ញុំមិនអាចចូលប្រើប្លុក(blog)នេះបាន ប៉ុន្តែមិត្តម្នាក់នៅក្នុងប្រទេសមួយផ្សេងទៀតនៅអាចមើលឃើញវាជាប្រក្រតី តើនោះមានន័យថា រដ្ឋាភិបាលបានបិទវាឬ?
ម៉ាកដា៖ មិនប្រាកដជាអញ្ចឹងទេ។ អាចមានបញ្ហាខ្លះ ដែលប៉ះពាល់តែអ្នកដែលកំពុងព្យាយាមចូលប្រើគេហទំព័រនោះពីទីនេះប៉ុណ្ណោះ។ ឬ វាអាចជាបញ្ហាខ្លះជាមួយកុំព្យូទ័ររបស់ឯង ដែលអាចបង្ហាញតែទំព័រអុីនធឺណិតប្រភេទខ្លះប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ឯងកំពុងគិតត្រូវហើយ។ ឯងអាចសាកល្បងបើកមើលវាដោយខ្លួនឯងផងដែរ ខណៈដែលកំពុងប្រើឧបករណ៍គេចវាងការរឹតត្បិត។ ជាងនេះទៅទៀត ភាគច្រើនបំផុតនៃឧបករណ៍ទាំងនេះ គឺពឹងផ្អែកទៅលើកុំព្យូទ័របម្រើProxyខាងក្រៅជាច្រើន ដែលមានលក្ខណៈដូចជាសុំឱ្យមិត្តម្នាក់នៅក្នុងប្រទេសមួយផ្សេងទៀតធ្វើតេស្តគេហទំព័រមួយឱ្យឯងអញ្ចឹង លើកលែងតែឯងត្រូវធ្វើវាដោយខ្លួនឯង។ </div>
ការយល់ដឹងអំពីការគេចវាងពីការរឹតត្បិត
ប្រសិនបើលោកអ្នកមិនអាចចូលមើលគេហទំព័រមួយដោយផ្ទាល់បាន ដោយសារវាត្រូវបានបិទដោយវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដែលត្រូវបានពិភាក្សាខាងលើ លោកអ្នកចាំបាច់ត្រូវរកមធ្យោបាយគេចវាងពីឧបសគ្គនេះ។ សឺវឺproxyសុវត្ថិភាព ដែលស្ថិតនៅក្នុងប្រទេសមួយដែលមិនមានការរឹតត្បិតតាមអុីនធឺណិត អាចផ្តល់ការគេចវាងប្រភេទនេះ ដោយធ្វើការចាប់យកទំព័រអុីនធឺណិតដែលលោកអ្នកស្នើសុំ យកមកប្រគល់ឱ្យលោកអ្នក។ បើមើលតាមទស្សនៈISP'sរបស់លោកអ្នក លោកអ្នកគ្រាន់តែបង្ហាញថា កំពុងធ្វើទំនាក់ទំនងដោយសុវត្ថិភាពជាមួយកុំព្យូទ័រមិនស្គាល់មួយ (សឺវឺ proxy)នៅកន្លែងណាមួយលើអុីនធឺណិតប៉ុណ្ណោះ។

ជាការពិត ទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលបន្ទុកត្រួតពិនិត្យអុីនធឺណិតនៅក្នុងប្រទេសរបស់លោកអ្នក (ឬក្រុមហ៊ុនដែលផ្តល់បច្ចុប្បន្នភាពសម្រាប់កម្មវិធីត្រួតពិនិត្យរបស់ទីភ្នាក់ងារនោះ) ប្រហែលបានដឹងជាយថាហេតុថា 'កុំព្យូទ័រមិនស្គាល់'នេះ គឺពិតជាproxyគេចវាងការត្រួតពិនិត្យ។ ប្រសិនបើមានការនេះកើតឡើង IP addressរបស់វា អាចត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ ហើយវានឹងលែងដំណើរការបានទៀតហើយ។ ប៉ុន្តែ ជាធម្មតា គេត្រូវការពេលវេលាមួយចំនួនសម្រាប់បិទដំណើរការproxies ហើយអ្នកដែលបង្កើតនិងធ្វើបច្ចុប្បន្នភាពឧបករណ៍គេចវាងការត្រួតពិនិត្យ សុទ្ធតែបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងនេះ។ ពួកគេជាទូទៅប្រយុទ្ធតបតវិញ ដោយប្រើវិធីមួយ ឬវិធីទាំងពីររខាងក្រោមនេះ៖
Proxiesលាក់កំបាំង ជួយធ្វើឲ្យមានលក្ខណៈពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់អ្នក។ នេះគឺជាហេតុផលមួយដែលអ្នកគួរប្រើproxiesដែលមានសុវត្ថិភាព។ ប៉ុន្តែ ការធ្វើកូដនីយកម្ម គឺជាផ្នែកតែមួយគត់នៃដំណោះស្រាយ។ ប្រតិបត្តិកររបស់proxy ត្រូវតែប្រុងប្រយ័ត្នផងដែរ នៅពេលបើកបង្ហាញទីតាំងរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ថ្មី ប្រសិនបើខ្លួនចង់រក្សាវាឱ្យលាក់កំបាំង។
Disposable proxies (Proxiesដែលអាចបោះចោលបាន) អាចត្រូវបានជំនួសបានភ្លាមៗ បន្ទាប់ពីត្រូវបានបិទ។ ក្នុងករណីនេះ ដំណើរការប្រាប់ទៅអ្នកប្រើប្រាស់អំពីរបៀបរកproxiesថ្មីជំនួសនោះ អាចនឹងមិនមានសុវត្ថិភាពឡើយ។ ជាជំនួស ឧបករណ៍គេចវាងការត្រួតពិនិត្យនៃប្រភេទProxyនេះ ជាញឹកញាប់គ្រាន់តែព្យាយាមចែកចាយproxiesថ្មី ដែលមានល្បឿនលឿនជាងការដែលពួកវាត្រូវបានបិទប៉ុណ្ណោះ។
នៅចុងក្រោយបំផុត ដរាបណាលោកអ្នកអាចចូលប្រើបានproxyដែលលោកអ្នកទុកចិត្តហើយនោះ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែផ្ញើឱ្យវានូវសំណើរបស់លោកអ្នក និងមើលអ្វីៗទាំងអស់ដែលត្រឡប់មកវិញដោយប្រើកម្មវិធីអុីនធឺណិតសមស្របមួយ។ ជាទូទៅ ភាពលម្អិតនៃដំណើរការនេះ ត្រូវបានចាត់ចែងជាស្វ័យប្រវត្តិ ដោយកម្មវិធីគេចវាងការត្រួតពិនិត្យដែលលោកអ្នកបញ្ចូលទៅក្នុងកុំព្យូទ័ររួចហើយ ដោយផ្លាស់ប្តូរមុខងារកំណត់របស់កម្មវិធីបើក អុីនធឺណិតរបស់លោកអ្នក និងដោយចង្អុលកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកទៅកាន់ទំព័រproxyប្រើលើអុីនធឺណិតមួយ។ បណ្តាញអនាមិកភាពTor ដែលនឹងបរិយាយខាងក្រោមនេះ គឺប្រើវិធីសាស្ត្រទីមួយ។ បន្ទាប់ពីនោះ គឺជាការពិភាក្សាមួយអំពីឧបករណ៍គេចវាងការត្រួតពិនិត្យរបស់proxyមូលដ្ឋាន និង proxyទោល ដែលប្រភេទនីមួយៗដំណើរការក្នុងរបៀបខុសប្លែកគ្នាបន្តិច។
បណ្តាញអនាមិកភាព និងសឺវឺProxyមូលដ្ឋាន
បណ្តាញអនាមិកភាព
បណ្តាញអនាមិកភាព ជាទូទៅ 'បញ្ជូនត្រឡប់ចុះឡើង' នូវចរាចរណ៍អុីនធឺណិតរបស់លោកអ្នករវាងproxiesមានសុវត្ថិភាពផ្សេងៗ ដើម្បីបំភ័ន្តអំពីកន្លែងរបស់លោកអ្នក និងអំពីអ្វីដែលលោកអ្នកកំពុងព្យាយាមចូលមើល។ ដំណើរការនេះ អាចកាត់បន្ថយនូវល្បឿននៃការបើកគេហទំព័រ និងសេវាអុីនធឺណិតផ្សេងទៀតយ៉ាងខ្លាំង។ ប៉ុន្តែ ការប្រើកម្មវិធីដូចជាTor វាផ្តល់នូវមធ្យោបាយគេចវាងមួយដែលអាចទុកចិត្តបាន មានសុវត្ថិភាព និងមានលក្ខណៈទូលំទូលាយ ដែលជួយលោកអ្នកមិនឱ្យព្រួយបារម្ភណ៍ថា តើលោកអ្នកត្រូវទុកចិត្តឬអត់ទៅលើបុគ្គលដែលប្រតិបត្តិការproxiesរបស់លោកអ្នក និងគេហទំព័រដែលលោកអ្នកបើកមើល។ ជានិច្ចកាល លោកអ្នកត្រូវតែធានាថា លោកអ្នកមានការភ្ជាប់សេវាមួយដែលត្រូវបានធ្វើកូដនីយកម្ម (HTTPS) ទៅកាន់គេហទំព័រសុវត្ថិភាពមួយ មុននឹងធ្វើការផ្លាស់ប្តូរព័ត៌មានរសើប(ដូចជាពាក្យសម្ងាត់និងអ៊ីមែលជាដើម) តាមរយៈកម្មវិធីបើកអុីនធឺណិតមួយ។
លោកអ្នកត្រូវតែបញ្ចូលកម្មវិធីដើម្បីប្រើTor ប៉ុន្តែលទ្ធផលដែលទទួលបាន គឺជាឧបករណ៍មួយដែលផ្តល់នូវអនាមិកភាព និងការគេចវាងពីការត្រួតពិនិត្យ។ រៀងរាល់ពេលដែលលោកអ្នកភ្ជាប់ទៅបណ្តាញTor លោកអ្នកគឺបានជ្រើសរើសផ្លូវចៃដន្យមួយ តាមរយៈproxies Torមានសុវត្ថិភាពចំនួនបី។ ដំណើរការនេះធានាថា ទាំងISPរបស់លោកអ្នក និង proxies ផ្ទាល់ សុទ្ធតែមិនស្គាល់IPaddressរបស់កុំព្យូទ័ររបស់លោកអ្នក និងទីតាំងរបស់សេវាអុីនធឺណិតដែលលោកអ្នកស្នើឡើយ។ លោកអ្នកអាចយល់ដឹងបន្ថែមអំពីឧបករណ៍នេះ នៅក្នុងមគ្គុទ្ទេសក៍ណែនាំអំពីកម្មវិធីTor ។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយ Tor (ថរ) - មគ្គុទ្ទេសក៍ណែនាំអំពី អនាមិកភាព និងការគេចវាងឌីជីតថល
ចំណុចខ្លាំងមួយរបស់Torគឺថា វាមិនគ្រាន់តែអាចធ្វើការជាមួយកម្មវិធីបើកអុីនធឺណិតបានប៉ុណ្ណោះទេ ប៉ុន្តែគេអាចប្រើវាបានជាមួយប្រភេទកម្មវិធីលើអុីនធឺណិតផ្សេងៗផងដែរ។ បណ្តាកម្មវិធីអ៊ីមែល (រាប់បញ្ចូលរាប់ទាំងកម្មវិធីMozilla Thunderbird) និងបណ្តាកម្មវិធីផ្ញើសាររហ័សភ្លាមៗ (រាប់បញ្ចូលទាំងកម្មវិធីPidgin) ក៏អាចដំណើរការតាមរយៈTor ដើម្បីចូលប្រើសេវាដែលមានការត្រួតពិនិត្យ ឬដើម្បីលាក់បាំងការប្រើសេវាទាំងនោះរបស់លោកអ្នកបាន។
Proxiesមូលដ្ឋានសម្រាប់ការគេចវាងពីការរឹតត្បិតលើអុីនធឺណិត
មានសំណួរសំខាន់បី ដែលលោកអ្នកគួរពិចារណា នៅពេលជ្រើសយកProxiesមូលដ្ឋានសម្រាប់ការគេចវាងពីការត្រួតពិនិត្យ។ ទីមួយ៖ តើវាគឺជាឧបករណ៍ប្រើលើអុីនធឺណិត ឬតើវាតម្រូវឱ្យលោកអ្នកផ្លាស់ប្តូរមុខងារកំណត់ផ្សេងៗ ឬវាជាកម្មវិធីដែលតម្រូវឲ្យតម្លើងទៅក្នុងកុំព្យូទ័ររបស់លោកអ្នក? ទីពីរ៖ តើវាមានសុវត្ថិភាពដែរឬទេ? ទីបី៖ តើវាជាលក្ខណៈឯកជនឬសាធារណៈ?
Proxiesប្រើលើអុីនធឺណិត និង Proxiesផ្សេងទៀត
Proxiesប្រើលើអុីនធឺណិត ទំនងជាProxiesដែលងាយស្រួលប្រើបំផុត។ ពួកវាគ្រាន់តែតម្រូវឱ្យលោកអ្នកចង្អុលបង្ហាញកម្មវិធីបើកអុីនធឺណិតទៅកាន់គេហទំព័ររបស់Proxyមួយ បន្ទាប់មកវាយបញ្ចូលអាសយដ្ឋានដែលអ្នកចង់បើកមើល និងចុចលើប៊ូតុងមួយតែប៉ុណ្ណោះ។ បន្ទាប់មក Proxyនឹងបង្ហាញខ្លឹមសារដែលស្នើសុំ នៅក្នុងទំព័រអុីនធឺណិតរបស់វាផ្ទាល់។ លោកអ្នកអាចចូលមើលមាតិកាផ្សេងៗបន្តជាធម្មតាតាមតំណភ្ជាប់នោះ ឬបញ្ចូលអាសយដ្ឋានថ្មីមួយទៅក្នុងProxy ប្រសិនបើលោកអ្នកចង់មើលគេហទំព័រផ្សេងទៀត។ លោកអ្នកមិនចាំបាច់ត្រូវបញ្ចូលកម្មវិធីណាមួយ ឬផ្លាស់ប្តូរមុខងារកំណត់ណាមួយរបស់កម្មវិធីបើកអុីនធឺណិតឡើយ ព្រោះ Proxiesដែលប្រើលើអុីនធឺណិតគឺ៖
- ងាយស្រួលប្រើ
- អាចចូលប្រើបានពីកុំព្យូទ័រសាធារណៈ ដូចជាកុំព្យូទ័រនៅតាមហាងអុីនធឺណិតជាដើម ដែលនៅទីនោះលោកអ្នកប្រហែលជាមិនត្រូវបានអនុញ្ញាតឱ្យបញ្ចូលកម្មវិធី ឬផ្លាស់ប្តូរមុខងារកំណត់របស់កម្មវិធីឡើយ។
- មានសុវត្ថិភាពខ្ពស់ជាង ប្រសិនបើលោកអ្នកព្រួយបារម្ភណ៍អំពី ការដែលត្រូវ'ចាប់បាន'ជាមួយកម្មវិធីគេចវាងការរឹតត្បិត ដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក។
Proxiesប្រើលើអុីនធឺណិត ទំនងជាមានគុណវិបត្តិខ្លះផងដែរ។ ពួកវាមិនបង្ហាញគេហទំព័របានត្រឹមត្រូវជានិច្ចនោះទេ ហើយ Proxiesប្រើលើអុីនធឺណិតជាច្រើន នឹងមិនអាចផ្ទុកគេហទំព័រស្មុគស្មាញ(រួមទាំង គេហទំព័រដែលមានខ្លឹមសារជាសម្លេង និងវីដេអូ)ឡើយ។ ជាមួយគ្នានេះដែរ Proxyនឹងបន្ថយល្បឿនប្រើប្រាស់អុីនធឺណិត នៅពេលវាមានអ្នកប្រើប្រាស់វាកាន់តែច្រើននោះ។ ហើយ ជាការពិត Proxiesប្រើលើអុីនធឺណិត ធ្វើការតែជាមួយគេហទំព័រអុីនធឺណិតប៉ុណ្ណោះ។ ឧទា. លោកអ្នកមិនអាចប្រើកម្មវិធីផ្ញើសាររហ័សភ្លាមៗ ឬកម្មវិធីប្រើអុីមែល ដើម្បីចូលប្រើសេវាដែលត្រូវបានបិទ តាមរយៈProxyប្រើលើអុីនធឺណិតឡើយ។ ជាចុងក្រោយ Proxyប្រើលើអុីនធឺណិតដែលមានសុវត្ថិភាព ក៏ផ្តល់កម្រិតរក្សាការសម្ងាត់មានកំណត់ផងដែរ ព្រោះពួកវាខ្លួនឯងក៏ត្រូវតែចូលនិងកែនូវព័ត៌មានដែលបញ្ជូនត្រឡប់ពីគេហទំព័រទៅឱ្យលោកអ្នកផងដែរ។ ប្រសិនបើពួកវាមិនបានធ្វើដូចនេះទេនោះ លោកអ្នកក៏ប្រហែលនឹងមិនអាចចុចមើលតំណភ្ជាប់នោះបានដែរ។ ចំណុចនេះ ត្រូវបានពិភាក្សាបន្ថែមនៅក្នុងផ្នែកខាងក្រោម។
ប្រភេទProxiesផ្សេងៗទៀត ជាទូទៅតម្រូវឱ្យលោកអ្នកបញ្ចូលកម្មវិធីមួយ ឬកំណត់មុខងារឱ្យអាសយដ្ឋានProxyខាងក្រៅមួយនៅក្នុងកម្មវិធីបើកអុីនធឺណិត ឬប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក។ នៅក្នុងករណីទីមួយ កម្មវិធីគេចវាងរបស់លោកអ្នក ជាទូទៅ នឹងផ្តល់មធ្យោបាយខ្លះក្នុងការបើកនិងបិទដំណើរការកម្មវិធីនេះ ដោយវានឹងប្រាប់ទៅកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកថា តើត្រូវប្រើProxyនេះ ឬអត់។ កម្មវិធីកុំព្យូទ័រដូចនេះ ជាញឹកញាប់អនុញ្ញាតឱ្យលោកអ្នកអាចផ្លាស់ប្តូរ Proxiesបានដោយស្វ័យប្រវត្តិ ប្រសិនបើProxyមួយត្រូវបានបិទ ដូចដែលបានពិភាក្សាខាងលើ។ នៅក្នុងករណីទីពីរ ប្រសិនបើលោកអ្នកត្រូវតែកំណត់មុខងារឱ្យអាសយដ្ឋានProxyខាងក្រៅមួយនៅក្នុងកម្មវិធីបើកអុីនធឺណិត ឬប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក លោកអ្នកចាំបាច់ត្រូវដឹងអំពីអាសយដ្ឋានProxyឲ្យច្បាស់ ព្រោះអាសយដ្ឋាននោះអាចនឹងផ្លាស់ប្តូរនៅពេលProxyនោះត្រូវបានបិទ ឬដើរយឺតខ្លាំងរហូតដល់មិនអាចប្រើបាន។
ទោះបីវាអាចនឹងពិបាកប្រើជាងProxyប្រើលើអុីនធឺណិតបន្តិចក៏ដោយ វិធីសាស្ត្រគេចវាងការត្រួតពិនិត្យនេះទំនងបង្ហាញបានត្រឹមត្រូវជាង នូវទំព័រអុីនធឺណិតដែលស្មុគស្មាញ ហើយអាចនឹងចំណាយពេលយូរជាងក្នុងការថយល្បឿន ព្រោះមនុស្សកាន់តែច្រើនចាប់ផ្តើមប្រើសឺវឺ Proxyនោះ។ ម្យ៉ាងទៀត Proxiesមានច្រើនសម្រាប់ប្រើប្រាស់ និងប្រើបានម្រាប់កម្មវិធីអុីនធឺណិតផ្សេងៗគ្នាផងដែរ។ ឧទា. HTTP Proxiesសម្រាប់កម្មវិធីបើកអុីនធឺណិត, SOCKS Proxies សម្រាប់កម្មវិធីអ៊ីមែលនិងកម្មវិធីជជែកគ្នា និង VPN Proxiesដែលអាចផ្លាស់ប្តូរអាសយដ្ឋានចរាចរណ៍អុីនធឺណិតទាំងអស់របស់លោកអ្នក ដើម្បីគេចវាងពីការត្រួតពិនិត្យ។
Proxiesដែលមានសុវត្ថិភាព និង Proxiesដែលគ្មានសុវត្ថិភាព៖
នៅក្នុងជំពូកនេះ Proxyដែលមានសុវត្ថិភាពមួយ គឺសំដៅទៅលើ Proxyណាដំណើរការជាមួយការភ្ជាប់សេវាដែលបានធ្វើកូដនីយកម្មទៅកាន់អ្នកប្រើប្រាស់របស់វា។ ចំណែក Proxyគ្មានសុវត្ថិភាព សំដៅលើ Proxy ដែលនៅតែអនុញ្ញាតឱ្យលោកអ្នកគេចវាងពីការត្រួតពិនិត្យបាន ប៉ុន្តែមិនអាចការពារលោកអ្នកពីវិធីសាស្ត្រស្គែនរកពាក្យគន្លឹះ ឬអាសយដ្ឋានគេហទំព័រជាក់លាក់បានឡើយ។ ហើយវាក៏មិនមែនជាគំនិតល្អផងដែរ ក្នុងការប្រើProxyគ្មានសុវត្ថិភាពមួយ ដើម្បីបើកចូលមើលគេហទំព័រដែលមានកូដនីយកម្មដូចជា គណនីវែបមែល និង គេហទំព័រធនាគារជាដើម។ ការធ្វើដូចនេះ លោកអ្នកអាចនឹងបើកបង្ហាញព័ត៌មានរសើប ដែលជាធម្មតាគួរតែត្រូវបានលាក់។ ហើយ ដូចដែលបានបញ្ជាក់ពីមុនរួចហើយ Proxiesដែលគ្មានសុវត្ថិភាព ជាញឹកញាប់ មានលក្ខណៈងាយស្រួលរកឃើញពីកម្មវិធីត្រួតពិនិត្យ និងងាយត្រូវបានគេបិទក្រោមគោលនយោបាយត្រួតពិនិត្យអុីនធឺណិត។ ជាចុងក្រោយ មាន Proxiesឥតគិតថ្លៃ លឿន និងមានសុវត្ថិភាពជាច្រើនដែលលោកអ្នកអាចប្រើបាន ដោយមិនចាំបាច់ប្រើProxyមួយដែលគ្មានសុវត្ថិភាពនោះទេ។
លោកអ្នកនឹងដឹងថា Proxyប្រើលើអុីនធឺណិតមួយមានសុវត្ថិភាព ប្រសិនបើលោកអ្នកអាចចូលទៅក្នុងទំព័រអុីនធឺណិតរបស់Proxyនោះផ្ទាល់ ដោយប្រើអាសយដ្ឋានHTTPSមួយ។ ដោយសារ ការភ្ជាប់សេវាវែបមែលអាចធ្វើទៅបានទាំងជាមួយសេវាភ្ជាប់មានសុវត្ថិភាព និងគ្មានសុវត្ថិភាព ដូច្នេះលោកអ្នកគួរតែប្រាកដថា លោកអ្នកប្រើអាសយដ្ឋានដែលមានសុវត្ថិភាព។ ក្នុងករណីនេះ លោកអ្នកអាចនឹងទទួលបាន 'ការព្រមានអំពីវិញ្ញាបនបត្រសុវត្ថិភាព' មួយ ពីកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកផងដែរ ដើម្បីបន្តដំណើរការទៅមុខទៀត។ នេះគឺជាករណីសម្រាប់ Peacefire Proxy ដែលលើកមកពិភាក្សាខាងក្រោមនេះ។ ការព្រមានដូចនេះ បង្ហាញថា មាននរណាម្នាក់ (ដូចជា ISPរបស់លោកអ្នក ឬហេកឃ័រជាដើម) ប្រហែលកំពុងពិនិត្យតាមដានការភ្ជាប់សេវារបស់លោកអ្នកទៅកាន់Proxyនោះ។ ទោះបីមានការព្រមានទាំងនេះក៏ដោយ វាអាចនៅតែជាគំនិតល្អមួយ ដែលត្រូវប្រើ Proxiesដែលមានសុវត្ថិភាព នៅគ្រប់ពេលវេលាដែលអាចធ្វើទៅបាន។ ប៉ុន្តែ នៅពេលពឹងផ្អែកទៅលើProxiesបែបនេះដើម្បីគេចវាងពីការរឹតត្បិត លោកអ្នកគួរជៀសវាងបើកគេហទំព័រដែលមានសុវត្ថិភាព ប្រសិនបើលោកអ្នកមិនទាន់បានពិនិត្យផ្ទៀងផ្ទាត់ស្លាកសម្គាល់ SSL របស់ Proxy ទេនោះ។ ដើម្បីអនុវត្តប្រការនេះ លោកអ្នកចាំបាច់ត្រូវមានមធ្យោបាយទំនាក់ទំនងប្រកបដោយសុវត្ថិភាពមួយ ជាមួយអ្នកគ្រប់គ្រងរបស់ Proxyនោះ។ ជាការល្អបំផុត លោកអ្នកមិនត្រូវបញ្ចូលពាក្យសម្ងាត់ ឬផ្លាស់ប្តូរព័ត៌មានរសើបទៅវិញទៅមក នៅពេលប្រើProxiesអុីនធឺណិតជាទូទៅឡើយ។
លោកអ្នកគួរជៀសវាងចូលប្រើព័ត៌មានរសើបតាមរយៈ Proxyអុីនធឺណិតមួយផងដែរ លុះត្រាតែលោកអ្នកទុកចិត្តលើអ្នកដែលដំណើរការProxyនោះ។ ចំណុចនេះ ត្រូវអនុវត្តរាល់ពេលលោកអ្នកបើកចូល Proxy ដោយមិនគិតថា លោកអ្នកបានឃើញ ឬមិនបានឃើញនូវការព្រមានរបស់ វិញ្ញាបនបត្រសុវត្ថិភាពនោះទេ។ វាក៏ត្រូវអនុវត្តផងដែរ ទៅបីលោកអ្នកស្គាល់អ្នកប្រតិបត្តិការរបស់ Proxyនោះច្បាស់ល្មមនឹងអាចពិនិត្យផ្ទៀងផ្ទាត់ស្លាកសម្គាល់ របស់សឺវឺ មុនពេលបញ្ជាឱ្យកុំព្យូទ័របើកអុីនធឺណិតរបស់លោកអ្នកទទួលយកការព្រមាននោះក៏ដោយ។ នៅពេលលោកអ្នកពឹងផ្អែកទៅលើសឺវឺ Proxyទោលមួយ អ្នកគ្រប់គ្រងរបស់វានឹងស្គាល់ជានិច្ចនូវ IP address របស់លោកអ្នក និងគេហទំព័រដែលលោកអ្នកកំពុងបើកមើល។ ប៉ុន្តែ សំខាន់ជាងនេះទៅទៀត បើសិន Proxyនោះប្រើនៅលើអុីនធឺណិត ប្រតិបត្តិករអាក្រក់អាចនឹងចូលមើលគ្រប់ព័ត៌មានទាំងអស់ ដែលឆ្លងកាត់រវាងកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នក និងគេហទំព័រដែលលោកអ្នកបើកមើល រួមបញ្ចូលទាំងខ្លឹមសារវែបមែល និងពាក្យសម្ងាត់របស់លោកអ្នកផងដែរ។
សម្រាប់ Proxies ដែលមិនប្រើលើអុីនធឺណិត លោកអ្នកប្រហែលជាត្រូវធ្វើការស្រាវជ្រាវតូចមួយ ដើម្បីកំណត់ថា តើការភ្ជាប់សេវាដែលមានសុវត្ថិភាពអាចប្រើជាមួយវាបានដែរឬទេ។ គ្រប់ Proxies និងបណ្តាញកុំព្យូទ័រអនាមិកភាពទាំងអស់ដែលលើកមកណែនាំនៅក្នុងជំពូកនេះ គឺសុទ្ធតែមានសុវត្ថិភាព។
Proxiesឯកជន និង Proxiesសាធារណៈ
Proxiesសាធារណៈ ទទួលយកការភ្ជាប់សេវាពីគ្រប់មនុស្សទាំងអស់ ចំណែកឯ Proxiesឯកជនវិញ ជាទូទៅតម្រូវឱ្យមានឈ្មោះអ្នកប្រើប្រាស់មួយ និងពាក្យសម្ងាត់មួយ។ Proxiesសាធារណៈពិតជាមានអត្ថប្រយោជន៍ត្រង់ថា វាបើកឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ និងជាសាធារណៈ ប៉ុន្តែពួកវាក៏ទំនងជាមានចរាចរណ៍ចង្អៀតយ៉ាងឆាប់ផងដែរ។ ជាលទ្ធផល ទោះបី Proxiesសាធារណៈអាចនឹងមានលក្ខណៈស្មុគស្មាញផ្នែកបច្ចេកទេស និងថែទាំបានល្អដូចProxiesឯកជនក៏ដោយ ពួកវាជាញឹកញាប់តែងតែមានល្បឿនយឺត។ ចំណែក Proxiesឯកជនទំនងជាត្រូវបានប្រតិបត្តិការជាអាជីវកម្មសម្រាប់រកប្រាក់ចំណេញ ឬដោយក្រុមអ្នកគ្រប់គ្រងដែលបង្កើតគណនីសម្រាប់អ្នកប្រើប្រាស់ដែលពួកគេស្គាល់តាមលក្ខណៈផ្ទាល់ខ្លួន ឬការងារសង្គម។ ដោយសារមូលហេតុនេះ ជាទូទៅវាមានលក្ខណៈងាយស្រួលក្នុងការកំណត់អំពីអ្វីដែលជម្រុញរទឹកចិត្តប្រតិបត្តិកររបស់Proxiesឯកជនមួយ។ ប៉ុន្តែ លោកអ្នកមិនគួរដោយសារហេតុនេះធ្វើការសន្មតថា Proxiesឯកជនមានលក្ខណៈកាន់តែអាចទុកចិត្តបានជាសារវន្តនោះឡើយ។ ជាចុងក្រោយ ក្នុងបទពិសោធន៍កន្លងមក មូលហេតុប្រាក់ចំណេញធ្លាប់នាំឱ្យសេវាកម្មអនឡាញបើកបង្ហាញព័ត៌មានអ្នកប្រើប្រាស់របស់ខ្លួនផងដែរ។
Proxiesសាមញ្ញ,គ្មានសុវត្ថិភាព, និងសាធារណៈ ជាញឹកញាប់អាចត្រូវបានរកឃើញនៅតាមម៉ាសុីនស្វែងរក (Search Engine) ដោយវាយពាក្យ ដូចជា' public proxy' ជាដើម ប៉ុន្តែលោកអ្នកមិនគួរពឹងផ្អែកទៅលើ Proxiesដែលរកឃើញតាមមធ្យោបាយនេះឡើយ។ ប្រសិនជាមានជម្រើស លោកអ្នកគួរប្រើ Proxyឯកជន និងមានសុវត្ថិភាពមួយ ដែលប្រតិបត្តិការដោយអ្នកដែលលោកអ្នកស្គាល់ និងទុកចិត្តដោយផ្ទាល់ឬដោយកេរ្តិ៍ឈ្មោះ ក្នុងការរក្សាសុវត្ថិភាពសឺវឺរបស់ពួកគេក្នុងកំរិតខ្ពស់។ លោកអ្នកប្រើ ឬមិនប្រើProxy អុីនធឺណិត គឺអាស្រ័យទៅលើតម្រូវការ និងចំណូលចិត្តជាក់លាក់ផ្ទាល់ខ្លួនរបស់លោកអ្នក។ ពេលណាក៏ដោយ ដែលលោកអ្នកកំពុងប្រើ Proxyមួយដើម្បីគេចវាងពីការត្រួតពិនិត្យ ការប្រើកម្មវិធី Firefoxនិងការបញ្ចូលមុខងារបន្ថែម NoScript គឺជាគំនិតល្អមួយផងដែរ ដែលដូចដែលបានលើកមកពិភាក្សានៅក្នុង មគ្គុទ្ទេសក៍ណែនាំអំពីកម្មវិធី Firefox។ ការធ្វើដូចនេះ អាចជួយការពារលោកអ្នកពី Proxiesអាក្រក់ និងពីគេហទំព័រដែលប្រហែលកំពុងព្យាយាមស្វែងរក IP address ពិតរបស់លោកអ្នក។ ជាចុងក្រោយ ត្រូវកុំភ្លេចថា សូម្បីតែ Proxy ដែលត្រូវបានធ្វើកូដនីយកម្មក៏ដោយ ក៏នឹងមិនធ្វើឱ្យគេហទំព័រគ្មានសុវត្ថិភាពមួយក្លាយជាមានសុវត្ថិភាពដែរ។ លោកអ្នកនៅតែត្រូវប្រាកដថា លោកអ្នកមានការភ្ជាប់សេវា HTTPSមួយ មុននឹងផ្ញើ ឬទទួលព័ត៌មានរសើប។
ប្រសិនបើលោកអ្នកមិនអាចរកបុគ្គល អង្គភាព ឬក្រុមហ៊ុន ដែលផ្តល់សេវា Proxy ដែលលោកអ្នកអាចទុកចិត្ត មានតម្លៃសមរម្យ និងអាចប្រើប្រាស់បានពីប្រទេសរបស់លោកអ្នកទេនោះ លោកអ្នកគួរគិតពិចារណាអំពីការប្រើបណ្តាញកុំព្យូទ័រអនាមិកភាពTor ដែលត្រូវបានពិភាក្សានៅក្រោមផ្នែក បណ្តាញកុំព្យូទ័រអនាមិកភាព ខាងលើ។
Proxiesសម្រាប់ការគេចវាងពីការរឹតត្បិត
ខាងក្រោមនេះ គឺជាកម្មវិធី និង Proxiesជាក់លាក់មួយចំនួន ដែលអាចជួយលោកអ្នកគេចវាងពីការត្រួតពិនិត្យ។ មានកម្មវិធីគេចវាងការត្រួតពិនិត្យថ្មីជាច្រើន ត្រូវបានបង្កើតជាបន្តបន្ទាប់ ហើយកម្មវិធីដែលមានស្រាប់ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំផងដែរ។ ដូច្នេះ លោកអ្នកគួរបើកមើលគេហទំព័រSecurity in-a-Boxអនឡាញ និងធនធាននានាដែលគូសបង្ហាញនៅក្នុងផ្នែក សេចក្តីសម្រាប់អានបន្ថែមខាងក្រោម ដើម្បីយល់ដឹងបន្ថែម។
Virtual Private Network (VPN) based proxies)
VPN Proxiesដែលបង្ហាញនៅខាងក្រោមនេះ ធ្វើឱ្យការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នកទាំងស្រុងតាមProxy ខណៈដែលលោកអ្នកកំពុង“ត្រូវបានភ្ជាប់សេវារបស់វា”។ វាអាចមានប្រយោជន៍ ប្រសិនបើលោកអ្នកប្រើក្រុមហ៊ុនផ្តល់សេវាអុីមែល ឬសាររហ័សភ្លាមៗដែលស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងប្រទេសរបស់លោកអ្នក។
Riseup VPN. គឺសម្រាប់អ្នកប្រើប្រាស់ដែលមានគណនីអុីមែលនៅក្នុងសឺវឺ Riseup។ សហករណ៍នេះ ផ្តល់លទ្ធភាពភ្ជាប់សេវាទៅកាន់សឹវឺVPN Proxyមួយដែលមានសុវត្ថិភាព, ឯកជន, និងឥតគិតថ្លៃ។ សូមអាន ការយល់ដឹងបន្ថែមអំពី Riseup VPN និង របៀបភ្ជាប់សេវាទៅកាន់វា។
Your-Freedom គឺជា Proxy VPN/SOCKS គេចវាងការត្រួតពិនិត្យមួយ ដែលមានលក្ខណៈឯកជន និងមានសុវត្ថិភាព។ វាគឺជាកម្មវិធី Freewareមួយ ដែលអាចត្រូវបានប្រើ ដើម្បីគេចវាងការរឹតត្បិតលើអុីនធឺណិតដោយឥតគិតថ្លៃ។ មានការដាក់កម្រិតមួយចំនួនអំពីល្បឿនផ្ទេរទិន្នន័យ និងអំពីរយៈពេលដែលលោកអ្នកអាចប្រើវាបាន (ដូចជា៣ម៉ោង/ថ្ងៃ, ឬ៩ម៉ោង/សប្តាហ៍)។ លោកអ្នកអាចបង់ថ្លៃបន្ថែម ដើម្បីអាចចូលប្រើប្រាស់សេវាកម្មដែលមានលក្ខណៈពាណិជ្ជកម្មមួយ ដែលមានល្បឿនលឿនជាងនេះ និងមានការដាក់កម្រិតតិចជាងនេះ។ ដើម្បីប្រើប្រាស់Your-Freedom លោកអ្នកចាំបាច់ត្រូវ ដោនឡូតកម្មវិធី ហើយ បង្កើតគណនីមួយ ដែលចំណុចទាំងពីរនេះអាចអនុវត្តបាននៅក្នុង គេហទំព័ររបស់Your-Freedom។ លោកអ្នកចាំបាច់ត្រូវកំណត់មុខងារកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកឱ្យប្រើ Proxy OpenVPNផងដែរ នៅពេលភ្ជាប់សេវាទៅអុីនធឺណិត។ លោកអ្នកអាច អានបន្ថែមនៅក្នុងកម្រងឯកសាររបស់Your-Freedom។
Freegate គឺជាProxy VPN គេចវាងការរឹតត្បិតមួយ ដែលមានលក្ខណៈសាធារណៈ សុវត្ថិភាព និងឥតគិតថ្លៃផងដែរ។ លោកអ្នកអាច ដោនឡូតសំណៅចុងក្រោយបំផុតនៃកម្មវិធី Freegate ឬ អានអត្ថបទដែលគួរឱ្យចាប់អារម្មណ៍អំពីវា បាន។
SecurityKISS គឺជាProxy VPN គេចវាងការរឹតត្បិតមួយ ដែលមានលក្ខណៈសាធារណៈ សុវត្ថិភាព និងឥតគិតថ្លៃផងដែរ។ ដើម្បីប្រើវា លោកអ្នកចាំបាច់ត្រូវដោនឡូត និងដំណើរការកម្មវិធីមួយ។ វាមិនតម្រូវឱ្យចុះឈ្មោះបើកគណនីអ្វីឡើយ។ អ្នកប្រើប្រាស់ដែលឥតបង់ថ្លៃ ត្រូវបានកម្រិតការប្រើប្រាស់ត្រឹម៣០០មេហ្គាបៃ/ថ្ងៃ និងស្ថិតក្នុងចំណោមចរាចរណ៍អុីនធឺណិតចង្អៀតក្នុងProxyនេះ។ ការចុះឈ្មោះដែលមានការបង់ថ្លៃ ផ្តល់ជូននូវការប្រើប្រាស់គ្មានកំណត់ និងតាមរយៈសឺវឺVPNកាន់តែច្រើន។ សូមមើល គេហទំព័ររបស់ SecurityKISS ដើម្បីយល់ដឹងបន្ថែម។
<!-- Psiphon1 អាចជាជម្រើសល្អមួយ ប្រសិនបើលោកអ្នកស្គាល់អ្នកមានកុំព្យូទ័រប្រើWindowsមួយ ដែលទុកឱ្យបើកដំណើរការចោល និងភ្ជាប់ទៅកាន់សេវាអុីនធឺណិតដែលមានល្បឿនលឿន និងមិនស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងប្រទេសមួយផ្សេងទៀត។ ដើម្បីប្រើ Psiphon លោកអ្នកត្រូវតែសុំឱ្យអ្នកនោះដោនឡូតកម្មវិធីនេះពី គេហទំព័រCivisec រួចបញ្ចូលវាទៅក្នុងកុំព្យូទ័រនោះ ហើយបង្កើតគណនីមួយសម្រាប់លោកអ្នក និងផ្ញើឱ្យលោកអ្នកនូវ IP address របស់ Proxyនោះ អមជាមួយឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់លោកអ្នកផងដែរ។ មធ្យោបាយនេះ នឹងឱ្យលោកអ្នកអាចចូលក្នុងគណនីផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុង Proxyគេចវាងការត្រួតពិនិត្យមួយ ដែលគួរទុកចិត្ត មានសុវត្ថិភាព មានលក្ខណៈឯកជន និងប្រើនៅលើអុីនធឺណិត។ ប៉ុន្តែ មុននឹងប្រើវា លោកអ្នកគួរផ្ទៀងផ្ទាត់អំពីស្លាកសម្គាល់របស់ Proxyនោះសិន ដូចដែលបានពិភាក្សានៅក្នុងផ្នែក Proxiesមានសុវត្ថិភាព និង Proxiesគ្មានសុវត្ថិភាព ខាងលើនេះ និងនៅក្នុង សេចក្តីបន្ថែម គ របស់ មគ្គុទ្ទេសក៍ណែនាំសម្រាប់អ្នកប្រើប្រាស់Psiphonដែលត្រូវបានរួមបញ្ចូលជាមួយគ្នានោះ។ →
Psiphon3 គឺជាកម្មវិធីគេចវាងការរឹតត្បិតមួយ ដែលមានលក្ខណៈសាធារណៈ មានសុវត្ថិភាព ប្រើបច្ចេកវិទ្យាProxy VPN, SSH and HTTP ដើម្បីផ្តល់ឱ្យលោកអ្នកនូវសិទ្ធិបើកមើលទំព័រអុីនធឺណិតបានដោយមិនឆ្លងកាត់ការត្រួតពិនិត្យ។ ដើម្បីអាចប្រើវាបាន លោកអ្នកចាំបាច់ត្រូវដោនឡូតកម្មវិធីនេះពី គេហទំព័រ Psiphon3 ហើយបើកដំណើរការវាដើម្បីជ្រើសរើសយកទម្រង់ ដែលលោកអ្នកចង់ប្រើ VPN, SSH, SSH+។ Psiphon3 អាចដំណើរការបានជាមួយឧបករណ៍Androidផងដែរ។ សូមមើល គេហទំព័រ ដើម្បីយល់ដឹងបន្ថែម។
Proxiesលើអុីនធឺណិត៖ Peacefire ថែរក្សា Proxiesដែលមានលក្ខណៈសាធារណៈ និងនៅលើអុីនធឺណិតជាច្រើន រួមទាំង Proxies មានសុវត្ថិភាព ឬគ្មានសុវត្ថិភាព ដោយអាស្រ័យទៅលើរបៀបដែលលោកអ្នកចូលប្រើពួកវា។ នៅពេលប្រើ Proxy Peacefireមួយ លោកអ្នកត្រូវតែបញ្ចូលអាសយដ្ឋាន HTTPS ដើម្បីឱ្យមានការភ្ជាប់សេវាមានសុវត្ថិភាពមួយ រវាងលោកអ្នក និង Proxyនោះ។ Proxiesថ្មីជាច្រើន ត្រូវបានប្រកាសប្រាប់ជាបន្តបន្ទាប់ ទៅអ្នកដែលមាននៅក្នុងបញ្ជីអាសយដ្ឋានរបស់ពួកគេ។ លោកអ្នកអាចចុះឈ្មោះដើម្បីទទួលបច្ចុប្បន្នភាពព័ត៌មាន នៅក្នុងគេហទំព័ររបស់Peacefire ផងដែរ។
សេចក្តីសម្រាប់អានបន្ថែម
- សូមមើលជំពូក ២.៥ ការឃ្លាំមើល និងកាពិនិត្យតាមដានលើអុីនធឺណិត និង ២.៦ ការគេចវាងពីការរឹតត្បិតតាមអុីនធឺណិត របស់សៀវភៅ សុវត្ថិភាពឌីជីតថលនិងភាពឯកជនសម្រាប់អ្នកការពារសិទ្ធិមនុស្ស។
- គេហទំព័រ FLOSS Manuals មានមគ្គុទ្ទេសក៍ណែនាំមួយអំពី របៀបគេចវាងពីការត្រួតពិនិត្យតាមអុីនធឺណិត។
- Internet Censorship Wiki ដែលសរសេរដោយ Freerk មានជាភាសាអង់គ្លេស អាល្លឺម៉ង់ និងអេស្ប៉ាញ។
- មន្ទីរពិសោធន៍ CitizenLab បានផលិត មគ្គុទ្ទេសក៍ណែនាំសម្រាប់គ្រប់គ្នា អំពីការគេចវាងពីការត្រួតពិនិត្យតាមអុីនធឺណិត ដែលកំពុងធ្វើការបកប្រែជាភាសាភូមា អង់គ្លេស បារាំង រុស្សី អេស្ប៉ាញ និងអ៊ូរឌូផងដែរ។
- អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បានចេញការបោះពុម្ពផ្សាយលើកទីពីរនៃ សៀវភៅណែនាំ សម្រាប់អ្នកបង្កើតប្លុក និងអ្នកសរសេររិះគន់លើអុីនធឺណិតរបស់ខ្លួន ដែលមានជាភាសាអារ៉ាប់ ភូមា ចិន អង់គ្លេស ហ្វារសុី បារាំង រុស្សី និងអេស្ប៉ាញ។
- Ethan Zuckerman នៅបណ្តាញសម្លេងអនឡាញពិភពលោក(Global Voices Online) បានបោះពុម្ពផ្សាយមគ្គុទ្ទេសក៍ណែនាំមួយដែលមានប្រយោជន៍ អំពីការបង្កើតប្លុកអនាមិកជាមួយកម្មវិធី Wordpress និង Tor។