Cobian Backup - កម្មវិធីបម្រុងឯកសារទុកដ៏មានសុវត្ថិភាព

តារាងមាតិកា

...Loading Table of Contents...

    Cobian Backup ត្រូវបានប្រើសម្រាប់បង្កើតបណ្ណសាររក្សាទុកឯកសារឌីជីថលរបស់លោកអ្នក។ បណ្ណសារទាំងនេះ ត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រ បណ្តាញកុំព្យូទ័រការិយាល័យ ឧបករណ៍ផ្ទុកទិន្នន័យចល័ត ឬServer (សឺវឺ) អ៊ិនធឺណិតរបស់លោកអ្នក។

    ទំព័រដើម

    www.cobiansoft.com/cobianbackup.htm

    តម្រូវការរបស់កុំព្យូទ័រ

    • XP, 2003, Vista, 2008, Windows 7

    កំណែដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

    • ១០

    អាជ្ញាប័ណ្ណ

    • Freeware (កម្មវិធីសេរី)

    ឯកសារតម្រូវឲ្យអាន

    កម្រិត៖ ១. កម្រិតដំបូង, ២. កម្រិតមធ្យម, ៣. កម្រិតលើមធ្យម, ៤. កម្រិតមានបទពិសោធន៍, ៥. កម្រិតខ្ពស់

    ពេលតម្រូវ ដើម្បីអាចចាប់ផ្តើមប្រើកម្មវិធីនេះបាន៖ ៣០ នាទី

    អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

    • សមត្ថភាព ក្នុងការបម្រុងទុករាល់ឯកសារ និងថតឯកសារទុកទាំងអស់
    • សមត្ថភាព ក្នុងការបង្ហាប់ (Compress) និងលែងបង្ហាប់ (Decompress) ឯកសារដែលត្រូវបានបម្រុងទុករបស់លោកអ្នក
    • សមត្ថភាព ក្នុងការធ្វើកូដនីយកម្ម និងធ្វើវិកូដនីយកម្មលើឯកសារដែលត្រូវបានរក្សាក្នុងបណ្ណសាររបស់លោកអ្នក

    GNU Linux, Mac OS និងកម្មវិធីផ្សេងៗទៀតដែលអាចប្រើបានជាមួយ Microsoft Windows

    ការធ្វើបណ្ណសារ ឬការបម្រុងទុកឯកសារ និងថតឯកសាររបស់លោកអ្នក អាចធ្វើទៅបានយ៉ាងងាយស្រួលដូចការចម្លងឯកសារពីទីតាំងមួយទៅទីតាំងដែលមានសុវត្ថិភាពមួយផ្សេងទៀតដែរ ការធ្វើបែបនេះ ពុំតម្រូវឲ្យមានឧបករណ៍ពិសេសដើម្បីជាជំនួយនោះទេ។ ប៉ុន្តែ នៅពេលធ្វើបណ្ណសារឯកសារកាន់តែច្រើន លោកអ្នកនឹងអាចទទួលបានផលប្រយោជន៍តាមរយៈការប្រើប្រាស់កម្មវិធីពិសេសមួយ ដើម្បីបម្រុងទុកឯកសារទាំងនោះ (ដូចជាកម្មវិធីCobian Backupជាដើម) ឬពីការប្រើកម្មវិធី ធ្វើសមកាលកម្មឯកសារ មួយ ដែលជាកម្មវិធីធានាថា ឯកសារដែលមាននៅកន្លែងដើម ឬ‘ប្រភពដើម’ និងនៅកន្លែងថ្មី គឺដូចគ្នាទាំងស្រុង។ ក្រៅពីកម្មវិធី Cobian Backup មានកម្មវិធីជាច្រើនទៀតសម្រាប់ជួយលោកអ្នក ក្នុងការធ្វើបណ្ណសារឬបម្រុងទុកឯកសាររបស់លោកអ្នក។ យើងខ្ញុំសូមណែនាំកម្មវិធីមួយចំនួនដូចខាងក្រោម ៖

    • Freebyte Backup ជាកម្មវិធីបម្រុងទុកទិន្នន័យឥតគិតថ្លៃមួយ រចនាឡើងសម្រាប់ Microsoft Windows;
    • Unison File Synchronizer ជាកម្មវិធីសេរីនិងបើកចំហមួយ សម្រាប់ Microsoft Windows, Mac OS, និង GNU/Linux;
    • Allway Sync ជាកម្មវិធីធ្វើសមកាលកម្មឯកសារឥតគិតថ្លៃមួយ សម្រាប់ Microsoft Windows;
    • FreeFileSync ជាកម្មវិធីធ្វើសមកាលកម្មឯកសារដែលមានលក្ខណៈសេរី និងបើកចំហមួយ សម្រាប់ GNU/Linux និង Microsoft Windows;
    • Time Machine ជាកម្មវិធីបម្រុងទុកទិន្នន័យមួយអភិវឌ្ឍដោយក្រុមហ៊ុន Apple ដែលត្រូវបានរួមបញ្ចូលជាមួយ Mac OS (កំណែ ១០.៥ ឡើងទៅ); និង
    • អ្នកប្រើប្រាស់ Ubuntu GNU/Linux សូមអានមគ្គុទ្ទេសក៍ណែនាំអំពី Backup Your System(https://help.ubuntu.com/community/BackupYourSystem) ដែលបង្ហាញពីកម្មវិធីដែលលោកអ្នកអាចនឹងប្រើបាន។

    របៀបដំឡើងកម្មវិធី Cobian

    សូមអានសេចក្តីផ្តើមសង្ខេបនៃ មគ្គុទ្ទេសក៍អនុវត្តន៍។ - ចុចលើរូបសញ្ញា Cobian ខាងក្រោមនេះ ដើម្បីបើក www.cobiansoft.com/cobianbackup.htm - ចុចលើតំណភ្ជាប់ "Download Cobian Backup" នៅលើទំព័រនេះ - រក្សាទុកកម្មវិធីដំឡើងកម្មវិធី បន្ទាប់មក បើកចូលទៅរកកម្មវិធីនោះ ហើយចុចផ្ទួនលើកម្មវិធីនោះ - សូមអាន 'កំណត់សម្គាល់អំពីការដំឡើងកម្មវិធី' ខាងក្រោមនេះ មុនពេលលោកអ្នកអនុវត្តបន្តទៀត - បន្ទាប់ពីលោកអ្នកដំឡើងកម្មវិធីCobian បានជោគជ័យហើយ លោកអ្នកអាចលុបចោលកម្មវិធីដំឡើងកម្មវិធីពីកុំព្យូទ័ររបស់លោកអ្នកបាន។

    Cobian:

    ១.១ ប្រការគួរយល់ដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើ

    Cobian Backup ត្រូវបានប្រើដើម្បីធ្វើបណ្ណសារ (ឬដើម្បីបម្រុងទុក) នូវឯកសារនិងថតឯកសាររបស់លោកអ្នក។ ឯកសារដែលបានបម្រុងទុកទាំងនោះ អាចរក្សាទុកក្នុងថតឯកសារ ឬថាសទិន្នន័យផ្សេងទៀតក្នុងកុំព្យូទ័ររបស់លោកអ្នក កុំព្យូទ័រផ្សេងទៀតក្នុងបណ្តាញកុំព្យូទ័រការិយាល័យ ឬក្នុងឧបករណ៍ផ្ទុកទិន្នន័យចល័ត (ដូចជា CDs, DVDs និង អង្គចងចាំ USB ជាដើម)។ កម្មវិធីCobian Backup អាចឲ្យលោកអ្នកធ្វើបណ្ណសារឯកសារ និងថតឯកសាររបស់លោកអ្នកជាទៀងទាត់។ កម្មវិធីនេះដំណើរការដោយស្ងៀមស្ងាត់នៅផ្ទៃខាងក្រោយ ក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក (ពោលគឺ ក្នុង System Tray (ថាសប្រព័ន្ធ)) ពិនិត្យមើលកាលវិភាគរបស់លោកអ្នក និងអនុវត្តដំណើរការបម្រុងទុកនៅពេលចាំបាច់។ កម្មវិធី Cobian Backup អាចបង្ហាប់(Compress)ឯកសារ និងធ្វើកូដនីយកម្មផងដែរ នៅពេលដែលកម្មវិធីនេះកំពុងតែបង្កើតឯកសារដែលបានបម្រុងទុក។

    របៀបបញ្ចូលកម្មវិធី Cobian Backup និងធ្វើបណ្ណសារឯកសាររបស់លោកអ្នក

    បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ២.០ របៀបបញ្ចូលកម្មវិធី Cobian Backup

    កំណត់សម្គាល់អំពីការបញ្ចូលកម្មវិធី៖ មុនពេលលោកអ្នកចាប់ផ្តើមដំណើរការបញ្ចូលកម្មវិធី ត្រូវពិនិត្យផ្ទៀងផ្ទាត់ថា លោកអ្នកមានសំណៅចុងក្រោយបំផុតនៃ Microsoft Windows Installer (កម្មវិធីបញ្ចូលកម្មវិធី Microsoft Windows) និង Microsoft.NET Framework

    របៀបបញ្ចូលកម្មវិធី Cobian Backup គឺជានីតិវិធីមួយដែលងាយស្រួលនិងរហ័ស។ ដើម្បីចាប់ផ្តើមបញ្ចូលកម្មវិធី Cobian Backup ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចរហ័សពីរដងលើ ; ផ្ទាំង Open File - Security Warning (បើកឯកសារ - ការព្រមានអំពីសុវត្ថិភាព) អាចនឹងលេចមក។ ប្រសិនបើវាលេចមក ត្រូវចុចលើ ដើម្បីបើកដំណើរការរបារស្ថានភាពរីកចម្រើន Extracting the resource (កំពុងទាញយកធនធានរបស់កម្មវិធី) ពណ៌ខៀវស្រាល ហើយពីរបីស្របក់ក្រោយមក នឹងលេចចេញផ្ទាំងខាងក្រោមនេះ៖

    រូបភាព ១ ៖ ផ្ទាំង Please select a language (សូមជ្រើសយកភាសាមួយ)

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំង Please read and accept the license agreement (សូមអាននិងយល់ព្រមទទួលយកកិច្ចព្រមព្រៀងអំពីអាជ្ញាប័ណ្ណ); គូសយក ជម្រើស I accept (ខ្ញុំយល់ព្រមទទួលយក) បន្ទាប់មក ចុចលើ ម្តងទៀត ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំង Select an installation directory (ជ្រើសយកថតឯកសារដើម្បីបញ្ចូលកម្មវិធី)

    ជំហានទី ៣. ចុចលើ ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង Installation type and Service options (ប្រភេទនៃការបញ្ចូលកម្មវិធី និង ជម្រើសនៃសេវា)

    ជំហានទី ៤. គូសយក ជម្រើស Use Local System account (ប្រើគណនីប្រព័ន្ធក្នុងមូលដ្ឋាន) នៅក្នុងផ្ទាំង Service options (ជម្រើសសេវា) ដើម្បីឱ្យដូចទៅនឹង រូបភាព ៣ ខាងលើ។

    ចំណុចសំខាន់៖ ជម្រើសនេះធានាថា កម្មវិធី Cobian Backup នឹងដំណើរការដោយស្ងៀមស្ងាត់នៅផ្ទៃខាងក្រោយគ្រប់ពេលវេលា ដោយហេតុនេះហើយ ការថតចម្លងរបស់លោកអ្នកនឹងដំណើរការទៅបានតាមកាលវិភាគ។

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងសារខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំងសារ Cobian Backup 10

    ជំហានទី ៦. ចុចលើ ដើម្បីបើកផ្ទាំងបន្ទាប់ ហើយចុចលើ ដើម្បីបន្តដំណើរការបញ្ចូលកម្មវិធីនេះ។

    ជំហានទី ៧. ចុចលើ ដើម្បីបញ្ចប់ដំណើរការបញ្ចូលកម្មវិធី។ បន្ទាប់ពីដំណើរការបញ្ចូលកម្មវិធីត្រូវបានបញ្ចប់រួចរាល់ហើយ រូបសញ្ញាCobian Backupនឹងលេចមកនៅក្នុង Windows System Tray (ថាសប្រព័ន្ធរបស់Windows) ដូចនេះ៖

    ២.១ របៀបថតចម្លងឯកសារនិងថតឯកសាររបស់លោកអ្នក

    នៅក្នុងផ្នែកនេះ លោកអ្នកនឹងយល់ដឹងអំពី របៀបអនុវត្តការថតចម្លង ឬការធ្វើបណ្ណសារសាមញ្ញមួយនៃឯកសារ និង/ឬថតឯកសារជាក់លាក់មួយ។ កម្មវិធី Cobian Backup ប្រើ backup task (កិច្ចការថតចម្លង) មួយ ដែលអាចកំណត់មុខងារឱ្យដាក់រួមបញ្ចូលក្រុមឯកសារ និង/ឬថតឯកសារជាក់លាក់មួយ។ កិច្ចការថតចម្លង អាចត្រូវបានដាក់ឱ្យដំណើរការទៅតាមថ្ងៃ និងពេលវេលាជាក់លាក់មួយ។

    ដើម្បីបង្កើតកិច្ចការថតចម្លងថ្មីមួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ ដើម្បីបង្កើតកិច្ចការថតចម្លងថ្មីមួយ និងបើកផ្ទាំង New task (កិច្ចការថ្មី) ដូចខាងក្រោមនេះ៖

    រូបភាព ២ ៖ ផ្ទាំង New task (កិច្ចការថ្មី)

    ផ្នែកឈរខាងឆ្វេងនៃផ្ទាំងនេះ មានស្លាកផ្ទាំងមួយចំនួន និង មានផ្ទាំងរងពាក់ព័ន្ធរបស់ខ្លួន (ដែលប្រើដើម្បីកំណត់ជម្រើសនិង ប៉ារ៉ាម៉ែត្រផ្សេងៗនៃការថតចម្លង ) បង្ហាញនៅក្នុងផ្នែកឈរខាងស្តាំនៃផ្ទាំងនេះ។ គ្រប់ជម្រើសទាំងអស់នៅក្នុងស្លាកផ្ទាំង General (ទូទៅ) ត្រូវបានបរិយាយខាងក្រោមនេះ៖

    ២.១.១ បរិយាយអំពីជម្រើស

    Task Name (ឈ្មោះកិច្ចការ)៖ ប្រអប់វាយអក្សរ Task Name (ឈ្មោះកិច្ចការ) នេះ អាចឱ្យលោកអ្នកវាយបញ្ចូលឈ្មោះសម្រាប់កិច្ចការថតចម្លង។ លោកអ្នកគួរតែប្រើឈ្មោះដែលកំណត់អត្តសញ្ញាណប្រភេទនៃឯកសារថតចម្លង។ ឧទា. ប្រសិនបើការថតចម្លងនឹងមានឯកសារវីដេអូ នោះលោកអ្នកគួរតែដាក់ឈ្មោះថា Video Backup

    Disabled (បិទដំណើរការ)៖ ជម្រើសនេះ ត្រូវតែទុកដោយមិនមានការគូសយក។

    ព្រមាន៖ ការបើកដំណើរការជម្រើស Disabled (បិទដំណើរការ) នឹងមានអានុភាពលុបលើគ្រប់ជម្រើសផ្សេងទៀតទាំងអស់ និងរារាំងមិនឱ្យកិច្ចការថតចម្លងអាចដំណើរការបានឡើយ។

    Include Subdirectories (រួមបញ្ចូលថតឯកសាររង)៖ ជម្រើសនេះ អាចឱ្យលោកអ្នកដាក់រួមបញ្ចូលគ្រប់ថតឯកសារ/ថត ឯកសាររងទាំងអស់ ទៅក្នុងបញ្ជីឯកសារ/ថតឯកសារដែលត្រូវបានជ្រើសយកមួយ សម្រាប់កិច្ចការថតចម្លង។ នេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ សម្រាប់ថតចម្លងឯកសារ និង/ឬថតឯកសារដែលមានចំនួនច្រើនសន្ធឹកសន្ធាប់។ ឧទា. ប្រសិនបើលោកអ្នកជ្រើសយកថតឯកសារ My Documents ហើយគូសយកជម្រើសនេះ ពេលនោះគ្រប់ឯកសារនិងថតឯកសារទាំងអស់ដែលមាននៅក្នុងថតឯកសារ My Documents នឹងត្រូវបានដាក់រួមបញ្ចូលនៅក្នុងកិច្ចការថតចម្លង។

    Create separated backups using timestamps (បង្កើតសំណៅថតចម្លងដាច់ដោយឡែក ដោយប្រើត្រាពេលវេលា)៖ ជម្រើសនេះ អាចឱ្យលោកអ្នកកំណត់ជាក់លាក់ថា កាលបរិច្ឆេទនិងពេលវេលារបស់កិច្ចការថតចម្លង នឹងត្រូវបានដាក់រួមបញ្ចូលដោយស្វ័យប្រវត្តនៅក្នុងឈ្មោះថតឯកសារដែលមានឯកសារថតចម្លងរបស់លោកអ្នក។ នេះគឺជាគំនិតល្អមួយ ព្រោះវាមានន័យថា លោកអ្នកនឹងអាចកំណត់អត្តសញ្ញាណបានយ៉ាងងាយ នៅពេលការថតចម្លងនោះត្រូវបានអនុវត្ត។

    Use file attribute logic (ប្រើតក្កវិជ្ជានៃកេតនភណ្ឌរបស់ឯកសារ)៖ ជម្រើសនេះ មានការពាក់ព័ន្ធតែនៅពេលលោកអ្នកជ្រើសរើសអនុវត្តការថតចម្លងដែលមានលក្ខណៈកើនតាមកម្រិត(Incremental) ឬលក្ខណៈអវិកល(Differential) ប៉ុណ្ណោះ (សូមមើលខាងក្រោមនេះ)។ កេតនភណ្ឌរបស់ឯកសារមួយ មានព័ត៌មានអំពីឯកសារនោះ។

    កំណត់សម្គាល់៖ ជម្រើសខាងក្រោមនេះ មានសម្រាប់តែ Windows XP និង Windows OS ដែលថ្មីជាង Windows XP ប៉ុណ្ណោះ។

    Use Volume Shadow Copy ៖ ជម្រើសនេះ អាចឱ្យលោកអ្នកថតចម្លងឯកសារដែលជាប់សោ។

    កម្មវិធី Cobian Backup ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាននេះ ដើម្បីកំណត់ថា តើធ្លាប់មានការផ្លាស់ប្តូរនៅក្នុងឯកសារដើម គិតចាប់ពីពេលថតចម្លងទិន្នន័យចុងក្រោយដែរឬទេ។ ប្រសិនបើលោកអ្នកដំណើរការការថតចម្លងមួយដែលមានលក្ខណៈកើនតាមកម្រិត(incremental) ឬលក្ខណៈអវិកល(differential) ឯកសារនឹងត្រូវបានធ្វើបច្ចុប្បន្នភាព។

    កំណត់សម្គាល់៖ លោកអ្នកនឹងអាចដំណើរការបានតែការថតចម្លងទាំងស្រុង ឬ 'dummy backup'('ថតចម្លងសំណាក')ប៉ុណ្ណោះ ប្រសិនបើលោកអ្នក បិទដំណើរការជម្រើសនេះ (ជម្រើស dummy backup (ថតចម្លងសំណាក) មានពន្យល់នៅខាងក្រោមនេះ)។

    ២.១.២ សេចក្តីបរិយាយអំពីប្រភេទនៃការថតចម្លងទិន្នន័យ

    Full(ទាំងស្រុង) ៖ ជម្រើសនេះមានន័យថា ឯកសារទោលនីមួយៗដែលនៅក្នុងទីតាំងដើម នឹងត្រូវបានថតចម្លងទៅកាន់ថតឯកសារថតចម្លង(Backup Directory)របស់លោកអ្នក។ ប្រសិនបើលោកអ្នកបានបើកដំណើរការជម្រើស Create separated backups using timestamp (បង្កើតសំណៅថតចម្លងដាច់ដោយឡែក ដោយប្រើត្រាពេលវេលា (timestamps)) លោកអ្នកនឹងមានបីបួនសំណៅឯកសារដែលមានប្រភពដើមដូចគ្នា (ដែលកំណត់សម្គាល់ដោយពេលវេលានិងកាលបរិច្ឆេទនៃការថតចម្លង ដែលមាននៅក្នុងចំណងជើងថតឯកសារថតចម្លង)។ បើមិនដូច្នេះទេ កម្មវិធី Cobian Backup នឹងសរសេរជាន់ពីលើសំណៅពីមុន(ប្រសិនបើមាន)។

    Incremental (លក្ខណៈកើនតាមកម្រិត) ៖ ជម្រើសនេះមានន័យថា កម្មវិធីនឹងពិនិត្យផ្ទៀងផ្ទាត់ថា គិតចាប់ពីការថតចម្លងចុងក្រោយមក តើឯកសារដែលត្រូវបានជ្រើសយកសម្រាប់ថតចម្លងនេះ ធ្លាប់ត្រូវបានផ្លាស់ប្តូរដែរឬទេ។ ប្រសិនបើមិនធ្លាប់ត្រូវបានផ្លាស់ប្តូរទេនោះ វានឹងត្រូវបានរំលងនៅក្នុងអំឡុងដំណើរការថតចម្លង ដែលជួយសន្សំសំចៃដល់ពេលវេលាថតចម្លង។ ជម្រើស Use file attribute logic (ប្រើតក្កវិជ្ជានៃកេតនភណ្ឌរបស់ឯកសារ) ត្រូវការឱ្យយើងពិនិត្យមើល ដើម្បីអនុវត្តដំណើរការថតចម្លងនេះ។

    Differential (លក្ខណៈអវិកល) ៖ កម្មវិធីនឹងពិនិត្យមើលថា គិតចាប់ពីការថតចម្លងទាំងស្រុងចុងក្រោយមក តើឯកសារដើមធ្លាប់ត្រូវបានផ្លាស់ប្តូរដែរឬទេ។ ប្រសិនបើមិនត្រូវការថតចម្លងឯកសារនោះ ឯកសារនោះនឹងត្រូវបានរំលង ដែលជួយសន្សំសំចៃដល់ពេលវេលាថតចម្លង។ ប្រសិនបើលោកអ្នកបានដំណើរការការថតចម្លងទាំងស្រុងមួយលើសំណុំឯកសារដដែលនេះ នោះលោកអ្នកអាចបន្តថតចម្លងវាដោយប្រើវិធីសាស្ត្រអវិកល(Differential)។

    Dummy task ៖ លោកអ្នកអាចប្រើជម្រើសនេះ ដើម្បីកំណត់ឱ្យកុំព្យូទ័ររបស់លោកអ្នកដំណើរការ ឬបិទកម្មវិធីទៅតាមវេលាជាក់លាក់។ នេះគឺជាជម្រើសកម្រិតខ្ពស់ជាងមុន ដែលមិនទាក់ទងដោយពិតប្រាកដ ទៅនឹងនីតិវិធីថតចម្លងមូលដ្ឋានរបស់យើងទេ។

    ជំហានទី ២. ចុចលើ ដើម្បីបញ្ជាក់ជម្រើសនិងប៉ារ៉ាម៉ែត្រស្វែងរករបស់លោកអ្នក សម្រាប់កិច្ចការថតចម្លងរបស់លោកអ្នក។

    ២.២ របៀបបង្កើតឯកសារថតចម្លង

    ដើម្បីចាប់ផ្តើមបង្កើតឯកសារថតចម្លងមួយ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ចុចលើ នៅក្នុងផ្នែកឈរខាងឆ្វេងនៃផ្ទាំង New task (កិច្ចការថ្មី) ដើម្បីបង្ហាញផ្ទាំងទទេមួយដូចខាងក្រោមនេះ៖

    រូបភាព ៣ ៖ ផ្ទាំង New task (MyBackup) (កិច្ចការថ្មី) ដែលបង្ហាញ ផ្ទាំងរងឯកសារដើម (Source pane) និង ផ្ទាំងរងឯកសារគោលដៅ(Destination pane)

    ជំហានទី ២. ជ្រើសយក ឯកសារដែលលោកអ្នកចង់ថតចម្លង។ (នៅក្នុង រូបភាព ៣ ខាងលើ ថតឯកសារ My Documents ត្រូវបានជ្រើសយក)

    ជំហានទី ៣. ចុចលើ នៅក្នុងផ្ទាំង Source (ប្រភព) ដើម្បីបើកម៉ឺនុយខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំង Source (ប្រភព) - ម៉ឺនុយប៊ូតុង Add

    ជំហានទី ៤. ជ្រើសយក Directory ប្រសិនបើលោកអ្នកចង់ថតចម្លងថតឯកសារទាំងមូលមួយ; ជ្រើសយក Files ដើម្បីថតចម្លងឯកសារម្តងមួយៗ។ ដើម្បីកំណត់ឯកសារ ឬថតឯកសារម្តងមួយៗដើម្បីធ្វើការថតចម្លង ត្រូវជ្រើសយក Manually រួចវាយបញ្ចូលអាសយដ្ឋានឯកសារ ឬថតឯកសារសម្រាប់ការថតចម្លងរបស់លោកអ្នក។

    កំណត់សម្គាល់ ៖ លោកអ្នកអាចបន្ថែមឯកសារឬថតឯកសារទៅតាមការចង់បានរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានបំណងចង់ថតចម្លងឯកសារដែលកំពុងស្ថិតនៅក្នុងកុំព្យូទ័របម្រើ FTP (FTP Server) របស់លោកអ្នក ត្រូវជ្រើសយកជម្រើស FTP site (លោកអ្នកនឹងត្រូវការមានព័ត៌មានលម្អិតត្រឹមត្រូវអំពីសិទ្ធិបើកចូលទៅក្នុងកុំព្យូទ័របម្រើនោះ)។

    នៅពេលលោកអ្នកបានជ្រើសយកឯកសារ និង/ឬថតឯកសាររួចហើយ ពួកវានឹងលេចចេញនៅក្នុងផ្ទាំង Source (ប្រភព)។ ដូចដែលលោកអ្នកអាចមើលឃើញនៅក្នុង រូបភាព ៣ ខាងលើ ថតឯកសារ My Documents ត្រូវបានបង្ហាញនៅក្នុងផ្ទាំងនេះ ដែលមានន័យថា ឥឡូវនេះថតឯកសារនេះនឹងត្រូវបានរួមបញ្ចូលទៅក្នុងកិច្ចការថតចម្លងនេះ។

    ផ្ទាំង Destination (គោលដៅ) កំណត់ជាក់លាក់នូវទីកន្លែងដែលនឹងត្រូវរក្សាទុកសំណៅថតចម្លងនេះ។

    ជំហានទី ៥. ចុចលើ នៅក្នុងផ្ទាំង Destination (គោលដៅ) ដើម្បីបើកម៉ឺនុយខាងក្រោមនេះ៖

    រូបភាព ៥ ៖ ផ្ទាំង Destination (គោលដៅ) - ម៉ឺនុយប៊ូតុង Add

    ជំហានទី ៦. ជ្រើសយក Directory ដើម្បីបើកផ្ទាំងកម្មវិធីបើកអ៊ីនធើរណែតមួយ ដែលក្នុងនោះលោកអ្នកត្រូវជ្រើសយកថតឯកសារគោលដៅសម្រាប់ឯកសារថតចម្លងរបស់លោកអ្នក។

    កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកចង់បង្កើតបីបួនសំណៅឯកសារថតចម្លងនេះ លោកអ្នកអាចកំណត់បីបួនថតឯកសារនៅកន្លែងនេះ។ ប្រសិនបើលោកអ្នកបានជ្រើសយកជម្រើស Manually លោកអ្នកត្រូវតែវាយបញ្ចូលអាសយដ្ឋានពេញរបស់ថត ឯកសារដែលលោកអ្នកចង់រក្សាទុកសំណៅថតចម្លងនេះ។ ដើម្បីប្រើកុំព្យូទ័របម្រើអ៊ីនធើរណែតដែលនៅឆ្ងាយមួយសម្រាប់រក្សាទុកបណ្ណាសាររបស់លោកអ្នក ត្រូវជ្រើសយកជម្រើស FTP site (លោកអ្នកនឹងត្រូវការមានព័ត៌មានលម្អិតត្រឹមត្រូវអំពីសិទ្ធិបើកចូលទៅក្នុងកុំព្យូទ័របម្រើនោះ)។

    ឥឡូវនេះ ផ្ទាំងអេក្រង់គួរតែដូចទៅនឹងឧទាហរណ៍ខាងលើ ដែលមានឯកសារនិង/ឬថតឯកសារនៅក្នុងកន្លែងដើម (Source area) និងថតឯកសារនៅក្នុងកន្លែងគោលដៅ (Destination area)។ ប៉ុន្តែ សូមកុំទាន់ចុចលើ OK ឱ្យសោះ! លោកអ្នកនៅត្រូវការកំណត់កាលវិភាគមួយសម្រាប់ការថតចម្លងរបស់លោកអ្នក។

    ២.៣ របៀបកំណត់កាលវិភាគកិច្ចការថតចម្លងឯកសាររបស់លោកអ្នក

    ដើម្បីឱ្យដំណើរការថតចម្លងដោយស្វ័យប្រវត្តរបស់លោកអ្នកអាចដំណើរការបាន លោកអ្នកចាំបាច់ត្រូវបំពេញបែបបទនៅក្នុងផ្នែក Schedule (កាលវិភាគការងារ)។ ផ្នែកនេះ អាចឱ្យលោកអ្នកកំណត់ពេលវេលាដែលលោកអ្នកចង់ឱ្យធ្វើការថតចម្លងនេះ។ ដើម្បីកំណត់ជម្រើសកាលវិភាគ ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    To set the schedule options, perform the following steps:

    ជំហានទី ១. ជ្រើសយក ពីផ្នែកឈរខាងឆ្វេង ដើម្បីបើកផ្ទាំងខាងក្រោមនេះ៖

    រូបភាព ៦ ៖ ផ្ទាំង Properties for myBackup ដែលបង្ហាញផ្ទាំងរង Schedule type (ប្រភេទកាលវិភាគ)

    ជម្រើស Schedule type មានរាយឈ្មោះនៅក្នុងម៉ឺនុយទឹកធ្លាក់(drop-down menu) នឹងត្រូវបានបរិយាយខាងក្រោមនេះ៖

    Once (តែមួយដង) ៖ ដំណើរការថតចម្លងនេះ នឹងត្រូវបានអនុវត្តតែមួយដងគត់ គឺនៅត្រង់កាលបរិច្ឆេទនិងពេលវេលាដែលត្រូវបានកំណត់នៅក្នុងផ្នែក Date/Time (កាលបរិច្ឆេទ/ពេលវេលា)។

    Daily (ជារៀងរាល់ថ្ងៃ) ៖ ដំណើរការថតចម្លង នឹងត្រូវបានអនុវត្តជារៀងរាល់ថ្ងៃ នៅត្រង់ពេលវេលាដែលកំណត់ នៅក្នុងផ្នែកDate/Time (កាលបរិច្ឆេទ/ពេលវេលា)។

    Weekly (ជារៀងរាល់សប្តាហ៍) ៖ ដំណើរការថតចម្លងទិន្នន័យនេះ នឹងត្រូវបានអនុវត្តនៅត្រង់ថ្ងៃណាមួយនៃសប្តាហ៍ដែលត្រូវបានជ្រើសយក។ នៅក្នុងឧទាហរណ៍ខាងលើ ដំណើរការថតចម្លងនឹងត្រូវបានអនុវត្តនៅរៀងរាល់ថ្ងៃសុក្រ។ លោកអ្នកក៏អាចកំណត់ថ្ងៃផ្សេងពីនេះបានផងដែរ។ ដំណើរការថតចម្លង នឹងត្រូវបានអនុវត្តនៅត្រង់ថ្ងៃដែលត្រូវបានជ្រើសយក និងពេលវេលា ដែលត្រូវបានកំណត់ជាក់លាក់ នៅក្នុងផ្នែក Date/Time (កាលបរិច្ឆេទ/ពេលវេលា)។

    Monthly (ជារៀងរាល់ខែ) ៖ ដំណើរការថតចម្លងទិន្នន័យនេះ នឹងត្រូវបានអនុវត្តនៅត្រង់ថ្ងៃដែលត្រូវបានវាយចូលទៅក្នុងប្រអប់ថ្ងៃនៃខែ នៅពេលវេលាដែលត្រូវបានកំណត់ជាក់លាក់ នៅក្នុងផ្នែក Date/Time (កាលបរិច្ឆេទ/ពេលវេលា)។

    Yearly (ជារៀងរាល់ឆ្នាំ) ៖ ដំណើរការថតចម្លងទិន្នន័យនេះ នឹងត្រូវបានអនុវត្តនៅត្រង់ថ្ងៃដែលបានវាយចូលទៅក្នុងប្រអប់ថ្ងៃនៃខែ នៅក្នុងអំឡុងខែដែលត្រូវបានកំណត់ជាក់លាក់ និងនៅពេលវេលាដែលត្រូវបានកំណត់ជាក់លាក់ នៅក្នុងផ្នែកDate/Time(កាលបរិច្ឆេទ/ពេលវេលា)។

    Timer (ឧបករណ៍កំណត់ពេលវេលា) ៖ ដំណើរការថតចម្លងទិន្នន័យនេះ នឹងត្រូវបានអនុវត្តម្តងហើយម្តងទៀត នៅរវាងចន្លោះពេលដែលត្រូវបានកំណត់ជាក់លាក់នៅក្នុងប្រអប់វាយអក្សរ Timer នៅក្នុងផ្នែក Date/Time (កាលបរិច្ឆេទ/ពេលវេលា)។

    Manually (ដោយមិនស្វ័យប្រវត្ត) ៖ លោកអ្នកនឹងត្រូវតែដំណើរការការថតចម្លងទិន្នន័យនេះដោយខ្លួនឯង ចេញពីក្នុងផ្ទាំងមេរបស់កម្មវិធី។

    ជំហានទី ២. ចុចលើ ដើម្បីបញ្ជាក់អំពីជម្រើសនិងការកំណត់សម្រាប់កាលវិភាគធ្វើការថតចម្លងទិន្នន័យ ដូចខាងក្រោមនេះ៖

    រូបភាព ៧ ៖ ផ្ទាំង New task (កិច្ចការថ្មី) ដែលបង្ហាញផ្ទាំងរង Schedule type (ប្រភេទកាលវិភាគការងារ) ដែលត្រូវបានកំណត់មុខងាររួច

    បន្ទាប់ពីលោកអ្នកបានសម្រេចចិត្តអំពីកាលវិភាគថតចម្លងទិន្នន័យរួចហើយ នោះលោកអ្នកបានបំពេញជំហានចុងក្រោយរួចហើយ។ ការថតចម្លងទិន្នន័យនេះ ឥឡូវនេះនឹងដំណើរការនៅលើថតឯកសារដែលត្រូវបានកំណត់ជាក់លាក់ យោងទៅតាមកាលវិភាគដែលលោកអ្នកបានជ្រើសរើស។

    របៀបបង្ហាប់(Compress) និងលែងបង្ហាប់(Decompress) ឯកសាររបស់លោកអ្នក

    បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៣.០ របៀបបង្ហាប់(Compress)ឯកសារថតចម្លងរបស់លោកអ្នក

    ជំហានទី ១. បង្កើត កិច្ចការថតចម្លងមួយ ដូចដែលបានបរិយាយនៅក្នុងផ្នែក ២.២ របៀបបង្កើតឯកសារថតចម្លង ដែលមានឯកសារថតចម្លងដែលលោកអ្នកចង់រក្សាទុក។

    ជំហានទី ២. ជ្រើសយក ពីរបាខាងខាងឆ្វេង ដើម្បីបើកផ្ទាំងNew task(កិច្ចការថ្មី) ដូចខាងក្រោមនេះ៖

    រូបភាព ១ ៖ ផ្ទាំង New task (កិច្ចការថ្មី) ដែលបង្ហាញផ្ទាំងរង Compression (បង្ហាប់ឯកសារ) និង ផ្ទាំងរង Strong Encryption (ការបម្លែងជាទម្រង់សម្ងាត់ដែលរឹងមាំ)

    ផ្ទាំងរង Compression (បង្ហាប់) ត្រូវបានប្រើ ដើម្បីកំណត់វិធីសាស្ត្របង្ហាញឯកសារថតចម្លងរបស់លោកអ្នក។

    កំណត់សម្គាល់៖ វិធីសាស្ត្របង្ហាប់ឯកសារ ត្រូវបានប្រើដើម្បីកាត់បន្ថយចំនួនកន្លែងរក្សាទុកឯកសារ។ ប្រសិនបើលោកអ្នកមានឯកសារចាស់ៗដែលត្រូវការប្រើយូរៗ ប៉ុន្តែលោកអ្នកនៅចង់រក្សាទុកឯកសារចាស់ៗទាំងនេះ នោះលោកអ្នកគួរតែរក្សាទុកពួកវាក្នុងទម្រង់មួយដែលស៊ីកន្លែងតូចបំផុតតាមដែលអាចធ្វើបាន។ ការបង្ហាប់ឯកសារ ធ្វើការលុបចោលកូដមិនចាំបាច់ជាច្រើនចេញពីឯកសាររបស់លោកអ្នក ដោយរក្សាទុកព័ត៌មានសំខាន់ៗឱ្យនៅដដែល។ ការបង្ហាប់ឯកសារ មិនធ្វើឱ្យខូចខាតទិន្នន័យដើមរបស់លោកអ្នកឡើយ។ នៅពេលត្រូវបានបង្ហាប់រួច ឯកសារទាំងនេះមិនអាចមើលយល់ឡើយ។ នៅពេលលោកអ្នកចង់មើលឯកសារទាំងនេះម្តងទៀត លោកអ្នកត្រូវតែអនុវត្តដំណើរការបញ្ច្រាស់វិញ ពោលគឺលែងបង្ហាប់'Decompress'ឯកសារទាំងនេះ។

    ជម្រើសរងចំនួនបី ដែលមាននៅក្នុងបញ្ជីទឹកធ្លាក់(drop-down list) របស់ Compression type (ប្រភេទនៃការបង្ហាប់ឯកសារ) គឺ៖

    No Compression (គ្មានការបង្ហាប់ឯកសារ) ៖ ជម្រើសនេះ មិនអនុវត្តដំណើរការបង្ហាប់ឯកសារណាមួយឡើយ ដែលប្រហែលជាដូចទៅនឹងការរំពឹងទុករបស់លោកអ្នក។

    Zip Compression ៖ ជម្រើសនេះ គឺជាបច្ចេកទេសបង្ហាប់ឯកសារកម្រិតស្តង់ដារសម្រាប់ប្រព័ន្ធWindows និងជាជម្រើសដែលងាយស្រួលប្រើបំផុត។ បណ្ណសារដែលត្រូវបានបង្កើតនៅក្រោយពេលជ្រើសយកជម្រើសនេះ អាចនឹងបើកបានដោយប្រើកម្មវិធីស្តង់ដាររបស់ Windows (ឬលោកអ្នកអាចដោនឡូតកម្មវិធី ZipGenius ដើម្បីបើកចូលទៅឯកសារទាំងនេះ)។

    ការជ្រើសយកប្រភេទមួយនៃការបង្ហាប់ឯកសារដែលមានរាយឈ្មោះក្នុងបញ្ជី នឹងបើកដំណើរការដោយស្វ័យប្រវត្តនូវផ្នែក Split options(ជម្រើសបំបែក) និងបញ្ជីទឹកធ្លាក់(drop-down list)ពាក់ព័ន្ធរបស់វា។

    ផ្នែក Split options(ជម្រើសបំបែក) អនុវត្តចំពោះការរក្សាទុកនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យចល័ត ដែលមានដូចជា CDs, DVDs, ថាសទន់ និងអង្គចងចាំUSB ជាដើម។ ជម្រើស Split options (ជម្រើសបំបែក) ផ្សេងៗជាច្រើន នឹងបំបែកបណ្ណសារជាទំហំដែលត្រូវគ្នាទៅនឹងឧបករណ៍ផ្ទុកទិន្នន័យជ្រើសយករបស់លោកអ្នក។

    ឧទាហរណ៍៖
    ឧបមាថា លោកអ្នកកំពុងធ្វើបណ្ណសារចំនួនឯកសារដ៏ច្រើន ហើយលោកអ្នកចង់ថតចម្លងឯកសារទាំងនេះដាក់ទៅក្នុងCDមួយ។ ប៉ុន្តែ បណ្ណសាររបស់លោកអ្នកមានទំហំធំជាង៧០០មេហ្គាបៃ (ឬធំជាងទំហំរបស់CDមួយ)។ ជម្រើសបំបែក (Split options) នឹង បំបែកបណ្ណសារនេះជាផ្នែកៗដែលមានទំហំតូចជាង ឬស្មើ៧០០មេហ្គាបៃ ដែលឱ្យលោកអ្នកអាចថតចម្លងដាក់ទៅក្នុងCDsរបស់លោកអ្នក។ ប្រសិនបើលោកអ្នកកំពុងគ្រោងថតចម្លងដាក់ទៅក្នុងថាសរឹងរបស់កុំព្យូទ័រលោកអ្នក ឬឯកសារដែលលោកអ្នកចង់ថតចម្លងនោះមានទំហំតូចជាងឧបករណ៍ផ្ទុកទិន្នន័យដែលលោកអ្នកគ្រោងប្រើ ដើម្បីរក្សាទុកឯកសារទាំងនេះ លោកអ្នកអាចរំលងផ្នែកនេះបាន។

    ជម្រើសខាងក្រោមនេះ មានផ្តល់ជូនលោកអ្នក នៅពេលលោកអ្នកចុចលើបញ្ជីទឹកធ្លាក់(drop-down list) របស់ Split options(ជម្រើសបំបែក)។ ជម្រើសរបស់លោកអ្នក នឹងអាស្រ័យទៅលើប្រភេទនៃឧបករណ៍ផ្ទុកទិន្នន័យចល័តដែលលោកអ្នកមាន។

    រូបភាព ២ ៖ បញ្ជីទម្លាក់ (drop-down list) របស់ Split Options (ជម្រើសបំបែក)

    • 3,5" - Floppy disk។ ជម្រើសនេះ មានទំហំធំគ្រប់គ្រាន់ ដើម្បីអនុវត្តការថតចម្លងដែលមានចំនួនឯកសារតិច។
    • Zip - Zip Disk (សូមពិនិត្យមើលចំណុះរបស់ឧបករណ៍ផ្ទុកទិន្នន័យដែលលោកអ្នកកំពុងប្រើ)។ លោកអ្នកនឹងត្រូវការមានរន្ធថាស Zip Disk (Zip Drive) ពិសេសមួយ នៅក្នុងកុំព្យូទ័រលោកអ្នក និងថាសទិន្នន័យដែលផលិតតាមតម្រូវការនេះ។
    • CD-R - CD disk (សូមពិនិត្យមើលចំណុះរបស់ឧបករណ៍ផ្ទុកទិន្នន័យដែលលោកអ្នកកំពុងប្រើ)។ លោកអ្នកនឹងត្រូវការមាន ឧបករណ៍សរសេរចូល CD (CD Writer) មួយ នៅក្នុងកុំព្យូទ័រលោកអ្នក និងកម្មវិធីសរសេរចូល CD មួយ (សូមមើលកម្មវិធី DeepBurner Freeកម្មវិធីសរសេរចូលថាសទិន្នន័យ)ផ្សេងទៀត។
    • DVD - DVD disk (សូមពិនិត្យមើលចំណុះរបស់ឧបករណ៍ផ្ទុកទិន្នន័យដែលលោកអ្នកកំពុងប្រើ) ។ លោកអ្នកនឹងត្រូវការមានឧបករណ៍សរសេរចូល DVD (DVD Writer) មួយ នៅក្នុងកុំព្យូទ័រលោកអ្នក និងកម្មវិធីសរសេរចូល DVD មួយ (សូមមើលកម្មវិធី DeepBurner Freeកម្មវិធីសរសេរចូលថាសទិន្នន័យ)ផ្សេងទៀត។

    ប្រសិនបើលោកអ្នកកំពុងថតចម្លងដាក់ទៅក្នុងអង្គចងចាំUSBច្រើន លោកអ្នកអាចនឹងចង់កំណត់ទំហំទៅតាមការកំណត់។

    ដើម្បីធ្វើការនេះបាន ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយក ជម្រើស Custom size (ទំហំតាមការកំណត់) (គិតជា បៃ (bytes)) បន្ទាប់មក <b>វាយបញ្ចូល</b> ទំហំរបស់បណ្ណសារគិតជា បៃ(bytes) ទៅក្នុងប្រអប់វាយអក្សរ ដូចខាងក្រោមនេះ៖

    រូបភាព ១០ ៖ ប្រអប់ Custom size (ប្រអប់វាយទំហំទៅតាមការកំណត់)

    យើងខ្ញុំសូមណែនាំលោកអ្នកអំពីសញ្ញាណនៃទំហំទិន្នន័យ៖

    • ១ KB (គីឡូបៃ) = ១០២៤ បៃ (bytes) - អត្ថបទឯកសារមួយទំព័រដែលសរសេរនៅក្នុង Open Office មានទំហំប្រហែល ២០ KB
    • ១ MB (មេហ្កាបៃ) = ១០២៤ KB - រូបថតដែលថតដោយកាមេរ៉ាឌីជីតថលមួយ ជាធម្មតាមានទំហំចន្លោះពី ១ ទៅ ៣ MB
    • 1GB (ជីហ្កាបៃ) = ១០២៤ MB - ប្រហែលកន្លះម៉ោងនៃភាពយន្តគុណភាពកម្រិត DVD មួយ

    កំណត់សម្គាល់៖ នៅពេលជ្រើសរើសទំហំកំណត់មួយដើម្បីបំបែកការថតចម្លងឯកសាររបស់លោកអ្នកសម្រាប់ថាសCDឬ DVDមួយ កម្មវិធី Cobian Backup នឹងមិនចម្លងសំណៅថតចម្លងឯកសារនេះទៅកាន់ថាសCDឬ DVDនេះដោយស្វ័យប្រវត្តទេ។ វានឹងបង្កើតបណ្ណសាររបស់លោកអ្នកទៅក្នុងឯកសារទាំងនោះនៅក្នុងកុំព្យូទ័រ ហើយបន្ទាប់មក លោកអ្នកចាំបាច់ត្រូវថតចម្លងឯកសារទាំងនោះដាក់ទៅក្នុងថាស CD ឬ DVD ដោយខ្លួនឯង។

    Password Protect (ពាក្យសម្ងាត់ការពារ) ៖ ជម្រើសនេះ អាចឱ្យលោកអ្នកបញ្ចូលពាក្យសម្ងាត់មួយ ដើម្បីការពារបណ្ណសារ។ លោកអ្នកគ្រាន់តែវាយបញ្ចូលពាក្យសម្ងាត់ពីរដង ទៅក្នុងប្រអប់វាយអក្សរទាំងពីរដែលផ្តល់ឱ្យ។ នៅពេលលោកអ្នកលែងបង្ហាប់(Decompress)បណ្ណសារនេះ លោកអ្នកនឹងត្រូវបានសុំឱ្យបញ្ចូលពាក្យសម្ងាត់ជាមុន។

    កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកចង់ធានាសុវត្ថិភាពបណ្ណសាររបស់លោកអ្នក លោកអ្នកគួរគិតគូរប្រើប្រាស់វិធីសាស្ត្រមួយផ្សេងទៀតក្រៅពីពាក្យសម្ងាត់។ កម្មវិធីCobian Backup អាចឱ្យលោកអ្នកបម្លែងបណ្ណសាររបស់លោកអ្នកជាទម្រង់សម្ងាត់បាន។ ចំណុចនេះ នឹងត្រូវបានលើកមកនិយាយ នៅក្នុងផ្នែក ៤. របៀបបម្លែងឯកសារថតចម្លងជាទម្រង់សម្ងាត់។ ក្រៅពីនេះ លោកអ្នកអាចមើល មគ្គុទ្ទេសក៍អនុវត្តន៍របស់កម្មវិធី Truecrypt ដើម្បីយល់ដឹងអំពីរបៀបបង្កើតលំហរក្សាទុកទិន្នន័យដែលមានទម្រង់សម្ងាត់ នៅក្នុងកុំព្យូទ័រ ឬឧបករណ៍ផ្ទុកទិន្នន័យចល័តរបស់លោកអ្នក។

    មតិយោបល់៖ ជម្រើសនេះ អាចឱ្យលោកអ្នកសរសេរសេចក្តីបរិយាយអំពីបណ្ណាសារនេះ ប៉ុន្តែ វាមិនមែនជាការតម្រូវទេ។

    ៣.១ របៀបលែងបង្ហាប់(Decompress)ឯកសារថតចម្លងរបស់លោកអ្នក

    ដើម្បីលែងបង្ហាប់(Decompress)ឯកសារថតចម្លងរបស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយក Tools > Decompressor (ឧបករណ៍ > មុខងារលែងបង្ហាប់) ដូចបង្ហាញខាងក្រោមនេះ៖

    រូបភាព ៣ ៖ ម៉ឺនុយ Tools (ឧបករណ៍) ដែលបង្ហាញជម្រើស Decompressor (មុខងារលែងបង្ហាប់)

    ផ្ទាំង Decompressor (មុខងារលែងបង្ហាប់) លេចចេញមកដូចខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំង Cobian 10 Backup – Decompressor (Cobian 10 Backup - មុខងារលែងបង្ហាប់)

    ជំហានទី ២. ចុចលើ ដើម្បីបើកផ្ទាំងចូលរកឯកសារ ដើម្បីឱ្យលោកអ្នកអាចជ្រើសយកបណ្ណសារដែលលោកអ្នកចង់លែងបង្ហាប់(Decompress)។

    ជំហានទី ៣. ជ្រើសយក បណ្ណសារ (.zip or .7x file) បន្ទាប់មក ចុចលើ

    ជំហានទី ៤. ជ្រើសយក ថតឯកសារមួយដើម្បីទទួលយកឯកសារដែលលោកអ្នកលែងបង្ហាប់(Decompress)។

    ជំហានទី ៥. ចុចលើ ដើម្បីបើកផ្ទាំងមួយផ្សេងទៀត ដែលឱ្យលោកអ្នកអាចជ្រើសរើសថតឯកសារដើម្បីដាក់បណ្ណសារដែលលែងបង្ហាប់(Decompress)។

    ជំហានទី ៦. ជ្រើសយកថតឯកសារមួយ បន្ទាប់មក ចុចលើ

    ប្រើ Windows Explorer ដើម្បីបើកមើលឯកសារដែលទៅនៅក្នុងថតឯកសារនោះ។

    របៀបបម្លែងឯកសារថតចម្លងរបស់លោកអ្នកជាទម្រង់សម្ងាត់

    បញ្ជីនៃផ្នែកដែលមាននៅក្នុងទំព័រនេះ៖

    ៤.០ អំពីការបម្លែងជាទម្រង់សម្ងាត់

    ការបម្លែងជាទម្រង់សម្ងាត់ អាចជាភាពចាំបាច់មួយ សម្រាប់អ្នកដែលមានបំណងចង់រក្សាសំណៅថតចម្លងទិន្នន័យរបស់ខ្លួនឱ្យមានសុវត្ថិភាព ពីការចូលប្រើដោយគ្មានការអនុញ្ញាត។

    ការបម្លែងជាទម្រង់សម្ងាត់ គឺជាដំណើរការនៃការសរសេរឬច្របល់ទិន្នន័យទៅជាទម្រង់មួយដែលគ្មាននរណាម្នាក់អាចមើលយល់បាន ក្រៅពីអ្នកដែលមានកូនសោរជាក់លាក់សម្រាប់ស្រាយទម្រង់សម្ងាត់របស់ទិន្នន័យនោះ។ សម្រាប់ព័ត៌មានបន្ថែមអំពី ការបម្លែង ជាទម្រង់សម្ងាត់ សូមមើល កូនសៀវភៅណែនាំ ជំពូក ៤. របៀបការពារឯកសាររសើបនៅក្នុងកុំព្យូទ័ររបស់លោកអ្នក

    ៤.១ របៀបបម្លែងឯកសារថតចម្លងរបស់លោកអ្នកជាទម្រង់សម្ងាត់

    ផ្ទាំង Strong encryption (វិធីបម្លែងជាទម្រង់សម្ងាត់ដ៏រឹងមាំ) ត្រូវបានប្រើដើម្បីកំណត់ជាក់លាក់នូវវិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ដែលត្រូវប្រើ។

    ជំហានទី ១. ចុចលើប្រអប់បញ្ជីទឹកធ្លាក់ Encryption type (ប្រភេទវិធីបម្លែងជាទម្រង់សម្ងាត់) ដើម្បីបើកបញ្ជីរបស់វាដែលមានវិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ផ្សេងៗមួយចំនួន ដូចខាងក្រោមនេះ៖

    រូបភាព ១ ៖ ផ្ទាំង ប្រអប់បញ្ជីទឹកធ្លាក់ Encryption type (ប្រភេទវិធីបម្លែងជាទម្រង់សម្ងាត់)

    ដើម្បីរក្សាអ្វីៗឱ្យនៅងាយស្រួលយល់ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកជ្រើសយកវិធីសាស្ត្រ BlowfishRijndael (128 bits)។ វិធីសាស្ត្រទាំងពីរនេះ ផ្តល់សុវត្ថិភាពល្អបំផុតសម្រាប់បណ្ណសាររបស់លោកអ្នក និងអាចឱ្យលោកអ្នកចូលប្រើទិន្នន័យដែលមានទម្រង់សម្ងាត់បាន ដោយប្រើពាក្យសម្ងាត់មួយដែលលោកអ្នកបានជ្រើសរើស។

    ជំហានទី ១. ជ្រើសយក ប្រភេទ Encryption (វិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់) ដែលលោកអ្នកចង់ប្រើ។

    កំណត់សម្គាល់Rijndael និង Blowfish ផ្តល់កម្រិតសុវត្ថិភាពប្រហាក់ប្រហែលគ្នា។ DES មានកម្រិតសុវត្ថិភាពទាបជាង ប៉ុន្តែដំណើរការបម្លែងជាទម្រង់សម្ងាត់មានល្បឿនលឿនជាង។

    ជំហានទី ៣. វាយបញ្ចូលពាក្យសម្ងាត់ និង វាយបញ្ចូលពាក្យសម្ងាត់ម្តងទៀត ទៅក្នុងប្រអប់វាយអក្សរទាំងពីរដែលផ្តល់ឱ្យ ដូចខាងក្រោមនេះ៖

    រូបភាព ២ ៖ ប្រអប់វាយអក្សរ Encryption type (ប្រភេទវិធីបម្លែងជាទម្រង់សម្ងាត់) និង Passphrase (ឃ្លាសម្ងាត់)

    ភាពរឹងមាំរបស់ពាក្យសម្ងាត់ ត្រូវបានចង្អុលបង្ហាញដោយរបាដែលមានឈ្មោះថា 'Passphrase quality' ('គុណភាពឃ្លាសម្ងាត់)។ របានេះកាន់តែវែងទៅខាងស្តាំ ឃ្លាសម្ងាត់កាន់តែមានកម្រិតភាពរឹងមាំខ្ពស់។ សូមមើល កូនសៀវភៅណែនាំ ជំពូក ៣. របៀបបង្កើតនិងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព និង មគ្គុទ្ទេសក៍អនុវត្តន៍របស់កម្មវិធី KeePass សម្រាប់ពាក្យណែនាំអំពីរបៀបបង្កើតនិងរក្សាទុកឃ្លាសម្ងាត់(ឬពាក្យសម្ងាត់)សុវត្ថិភាព។

    ជំហានទី ៤. ចុចលើ

    ៤.២ របៀបស្រាយទម្រង់សម្ងាត់ឯកសារថតចម្លងរបស់លោកអ្នក

    ការស្រាយទម្រង់សម្ងាត់ឯកសារថតចម្លងរបស់លោកអ្នក មានលក្ខណៈងាយស្រួលនិងរហ័ស។ ដើម្បីស្រាយទម្រង់សម្ងាត់ឯកសារថតចម្លងរបស់លោកអ្នក ត្រូវអនុវត្តជំហានខាងក្រោមនេះ៖

    ជំហានទី ១. ជ្រើសយក Tools > Decrypter and Keys (ឧបករណ៍ > មុខងារស្រាយទម្រង់សម្ងាត់និងកូនសោរ) ដូចបង្ហាញខាងក្រោមនេះ៖

    រូបភាព ៣ ៖ ម៉ឺនុយ Tools (ឧបករណ៍) ដែលមានការជ្រើសយក Decrypter and Keys (មុខងារស្រាយទម្រង់សម្ងាត់ និងកូនសោរ)

    ផ្ទាំង Decrypter and Keys (មុខងារស្រាយទម្រង់សម្ងាត់និងកូនសោ) នឹងបើកដូចខាងក្រោមនេះ៖

    រូបភាព ៤ ៖ ផ្ទាំង Cobian Backup 10 Decrypter and Keys (Cobian Backup 10 – មុខងារស្រាយទម្រង់សម្ងាត់ និងកូនសោរ)

    ជំហានទី ២. ចុចលើ ដើម្បីជ្រើសយកបណ្ណសារដែលលោកអ្នកចង់ស្រាយទម្រង់សម្ងាត់។

    ជំហានទី ៣. ចុចលើ ដើម្បីជ្រើសយកថតឯកសារសម្រាប់រក្សាទុកបណ្ណសារដែលត្រូវបានស្រាយទម្រង់សម្ងាត់។

    ជំហានទី ៤. ជ្រើសយក ប្រភេទវិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ ដែលលោកអ្នកបានជ្រើសយកនៅក្នុងផ្នែក ៤.១ របៀបបម្លែងឯកសារថតចម្លងរបស់លោកអ្នកជាទម្រង់សម្ងាត់ នៅក្នុងបញ្ជីទឹកធ្លាក់(drop-down list) របស់ Methods(វិធីសាស្ត្រ)។

    រូបភាព ៥ ៖ New Methods drop-down list (បញ្ជីទឹកធ្លាក់វិធីសាស្ត្រថ្មី)

    ជំហានទី ៥. ជ្រើសយក វិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ដែលសមស្រប (វិធីសាស្ត្រដែលលោកអ្នកបានប្រើដើម្បីបម្លែងឯកសារថតចម្លងរបស់លោកអ្នកជាទម្រង់សម្ងាត់)។

    ជំហានទី ៦. វាយបញ្ចូល ឃា្លសម្ងាត់របស់លោកអ្នកទៅក្នុងប្រអប់វាយអក្សរ Passphrase (ឃ្លាសម្ងាត់)។

    ជំហានទី ៧. ចុចលើ

    ឯកសារទាំងនេះ នឹងត្រូវបានស្រាយទម្រង់សម្ងាត់ ហើយដាក់ទៅក្នុងទីតាំងដែលលោកអ្នកបានកំណត់ច្បាស់លាស់។ ប្រសិនបើឯកសារទាំងនេះត្រូវបានបង្ហាប់ផងដែរនោះ លោកអ្នកនឹងចាំបាច់ត្រូវលែងបង្ហាប់ពួកវា ដូចដែលគូសបង្ហាញនៅក្នុងផ្នែក ៣.១ របៀបលែងបង្ហាប់(Decompress)ឯកសារថតចម្លងរបស់លោកអ្នក.

    សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    ៥.០ សំណួរដែលសួរញឹកញាប់ និង ការពិនិត្យមើលឡើងវិញ

    អេលេណានិងនីកូឡាយ យល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការបង្កើតសំណៅថតចម្លងមួយនៃឯកសាររបស់ពួកគេ៖ ពួកគេធ្លាប់បានបាត់បង់ឯកសារសំខាន់ម្តង ដែលបណ្តាលមកពីកុំព្យូទ័រខូចដោយសារការវាយលុករបស់មេរោគ។ កម្មវិធីCobian Backup ទំនងអាចជាដំណោះស្រាយដ៏ល្អមួយចំពោះបញ្ហានៃការធ្វើឱ្យមានប្រសិទ្ធភាពដល់ដំណើរការថតចម្លងទិន្នន័យ ទោះបីគេសម្គាល់ឃើញថា វាត្រូវការពេលវេលាបន្តិចដើម្បីបញ្ចូល និងត្រូវការទម្លាប់ប្រើប្រាស់វាក៏ដោយ។

    នៅពេលអេលេណាបានដឹងអំពីរបៀបប្រើប្រាស់ គាត់រីករាយក្នុងការប្រើប្រាស់មុខងារថតចម្លងមូលដ្ឋាន ដែលមាននៅក្នុងកម្មវិធី Cobian Backup និងក្នុងការដឹងថា គាត់អាចបង្កើតបណ្ណាសារនៃឯកសារចម្លងដាក់ទៅក្នុង អង្គចងចាំUSB ឬ DVD ដែលគាត់អាចរក្សាទុកនៅកន្លែងសុវត្ថិភាពដែលនៅឆ្ងាយពីកុំព្យូទ័រនិងការិយាល័យរបស់គាត់។ គាត់សម្គាល់ឃើញផងដែរថា មុខងារបង្ហាប់ឯកសារថតចម្លងមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការសន្សំសំចៃលំហផ្ទុកទិន្នន័យរបស់កុំព្យូទ័រ។ នីកូឡាយ មានការត្រេកអរពិសេសចំពោះការដែលថា គាត់អាចប្រើកម្មវិធីទោលមួយដើម្បីបម្លែងបណ្ណាសារឯកសារជាទម្រង់សម្ងាត់បានផង និងបង្កើតសំណៅថតចម្លងនៃបណ្ណាសារឯកសារនេះបានផង។ គាត់ក៏ចាប់អារម្មណ៍ផងដែរចំពោះការសង្កេតដោយហ្មត់ចត់ទៅលើជម្រើស Backup to ftp server (ថតចម្លងទៅកាន់កុំព្យូទ័របម្រើ FTP (FTP Server)) នៅក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីឱ្យគាត់អាចរក្សាទុកសំណៅថតចម្លងនៃឯកសារសំខាន់ៗ ទៅក្នុងកុំព្យូទ័របម្រើមួយផ្សេងទៀតដែលនៅកន្លែងដ៏សែនឆ្ងាយមួយនៅក្នុងពិភពលោក។

    ទោះជាយ៉ាងនេះក្តី ពួកគេទាំងពីរមានសំណួរខ្លះៗអំពីកម្មវិធី Cobian Backup ដែលពួកគេចង់បានចម្លើយ៖

    សំណួរ ៖ ប្រសិនបើខ្ញុំមានបណ្ណសារឯកសាររបស់ខ្ញុំនៅក្នុងDVDមួយ តើខ្ញុំអាចលែងបង្ហាប់(Decompress)និងស្រាយទម្រង់សម្ងាត់ឯកសាររបស់ខ្ញុំនៅក្នុងកុំព្យូទ័រមួយក្រៅពីកុំព្យូទ័ររបស់ខ្ញុំផ្ទាល់ បានដែរឬទេ? តើយ៉ាងដូចម្តេចដែរ ចំពោះការប្រើពួកវានៅក្នុងហាងអ៊ីនធើរណែត?

    ចម្លើយ ៖ លោកអ្នកអាចស្តារយកបណ្ណសាររបស់លោកអ្នកបាន នៅក្នុងកុំព្យូទ័រដែលមានដំណើរការកម្មវិធី Cobian Backup មិនថាបណ្ណសារនោះត្រូវបានបម្លែងជាទម្រង់សម្ងាត់ ឬបង្ហាប់ឡើយ។

    សំណួរ ៖ ខ្ញុំមានបញ្ហាខ្វះលំហផ្ទុកទិន្នន័យទំនេរនៅក្នុងកុំព្យូទ័រ។ ខ្ញុំមិនប្រាកដថា តើទំហំប៉ុន្មានដែលខ្ញុំអាចសន្សំសំចៃបានពីការបង្ហាប់ឯកសាររបស់ខ្ញុំឡើយ។ តើអាចផ្តល់ឧទាហរណ៍ងាយយល់ខ្លះៗឱ្យខ្ញុំបានដែរឬទេ?

    ចម្លើយ ៖ លំហសម្រាប់ផ្ទុកទិន្នន័យភាគច្រើនបំផុតនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ជាទូទៅត្រូវបានដាក់រូបថត ឯកសារវីដេអូនិងសម្លេង។ លោកអ្នកអាចមើលឃើញទំហំដែលពួកវាកាន់កាប់នៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន ដោយចុចកូនកណ្តុរខាងស្តាំលើថតឯកសារដែលរក្សាទុកឯកសារទាំងនេះ ហើយជ្រើសយក Properties។ ប្រសិនបើលោកអ្នកមិនមានសល់លំហទំនេរច្រើននៅក្នុងកុំព្យូទ័ររបស់លោកអ្នកទេនោះ សូមពិចារណាបង្កើតបណ្ណសារមួយនៃឯកសារទាំងនេះ និងបន្ទាប់មក លុបចោលឯកសារដើមចេញពីកុំព្យូទ័ររបស់លោកអ្នក។

    សំណួរ ៖ ខ្ញុំតែងតែត្រូវបានសុំឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីដែលខ្ញុំទទួលបានពីអ៊ីនធើរណែត។ ប្រសិនបើមានចេញសំណៅថ្មីមួយនៃកម្មវិធី Cobian Backup ហើយខ្ញុំដោនឡូតវា ខ្ញុំព្រួយបារម្ភថា ខ្ញុំនឹងបាត់បង់សិទ្ធិចូលបើកឯកសារបង្ហាប់និងឯកសារជាប់ទម្រង់សម្ងាត់របស់ខ្ញុំ។ តើខ្ញុំគួរដោនឡូតបច្ចុប្បន្នភាពកម្មវិធីនេះដែរឬទេ?

    ចម្លើយ ៖ លោកអ្នកជានិច្ចកាលគួរតែដោនឡូតបច្ចុប្បន្នកម្មវិធីថ្មីចុងក្រោយបំផុត ព្រោះពួកវាផ្តល់នូវការតម្លើងកម្រិត សុវត្ថិភាពនិងប្រតិបត្តិការ។ Cobian Backup នឹងបន្តធ្វើការបានយ៉ាងល្អនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ហើយគ្រប់សំណៅថ្មីទាំងអស់ជានិច្ចកាលតែងតែត្រូវគ្នាជាមួយសំណៅថតចម្លងទិន្នន័យដែលលោកអ្នកបានធ្វើនៅក្នុងសំណៅកម្មវិធីចាស់។

    សំណួរ ៖ តើការដែលខ្ញុំមានកម្មវិធីនេះនៅក្នុងកុំព្យូទ័របស់ខ្ញុំ នឹងមិនជាការបង្ហាញយ៉ាងច្បាស់ថា ខ្ញុំមានឯកសារជាទម្រង់សម្ងាត់ទេឬ?

    ចម្លើយ ៖ លោកអ្នកមិនចាំបាច់ត្រូវរក្សាសំណៅថតចម្លងដែលមានទម្រង់សម្ងាត់ទុក នៅក្នុងកុំព្យូទ័ររបស់លោកអ្នកទេ។ កម្មវិធី Cobian Backup មិនមែនជាកម្មវិធីដែលល្បីឈ្មោះខាងបម្លែងទិន្នន័យជាទម្រង់សម្ងាត់ទេ ព្រោះនេះមិនមែនជាលក្ខណៈពិសេសចម្បងរបស់វា។

    សំណួរ ៖ ក្នុងការបម្លែងឯកសារជាទម្រង់សម្ងាត់ តើ រវាងការប្រើកម្មវិធីនេះ និងកម្មវិធីTrueCrypt មួយណាប្រសើរជាង?

    ចម្លើយ ៖ លោកអ្នកគួរប្រើកម្មវិធី TrueCrypt ដើម្បីបម្លែងទម្រង់សម្ងាត់ឯកសារនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ យន្តការបម្លែងជាទម្រង់សម្ងាត់របស់កម្មវិធីនេះ មានលក្ខណៈរឹងមាំជាង ហើយលោកអ្នកមានលទ្ធភាពដាក់បន្ថែម/លុបចោលឯកសារទៅក្នុង/ចេញពីប្រអប់ទិន្នន័យដែលមានទម្រង់សម្ងាត់។ លោកអ្នកក៏អាចថតចម្លងប្រអប់ទិន្នន័យ TrueCrypt ដោយប្រើកម្មវិធី Cobian Backup បានផងដែរ។

    សំណួរ ៖ តើមានអ្វីដែលខ្ញុំចាំបាច់ត្រូវដឹងបន្ថែមដែរឬទេ ប្រសិនបើខ្ញុំអនុវត្តជម្រើស 'Backup to ftp server' ('ថតចម្លងទៅកុំព្យូទ័របម្រើ FTP (FTP Server)')?

    ចម្លើយ ៖ លោកអ្នកចាំបាច់ត្រូវដឹងថា តើអ្នកផ្តល់សេវារបស់លោកអ្នកមានផ្តល់សេវា FTP និងព័ត៌មានលម្អិតដែលចាំបាច់សម្រាប់ការបើកចូលគណនីដែរឬទេ។ លោកអ្នកគួរតែប្រើសំណៅFTPដែលមានសុវត្ថិភាព ដែលសម្គាល់ដោយអក្សរSFTP ប្រសិនបើត្រូវបានផ្តល់ដោយក្រុមហ៊ុនផ្តល់សេវារបស់លោកអ្នក។

    ៥.១ សំណួរពិនិត្យមើលឡើងវិញ

    • តើការថតចម្លងជាលក្ខណៈកើនតាមកម្រិត(incremental) និងការថតចម្លងជាលក្ខណៈអវិកល(differential) មានភាពខុសគ្នាដូចម្តេចខ្លះ?
    • តើអ្វីជាមធ្យោបាយល្អបំផុត ដើម្បីធានាសុវត្ថិភាពការថតចម្លងទិន្នន័យរបស់លោកអ្នក?
    • តើលោកអ្នកធ្វើដូចម្តេចទើបអាចដាក់សំណៅថតចម្លងទិន្នន័យទំហំ ១ GB ទៅក្នុងថាស CD មួយបាន?
    • តើលោកអ្នកធ្វើដូចម្តេច ទើបអាចទាញយកតែមួយឯកសារចេញពីសំណៅថតចម្លងទិន្នន័យមួយបាន?
    • តើអាចបង្កើតកិច្ចការស្វ័យប្រវត្តមួយ ដើម្បីឱ្យកុំព្យូទ័ររបស់លោកអ្នកធ្វើបច្ចុប្បន្នភាពសំណៅថតចម្លងទិន្នន័យ នៅរសៀលថ្ងៃសុក្រ ជារៀងរាល់សប្តាហ៍ បានដែរឬទេ? តើលោកអ្នកអាចធ្វើការនេះបានដោយរបៀបណា?