៦. របៀបបំផ្លាញព័ត៌មានរសើប
Updated2010
មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ
ជំពូកមុនៗ បានពិភាក្សាអំពីកម្មវិធី និងទម្លាប់មួយចំនួន ដែលអាចជួយការពារទិន្នន័យរបស់លោកអ្នក ប៉ុន្តែ តើមានអ្វីខ្លះកើតឡើង នៅពេលលោកអ្នកសម្រេចចិត្តថាលែងត្រូវការរក្សាទុកទិន្នន័យណាមួយទៀតហើយនោះ? ឧទា. ប្រសិនបើលោកអ្នកសម្រេចថា លោកអ្នកមានសំណៅថតចម្លងឯកសារដែលធ្វើកូដនីយកម្មគ្រប់គ្រាន់ហើយនោះ ហើយលោកអ្នកចង់លុបចោលសំណៅមេនៃឯកសារនោះ តើមានវិធីល្អបំផុតអ្វីខ្លះដែលអាចធ្វើទៅបាន? ចម្លើយសម្រាប់សំណួរនេះ គឺមានលក្ខណៈស្មុគស្មាញជាងអ្វីដែលលោកអ្នកអាចនឹងគិតទៅទៀត។ នៅពេលលោកអ្នកលុបចោលឯកសារមួយ ទោះនៅក្រោយពេលលោកអ្នកសម្អាត ធុងសម្រាម ហើយក៏ដោយ មាតិកាដែលមាននៅក្នុងឯកសារនោះគឺនៅតែស្ថិតនៅក្នុងHard diskដដែល ហើយអាចត្រូវទាញយកមកវិញបានដោយអ្នកដែលមានកម្មវិធីត្រឹមត្រូវមួយ និងសំណាងតូចមួយផងដែរ។
ដើម្បីធានាថា ព័ត៌មានដែលបានលុបចោលរួចមិនធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់ លោកអ្នកត្រូវពឹងផ្អែកទៅលើកម្មវិធីពិសេស ដែលអាចលុបទិន្នន័យបានដោយសុវត្ថិភាពនិងជាអចិន្ត្រៃយ៍បាន។ Eraser (អុីរេសឺ) គឺជាកម្មវិធីមួយសម្រាប់ធ្វើការងារប្រភេទនេះ ហើយត្រូវបានពិភាក្សានៅខាងក្រោម។ ការប្រើកម្មវិធីEraser មានលក្ខណៈដូចជាការកាត់ច្រៀកក្រដាសឯកសារ ជាជាងការដែលគ្រាន់តែបោះវាចោលទៅក្នុងធុងសម្រាមដោយសង្ឃឹមថាគ្មាននរណារកឃើញវា។ ជាការពិតណាស់ ការលុបឯកសារ គឺជាឧទាហរណ៍តែមួយប៉ុណ្ណោះក្នុងចំណោមស្ថានភាពដែលលោកអ្នកត្រូវការបំផ្លាញទិន្នន័យរសើប។ ប្រសិនបើលោកអ្នកពិចារណាដោយលម្អិតថា មាននរណាម្នាក់ ជាពិសេស គូប្រឆាំងដែលមានអំណាចផ្នែកនយោបាយ អាចដឹងអំពីលោកអ្នក ឬអង្គភាពរបស់លោកអ្នក ដោយការអានឯកសារមួយចំនួនដែលលោកអ្នកគិតថាបានលុបចោលហើយនោះ នោះលោកអ្នកនឹងទំនងជាត្រូវគិតអំពីគំរូទិន្នន័យបន្ថែមពីរបីទៀត ដែលលោកអ្នកចង់លុបចោលជាអចិន្ត្រៃយ៍ ឧទា.ដូចជា ត្រូវបំផ្លាញចោលសំណៅថតចម្លងដែលហួសសម័យ ការលុបដោយគ្មានស្លាកស្នាមនូវហាដដ្រាយចាស់ៗមុននឹងឲ្យពួកវាទៅអ្នកដទៃ លុបចោលគណនីប្រើប្រាស់ចាស់ៗ និងសម្អាតប្រវត្តិគេហទំព័រអុីនធឺណិតដែលបានបើកមើលជាដើម។ កម្មវិធី CCleaner និងកម្មវិធីផ្សេងទៀតដែលបរិយាយនៅក្នុងជំពូកនេះ អាចជួយលោកអ្នកដោះស្រាយបញ្ហានៃការលុបចោលឯកសារបណ្តោះអាសន្នជាច្រើន ដែលប្រព័ន្ធប្រតិបត្តិការនិងកម្មវិធីរបស់លោកអ្នកបានបង្កើតនៅរៀងរាល់ពេលដែលលោកអ្នកប្រើឯកសារទាំងនោះ។
សេណារីយ៉ូពីក្រោយ
អ្វីដែលលោកអ្នកអាចរៀនបានពីជំពូកនេះ
- របៀបលុបចោលព័ត៌មានរសើបចេញពីកុំព្យូទ័ររបស់លោកអ្នកជាអចិន្ត្រៃយ៍
- របៀបលុបចោលព័ត៌មានដែលរក្សាទុកនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យចល័ត ដូចជា CD និង អង្គចងចាំUSB ជាដើម
- របៀបបង្ការមិនឱ្យនរណាម្នាក់ដឹងអំពីឯកសារ ដែលលោកអ្នកធ្លាប់បានបើកមើលនៅក្នុងកុំព្យូទ័ររបស់លោកអ្នក
- របៀបរក្សាកុំព្យូទ័ររបស់លោកអ្នក មិនឱ្យឯកសារដែលលុបចោលរួច អាចទាញយកវិញបាននៅពេលក្រោយ
ការលុបចោលព័ត៌មាន
បើគិតតាមទស្សនៈបច្ចេកទេសសុទ្ធសាធនោះ គឺមិនមានមុខងារលុបចោលនៅក្នុងកុំព្យូទ័ររបស់លោកអ្នកនោះទេ។ ជាការពិតណាស់ លោកអ្នកអាចទាញយកឯកសារមួយទៅដាក់ក្នុងធុងសម្រាម ហើយសម្អាតធុងសម្រាមនោះ។ ប៉ុន្តែ អ្វីដែលកើតឡើងពិតប្រាកដនោះ គឺវាសម្អាតតែរូបតំណាងរបស់ឯកសារ លុបចោលឈ្មោះឯកសារនោះចេញពីសន្ទស្សន៍កំបាំងដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក ហើយប្រាប់Windowsថាអាចប្រើកន្លែងរបស់ឯកសារនោះសម្រាប់អ្វីធ្វើមួយផ្សេងទៀតបានតែប៉ុណ្ណោះ។ ដូច្នេះ ដរាបណាកន្លែងឯកសារនោះមិនទាន់ត្រូវបានប្រើដោយពិតប្រាកដទេនោះ កន្លែងឯកសារនោះនឹងមានខ្លឹមសារនៃព័ត៌មានដែលបានលុបហើយនោះដដែល ពោលគឺប្រៀបដូចជាទូឯកសារមួយដែលគេយកស្លាកសម្គាល់ឯកសារទាំងអស់ចេញ ប៉ុន្តែខាងក្នុងនៅមានឯកសារដើមនៅឡើយ។ នេះគឺជាមូលហេតុដែល៖ ប្រសិនបើលោកអ្នកមានកម្មវិធីត្រឹមត្រូវនិងរួសរាន់ធ្វើបានទាន់ពេលវេលា លោកអ្នកនឹងអាចស្តារយកមកវិញបាននូវព័ត៌មានដែលបានលុបចោលដោយចៃដន្យ ដូចដែលបានពិភាក្សានៅក្នុងជំពូក ៥ ៖ របៀបស្តារយកមកវិញនូវព័ត៌មានដែលបាត់បង់ យ៉ាងដូច្នោះដែរ។
លោកអ្នកគួរកុំភ្លេចផងដែរថា ឯកសារតែងត្រូវបានបង្កើតនិងលុបចោលដោយគ្មានសុវត្ថិភាពដោយមិនដឹងខ្លួន នៅរៀងរាល់ពេលដែលលោកអ្នកប្រើកុំព្យូទ័ររបស់ខ្លួន។ ឧទា. ឧបមាថា លោកអ្នកកំពុងសរសេររបាយការណ៍ធំមួយ។ លោកអ្នកប្រហែលត្រូវចំណាយពេលមួយសប្តាហ៍ និងធ្វើការច្រើនម៉ោងជារៀងរាល់ថ្ងៃ ហើយនៅរាល់ពេលដែលឯកសាររបាយការណ៍នោះត្រូវបានថតទុក Windowsនឹងបង្កើតសំណៅឯកសារថ្មីមួយហើយរក្សាវាទុកនៅក្នុងហាដដ្រាយររបស់លោកអ្នក។ បន្ទាប់ពីពីរបីថ្ងៃមក លោកអ្នកប្រហែលជាបានថតទុកដោយមិនដឹងខ្លួននូវសំណៅជាច្រើននៃឯកសាររបាយការណ៍នោះ ទៅតាមដំណាក់កាលខុសៗគ្នា។
ជាការពិត ជាទូទៅ Windowsលុបចោលសំណៅចាស់ៗរបស់ឯកសារមួយ ប៉ុន្តែវាមិនស្វែងរកទីតាំងពិតប្រាកដរបស់ឯកសារដើម ដើម្បីសរសេរជាន់ពីលើដោយសុវត្ថិភាពនៅពេលសំណៅថ្មីត្រូវបានបង្កើតនោះទេ។ ជំនួសឱ្យការធ្វើរបៀបនេះ វាគ្រាន់តែដាក់សំណៅចុងក្រោយបំផុតទៅក្នុងផ្នែកថ្មីមួយនៃទូឯកសារប្រៀបធៀបដែលលើកឡើងបញ្ជាក់ខាងលើ ហើយប្តូរស្លាកសម្គាល់ពីផ្នែកចាស់ទៅផ្នែកថ្មី និងទុកឱ្យសំណៅចាស់នៅកន្លែងចាស់ដដែលរហូតដល់កម្មវិធីផ្សេងទៀតត្រូវការប្រើនៅកន្លែងចាស់នោះ។ នេះបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើលោកអ្នកពិតជាចង់បំផ្លាញគ្រប់ស្លាកស្នាមទាំងអស់របស់ឯកសារនោះចេញពីទូឯកសាររបស់លោកអ្នក ការលុបចោលសំណៅចុងក្រោយបំផុតនឹងមិនគ្រប់គ្រាន់ឡើយ ហើយការដែលគ្រាន់តែបោះចោលស្លាកសម្គាល់នោះអាចនឹងរឹតតែមានផលអាក្រក់ថែមទៀត។
ត្រូវកុំភ្លេចផងដែរថា មិនមែនមានតែហាដដ្រាយរបស់កុំព្យូទ័រប៉ុណ្ណោះទេ ដែលរក្សាទុកព័ត៌មានឌីជីថល។ CD, DVD, USB, Floppy Disks, មេម៉ូរីកាតរបស់ទូរស័ព្ទចល័ត និងហាដដ្រាយដែលអាចដោះចេញបាន សុទ្ធតែមានបញ្ហានេះដូចគ្នា ដូច្នេះលោកអ្នកមិនគួរទុកចិត្តលើប្រតិបត្តិការលុប ឬសរសេរឡើងវិញធម្មតាមួយ ក្នុងការលុបចោលព័ត៌មានរសើបចេញពីឧបករណ៍ទាំងនេះឡើយ។
ការលុបដោយគ្មានស្លាកស្នាម ដោយប្រើកម្មវិធីលុបឯកសារដែលសុវត្ថិភាព
ពេលលោកអ្នកប្រើកម្មវិធីលុបឯកសារមួយដែលមានសុវត្ថិភាព ដូចជាកម្មវិធីដែលណែនាំនៅក្នុងជំពូកនេះជាដើម វាអាចនឹងត្រឹមត្រូវជាក់លាក់ជាងមុនក្នុងការនិយាយថា លោកអ្នកកំពុងជំនួស ឬ'សរសេរជាន់ពីលើ'ព័ត៌មានរសើបរបស់លោកអ្នក ជាជាងនិយាយថាលោកអ្នកកំពុងលុបវាចោលធម្មតា។ ប្រសិនបើលោកអ្នកស្រមៃគិតថា ឯកសារដែលរក្សាទុកនៅក្នុងទូឯកសារដែលជាសមត្ថកម្មពិភាក្សាខាងលើនេះ ត្រូវបានសរសេរដោយខ្មៅដៃ បន្ទាប់មក កម្មវិធីលុបមានសុវត្ថិភាពមិនត្រឹមតែលុបអ្វីដែលមាននៅក្នុងនោះទេ ប៉ុន្តែវាគូសវាសពីលើគ្រប់ពាក្យនីមួយ។ ដូចជាស្នូលខ្មៅដៃដូច្នោះដែរ ព័ត៌មានឌីជីតថលនៅអាចអានបាន(ទោះបីលំបាកអានក៏ដោយ) ទាំងនៅពេលបន្ទាប់ពីវាត្រូវបានលុប ហើយអ្វីមួយត្រូវបានសរសេរពីលើវាក៏ដោយ។ ដោយសារហេតុនេះហើយ កម្មវិធីដែលណែនាំនៅក្នុងជំពូកនេះ សរសេរជាន់ពីលើឯកសារដោយប្រើទិន្នន័យចៃដន្យជាច្រើនដង។ ដំណើរការនេះត្រូវបានហៅថាការលុបដោយគ្មានស្លាកស្នាម ព្រោះព័ត៌មានត្រូវបានសរសេរជាន់ពីលើកាន់តែច្រើនដង វាកាន់តែពិបាកសម្រាប់អ្នកដែលចង់ទាញយកខ្លឹមសារដើមរបស់វាមកវិញ។ អ្នកជំនាញទូទៅឯកភាពថា គួរធ្វើការសរសេរជាន់ពីលើឱ្យបានបីដងឬច្រើនជាងនេះ។ ហើយ មានស្តង់ដារមួយចំនួនណែនាំឱ្យធ្វើ៧ដង ឬច្រើនជាងនេះ។ កម្មវិធីលុបដោយគ្មានស្លាកស្នាម ធ្វើការសរសេរជាន់ពីលើក្នុងចំនួនដងសមស្របមួយ ប៉ុន្តែលោកអ្នកអាចផ្លាស់ប្តូរចំនួនដងបាន ទៅតាមការចង់បានរបស់លោកអ្នក។
ការលុបឯកសារដោយគ្មានស្លាកស្នាម
មានមធ្យោបាយទូទៅពីរ ដើម្បីលុបឯកសារដោយគ្មានស្លាកស្នាម នូវទិន្នន័យរសើបពីហាដដ្រាយ ឬឧបករណ៍ផ្ទុកទិន្នន័យរបស់លោកអ្នក។ លោកអ្នកអាចលុបឯកសារដោយគ្មានស្លាកស្នាម តែមួយ ឬលោកអ្នកអាចលុបឯកសារដោយគ្មានស្លាកស្នាមនៅគ្រប់កន្លែង'ដែលមិនបានលៃទុក'នៅលើឧបករណ៍ផ្ទុកទិន្នន័យទាំងនោះ។ ពេលធ្វើការសម្រេចចិត្ត វាអាចនឹងមានប្រយោជន៍ដែលត្រូវគិតអំពីឧទាហរណ៍ដែលជាសមត្ថកម្មផ្សេងទៀតដែលលើកឡើងមុននេះ -- របាយការណ៍វែងនោះ ប្រហែលជាបានទុកសំណៅឯកសារមិនទាន់ចប់ជាច្រើនរាយប៉ាយនៅក្នុងហាដដ្រាយរបស់លោកអ្នក ទោះបីមានសំណៅឯកសារតែមួយដែលអាចមើលឃើញក៏ដោយ។ ប្រសិនបើលោកអ្នកលុបឯកសារនេះដោយគ្មានស្លាកស្នាម លោកអ្នកធានាថា សំណៅឯកសារនេះត្រូវបានលុបចោលទាំងស្រុង ប៉ុន្តែលោកអ្នកបន្សល់ទុកសំណៅចាស់របស់វាផ្សេងៗទៀតនៅតាមទីកន្លែងរបស់ពួកវា។ តាមពិត គ្មានមធ្យោបាយណាមួយដែលផ្តោតគោលដៅដោយផ្ទាល់ទៅសំណៅឯកសារទាំងនោះទេ ព្រោះលោកអ្នកមិនអាចមើលឃើញវាបានឡើយប្រសិនបើគ្មានកម្មវិធីពិសេស។ ប៉ុន្តែ ដោយលុបឯកសារដោយគ្មានស្លាកស្នាមនៅគ្រប់កន្លែងទំនេរទាំងអស់ដែលមាននៅក្នុងឧបករណ៍ផ្ទុកទិន្នន័យរបស់លោកអ្នក លោកអ្នកធានាបានថា គ្រប់ព័ត៌មានដែលលុបរួចពីមុនទាំងអស់ត្រូវបានបំផ្លាញ។ បើនិយាយអំពីការប្រៀបធៀបអំពីទូឯកសារដែលមានស្លាកសម្គាល់មិនច្បាស់នោះវិញ នីតិវិធីនេះអាចប្រៀបដូចជាការឆែករកពេញទូឯកសារនោះ បន្ទាប់មកលុប និងគូសវាសម្តងហើយម្តងទៀតលើឯកសារដែលមានស្លាកសម្គាល់ថាត្រូវបានលុប។
កម្មវិធីEraser គឺជាកម្មវិធីលុបឯកសារប្រកបដោយសុវត្ថិភាព ឥតគិតថ្លៃ និងបើកចំហមួយ ដែលមានលក្ខណៈងាយស្រួលប្រើជាទីបំផុត។ លោកអ្នកអាចលុបឯកសារដោយគ្មានស្លាកស្នាម ដោយប្រើកម្មវិធីEraser ក្នុង៣របៀបផ្សេងគ្នា៖ ដោយជ្រើសរើសយកឯកសារទោលមួយ ដោយជ្រើសរើសយកអ្វីទាំងអស់ដែលមាននៅក្នុងធុងសម្រាម ឬដោយលុបឯកសារដោយគ្មានស្លាកស្នាមគ្រប់កន្លែងមិនទាន់លៃទុកទាំងអស់ នៅក្នុងឧបករណ៍ផ្ទុកទិន្នន័យ។ កម្មវិធីEraser អាចលុបផងដែរ នូវអ្វីៗទាំងអស់ដែលមាននៅក្នុងswap fileរបស់Windows ដែលនឹងត្រូវបានពិភាក្សាបន្ថែមនៅខាងក្រោម។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធី Eraser (អុីរេសឺ)- ការលុបឯកសារដោយសុវត្ថិភាព
ទោះបីជាកម្មវិធីលុបឯកសារដោយសុវត្ថិភាព នឹងមិនធ្វើឱ្យខូចខាតដល់ឯកសារមើលឃើញណាមួយក៏ដោយ លើកលែងតែលោកអ្នកបានលុបវា វានៅតែជាការសំខាន់ដែលត្រូវប្រុងប្រយ័ត្នចំពោះកម្មវិធីបែបនេះ។ ជួនកាល ហេតុចៃដន្យអាចនឹងកើតឡើង ហេតុដូចច្នេះទើបធ្វើឱ្យគេយល់ឃើញថាធុងសម្រាមនិងកម្មវិធីស្តារយកទិន្នន័យមកវិញគឺមានប្រយោជន៍យ៉ាងខ្លាំង។ ប្រសិនបើលោកអ្នកទម្លាប់ធ្វើការលុបឯកសារដោយគ្មានស្លាកស្នាម នូវរាល់ទិន្នន័យនៅរៀងរាល់ពេលលោកអ្នកលុបអ្វីមួយនោះ លោកអ្នកអាចនឹងអស់មធ្យោបាយក្នុងការជួសជុលកំហុសសាមញ្ញនេះផងដែរ។ លោកអ្នកជានិច្ចកាលត្រូវប្រាកដថា លោកអ្នកមានសំណៅថតចម្លងមានសុវត្ថិភាពមួយ មុននឹងលុបឯកសារដោយគ្មានស្លាកស្នាមចំពោះបរិមាណទិន្នន័យដ៏ច្រើនចេញពីកុំព្យូទ័ររបស់ខ្លួន។
ការលុបទិន្នន័យបណ្តោះអាសន្នដោយគ្មានស្លាកស្នាម
លក្ខណៈពិសេសដែលអនុញ្ញាតឱ្យកម្មវិធី Eraser អាច លុបទិន្នន័យដោយគ្មានស្លាកស្នាមបានគ្រប់កន្លែងនោះមិនបង្កហានិភ័យអ្វីនោះទេ ព្រោះវាលុបតែអ្វីដែលត្រូវបានលុបពីមុនហើយតែប៉ុណ្ណោះ។ ឯកសារធម្មតា និងឯកសារដែលអាចមើលឃើញ នឹងមិនរងផលប៉ះពាល់ឡើយ។ ម្យ៉ាងទៀត ការពិតនេះត្រូវបានប្រើដើម្បីគូសបង្ហាញអំពីបញ្ហាមួយផ្សេងទៀត៖ កម្មវិធីEraser មិនអាចជួយលោកអ្នកលុបសម្អាតព័ត៌មានរសើបដែលមិនទាន់ត្រូវបានលុប និងព័ត៌មានរសើបដែលអាចត្រូវបានលាក់កំបាំងបំផុតឡើយ។ ឯកសារដែលមានទិន្នន័យកំបាំងបែបនេះ អាចនឹងត្រូវបានញាត់បញ្ចូលទៅក្នុង ឧទា.ថតឯកសារកំបាំង ឬត្រូវបានរក្សាទុកជាមួយឈ្មោះឯកសារដែលគ្មានន័យ។ នេះមិនមែនជាបញ្ហាចម្បងមួយសម្រាប់ឯកសារអេឡិកត្រូនិកទេ ប៉ុន្តែអាចមានសារៈសំខាន់ខ្លាំងសម្រាប់ព័ត៌មានដែលត្រូវបានប្រមូលដោយស្វ័យប្រវត្តិ នៅគ្រប់ពេលដែលលោកអ្នកប្រើកុំព្យូទ័ររបស់ខ្លួន។ ជាឧទាហរណ៍រួមមាន៖
- ទិន្នន័យបណ្តោះអាសន្នដែលកត់ត្រាដោយកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នក ខណៈដែលកំពុងបើកទំព័រអុីនធឺណិត ដែលរួមមានដូចជាអត្ថបទ រូបភាព cookies(ឃុកឃី) ព័ត៌មានអំពីគណនី ទិន្នន័យផ្ទាល់ខ្លួនដែលប្រើដើម្បីបំពេញទម្រង់បែបបទតាមអុីនធឺណិត និងប្រវត្តិទំព័រអុីនធឺណិតដែលលោកអ្នកធ្លាប់បានបើកមើលជាដើម។
- ឯកសារបណ្តោះអាសន្ន ដែលថតទុកដោយកម្មវិធីផ្សេងៗ ដើម្បីជួយលោកអ្នកទាញយកឯកសារមកវិញ ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកខូច ឬមុនពេលលោកអ្នកអាចថតទុកការងាររបស់លោកអ្នក។ ឯកសារទាំងនេះ អាចមានជាទម្រង់អត្ថបទ រូបភាព តារាងទិន្នន័យ និងឈ្មោះរបស់ឯកសារផ្សេងៗទៀត ដោយអមជាមួយព័ត៌មានរសើបជាសក្តានុពលផ្សេងទៀត។
- ឯកសារ និងតំណភ្ជាប់(Links)ដែលរក្សាទុកដោយWindows សម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលមានដូចជា Shortcutsសម្រាប់បើកកម្មវិធីដែលលោកអ្នកទើបប្រើរួចថ្មីៗ ពាក្យភ្ជាប់ទៅកាន់ថតឯកសារដែលលោកអ្នកចង់រក្សាឱ្យវាលាក់កំបាំង និងអ្វីៗដែលមាននៅក្នុងធុងសម្រាម របស់លោកអ្នកជាដើមនោះ បើលោកអ្នកភ្លេចសម្អាតវាចោល។
- swap fileរបស់Windows។ ពេលអង្គចងចាំរបស់កុំព្យូទ័រពេញចំណុះ ឧទា.ពេលលោកអ្នកកំពុងដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយនៅក្នុងកុំព្យូទ័រចាស់មួយ Windowsពេលខ្លះនឹងចម្លងទិន្នន័យដែលលោកអ្នកកំពុងប្រើ ចូលទៅក្នុងឯកសារទោលធំមួយដែលមានឈ្មោះថាswap file។ ជាលទ្ធផល ឯកសារនេះអាចនឹងមានស្ទើរតែគ្រប់អ្វីៗទាំងអស់ រួមទាំងទំព័រអុីនធឺណិត ខ្លឹមសារឯកសារ ពាក្យសម្ងាត់ ឬកូនសោរអក្សសម្ងាត់។ សូម្បីតែពេលលោកអ្នកបិទកុំព្យូទ័ររបស់ខ្លួនក៏ដោយ swap fileមិនត្រូវបានលុបឡើយ ដែលដោយហេតុនេះហើយ លោកអ្នកត្រូវតែលុបវាចោលដោយខ្លួនឯង។
ដើម្បីលុបឯកសារបណ្តោះអាសន្នទូទៅចេញពីកុំព្យូទ័ររបស់លោកអ្នក លោកអ្នកអាចប្រើឧបករណ៍កម្មវិធីFreeware ដែលមានឈ្មោះថាCCleaner ដែលត្រូវបានរចនាឡើងដើម្បីសម្អាតកម្មវិធីកុំព្យូទ័រដូចជា Internet Explorer, Mozilla Firefox និងសំណុំកម្មវិធីMicrosoft Office(ដែលកម្មវិធីទាំងអស់នេះ ត្រូវបានគេដឹងថា ដាក់ ព័ត៌មានរសើបឱ្យប្រឈមនឹងហានិភ័យយ៉ាងខ្លាំង) និងដើម្បីសម្អាតប្រព័ន្ធប្រតិបត្តិការWindowsខ្លួនឯងផ្ទាល់ផងដែរ។ CCleaner មានសមត្ថភាពលុបឯកសារបានដោយសុវត្ថិភាព ដែលជួយសន្សំពេលលោកអ្នកពីការដែលត្រូវលុបផ្ទៃថាសដែលមិនទាន់ប្រើប្រាស់ ដោយប្រើEraser នៅរៀងរាល់ពេលបន្ទាប់ពីលោកអ្នកដំណើរការវា។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយកម្មវិធី CCleaner (ស៊ីឃ្លីនណឺ)- មគ្គុទ្ទេសក៍ណែនាំអំពី ការលុបឯកសារ និងផ្នែកនៃការងារដោយមានសុវត្ថិភាព
ដំបូន្មានអំពីការប្រើកម្មវិធីលុបឯកសារសុវត្ថិភាពឲ្យមានប្រសិទ្ធភាព
ឥឡូវនេះ លោកអ្នកដឹងច្បាស់អំពីបៀបខ្លះៗ ដែលព័ត៌មានអាចនឹងត្រូវបានបើកបង្ហាញនៅក្នុងកុំព្យូទ័រ ឬឧបករណ៍ផ្ទុកទិន្នន័យរបស់ខ្លួន ទោះបីលោកអ្នកយកចិត្តទុកដាក់អំពីការលុបចោលទិន្នន័យរសើបហើយក៏ដោយ។ លោកអ្នកក៏បានដឹងផងដែរពីកម្មវិធីដែលអាចប្រើបានដើម្បីលុបព័ត៌មាននោះជាអចិន្ត្រៃយ៍។ មានវិធានការសាមញ្ញខ្លះៗដែលលោកអ្នកគួរអនុវត្ត (ជាពិសេសប្រសិនបើលោកអ្នកប្រើកម្មវិធីទាំងនេះជាលើកដំបូង) ដើម្បីធានាថា ហាដដ្រាយរបស់លោកអ្នកត្រូវបានសម្អាតដោយមានសុវត្ថិភាព និងដោយមានប្រសិទ្ធភាព៖
- ត្រូវបង្កើតសំណៅថតចម្លងជាទម្រង់សម្ងាត់នៃឯកសារសំខាន់ៗរបស់លោកអ្នក ដូចដែលបានពិភាក្សានៅក្នុង [***ជំពូក ៥ ៖ របៀបស្តារយកមកវិញនូវព័ត៌មានដែលបាត់បង់***](../backup)។
- ត្រូវបិទកម្មវិធីមិនចាំបាច់ទាំងអស់ ហើយផ្តាច់កុំព្យូទ័រពីសេវាអុីនធឺណិត។
- ត្រូវលុបចោលឯកសារមិនចាំបាច់ទាំងអស់ ចេញពីឧបករណ៍ផ្ទុកទិន្នន័យទាំងអស់ ហើយសម្អាតធុងសម្រាម។
- ត្រូវលុបឯកសារបណ្តោះអាសន្ន ដោយប្រើកម្មវិធី CCleaner។
- ត្រូវលុប swap fileរបស់Windows ដោយប្រើកម្មវិធីEraser.
- ត្រូវលុប គ្រប់កន្លែងទំនេរទាំងអស់នៅក្នុងឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗទៀត ដោយប្រើកម្មវិធី Eraser។ លោកអ្នកប្រហែលជាត្រូវការទុកឱ្យនីតិវិធីនេះដំណើរការពេញមួយយប់ ព្រោះវាអាចដំណើរការយឺតបន្តិច។
បន្ទាប់មក លោកអ្នកគួរបង្កើតទម្លាប់ដូចខាងក្រោម៖
- ប្រើកម្មវិធីCCleaner ដើម្បី លុប ឯកសារបណ្តោះអាសន្ន ទៅតាមកាលកំណត់
- លុបឯកសាររសើបអេឡិកត្រូនិក ដោយប្រើកម្មវិធីEraser ជំនួសឱ្យការប្រើធុងសម្រាម ឬមុខងារលុបរបស់Windows
- ប្រើកម្មវិធី Eraser ដើម្បី លុប swap file របស់Windows ទៅតាមកាលកំណត់
- ប្រើកម្មវិធី Eraser ដើម្បី លុប ទៅតាមកាលកំណត់ នូវគ្រប់កន្លែងមិនទាន់លៃសម្រាប់ប្រើប្រាស់ទាំងអស់នៅក្នុងហាដដ្រាយ អង្គចងចាំUSB និងឧបកណ៍ផ្ទុកទិន្នន័យផ្សេងៗទៀតរបស់លោកអ្នក ដែលអាចនៅមានព័ត៌មានរសើប ដែលត្រូវបានលុបចោលរួចថ្មីៗ។ ពួកវាអាចរួមមានដូចជា Floppy Disks, CDឬDVDដែលអាចសរសេរបានម្តងទៀត និង មេម៉ូរីកាតដែលអាចដោះចេញបានពីកាមេរ៉ា ទូរស័ព្ទចល័ត ឬឧបករណ៍ចាក់ភ្លេងដែលអាចយកតាមខ្លួនបានជាដើម។
ដំបូន្មានអំពី ការលុបទិន្នន័យទាំងស្រុងចេញពីឧបករណ៍ផ្ទុកទិន្នន័យមួយ
យូរៗម្តង លោកអ្នកប្រហែលជាត្រូវការលុបឧបករណ៍ផ្ទុកទិន្នន័យមួយទាំងស្រុង។ នៅពេលលោកអ្នកលក់ ឬឱ្យកុំព្យូទ័រចាស់មួយទៅអ្នកដទៃ គឺជាការល្អបំផុតដែលលោកអ្នកត្រូវដោះហាដដ្រាយចេញ ហើយទុកឱ្យម្ចាស់ថ្មីរបស់កុំព្យូទ័រនោះទិញហាដដ្រាយមួយថ្មីសម្រាប់ខ្លួនឯង។ បើមិនធ្វើដូចនេះទេ លោកអ្នកគួរយ៉ាងហោចណាស់លុបហាដដ្រាយនោះឱ្យបានហ្មត់ចត់ ដោយប្រើកម្មវិធី Eraser មុននឹងប្រគល់វាឲ្យទៅគេ។ ហើយ ទោះបីលោកអ្នកត្រូវរក្សាទុកហាដដ្រាយនោះក៏ដោយ លោកអ្នកក៏គួរគិតគូរលុបវាដែរ ទោះលោកអ្នកចង់ប្រើវាម្តងទៀត ឬបោះចោលវាក៏ដោយ។ ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកទិញហាដដ្រាយថ្មីមួយ លោកអ្នកគួរលុបហាដដ្រាយចាស់របស់លោកអ្នក បន្ទាប់ពីបានថតចម្លងទិន្នន័យរបស់លោកអ្នក និងបានធ្វើសំណៅថតចម្លងសុវត្ថិភាពរួចហើយ។ ប្រសិនបើលោកអ្នកមានបំណងបោះចោល ឬកែច្នៃប្រើម្តងទៀតនូវហាដដ្រាយចាស់នោះ លោកអ្នកគួរពិចារណាអំពីការបំផ្លាញរូបវន្តរបស់វាផងដែរ។ (អ្នកមានវិជ្ជាជីវៈខាងកុំព្យូទ័រជាច្រើន ណែនាំឱ្យប្រើញញួរវាយកម្ទេច មុននឹងបោះចោលឧបករណ៍ផ្ទុកទិន្នន័យដែលមានព័ត៌មានរសើប)។
នៅក្នុងស្ថានភាពណាមួយនៃស្ថានភាពដែលបរិយាយខាងលើនេះ លោកអ្នកចាំបាច់ត្រូវប្រើកម្មវិធីEraser ដើម្បី លុបហាដដ្រាយទាំងមូល ហើយការនេះមិនអាចធ្វើបានឡើយ ដរាបណាប្រព័ន្ធប្រតិបត្តិការកំពុងដំណើរការនៅលើហាដដ្រាយនោះ។ មធ្យោបាយងាយស្រួលបំផុតដើម្បីដោះស្រាយបញ្ហានេះបាន គឺត្រូវដោះហាដដ្រាយនោះចេញ ហើយដាក់វាចូលទៅក្នុងប្រអប់USBខាងក្រៅ រួចដោតវាចូលកុំព្យូទ័រណាមួយដែលមានបញ្ចូលកម្មវិធីEraser។ បន្ទាប់មក លោកអ្នកអាចលុបបានទាំងស្រុងនូវអ្វីៗដែលមាននៅក្នុងហាដដ្រាយខាងក្រៅនោះ ហើយប្រើកម្មវិធីEraser ដើម្បីលុបគ្រប់ផ្នែកដែលមិនបានលៃទុកសម្រាប់ប្រើប្រាស់ទាំងអស់របស់វា។ សំណាងល្អ នេះមិនមែនជាកិច្ចការដែលលោកអ្នកត្រូវធ្វើជាញឹកញាប់ ព្រោះវាអាចនឹងចំណាយពេលច្រើន។
ជាជាងការលុបទិន្នន័យដែលត្រូវបានរក្សាទុកនៅក្នុងCDឬDVDលោកគួរតែវាបំផ្លាញវាចោលតែម្តងជាការប្រសើរជាង។ ប្រសិនបើចាំបាច់ លោកអ្នកអាចបង្កើតថាសទិន្នន័យថ្មីមួយ ដែលមានគ្រប់ព័ត៌មានដែលលោកអ្នកចង់រក្សាទុក។ ហើយជាការពិត ការបំផ្លាញថាសទិន្នន័យចោល គឺជាមធ្យោបាយតែមួយគត់ ដើម្បី'លុប' អ្វីៗដែលមាននៅក្នុង ថាសទិន្នន័យដែលមិនអាចសរសេរឡើងវិញបាន។ ប៉ុន្តែ ការបំផ្លាញទិន្នន័យទាំងស្រុងដែលមាននៅក្នុងCDឬDVD មានការពិបាកខ្លាំងណាស់។ លោកអ្នកប្រហែលជាធ្លាប់បានឮ អំពីរឿងព័ត៌មានដែលត្រូវបានស្តារយកមកវិញបានពីថាសទិន្នន័យប្រភេទដូចនេះ សូម្បីតែនៅបន្ទាប់ពីពួកវាត្រូវបានកាត់ជាចំណែកតូចៗហើយក៏ដោយ។ ខណៈដែលរឿងទាំងនេះគឺជាការពិត ការប្រមូលផ្តុំព័ត៌មានឡើងវិញនៅក្នុងរបៀបនេះត្រូវការពេល និងជំនាញយ៉ាងច្រើន។ ដូច្នេះ លោកអ្នកត្រូវធ្វើការវិនិច្ឆ័យដោយខ្លួនឯងផ្ទាល់ថា តើមានមនុស្សដែលទំនងនឹងអាចចំណាយធនធានកម្រិតខាងលើនេះ ដើម្បីព្យាយាមយកទិន្នន័យរបស់លោកអ្នកដែរឬទេ។ ជាទូទៅ កន្ត្រៃដែលរឹងមាំមួយ(ឬម៉ាស៊ីនកាត់ក្រដាសរឹងមាំមួយ) នឹងអាចធ្វើការងារនេះបានយ៉ាងល្អ។ ប្រសិនបើលោកអ្នកចង់ធ្វើការប្រុងប្រយ័ត្នបន្ថែម លោកអ្នកអាចដាក់លាយឡំចូលគ្នានូវចំណែកតូចៗដែលបានពីការកាត់ច្រៀកនោះ ហើយបោះពួកវាចោលនៅកន្លែងខុសៗគ្នា នៅឆ្ងាយពីផ្ទះ ឬការិយាល័យរបស់លោកអ្នក។
សេចក្តីសម្រាប់អានបន្ថែម
- កម្មវិធីFirefoxផ្តល់នូវមធ្យោបាយបង្កប់មួយដើម្បីលុបសម្អាតឯកសារបណ្តោះអាសន្នជាច្រើនរបស់ខ្លួនវាផ្ទាល់ជាអចិន្ត្រៃយ៍ ទោះបីវាមិនប្រើបច្ចេកទេសលុបមានសុវត្ថិភាពដើម្បីលុបពួកវាក៏ដោយ។ លក្ខណៈពិសេសនេះ ត្រូវបានបរិយាយនៅក្នុងមគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីFirefox.
- សំណួរដែលសួរញឹកញាប់អំពីកម្មវិធី CCleaner ផ្តល់ព័ត៌មានបន្ថែមអំពីការបញ្ចូលនិងប្រើកម្មវិធីនេះ។
- ទោះបីភាគច្រើននៃឯកសារមានលក្ខណៈបច្ចេកទេសទាំងស្រុងក៏ដោយ សេចក្តីផ្តើមនៅក្នុងឯកសារស្តីពី Secure Deletion of Data from Magnetic and Solid-State Memory របស់លោក Peter Guttmann មានសារៈសំខាន់សម្រាប់ការអាន ព្រោះវិធីសាស្ត្រដែលគាត់បរិយាយ បាននិងកំពុងមានឥទ្ធិពលធំមួយទៅលើអ្នកអភិវឌ្ឍកម្មវិធីEraser និងកម្មវិធីលុបឯកសារដោយសុវត្ថិភាពផ្សេងៗទៀត។