១០. របៀបប្រើទូរស័ព្ទចល័តឲ្យមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន
Updated2013
មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ
ទូរស័ព្ទចល័ត គឺជាផ្នែកពាក់ព័ន្ធដ៏សំខាន់មួយ នៃទំនាក់ទំនងប្រចាំថ្ងៃរបស់យើង។ ទូរស័ព្ទចល័តទាំងអស់ មានមុខងារបម្រើសេវាសម្លេង និងសេវាផ្ញើសារជាអក្សរ។ ដោយសាវាមានទំហំតូច តម្លៃថោកសមរម្យ និងគុណប្រយោជន៍ជាច្រើននោះ បានធ្វើឲ្យវាមានប្រយោជន៍បំផុតសម្រាប់អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស ដែលកំពុងប្រើប្រាស់ពួកវាកាន់តែច្រើនឡើងៗសម្រាប់ការទាក់ទងគ្នា និងការងារអង្គភាព។
ថ្មីៗនេះ ទូរស័ព្ទចល័តដែលមានមុខងារច្រើនជាងមុន បានចាប់ផ្តើមមានជាបន្តបន្ទាប់។ ពួកវាអាចមានមុខងារ GPS មុខងារប្រព័ន្ធផ្សព្វផ្សាយ (ថតរូប ថតវីដេអូនិងសម្លេង និងពេលខ្លះបញ្ជូនទិន្នន័យ) មុខងារដំណើរការទិន្នន័យ និងមុខងារប្រើអុីនធឺណិតជាដើម។ ប៉ុន្តែ របៀបប្រតិបត្តិការរបស់បណ្តាញទូរស័ព្ទចល័ត និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកវា មានលក្ខណៈជាមូលដ្ឋានខុសប្លែកពីរបៀបប្រតិបត្តិការរបស់អុីនធឺណិត។ ចំណុចនេះ បង្កើតបានជាការប្រកួតប្រជែងបន្ថែមក្នុងផ្នែកសុវត្ថិភាព និងហានិភ័យសម្រាប់ភាពឯកជនរបស់អ្នកប្រើប្រាស់ និងបូរណភាពនៃព័ត៌មាននិងទំនាក់ទំនងរបស់អ្នកប្រើប្រាស់។
ដូច្នេះ វាជាការសំខាន់ក្នុងការដែលត្រូវចាប់ផ្តើមយល់ដឹងពី អសុវត្ថិភាពរបស់ទូរស័ព្ទចល័តដូចតទៅ៖ * ព័ត៌មានដែលផ្ញើចេញពីទូរស័ព្ទចល័ត ងាយរងហានិភ័យ។ * ព័ត៌មានដែលរក្សាទុកនៅក្នុងទូរស័ព្ទចល័ត ងាយរងហានិភ័យ។ * ទូរស័ព្ទត្រូវបានរចនា ដើម្បីផ្តល់ព័ត៌មានអំពីទីតាំងដែលវាស្ថិតនៅ។ យើងនឹងពិនិត្យមើលបញ្ហាទាំងនេះ និងមើលពីអ្វីដែលអ្នកប្រើប្រាស់អាចធ្វើបានចំពោះបញ្ហាទាំងនេះ។
សេណារីយ៉ូពីក្រោយ
បូណា និង កូនប្រុសរបស់គាត់ឈ្មោះ ដេលា គឺជាកម្មករធ្វើការនៅក្នុងរោងចក្រមួយ។ គាត់កំពុងជួយបង្កើតសហជីពកម្មករមួយ។ ការប្រឹងប្រែងរបស់ពួកគេ កំពុងជួបការតទល់ពីម្ចាស់រោងចក្រ ដែលមានខ្សែរយៈល្អនៅក្នុងរដ្ឋបាលមូលដ្ឋានរបស់ពួកគេ។ មេការរបស់បូណាបានព្រមានគាត់ថា គាត់អាចនឹងត្រូវបានថ្នាក់គ្រប់គ្រងដាក់ឱ្យនៅក្រោមការត្រួតពិនិត្យ ហើយគាត់ត្រូវប្រយ័ត្នប្រយែងចំពោះអ្នកដែលគាត់និយាយជាមួយ។ បូណាបានទិញទូរស័ព្ទចល័តមួយ សម្រាប់ប្រើនៅក្នុងការងារសហជីពរបស់គាត់។ ដេលាកំពុងជួយឪពុករបស់ខ្លួនឱ្យចេះប្រើទូរស័ព្ទចល័តថ្មីនោះបានដោយសុវត្ថិភាព សម្រាប់ការរៀបចំសកម្មភាពរបស់គាត់មួយចំនួន។
អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ
- មូលហេតុដែលដែលការទំនាក់ទំនងតាមទូរស័ព្ទចល័ត និងការរក្សាទុកទិន្នន័យនៅក្នុងទូរស័ព្ទចល័តគ្មានសុវត្ថិភាព
- ជំហានដែលលោកអ្នកអាចអនុវត្ត ដើម្បីបង្កើនកម្រិតសុវត្ថិភាពនៅក្នុងការប្រើទូរស័ព្ទចល័ត
- របៀបកាត់បន្ថយឱកាសនៃការលួចយកការណ៍ ឬតាមដានតាមរយៈទូរស័ព្ទចល័តរបស់លោកអ្នក
- របៀបរក្សាអនាមិកភាពជាអតិបរមា នៅពេលកំពុងប្រើទូរស័ព្ទចល័តរបស់លោកអ្នក
ទូរស័ព្ទចល័ត និង សុវត្ថិភាព
យើងចាំបាច់ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ នៅពេលប្រើទូរស័ព្ទចល័ត ដើម្បីការពារខ្លួនយើងផ្ទាល់ ការពារដៃគូទំនាក់ទំនងរបស់យើង និងការពារទិន្នន័យរបស់យើង។ របៀបប្រតិបត្តិការរបស់បណ្តាញទូរស័ព្ទចល័ត និងហេដ្ឋារចនាសម្ព័ន្ធរបស់វា អាចប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពនៃការរក្សាភាពឯកជន និងសុវត្ថិភាពនៃព័ត៌មាននិងទំនាក់ទំនង របស់អ្នកប្រើប្រាស់។
បណ្តាញទូរស័ព្ទចល័ត គឺជាបណ្តាញឯកជនដែលប្រតិបត្តិការដោយក្រុមហ៊ុនពាណិជ្ជកម្ម ហើយអាចស្ថិតនៅក្រោមការត្រួតត្រាផ្តាច់មុខរបស់រដ្ឋាភិបាល។ ក្រុមហ៊ុនពាណិជ្ជកម្ម (ឬរដ្ឋាភិបាល) នៅក្នុងការអនុវត្តន៍ជាក់ស្តែង មានសិទ្ធិពិនិត្យមើលព័ត៌មាននិងការទំនាក់ទំនងរបស់អតិថិជនដោយគ្មានកំណត់ ព្រមទាំងមានសមត្ថភាពស្ទាក់ចាប់ការហៅតាមទូរស័ព្ទ សារជាអក្សរ និងមានសមត្ថភាពពិនិត្យតាមដានទីតាំងរបស់ទូរស័ព្ទនីមួយៗផងដែរ (រូមទាំងទីតាំងរបស់អ្នកប្រើប្រាស់)។
ប្រព័ន្ធប្រតិបត្តិការដែលប្រើនៅក្នុងទូរស័ព្ទ ត្រូវបានរចនា ឬកំណត់មុខងារដោយអ្នកផលិតទូរស័ព្ទ ដោយយោងទៅតាមតម្រូវការរបស់ក្រុមហ៊ុនផ្តល់សេវាផ្សេងៗ និងសម្រាប់ប្រើនៅលើបណ្តាញដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនទាំងនោះ។ ជាលទ្ធផល ប្រព័ន្ធប្រតិបត្តិការនោះអាចមានរួមបញ្ចូលមុខងារបង្កប់ ដែលងាយស្រួលដល់ក្រុមហ៊ុនក្នុងការតាមដានឧបករណ៍ជាក់លាក់ណាមួយបាន។
ចំនួនមុខងារដែលមាននៅក្នុងទូរស័ព្ទចល័ត បានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទូរស័ព្ទចល័តទំនើបៗ តាមពិតគឺដូចជាកុំព្យូទ័រខ្នាតតូច ដែលអាចភ្ជាប់សេវាអុីនធឺណិតជាមួយមុខងាររបស់ទូរស័ព្ទចល័តបាន។
ដើម្បីកំណត់ថា តើទិដ្ឋភាពណាខ្លះនៃការទំនាក់ទំនងរបស់លោកអ្នកដែលត្រូវការពារជាចាំបាច់បំផុតនោះ លោកអ្នកអាចសួរខ្លួនឯងពីរបីសំណួរដូចតទៅនេះ៖ តើខ្លឹមសារនៃការនិយាយទូរស័ព្ទ ឬសារជាអក្សររបស់លោកអ្នកមានអ្វីខ្លះ? តើនរណាខ្លះដែលលោកអ្នកទាក់ទងជាមួយ ហើយនៅពេលណាខ្លះ? តើលោកអ្នកកំពុងហៅទូរស័ព្ទពីកន្លែងណា? ព័ត៌មានអាចប្រឈមនឹងហានិភ័យតាមរបៀបជាច្រើនដូចជា៖
ព័ត៌មាន អាចប្រឈមនឹងហានិភ័យ នៅពេលត្រូវបានផ្ញើចេញពីទូរស័ព្ទចល័តមួយ<br> ឧទា. ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តនីមួយៗ មានសិទ្ធិពេញលេញក្នុងការចូលមើល និងស្តាប់គ្រប់សារជាអក្សរនិងជាសម្លេងទាំងអស់ ដែលបានឆ្លងកាត់បណ្តាញរបស់ខ្លួន។ នៅក្នុងប្រទេសភាគច្រើនបំផុត ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទត្រូវបានកំណត់កាតព្វកិច្ចដោយច្បាប់ ឱ្យរក្សាទុកកំណត់ត្រាគ្រប់ទំនាក់ទំនងទាំងអស់។ នៅក្នុងប្រទេសខ្លះ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទស្ថិតនៅក្រោមការត្រួតត្រាផ្តាច់មុខរបស់រដ្ឋាភិបាល។ ទំនាក់ទំនងជាសម្លេង និងជាអក្សរ អាចត្រូវបានថតចម្លងទុកផងដែរដោយភាគីទីបីដែលនៅជិតនឹងទូរស័ព្ទចល័ត ដោយប្រើបរិក្ខារដែលមានតម្លៃថោកប៉ុណ្ណោះ។
ព័ត៌មាន អាចប្រឈមនឹងហានិភ័យ ទាំងនៅក្នុងទូរស័ព្ទរបស់អ្នកផ្ញើ និងទូរស័ព្ទរបស់អ្នកទទួល។<br> ឧទា៖ ទូរស័ព្ទចល័តអាចរក្សាទុកគ្រប់ប្រភេទទិន្នន័យ៖ ប្រវត្តិនៃការហៅ/ទទួលទូរស័ព្ទ សារជាអក្សរដែលបានផ្ញើ និងទទួល ព័ត៌មានអំពីសៀវភៅអាសយដ្ឋាន រូបថត វីដេអូខ្លីៗ ឯកសារជាអក្សរ។ ទិន្នន័យទាំងនេះ អាចបើកបង្ហាញពីបណ្តាញទំនាក់ទំនងរបស់លោកអ្នក និង ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនិងសហសេវិករបស់លោកអ្នក។ ការធានាសុវត្ថិភាពចំពោះព័ត៌មាននេះ គឺមានលក្ខណៈពិបាក ហើយ នៅក្នុងទូរស័ព្ទខ្លះ គឺមិនអាចធ្វើបានតែម្តង។ ទូរស័ព្ទចល័តទំនើបៗ គឺជាកុំព្យូទ័រដែលមានទំហំអាចដាក់ចូលហោប៉ៅបាន។ ការមានមុខងារកាន់តែច្រើន នាំឱ្យកម្រិតហានិភ័យមានកាន់តែខ្ពស់។ ជាងនេះទៅទៀត ទូរស័ព្ទដែលភ្ជាប់សេវាអុីនធឺណិត គឺដូចជាចំណុចដែលគ្មានសុវត្ថិភាពរបស់កុំព្យូទ័រនិងអ៊ីនធើរណែតយ៉ាងដូច្នោះដែរ។
ទូរស័ព្ទផ្តល់ព័ត៌មានអំពីទីតាំងរបស់វា<br> ឧទា. ជាផ្នែកនៃប្រតិបត្តិការធម្មតា ទូរស័ព្ទចល័តនីមួយៗផ្តល់ព័ត៌មានអំពីទីកន្លែងរបស់វាដោយស្វ័យប្រវត្តិ និងទៀងទាត់ ទៅឱ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ។ លើសពីនេះទៅទៀត សព្វថ្ងៃនេះ ទូរស័ព្ទជាច្រើនមានមុខងារ GPS ហើយព័ត៌មានអំពីទីតាំងលម្អិតអាចត្រូវបានបង្កប់នៅក្នុងទិន្នន័យផ្សេងទៀត ដូចជា រូបថត សារSMS និងការស្នើសុំសេវាអុីនធឺណិតដែលត្រូវបានផ្ញើចេញពីទូរស័ព្ទ ជាដើម។
ការវិវត្តន៍នៃបច្ចេកវិទ្យា នាំមកនូវមុខងារកាន់តែច្រើន ប៉ុន្តែក៏នាំមកនូវហានិភ័យកាន់តែច្រើនផងដែរ។
បូណា៖ កូនប្រុស ពុកបានសម្រេចចិត្តថា ចាប់ពីពេលនេះតទៅ ពុកប្រើតែទូរស័ព្ទចល័តនេះសម្រាប់រៀបចំផែនការជួបប្រជុំ ព្រោះពុកគិតថា ពួកគេប្រហែលជាលួចស្តាប់តាមទូរស័ព្ទរោងចក្រ ហើយប្រហែលជាលួចស្តាប់តាមទូរស័ព្ទនៅផ្ទះទៀតផង។
ដេលា៖ ពុក នេះជាការល្អណាស់ ដែលពុកមានទូរស័ព្ទចល័តដូច្នេះ ប៉ុន្តែ តើពុកដឹងថា អ្វីខ្លះដែលវាអាចធ្វើបាន និងអ្វីខ្លះដែលវាមិនអាចធ្វើបាន ហើយឬនៅ?
បូណា៖ ប្រាកដជាដឹង វាគឺជាទូរស័ព្ទ! ឯងអាចហៅទៅនរណាក៏បាន ឯងអាចនិយាយទៅពួកគេ ហើយពួកគេអាចនិយាយតបមកឯងវិញ។ ឯងអាចធ្វើដូចនេះនៅគ្រប់ទីកន្លែងដែលឯងស្ថិតនៅ។ ហើយ ពុកអាចប្រើវាដើម្បីផ្ញើសារតូចៗទៅកាន់អ្នកដទៃឬទៅឯង ហើយសារទាំងនោះនឹងបង្ហាញនៅក្នុងទូរស័ព្ទរបស់ឯង។
ដេលា៖ ពិតជាត្រឹមត្រូវណាស់ ប៉ុន្តែមិនទាន់អស់នៅឡើយទេ។ មានការជាច្រើនទៀតដែលពុកអាចធ្វើបានជាមួយទូរស័ព្ទនេះ។ ប៉ុន្តែ ឥឡូវនេះ យើងនិយាយអំពីហានិភ័យនិងការប្រយ័ត្នជាមុនមួយចំនួនក្នុងផ្នែកសុវត្ថិភាព ជាពិសេស ប្រសិនបើពុកគិតថា ប្រហែលជាមានអ្នកចាប់អារម្មណ៍ចង់ស្គាល់អ្នកដែលពុកកំពុងមានទំនាក់ទំនងជាមួយ និងអ្វីដែលពុកកំពុងនិយាយ។
ផ្នែកខាងក្រោមនេះ ពិភាក្សាអំពីជំហានអនុវត្តន៍ងាយៗមួយចំនួន ដែលលោកអ្នកអាចអនុវត្តដើម្បីកាត់បន្ថយកម្រិតនៃការគំរាមកំហែងផ្នែកសុវត្ថិភាព ដែលកើតចេញពីការប្រើទូរស័ព្ទចល័ត។
ភាពចល័ត និងភាពងាយរងហានិភ័យនៃព័ត៌មាន
ជាញឹកញាប់ មនុស្សតែងកាន់ទូរស័ព្ទចល័តដែលមានព័ត៌មានរសើប។ ប្រវត្តិទំនាក់ទំនង សារជាអក្សរ និងសម្លេង សៀវភៅអាសយដ្ឋាន ប្រតិទិន រូបថត និងមុខងារមានប្រយោជន៍ផ្សេងៗទៀតរបស់ទូរស័ព្ទ អាចមានកម្រិតហានិភ័យខ្ពស់ ប្រសិនបើទូរស័ព្ទនោះ ឬទិន្នន័យនោះត្រូវបានបាត់ឬលួច។ វាគឺជាការសំខាន់បំផុត ដែលត្រូវដឹងអំពីគ្រប់ព័ត៌មានដែលត្រូវបានរក្សាទុកនៅក្នុងទូរស័ព្ទរបស់លោកអ្នក។ ព័ត៌មានដែលរក្សាទុកនៅក្នុងទូរស័ព្ទមួយ អាចនឹងធ្វើឱ្យជាប់ពាក់ព័ន្ធដល់អ្នកដែលប្រើទូរស័ព្ទនោះ ព្រមទាំងអ្នកដែលមាននៅក្នុងសៀវភៅអាសយដ្ឋាន ប្រអប់ទទួលសារ អាល់ប៊ុមរូបថត។ល។
ទូរស័ព្ទចល័តដែលភ្ជាប់សេវាអុីនធឺណិត គឺងាយរងគ្រោះ និងហានិភ័យដូចជាអុីនធឺណិត និងកុំព្យូទ័រដូចបានពិភាក្សានៅក្នុងជំពូក ដែលទាក់ទងទៅនឹងសុវត្ថិភាព អនាមិកភាព ការទាញយកទិន្នន័យ ការបាត់ទិន្នន័យ ការលួចទិន្នន័យ និងការស្ទាក់ចាប់ទិន្នន័យផ្សេងទៀតយ៉ាងដូច្នោះដែរ។
ដើម្បីកាត់បន្ថយហានិភ័យផ្នែកសុវត្ថិភាពទាំងនេះបានខ្លះ អ្នកប្រើប្រាស់គួរដឹងអំពីអសុវត្ថិភាពចម្បងៗនៃទូរស័ព្ទរបស់ខ្លួន និងជម្រើសមុខងាររបស់វា។ បន្ទាប់ពីលោកអ្នកដឹងអំពីបញ្ហាដែលអាចកើតមាន លោកអ្នកអាចចាប់ផ្តើមការពារ និងចាត់វិធានការបង្ការវាបាន។
បូណា៖ អត្ថប្រយោជន៍មួយរបស់ទូរស័ព្ទចល័តគឺថា ពួកគេនឹងមិនដឹងពីទីកន្លែងជួបជុំរបស់យើងទេ ប្រសិនបើយើងរៀបចំការជួបជុំគ្នានោះដោយប្រើទូរស័ព្ទចល័តរបស់យើងនៅពេលកំពុងដើរក្នុងផ្សារ ជំនួសឱ្យការប្រើទូរស័ព្ទធម្មតាដែលពួកគេអាចលួចស្តាប់យើងនិយាយគ្នាបាន។
ដេលា៖ ចុះ តើពុកបានដឹងថា ពួកគេមានខ្សែរយៈទាក់ទងជាមួយក្រុមហ៊ុនទូរស័ព្ទឬអត់?
បូណា៖ មានគេនិយាយថា ពួកគេកំពុងសូកប៉ាន់អ្នកបច្ចេកទេសទូរស័ព្ទឱ្យយកព័ត៌មានឱ្យពួកគេ។
ដេលា៖ ប្រសិនបើពុកប្រើអត្តសញ្ញាណ និងអាសយដ្ឋានផ្ទាល់ខ្លួនរបស់ពុកសម្រាប់ការចុះឈ្មោះប្រើទូរស័ព្ទចល័តនេះ គេអាចនឹងតាមដានរកពុកឃើញ។ គ្រប់ពេលដែលពុកធ្វើការហៅទូរស័ព្ទ កំណត់ត្រាអំពីការហៅទូរស័ព្ទនោះនឹងត្រូវបានភ្ជាប់ទៅនឹងព័ត៌មានចុះឈ្មោះប្រើទូរស័ព្ទ និងអត្តសញ្ញាណរបស់ពុក។ តើពុកបានចុះឈ្មោះដោយប្រើអត្តសញ្ញាណប័ណ្ណរបស់ពុកឬ?
បូណា៖ អត់ទេ ពុកគ្រាន់តែយកទូរស័ព្ទជជុះពីហាងរបស់ពូឯងប៉ុណ្ណោះ។ ពូឯងនិយាយថា ទូរស័ព្ទនេះស្អាត និងអាចប្រើបានដោយសុវត្ថិភាព។ គាត់បានជួយពុកទិញបន្ទះតូចមួយដែលបង់ប្រាក់មុន សម្រាប់ដាក់ទៅក្នុងទូរស័ព្ទនេះ។
ដេលា៖ បន្ទះតូចនោះ គេហៅថា [សុីមកាត](/km/glossary#SIM_card។ ក្រុមហ៊ុនទូរស័ព្ទ តាមដានការហៅទូរស័ព្ទ ឬការផ្ទេរបញ្ជូនទិន្នន័យនីមួយៗ ដោយប្រើលេខរបស់ទូរស័ព្ទ លេខអត្តសញ្ញាណរបស់ស៊ីមកាត និងលេខអត្តសញ្ញាណរបស់ទូរស័ព្ទ។ ដូច្នេះបើសិនពួកគេស្គាល់ថា លេខទូរស័ព្ទ ឬលេខអត្តសញ្ញាណរបស់ទូរស័ព្ទ ឬលេខអត្តសញ្ញាណរបស់សុីមកាតរបស់ពុក ពួកគេអាចប្រើដៃគូទំនាក់ទំនងរបស់ពួកគេ ដើម្បីមើលឃើញគំរូនៃការប្រើទូរស័ព្ទរបស់ពុកបាន។
បូណា៖ ដូច្នេះ ពួកគេអាចស្តាប់ការសន្ទនារបស់ពុកបាន ទោះបីពុកប្រើទូរស័ព្ទចល័តនេះក៏ដោយ មែនទេ?
ដេលា៖ គួរអគុណលោកពូ ក្នុងករណីរបស់ពុក ទូរស័ព្ទរបស់ពុកមិនត្រូវបានចុះឈ្មោះរបស់ពុកទេ ហើយស៊ីមកាតនេះក៏មិនជាប់ពាក់ព័ន្ធនឹងពុកដែរ។ ដូច្នេះ ទោះបីពួកគេតាមដានរកឃើញទីតាំងរបស់សុីមកាតនេះ និងទូរស័ព្ទនេះក៏ដោយ ក៏ពួកគេមិនដឹងច្បាស់ថា ពុកបានភ្ជាប់ប្រើសុីមកាតនេះ ឬទូរស័ព្ទនេះដែរ។
ទម្លាប់អនុវត្តន៍ដែលល្អបំផុតសម្រាប់សុវត្ថិភាពទូរស័ព្ទ
ដូចជាករណីផ្សេងទៀតដែរ ខ្សែការពារទីមួយនៃសុវត្ថិភាពព័ត៌មាននៅក្នុងទូរស័ព្ទចល័តរបស់លោកអ្នក គឺការការពារទូរស័ព្ទ និងស៊ីមកាតរបស់ទូរស័ព្ទនោះពីការលួច ឬការកែប្រែផ្សេងៗ។
ត្រូវរក្សាទូរស័ព្ទបស់លោកអ្នកឱ្យនៅជិតខ្លួនលោកអ្នកគ្រប់ពេលវេលា។ មិនត្រូវទុកវាចោលឡើយ។ ត្រូវជៀសវាងបង្ហាញទូរស័ព្ទរបស់លោកអ្នកនៅក្នុងទីសាធារណៈ។
ត្រូវប្រើលេខកូដចាក់សោសុវត្ថិភាព ឬលេខអត្តសញ្ញាណកម្មផ្ទាល់ខ្លួន (PIN) របស់ទូរស័ព្ទជាប់ជានិច្ច ហើយរក្សាលេខសម្ងាត់ទាំងនេះជាការសម្ងាត់(កុំឱ្យអ្នកដទៃដឹង)។ ត្រូវផ្លាស់ប្តូរលេខសម្ងាត់ទាំងនេះ ពីការកំណត់របស់រោងចក្រដែលមានជាស្វ័យប្រវត្តិនៅក្នុងទូរស័ព្ទ។
ត្រូវគូស(ឬគូរ) សញ្ញាសម្គាល់ណាមួយនៅលើស៊ីមកាត មេម៉ូរីកាតដែលបានដាក់បន្ថែម ថ្ម និងទូរស័ព្ទ ដែលមិនធ្វើឱ្យអ្នកដទៃកត់សម្គាល់បានភ្លាមៗ (ធ្វើសញ្ញាសម្គាល់ គំនូរ អក្សរឬលេខតូចមួយ ឬសាកល្បងគូសដោយប្រើប៊ិចអ៊ុលត្រា វីយ៉ូឡេដែលនឹងមិនអាចមើលឃើញនៅក្នុងពន្លឺធម្មតា)។ ត្រូវបិទស្លាកបោះពុម្ពសុវត្ថិភាពដែលធន់នឹងការដោះរុះរើ ឬបិទនៅលើមុខតំណរបស់ទូរស័ព្ទ។ ការធ្វើដូចនេះ នឹងជួយលោកអ្នកកំណត់បានដោយងាយថា តើទូរស័ព្ទនោះត្រូវបានគេដោះរុះរើ ឬប្តូរជំនួសដែរឬទេ (ឧទា. ស្លាកឬក្រដាសស្អិតនោះ នឹងខូចសណ្ឋានឬទុកស្លាកស្នាមសម្គាល់មួយ ប្រសិនបើមានការដោះរុះរើ)។
ត្រូវប្រាកដថា លោកអ្នកដឹងអំពីព័ត៌មានដែលត្រូវបានរក្សាទុកនៅក្នុងសុីមកាតរបស់លោកអ្នក នៅក្នុងមេម៉ូរីកាតបន្ថែមរបស់លោកអ្នក និងនៅក្នុងមេម៉ូរីទូរស័ព្ទរបស់លោកអ្នក។ កុំរក្សាទុកព័ត៌មានរសើបនៅក្នុងទូរស័ព្ទឱ្យសោះ។ ប្រសិនបើលោកអ្នកចាំបាច់ត្រូវរក្សាទុកព័ត៌មានរសើបនៅក្នុងទូរស័ព្ទ លោកអ្នកត្រូវពិចារណាដាក់វានៅក្នុងមេម៉ូរីកាតខាងក្រៅ ដែលអាចលុបចោលបានដោយងាយនៅពេលចាំបាច់ – កុំដាក់ព័ត៌មានរសើបទៅក្នុងមេម៉ូរីខាងក្នុងទូរស័ព្ទឱ្យសោះ។
ត្រូវការពារសុីមកាត និងមេម៉ូរីកាតបន្ថែមរបស់លោកអ្នក (ប្រសិនបើមានក្នុងទូរស័ព្ទរបស់លោកអ្នក) ព្រោះពួកវាអាចមានព័ត៌មានរសើប ដូចជា ព័ត៌មានលម្អិតអំពីដៃគូទំនាក់ទំនង និងសារSMS ជាដើម។ ឧទា. ត្រូវប្រាកដថា នៅពេលដែលទូរស័ព្ទកំពុងត្រូវបានជួសជុល លោកអ្នកមិនត្រូវទុកទូរស័ព្ទនោះចោលនៅហាងជួសជុលទូរស័ព្ទឡើយ។
នៅពេលបោះចោលទូរស័ព្ទ លោកអ្នកត្រូវប្រាកដថា លោកអ្នកមិនបោះចោលព័ត៌មានណាមួយដែលរក្សាទុកនៅក្នុងទូរស័ព្ទ ឬនៅក្នុងស៊ីមកាត ឬមេម៉ូរីកាតនោះឡើយ (ទោះបីទូរស័ព្ទ ឬកាតនោះខូចឬផុតកំណត់ក៏ដោយ)។ ការបោះចោលសុីមកាត ដោយការបំផ្លាញផ្នែករូបវន្តរបស់វា អាចជាជម្រើសល្អបំផុត។ ប្រសិនបើលោកអ្នកគ្រោងបោះចោល លក់ចោល ឬប្រើម្តងទៀត នូវទូរស័ព្ទរបស់លោកអ្នក លោកអ្នកត្រូវប្រាកដថា គ្រប់ព័ត៌មានទាំងអស់ត្រូវបានលុបចោល។
ត្រូវពិចារណាប្រើតែឈ្មួញទូរស័ព្ទ និងហាងជួសជុលទូរស័ព្ទដែលគួរឱ្យទុកចិត្តប៉ុណ្ណោះ។ ការធ្វើដូចនេះ ជួយកាត់បន្ថយភាពងាយប្រឈមហានិភ័យនៃព័ត៌មានរបស់លោកអ្នក នៅពេលលោកអ្នកទទួលបានទូរស័ព្ទជជុះ ឬយកទូរស័ព្ទទៅឱ្យគេជួសជុល។ ត្រូវពិចារណាទិញទូរស័ព្ទពីឈ្មួញទូរស័ព្ទដែលមានការអនុញ្ញាតលក់ដូរត្រឹមត្រូវ មិនមែនតាមការជ្រើសរើសដោយចៃដន្យទេ – ការធ្វើដូចនេះ ជួយលោកអ្នកកាត់បន្ថយឱកាសដែលថា ទូរស័ព្ទរបស់លោកអ្នកអាចត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់លោកអ្នក ដោយមានការបញ្ចូលជាមុននូវកម្មវិធីស៊ើបយកការណ៍ទៅក្នុងទូរស័ព្ទនោះ។
ត្រូវថតចម្លងព័ត៌មានក្នុងទូរស័ព្ទរបស់លោកអ្នកដាក់ទៅក្នុងកុំព្យូទ័រឱ្យបានទៀងទាត់។ ត្រូវរក្សាសំណៅថតចម្លងនោះឱ្យមានសុវត្ថិភាព។ (សូមមើលជំពូក៖ ៤. របៀបការពារឯកសាររសើបនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ ការធ្វើដូចនេះ នឹងអនុញ្ញាតឱ្យលោកអ្នកអាចស្តារយកទិន្នន័យមកវិញ ប្រសិនបើលោកអ្នកបាត់ទូរស័ព្ទ។ ការមានសំណៅថតចម្លងមួយ នឹងជួយលោកអ្នកផងដែរក្នុងការចងចាំនូវព័ត៌មានដែលអាចនឹងមានការខូចខាត (នៅពេលទូរស័ព្ទរបស់លោកអ្នកត្រូវបានបាត់ ឬលួច) ដើម្បីឱ្យលោកអ្នកអាចចាត់ចំណាត់ការសមស្របបាន។
លេខសម្គាល់(Serial Number) ឬលេខIMEI(អត្តសញ្ញាណបរិក្ខារចល័តអន្តរជាតិ)ដែលមាន១៥ខ្ទង់ ជួយកំណត់អត្តសញ្ញាណទូរស័ព្ទរបស់លោកអ្នក ហើយអាចចូលមើលបាន ដោយវាយ *#06# ទៅក្នុងទូរស័ព្ទភាគច្រើន ដោយមើលពីក្រោយថ្មទូរស័ព្ទរបស់លោកអ្នក ឬដោយពិនិត្យនៅក្នុងការកំណត់មុខងាររបស់ទូរស័ព្ទ។ ត្រូវកត់ទុកលេខនេះ ហើយរក្សាវាទុកនៅដាច់ដោយឡែកផ្សេងពីទូរស័ព្ទរបស់លោកអ្នក ព្រោះលេខនេះអាចជួយតាមដានរក និងបញ្ជាក់កម្មសិទ្ធបានលឿនរហ័ស ប្រសិនបើទូរស័ព្ទរបស់លោកអ្នកត្រូវបានលួច។
ត្រូវពិចារណាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការចុះឈ្មោះប្រើទូរស័ព្ទរបស់លោកអ្នកជាមួយក្រុមហ៊ុនផ្តល់សេវា។ ប្រសិនបើលោកអ្នករាយការណ៍ថា ទូរស័ព្ទរបស់ខ្លួនត្រូវបានលួច ក្រុមហ៊ុនផ្តល់សេវាគួរអាចបញ្ចប់ការប្រើប្រាស់បន្តរបស់ទូរស័ព្ទនោះ។ ប៉ុន្តែ ការចុះឈ្មោះប្រើទូរស័ព្ទមានន័យថា ការប្រើទូរស័ព្ទរបស់លោកអ្នកត្រូវបានភ្ជាប់ទៅនឹងអត្តសញ្ញាណរបស់លោកអ្នកផងដែរ។
មុខងារមូលដ្ឋាន ភាពអាចតាមដានដឹងបាន និង អនាមិកភាព
ដើម្បីបញ្ជូន ឬទទួលគ្រប់ការហៅ ឬការទំនាក់ទំនងតាមទូរស័ព្ទរបស់លោកអ្នកបាន អង់តែនចាប់សញ្ញាទូរស័ព្ទដែលនៅជិតលោកអ្នកបំផុតតែងត្រូវទទួលបានសញ្ញាប្រាប់ពីកន្លែងវត្តមានទូរស័ព្ទរបស់អ្នក។ ជាលទ្ធផលនៃការផ្តល់សញ្ញាឱ្យដឹង និងទំនាក់ទំនងទាំងនេះ ក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរស័ព្ទ អាចដឹងអំពីទីតាំងភូមិសាស្ត្រជាក់លាក់របស់ទូរស័ព្ទចល័តរបស់លោកអ្នកនៅគ្រប់ខណៈពេលជាក់លាក់ណាមួយបាន។
បូណា៖ តើមានអ្វីផ្សេងដែលពុកចាំបាច់ត្រូវដឹងអំពីទូរស័ព្ទនេះដែរឬទេ?
ដេលា៖ មាន ប៉ុន្តែ អាស្រ័យថា តើពុកពិតជាសង្ស័យថាពួកគេកំពុងព្យាយាមតាមដានពុកដែរឬទេ។
បូណា៖ ពុកមិនគិតដូច្នេះទេ ប៉ុន្តែ តើពួកគេអាចធ្វើបែបនេះបានមែនឬ?
ដេលា៖ បាន ប្រសិនបើពុកបានបើកទូរស័ព្ទរបស់ពុកចោល ហើយអ្នកបច្ចេកទេសមានសិទ្ធិចូលទៅក្នុងចរាចរណ៍របស់បណ្តាញ នោះពួកគេនឹងដឹងថាទូរស័ព្ទណាមួយនៅក្នុងប្រព័ន្ធគឺជាទូរស័ព្ទរបស់ពុកមិនខាន។
បូណា៖ ដូចជាមិនអាចទៅរួចនោះទេ ព្រោះពេលពុកទៅទីនោះ ពុកនឹងមិនធ្វើការហៅទូរស័ព្ទនោះទេ។
ដេលា៖ នោះមិនមែនជាបញ្ហាទេ ពុក។ ដរាបណាទូរស័ព្ទរបស់ពុកមានថ្ម និងអាចប្រើបាន នោះវានឹងតាមទៅកន្លែងដែលពុកទៅ ហើយប្រាប់ទៅអង់តែនបណ្តាញទូរស័ព្ទដែលនៅក្បែរនោះ ព្រោះនេះគឺជាតួនាទីដែលវាត្រូវធ្វើ។ ដូច្នេះ នៅពេលវេលាជាក់លាក់ណាមួយ ទីតាំងរបស់ពុកគឺស្ថិតនៅទីតាំងមួយចន្លោះរវាងបណ្តាអង់តែនបណ្តាញទូរស័ព្ទដែលនៅជិតបំផុត។
បូណា៖ ដូច្នេះ តើពុកគួរបិទវាចោលរហូតដល់ពុកទៅដល់ទីនោះឬ?
ដេលា៖ បាទ ពិតណាស់។ ការល្អបំផុតដែលពុកត្រូវធ្វើ គឺកុំយកវាទៅជាមួយពុក។ ការល្អបំផុតបន្ទាប់ គឺពុកត្រូវបិទវា ហើយយកថ្មចេញពីវាមុនពេលពុកទៅ ហើយ ពុកមិនត្រូវបើកដំណើរការវាឡើយ រហូតដល់ពុកត្រឡប់មកវិញ។
បូណា៖ ថាម៉េច? តើបិទវាហើយ នៅមិនទាន់គ្រប់គ្រាន់ទៀតឬ?
ដេលា៖ ដើម្បីរក្សាសុវត្ថិភាព ពុកគួរដោះថ្មវាចេញ ព្រោះ នេះគឺជាឧបករណ៍បញ្ជូនសញ្ញាមួយ ដូច្នេះ ប្រសិនបើវានៅជាប់ថ្ម នោះនៅមានឱកាសតូចមួយដែលគេអាចបើកវាតាមបានមធ្យោបាយណាមួយដោយមិនឱ្យពុកដឹង។
អំពីអនាមិកភាព
ប្រសិនបើលោកអ្នកកំពុងធ្វើការសន្ទនាតាមទូរស័ព្ទ ឬកំពុងផ្ញើសារSMSដោយមានព័ត៌មានរសើប ត្រូវប្រយ័ត្នអំពី'មុខងារ'តាមដានខាងលើចំពោះគ្រប់ទូរស័ព្ទចល័តទាំងអស់។ សូមពិចារណាជ្រើសយកជំហានអនុវត្តន៍ខាងក្រោម៖
រៀងរាល់ពេលហៅទូរស័ព្ទ ត្រូវហៅចេញពីកន្លែងខុសៗគ្នា ហើយជ្រើសរើសយកទីតាំងដែលមិនពាក់ព័ន្ធនឹងលោកអ្នក។
ត្រូវរក្សាទូរស័ព្ទរបស់លោកអ្នកឱ្យបិទដោយដោះថ្មចេញជានិច្ច ទៅកន្លែងដែលបានជ្រើសរើស បើកទូរស័ព្ទ ធ្វើការទាក់ទង បិទទូរស័ព្ទ និងដោះថ្មចេញវិញ។ ជាមួយការទម្លាប់ធ្វើបែបនេះ រាល់ពេលដែលលោកអ្នកធ្វើការហៅទូរស័ព្ទ នឹងមានន័យថា បណ្តាញទូរស័ព្ទមិនអាចតាមដានចលនាសកម្មភាពរបស់លោកអ្នកបានទេ។
ត្រូវផ្លាស់ប្តូរទូរស័ព្ទ និងសុីមកាត ឱ្យបានញឹកញាប់។ ផ្លាស់ប្តូរពួកវាជាមួយមិត្តភក្តិ ឬផ្សារលក់ទូរស័ព្ទជជុះ។
ត្រូវប្រើសុីមកាតប្រភេទបង់ប្រាក់ជាមុនដែលមិនចុះឈ្មោះ ប្រសិនបើអាចធ្វើបាននៅក្នុងតំបន់របស់លោកអ្នក។
ត្រូវជៀសវាងបង់ថ្លៃទូរស័ព្ទ ឬសុីមកាតដោយប្រើប័ណ្ណឥណទាន ព្រោះការប្រើប័ណ្ណឥណទាននឹងបង្កើតការជាប់ពាក់ព័ន្ធមួយរវាងរបស់ទាំងនេះ និងលោកអ្នក។
បូណា៖ តើឯងកំពុងប្រាប់ពុកថា ទូរស័ព្ទរបស់ពុកប្រហែលជាកំពុងប្រាប់ទៅអង់តែនអំពីកន្លែងរបស់ពុក ទោះជាវាត្រូវបានបិទហើយតើមែនទេ?
ដេលា៖ មែន ហើយនេះមិនទាន់ជាករណីអាក្រក់បំផុតនោះទេ។
បូណា៖ ថាម៉េច?
ដេលា៖ ខ្ញុំឮគេនិយាយថា មានកម្មវិធីដែលអាចបញ្ចូលទៅក្នុងទូរស័ព្ទរបស់ពុក ដើម្បីបើកវាបានដោយសម្ងាត់និងពីចម្ងាយ ហើយឱ្យវាហៅទៅលេខទូរស័ព្ទណាមួយដោយមិនឱ្យពុកដឹង។ បន្ទាប់មក នៅពេលពុកចាប់ផ្តើមការជួបប្រជុំរបស់ពុក វាអាចនឹងចាប់ផ្តើមដំណើរការដូចជាឧបករណ៍ថតសម្លេងនិងបញ្ជូនសម្លេងបានទៀតផង។
បូណា៖ ស្តាប់ទៅមិនទំនងទាល់តែសោះ! តើឯងនិយាយពិតទេ?
ដេលា៖ តាមលក្ខណៈបច្ចេកវិទ្យា វាមិនពិបាកធ្វើនោះទេ។ ប៉ុន្តែ ការនេះមិនអាចកើតឡើងបានឡើយ ប្រសិនបើថ្មត្រូវបានផ្តាច់ចេញពីទូរស័ព្ទហើយនោះ ដូច្នេះ ពុកនឹងមានសុវត្ថិភាពនៅក្នុងករណីមិនទំនងនេះ។
បូណា៖ ពុកគិតថា ពុកនឹងមិនយកវាទៅជាមួយពុកទេ ប្រសិនបើពុកចង់មានការប្រុងប្រយ័ត្នបំផុតនោះ។ ប៉ុន្តែ ពុកមិនដឹងថា តើពុកគួរប្រើរបស់នេះទៀតឬអត់?
ដេលា៖ មិនដល់ថ្នាក់នេះពេកទេពុក។ ពុកធ្លាប់ប្រាប់ខ្ញុំថា កុំខ្លាចនឹងរបស់ថ្មី។ ទូរស័ព្ទចល័ត ក៏មានលក្ខណៈដូចនោះដែរ។ ពុកគ្រាន់តែត្រូវដឹងអំពីអត្ថប្រយោជន៍ និងហានិភ័យរបស់វា ហើយរក្សាការប្រុងប្រយ័ត្នទៅបានហើយ។ ប្រសិនបើពុកដឹងពីហានិភ័យទាំងនោះ ពុកអាចចាត់ជំហានអនុវត្តន៍ ដើម្បីជៀសវាងហានិភ័យទាំងនោះបាន។
អំពីការលួចស្តាប់
ទូរស័ព្ទរបស់លោកអ្នកអាចត្រូវបានកំណត់ឱ្យថតចម្លង និងបញ្ជូនសម្លេង នៅក្នុងចន្លោះចម្ងាយដែលម៉ាយក្រូហ្វូនរបស់វាអាចចាប់បាន ដោយមិនឱ្យលោកអ្នកដឹង។ ទូរស័ព្ទខ្លះ អាចត្រូវបានបើកពីចម្ងាយ ហើយដាក់ឱ្យដំណើរការដូចនេះ ទោះបីពួកវាមើលទៅដូចជាបានបិទហើយក៏ដោយ។
មិនត្រូវបណ្តោយឱ្យជនដែលលោកអ្នកមិនទុកចិត្ត កាន់ប្រើទូរស័ព្ទរបស់លោកអ្នកឱ្យសោះ ព្រោះនេះគឺជាមធ្យោបាយទូទៅមួយដើម្បីបញ្ចូលកម្មវិធីលួចយកការណ៍នៅក្នុងទូរស័ព្ទរបស់លោកអ្នក។
ប្រសិនបើលោកអ្នកកំពុងធ្វើការប្រជុំដែលមានលក្ខណៈឯកជននិងសំខាន់ ត្រូវបិទទូរស័ព្ទរបស់លោកអ្នក ហើយផ្តាច់ថ្មចេញពីវា។ ឬលោកអ្នកមិនបាច់យកវាជាប់តាមខ្លួនឡើយ ប្រសិនបើលោកអ្នកអាចទុកវានៅកន្លែងដែលមានសុវត្ថិភាពបាន។
ត្រូវប្រាកដថា អ្នកដែលលោកអ្នកទាក់ទងជាមួយ កំពុងប្រើផងដែរនូវវិធីការពារដែលបរិយាយនៅក្នុងផ្នែកនេះ។
ជាងនេះទៅទៀត ត្រូវកុំភ្លេចថា ការប្រើទូរស័ព្ទនៅកន្លែងសាធារណៈ ឬនៅកន្លែងដែលលោកអ្នកមិនទុកចិត្ត អាចធ្វើឱ្យលោកអ្នករងហានិភ័យដោយត្រូវបានគេលួចស្តាប់ ឬត្រូវលួចយកទូរស័ព្ទជាដើម។
អំពីការស្ទាក់ចាប់ការហៅតាមទូរស័ព្ទ
ជាទូទៅ ការធ្វើកូដនីយកម្មនៃការទំនាក់ទំនងជាសម្លេង (និងសារជាអក្សរ) ដែលធ្វើដំណើរឆ្លងកាត់បណ្តាញទូរស័ព្ទចល័តមានកម្រិតខ្សោយណាស់។ មានបច្ចេកទេសថោកៗជាច្រើន ដែលភាគីទីបីអាចប្រើ ដើម្បីស្ទាក់ចាប់ការទំនាក់ទំនងជាអក្សររបស់លោកអ្នក ឬដើម្បីស្តាប់ការសន្ទនាតាមទូរស័ព្ទរបស់លោកអ្នក ប្រសិនបើពួកគេនៅជិតទូរស័ព្ទនោះហើយអាចទទួលបានការបញ្ជូនសញ្ញាពីវា។ ហើយជាការពិត ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត មានសិទ្ធិចូលមើល និងស្តាប់ការទំនាក់ទំនងជាអក្សរនិងជាសម្លេងរបស់លោកអ្នកបាន។ បច្ចុប្បន្ននេះ ការធ្វើកូដនីយកម្មការហៅទូរស័ព្ទ មានតម្លៃថ្លៃ និង/ឬមានការលំបាកផ្នែកបច្ចេកទេសខ្លះៗ ដើម្បីធ្វើឱ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តមិនអាចលបស្តាប់បានដែរ។ ប៉ុន្តែ ឧបករណ៍ទាំងនេះត្រូវបានរំពឹងថា នឹងមានតម្លៃចុះថោកក្នុងពេលឆាប់ៗនេះ។ ដើម្បីធ្វើកូដនីយកម្មបាន ជាដំបូងលោកអ្នកត្រូវបញ្ចូលកម្មវិធីកូដនីយកម្មមួយទៅក្នុងទូរស័ព្ទរបស់លោកអ្នក និងទៅក្នុងទូរស័ព្ទរបស់អ្នកដែលលោកអ្នកគ្រោងទាក់ទងជាមួយ។ បន្ទាប់មក លោកអ្នកអាចនឹងប្រើកម្មវិធីនេះដើម្បីផ្ញើ និងទទួលការហៅទូរស័ព្ទ និង/ឬសារដែលបានធ្វើកូដនីយកម្មនោះ។ បច្ចុប្បន្ននេះ កម្មវិធីកូដនីយកម្ម អាចដំណើរការបានតែជាមួយម៉ូដែលទូរស័ព្ទតិចតួចប៉ុណ្ណោះ ដែលម៉ូដែលទាំងនោះត្រូវបាគេហៅថា ទូរស័ព្ទ'ឈ្លាសវៃ' ឬ ស្មាតហ្វូន។
ការសន្ទនាគ្នារវាងSkypeនិងទូរស័ព្ទចល័ត មិនត្រូវបានធ្វើកូដនីយកម្មនោះឡើយ ព្រោះនៅត្រង់ចំណុចខ្លះ សញ្ញាទំនាក់ទំនងនឹងផ្លាស់ទីទៅបណ្តាញទូរស័ព្ទចល័ត ដែលនៅទីនោះមិនមានមុខងារកូដនីយកម្មឡើយ។
ទំនាក់ទំនងជាអក្សរ – SMS / សារជាអក្សរ
លោកអ្នកមិនគួរពឹងផ្អែកទៅលើសេវាសារជាអក្សរដើម្បីបញ្ជូនព័ត៌មានរសើបឡើយ។ សារដែលត្រូវបានបញ្ជូនឱ្យគ្នាទៅវិញទៅមក គឺមានទម្រង់ជាអក្សរធម្មតា ដែលធ្វើឱ្យពួកវាមិនសមស្របសម្រាប់ប្រតិបត្តិការរក្សាការសម្ងាត់ឡើយ។
បូណា៖ ចុះបើពុកមិនប្រើទូរស័ព្ទរបស់ពុកដើម្បីហៅទូរស័ព្ទសោះ ហើយគ្រាន់តែផ្ញើនិងទទួលសារតូចៗទាំងនេះវិញ? ពួកគេមិនអាចលបស្តាប់ដឹងអ្វីឡើយ ប្រសិនបើមិនមានអ្នកនិយាយនោះ ហើយ វាលឿនរហ័សណាស់ តើត្រូវទេ?
ដេលា៖ ឈប់សិនពុក។ សារទាំងនេះងាយស្រួលល្មមនឹងឱ្យគេស្ទាក់ចាប់បានផងដែរ ហើយអ្នកដែលមានសិទ្ធិចូលក្នុងចរាចរណ៍នៃបណ្តាញពីក្រុមហ៊ុនសេវាទូរស័ព្ទ ឬអ្នកដទៃទៀតដែលមានបរិក្ខារត្រឹមត្រូវ គឺអាចចាប់និងអានសារទាំងនេះ ដែលកំពុងផ្លាស់ទីជាទម្រង់អក្សរធម្មតានៅក្នុងបណ្តាញ និងដែលត្រូវបានថតទុកពីអង់តែនមួយទៅអង់តែនមួយ។
បូណា៖ ពិតជាឆ្កួតមែន។ តើពុកគួរធ្វើដូចម្តេច? តើត្រូវសរសេរកូដសម្ងាត់ ដូចដែលធ្លាប់ធ្វើក្នុងសម័យសង្គ្រាមឬ?
ដេលា៖ ពេលខ្លះ ទ្រនាប់ជើងចាស់បំផុត គឺជាទ្រនាប់ជើងដែលប្រើស្រួលបំផុតផងដែរ។
សារSMSដែលត្រូវបានផ្ញើចេញទៅ អាចត្រូវបានស្ទាក់ចាប់ដោយប្រតិបត្តិករសេវា ឬដោយភាគីទីបី ដោយប្រើបរិក្ខារមានតម្លៃមិនថ្លៃនោះទេ។ ក្នុងសារទាំងនោះ នឹងមានលេខទូរស័ព្ទរបស់អ្នកផ្ញើ និងអ្នកទទួល ព្រមទាំងខ្លឹមសាររបស់សារ។ លើសពីនេះទៅទៀត សារSMSអាចត្រូវបានកែ ឬបន្លំបានយ៉ាងងាយដោយភាគីទីបី។
ត្រូវពិចារណាបង្កើតប្រព័ន្ធកូដមួយរវាងលោកអ្នក និងដៃគូទំនាក់ទំនងរបស់លោកអ្នក។ កូដអាចធ្វើឱ្យទំនាក់ទំនងរបស់លោកអ្នកមានសុវត្ថិភាពជាងមុន ហើយអាចផ្តល់នូវមធ្យោបាយបន្ថែមសម្រាប់បញ្ជាក់អត្តសញ្ញាណរបស់អ្នកដែលលោកអ្នកកំពុងទាក់ទងជាមួយ។ ប្រព័ន្ធកូដ ចាំបាច់ត្រូវតែមានសុវត្ថិភាព និងផ្លាស់ប្តូរឱ្យបានញឹកញាប់។
សារSMS នៅបន្សល់ទុកបន្ទាប់ពីការបញ្ជូន៖
នៅក្នុងប្រទេសជាច្រើន ច្បាប់(ឬឥទ្ធិពលផ្សេងៗទៀត)តម្រូវឱ្យក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរស័ព្ទធ្វើការរក្សាទុក នូវកំណត់ត្រាគ្រប់សារជាអក្សរទាំងអស់ដែលផ្ញើចេញដោយអតិថិជនរបស់ក្រុមហ៊ុន សម្រាប់រយៈពេលវែងមួយ។ ក្នុងករណីភាគច្រើនបំផុត សារSMSត្រូវបានរក្សាទុកដោយក្រុមហ៊ុនផ្តល់សេវា សម្រាប់គោលបំណងធុរកិច្ច គណនេយ្យ ឬវិវាទផ្សេងៗ។
សារដែលបានថតចម្លងទុកនៅក្នុងទូរស័ព្ទរបស់លោកអ្នក អាចចូលមើលបានដោយងាយដោយអ្នកដែលកាន់ទូរស័ព្ទរបស់លោកអ្នក។ ត្រូវពិចារណាលុបចោលគ្រប់សារដែលផ្ញើចេញនិងទទួលបានទាំងអស់ភ្លាមៗ។
ទូរស័ព្ទខ្លះមានមុខងារបិទដំណើរការកត់ត្រាប្រវត្តិនៃការហៅទូរស័ព្ទ ឬសារជាអក្សរ។ មុខងារនេះ អាចមានប្រយោជន៍យ៉ាងពិសេស សម្រាប់អ្នកដែលធ្វើការងាររសើបច្រើន។ លោកអ្នកគួរប្រាកដផងដែរថា លោកអ្នកដឹងច្បាស់អំពីអ្វីដែលទូរស័ព្ទរបស់ខ្លួនមានសមត្ថភាពធ្វើបាន។ សូមអាចសៀវភៅណែនាំបន្ថែម!
មុខងារលើសពីការនិយាយ និងសារ
ទូរស័ព្ទចល័ត កំពុងបម្លែងខ្លួនជាឧបករណ៍កុំព្យូទ័រចល័ត ដែលបំពេញបន្ថែមទៅលើប្រព័ន្ធប្រតិបត្តិការផ្ទាល់របស់ពួកវា និងកម្មវិធីដែលអាចដោនឡូតបានសម្រាប់ផ្តល់សេវាផ្សេងៗដល់អ្នកប្រើប្រាស់។
ជំពូក ១១ ៖ របៀបប្រើស្មាតហ្វូនដោយសុវត្ថិភាពបំផុតដែលអាចធ្វើបាន លើកឡើងអំពីបញ្ហាទាក់ទងទៅនឹងទូរស័ព្ទចល័តប្រភេទទាំងនេះ ព្រោះការភ្ជាប់សេវាអុីនធឺណិតនាំមកនូវសក្តានុពល និងហានិភ័យដែលយើងបានលើកឡើងនៅក្នុងជំពូកមុនៗ។
ខណៈដែលម៉ូដែលទូរស័ព្ទចល័តសេ៊រីមុនមួយចំនួន មានមុខងារអុីនធឺណិតតិចតួចឬគ្មានសោះនោះ ទោះបីជាដូច្នេះក្តី វាគឺជាការសំខាន់ដែលត្រូវសង្កេតមើលអំពីការប្រុងប្រយ័ត្នជាមុនដែលត្រូវបានគូសបង្ហាញនៅខាងក្រោមនេះ អំពីគ្រប់ទូរស័ព្ទទាំងអស់។ លោកអ្នកគួរតែដឹងឱ្យបានច្បាស់លាស់ថា តើទូរស័ព្ទរបស់លោកអ្នកមានសមត្ថភាពអ្វីខ្លះ ដើម្បីប្រកដថា លោកអ្នកបានចាត់វិធានការសមស្របបាន៖
មិនត្រូវរក្សាទុកឯកសារ និងរូបថតសម្ងាត់នៅក្នុងទូរស័ព្ទរបស់លោកអ្នកឡើយ។ ត្រូវប្តូរទីតាំងរបស់ពួកវាទៅដាក់នៅក្នុងកន្លែងមួយដែលមានសុវត្ថិភាព ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដូចដែលត្រូវបានពិភាក្សានៅក្នុង ជំពូក ៤ ៖ របៀបការពារឯកសាររសើបនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។
ត្រូវលុបកំណត់ត្រាការហៅទូរស័ព្ទ សារ សៀវភៅអាសយដ្ឋាន រូបថត... ឱ្យបានញឹកញាប់។
ប្រសិនបើលោកអ្នកប្រើទូរស័ព្ទរបស់លោកអ្នកដើម្បីបើកមើលទំព័រអុីនធឺណិត ត្រូវធ្វើតាមការអនុវត្តន៍ដែលមានប្រសិទ្ធភាព ដែលស្រដៀងទៅនឹងការអនុវត្តន៍ដែលលោកអ្នកប្រើចំពោះកុំព្យូទ័រ (ឧទា. ជានិច្ចកាល ត្រូវផ្ញើព័ត៌មានតាមការភ្ជាប់សេវាដែលត្រូវបានធ្វើកូដនីយកម្ម ដូចជា HTTPSជាដើម)។
ត្រូវភ្ជាប់ទូរស័ព្ទរបស់លោកអ្នកទៅកុំព្យូទ័រ តែក្នុងករណីដែលលោកអ្នកប្រាកដថា កុំព្យូទ័រនោះមិនមានMalware (មែលវែរ)ប៉ុណ្ណោះ។ សូមមើល ជំពូក ១ ៖ របៀបការពារកុំព្យូទ័ររបស់លោកអ្នកពី Malware (មែលវែរ) និងក្រុមHacker (ហែកឃឺ).
មិនត្រូវទទួលយកនិងបញ្ចូលកម្មវិធីដែលមិនស្គាល់និងមិនបានពិនិត្យផ្ទៀងផ្ទាត់ ទៅក្នុងទូរស័ព្ទរបស់លោកអ្នកឡើយ រួមទាំង សម្លេងរោទិ៍ ផ្ទាំងរូបភាព កម្មវិធី Java ឬអ្វីផ្សេងទៀតដែលចេញមកពីប្រភពមួយដែលមិនចង់បាន ឬមិនបានរំពឹងទុក។ ពួកវាអាចមានមេរោគ កម្មវិធីអាក្រក់ ឬកម្មវិធីលួចយកការណ៍។
ត្រូវសង្កេតមើលសភាពនិងដំណើរការនៃទូរស័ព្ទរបស់លោកអ្នក។ ត្រូវព្យាយាមរកមើលកម្មវិធីនិងដំណើរការដែលមិនស្គាល់ សារចម្លែក និងប្រតិបត្តិការមិនប្រក្រតី។ ប្រសិនបើលោកអ្នកមិនស្គាល់ឬប្រើមុខងារ និងកម្មវិធីមួយចំនួនដែលមាននៅក្នុងទូរស័ព្ទលោកអ្នក លោកអ្នកត្រូវបិទដំណើរការ ឬលុបពួកវាចោលប្រសិនលោកអ្នកអាចធ្វើបាន។
ត្រូវប្រយ័ត្នចំពោះការភ្ជាប់ប្រើសេវាWiFiដែលមិនតម្រូវឱ្យបញ្ចូលពាក្យសម្ងាត់ ព្រោះវាមានលក្ខណៈដូចនឹងការប្រើកុំព្យូទ័ររបស់លោកអ្នក ដែលភ្ជាប់ទៅសេវាWiFiយ៉ាងដូច្នោះដែរ។ ទូរស័ព្ទចល័ត ជាសារវន្តមានលក្ខណៈដូចជាកុំព្យូទ័រមួយដែរ ដែលដោយហេតុនេះហើយ វាក៏ទទួលចំណែកភាពងាយរងហានិភ័យ និងអសុវត្ថិភាពដែលប៉ះពាល់ដល់កុំព្យូទ័រនិងអុីនធឺណិតផងដែរ។
ត្រូវប្រាកដថា បណ្តាញទំនាក់ទំនងនៅក្នុងទូរស័ព្ទរបស់លោកអ្នក ដូចជា អាំងហ្វ្រ៉ា (IrDA), Bluetooth (ប៊្លូធូស) និងសេវាអុីនធឺណិតឥតខ្សែ(WiFi)ជាដើម ត្រូវបានបិទ និងបិទដំណើរការ ប្រសិនបើលោកអ្នកមិនប្រើពួកវា។ ត្រូវបើកពួកវាវិញ តែនៅពេលដែលតម្រូវឱ្យប្រើពួកវាប៉ុណ្ណោះ។ ត្រូវប្រើពួកវា តែនៅក្នុងស្ថានភាពនិងទីកន្លែងដែលគួរទុកចិត្តប៉ុណ្ណោះ។ ត្រូវពិចារណាអំពីការមិនប្រើសេវា Bluetooth ព្រោះវាងាយស្រួលនឹងឱ្យគេលបស្តាប់។ ជំនួសឱ្យការប្រើសេវាBluetoothនេះ ត្រូវផ្ទេរទិន្នន័យដោយប្រើខ្សែភ្ជាប់ពីទូរស័ព្ទទៅកាសឬទៅកុំព្យូទ័រ។
សេចក្តីសម្រាប់អានបន្ថែម
សៀវភៅ Mobile Advocacy Toolkit ដែលចេញដោយអង្គការ Tactical Technology Collective។ ក្នុងចំណោមវត្ថុផ្សេងទៀត សៀវភៅនេះមានវិសាលភាពទូលាយមួយអំពីឧបករណ៍ និងគំរូផ្សេងៗទៀតដែលទាក់ទងទៅនឹងការប្រើប្រាស់ពួកវា។
សុវត្ថិភាពសម្រាប់សកម្មជន - សៀវភៅសុវត្ថិភាពអនុវត្តន៍ សម្រាប់សកម្មជននិងយុទ្ធនាការឃោសនា។