២. របៀប​ការពារ​ព័ត៌​មាន​របស់​លោកអ្នក​ពី​ការ​គំរាមកំហែង​ផ្នែក​រូបវន្ត

តារាងមាតិកា

...Loading Table of Contents...

    <p> មិនថាលោកអ្នកបានខិតខំប្រឹងប្រែងខ្លាំងប៉ុណ្ណា ដើម្បីកសាងរបាំងការពារឌីជីតថលមួយ នៅជុំវិញកុំព្យូទ័ររបស់ខ្លួននោះទេ លោកអ្នកនៅតែអាចក្រោកឡើង នៅព្រឹកមួយដែលកុំព្យូទ័រនោះ ឬសំណៅចម្លងមួយព័ត៌មាននៅលើកុំព្យូទ័រនោះត្រូវបានបាត់ លួច ឬធ្វើឱ្យខូច ដោយសារភាពចៃដន្យអាក្រក់ ឬសកម្មភាពព្យាបាទមួយចំនួន។ សកម្មភាពដូចជាកម្លាំងខ្យល់បក់តាមបកតាមបង្អួចចំហ ដែលធ្វើឲ្យពែងកាហ្វេរបស់អ្នកកំពប់ អាចនឹងនាំទៅរកស្ថានភាពមួយ ធ្វើឲ្យបាត់បង់ទិន្នន័យទាំងអស់របស់លោកអ្នកពីកុំព្យូទ័រ ហើយលោកអ្នកអាចនឹងមិនអាចប្រើកុំព្យូទ័ររបស់ខ្លួនបានទៀតឡើយ។ ការវាយតម្លៃហានិភ័យដោយប្រុងប្រយ័ត្ន ការខិតខំជាប់លាប់មួយដើម្បីថែទាំបរិស្ថានសុវត្ថិភាពរបស់កុំព្យូទ័រ និង គោលនយោបាយស្តីពីសុវត្ថិភាព អាចជួយបញ្ចៀសមហន្តរាយប្រភេទនេះបាន។

    សេណារីយ៉ូពីក្រោយ

    ស៊ីនហ្គាយ និង រូដូ គឺជាគូស្នេហ៍រៀបការវ័យចំណាស់មួយគូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការជួយ ប្រជាជនដែលឆ្លងមេរោគអេដស៍នៅក្នុងប្រទេសហ្ស៊ីបាបវេ ឱ្យទទួលបានការប្រើឱសថត្រឹមត្រូវ។ ពួកគេកំពុងដាក់ពាក្យស្នើសុំជំនួយដើម្បីទិញកុំព្យូទ័រ និងបរិក្ខារបណ្តាញកុំព្យូទ័រថ្មី ជាច្រើនសម្រាប់ការិយាល័យរបស់ខ្លួន។ ដោយសារពួកគេរស់នៅក្នុងតំបន់មួយ ដែលមានភាពវឹកវរទាំងផ្នែកនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធនោះ ពួកគេនិងអ្នកផ្តល់មូលនិធិសំខាន់ៗរបស់ពួកគេចង់ធ្វើឲ្យប្រាកដថា កុំព្យូទ័រថ្មីរបស់ពួកគេនឹងមានសុវត្ថិភាព មិនត្រឹមតែមានសុវត្ថិភាពពីក្រុមHacker និងVirusប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសុវត្ថិភាពពីការរឹបអូស ព្យុះផ្គររន្ទះ ការឆ្លងចរន្តអគ្គិសនី និងមហន្តរាយផ្សេងទៀត។ ពួកគេក៏សួរទៅអូតូ ដែលជាអ្នកបច្ចេកទេសខាងកុំព្យូទ័រមួយរូបក្នុងតំបន់ ដើម្បីជួយពួកគេរៀបចំធ្វើផែនការសកម្មភាពមួយ ដើម្បីពង្រឹងសុវត្ថិភាពរូបវន្តរបស់កុំព្យូទ័រ និងគ្រឿងបណ្តាញកុំព្យូទ័រដែលពួកគេគ្រោងទិញ ប្រសិនបើពាក្យស្នើសុំជំនួយរបស់ពួកគេទទួលបានជោគជ័យ។

    អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ

    • ការយល់ដឹងបន្ថែមអំពី ការគំរាមកំហែងផ្នែករូបវន្តខ្លះៗចំពោះកុំព្យូទ័ររបស់លោកអ្នក និងចំពោះព័ត៌មានដែលផ្ទុកនៅលើកុំព្យូទ័រនោះ
    • របៀបធានាសុវត្ថិភាពបរិក្ខារកុំព្យូទ័រឲ្យបានប្រសើរបំផុត ប្រឆាំងនឹងការគំរាមកំហែងមួយចំនួនក្នុងចំណោមការគំរាមកំហែងទាំងនេះ
    • របៀបបង្កើតបរិស្ថានប្រតិបត្តិការមួយដែលរឹងមាំសម្រាប់កុំព្យូទ័រ និងបរិក្ខារបណ្តាញកុំព្យូទ័រ
    • ចំណុចដែលត្រូវពិចារណា នៅពេលបង្កើតផែនការរក្សាសុវត្ថិភាពមួយសម្រាប់កុំព្យូទ័រ ដែលមាននៅក្នុង ការិយាល័យរបស់លោកអ្នក

    ការវាយតម្លៃហានិភ័យរបស់លោកអ្នក

    អង្គភាពជាច្រើនមើលស្រាលចំពោះសារៈសំខាន់ នៃការរក្សាការិយាល័យ និងបរិក្ខារការិយាល័យរបស់ខ្លួន ឲ្យមានសុវត្ថិភាពរូបវន្ត។ ជាលទ្ធផល ពួកគេជាញឹកញាប់ ខ្វះគោលនយោបាយច្បាស់លាស់ ដែលបរិយាយអំពីវិធានការដែលខ្លួនគួរចាត់ ដើម្បីការពារកុំព្យូទ័រ និងឧបករណ៍ផ្ទុកទិន្នន័យ ពីការលួច លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ហេតុចៃដន្យ និង ការគំរាមកំហែងផ្នែករូបវន្តផ្សេងៗទៀត។ សារៈសំខាន់នៃគោលនយោបាយបែបនេះ ស្តាប់ទៅអាចនឹងហាក់ដូចជាងាយយល់ ប៉ុន្តែការរៀបចំទម្រង់ពួកវាឲ្យបានត្រឹមត្រូវអាចមានលក្ខណៈស្មុគស្មាញ ជាងអ្វីដែលបានឮ។ អង្គភាពជាច្រើន ឧទា. មានសោរគុណភាពល្អសម្រាប់ចាក់ទ្វារការិយាល័យរបស់ខ្លួន ហើយអង្គភាពជាច្រើនផ្សេងទៀតមានបង្អួចធានាសុវត្ថិភាព ប៉ុន្តែប្រសិនបើពួកគេមិនប្រុងប្រយ័ត្នចំពោះចំនួនកូនសោរ និងចំពោះអ្នកដែលមានកូនសោរចម្លងទាំងនោះទេនោះ ព័ត៌មានរសើបនៅតែប្រឈមនឹងហានិភ័យដដែល។

    ស៊ីនហ្គាយ៖ យើងចង់ដាក់សេចក្តីសង្ខេប នៃគោលនយោបាយសុវត្ថិភាពរបស់យើង ទៅក្នុងពាក្យស្នើសុំជំនួយនេះ ប៉ុន្តែយើងត្រូវធ្វើឲ្យប្រាកដផងដែរថា គោលនយោបាយនេះមានលក្ខណៈពិស្តារ។ តើយើងគួរដាក់បញ្ចូលអ្វីខ្លះ ទៅក្នុងគោលនយោបាយនេះ?

    អូតូ៖ ខ្ញុំគិតថា ខ្ញុំមិនអាចណែនាំដំណោះស្រាយសមស្របទាំងស្រុងមួយ ចំពោះបញ្ហាសុវត្ថិភាពរូបវន្តបានទេ។ ចំណុចជាក់លាក់នៃគោលនយោបាយល្អមួយ ជាទូទៅពឹងផ្អែកទៅលើ ស្ថានភាពជាក់ស្តែង ផ្ទាល់ខ្លួនរបស់អង្គភាពមួយ។ នេះគឺជាការណែនាំទូទៅ៖ នៅពេលអ្នកកំពុងសាកល្បងរៀបចំផែនការមួយ អ្នកចាំបាច់ត្រូវសង្កេតមើលបរិស្ថានការងាររបស់អ្នកដោយប្រុងប្រយ័ត្នបំផុត ហើយគិតដោយច្នៃប្រឌិតអំពីអ្វីខ្លះដែលជាចំណុចខ្សោយរបស់អ្នក និងអ្វីខ្លះដែលអ្នកអាចធ្វើបានដើម្បីពង្រឹងចំណុចខ្សោយទាំងនោះ។

    នៅពេលធ្វើការវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះដែលលោកអ្នក និងអង្គភាពរបស់លោកអ្នកកំពុងប្រឈម លោកអ្នកត្រូវតែវាយតម្លៃកម្រិតខុសៗគ្នា ទៅតាមទិន្នន័យរបស់លោកអ្នកដែលអាចនឹងត្រូវបានគំរាមកំហែង។ - ពិចារណាអំពីផ្លូវទំនាក់ទំនងដែលលោកអ្នកប្រើ និងរបៀបដែលលោកអ្នកប្រើពួកវា។ ឧទាហរណ៍អាចរួមមានដូចជា លិខិត ទូរសារ ទូរស័ព្ទប្រើខ្សែ ទូរស័ព្ទចល័ត អ៊ីមែល និង Skypeជាដើម។ - ពិចារណាអំពីរបៀបដែលលោកអ្នករក្សាទុកព័ត៌មានសំខាន់ៗរបស់អ្នក។ Hard Drive កុំព្យូទ័រ Server ម្រើសេវាអ៊ីមែល និងអ៊ីនធឺណិត អង្គចងចាំUSB, External Hard Drive, CDsនិងDVDs ទូរស័ព្ទចល័ត ឯកសារបោះពុម្ព និងកំណត់ត្រាសរសេរដោយដៃ សុទ្ធតែទំនងអាចប្រឈមទៅនឹងហានិភ័យ។ - ពិចារណាអំពីទីកន្លែង ដែលរូបវន្តរបស់ឧបករណ៍ទាំងនេះស្ថិតនៅ។ ពួកវាអាចនៅក្នុងការិយាល័យ នៅផ្ទះ នៅក្នុងធុងសម្រាម ឬ នៅ'កន្លែងណាមួយនៅលើអ៊ីនធណិត'។ ក្នុងករណីចុងក្រោយនេះ ប្រហែលជាមានលក្ខណៈលំបាកក្នុងការកំណត់ទីតាំងពិតប្រាកដ និងរូបវន្តរបស់ព័ត៌មានជាក់លាក់នោះផងដែរ។

    ត្រូវចាំថា ចំណែកនៃព័ត៌មានដដែលនេះអាចនឹងប្រឈមហានិភ័យក្នុងកម្រិតខុសៗគ្នាជាច្រើន។ ដូចដែលលោកអ្នកពឹងផ្អែកទៅលើ កម្មវិធីប្រឆាំងVirus ដើម្បីការពារអង្គចងចាំUSBរបស់អ្នកពី Malwareដែរ លោកអ្នកត្រូវតែពឹងផ្អែកទៅលើផែនការសុវត្ថិភាពលម្អិតផ្នែករូបវន្តមួយ ដើម្បីការពារព័ត៌មានដដែលនេះពីការលួច ការបាត់ និងការបំផ្លាញ។ ខណៈដែលទម្លាប់អនុវត្តន៍ផ្នែកសុវត្ថិភាពមួយចំនួន(ដូចជាការមានគោលនយោបាយស្តីពីការថតចម្លងទិន្នន័យទុកនៅក្រៅទីតាំងមេជាដើម) មានប្រយោជន៍ទប់ទល់នឹងការគំរាមកំហែងទាំងផ្នែកឌីជីតថល និងផ្នែករូបវន្តនោះ ការអនុវត្តន៍ផ្សេងៗទៀតមានលក្ខណៈកាន់តែជាក់លាក់យ៉ាងច្បាស់លាស់ថែមទៀត។

    នៅពេលលោកអ្នកសម្រេចចិត្ត ថាតើត្រូវទុកអង្គចងចាំUSB របស់លោកអ្នកនៅក្នុងហោប៉ៅ ឬនៅក្នុងកាបូប ប្លាស្ទិកមួយទុកនៅបាតវ៉ាលីរបស់លោកអ្នកនោះ លោកអ្នកកំពុងធ្វើការសម្រេចចិត្តមួយអំពីសុវត្ថិភាពផ្នែករូបវន្ត ទោះបីព័ត៌មានដែលលោកអ្នកព្យាយាមការពារនោះ មានទម្រង់ឌីជីតថលក៏ដោយ។ តាមធម្មតាគោលនយោបាយ ត្រឹមត្រូវអាស្រ័យខ្លាំងទៅលើស្ថានភាព។ តើលោកអ្នកកំពុងដើរឆ្លងកាត់ទីប្រជុំជន ឬធ្វើដំណើរឆ្លងកាត់ព្រំដែន? តើមានអ្នកផ្សេងទៀតនឹងយួរកាបូបរបស់លោកអ្នកដែរឬទេ? តើមេឃកំពុងភ្លៀងដែរឬទេ? ទាំងនេះគឺជាសំណួរដែលលោកអ្នកគួរពិចារណានៅក្នុងការធ្វើការសម្រេចចិត្តបែបនេះ។

    ការការពារព័ត៌មានរបស់លោកអ្នកពីអ្នកឈ្លានពានផ្នែករូបវន្ត

    អ្នកព្យាបាទដែលព្យាយាមចូលមើលព័ត៌មានរសើបរបស់លោកអ្នក គឺជាប្រភេទនៃ ការគំរាមកំហែងផ្នែករូបវន្តដ៏សំខាន់មួយ។ វាអាចនឹងជាកំហុសមួយបើអ្នកសន្មតថា នេះគឺជាការគំរាមកំហែងតែមួយគត់ ចំពោះសុវត្ថិភាពព័ត៌មានរបស់លោកអ្នក ប៉ុន្តែវាអាចក៏ជាការគិតខ្លីផងដែរ ប្រសិនបើអ្នកមិនខ្វល់ពីបញ្ហានេះទេ។ មានវិធានការមួយចំនួនដែលលោកអ្នកអាចចាត់ការ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការបំពានចូលជារូបវន្ត។ ការណែនាំខាងក្រោមនេះ អាចនឹងអនុវត្តបានចំពោះផ្ទះនិងការិយាល័យរបស់លោកអ្នក ហើយវាជាមូលដ្ឋានគ្រឹះមួយដែលលោកអ្នកគួរកសាងឲ្យស្របទៅតាមស្ថានភាពសុវត្ថិភាពរូបវន្តជាក់លាក់ផ្ទាល់ខ្លួនរបស់លោកអ្នក។

    ជុំវិញការិយាល័យ

    • ត្រូវស្គាល់អ្នកជិតខាងរបស់លោកអ្នក។ ដោយផ្អែកទៅលើស្ថានភាពសន្តិសុខនៅក្នុងប្រទេស និងអ្នកជិតខាងរបស់លោកអ្នក លោកអ្នកអាចអនុវត្តប្រការមួយក្នុងចំណោមប្រការពីរខាងក្រោម។ លោកអ្នកអាចធ្វើឲ្យពួកគេក្លាយជាសម្ព័ន្ធមិត្ត ដើម្បីជួយឃ្លាំមើលការិយាល័យរបស់លោកអ្នក ឬ ដាក់ពួកគេទៅក្នុងបញ្ជីនៃការគំរាមកំហែងខ្លាំងក្លាមួយ នៃផែនការសុវត្ថិភាពរបស់លោកអ្នក។

    • ពិនិត្យមើលឡើងវិញ នូវរបៀបការពារទ្វារ បង្អួច និងច្រកចូលផ្សេងទៀតទាំងអស់ នៅការិយាល័យរបស់លោកអ្នក។

    • គិតគូរអំពីការតម្លើងកាមេរ៉ាឃ្លាំមើលមួយ ឬឧបករណ៍ចាប់សញ្ញាចលនាមួយ។

    • ព្យាយាមបង្កើតកន្លែងទទួលភ្ញៀវមួយ ដែលភ្ញៀវអាចជួប នៅមុនពេលពួកគេចូលទៅក្នុងការិយាល័យ និងបង្កើតបន្ទប់ប្រជុំមួយដែលស្ថិតនៅដាច់ដោយឡែក ពីកន្លែងធ្វើការធម្មតារបស់លោកអ្នក។

    នៅក្នុងការិយាល័យ

    • ការពារខ្សែភ្ជាប់បណ្តាញកុំព្យូទ័រ ដោយអូសតម្លើងខ្សែទាំងនោះនៅខាងក្នុងការិយាល័យ។

    • ចាក់សោរឧបករណ៍បណ្តាញកុំព្យូទ័រដែលមាន ដូចជា Server, routers, switches, hubs និង modems នៅក្នុងបន្ទប់ ឬទូរសុវត្ថិភាព។ ជនអាក្រក់ដែលចូលប្រើបរិក្ខារទាំងនេះ អាចបញ្ចូលMalware ដែលអាចលួចយកទិន្នន័យនៅនឹងកន្លែង ឬវាយប្រហារកុំព្យូទ័រផ្សេងទៀតនៅលើបណ្តាញកុំព្យូទ័ររបស់លោកអ្នក ទាំងនៅពេលបន្ទាប់ពីជននោះចាកចេញទៅបាត់។ នៅក្នុងកាលៈទេសៈមួយចំនួន វាអាចនឹងមានប្រយោជន៍ក្នុងការលាក់Server កុំព្យូទ័រ ឬបរិក្ខារផ្សេងៗទៀតនៅក្នុងបន្ទប់តូចក្រោមដំបូលផ្ទះ នៅលើពិដានបញ្ឆោត ឬទុកជាមួយអ្នកជិតខាង ហើយប្រើពួកវាតាមរយៈការភ្ជាប់ដោយឥតប្រើខ្សែ។

    • ប្រសិនបើលោកអ្នកមានបណ្តាញកុំព្យូទ័រឥតប្រើខ្សែ វាជាការសំខាន់ណាស់ដែលលោកអ្នកត្រូវធានាសុវត្ថិភាព Access Point (ចំណុចចេញចូល) ដើម្បីកុំឲ្យអ្នកឈ្លានពានអាចចូលក្នុងបណ្តាញកុំព្យូទ័ររបស់លោកអ្នក ឬត្រួតពិនិត្យតាមដានចរាចរណ៍ទិន្នន័យរបស់លោកអ្នក។ ប្រសិនបើលោកអ្នកកំពុងប្រើបណ្តាញកុំព្យូទ័រឥតខ្សែគ្មានសុវត្ថិភាព អ្នកជិតខាងរបស់លោកអ្នកដែលមានLaptop អាចជាអ្នកលួចចូលក៏ថាបាន។ នេះគឺជានិយមន័យមិនធម្មតាមួយនៃពាក្យ“រូបវន្ត” ប៉ុន្តែវាជួយឲ្យអ្នកពិចារណាបានថា ជនអាក្រក់ដែលអាចពិនិត្យតាមដានបណ្តាញកុំព្យូទ័រឥតប្រើខ្សែរបស់លោកអ្នក មានសិទ្ធិចូលប្រើដូចគ្នាទៅនឹងអ្នក ដែលអាចលួចចូលទៅភ្ជាប់ខ្សែបណ្តាញ នៅក្នុងការិយាល័យរបស់លោកអ្នកដែរ។ ជំហានអនុវត្តន៍ដែលតម្រូវដើម្បីធានាសុវត្ថិភាពបណ្តាញកុំព្យូទ័រឥតប្រើខ្សែមួយ មានភាពផ្សេងគ្នា ដោយអាស្រ័យទៅលើ Access point hardware និង software របស់លោកអ្នក ប៉ុន្តែលោកអ្នកមិនលំបាកក្នុងការអនុវត្តន៍តាមនោះទេ។

    នៅកន្លែងធ្វើការរបស់លោកអ្នក

    • លោកអ្នកគួរដាក់ទីតាំងអេក្រង់កុំព្យូទ័ររបស់ខ្លួនដោយប្រុងប្រយ័ត្ន ទាំងនៅលើតុធ្វើការ និងនៅពេលលោកអ្នកមិននៅការិយាល័យ ដើម្បីបង្ការអ្នកដទៃមិនឲ្យអាននូវអ្វី ដែលមាននៅអេក្រង់នោះ។ នៅក្នុងការិយាល័យនេះមានន័យថា ត្រូវពិចារណាអំពីទីតាំងរបស់បង្អួច ទ្វារចំហ និងកន្លែងទទួលភ្ញៀវ ប្រសិនជាលោកអ្នកមាន។

    • ធុងកុំព្យូទ័រDesktopភាគច្រើនមានរន្ធស៊កមួយ ដែលលោកអ្នកអាចចាក់សោរបង្ការមិនឲ្យនរណាម្នាក់ បើកបានដោយគ្មានកូនសោរ។ ប្រសិនបើលោកអ្នកមានធុងកុំព្យូទ័រដូចនេះនៅក្នុងការិយាល័យ លោកអ្នកគួរចាក់សោរវា ដើម្បីកុំឲ្យជនអាក្រក់អាចរុះរើគ្រឿងខាងក្នុងរបស់វាបាន។ លោកអ្នកប្រហែលជាត្រូវពិចារណាផងដែរ អំពីលក្ខណៈពិសេសនេះ នៅពេលទិញកុំព្យូទ័រថ្មី។

    • ប្រើ ខ្សែកាបសុវត្ថិភាពដើម្បីចាក់សោរប្រសិនបើអាចធ្វើបាន ដើម្បីបង្ការកុំឲ្យជនអាក្រក់អាចលួចកុំព្យូទ័របាន។ ការធ្វើរបៀបនេះ មានសារៈសំខាន់ពិសេសសម្រាប់គ្រប់Laptop និងកុំព្យូទ័រលើតុតូចៗ ដែលអាចនឹងលាក់បាននៅក្នុងកាបូប ឬនៅក្រោមអាវធំ។

    កម្មវិធីកុំព្យូទ័រ និងមុខងារកំណត់ទាក់ទងទៅនឹងសុវត្ថិភាពរូបវន្ត

    • ត្រូវប្រាកដថា នៅពេលលោកអ្នកចាប់ផ្តើមដំណើរការកុំព្យូទ័រឡើងវិញ កុំព្យូទ័រនោះសុំឲ្យលោកអ្នកវាយពាក្យសម្ងាត់ មុននឹងអនុញ្ញាតឲ្យលោកអ្នកដំណើរការកម្មវិធីកុំព្យូទ័រ និងចូលប្រើប្រាស់ឯកសារ។ ប្រសិនបើវាមិនទាររកពាក្យសម្ងាត់ទេនោះ លោកអ្នកអាចបើកដំណើរការមុខងារទាររកពាក្យសម្ងាត់នេះ នៅក្នុងWindows ដោយចុចលើម៉ឺនុយ Start រួចជ្រើសរើសយក Control Panel ហើយចុចពីរដងលើ User Accounts។ នៅក្នុងផ្ទាំង User Accounts ជ្រើសរើសយកគណនីផ្ទាល់ខ្លួនរបស់លោកអ្នក ហើយចុចលើពាក្យ Create a Password។ ជ្រើសរើសយកពាក្យសម្ងាត់សុវត្ថិភាពមួយ ដែលត្រូវបានពិភាក្សានៅក្នុងជំពូក ៣៖ របៀបបង្កើត និងរក្សាពាក្យសម្ងាត់ល្អ រួចវាយបញ្ចូលពាក្យសម្ងាត់របស់លោកអ្នក បន្ទាប់មកវាយបញ្ជាក់ពាក្យសម្ងាត់នោះម្តងទៀត រួចចុចលើពាក្យ Create Password និងចុចលើ Yes, Make Private។
    • មានមុខងារកំណត់ពីរបីនៅក្នុងBIOSរបស់កុំព្យូទ័ររបស់លោកអ្នក ដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពរូបវន្ត។ ទីមួយ លោកអ្នកគួរកំណត់មុខងារកុំព្យូទ័ររបស់លោកអ្នក ដើម្បីកុំឲ្យវាbootពីឧបករណ៍USB, CD-ROM ឬ DVD។ ទីពីរ លោកអ្នកគួរកំណត់ពាក្យសម្ងាត់មួយនៅលើBIOSផ្ទាល់ ដើម្បីកុំឲ្យជនអាក្រក់អាចលុបចោលការកំណត់មុខងារចុងក្រោយបាន។ ជាថ្មីម្តងទៀត ត្រូវប្រាកដថា ត្រូវជ្រើសរើសយកពាក្យសម្ងាត់សុវត្ថិភាពមួយ។
    • ប្រសិនបើលោកអ្នកពឹងផ្អែកលើទិន្នន័យពាក្យសម្ងាត់សុវត្ថិភាព ដែលត្រូវបានពិភាក្សានៅក្នុងជំពូក ៣ដើម្បីរក្សាទុកពាក្យសម្ងាត់របស់Windows ឬBIOSសម្រាប់កុំព្យូទ័រជាក់លាក់មួយនោះ ត្រូវប្រាកដថា លោកអ្នកមិនរក្សាទុកសំណៅទិន្នន័យតែមួយនៅលើកុំព្យូទ័រនោះទេ។
    • ត្រូវប្រកាន់ទម្លាប់ចាក់សោរគណនី នៅរៀងរាល់ពេលដែលលោកអ្នកទុកកុំព្យូទ័រចោល។ នៅលើWindows លោកអ្នកអាចធ្វើការនេះបានយ៉ាងរហ័ស ដោយចុចជាប់លើប៊ូតុងរូបឡូហ្គោWindows នៅលើក្តារវាយអក្សរ និងចុចលើប៊ូតុងអក្សរ L។ ចំណុចនេះនឹងដំណើរការបាន លុះត្រាតែលោកអ្នកបានបង្កើតពាក្យសម្ងាត់មួយសម្រាប់គណនីរបស់លោកអ្នក ដូចដែលបរិយាយខាងលើជាមុនសិន។
    • ធ្វើកូដនីយកម្មព័ត៌មានរសើបដែលមាននៅលើកុំព្យូទ័រ និងឧបករណ៍ផ្ទុកទិន្នន័យនៅក្នុងការិយាល័យរបស់លោកអ្នក។ សូមមើល ជំពូក ៤ ៖ របៀបការពារឯកសាររសើប នៅក្នុងកុំព្យូទ័ររបស់លោកអ្នក សម្រាប់ព័ត៌មានលម្អិតបន្ថែម និងការចង្អុលបង្ហាញទៅកាន់មគ្គុទ្ទេសក៍អនុវត្តន៍ដែលសមស្រប#

    រូដូ៖ ខ្ញុំមានអារម្មណ៍ព្រួយបន្តិចអំពីការធ្វេសប្រហែសនៅក្នុងBIOS។ តើខ្ញុំអាចធ្វើឲ្យកុំព្យូទ័ររបស់ខ្ញុំខូចដែរឬទេ ប្រសិនបើខ្ញុំធ្វើអ្វីមួយខុស? អូតូ៖ ពិតណាស់ គឺវាអាច យ៉ាងហោចណាស់អស់រយៈពេលពីរបីម៉ោងដែរ។ តាមពិត ការកំណត់មុខងារដែលអ្នកចង់ផ្លាស់ប្តូរ គឺមានលក្ខណៈសាមញ្ញប៉ុណ្ណោះ ប៉ុន្តែអេក្រង់BIOSផ្ទាល់អាចមានការគម្រាមគំហែងបន្តិច ហើយវាអាចធ្វើឲ្យកុំព្យូទ័ររបស់អ្នក មិនអាចចាប់ផ្តើមដំណើរការបានជាបណ្តោះអាសន្ន ប្រសិនបើលោកធ្វើអ្វីមួយខុស។ ជាទូទៅ ប្រសិនបើអ្នកមិនទម្លាប់ធ្វើការនៅក្នុងBIOS លោកគួរសុំនរណាម្នាក់ដែលមានបទពិសោធន៍ខាងកុំព្យូទ័រឲ្យជួយដល់អ្នក។

    ឧបករណ៍អាចយកតាមខ្លួនបាន

    • ត្រូវរក្សាLaptop ទូរស័ព្ទចល័ត និងឧបករណ៍អាចយកតាមខ្លួនបានផ្សេងទៀតរបស់អ្នក ដែលមានផ្ទុកព័ត៌មានរសើប ឲ្យនៅជាប់ខ្លួនលោកអ្នកគ្រប់ពេលវេលា ជាពិសេសនៅពេលលោកអ្នកកំពុងធ្វើដំណើរ ឬស្នាក់នៅសណ្ឋាគារ។ ការធ្វើដំណើរដោយយកខ្សែកាបសុវត្ថិភាពរបស់ឡេបថប់ទៅជាមួយ គឺជាគំនិតល្អមួយ ទោះបីពេលខ្លះវាពិបាកក្នុងការរកបានវត្ថុសមស្របមួយ សម្រាប់ឲ្យលោកអ្នកអាចចងភ្ជាប់ឡេបថប់របស់លោកអ្នកបានក៏ដោយ។ សូមកុំភ្លេចថា ពេលបរិភោគអាហារ ជាញឹកញាប់ជាពេលដែលចោរអាចឆ្លៀតឱកាសឆែករកឡេបថប់នៅក្នុងបន្ទប់សណ្ឋាគារ នៅក្នុងអំឡុងម៉ោងពេលថ្ងៃ នៅពេលដែលបន្ទប់ទាំងនោះទំនងជាគ្មានមនុស្សនៅ។
    • ប្រសិនបើលោកអ្នកមានLaptop, Tablet ឬឧបករណ៍ចល័តផ្សេងទៀត ត្រូវព្យាយាមជៀសវាងសម្ញែងបង្ហាញរបស់ទាំងនោះឲ្យគេឃើញ។ មិនត្រូវបង្ហាញទៅចោរថា លោកអ្នកកំពុងមានឧបករណ៍មានតម្លៃដូចនេះឡើយ ឬ មិនត្រូវបង្ហាញទៅមនុស្ស ដែលប្រហែលជាចង់ចូលយកទិន្នន័យរបស់លោកអ្នកថា កាបូបស្ពាយរបស់លោកអ្នកមានhardware ដែលផ្ទុកពេញទៅដោយព័ត៌មានសំខាន់ៗឡើយ។ ត្រូវជៀសវាងប្រើឧបករណ៍អាចយកតាមខ្លួនបានរបស់លោកអ្នក នៅតាមទីសាធារណៈ ហើយគួរដាក់Laptopរបស់លោកអ្នកនៅក្នុងអ្វីមួយ ដែលមើលទៅមិនដូចជាកាបូបសម្រាប់ដាក់Laptopឡើយ។

    ការថែទាំបរិស្ថានសុវត្ថិភាពសម្រាប់ Hardware កុំព្យូទ័ររបស់លោកអ្នក

    កុំព្យូទ័រមានភាពងាយរងផលប៉ះពាល់យ៉ាងខ្លាំង ដូចជាឧបករណ៍អេឡិកត្រូនិកជាច្រើនទៀតដែរ។ ពួកវាមិនអាចសម្របខ្លួនបានល្អទៅនឹងថាមពលអគ្គិសនីដែលមិននឹងនរ សីតុណ្ហភាពអាក្រក់ខ្លាំង ធូលី សំណើមខ្ពស់ ឬសម្ពាធមេកានិកឡើយ។ មានកិច្ចការមួយចំនួនដែលលោកអ្នកអាចធ្វើបាន ដើម្បីការពារកុំព្យូទ័រ និងបរិក្ខារបណ្តាញកុំព្យូទ័ររបស់លោកអ្នកពីការគំរាមកំហែងទាំងនេះ៖

    • បញ្ហាអគ្គិសនីដែលមានដូចជាការបុកឡើងនៃចរន្តអគ្គិសនី ការដាច់ចរន្តអគ្គិសនី និងការបន្ថយថាមពល អគ្គិសនីជាដើម អាចបង្កការខូចខាតផ្នែករូបវន្តរបស់កុំព្យូទ័រ។ ភាពមិនប្រក្រតីដូចនេះ អាច'ធ្វើឲ្យខូច'Hard Drive របស់លោកអ្នក បំផ្លាញព័ត៌មានដែលមាននៅក្នុងHard Driveនោះ ឬធ្វើឲ្យអន្តរាយជារូបវន្តដល់សមាសធាតុ អេឡិកត្រូនិកដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក។

    • ប្រសិនបើលោកអ្នកមានលទ្ធភាព លោកអ្នកគួរតម្លើងអាគុយផ្គត់ផ្គង់ថាមពល (UPS')សម្រាប់កុំព្យូទ័រសំខាន់ៗនៅក្នុងការិយាល័យរបស់លោកអ្នក។ UPS ធ្វើឲ្យការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងនរ និងផ្តល់ថាមពលអគ្គិសនីបណ្តោះអាសន្នក្នុងករណីមានការដាច់ចរន្តអគ្គិសនី។

    • ប្រសិនបើUPS' មិនសមស្របសម្រាប់អ្នក ឬមានតម្លៃថ្លៃពេក លោកអ្នកប្រើឧបករណ៍ទប់ចរន្តអគ្គិសនី ឬឧបករណ៍ការពារការបុកឡើងនៃចរន្តអគ្គិសនី ព្រោះឧបករណ៍នីមួយៗនឹងជួយការពារលោកអ្នកពីការបុកឡើងនៃចរន្តអគ្គិសនីបាន។

    • ត្រូវធ្វើតេស្តបណ្តាញអគ្គិសនីរបស់លោកអ្នក មុនពេលលោកអ្នកភ្ជាប់បរិក្ខារសំខាន់ទៅបណ្តាញអគ្គិសនីនោះ។ ត្រូវព្យាយាមប្រើរន្ធដោតដែលមានរន្ធបី ព្រោះរន្ធមួយក្នុងចំណោមនោះគឺជា'ខ្សែដី' ឬ 'ផែនដី'។ ហើយប្រសិនបើអាច ត្រូវចំណាយពេលមួយថ្ងៃឬពីរថ្ងៃ ដើម្បីមើលពីរបៀបដំណើរការរបស់ប្រព័ន្ធអគ្គិសនីនៅក្នុងការិយាល័យថ្មី នៅពេលផ្តល់ថាមពលដល់ឧបករណ៍ដែលមានតម្លៃថោក ដូចជាអំពូល និងកង្ហារជាដើម មុនពេលដាក់ឲ្យកុំព្យូទ័ររបស់លោកអ្នកប្រើជាមួយវា។

    • ដើម្បីការពារហេតុចៃដន្យជាទូទៅ ត្រូវជៀសវាងដាក់ឧបករណ៍សំខាន់នៅក្នុងផ្លូវដើរ កន្លែងទទួលភ្ញៀវ ឬកន្លែងដែលងាយស្រួលចេញចូលផ្សេងទៀត។ ឧបករណ៍ទប់ចរន្តអគ្គិសនីUPS ឧបករណ៍ការពារការបុកឡើងនៃចរន្តអគ្គិសនី ព្រីភ្លើង និង ខ្សែបន្លាយ ជាពិសេសខ្សែដែលភ្ជាប់ទៅServer និងបរិក្ខារបណ្តាញកុំព្យូទ័រ គួរដាក់នៅកន្លែងដែលមានសុវត្ថិភាពជៀសវាងការដើរទាក់ដោយចៃដន្យ។

    • ប្រសិនបើលោកអ្នកអាចរកបានខ្សែកុំព្យូទ័រ ព្រីភ្លើង និងខ្សែបន្លាយដែលមានគុណភាពខ្ពស់ លោកអ្នកគួរទិញឲ្យបានគ្រប់គ្រាន់សម្រាប់បម្រើឲ្យការិយាល័យទាំងមូលរបស់លោកអ្នក និងមានទុកសម្រាប់បម្រុងខ្លះផងដែរ។ ព្រីភ្លើងដែលរបូតចេញពីជញ្ជាំង រលុងដោតមិនសូវជាប់ និងមានបែកផ្កាភ្លើងជាប្រចាំនោះតែងមានភាពរំខានយ៉ាងខ្លាំង។ បញ្ហាទាំងនេះ អាចធ្វើឲ្យខូចសុវត្ថិភាពរូបវន្តរបស់កុំព្យូទ័រដែលភ្ជាប់ជាមួយពួកវា។ ពួកវាអាចនាំអ្នកប្រើប្រាស់ដែលមិនសប្បាយចិត្តឲ្យប្រើស្កុតបិទភ្ជាប់ខ្សែកុំព្យូទ័ររលុងរបស់ពួកគេជាមួយព្រីភ្លើងដែលព្រាកផ្កាភ្លើងនោះ ហើយការធ្វើដូចនេះអាចបង្កើតជាគ្រោះអគ្គីភ័យពិតប្រាកដ។

    • ប្រសិនបើលោកអ្នករក្សាទុកកុំព្យូទ័ររបស់ខ្លួននៅក្នុងទូរ ត្រូវប្រាកដថា នៅក្នុងទូរនោះមានខ្យល់ចេញចូលគ្រប់គ្រាន់ បើមិនដូច្នោះទេ កុំព្យូទ័រនោះអាចនឹងឡើងកំដៅខ្លាំងហួស។

    • បរិក្ខារកុំព្យូទ័រ មិនគួរដាក់នៅជិតវិទ្យុសកម្ម ម៉ាស៊ីនកម្តៅ ម៉ាស៊ីនត្រជាក់ ឬប្រព័ន្ធបំពង់ខ្យល់ឡើយ។

    ការបង្កើតគោលនយោបាយស្តីពីសុវត្ថិភាពរូបវន្តរបស់លោកអ្នក

    បន្ទាប់ពីលោកអ្នកបានវាយតម្លៃអំពីការគំរាមកំហែង និងភាពងាយរងគ្រោះដែលលោកអ្នក ឬអង្គភាពរបស់លោកអ្នកកំពុងប្រឈមរួចហើយ លោកអ្នកត្រូវតែពិចារណាថា តើត្រូវអនុវត្តវិធានការអ្វីខ្លះដើម្បីលើកកម្ពស់សុវត្ថិភាពរូបវន្តរបស់លោកអ្នក។ លោកអ្នកគួរបង្កើតគោលនយោបាយស្តីពីសុវត្ថិភាព លម្អិតមួយដែលចែងអំពីវិធានការអនុវត្តន៍ទាំងនេះជាលាយលក្ខណ៍អក្សរ។ ឯកសារលទ្ធផលដែលទទួលបាន នឹងប្រើជាការណែនាំទូទៅមួយសម្រាប់លោកអ្នកផ្ទាល់ សហសេវិករបស់លោកអ្នក និងអ្នកចំណូលថ្មីនៅក្នុងអង្គភាពរបស់លោកអ្នក។ ឯកសារនេះគួរផ្តល់នូវបញ្ជីផ្ទៀងផ្ទាត់មួយ អំពីចំណាត់ការផ្សេងៗដែលគួរអនុវត្តនៅក្នុងករណីមានអាសន្នផ្នែកសុវត្ថិភាពរូបវន្តកើតឡើង។ អ្នកដែលពាក់ព័ន្ធ គួរចំណាយពេលអាន អនុវត្ត និងតាមឲ្យទាន់ស្តង់ដារសុវត្ថិភាពទាំងនេះ។ ពួកគេគួរត្រូវបានលើកទឹកចិត្តឲ្យសួរសំណួរ និងស្នើយោបល់អំពីរបៀបកែលម្អឯកសារនេះផងដែរ។

    គោលនយោបាយស្តីពីសុវត្ថិភាពរូបវន្តរបស់លោកអ្នក អាចនឹងមានផ្នែកផ្សេងៗជាច្រើន អាស្រ័យទៅលើស្ថានភាពជាក់ស្តែងដូចជា៖

    • គោលនយោបាយស្តីពី ការចេញចូលការិយាល័យដែលពាក់ព័ន្ធនឹងប្រព័ន្ធផ្តល់សញ្ញា កូនសោរដែលត្រូវបានប្រើនិងអ្នកដែលមានកូនសោរទាំងនោះ ពេលវេលាដែលភ្ញៀវត្រូវបានអនុញ្ញាតឲ្យស្ថិតនៅក្នុងការិយាល័យ អ្នកដែលជាប់កិច្ចសន្យាសម្អាតការិយាល័យ និងបញ្ហាស្រដៀងៗនេះផ្សេងទៀត
    • គោលនយោបាយស្តីពីការកំណត់ផ្នែកនៅក្នុងរបស់ការិយាល័យ សម្រាប់ភ្ញៀវដែលមកទស្សនា

    • បញ្ជីសារពើភ័ណ្ឌមួយអំពីបរិក្ខាររបស់លោកអ្នក ដែលរួមមានទាំងលេខសម្គាល់ និងការបរិយាយរូបវន្តផ្សេងទៀត
    • ផែនការមួយសម្រាប់ការកម្ទេចចោលនូវសម្រាមក្រដាសដែលមានព័ត៌មានរសើបដោយសុវត្ថិភាព
    • នីតិវិធីបន្ទាន់ ដែលទាក់ទងទៅនឹង៖
    • អ្នកដែលគួរទទួលបានការជូនដំណឹង ប្រសិនបើព័ត៌មានរសើបត្រូវបានបើកបង្ហាញ ឬច្រឡំដាក់ខុសកន្លែង
    • អ្នកដែលត្រូវទាក់ទងនៅក្នុងករណីមានអគ្គីភ័យ ទឹកជំនន់ ឬគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត
    • របៀបធ្វើការជួសជុលបន្ទាន់សំខាន់ៗមួយចំនួន
    • របៀបទាក់ទងទៅក្រុមហ៊ុន ឬអង្គភាពដែលផ្តល់សេវាកម្មនានា ដូចជាអង្គភាពផ្តល់សេវាអគ្គិសនី ទឹក និង អ៊ីនធើរណែតជាដើម
    • របៀបស្តារព័ត៌មានមកវិញពីប្រព័ន្ធថតចម្លងទិន្នន័យទុកនៅក្រៅទីតាំងមេរបស់លោកអ្នក។ លោកអ្នកមើលដំបូន្មានលម្អិតបន្ថែមស្តីពីការថតចម្លងទិន្នន័យទុក នៅក្នុងជំពូក ៥ ៖ របៀបស្តារមកវិញនូវព័ត៌មានដែលបាត់បង់

    គោលនយោបាយស្តីពីសុវត្ថិភាពរបស់លោកអ្នក គួរពិនិត្យមើលឡើងវិញជារៀងរាល់កាលកំណត់ និងធ្វើការកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃគោលនយោបាយនោះ។ ហើយកុំភ្លេចថតចម្លងឯកសារ គោលនយោបាយស្តីពីសុវត្ថិភាព រួមជាមួយទិន្នន័យសំខាន់ៗទាំងអស់របស់លោកអ្នកទុក។ សូមមើលផ្នែកសេចក្តីសម្រាប់អានបន្ថែមសម្រាប់ព័ត៌មានបន្ថែមអំពី ការបង្កើតគោលនយោបាយស្តីពីសុវត្ថិភាព

    សេចក្តីសម្រាប់អានបន្ថែម

    • សម្រាប់ព័ត៌មានបន្ថែមស្តីពីការវាយតម្លៃអំពីហានិភ័យ សូមមើលផ្នែក ១.២ ការយល់ដឹងអំពីសុវត្ថិភាព និង ១.៣ ការវាយតម្លៃអំពីការគំរាមកំហែង នៅក្នុងសៀវភៅ Digital Security and Privacy for Human Rights Defenders
    • សម្រាប់សេចក្តីពន្យល់លម្អិតបន្ថែមអំពីរបៀបដាក់ពាក្យសម្ងាត់របស់BIOS សូមមើលផ្នែក ២.១ សុវត្ថិភាពរបស់Windows នៅក្នុងសៀវភៅ Digital Security and Privacy for Human Rights Defenders
    • សម្រាប់សេចក្តីណែនាំអំពីការបង្កើតគោលនយោបាយស្តីពីសុវត្ថិភាព សូមមើល ៤. ករណីការសិក្សា ១ នៅក្នុងសៀវភៅ Digital Security and Privacy for Human Rights Defenders
    • សូមមើល Protection Manualនិង Protection Handbook សម្រាប់អ្នកការពារសិទ្ធិមនុស្សផងដែរ។