៧. របៀបរក្សាភាពឯកជន នៃការទំនាក់ទំនងតាមអុីនធឺណិតរបស់លោកអ្នក
Updated2010
មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ
ភាពងាយស្រួល កម្រិតតម្លៃទាប និងភាពអាចបត់បែនបាន នៃសេវាអុីមែល និងសេវាផ្ញើសាររហ័សភ្លាមៗ ធ្វើឱ្យសេវាទាំងនេះមានតម្លៃបំផុតសម្រាប់បុគ្គលម្នាក់ៗ និងអង្គភាពនានា រួមទាំងអ្នកដែលមានការប្រើប្រាស់អុីនធឺណិតមានកំណត់បំផុត។ កម្មវិធីកុំព្យូទ័រ ដែលមានដូចជាកម្មវិធី Jitsi (ជីតស៊ី), Skype(ស្កាយផ៍) និងកម្មវិធីVoice-over-IP VoIPផ្សេងទៀតជាដើម ក៏មានលក្ខណៈពិសេសទាំងនេះផងដែរ សម្រាប់អ្នកដែលមានការភ្ជាប់សេវាដែលមានល្បឿនលឿនជាង និងគួរទុកចិត្តបានជាង។ ប៉ុន្តែគួរឱ្យស្តាយ គេមិនតែងតែអាចពឹងផ្អែកទៅលើជម្រើសកម្មវិធីឌីជីតថលផ្សេងពីមធ្យោបាយទំនាក់ទំនងបុរាណទាំងនេះ ដើម្បីរក្សាភាពឯកជននៃព័ត៌មានរសើបនោះទេ។ ជាការពិត នេះគឺមិនមានអ្វីថ្មីឡើយ។ សំបុត្រប្រៃសណីយ៍ ការហៅទូរស័ព្ទ និងសារជាអក្សរ សុទ្ធតែប្រឈមនឹងហានិភ័យផងដែរ ជាពិសេស នៅពេលត្រូវបានប្រើដោយអ្នកដែលត្រូវបានកំណត់មុខសញ្ញាឃ្លាំមើលដោយអាជ្ញាធរ។
ចំណុចខុសគ្នាសំខាន់មួយ រវាងបច្ចេកទេសទំនាក់ទំនងតាមឌីជីតថល/អុីនធឺណិត និងវិធីសាស្ត្រទំនាក់ទំនងដែលបុរាណជាងនេះ គឺនៅត្រង់ថា៖ ទំនាក់ទំនងតាមឌីជីតថល/អុីនធឺណិត ច្រើនអនុញ្ញាតឱ្យលោកអ្នកអាចកំណត់កម្រិតសុវត្ថិភាពរបស់ខ្លួនផ្ទាល់។ បើលោកអ្នកផ្ញើអុីមែល ផ្ញើសាររហ័សភ្លាមៗ និងធ្វើការសន្ទនាតាមVoIP ដោយប្រើវិធីសាស្ត្រគ្មានសុវត្ថិភាព នោះមធ្យោបាយទំនាក់ទំនងទាំងនេះស្ទើរតែមានកម្រិតភាពឯកជនទាបជាងសំបុត្រ ឬតាមទូរស័ព្ទទៅទៀត។ បញ្ហានេះ មួយផ្នែកគឺដោយសារតែកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ខ្លះ អាចឆែករកដោយស្វ័យប្រវត្តិនៅក្នុងបរិមាណព័ត៌មានដ៏ច្រើន ដើម្បីកំណត់អត្តសញ្ញាណអ្នកផ្ញើ អ្នកទទួល និងពាក្យគន្លឹះជាក់លាក់។ ដើម្បីអនុវត្តកម្រិតតាមដានដូចគ្នានេះទៅលើបណ្តាញទំនាក់ទំនងបែបបុរាណ តម្រូវឱ្យមានធនធានច្រើនជាងនេះ ។ ប៉ុន្តែ ប្រសិនបើលោកអ្នកអនុវត្តការប្រុងប្រយ័ត្នជាងមុនខ្លះ នោះលទ្ធផលផ្ទុយពីនេះអាចក្លាយជាការពិត។ ឥឡូវនេះ ភាពអាចបត់បែនបានរបស់កម្មវិធីទំនាក់ទំនងតាមអុីនធឺណិត និងភាពរឹងមាំនៃកម្មវិធី កូដនីយកម្មទំនើប អាចផ្តល់នូវកម្រិតភាពឯកជនមួយ ដែលពីមុនធ្លាប់តែមានតែចំពោះអង្គភាពយោធា និងស៊ើបការសម្ងាត់របស់ជាតិប៉ុណ្ណោះ។
ដោយអនុវត្តតាមសេចក្តីណែនាំ និងសាកល្បងកម្មវិធីកុំព្យូទ័រ ដែលត្រូវបានពិភាក្សានៅក្នុងជំពូកនេះ លោកអ្នកអាចលើកកម្ពស់សុវត្ថិភាពទំនាក់ទំនងរបស់ខ្លួនបានយ៉ាងច្រើន។ សេវាអុីមែលRiseUp, មុខងារបន្ថែម OTR (មិនត្រូវបានចម្លងទុក) សម្រាប់កម្មវិធីផ្ញើសាររហ័សភ្លាមៗPidgin, កម្មវិធី Mozilla Firefox និងមុខងារបន្ថែមEnigmailសម្រាប់កម្មវិធីអុីមែលMozilla Thunderbird សុទ្ធតែជាកម្មវិធីល្អទាំងអស់។ ប៉ុន្តែ នៅពេលប្រើពួកវា លោកអ្នកគួរចងចាំថា ភាពឯកជននៃការសន្ទនាជាក់លាក់មួយ មិនដែលធានាបានមួយរយភាគរយទេ។ លោកអ្នកតែងតែនៅមានការគំរាមកំហែងមួយចំនួន ដែលលោកអ្នកមិនបានគិតដល់ ដូចជា កម្មវិធីkeylogger(ឃីឡក់ហ្គ័រ)ដែលសម្ងំនៅក្នុងកុំព្យូទ័ររបស់លោកអ្នក មានមនុស្សកំពុងលួចស្តាប់អ្នកនៅមាត់ទ្វារ អ្នកឆ្លើយឆ្លងអុីមែលមិនប្រុងប្រយ័ត្ន ឬហេតុការណ៍មិនបានគិតដល់ណាមួយផ្សេងទៀតជាដើម។ គោលបំណងរបស់ជំពូកនេះ គឺដើម្បីជួយលោកអ្នកកាត់បន្ថយទាំងការគំរាមកំហែងដែលមិនទាន់កើតឡើងចំពោះលោក អ្នក និង ដើម្បីជៀសវាងស្ថានភាពធ្ងន់ធ្ងរ ពីការផ្ញើអ្វីមួយតាមអុីនធឺណិតដែលលោកអ្នកមិនចង់ឱ្យគេដឹងជាសាធារណៈនោះ។
ក្លូដ្យា និងប៉ាប្លូធ្វើការជាមួយអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ នៅក្នុងប្រទេសមួយនៃទ្វីបអាមេរិកខាងត្បូង។ បន្ទាប់ពីបានចំណាយពេលបីបួនខែ ក្នុងការប្រមូលសក្ខីភាពពីសាក្សីអំពីបញ្ហារំលោភសិទ្ធិមនុស្ស ដែលត្រូវប្រព្រឹត្តដោយយោធានៅក្នុងតំបន់របស់ពួកគេរួចមក ពួកគេបានចាប់ផ្តើមចាត់វិធានការដើម្បីការពារទិន្នន័យដែលពួកគេទទួលបាន។ ពួកគេបានរក្សាទុកតែព័ត៌មានដែលខ្លួនត្រូវការប៉ុណ្ណោះ ដោយពួកគេរក្សាទុកនៅក្នុងភាគចំណែករបស់ VeraCryptមួយ ដែលត្រូវបានថតចម្លងទុកនៅក្នុងទីតាំងរូបវន្តជាច្រើន។ ខណៈពេលរៀបចំដើម្បីផ្សព្វផ្សាយទិដ្ឋភាពខ្លះនៃសក្ខីភាពទាំងនេះនៅក្នុងរបាយការណ៍ ពួកគេបានយល់ឃើញថា ពួកគេចាំបាច់ត្រូវពិភាក្សាអំពីព័ត៌មានរសើបមួយចំនួនជាមួយសហសេវិកពីរបីរូបនៅក្នុងប្រទេសមួយផ្សេងទៀត។ ទោះបីពួកគេបានឯកភាពគ្នាថា មិនបញ្ជាក់អំពីឈ្មោះនិងទីតាំងក៏ដោយ ពួកគេនៅតែចង់បានការធានាថា អុីមែលនិងការសន្ទនាតាមសាររហ័សភ្លាមៗរបស់ពួកគេអំពីប្រធានបទនេះ នៅតែអាចរក្សាភាពឯកជនបាន។ បន្ទាប់ពីកោះប្រជុំដើម្បីពិភាក្សាអំពីសារៈសំខាន់របស់សុវត្ថិភាពទំនាក់ទំនង ក្លូដ្យាបានសួរថា តើអ្នកដែលមានវត្តមាននៅក្នុងការិយាល័យនេះមានសំណួរដែរឬទេ។
អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ
- មូលហេតុដែលភាគច្រើននៃសេវាវែបមែល និងសេវាផ្ញើសាររហ័សភ្លាមៗមិនមានសុវត្ថិភាព
- របៀបបង្កើតគណនីអុីមែលថ្មី និងមានសុវត្ថិភាពជាងមុន
- របៀបលើកកម្ពស់សុវត្ថិភាពនៅក្នុងគណនីអុីមែលដែលលោកអ្នកកំពុងប្រើ
- របៀបប្រើសេវាផ្ញើសាររហ័សភ្លាមៗដែលមានសុវត្ថិភាព
- អ្វីខ្លះដែលត្រូវធ្វើ ប្រសិនបើលោកអ្នកគិតថា អាចនឹងមានអ្នកកំពុងលួចចូលប្រើអុីមែលរបស់លោកអ្នក
- របៀបពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកឆ្លើយឆ្លងអុីមែល
ការធានាសុវត្ថិភាពអុីមែលរបស់លោកអ្នក
មានវិធានការសំខាន់ពីរបីជំហានដែលលោកអ្នកអាចអនុវត្ត ដើម្បីបង្កើនសុវត្ថិភាពនៃទំនាក់ទំនងតាមអុីមែលរបស់ខ្លួន។ ទីមួយ គឺត្រូវប្រាកដថា មានតែអ្នកដែលលោកអ្នកផ្ញើអុីមែលជាក់លាក់ទៅឱ្យប៉ុណ្ណោះ ដែលអាចអានអុីមែលនោះបាន។ ចំណុចនេះត្រូវបានពិភាក្សានៅក្នុងផ្នែកការរក្សាភាពឯកជននៃវេបមែលរបស់លោកអ្នក និងផ្នែក ការផ្លាស់ប្តូរទៅប្រើគណនីអុីមែលដែលមានសុវត្ថិភាពជាងមុន នៅខាងក្រោម។ បើគិតឲ្យជ្រៅជាងនេះទៅទៀតនោះ ពេលខ្លះវាជាការសំខាន់ដែលការទំនាក់ទំនងអុីមែលរបស់លោកអ្នកមានសមត្ថភាពពិនិត្យផ្ទៀងផ្ទាត់បានថា សារជាក់លាក់មួយគឺពិតជាមកពីលោកអ្នក និងមិនមែនមកពីនរណាម្នាក់ដែលប្រហែលជាកំពុងប៉ុនប៉ងក្លែងធ្វើជាលោកអ្នកឡើយ។ មធ្យោបាយមួយដើម្បីសម្រេចការនេះបាន ត្រូវបានបរិយាយនៅក្រោមចំណុច សុវត្ថិភាពអុីមែលកម្រិតខ្ពស់ នៅក្នុងផ្នែកការធ្វើកូដនីយកម្ម និងការបញ្ជាក់អត្តសញ្ញាណសារអុីមែលនីមួយៗ។
លោកអ្នកគួរដឹងផងដែរអំពីអ្វីដែលត្រូវធ្វើ នៅពេលលោកអ្នកគិតថា ភាពឯកជននៃគណនីអុីមែលរបស់ខ្លួនប្រហែលត្រូវបានបំពាន។ ផ្នែកដំបូន្មានអំពីការឆ្លើយតបចំពោះការឃ្លាំមើលអុីមែលដែលជាប់សង្ស័យ មានលើកឡើងអំពីបញ្ហានេះ។
ត្រូវកុំភ្លេចផងដែរថា អុីមែលដែលមានសុវត្ថិភាពមួយក៏ក្លាយជាមិនមានប្រយោជន៍អ្វីដល់លោកអ្នកផងដែរ ប្រសិនបើគ្រប់ពាក្យទាំងអស់ដែលលោកអ្នកវាយនៅក្នុងអុីមែលនោះត្រូវបានកត់ត្រាទុកដោយស្ប៉ាយវែរ ហើយត្រូវបានផ្ញើទៅឱ្យភាគីទីបីទៅតាមការកំណត់នោះ។ ជំពូក ១ ៖ របៀបការពារកុំព្យូទ័ររបស់លោកអ្នកពីមែលវែរ និងក្រុមហែកឃឺ មានផ្តល់យោបល់មួយចំនួនអំពីរបៀបបង្ការបញ្ហាប្រភេទនេះ ហើយ ជំពូក ៣ ៖ របៀបបង្កើតនិងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព នឹងជួយការពារគណនីរបស់លោកអ្នក សម្រាប់កម្មវិធីប្រើអុីមែលនិងផ្ញើសាររហ័សភ្លាមៗដែលត្រូវបានលើកមកបរិយាយនៅខាងក្រោម។
ការរក្សាភាពឯកជននៃវេបមែលរបស់លោកអ្នក
អុីនធឺណិត គឺជាបណ្តាញកុំព្យូទ័របើកចំហមួយ ដែលនៅក្នុងនោះព័ត៌មានធ្វើដំណើរក្នុងទម្រង់មួយដែលអាចអានបាន។ ប្រសិនបើសារអុីមែលធម្មតាមួយត្រូវបានស្ទាក់ចាប់នៅតាមផ្លូវទៅកាន់អ្នកទទួល នោះគេអាចអានខ្លឹមសាររបស់វាបានដោយងាយស្រួល។ ហើយ ដោយសារអុីនធឺណិតគ្រាន់តែជាបណ្តាញធំទូលាយកម្រិតពិភពលោកមួយដែលពឹងផ្អែកទៅលើកុំព្យូទ័រអន្តរការីជាច្រើនដើម្បីដឹកនាំចរាចរណ៍ទិន្នន័យ មនុស្សផ្សេងៗជាច្រើនអាចមានឱកាសស្ទាក់ចាប់សារបាននៅតាមផ្លូវនេះ។ ក្រុមហ៊ុនផ្តល់សេវា អុីនធឺណិត ISPរបស់លោកអ្នក គឺជាភាគីទីមួយដែលទទួលបានសារអុីមែល នៅពេលសារអុីមែលនោះចាប់ផ្តើមធ្វើដំណើរទៅកាន់អ្នកទទួល។ ស្រដៀងគ្នានេះដែរ ISPរបស់អ្នកទទួលសារ គឺជាកន្លែងឈប់ចុងក្រោយនៃសាររបស់លោកអ្នក មុនពេលសារនោះត្រូវបានប្រគល់ដល់អ្នកទទួល។ ប្រសិនបើលោកអ្នកមិនប្រុងប្រយ័ត្នជាមុនទេនោះ សាររបស់លោកអ្នកអាចត្រូវបានអានឬលួចកែនៅត្រង់ចំណុចទាំងនេះ ឬនៅកន្លែងណាមួយរវាងចំណុចទាំងនេះ។
ប៉ាប្លូ៖ ខ្ញុំបានប្រាប់ទៅដៃគូរបស់យើងម្នាក់អំពីបញ្ហាទាំងអស់នេះ គាត់បាននិយាយថា គាត់និងសហសេវិករបស់គាត់ជួនកាលគ្រាន់តែថតសារសំខាន់ទៅក្នុងថតឯកសារ 'សេចក្តីព្រាង' ('Drafts')របស់គណនីវែបមែលមួយ ដែលពួកគេទាំងអស់មានពាក្យសម្ងាត់រួមគ្នាមួយសម្រាប់គណនីវែបមែលនោះ។ ស្តាប់ទៅដូចជាចម្លែកណាស់សម្រាប់ខ្ញុំ ប៉ុន្តែតើវាអាចដំណើរការបានទេ? ខ្ញុំមានន័យថា ដោយព្រោះសារទាំងនោះជាក់ស្តែងមិនដែលត្រូវបានផ្ញើចេញ តើការធ្វើរបៀបនេះ អាចនឹងបង្ការមិនឱ្យជនណាម្នាក់អាចអានសារទាំងនោះបានដែរឬទេ?
ក្លូដ្យា៖ រាល់ពេលដែលឯងអានអុីមែលនៅក្នុងកុំព្យូទ័ររបស់ឯង ទោះបីវាគ្រាន់តែជា'សេចក្តីព្រាង'មួយក៏ដោយ តែខ្លឹមសាររបស់វាត្រូវបានផ្ញើតាមអុីនធឺណិតទៅឱ្យឯងរួចហើយ។ បើមិនអញ្ចឹងទេនោះ វាមិនអាចលេចនៅលើអេក្រង់របស់ឯងបានទេ តើត្រូវទេ? ការសំខាន់គឺថា បើនរណាម្នាក់តាមឃ្លាំមើលឯង ពួកគេមិនត្រឹមតែពិនិត្យតាមដានសារអុីមែលរបស់ឯងប៉ុណ្ណោះទេ គឺពួកគេអាចស្គែនគ្រប់ព័ត៌មានដែលអាចអានបានទាំងអស់ដែលធ្វើដំណើរទៅ ឬពីកុំព្យូទ័ររបស់ឯង។ ម្យ៉ាងទៀត ការនេះអាចនឹងធ្វើទៅបាន ប្រសិនបើគ្រប់គ្នាភ្ជាប់សេវាដោយគ្មានសុវត្ថិភាពទៅគណនីវែបមែលរួមនោះ។ ហើយ ប្រសិនបើពួកគេភ្ជាប់សេវាដោយសុវត្ថិភាព នោះវាពិតជាមិនបង្កអន្តរាយក្នុងការបង្កើតគណនីផ្សេងពីគ្នា ឬ ធ្វើបន្តទៅទៀតនិងចុចលើប៊ូតុង'បញ្ជូន'('Send')ឡើយ។
ការធានាសុវត្ថិភាពនៃការភ្ជាប់សេវាអុីនធឺណិត រវាងកុំព្យូទ័របស់លោកអ្នក និងទំព័រអុីនធឺណិតដែលលោកអ្នកបើកមើល អាចធ្វើបានជាយូរមកហើយ។ ជាញឹកញាប់ លោកអ្នកជួបកម្រិតសុវត្ថិភាពនេះ នៅពេលបញ្ចូលពាក្យសម្ងាត់ឬព័ត៌មានប័ណ្ណឥណទានទៅក្នុងទំព័រអុីនធឺណិត។ បច្ចេកវិទ្យាដែលអាចធ្វើការនេះបាន មានឈ្មោះថា ស្រទាប់ការពារសុវត្ថិភាពលើ បណ្ដាញអុីនធឺណិត SSL កូដនីយកម្ម។ លោកអ្នកអាចដឹងបានថា តើលោកអ្នកកំពុងប្រើSSLឬអត់ ដោយមើលដោយយកចិត្តទុកដាក់លើរបាអាសយដ្ឋាននៃកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នក។
គ្រប់អាសយដ្ឋានអុីនធឺណិតទាំងអស់ ជាធម្មតាចាប់ផ្តើមដោយអក្សរHTTP ដូចដែលបានឃើញនៅក្នុងឧទាហរណ៍ខាងក្រោម៖

នៅពេលលោកអ្នកកំពុងបើកមើលទំព័រអុីនធឺណិតមានសុវត្ថិភាពមួយ អាសយដ្ឋានរបស់វានឹងចាប់ផ្តើមដោយអក្សរHTTPS។

អក្សរSដែលបន្ថែមនៅខាងចុង មានន័យថា កុំព្យូទ័ររបស់លោកអ្នកបានបើកការភ្ជាប់សេវាមានសុវត្ថិភាពមួយចំពោះទំព័រអុីនធឺណិតនោះ។
លោកអ្នកអាចកត់សម្គាល់ផងដែរនូវនិមិត្តសញ្ញា 'មេសោ' នៅក្នុងរបាអាសយដ្ឋាន ឬនៅក្នុងរបាStatusនៅខាងក្រោមផ្ទាំងកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នក។ ទាំងអស់នេះ គឺជាសញ្ញាប្រាប់លោកអ្នកឱ្យដឹងថា អ្នកដែលអាចនឹងកំពុងពិនិត្យតាមដានការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នក នឹងមិនអាចលួចយកការណ៍អំពីទំនាក់ទំនងរវាងលោកអ្នក និងទំព័រអុីនធឺណិតនោះបានឡើយ។
បន្ថែមពីលើពាក្យសម្ងាត់ការពារ និងប្រតិបត្តិការហិរញ្ញវត្ថុ ប្រភេទនៃកូដនីយកម្មនេះ មានលក្ខណៈល្អឥតខ្ចោះសម្រាប់ធានាសុវត្ថិភាពវេបមែលរបស់លោកអ្នក។ ប៉ុន្តែ ក្រុមហ៊ុនផ្តល់សេវាវេបមែលជាច្រើន មិនផ្តល់ជូនការប្រើប្រាស់ដែលមានសុវត្ថិភាពទេ។ ក្រុមហ៊ុនជាច្រើនផ្សេងទៀត តម្រូវឱ្យលោកអ្នកបើកដំណើរការវាដោយជាក់ច្បាស់ ដោយការកំណត់មុខងារអាទិភាពមួយ ឬដោយការវាយអក្សរនៅក្នុងHTTPSដោយដៃ។ លោកអ្នកគួរជានិច្ចកាលត្រូវប្រាកដថា ការភ្ជាប់សេវារបស់លោកអ្នក គឺមានសុវត្ថិភាព មុនពេលលោកអ្នកបើកចូលគណនី អានអុីមែល ឬផ្ញើសារ។
លោកអ្នកគួរយកចិត្តទុកដាក់ខ្លាំងផងដែរ ប្រសិនបើ ភ្លាមៗនោះ កម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកចាប់ផ្តើមប្រាប់អំពី វិញ្ញាបនបត្រសុវត្ថិភាពគ្មានសុពលភាព នៅពេលលោកអ្នកប៉ុនប៉ងចូលប្រើគណនីវេបមែលមានសុវត្ថិភាពមួយ។ វាអាចមានន័យថា មាននរណាម្នាក់កំពុងលួចចូលក្នុងការទំនាក់ទំនងរវាងកុំព្យូទ័ររបស់លោកអ្នក និងសឺវឺដើម្បីស្ទាក់ចាប់សាររបស់លោកអ្នក។ ជាចុងក្រោយ ប្រសិនបើលោកអ្នកពឹងផ្អែកទៅលើវេបមែលដើម្បីផ្លាស់ប្តូរព័ត៌មានរសើប វាគឺជាការសំខាន់ដែលកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកត្រូវមានលក្ខណៈអាចទុកចិត្តបានបំផុតតាមដែលអាចធ្វើទៅបាន។ ត្រូវពិចារណាអំពីការបញ្ចូលកម្មវិធី Mozilla Firefox និង មុខងារពាក់ព័ន្ធសុវត្ថិភាពបន្ថែមរបស់វា។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយកម្មវិធី [Firefox ជាមួយមុខងារបន្ថែមរបស់វា - មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីបើកអុីនធឺណិតមានសុវត្ថិភាព](/km/firefox_main)
ប៉ាប្លូ៖ ម្នាក់ក្នុងចំណោមអ្នកដែលនឹងធ្វើការលើរបាយការណ៍នេះជាមួយយើង ទំនងជាប្រើគណនីវេបមែលYahooរបស់គាត់ នៅពេលគាត់មិនស្ថិតនៅក្នុងការិយាល័យ។ ហើយខ្ញុំដូចជាចាំថា មានម្នាក់ផ្សេងទៀតកំពុងប្រើHotmail។ ដូច្នេះ ប្រសិនបើខ្ញុំផ្ញើសារមួយទៅអ្នកទាំងពីរនេះ តើអ្នកផ្សេងទៀតអាចអានវាបានដែរឬទេ?
ក្លូដ្យា៖ មុខជាអាច។ Yahoo, Hotmail និងក្រុមហ៊ុនផ្តល់សេវាវេបមែលជាច្រើនផ្សេងទៀត មានទំព័រអុីនធឺណិតមិនមានសុវត្ថិភាព ដែលមិនអាចការពារភាពឯកជននៃសាររបស់អ្នកប្រើប្រាស់បានទេ។ យើងនឹងត្រូវផ្លាស់ប្តូរទម្លាប់របស់មនុស្សមួយចំនួន បើយើងចង់ឱ្យអាចពិភាក្សាអំពីសក្ខីភាពទាំងនេះបានដោយសុវត្ថិភាព។
ការផ្លាស់ប្តូរទៅប្រើគណនីអុីមែលដែលមានសុវត្ថិភាពជាងមុន
មានក្រុមហ៊ុនផ្តល់សេវាវេបមែលតិចតួចប៉ុណ្ណោះ ដែលផ្តល់ជូនសេវា SSLដល់អុីមែលរបស់លោកអ្នក។ ឧទា. Yahoo និង Hotmail ផ្តល់នូវការភ្ជាប់សេវាមានសុវត្ថិភាពមួយ តែខណៈពេលដែលលោកអ្នកបើកចូលគណនីតែប៉ុណ្ណោះ ដើម្បីការពារពាក្យសម្ងាត់ ប៉ុន្តែសាររបស់លោកអ្នកត្រូវបានផ្ញើនិងទទួលដោយមិនមានសុវត្ថិភាព។ លើសពីនេះទៅទៀត Yahoo, Hotmail និងក្រុមហ៊ុនផ្តល់សេវាវេបមែលខ្លះផ្សេងទៀត ដាក់បញ្ចូលIP addressរបស់កុំព្យូទ័រដែលលោកអ្នកកំពុងប្រើ ទៅក្នុងគ្រប់សារទាំងអស់ដែលលោកអ្នកផ្ញើ។
គណនីGmailប្រើការភ្ជាប់សេវាមានសុវត្ថិភាពមួយ ក្នុងអំឡុងពេលបើកចូលគណនី និងរហូតដល់លោកអ្នកចាកចេញពីគណនី។ លោកអ្នកអាចបញ្ជាក់ការនេះបាន ក្នុងអំឡុងពេលប្រើគណនីនោះ ដោយមើលទៅរបាអាសយដ្ឋាន និងសង្កេតមើលអាសយដ្ឋានURLដែលចាប់ផ្តើមដោយអក្សរ 'https' ដែលក្នុងនោះអក្សរ 's'ជាសញ្ញាប្រាប់ថា គឺជាការភ្ជាប់សេវាមានសុវត្ថិភាពមួយ។ Gmailមិនបើកបង្ហាញIP addressរបស់លោកអ្នកទៅ អ្នកទទួលអុីមែល គឺមិនដូចYahooឬHotmailឡើយ ។ ប៉ុន្តែ លោកអ្នកមិនគួរពឹងផ្អែកទាំងស្រុងទៅលើGoogle សម្រាប់ការរក្សាភាពសម្ងាត់នៃទំនាក់ទំនងអុីមែលរសើបរបស់ខ្លួនឡើយ។ Google ស្គែននិងកត់ត្រាខ្លឹមសារនៃសាររបស់អ្នកប្រើប្រាស់របស់វា សម្រាប់គោលបំណងយ៉ាងច្រើន ហើយកាលពីមុនធ្លាប់ទទួលអនុវត្តតាមបណ្តារដ្ឋាភិបាលដែលរឹតត្បឹតសេរីភាពឌីជីថលទៀតផង។ សូមមើល ផ្នែកសេចក្តីសម្រាប់អានបន្ថែម សម្រាប់ព័ត៌មានបន្ថែមអំពី គោលនយោបាយស្តីពីភាពឯកជន របស់ក្រុមហ៊ុន Google។
ប្រសិនបើអាច លោកអ្នកគួរបង្កើតគណនីអុីមែលRiseUpថ្មីមួយ ដោយបើកគេហទំព័រhttps://mail.riseup.net។ RiseUp ផ្តល់ជូនអុីមែលដោយឥតគិតថ្លៃដល់បណ្តាសកម្មជននៅជុំវិញពិភពលោក ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុតដើម្បីការពារព័ត៌មានដែលរក្សាទុកនៅក្នុងកុំព្យូទ័របម្រើរបស់ខ្លួន។ ជាយូរមកហើយ ពួកវាគឺជាធនធានដ៏គួរឱ្យទុកចិត្តមួយ សម្រាប់អ្នកដែលត្រូវការដំណោះស្រាយធ្វើឱ្យអុីមែលមានសុវត្ថិភាព។ ពួកវាមានគោលនយោបាយតឹងរឹងបំផុត ចំពោះភាពឯកជននៃអ្នកប្រើប្រាស់របស់ខ្លួន មិនដូចជាGoogleឡើយ ហើយមិនមានផលប្រយោជន៍ពាណិជ្ជកម្មណាមួយ អាចនឹងមានវិវាទជាមួយគោលនយោបាយទាំងនេះនៅថ្ងៃណាមួយឡើយ។ ប៉ុន្តែ ដើម្បីបង្កើតបានគណនីRiseUpថ្មីមួយ លោកអ្នកត្រូវការមាន'invite codes'ចំនួនពីរ។ លេខកូដទាំងនេះ អាចចែកចាយឱ្យដោយអ្នកដែលមានគណនីRiseUpមួយ។ ប្រសិនបើលោកអ្នកមានសំណៅដើមមួយនៃកូនសៀវភៅនេះ លោកអ្នកគួរបានទទួល'invite codes'របស់លោកអ្នកអមជាមួយវា។ បើមិនដូច្នេះទេ លោកអ្នកនឹងចាំបាច់ត្រូវរកឱ្យបានអ្នកប្រើប្រាស់RiseUpចំនួនពីរនាក់ ហើយសុំឱ្យពួកគេម្នាក់ៗផ្ញើលេខកូដមួយឱ្យលោកអ្នក។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយ RiseUp - មគ្គុទ្ទេសក៍ណែនាំអំពី សេវាអុីមែលមានសុវត្ថិភាព
ទាំងGmailនិងRiseUp សុទ្ធតែមានលក្ខណៈលើសពីក្រុមហ៊ុនផ្តល់សេវាវែបមែលធម្មតា។ ពួកវាអាចប្រើបានផងដែរជាមួយកម្មវិធីអុីមែលមួយ ដូចជាកម្មវិធី Mozilla Thunderbirdជាដើម ដែលអាចប្រើបានជាមួយបច្ចេកទេសដែលបរិយាយនៅក្រោមចំណុច សុវត្ថិភាពអុីមែលកម្រិតខ្ពស់។ ការធានាថា កម្មវិធីអុីមែលរបស់លោកអ្នក ធ្វើការភ្ជាប់សេវាដែលត្រូវបានធ្វើកូដនីយកម្មមួយ ទៅក្រុមហ៊ុនផ្តល់សេវារបស់លោកអ្នក គឺគ្រាន់តែមានសារៈសំខាន់ស្មើនឹងការចូលប្រើវេបមែលរបស់លោកអ្នកតាម រយៈ HTTPS ប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកប្រើកម្មវិធីអុីមែលមួយ សូមមើលមគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីThunderbird សម្រាប់ព័ត៌មានលម្អិតបន្ថែម។ ប៉ុន្តែ យ៉ាងហោចណាស់ លោកអ្នកគួរប្រាកដថា បើកដំណើរការSSL ឬកូដនីយកម្ម សម្រាប់សឺវឺអុីមែលចូលនិងចេញរបស់លោកអ្នក។
ប៉ាប្លូ៖ ដូច្នេះ តើខ្ញុំគួរប្តូរទៅប្រើRiseUp ឬខ្ញុំអាចរក្សាការប្រើGmail ហើយគ្រាន់តែប្តូរទៅប្រើអាសយដ្ឋាន'https'ដែលមានសុវត្ថិភាព?
ក្លូដ្យា៖ វាអាស្រ័យលើការសម្រេចចិត្តរបស់ឯង ប៉ុន្តែមានបញ្ហាខ្លះដែលឯងគួរពិចារណាឱ្យបានច្បាស់លាស់ នៅពេលជ្រើសរើសយកក្រុមហ៊ុនផ្តល់សេវាអុីមែលមួយ។ ទីមួយ តើក្រុមហ៊ុនទាំងនោះផ្តល់ឱ្យគណនីឯងនូវការភ្ជាប់សេវាមួយដែលមានសុវត្ថិភាពដែរឬទេ? Gmail គឺផ្តល់ការភ្ជាប់សេវាមួយដែលមានសុវត្ថិភាព ដូច្នេះឯងប្រើវាគឺមិនអីទេ។ ទីពីរ តើឯងទុកចិត្តអ្នកគ្រប់គ្រងទាំងនោះថា ជួយរក្សាភាពឯកជននៃអុីមែលរបស់ឯង និង មិនអានវា ឬចែករំលែកវាជាមួយអ្នកដទៃដែរឬទេ? នោះគឺស្រេចទៅលើឯង។ ហើយជាចុងក្រោយ ឯងចាំបាច់ត្រូវគិតថា តើឯងអាចទទួលយកបានឬអត់ ចំពោះការដែលឯងត្រូវបានកំណត់អត្តសញ្ញាណជាមួយក្រុមហ៊ុនផ្តល់សេវានោះ។ ឬបើនិយាយម្យ៉ាងទៀត តើវានឹងនាំឱ្យឯងមានបញ្ហាដែរឬទេក្នុងការប្រើអាសយដ្ឋានអុីមែលមួយដែលបញ្ចប់ដោយអក្សរ'riseup.net' ដែលអក្សរនេះត្រូវបានស្គាល់ថាពេញនិយមក្នុងចំណោមសកម្មជន? ឬតើឯងត្រូវការអាសយដ្ឋាន 'gmail.com' មួយដែលមានបែបផែនជាងនេះដែរឬទេ?
មិនថាកម្មវិធីអុីមែលមានសុវត្ថិភាពអ្វីខ្លះដែលលោកអ្នកសម្រេចចិត្តប្រើនោះទេ លោកអ្នកត្រូវចាំថា សារនីមួយៗមានអ្នកផ្ញើមួយ និងអ្នកទទួលមួយ ឬច្រើន។ លោកអ្នកខ្លួនឯងផ្ទាល់ គឺជាផ្នែកនៃរូបភាពនេះ។ ទោះបីលោកអ្នកចូលប្រើគណនីអុីមែលរបស់ខ្លួនដោយសុវត្ថិភាពក៏ដោយ លោកអ្នកត្រូវពិចារណាថា តើមនុស្សដែលលោកអ្នកទាក់ទង អាចនឹងមានឬអាចនឹងមិនមានការប្រុងប្រយ័ត្នជាមុនអ្វីខ្លះ នៅពេលផ្ញើ អាន និងឆ្លើយតបសារទាំងនោះ។ លើសពីនេះ ត្រូវព្យាយាមស្គាល់ផងដែរនូវទីតាំងរបស់ក្រុមហ៊ុនផ្តល់សេវាអុីមែលរបស់អ្នកដែលមានទំនាក់ទំនងអុីមែលជាមួយលោកអ្នក។ ជាធម្មតា ប្រទេសមួយចំនួនមានលក្ខណៈឈ្លានពានជាងប្រទេសផ្សេងទៀត នៅពេលធ្វើការឃ្លាំមើលអុីមែល។ ដើម្បីធានាភាពឯកជននៃទំនាក់ទំនង រវាងលោកអ្នកនិងអ្នកដែលមានទំនាក់ទំនងជាមួយលោកអ្នក លោកអ្នកគួរប្រើសេវាអុីមែលមានសុវត្ថិភាពដែលស្ថិតក្នុងប្រទេសដែលមានសុវត្ថិភាពខ្ពស់។ ហើយ ប្រសិនបើលោកអ្នកចង់ប្រាកដថា សារនានាមិនត្រូវបានស្ទាក់ចាប់នៅចន្លោះរវាងសឺវឺអុីមែលរបស់លោកអ្នក និងសឺវឺអុីមែលរបស់អ្នកដែលមានទំនាក់ទំនងជាមួយលោកអ្នក លោកអ្នកប្រហែលត្រូវជ្រើសរើសយកគណនីទាំងអស់ដែលចេញពីក្រុមហ៊ុនផ្តល់សេវាតែមួយ។ RiseUp គឺជាជម្រើសដ៏ល្អមួយ។
ដំបូន្មានបន្ថែមអំពីការលើកកម្ពស់កម្រិតសុវត្ថិភាពអុីមែលរបស់លោកអ្នក
- ជានិច្ចកាល ត្រូវមានការប្រយ័ត្នប្រយែង នៅពេលបើកឯកសារភ្ជាប់របស់អុីមែល ដែលលោកអ្នកមិនរំពឹងចង់បាន ដែលមកពីអ្នកដែលលោកអ្នកមិនស្គាល់ ឬដែលមានចំណងជើងប្រធានបទគួរឱ្យសង្ស័យ។ នៅពេលបើកអុីមែលដូចនេះ លោកអ្នកត្រូវប្រាកដថា កម្មវិធីប្រឆាំងមេរោគរបស់លោកអ្នកមានលក្ខណៈទាន់សម័យ ហើយត្រូវយកចិត្តទុកដាក់បំផុត ចំពោះគ្រប់ពាក្យព្រមាន ដែលបង្ហាញដោយកម្មវិធីបើកអុីនធឺណិតឬកម្មវិធីអុីមែលរបស់លោកអ្នក។
- ការប្រើកម្មវិធីកុំព្យូទ័រអនាមិកភាព ដូចជា Tor ដែលត្រូវបានបរិយាយនៅក្នុងជំពូក ៨ ៖ របៀបរក្សាអនាមិកភាព និងគេចវាងពីការត្រួតពិនិត្យតាមអុីនធឺណិត អាចជួយលោកអ្នកលាក់សេវាអុីមែលដែលបានជ្រើសរើស មិនឱ្យមើលឃើញដោយអ្នកដែលប្រហែលជាកំពុងពិនិត្យ តាមដានការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នក។ ហើយ ដោយអាស្រ័យលើវិសាលភាពនៃការត្រួតពិនិត្យអុីនធឺណិត នៅក្នុងប្រទេសរបស់លោកអ្នក លោកអ្នកអាចត្រូវការប្រើកម្មវិធីTor ឬកម្មវិធីមួយក្នុងចំណោមកម្មវិធីគេចវាងការត្រួតពិនិត្យផ្សេងទៀតដែលមានបរិយាយនៅក្នុងជំពូក ៨ ដើម្បីចូលទៅដល់ក្រុមហ៊ុនផ្តល់សេវាអុីមែលដែលមានសុវត្ថិភាព ដូចជា RiseUp ឬ Gmail ជាដើម។
- នៅពេលបង្កើតគណនីមួយដែលលោកអ្នកចង់ប្រើ ដោយរក្សាអនាមិកភាពរបស់ខ្លួនចំពោះអ្នកទទួលអុីមែលរបស់លោកអ្នក ឬ វេទិកាសាធារណៈ ដែលលោកអ្នកអាចនឹងផ្ញើសារទៅពួកគេដោយប្រើអុីមែលនោះ លោកអ្នកត្រូវតែប្រុងប្រយ័ត្ន មិនត្រូវចុះឈ្មោះអ្នកប្រើប្រាស់ឬ 'ឈ្មោះពេញ'ដែលទាក់ទងទៅនឹងជីវិតឬវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ។ ក្នុងករណីបែបនេះ វាគឺជាការសំខាន់ផងដែរ ដែលលោកអ្នកត្រូវជៀសវាងប្រើ Hotmail, Yahoo ឬក្រុមហ៊ុនផ្តល់សេវាវេបមែលណាមួយផ្សេងទៀត ដែលរួមបញ្ចូលIP addressទៅក្នុងសារដែលលោកអ្នកផ្ញើ។
- អាស្រ័យទៅតាមអ្នកដែលអាចនឹងមានសិទ្ធិប្រើប្រាស់រូបវន្តកុំព្យូទ័ររបស់លោកអ្នក ការលុបសម្អាតដានស្នាមរបស់អុីមែលចេញពីឯកសារបណ្តោះអាសន្នរបស់លោកអ្នក អាចមានសារៈសំខាន់ស្មើនឹងការការពារឯកសាររបស់លោកអ្នកដែរ នៅពេលសារអុីមែលធ្វើដំណើរនៅលើអុីនធឺណិត ។ សូមមើល ជំពូក ៦ ៖ របៀបបំផ្លាញព័ត៌មានរសើប និង មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីCCleaner សម្រាប់ព័ត៌មានលម្អិត។
- លោកអ្នកអាចពិចារណាអំពីការប្រើប្រាស់គណនីអុីមែលអនាមិកច្រើនផ្សេងៗគ្នា សម្រាប់ធ្វើទំនាក់ទំនងជាមួយក្រុមមនុស្សផ្សេងៗគ្នា ដើម្បីការពារខ្លួនពីបណ្តាញកុំព្យូទ័រដែលខ្លួនធ្វើការទាក់ទងជាមួយ។ លោកអ្នកអាចប្រើគណនីអុីមែលផ្សេងៗគ្នាផងដែរ សម្រាប់ចុះឈ្មោះក្នុងសេវាអុីនធឺណិតដែលតម្រូវឱ្យមានគណនីអុីមែល។
- ក្រៅពីការប្រុងប្រយ័ត្នជាមុនទាំងប៉ុន្មានខាងលើនេះ វានៅតែជាការសំខាន់ ដែលលោកអ្នកត្រូវប្រយ័ត្នអំពីអ្វីដែលខ្លួនសរសេរនៅក្នុងសារទាំងនោះ និងផលប៉ះពាល់ដែលអាចនឹងកើតមាន ក្នុងករណីដែលវាធ្លាក់ចូលទៅក្នុងដៃមនុស្សអាក្រក់។ មធ្យោបាយមួយដើម្បីបង្កើនសុវត្ថិភាពសម្រាប់ការផ្លាស់ប្តូរព័ត៌មាន គឺអភិវឌ្ឍប្រព័ន្ធកូដមួយសម្រាប់ការផ្លាស់ប្តូរព័ត៌មានរសើប ដែលក្នុងនោះលោក អ្នកអាចនឹងមិនប្រើឈ្មោះពិត និងអាសយដ្ឋានពិតឡើយ។
ដំបូន្មានអំពី ការឆ្លើយតបចំពោះការវាយលុកនិងឃ្លាំមើលអុីមែលដែលគួរឱ្យសង្ស័យ
ប្រសិនបើលោកអ្នកសង្ស័យថា គណនីអុីមែលរបស់ខ្លួនបានរងការវាយលុក ឬបំផ្លាញ លោកអ្នកអាចចាត់ជំហានវិធានការដើម្បីកាត់បន្ថយការខូចខាតដែលកើតមាន។ ខណៈដែលពិបាកនឹងអាចដឹងច្បាស់ លោកអ្នកអាចកត់សម្គាល់សញ្ញាខុសប្រក្រតីមួយចំនួន ដូចជា៖
- មានការផ្លាស់ប្តូរណាមួយចំពោះខ្លឹមសារ ឬមុខងារកំណត់របស់គណនីអុីមែល ដែលលោកអ្នកមិនបានធ្វើ
- អ្នកដែលលោកអ្នកទាក់ទងតាមអុីមែល ប្រាប់លោកអ្នកថា ពួកគេបានទទួលអុីមែលពីលោកអ្នក ដែលលោកអ្នកមិនបានផ្ញើ
- លោកអ្នកមិនអាចបើកចូលគណនីអុីមែលរបស់ខ្លួនបាន ទោះបីប្រាកដថា ពាក្យសម្ងាត់និងការកំណត់មុខងារផ្សេងទៀតនៃអុីមែលរបស់លោកអ្នកគឺត្រឹមត្រូវហើយក៏ដោយ។
- លោកអ្នកមិនទទួលបានដូចប្រក្រតី នូវសារអុីមែលមួយចំនួនពីសហសេវិករបស់ខ្លួន ដែលពួកគេទទូចថា បានផ្ញើទៅលោកអ្នក។
- ព័ត៌មានឯកជនមួយចំនួន ដែលត្រូវបានផ្ញើចេញឬទទួលផ្តាច់មុខដោយអុីមែល ត្រូវបានដឹងដល់ភាគីទីបី ទោះលោកអ្នក និងអ្នកឆ្លើយឆ្លងអុីមែលរបស់លោកអ្នកមិនបានចែករំលែកវាជាមួយនរណាម្នាក់ផ្សេងទៀតក៏ដោយ។
- ប្រសិនបើ លោកអ្នកមើលឃើញនៅលើកំណត់ត្រាសកម្មភាពគណនីរបស់លោកអ្នក (កំណត់ត្រាសកម្មភាពគណនីរបស់លោកអ្នក ដែលផ្តល់ឱ្យដោយក្រុមហ៊ុនផ្តល់សេវាអុីមែលរបស់លោកអ្នក) ថា គណនីរបស់លោកអ្នកត្រូវបានចូលប្រើ នៅពេលវេលាមួយដែលលោកអ្នករកនឹកមិនឃើញ ឬពីកន្លែងមួយ(ឬ IP address)ដែលលោកអ្នកមិនបានទៅ។
នៅក្នុងស្ថានភាពបែបនេះ លោកអ្នកអាចនឹងចង់ចាត់ចំណាត់ការប្រុងប្រយ័ត្នមួយចំនួន៖
- ត្រូវឈប់ប្រើគណនីអុីមែលដែលប្រើ សម្រាប់ការផ្លាស់ប្តូរព័ត៌មានរសើបនេះ យ៉ាងហោចណាស់រហូតដល់លោកអ្នកបានយល់ច្បាស់អំពីស្ថានភាពនេះ។
- ត្រូវផ្លាស់ប្តូរពាក្យសម្ងាត់របស់លោកអ្នកឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ សូមមើល ជំពូក ៣ ៖ របៀបបង្កើតនិងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព។ ដើម្បីអាចផ្លាស់ប្តូរពាក្យសម្ងាត់ សម្រាប់គណនីរបស់លោកអ្នក (ឬសម្រាប់គណនីផ្សេងទៀត)បាន លោកអ្នកចាំបាច់ត្រូវចេះស្ទាត់អំពីរបៀបធ្វើការនេះ នៅលើប្រព័ន្ធអុីមែលរបស់លោកអ្នក ដើម្បីឱ្យលោកអ្នកធ្វើវាបានដោយរហ័សនៅពេលត្រូវការ។ ត្រូវផ្លាស់ប្តូរពាក្យសម្ងាត់សម្រាប់គ្រប់គណនីផ្សេងទៀតទាំងអស់ ដែលមានពាក្យសម្ងាត់ដូចគ្នា ឬស្រដៀងគ្នា ព្រោះពួកវាអាចនឹងត្រូវបានគេដឹងផងដែរ។ ត្រូវប្រើពាក្យសម្ងាត់ដែលរឹងមាំ និងខុសៗគ្នាសម្រាប់គណនីនីមួយៗ។ លោកអ្នកអាចនឹងត្រូវផ្លាស់ប្តូរផងដែរ នូវពាក្យសម្ងាត់សម្រាប់គ្រប់គណនីផ្សេងទៀតទាំងអស់ដែលខ្លួនមាន ។ គួរពិចារណាអំពីការប្រើកម្មវិធីKeePassX ដើម្បីរក្សាទុក និងគ្រប់គ្រងពាក្យសម្ងាត់ទាំងអស់របស់លោកអ្នក។ ត្រូវផ្លាស់ប្តូរសំណួរចម្លើយសុវត្ថិភាពរបស់លោកអ្នក (ប្រសិនបើលោកអ្នកប្រើពួកវា) សម្រាប់គ្រប់គណនីទាំងអស់ ដើម្បីឱ្យពួកវាមិនអាចត្រូវបានទាយដឹង ឬរកចម្លើយឃើញ តាមរយៈការស្រាវជ្រាវព័ត៌មានអំពីលោកអ្នក។ នេះគឺជាការប្រុងប្រយ័ត្នជាមុនមួយ ក្នុងករណីដែលកុំព្យូទ័ររបស់លោកអ្នកមានឆ្លងស្ប៉ាយវែរ ដែលអាចនឹងធ្វើឱ្យគណនីផ្សេងៗទៀតរបស់លោកអ្នកប្រឈមនឹងហានិភ័យ។
ប្រសិនបើលោកអ្នកមិនអាចបើកចូល គណនីរបស់ខ្លួន ដើម្បីផ្លាស់ប្តូរពាក្យសម្ងាត់បានទេនោះ លោកអ្នកត្រូវគិតគូរទាក់ទងទៅក្រុមហ៊ុនផ្តល់សេវាអុីមែលខ្លួន ដើម្បីសាកល្បងសុំយកគណនីរបស់លោកអ្នកមកវិញ។ ក្រុមហ៊ុនផ្តល់សេវាអុីមែលមួយចំនួន មាននីតិវិធីពិសេស ដើម្បីជួយអ្នកប្រើប្រាស់ដែលស្ថិតនៅក្នុងស្ថានភាពបែបនេះ។ វាជាការមានប្រយោជន៍ ដែលដឹងអំពីនីតិវិធីទាំងនេះបានមុនពេលវេលា។
ត្រូវសម្រាលការបាត់បង់ព័ត៌មាន និងផលប៉ះពាល់ចំពោះសហគមន៍របស់លោកអ្នក។ ការធ្វើផែនការឆ្លើយតបមួយ គឺមានសារៈសំខាន់។ ដោយការដឹងពីប្រភេទព័ត៌មានរសើបដែលមានក្នុងគណនីរបស់លោកអ្នក និងដោយការកំណត់អ្នកដែលលោកអ្នកផ្លាស��ប្តូរព័ត៌មានជាមួយតាមរយៈគណនីនោះ លោកអ្នកត្រូវសម្រេចចិត្តថា តើនរណាដែលលោកអ្នកគួរប្រាប់ឱ្យដឹងមុន ហើយគណនីផ្សេងទៀតណាខ្លះដែលលោកអ្នកនឹងត្រូវផ្លាស់ប្តូរឬបិទ។ ត្រូវកំណត់ថា តើសេវាណាខ្លះ(អុីនធឺណិត ហិរញ្ញវត្ថុ ។ល។) ដែលលោកអ្នកត្រូវការផ្លាស់ប្តូរ ឬលុបចោល។ វាគឺជាការសំខាន់ដែលថា លោកអ្នកត្រូវពិនិត្យមើលថតឯកសារទាំងអស់នៃ គណនីរបស់លោកអ្នក(ប្រសិនបើអាច) ដើម្បីស្រាវជ្រាវអំពីអ្វីដែលបានផ្ញើចេញពីគណនីរបស់លោកអ្នក និងដើម្បីចាត់ការទៅតាមនោះ។ ដើម្បីប្រាប់ទៅអ្នកដែលលោកអ្នកមានទំនាក់ទំនងជាមួយ លោកអ្នកចាំបាច់ត្រូវរក្សាសំណៅថតចម្លងដាច់ដោយឡែកមួយនៃសៀវភៅអាសយដ្ឋានរបស់លោកអ្នក។ ត្រូវពិនិត្យមើលមុខងារកំណត់នៃគណនីរបស់លោកអ្នកឡើងវិញ ដើម្បីពិនិត្យមើលការផ្លាស់ប្តូរដែលអាចកើតមាន។ ត្រូវពិនិត្យមើលជម្រើសហត្ថលេខាគណនី ដើម្បីរកពាក្យភ្ជាប់(links) និងមែលវែរ ជម្រើសបញ្ជូនបន្តដែលប្រហែលជាកំពុងអនុញ្ញាតឱ្យចម្លងទៅគណនីទីបីនូវអុីមែលដែលលោកអ្នកបានទទួល សារចេញទៅក្រៅ ឈ្មោះបង្ហាញ ។ល។
ត្រូវស្រាវជ្រាវរករបៀបដែលគណនីរបស់លោកអ្នកត្រូវបានគេលួចចូលប្រើបាន ថាតើដោយសារវាមានពាក្យសម្ងាត់ខ្សោយ ឬដោយសារការឆ្លងមែលវែរ ។ល។ លោកអ្នកធ្វើបែបនេះបានកាន់តែច្រើន លោកអ្នកនឹងអាចឆ្លើយតបចំពោះស្ថានភាពបានកាន់តែបានល្អ ហើយលោកអ្នកនឹងអាចការពារអ្នកដែលលោកអ្នកមានទំនាក់ទំនងជាមួយបានកាន់តែប្រសើរ។
ត្រូវពិនិត្យមើលឡើងវិញនូវសុវត្ថិភាពឧបករណ៍ទាំងអស់របស់លោកអ្នក ដែលមានសិទ្ធិប្រើអុីមែលចេញពីគណនីនេះ និងឧបករណ៍ដែលលោកអ្នកបានរក្សាទុកពាក្យសម្ងាត់សម្រាប់គណនីអុីមែលនេះ។ សូមមើល ជំពូក ១ ៖ របៀបការពារកុំព្យូទ័ររបស់លោកអ្នកពីមែលវែរ និងក្រុមហែកឃឺ, ជំពូក ២ ៖ របៀបការពារព័ត៌មានរបស់លោកអ្នកពីការគំរាមកំហែងផ្នែករូបវន្ត និង ជំពូក ១១ ៖ របៀបប្រើស្មាតហ្វូនដោយសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន។ ត្រូវពិនិត្យមើលឡើងវិញនូវកម្មវិធីប្រឆាំងមេរោគរបស់លោកអ្នក (សូមមើល មគ្គុទ្ទេសក៍អនុវត្តន៍អំពី កម្មវិធី Avast! - Anti-Virus និង កម្មវិធី Spybot - ប្រឆាំងស្ប៉ាយវែរ)។ ត្រូវស្គែនកុំព្យូទ័ររបស់លោកអ្នក៖ សូមអាន ៤.១ មគ្គុទ្ទេសក៍ខ្លីមួយ អំពីការដោះស្រាយបញ្ហាផ្ទុះឡើងនៃមេរោគ។ ត្រូវប្រើCDឬUSBសង្គ្រោះមួយ ដើម្បីធ្វើការស្គែនលម្អិត - សូមអាន ៤.៩ វិធីសាស្ត្រទំនើបសម្រាប់កម្ចាត់មេរោគ។ ប្រសិនបើលោកអ្នកមិនប្រាកដថា ខ្លួនអាចសម្អាតឧបករណ៍របស់ខ្លួនបានទេនោះ លោកអ្នកត្រូវពិចារណាបញ្ចូលកម្មវិធីទាំងអស់ រួមទាំងប្រព័ន្ធប្រតិបត្តិការផងដែរ ពីប្រភពមានសុវត្ថិភាពមួយ។ ត្រូវពិចារណាផ្លាស់ប្តូរទៅប្រើកម្មវិធីដែលមានសុវត្ថិភាព ដូចជា Firefox, Thunderbird, LibreOffice និង កម្មវិធីឥតគិតថ្លៃនិងបើកចំហផ្សេងទៀតជាដើម។ បន្ទាប់ពីធ្វើការកែលម្អខាងលើចំពោះសុវត្ថិភាពឧបករណ៍រួច លោកអ្នកត្រូវផ្លាស់ប្តូរពាក្យសម្ងាត់គណនីរបស់លោកអ្នកម្តងទៀត ទៅពាក្យសម្ងាត់ថ្មីដែលរឹងមាំជាងមុន។
ត្រូវពិចារណារាយការណ៍ទៅក្រុមហ៊ុនផ្តល់សេវាអុីមែល អំពីករណីវាយលុកចូលគណនីរបស់លោកអ្នក។
ត្រូវពិចារណាប្រើគណនីមួយផ្សេងទៀតដែលមានសុវត្ថិភាពខ្ពស់ជាងនេះ ឧទា. គណនីមួយដែលអាចផ្តល់ដំណឹងទៅលោកអ្នកអំពី និងការបង្ការការចូលប្រើពី កន្លែង ឬឧបករណ៍មិនប្រក្រតី។ ត្រូវពិចារណាប្រើគណនីដែលត្រូវបានរក្សាទុកនៅក្រៅប្រទេសរបស់លោកអ្នក។ ត្រូវពិចារណាប្រើអុីមែលកូដនីយកម្ម - សូមអាន gpg4usb – ការធ្វើកូដនីយកម្មអត្ថបទអុីមែល និងឯកសារ ឬ Thunderbird ជាមួយមុខងារបន្ថែម Enigmail និង GPG - កម្មវិធីអុីមែលដែលមានសុវត្ថិភាព.
ត្រូវពិចារណាជៀសវាងរក្សាទុកអុីមែលដែលអានរួច នៅលើសឺវឺអុីមែល ក្នុងគណនីអុីមែលរបស់លោកអ្នក។ ជាជំនួស ត្រូវដោនឡូតពួកវាទៅក្នុងកុំព្យូទ័រមានសុវត្ថិភាពរបស់លោកអ្នក។ ត្រូវធ្វើការវិភាគ អំពីសុវត្ថិភាពនៃរបៀបដែលលោកអ្នកប្រើគណនី និងឧបករណ៍ដែលប្រើសម្រាប់ធ្វើការនេះ។
វាគឺជាការសំខាន់ដែលថា នៅក្នុងស្ថានភាពដូចនេះ លោកអ្នកត្រូវចាត់ការឱ្យបានរហ័ស និងហ្មត់ចត់ ។ ការមានផែនការដែលរៀបចំទុកជាមុន និងហាត់សមជាមុន អាចនឹងជួយលោកអ្នកផងដែរ។
បើសិនលោកអ្នកសង្ស័យថា មាននរណាម្នាក់កំពុងពិនិត្យតាមដានអុីមែលរបស់ខ្លួន នោះលោកអ្នកអាចនឹងត្រូវបង្កើតគណនីថ្មីមួយ ហើយរក្សាគណនីចាស់ទុកធ្វើជាគណនីបញ្ឆោតមួយ។ ត្រូវចងចាំផងដែរថា គណនីណាមួយដែលលោកអ្នកធ្លាប់បានឆ្លើយឆ្លងអុីមែលជាមួយនាពេលកន្លងមក អាចនឹងស្ថិតនៅក្រោមការឃ្លាំមើលផងដែរនៅពេលបច្ចុប្បន្ននេះ។ ដោយហេតុនេះហើយ លោកអ្នកគួរសង្កេតមើលចំណុចប្រុងប្រយ័ត្នជាមុនបន្ថែមមួយចំនួន៖
- ទាំងលោកអ្នក និងអ្នកដែលឆ្លើយឆ្លងអុីមែលជាមួយលោកអ្នកនាពេលថ្មីៗនេះ គួរតែបង្កើតគណនីថ្មី ហើយភ្ជាប់សេវាទៅពួកវា ពីទីកន្លែង(ដូចជាហាងអុីនធឺណិតជាដើម)ដែលលោកអ្នកមិនធ្លាប់ប្រើពីមុន។ យើងសូមណែនាំឱ្យប្រើយុទ្ធសាស្ត្រនេះ ដើម្បីបង្ការការភ្ជាប់សេវាចេញពីកុំព្យូទ័រធម្មតារបស់លោកអ្នក ដែលអាចនឹងត្រូវបានពិនិត្យតាមដាន និងដើម្បីបង្ការមិនឱ្យផ្តល់ព័ត៌មានអំពីទីតាំងនៃគណនីថ្មីរបស់លោកអ្នក។ ជាជម្រើសផ្សេងមួយទៀត ប្រសិនបើលោកអ្នកចាំបាច់ត្រូវតែបើកចូលប្រើគណនីថ្មីដោយចេញពីទីតាំងធម្មតារបស់លោកអ្នក លោកអ្នកអាចប្រើកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលត្រូវបានបរិយាយនៅក្នុង ជំពូក ៨ ៖ របៀបរក្សាអនាមិកភាព និងគេចវាងពីការត្រួតពិនិត្យអុីនធឺណិត ដើម្បីលាក់ព័ត៌មានអំពីការភ្ជាប់សេវាទាំងនេះ។
- ត្រូវផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកអំពីអាសយដ្ឋានអុីមែលថ្មីទាំងនេះ តាមរយៈតែបណ្តាញមានសុវត្ថិភាពប៉ុណ្ណោះ ដែលមានដូចជា ការជួបមុខផ្ទាល់ សាររហ័សភា្លមៗដែលមានសុវត្ថិភាព និងការសន្ទនាតាមVoIPដែលត្រូវបានធ្វើកូដនីយកម្ម។
- ត្រូវរក្សាចរាចរណ៍នៅលើគណនីចាស់របស់លោកអ្នកឱ្យស្ទើរតែមានលក្ខណៈជាធម្មតាដដែល យ៉ាងហោចណាស់សម្រាប់ រយៈពេលខ្លី។ វាគួរតែបង្ហាញទៅអ្នកលួចមើល ឱ្យឃើញដូចជាលោកអ្នកនៅកំពុងប្រើគណនីនោះសម្រាប់ទំនាក់ទំនងរសើប។ ជាធម្មតា លោកអ្នកមិនចង់បង្ហាញព័ត៌មានសំខាន់ឡើយ ប៉ុន្តែលោកអ្នកគួរព្យាយាមកុំធ្វើឱ្យគេគិតថា លោកអ្នកមិនចង់បង្ហាញព័ត៌មាន សំខាន់នោះ។ ដូចដែលលោកអ្នកអាចគិតស្រមៃឃើញដែរ ការធ្វើដូចនេះអាចមានការលំបាកគួរសម។
- ត្រូវធ្វើឱ្យមានការលំបាក ក្នុងការភ្ជាប់អត្តសញ្ញាណជាក់ស្តែងរបស់លោកអ្នកទៅគណនីថ្មីរបស់លោកអ្នក។ មិនត្រូវផ្ញើអុីមែលរវាងគណនីថ្មីនោះ និងគណនីចាស់ៗរបស់លោកអ្នក (ឬគណនីរបស់អ្នកដែលលោកអ្នកទាក់ទងជាមួយ ដែលលោកអ្នកគិតថា អាចនឹងត្រូវបានពិនិត្យតាមដានផងដែរ)ឡើយ។
- ត្រូវដឹងអំពីអ្វីដែលលោកអ្នកសរសេរ នៅពេលប្រើគណនីថ្មីរបស់លោកអ្នក។ ជាការល្អបំផុត លោកអ្នកត្រូវជៀសវាងប្រើឈ្មោះនិងអាសយដ្ឋានពិតប្រាកដ ឬ ឃ្លាដូចជា 'human rights' ឬ 'torture' ជាដើម។ ត្រូវបង្កើតប្រព័ន្ធកូដធម្មតាមួយ ជាមួយបញ្ជីអាសយដ្ឋានអុីមែលរបស់លោកអ្នក ហើយត្រូវផ្លាស់ប្តូរវាទៅតាមកាលកំណត់។
- ត្រូវកុំភ្លេចថា សុវត្ថិភាពអុីមែលមិនមែនគ្រាន់តែនិយាយអំពីការការពារបានរឹងមាំ តាមលក្ខណៈបច្ចេកទេសនោះទេ គឺវានិយាយផងដែរអំពីការយកចិត្តទុកដាក់ទៅលើរបៀបទាក់ទងតាមអុីមែលរវាងលោកអ្នក និងអ្នកដែលលោកអ្នកស្គាល់ និងអំពីការប្រកាន់ខ្ជាប់ តាមទម្លាប់សុវត្ថិភាពមិនមែនបច្ចេកទេសរបស់លោកអ្នក។
ការធានាសុវត្ថិភាពកម្មវិធីទំនាក់ទំនងតាមអុីនធឺណិតផ្សេងទៀត
មានលក្ខណៈដូចគ្នាច្រើនទៅនឹងអុីមែលដែរ កម្មវិធីផ្ញើសាររហ័សភ្លាមៗ និងកម្មវិធីVoIP អាចមានសុវត្ថិភាព ឬគ្មានសុវត្ថិភាព ដោយអាស្រ័យទៅតាមកម្មវិធីដែលលោកអ្នកបានជ្រើសរើស និងរបៀបដែលលោកអ្នកប្រើកម្មវិធីនោះ។
ការធានាសុវត្ថិភាពកម្មវិធីផ្ញើសាររហ័សភ្លាមៗ
កម្មវិធីផ្ញើសាររហ័សភ្លាមៗ ដែលត្រូវបានហៅថាកម្មវិធី'ជជែកគ្នា'('chat')ផងដែរនោះ ជាធម្មតាមិនមានសុវត្ថិភាពឡើយ ហើយអាចងាយរងហានិភ័យនៃការឃ្លាំមើលដូចជាអុីមែលដែរ។ សំណាងល្អ មានកម្មវិធីមួយចំនួនដែលអាចជួយធានាសុវត្ថិភាពភាពឯកជននៃវគ្គជជែកគ្នារបស់លោកអ្នក។ ទោះបីមានលក្ខណៈច្រើនដូចអុីមែលក៏ដោយ បណ្តាញទំនាក់ទំនងមានសុវត្ថិភាពមួយ តម្រូវឱ្យលោកអ្នក និងអ្នកលេងសាររហ័សភ្លាមៗរបស់លោកអ្នកប្រើកម្មវិធីដូចគ្នា និងមានការប្រុងប្រយ័ត្នជាមុនផ្នែកសុវត្ថិភាពដូចគ្នា។
មានកម្មវិធីជជែកគ្នាមួយ ដែលមានឈ្មោះថាកម្មវិធី Pidgin(ភីដជីន) ដែលអាចប្រើជាមួយពិធីការផ្ញើសាររហ័សភ្លាមៗដែលមានស្រាប់ជាច្រើន ដែលមានន័យថា លោកអ្នកអាចចាប់ផ្តើមប្រើវាបានដោយងាយស្រួល ដោយមិនចាំបាច់ត្រូវផ្លាស់ប្តូរឈ្មោះគណនីរបស់លោកអ្នក ឬបង្កើតបញ្ជីអាសយដ្ឋានរបស់លោកអ្នកឡើយ។ ដើម្បីមានការសន្ទនាជាលក្ខណៈឯកជន និងដែលត្រូវបានបម្លែងជាទម្រង់សម្ងាត់តាមរយៈកម្មវិធីPidgin លោកអ្នកចាំបាច់ត្រូវតែបញ្ចូល និងបើកដំណើរការមុខងារបន្ថែមOff-the-Record OTR។ សំណាងល្អ នេះគឺជាដំណើរការសាមញ្ញគួរសមមួយ។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយកម្មវិធី Pidgin with OTR - មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីផ្ញើសាររហ័សភ្លាមៗដែលមានសុវត្ថិភាព
ប៉ាប្លូ៖ បើវេបមែលរបស់Yahooអត់មានសុវត្ថិភាព នោះមានន័យថា កម្មវិធីជជែកគ្នារបស់Yahooក៏អត់មានសុវត្ថិភាពដែរ តើមែនទេ?
ក្លូដ្យា៖ អ្វីដែលត្រូវចងចាំគឺថា បើយើងចង់ប្រើកម្មវិធីផ្ញើសាររហ័សភ្លាមៗដើម្បីពិភាក្សារបាយការណ៍នេះ យើងចាំបាច់ត្រូវតែប្រាកដថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់សុទ្ធតែមានបញ្ចូលកម្មវិធី Pidgin និងមុខងារបន្ថែម OTR ។ បើពួកគេមាន នោះយើងអាចប្រើសេវាជជែកគ្នារបស់Yahoo ឬសេវាជជែកគ្នាណាមួយផ្សេងទៀតបាន។
ការធានាសុវត្ថិភាពកម្មវិធី VoIP របស់លោកអ្នក
ការហៅតាមVoIPទៅអ្នកប្រើប្រាស់VoIPផ្សេងទៀត ជាទូទៅគឺឥតគិតថ្លៃ។ កម្មវិធីខ្លះ អនុញ្ញាតឱ្យលោកអ្នកអាចហៅទៅទូរស័ព្ទបានក្នុងតម្លៃថោកផងដែរ រាប់បញ្ចូលទាំងលេខទូរស័ព្ទក្រៅប្រទេស។ ជាការពិតណាស់ លក្ខណៈពិសេសទាំងនេះអាចមានប្រយោជន៍បំផុត។ កម្មវិធីខ្លះក្នុងចំណោមកម្មវិធីVoIP ដែលកាន់តែពេញនិយមនាពេលបច្ចុប្បន្ននេះ រួមមានដូចជា Skype(សូមមើលខាងក្រោម), Jitsi, Google Hangouts និង Yahoo! Voiceជាដើម។
តាមធម្មតា សេវាទំនាក់ទំនងជាសម្លេងនៅលើអុីនធឺណិត មិនមានសុវត្ថិភាពជាងអុីមែល និងសេវាផ្ញើសាររហ័សភ្លាមៗដែលមិនត្រូវបានការពារនោះទេ។ នៅពេលប្រើសេវាទំនាក់ទំនងជាសម្លេង ដើម្បីផ្លាស់ប្តូរព័ត៌មានរសើប ការសំខាន់ត្រូវជ្រើសរើសយកកម្មវិធីមួយដែលធ្វើកូដនីយកម្មសម្លេងនិយាយគ្នានៅតាមផ្លូវបញ្ជូនទិន្នន័យពីកុំព្យូទ័ររបស់លោកអ្នកទៅកុំព្យូទ័ររបស់អ្នកទទួលការហៅ។ គឺជាការប្រសើរបំផុតផងដែរ ដែលត្រូវប្រើកម្មវិធីឥតគិតថ្លៃនិងបើកចំហ ដោយគួរជ្រើសយកកម្មវិធីដែលត្រូវបានពិនិត្យមើលឡើងវិញ ធ្វើតេស្តសាកល្បង និងណែនាំដោយសហគមន៍គួរឱ្យទុកចិត្តមួយ។ តាមលក្ខណៈវិនិច្ឆ័យខាងលើនេះ យើងសូមណែនាំឱ្យលោកអ្នកសាកល្បងប្រើកម្មវិធី Jitsi ជាជម្រើសកម្មវិធីVoIPរបស់លោកអ្នក។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយកម្មវិធី Jitsi - សេវាទំនាក់ទំនងជាសម្លេង ជាវីដេអូ និងជាអក្សរផ្ញើសាររហ័សភ្លាមៗ ដែលមានសុវត្ថិភាព
កំណត់សម្គាល់អំពីសុវត្ថិភាពរបស់កម្មវិធី Skype
កម្មវិធីSkype គឺជាកម្មវិធីផ្ញើសាររហ័សភ្លាមៗ និងកម្មវិធីVoIPទូទៅមួយ ដែលអាចប្រើបានផងដែរសម្រាប់ហៅទៅទូរស័ព្ទប្រើខ្សែ និងទូរស័ព្ទចល័ត។ ទោះបីវាមានការពេញនិយមក៏ដោយ មានបញ្ហាខ្លះធ្វើឱ្យកម្មវិធីនេះមិនមែនជាជម្រើសមួយដែលមានសុវត្ថិភាព ។ បញ្ហាទាំងនេះមួយចំនួន ត្រូវបានបរិយាយនៅខាងក្រោម។
កម្មវិធីSkype អាចធ្វើកូដនីយកម្មបានទាំងសារ និងសម្លេង។ វាអាចនឹងធ្វើដូច្នេះបាន នៅពេលដែលភាគីទំនាក់ទំនងទាំងសងខាងកំពុងប្រើកម្មវិធីSkypeប៉ុណ្ណោះ។ វាមិនបម្លែងជាទម្រង់សម្ងាត់នូវការហៅទៅទូរស័ព្ទ ឬអក្សរដែលត្រូវបានផ្ញើជាសារSMSទេ។
ប្រសិនបើភាគីទំនាក់ទំនងទាំងសងខាងកំពុងប្រើកម្មវិធីSkype(មិនក្លែងក្លាយ) មុខងារបម្លែងជាទម្រង់សម្ងាត់របស់វា អាចនឹងធ្វើឱ្យការហៅនោះមានសុវត្ថិភាពជាងការហៅតាមទូរស័ព្ទធម្មតា។ ប៉ុន្តែ ដោយសារSkypeគឺជាកម្មវិធីបិទជិតមួយ ធ្វើឱ្យសវនកម្ម និងការវាយតម្លៃទៅលើសេចក្តីប្រកាសរបស់វាអំពីកូដនីយកម្មមិនអាចធ្វើទៅបាន ដែលដោយហេតុនេះហើយ គេមិនអាចពិនិត្យផ្ទៀងផ្ទាត់បានថា តើវាកំពុងការពារអ្នកប្រើប្រាស់ និង ព័ត៌មាននិងទំនាក់ទំនងរបស់អ្នកប្រើប្រាស់បានល្អកម្រិតណាឡើយ។ ជំពូក ១ ៖ របៀបការពារកុំព្យូទ័ររបស់លោកអ្នកពីមែលវែរ និងក្រុមហែកឃឺ មាននិយាយអំពីគុណសម្បត្តិរបស់កម្មវិធីកុំព្យូទ័រឥតគិតថ្លៃនិងបើកចំហ FOSS នៅក្នុងផ្នែក ការរក្សាកម្មវិធីកុំព្យូទ័ររបស់លោកអ្នកឱ្យទាន់សម័យជានិច្ច។
ដូចដែលបានបញ្ជាក់ខាងលើ ខណៈដែលយើងមិនអាចណែនាំថា កម្មវិធីSkypeជាកម្មវិធីទំនាក់ទំនងមានសុវត្ថិភាពនោះ ប្រសិនបើមានអ្នកនៅតែសម្រេចប្រើវាធ្វើជាកម្មវិធីសម្រាប់ទំនាក់ទំនងរសើបរបស់ខ្លួន វាគឺជាការសំខាន់ណាស់ដែលអ្នកនោះត្រូវមានការប្រុងប្រយ័ត្នជាមុនមួយចំនួន៖
- ត្រូវដោនឡូត និងបញ្ចូលកម្មវិធីSkype ដែលបានមកពីគេហទំព័រផ្លូវការរបស់វាwww.skype.comប៉ុណ្ណោះ ដើម្បីជៀសវាងទទួលបានកម្មវិធីSkypeមួយដែលមានឆ្លងស្ប៉ាយវែរ។ ជានិច្ចកាល ត្រូវពិនិត្យផ្ទៀងផ្ទាត់មើលURL ដើម្បីប្រាកដថាលោកអ្នកកំពុងភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់វា។ នៅក្នុងប្រទេសមួយចំនួន គេហទំព័ររបស់Skypeត្រូវបានបិទ ហើយ/ឬ គេហទំព័រក្លែងក្លាយខ្លះដែលប្រកាសថាជាគេហទំព័រផ្លូវការរបស់Skype កំពុងមានដំណើរការ។ នៅក្នុងករណីដូចនេះជាច្រើន សំណៅកម្មវិធីSkypeដែលឃើញមាន ទំនងជាបានឆ្លងម៉ាលវែរ ដែលបង្កើតឡើងដើម្បីស៊ើបយកការណ៍លើទំនាក់ទំនងណាមួយ។ ត្រូវប្រើកម្មវិធីគេចវាងការត្រួតពិនិត្យ ដែលមានបរិយាយនៅក្នុងជំពូក ៨ ដើម្បីភ្ជាប់ទៅកាន់គេហទំព័ររបស់Skype និងដោនឡូតសំណៅកម្មវិធីSkypeពិតប្រាកដមួយ នៅគ្រប់ពេលដែលលោកអ្នកចង់បញ្ចូលឬចង់ប្តូរទៅសំណៅកម្មវិធីថ្មីចុងក្រោយបំផុត។
- វាគឺជាការសំខាន់ណាស់ ដែលត្រូវផ្លាស់ប្តូរពាក្យសម្ងាត់របស់Skypeឱ្យបានទៀងទាត់។ Skypeអនុញ្ញាតឱ្យមានការបើកចូលគណនីច្រើនពីទីតាំងផ្សេងៗគ្នា ហើយមិនប្រាប់លោកអ្នកឱ្យដឹងពីចំនួនរបស់វគ្គជជែកគ្នាដែលមានក្នុងពេលតែមួយឡើយ។ ចំណុចនេះចោទជាហានិភ័យធំមួយ គឺ ប្រសិនបើពាក្យសម្ងាត់របស់លោកអ្នកត្រូវបានគេដឹង អ្នកដែលដឹងពាក្យសម្ងាត់នោះអាចបើកចូលប្រើគណនីផងដែរ។ គ្រប់វគ្គជជែកគ្នាដែលត្រូវបានបើកចូល អាចទទួលបានគ្រប់ទំនាក់ទំនងជាអក្សរទាំងអស់ ហើយមានសិទ្ធិចូលមើលប្រវត្តិនៃការហៅនានា។ ការផ្លាស់ប្តូរពាក្យសម្ងាត់ គឺជាមធ្យោបាយតែមួយគត់ដើម្បីបិទដំណើរការវគ្គជជែកគ្នាអាក្រក់ទាំងនេះ(ដោយការបង្ខំឱ្យបើកចូលគណនីម្តងទៀត)។
- គួរតែកំណត់មុខងារកំណត់ភាពឯកជននៅក្នុងSkypeផងដែរ ដើម្បីកុំឱ្យវារក្សាទុកប្រវត្តិនៃការជជែកគ្នា។
- គួរតែបិទដំណើរការមុខងារកំណត់របស់Skype ដែលទទួលយកឯកសារដែលផ្ញើចូលដោយស្វ័យប្រវត្តិ ព្រោះយូរៗម្តងវាធ្លាប់ត្រូវបានប្រើដើម្បីចម្លងម៉ាលវែរ/ស្ប៉ាយវែរទៅក្នុងកុំព្យូទ័រ។
- ត្រូវពិនិត្យផ្ទៀងផ្ទាត់ដោយឯករាជ្យជានិច្ច នូវអត្តសញ្ញាណរបស់អ្នកដែលលោកអ្នកកំពុងទាក់ទងជាមួយ។ នៅពេលមានការជជែកគ្នាជាសម្លេង វាមានលក្ខណៈងាយស្រួលជាងក្នុងការពិនិត្យផ្ទៀងផ្ទាត់ ជាពិសេសប្រសិនបើលោកអ្នកស្គាល់អ្នកដែលខ្លួនចង់និយាយជាមួយ។
- ត្រូវសម្រេចចិត្តថា តើឈ្មោះអ្នកប្រើប្រាស់Skype គួរកំណត់អត្តសញ្ញាណលោកអ្នក ឬមានទំនាក់ទំនងណាមួយជាមួយឈ្មោះពិតរបស់លោកអ្នក ឬឈ្មោះអង្គភាពរបស់លោកអ្នកដែរឬទេ។
- ត្រូវមានមធ្យោបាយផ្សេងទៀតជានិច្ចសម្រាប់ទាក់ទងគ្នា ព្រោះ Skypeអាចលែងមាននៅពេលណាមួយ។
- ត្រូវប្រយ័ត្នអំពីអ្វីដែលលោកអ្នកនិយាយ - ត្រូវបង្កើតប្រព័ន្ធកូដមួយ ដើម្បីពិភាក្សាអំពីប្រធានបទរសើប ដោយមិនប្រើពាក្យជាក់លាក់។
ទោះបីកម្មវិធី Skype មានភាពពេញនិយមក៏ដោយ ក្តីបារម្ភណ៍ខាងលើធ្វើឱ្យវាអាចមានបញ្ហាចំពោះបទពិសោធន៍សុវត្ថិភាព ហើយយើងសូមណែនាំឱ្យលោកអ្នកចាប់ផ្តើមប្រើកម្មវិធីដូចជា Jitsi សម្រាប់ VoIP និងកម្មវិធីPidginដែលមានមុខងារបន្ថែមOTR សម្រាប់សេវាផ្ញើសាររហ័សភ្លាមៗដែលមានសុវត្ថិភាព។
សុវត្ថិភាពអុីមែលកម្រិតខ្ពស់
កម្មវិធីនិងគោលគំនិតដែលពិភាក្សាខាងក្រោមនេះ ត្រូវបានណែនាំសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រដែលមានបទពិសោធន៍។
ការប្រើកូនសោកូដនីយកម្មសាធារណៈក្នុងអុីមែល
គេអាចតម្លើងកម្រិតភាពឯកជនរបស់អុីមែលបាន ទោះបីគណនីអុីមែលនោះមិនមានសុវត្ថិភាពក៏ដោយ។ ដើម្បីធ្វើការនេះ លោកអ្នកចាំបាច់ត្រូវយល់ដឹងអំពី កូនសោកូដនីយកម្មសាធារណៈ។ បច្ចេកទេសនេះ អនុញ្ញាតឱ្យលោកអ្នកអាចបម្លែងជាអក្សរសម្ងាត់នូវសារនីមួយៗ ដែលធ្វើមិនឱ្យនរណាម្នាក់អាចអានពួកវាបាន លើកលែងតែអ្នកទទួលគោលដៅប៉ុណ្ណោះ។ ទិដ្ឋភាពប៉ិនប្រសប់នៃកូនសោកូដនីយកម្មសាធារណៈគឺនៅត្រង់ថា លោកអ្នកមិនចាំបាច់ត្រូវផ្លាស់ប្តូរជាមួយដៃគូទំនាក់ទំនងរបស់ខ្លួន នូវព័ត៌មានសម្ងាត់ណាមួយ អំពីរបៀបដែលលោកអ្នកនឹងបម្លែងសារនានាជាអក្សរសម្ងាត់នាពេលអនាគតឡើយ។
<div class="background" markdown="1"> ប៉ាប្លូ៖ ប៉ុន្តែ អាអស់នេះ ដំណើរការបានយ៉ាងម៉េច?
ក្លូដ្យា៖ គណិតសាស្ត្រវៃឆ្លាត! ឯងធ្វើកូដនីយកម្មសារផ្ញើទៅកាន់អាសយដ្ឋានអុីមែលជាក់លាក់មួយ ដោយប្រើ'កូនសោរ សាធារណៈ'ពិសេសរបស់គាត់(អ្នកទទួលអុីមែល) ដែលគាត់អាចចែកចាយដោយសេរី។ បន្ទាប់មក គាត់ប្រើ'កូនសោរឯកជន'សម្ងាត់របស់គាត់ដែលគាត់ត្រូវការពារដោយប្រុងប្រយ័ត្ន ដើម្បីអាចអានសារទាំងនោះបាន។ ត្រឡប់មកវិញ ដៃគូទំនាក់ទំនងរបស់ឯង ប្រើកូនសោរសាធារណៈរបស់ឯង ដើម្បីធ្វើកូដនីយកម្មសារដែលគាត់សរសេរផ្ញើមកឯង។ ដូច្នេះ ទីបំផុត ឯងត្រូវតែផ្លាស់ប្តូរកូនសោរសាធារណៈគ្នាទៅវិញទៅមក ប៉ុន្តែឯងអាចចែករំលែកកូនសោរសាធារណៈទាំងនោះដោយបើកចំហ ដោយមិនចាំបាច់បារម្ភអំពីការដែលថា អ្នកដែលចង់បានកូនសោរសាធារណៈរបស់ឯងអាចយកវាបានឡើយ។ </div>
បច្ចេកទេសនេះ អាចប្រើបានជាមួយគ្រប់សេវាអុីមែលទាំងអស់ រួមទាំងសេវាដែលខ្វះបណ្តាញទំនាក់ទំនងសុវត្ថិភាពផងដែរ ព្រោះសារនីមួយៗត្រូវបានធ្វើកូដនីយកម្ម មុនពេលពួកវាចាកចេញពីកុំព្យូទ័ររបស់លោកអ្នក។
ត្រូវចងចាំថា ដោយការប្រើកូដនីយកម្ម លោកអ្នកនឹងទាក់ទាញការយកចិត្តទុកដាក់ចំពោះខ្លួនឯង។ ប្រភេទនៃ កូដនីយកម្មដែលប្រើនៅពេលលោកអ្នកបើកចូលគេហទំព័រមានសុវត្ថិភាព(រាប់បញ្ចូលទាំងគណនីវែបមែល)មួយ ជាញឹកញាប់ត្រូវបានមើលដោយមានការសង្ស័យតិចជាងប្រភេទនៃកូនសោរកូដនីយកម្មសាធារណៈ ដែលទើបត្រូវបានពិភាក្សារួចហើយនេះ។ នៅក្នុងកាលៈទេសៈមួយចំនួន ប្រសិនបើអុីមែលដែលមានទិន្នន័យ ត្រូវបានធ្វើកូដនីយកម្មប្រភេទនេះ ត្រូវបានស្ទាក់ចាប់ឬផ្ញើទៅវេទិកាសាធារណៈមួយ នោះវាអាចនឹងធ្វើពិរុទ្ធកម្មអ្នកដែលបានផ្ញើវា ដោយមិនទាន់គិតអំពីខ្លឹមសាររបស់សារនោះនៅឡើយ។ ពេលខ្លះ លោកអ្នកប្រហែលជាត្រូវតែជ្រើសរើស រវាងភាពឯកជននៃសាររបស់លោកអ្នក និងតម្រូវការរក្សាកុំឱ្យគេកត់សម្គាល់ឃើញ។
ការធ្វើកូដនីយកម្ម និងការបញ្ជាក់អត្តសញ្ញាណ ចំពោះសារនីមួយៗ
កូនសោកូដនីយកម្មសាធារណៈ ជាលើកដំបូង អាចមើលទៅហាក់ដូចជាស្មុគស្មាញ ប៉ុន្តែវាមានលក្ខណៈងាយស្រួល បន្ទាប់ពីលោកអ្នកបានយល់អំពីមូលដ្ឋានរបស់វា ហើយឧបករណ៍នានារបស់កម្មវិធីនេះមិនពិបាកប្រើឡើយ។ កម្មវិធី gpg4usb មានលក្ខណៈសាមញ្ញ សិទ្ធស្នាលនឹងអ្នកប្រើប្រាស់ និងអាចយកតាមខ្លួនបាន។ វាអាចបម្លែងជាអក្សរសម្ងាត់នូវសារអុីមែល និងឯកសារបាន សូម្បីតែនៅពេលលោកអ្នកមិនភ្ជាប់សេវាអុីនធឺណិតក៏ដោយ។
<div class="getstarted" markdown="1"> **អនុវត្តន៍៖ ចាប់ផ្តើមជាមួយ Portable gpg4usb - មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីកូដនីយកម្មសារអុីមែលនិងឯកសារ </div>
កម្មវិធីអុីមែល Mozilla Thunderbird អាចប្រើបានជាមួយមុខងារបន្ថែមមួយ ដែលគេឱ្យឈ្មោះថា Enigmail ដើម្បីបម្លែងជាអក្សរសម្ងាត់ និងស្រាយអក្សរសម្ងាត់ចំពោះសារអុីមែល បានយ៉ាងងាយស្រួល។
អនុវត្តន៍៖ ចាប់ផ្តើមជាមួយ កម្មវិធី Thunderbird ជាមួយមុខងារបន្ថែម Enigmail និង GPG - មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីអុីមែលដែលមានសុវត្ថិភាព
យថាភាពនៃអុីមែលរបស់លោកអ្នក គឺជាទិដ្ឋភាពសំខាន់មួយផ្សេងទៀតនៃសុវត្ថិភាពផ្នែកទំនាក់ទំនង។ អ្នកដែលមានប្រើអុីនធឺណិត និងកម្មវិធីត្រឹមត្រូវ អាចក្លែងធ្វើជាលោកអ្នក ដោយផ្ញើសារពីអាសយដ្ឋានអុីមែលក្លែងក្លាយមួយ ដែលដូចគ្នាបេះបិទទៅនឹងអាសយដ្ឋានអុីមែលរបស់លោកអ្នក។ ហានិភ័យនៅត្រង់ចំណុចនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ នៅពេលត្រូវបានពិចារណាតាមទស្សនៈខាងអ្នកទទួល។ ឧទា. សាកល្បងស្រមៃគិតអំពី ការគំរាមកំហែងបង្កដោយអុីមែលមួយដែលបង្ហាញថាមកពីអាសយដ្ឋានអុីមែលគួរឱ្យទុកចិត្តមួយ ប៉ុន្តែតាមពិតគឺមកពីអ្នកដែលមានគោលបំណងចង់បង្អាក់សកម្មភាពរបស់លោកអ្នក ឬចង់ដឹងព័ត៌មានរសើបរបស់អង្គភាពលោកអ្នកប៉ុណ្ណោះ។
ដោយសារយើងមិនអាចមើលឃើញ ឬស្តាប់ឮអ្នកឆ្លើយឆ្លងអុីមែលរបស់យើង ជាទូទៅយើងពឹងផ្អែកទៅលើអាសយដ្ឋានរបស់អ្នកផ្ញើដើម្បីពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកនោះ ដែលដោយហេតុនេះហើយ យើងងាយនឹងត្រូវបានបន្លំដោយអុីមែលក្លែងក្លាយ។ ហត្ថលេខាឌីជីតថល ដែលពឹងផ្អែកទៅលើកូនសោកូដនីយកម្មសាធារណៈផងដែរនោះ ផ្តល់នូវមធ្យោបាយបញ្ជាក់អត្តសញ្ញាណរបស់អ្នកផ្ញើមួយ ដែលមានសុវត្ថិភាពជាងមុន នៅពេលផ្ញើសារមួយ។ មគ្គុទ្ទេសក៍ណែនាំអំពីportable gpg4usb ឬ ផ្នែក របៀបប្រើប្រាស់មុខងារ Enigmail ជាមួយកម្មវិធី Thunderbird នៅក្នុង មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីThunderbird មានពន្យល់លម្អិតអំពីរបៀបដែលធ្វើការនេះបាន។
ប៉ាប្លូ៖ ខ្ញុំធ្លាប់មានអ្នកធ្វើការជាមួយម្នាក់ បានទទួលអុីមែលមួយពីខ្ញុំ ដែលខ្ញុំមិនបានផ្ញើ។ ចុងក្រោយបំផុត យើងបានវិនិច្ឆ័យថា វាគឺជាស្ពែម។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំកំពុងគិតថា តើអាចនឹងមានការខូចខាតកម្រិតណា ប្រសិនបើអុីមែលក្លែងក្លាយមួយបានបង្ហាញខ្លួនក្នុងប្រអប់សំបុត្រខុសមនុស្សខុសពេលវេលា។ ខ្ញុំបានឮថា ឯងអាចបង្ការបញ្ហាប្រភេទនេះបាន ដោយប្រើហត្ថលេខាឌីជីតថល ប៉ុន្តែ តើហត្ថលេខាឌីជីតថលនោះគឺជាអ្វី?
ក្លូដ្យា៖ ហត្ថលេខាឌីជីតថលមួយ គឺមានលក្ខណៈដូចជាត្រាក្រមួននៅលើសន្ទះគ្របស្រោមសំបុត្រមួយ ដែលមានសំបុត្ររបស់ឯងនៅខាងក្នុង ខុសត្រង់តែវាមិនអាចក្លែងបន្លំបាន។ វាបញ្ជាក់ថា ឯងគឺជាអ្នកផ្ញើសារនោះពិតប្រាកដ ហើយបញ្ជាក់ថា វាមិនត្រូវបានលួចកែនៅតាមផ្លូវចរាចរណ៍ទិន្នន័យឡើយ។
សេចក្តីសម្រាប់អានបន្ថែម
- ដើម្បីយល់ដឹងបន្ថែម អំពីការបន្លំអត្តសញ្ញាណអុីមែលមួយ សូមយោងទៅផ្នែក ២.៥ Spoofing របស់សៀវភៅសុវត្ថិភាពឌីជីតថល និងភាពឯកជន សម្រាប់អ្នកការពារសិទ្ធិមនុស្ស។
- បន្ថែមពីលើមគ្គុទ្ទេសក៍អនុវត្តន៍កម្មវិធី Riseup និង Thunderbird មានគេហទំព័រមួយចំនួនដែលពន្យល់អំពី របៀបប្រើកម្មវិធីអុីមែលរបស់លោកអ្នកជាមួយក្រុមហ៊ុនផ្តល់សេវាអុីមែលពេញនិយមផ្សេងៗ ដោយទុកសំណៅមួយនៃសាររបស់លោកអ្នកនៅលើសឺវឺអុីមែល៖
- គេហទំព័ររបស់កម្មវិធី Riseup
- ពាក្យណែនាំអំពី ការប្រើ Gmail .
- ពាក្យណែនាំអំពី របៀបនាំចូលអាសយដ្ឋាន gmail របស់លោកអ្នកទៅក្នុងកម្មវិធី Thunderbird
- សម្រាប់ព័ត៌មានលម្អិត អំពីរបៀបប្រើសេវាអុីមែលផ្សេងៗទៀតតាមរបៀបនេះ សូមស្វែងរកផ្នែកជំនួយ នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនផ្តល់សេវា ដោយវាយពាក្យគន្លឹះដូចជា 'POP', 'IMAP' និង 'SMTP' ជាដើម។
- មានការវាយប្រហារល្បីឈ្មោះមួយទៅលើសុវត្ថិភាពរបស់ SSL encryption ដែលត្រូវបានហៅថា Man in the Middle attack។
- គោលនយោបាយស្តីពី ភាពឯកជនរបស់Gmail ដែលលោកអ្នកត្រូវតែទទួលយកនៅពេលបង្កើតគណនីGmailមួយ ពន្យល់ថា "Google រក្សានិងដំណើរការគណនីGmailរបស់លោកអ្នក និងអ្វីៗដែលមាននៅក្នុងគណនីនោះ ដើម្បីផ្តល់ឱ្យលោកអ្នកនូវសេវាGmail និងដើម្បីកែលម្អសេវារបស់យើង។" តាមពិត ក្រុមហ៊ុនផ្តល់សេវាអុីមែលទាំងអស់សុទ្ធស្គែនសាររបស់លោកអ្នកនៅក្នុងកម្រិតមួយ ដើម្បីឱ្យពួកគេអាចផ្តល់ជូនសេវាប្រឆាំងស្ពែម និងមុខងារបែបដូចនេះផ្សេងៗទៀត។ ប៉ុន្តែ Gmailទៅឆ្ងាយជាងនេះបន្តិច ដើម្បីផ្តល់នូវ'ការផ្សាយពាណិជ្ជកម្មតាមផ្តោតគោលដៅ' ដោយពឹងផ្អែកទៅលើអ្វីដែលមានជាក់ស្តែងនៅក្នុងអុីមែលរបស់លោកអ្នក។ ចំណុចនេះ អាចនឹងមានហានិភ័យ ប្រសិនបើព័ត៌មានដែលរក្សាទុកដោយGoogleត្រូវបានបើកបង្ហាញដោយចេតនា ឬចៃដន្យ។
- សេរីនៃបទសម្ភាសន៍មួយនៅក្នុងឆ្នាំ២០០៨ បានលើកឡើងនូវគោលនយោបាយស្តីពី គោលនយោបាយឯកជនភាព និងកូដនីយកម្ម របស់សេវាផ្ញើសាររហ័សភ្លាមៗចម្បងមួយចំនួន។