១១. របៀបប្រើស្មាតហ្វូនឲ្យមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន

តារាងមាតិកា

...Loading Table of Contents...

    នៅក្នុង ជំពូក១០. របៀបប្រើទូរស័ព្ទចល័តឲ្យមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន យើងបានពិភាក្សា​អំពី​ការ​​ខិតខំ​ប្រឹង​ប្រែង​ផ្នែកសុវត្ថិភាពក្នុងការប្រើទូរស័ព្ទចល័តធម្មតា ដោយមានរួមបញ្ចូលបញ្ហាសេវាទាក់ទងជាសម្លេង និង​ការ​ផ្ញើ​សារ​​​ជាអក្សរ(SMS/MMS)ផងដែរ។ ទូរស័ព្ទទាំងនោះជាចម្បង(ប្រសិនបើមិនផ្តាច់មុខទេ)គឺប្រើនូវបណ្តាញទូរស័ព្ទចល័ត ដើម្បីផ្ទេរ​ការ​​ហៅ​ទូរ​ស័ព្ទ និងទិន្នន័យ។

    ឥឡូវនេះ ភាពជឿនលឿនក្នុងវិស័យបច្ចេកវិទ្យាមានន័យថា ទូរស័ព្ទចល័តអាចផ្តល់សេវានិងមុខងារពិសេស ដែលស្រដៀងទៅនឹង​កុំព្យូទ័រ​​លើ​តុ​ ឬលែបថបដែរ។ ទូរស័ព្ទស្មាតហ្វូនទាំងនេះ ផ្តល់នូវមធ្យោបាយថ្មីជាច្រើនដើម្បីទាក់ទងគ្នា ចាប់ព័ត៌មាន និង​ផ្សព្វ​​ផ្សាយ​​ព័ត៌​មាន។ ដើម្បី​ផ្តល់​មុខ​ងារ​ថ្មី​ទាំងនេះបាន ស្មាតហ្វូនមិនត្រឹមតែប្រើបណ្តាញទូរស័ព្ទចល័តប៉ុណ្ណោះទេ ប៉ុន្តែវាភ្ជាប់ទៅ​សេវា​​អុីនធឺណិតផងដែរ តាមរយៈការភ្ជាប់សេវាWiFi (ស្រដៀងទៅនឹងលែបថបមួយនៅក្នុងហាងអុីនធឺណិតមួយដូច្នោះដែរ) ឬតាម​រយៈ​ការភ្ជាប់ទិន្នន័យតាមរយៈប្រតិបត្តិករបណ្តាញ​ទូរស័ព្ទ​ចល័ត។

    ដូច្នេះ ខណៈពេលដែលលោកអ្នកអាចហៅទូរស័ព្ទដោយប្រើស្មាតហ្វូនបាននោះ លោកអ្នកត្រូវគិតថា វាក៏ជា​កុំព្យូទ័រតូចមួយផងដែរ។ នេះមានន័យថា សម្ភារៈផ្សេងទៀតនៅក្នុងឧបករណ៍នេះ មានការពាក់ព័ន្ធទៅនឹងការប្រើ​ស្មាតហ្វូន​របស់​លោក​អ្នកនិងកុំព្យូទ័ររបស់លោកអ្នក។

    ស្មាតហ្វូន ជាទូទៅមានមុខងារទូលំទូលាយដូចជា សម្រាប់បើកទំព័រអុីនធឺណិត, ប្រើអុីមែល, ផ្ញើសារជាសម្លេងនិងផ្ញើសាររហ័ស​ភ្លាមៗ​តាមអុីនធឺណិត ចាប់យក រក្សាទុក និងបញ្ជូន​សម្លេង រូបថត និងវីដេអូ ប្រើបណ្តាញទំនាក់ទំនងសង្គម លេងហ្គេមជាក្រុម​ ប្រើសេវាធនាគារ និងសកម្មភាពជាច្រើនផ្សេងទៀត។ ប៉ុន្តែ កម្មវិធីនិងមុខងារជាច្រើនទាំងនេះ នាំមក​នូវបញ្ហាសុវត្ថិ​ភាពថ្មី ឬបង្កើនកម្រិតហានិភ័យដែលមានស្រាប់ផងដែរ។

    ជាឧទាហរណ៍ ស្មាតហ្វូនខ្លះមានបង្កប់មុខងារកំណត់ទីតាំងភូមិសាស្ត្រ (GPS) ដែលមានន័យថា ពួកវាអាចផ្តល់ព័ត៌​មានដោយស្វ័យប្រវត្តអំពីទីតាំងជាក់លាក់របស់លោកអ្នក ទៅប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត និងទៅកម្មវិធីជាច្រើនដែលលោក​អ្នកប្រើនៅក្នុងទូរស័ព្ទរបស់លោកអ្នក (ដូចជា កម្មវិធីបណ្តាញទំនាក់ទំនងសង្គម កម្មវិធីផែនទី កម្មវិធីបើកទំព័រអុីនធឺណិត និង​កម្មវិធីផ្សេងៗទៀត)។ ដូចដែលបានបញ្ជាក់ពីលើកមុន ទូរស័ព្ទចល័តបានបញ្ជូនបន្ត​រួចទៅហើយ​នូវព័ត៌មាន​អំពី​ទីតាំង​របស់​លោក​អ្នក ទៅឱ្យប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តរបស់លោកអ្នក (ជាផ្នែកនៃមុខងារធម្មតារបស់ទូរស័ព្ទ)។ ប៉ុន្តែ មុខងារ GPS បន្ថែម​នេះ មិនត្រឹមតែបង្កើនភាពជាក់លាក់នៃព័ត៌មានអំពីទីតាំងរបស់លោកអ្នកប៉ុណ្ណោះទេ វាបង្កើនផងដែរនូវចំនួនទីកន្លែងដែល ព័ត៌​មាន​នេះ​អាច​​នឹងត្រូវបានចែកចាយ។

    ការពិនិត្យមើលឡើងវិញនូវគ្រប់ហានិភ័យដែលមានជាប់ជាមួយទូរស័ព្ទចល័ត ដែលត្រូវបានពិភាក្សា​នៅក្នុង ជំពូក ១០. របៀប​ប្រើទូរស័ព្ទចល័តឲ្យមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន គឺមានសារៈសំខាន់ណាស់សម្រាប់លោកអ្នក ព្រោះ​ហានិ​ភ័យ​​ទាំងអស់នោះមានការពាក់ព័ន្ធផងដែរចំពោះការប្រើស្មាតហ្វូន។ ជំពូក ១០ បានលើកឡើងអំពីបញ្ហា​លួច​ស្តាប់ ស្ទាក់ចាប់សារSMSឬការហៅទូរស័ព្ទ បញ្ហាទាក់ទងសុីមកាត និង ទម្លាប់អនុវត្តន៍ដែលប្រសើរបំផុត។

    នៅក្នុងជំពូកនេះ យើងនឹងក្រឡេកមើលអំពីបញ្ហាប្រឈមបន្ថែមនៃសុវត្ថិភាពរបស់ស្មាតហ្វូន។

    កាបូប, កាបូបប្រាក់, ស្មាតហ្វូន

    យើងមានការយល់ដឹងដោយអព្ភន្តរញ្ញាណមួយអំពីតម្លៃនៃការរក្សាសុវត្ថិភាពកាបូប ឬកាបូបប្រាក់របស់យើង ព្រោះមានព័ត៌​មាន​រសើប​​យ៉ាងច្រើនដែលត្រូវបានរក្សាទុកនៅក្នុងនោះ ហើយការបាត់បង់ពួកវា​នឹង​ប៉ះពាល់​ដល់ភាព​ឯកជន​និង​សុវត្ថិភាព​របស់​យើង​។ ​មនុស្សទាំងឡាយ មិនសូវដឹងអំពីចំនួនព័ត៌មានផ្ទាល់ខ្លួន​ដែលមាននៅក្នុងស្មាតហ្វូនរបស់ខ្លួនទេ ហើយពួកគេគិតថា ការបាត់​ទូរស័​ព្ទ​គឺជា​បញ្ហា​រំខាន​មួយ ជាជាងជាហានិភ័យមួយ។ ប្រសិនបើលោកអ្នកគិតផងដែរថា ស្មាតហ្វូន​គឺជា​កុំព្យូទ័រ​មួយ ដែល​តែងតែត្រូវបានភ្ជាប់ទៅបណ្តាញមួយ និងត្រូវបានកាន់ជាប់ខ្លួនជានិច្ច នោះវាគូសបញ្ជាក់ផងដែរអំពីភាពខុសគ្នាយ៉ាងខ្លាំង រវាង​​​​អ្នកកាន់ព័ត៌មានលាក់កំបាំង និងអកម្មម្នាក់(ដូចជាកាបូបប្រាក់) និងវត្ថុសកម្ម និងអន្តរកម្មមួយដូចជាស្មាតហ្វូន។

    លំហាត់សាមញ្ញខាងក្រោមនេះ អាចជួយបង្ហាញអំពីអង្គហេតុទាំងនេះ៖ យកអ្វីៗទាំងអស់ដែលមាននៅក្នុងកាបូប ឬកាបូបប្រាក់របស់លោកអ្នកចេញ ហើយផ្តោតការយកចិត្តទុកដាក់ចំពោះវត្ថុរសើប។ ជា​ទូ​ទៅ លោកអ្នកអាចឃើញមាន៖ - រូបថតរបស់អ្នកដែលខ្លួនស្រឡាញ់ (ប្រហែល ៥​ រូប) - អត្តសញ្ញាណប័ណ្ណ (ប័ណ្ណបើកបរ ប័ណ្ណសមាជិក ប័ណ្ណសន្តិសុខសង្គម) - ព័ត៌មានធានារ៉ាប់រង និង ព័ត៌មានសុខភាព (ប្រហែល ២ ប័ណ្ណ) - ប្រាក់ (ប្រហែល ៥ សន្លឹក) - ប័ណ្ណឥណទាន/ឥណពន្ធ (ប្រហែល ៣ ប័ណ្ណ)

    ឥឡូវ ចូរពិនិត្យមើលអ្វីៗដែលមាននៅក្នុងស្មាតហ្វូនរបស់លោកអ្នក។ អ្នកប្រើស្មាតហ្វូនទូទៅ អាចរកឃើញមានវត្ថុ​ដែល​រៀប​រាប់​ខាងលើក្នុងបរិមាណច្រើនជាង ហើយក្នុងករណីខ្លះអាចមាន​វត្ថុមានតម្លែច្រើនជាងនេះផងដែរដូចជា៖

    • រូបថតរបស់អ្នកដែលខ្លួនស្រឡាញ់ (ប្រហែល ១០០​ រូប)

    • កម្មវិធីអុីមែល និង ពាក្យសម្ងាត់របស់ពួកវា

    • អុីមែល (ប្រហែល ៥០០ អុីមែល)

    • វីដេអូ (ប្រហែល៥០វីដេអូ)

    • កម្មវិធីបណ្តាញទំនាក់ទំនងសង្គម និង ពាក្យសម្ងាត់របស់ពួកវា

    • កម្មវិធីធនាគារ (ដែលផ្តល់សិទ្ធិចូលប្រើគណនីធនាគារ)

    • ឯកសាររសើប

    • កំណត់ត្រាទំនាក់ទំនងរសើប

    • ការភ្ជាប់បន្តដោយផ្ទាល់ទៅព័ត៌មានរសើបរបស់លោកអ្នក

    លោកអ្នកប្រើស្មាតហ្វូនកាន់តែច្រើន លោកអ្នកកាន់តែត្រូវការដឹងអំពីហានិភ័យដែលមានជាប់ជាមួយវា និងត្រូវចាត់វិធានការប្រុង​​ប្រ​យ័ត្ន​ជា​មុន​ដែលសម​ស្រប។ ស្មាតហ្វូន គឺជាឧបករណ៍ផ្សព្វផ្សាយ និងជាអ្នកចែកចាយពត៌មានផ្ទាល់ខ្លួនរបស់​លោក​អ្នកដ៏មាន​ឥទ្ធិ​ពល​។ ជាស្វ័យប្រវត្ត វាត្រូវបានរចនាឡើង ដើម្បីផ្តល់កម្រិតភ្ជាប់សេវាច្រើនបំផុតតាមដែលអាចធ្វើទៅបាន និង​ដើម្បី​ភ្ជាប់​ទៅ​​សេវា​បណ្តាញទំនាក់ទំនងសង្គម។ នេះគឺដោយសារតែព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក គឺជាព័ត៌មានមានតម្លៃ​ដែលអាចត្រូវបាន​ប្រមូលផ្តុំ ស្វែងរក និងលក់បាន។

    នៅក្នុង ជំពូក ៥ ៖ របៀបស្តារយកមកវិញនូវព័ត៌មានដែលបាត់បង់ យើងបានពិភាក្សាអំពីសារៈសំខាន់​នៃ​ការ​ថតចម្លងទិន្នន័យទុក។ វាមានសារៈសំខាន់ពិសេសចំពោះស្មាតហ្វូន។ វាអាចផ្តល់ការខូចខាតខ្លាំង ប្រសិន​បើលោកអ្នក​​បាត់​ទូរស័ព្ទ​របស់លោកអ្នក ដោយមិនបានថតចម្លងទិន្នន័យសំខាន់បំផុតរបស់លោកអ្នក(ដូចជាព័ត៌មាន​អំពីដៃគូទំនាក់​ទំនង​របស់​លោក​អ្នកជាដើម)​ទុក​នៅកន្លែងសុវត្ថិភាពណាមួយ។ ក្រៅពីការថតចម្លងទិន្នន័យទុក លោកអ្នកត្រូវប្រាកដថា លោកអ្នក​ដឹង​ផង​ដែរអំពីរបៀបស្តារយកទិន្នន័យមកវិញ។ ត្រូវរក្សាទុកសំណៅរឹងមួយនៃជំហានដែលលោកអ្នកត្រូវអនុវត្ត​ ដើម្បីឱ្យលោកអ្នក​អាចអនុវត្តបានលឿនរហ័សនៅក្នុងគ្រាអាសន្ន។

    នៅក្នុងជំពូកនេះ យើងនឹងចាប់ផ្តើម ដោយធ្វើការណែនាំអំពីចំណុចមូលដ្ឋានមួយចំនួនរបស់ស្មាតហ្វូន៖ ការបរិយាយមួយអំពី​ទម្រង់​ផ្សេង​​ៗ និងនីតិវិធីតម្លើងជាមូលដ្ឋានមួយចំនួន ដើម្បីធានាសុវត្ថិភាពព័ត៌មាន និងទំនាក់ទំនងរបស់លោកអ្នក។ ផ្នែកដែល​នៅសល់នៃជំពូកនេះ នឹងលើកឡើងអំពីការប្រុងប្រយ័ត្នជាមុន ដែលទាក់ទងទៅនឹងការប្រើស្មាតហ្វូនជាទូទៅ។ ផ្នែកបន្តបន្ទាប់​ទៅ​នេះ នឹងនិយាយអំពីទិដ្ឋភាពសុវត្ថិភាពដូចតទៅ៖

    ទម្រង់ ការតម្លើង និង ការបញ្ចូលកម្មវិធី

    ទម្រង់ និង ប្រព័ន្ធប្រតិបត្តិការ

    នៅពេលសរសេរជំពូកនេះ ស្មាតហ្វូនដែលគេកំពុងប្រើជាទូទៅបំផុតគឺ iPhoneរបស់ក្រុមហ៊ុនApple និង Android​របស់​ក្រុមហ៊ុន​Google បន្តពីក្រោយដោយ Blackberry និង Windows។ ភាពខុសគ្នាជាចម្បង រវាង Android និងប្រព័ន្ធប្រតិបត្តិការផ្សេងៗ​ទៀត គឺ​នៅ​ត្រង់​ថា Androidជាប្រព័ន្ធមានលក្ខណៈ​​បើក​ចំហច្រើន​ (FOSS)​ ដែលអនុញ្ញាត​ឱ្យមានការ​ត្រួតពិនិត្យប្រព័ន្ធ​ប្រតិ​បត្តិ​ការជាឯករាជ្យបាន ដើម្បីផ្ទៀងផ្ទាត់ថា តើវា​មានការការ​ពារ​ព័ត៌មាននិងទំនាក់ទំនងរបស់​អ្នក​ប្រើ​ប្រាស់​​បានត្រឹម​ត្រូវ​ដែរឬទេ។ វាជួយសម្រួលផងដែរ ដល់ការអភិវឌ្ឍន៍របស់កម្មវិធី​សុវត្ថិ​ភាព​សម្រាប់ទម្រង់បែបនេះ។ អ្នកសរសេរ​កម្មវិធីជាច្រើន​ដែល​​​​ដឹង​ពីបញ្ហា​សុវត្ថិភាព ​ កំពុងអភិវឌ្ឍកម្មវិធីAndroidជាច្រើន ដោយមានការគិតគូរ​ដល់សុវត្ថិភាព​ និង​សន្តិសុខ​របស់​​​​​អ្នក​ប្រើប្រាស់។ កម្មវិធីមួយចំនួន នឹងត្រូវបានគូសបង្ហាញនៅក្នុងជំពូកនេះ។

    មិនថាលោកអ្នកកំពុងប្រើប្រភេទស្មាតហ្វូនមួយណានោះទេ មានបញ្ហាជាច្រើនដែលលោកអ្នកគួរយល់ដឹង ពេលដែល​លោក​អ្នកប្រើទូរស័ព្ទមួយដែលភ្ជាប់ទៅសេវាអុីនធឺណិត និងដែលមានមុខងារពិសេស ដូចជា GPS ឬ​ សមត្ថ​ភាព​​​ប្រើបណ្តាញ​ឥតខ្សែ។ នៅក្នុងជំពូកនេះ យើងផ្តោតទៅលើស្មាតហ្វូនដែលប្រើទម្រង់របស់Android ព្រោះ ដូច​ដែល​បញ្ជាក់​ខាង​លើ វាមានលក្ខណៈងាយស្រួលជាងក្នុងការធានាសុវត្ថិភាពរបស់ទិន្នន័យ និងការទំនាក់ទំនង។ យ៉ាងណាក៏ដោយ មគ្គុទ្ទេសក៍​​​ណែ​នាំ​​អំពីការតម្លើងជាមូល​ដ្ឋាន និងកម្មវិធីមួយចំនួន សម្រាប់ទូរស័ព្ទក្រៅពីទូរស័ព្ទAndroid ក៏ត្រូវបានផ្តល់ផងដែរ។

    ទូរស័ព្ទBlackberry ត្រូវបានបង្ហាញថាជាទូរស័ព្ទប្រើអុីមែល និងផ្ញើសារ“ដែលមានសុវត្ថិភាព”។ នេះគឺដោយសារតែ​សារ និងអុីមែល ត្រូវបានបញ្ជូនដោយសុវត្ថិភាព តាមរយៈសឺវឺបស់Blackberry ដែលសូម្បីតែអ្នកជំនាញដែលមានសមត្ថភាពខ្ពស់​ក៏មិន​អាច​លួច​មើលបានដែរ។ ទោះយ៉ាងនេះក៏ដោយ រដ្ឋាភិបាលកាន់តែច្រើនកំពុងទាមទារសិទ្ធិចូលពិនិត្យមើលទំនាក់ទំនងទាំងនេះ ដោយ​ប្រាប់​ថា វា​ជា​តម្រូវ​​ការ​ដើម្បីការពារប្រឆាំងនឹងភេរវកម្ម​ និងឧក្រិដ្ឋកម្មដែលមានការរៀបចំទុក។ ប្រទេសឥណ្ឌា អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី និង​លីបង់ គឺជាឧទាហរណ៍ដែលរដ្ឋាភិបាលបានត្រួតពិនិត្យមើលការប្រើទូរស័ព្ទ Blackberry ហើយទាមទារ​សិទ្ធិ​ចូល​មើលទិន្នន័យរបស់​អ្នក​​ប្រើ​ប្រាស់​​នៅក្នុងប្រទេសរបស់ពួកគេ។

    ទូរស័ព្ទពិសេស (Feature Phones)

    ប្រភេទផ្សេងមួយទៀតនៃទូរស័ព្ទចល័ត ជាញឹកញាប់ត្រូវបានឱ្យឈ្មោះថា'ទូរស័ព្ទពិសេស' (ឧទា. Nokia 7705 Twist ឬ Samsung Rogue)។ ថ្មីៗនេះ ទូរស័ព្ទពិសេស បានបង្កើតមុខងាររបស់ខ្លួន ដើម្បីដាក់រួមបញ្ចូល​មុខងារ​ពិសេស​មួយចំនួន​របស់ស្មាតហ្វូន។ ប៉ុន្តែ ជាទូទៅ ប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទពិសេស អាចឱ្យចូល​ប្រើ​បាន​តិច​ជាង ដែល​ដោយ​ហេតុ​នេះ​ហើយ វាផ្តល់ឱកាស​មាន​កំណត់​​សម្រាប់ការបញ្ចូលកម្មវិធីឬការកែលម្អសុវត្ថិភាព។ យើងមិននិយាយលម្អិតអំពីទូរស័ព្ទ​ពិសេស​ទេ ទោះបីវិធានការ​ជា​ច្រើន​ដែល​ពិភាក្សានៅក្នុងជំពូកនេះ ​មានអត្ថន័យចំពោះទូរស័ព្ទពិសេស​ផងដែរក៏ដោយ។

    ស្មាតហ្វូនដែលជាប់ឈ្មោះយីហោ និងជាប់សោ

    ស្មាតហ្វូន ជាធម្មតាត្រូវបានលក់ដោយជាប់ឈ្មោះយីហោឬជាប់សោ។ ស្មាតហ្វូនដែលជាប់សោមានន័យថា វាអាចប្រតិបត្តិ​ការ​បាន​តែ​ជាមួយក្រុមហ៊ុនមួយប៉ុណ្ណោះ ហើយសុីមកាតរបស់វា គឺជាសុីមកាតតែមួយគត់ដែលអាចប្រើនៅក្នុងទូរស័ព្ទនេះបាន។ ប្រតិ​បត្តិ​ករ​​បណ្តាញ​ទូរស័ព្ទចល័ត ជាធម្មតាផ្តល់ឈ្មោះយីហោឱ្យទូរស័ព្ទ ដោយបញ្ចូលFirmware (ហ្វឺមវែរ) ​ឬកម្មវិធីរបស់​ខ្លួន​ផ្ទាល់​។ ពួក​​វា​អាចបិទដំណើរការមុខងារខ្លះ ​​ឬបន្ថែមមុខងារផ្សេងទៀតខ្លះផងដែរ។ ការដាក់ឈ្មោះយីហោ គឺជា​មធ្យោបាយ​មួយ​សម្រាប់​ឱ្យ​ក្រុម​ហ៊ុន​បង្កើនប្រាក់ចំណូល ដោយបង្កើតបណ្តាញប្រើស្មាតហ្វូន និងជាញឹកញាប់ប្រមូល​ទិន្នន័យ​អំពី​របៀប​ដែល​លោកអ្នកកំពុងប្រើទូរស័ព្ទនោះ ឬបើកការចូលប្រើស្មាតហ្វូនរបស់លោកអ្នកពីចម្ងាយបាន។

    សម្រាប់ហេតុផលទាំងនេះ យើងសូមណែនាំឱ្យលោកអ្នកគួរទិញស្មាតហ្វូនដែលមិនមានជាប់ឈ្មោះយីហោ ប្រសិនបើលោក​អ្នក​អាច​រកបាន។ ទូរស័ព្ទជាប់សោមួយ មានកម្រិតហានិភ័យខ្ពស់ជាងនេះ ព្រោះគ្រប់ទិន្នន័យទាំងអស់របស់លោកអ្នក​ត្រូវ​បាន​បញ្ជូន​តាម​រយៈក្រុមហ៊ុនមួយ ដែលប្រមូលផ្តុំចរន្តទិន្នន័យរបស់លោកអ្នក និងធ្វើឱ្យទូរស័ព្ទនោះមិនអាចប្តូរសុីមកាតដើម្បី​បញ្ជូន​ទិន្ន​ន័យ​តាម​ក្រុមហ៊ុនផ្សេងទៀតបាន។ ប្រសិនបើទូរស័ព្ទរបស់លោកអ្នកជាប់សោរ លោកអ្នកត្រូវសុំ​ឱ្យនរណាម្នាក់ដែលលោកអ្នក​ទុក​ចិត្ត​ជួយ​ដោះ​សោ​រវាឱ្យលោកអ្នក។

    ការតម្លើងទូទៅ

    ស្មាតហ្វូន មានមុខងារកំណត់ជាច្រើនដែលគ្រប់គ្រងលើសុវត្ថិភាពរបស់វា។ វាជាការសំខាន់ ដែលលោកអ្នកត្រូវយកចិត្តទុកដាក់ ចំពោះ​របៀបតម្លើងស្មាតហ្វូន​របស់​លោកអ្នក។ នៅក្នុងមគ្គុទ្ទេសក៍អនុវត្តន៍ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់លោកអ្នកឱ្យដឹង​អំពី មុខ​ងារកំណត់ផ្នែកសុវត្ថិភាពមួយចំនួនរបស់ស្មាតហ្វូនដែលមាន ប៉ុន្តែមិនបើកដំណើរការដោយស្វ័យប្រវត្ត និង មុខងារ​កំណត់​ដែល​បើកដំណើរការដោយស្វ័យប្រវត្ត ប៉ុន្តែធ្វើឱ្យទូរស័ព្ទរបស់លោកអ្នកងាយរងហានិភ័យ។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំមូលដ្ឋានអំពីការតម្លើងទូរស័ព្ទAndroid

    ការដំឡើង និងធ្វើបច្ចុប្បន្នភាពកម្មវិធី

    មធ្យោបាយធម្មតាដើម្បីដំឡើងកម្មវិធីថ្មីទៅក្នុងស្មាតហ្វូនរបស់លោកអ្នក គឺត្រូវប្រើប្រាស់ហាងអនឡាញ Appstore (អែបស្ត៍របស់) iPhone ឬ​ Play store (ផ្លេស្តរ៍) របស់Google ដែល​ត្រូវបើកចូល​ដោយប្រើអត្តសញ្ញាណសម្គាល់​អ្នកប្រើប្រាស់​របស់​លោកអ្នក ហើយ​ដោនឡូតនិងដំឡើងកម្មវិធីដែលចង់បានណាមួយ។ តាមរយៈការបើកចូលនេះ មានន័យថាលោកអ្នកបានភ្ជាប់​ការ​ប្រើ​ប្រាស់​ហាង​​អន​ឡាញ​​ទៅនឹងគណនីប្រើប្រាស់​របស់លោកអ្នក។ ហើយម្ចាស់ហាងកម្មវិធី បានធ្វើការរក្សាទុក​កំណត់​ត្រា​អំពី​ប្រវត្តិ​គេហ​​​ទំព័រ​អុីនធឺណិតដែលបានបើក និងការជ្រើសរើសកម្មវិធីរបស់អ្នកប្រើប្រាស់នេះផងដែរ។

    កម្មវិធីដែលមានផ្តល់​នៅក្នុងហាងអនឡាញផ្លូវការ ត្រូវបានសន្មតថាបានពិនិត្យផ្ទៀងផ្ទាត់​ដោយម្ចាស់ហាង (Google ឬ Apple) ប៉ុន្តែ តាមការពិត ការសន្មតដូចនេះគឺជាការការពារកំរិតខ្សោយទល់នឹងអ្វីដែលកម្មវិធីនោះនឹងធ្វើ បន្ទាប់ពីត្រូវបានដំឡើងទៅក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក​។ ឧទា. កម្មវិធីខ្លះ អាចថតចម្លង និងផ្ញើសៀវភៅអាសយដ្ឋានរបស់លោកអ្នកចេញទៅក្រៅ បន្ទាប់ពី​លោក​អ្នកបាន​បញ្ចូល​ពួកវាទៅក្នុងទូរស័ព្ទរបស់លោកអ្នក។ នៅក្នុងទូរស័ព្ទAndroid ក្នុងអំឡុងពេលដំណើរការដំឡើងកម្មវិធី កម្មវិធី​នីមួយៗ​ចាំ​បាច់​​​​ត្រូវ​​ស្នើសុំនូវអ្វីដែលយើងអនុញ្ញាតឱ្យធ្វើនៅពេលប្រើវា។ លោកអ្នកគួរយកចិត្តទុកដាក់ឱ្យបានដិតដល់ថា តើ​ការ​អនុញ្ញាត​អ្វី​ខ្លះ​ដែលវា​បានស្នើសុំ និង តើការអនុញ្ញាតទាំងនេះមានន័យសមហេតុផល​សម្រាប់មុខងារ​របស់​កម្មវិធី​ដែល​លោក​អ្នកកំពុង​ដំឡើងដែរ​ឬទេ។ ឧទា. ប្រសិនបើលោកអ្នកកំពុងពិចារណាដំឡើង“កម្មវិធីអានព័ត៌មាន”មួយ ហើយលោកអ្នករក​ឃើញ​​​ថា វាស្នើ​សុំ​សិទ្ធិ​ដើម្បី​ផ្ញើ​ព័ត៌មានទំនាក់ទំនងរបស់លោកអ្នកទៅឱ្យភាគីទីបីតាមរយៈការភ្ជាប់សេវាទិន្នន័យចល័តមួយនោះ នោះលោកអ្នក​គួរតែ​កុំប្រើវា ហើយស្វែង​រក​កម្មវិធីផ្សេងទៀត​ដែលមានលក្ខណៈសមស្របជាង។

    កម្មវិធីនានារបស់Android មានមកពីប្រភពក្រៅបណ្តាញផ្លូវការរបស់Googleផងដែរ។ លោកអ្នកគ្រាន់តែត្រូវពិនិត្យមើលប្រអប់​ប្រភព​​មិនស្គាល់ (Unknown Sources) នៅក្នុង​មុខងារកំណត់សុវត្ថិភា (​Security Settings)របស់លោកអ្នក ដើម្បីប្រើគេហ​ទំព័រ​ដោនឡូតទាំងនេះប៉ុណ្ណោះ។ អ្នកប្រើប្រាស់ខ្លះ អាច​​គិតពិចារណាចង់ប្រើគេហទំព័រផ្សេងទាំងនេះ ដើម្បីកាត់បន្ថយជាអតិបរមា​នូវ​ទំនាក់​ទំនងអនឡាញជាមួយGoogle។ មួយក្នុង​ចំណោមហាងកម្មវិធីផ្សេងទាំងនោះ គឺ F-Droid ('Free Droid') ដែលផ្តល់តែកម្មវិធី FOSSប៉ុណ្ណោះ។ ប៉ុន្តែ សូមចងចាំថា លោកអ្នកគួរតែមានការទុក​ចិត្តទៅ​លើ​គេហ​​ទំព័រ​នោះ​សិន មុនពេលលោកអ្នកដោនឡូតកម្មវិធីណាមួយពីគេហទំព័រនោះ។ សម្រាប់អ្នកប្រើប្រាស់​ដែល​​គ្មានបទពិសោធន៍ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើហាងកម្មវិធីរបស់Googleវិញ។

    ប្រ​សិនបើលោកអ្នកមិនចង់ (ឬមិនអាច)អនឡាញដើម្បីចូលប្រើកម្មវិធីទេនោះ លោកអ្នកអាចផ្ទេរកម្មវិធីពីទូរស័ព្ទរបស់នរណាម្នាក់​ផ្សេង​​​ទៀត ដោយផ្ញើឯកសារ .apk (ពាក្យកាត់របស់'Android Application Package')តាមរយៈ Bluetooth។ តាមមធ្យោបាយមួយផ្សេងទៀត លោកអ្នកអាចដោនឡូតឯកសារ.apk​ ដាក់​ទៅក្នុង​ម៉ាយ​ក្រូ​អេស​ឌី​កាត​(Micro SD card) ឬប្រើខ្សែUSBដើម្បីផ្ទេរវាពីកុំព្យូទ័រផ្ទាល់ខ្លួនដាក់ទៅក្នុងម៉ាយ​ក្រូ​អេស​ឌី​កាត។ ពេលលោកអ្នកទទួល​បាន​ឯក​​សារនោះហើយ លោកអ្នកគ្រាន់តែចុចឲ្យយូទៅលើឈ្មោះឯកសារនោះ លោកអ្នកនឹងត្រូវបានប្រាប់ភ្លាមៗ​ឱ្យ​ធ្វើការដំឡើង​​វា​។ (កំណត់សម្គាល់៖ ត្រូវប្រុងប្រយ័ត្នជាពិសេស ខណៈដែលកំពុងប្រើ Bluetooth - សូមអានបន្ថែម​នៅក្នុងផ្នែកនៃ​ជំពូក ១០​ ស្តីពី មុខងារលើសពីការនិយាយនិងសារ)។

    ការទាក់ទងគ្នា(ជាសម្លេងនិងសារ)តាមរយៈស្មាតហ្វូន

    ការជជែកគ្នាដោយសុវត្ថិភាព

    ការបញ្ជូនសម្លេងជាមូលដ្ឋានដោយទូរស័ព្ទ

    នៅក្នុងផ្នែកស្តីពីមុខងារមូលដ្ឋាន ភាពអាចតាមដានដឹងបាន និង អនាមិកភាព នៅក្នុង ជំពូក ១០. របៀបប្រើទូរស័ព្ទចល័តឲ្យមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន យើងបានពិភាក្សាអំពីវិធានការផ្សេងៗ ​ដែល​​លោកអ្នកគួរពិចារណា ដើម្បីកាត់បន្ថយហានិភ័យនៃការស្ទាក់ចាប់ព័ត៌មាន នៅពេលប្រើបណ្តាញទូរស័ព្ទចល័ត​សម្រាប់​ទំនាក់​​ទំនង​ជាសម្លេងរបស់លោកអ្នក។

    ការប្រើអុីនធឺណិតតាមរយៈស្មាតហ្វូនរបស់លោកអ្នកដោយការភ្ជាប់សេវាទិន្នន័យទូរស័ព្ទចល័ត ឬWiFi អាចផ្តល់​មធ្យោ​បាយ​​​ដែល​មានសុវត្ថិភាពប្រសើរជាងនេះនៅក្នុងការទាក់ទងជាមួយអ្នកដទៃ ជាពិសេសដោយការ​ប្រើបច្ចេកវិទ្យា​VoIP និង​ដោយការប្រើ​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ធានា​សុវត្ថិភាព​បណ្តាញ​ទំនាក់​ទំនង​នេះ​។ កម្មវិធី​ស្មាត​ហ្វូន​ខ្លះ ថែម​​ទាំងអាចពង្រីកសុវត្ថិភាពនេះបានមួយចំនួនឱ្យ​ហួសពីVoIP ទៅដល់​ការ​ហៅ​ទូរស័ព្ទ​ចល័ត​ផងដែរ​។ (សូមមើល Redphone ខាងក្រោម)។

    ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកម្មវិធីខ្លះៗ ព្រមទាំងគុណសម្បត្តិនិងគុណវិបត្តិរបស់ពួកវា៖

    Skype (ស្កាយផ៍)

    កម្មវិធី Skype គឺជាកម្មវិធីVoIPពាណិជ្ជកម្មពេញនិយមបំផុតមួយ ដែលមាននៅលើ​ស្មាតហ្វូនគ្រប់គ្រប់ប្រភេទ​ទាំង​អស់ ហើយវាដំណើរការបានយ៉ាងល្អប្រសិនបើការភ្ជាប់សេវាឥតខ្សែរបស់លោកអ្នកមានលក្ខណៈ​អាច​ទុកចិត្តបាន។ ប៉ុន្តែភាព​អាច​ទុក​​ចិត្ត​បានរបស់វា មានកម្រិតទាបជាងនេះ នៅពេលប្រើនៅលើការភ្ជាប់សេវាទិន្នន័យចល័ត។

    នៅក្នុងផ្នែក ការធានាសុវត្ថិភាពកម្មវិធីទំនាក់ទំនងតាមអុីនធឺណិតផ្សេងៗទៀត នៃ ជំពូក ៧ ៖ របៀបរក្សាភាពឯកជននៃទំនាក់ទំនងតាមអុីនធឺណិតរបស់លោកអ្នក យើងបានពិភាក្សាអំពីហានិភ័យ​ក្នុង​ការ​ប្រើកម្មវិធីSkype និងមូលហេតុដែលគួរជៀសវាងប្រើវានេះប្រសិនបើអាច។ សរុបសេចក្តីទៅ Skypeគឺជាកម្មវិធីមិនបើក​ចំហមួយដែលមានការលំបាកបំផុត ក្នុងការបញ្ជាក់ដោយឯករាជ្យអំពីកម្រិតសុវត្ថិភាពរបស់វា។ លើសពីនេះទៅទៀត Skypeគឺជាកម្ម​សិទ្ធិ​​របស់ក្រុមហ៊ុនMicrosoft ដែលជាក្រុមហ៊ុនទទួលផលប្រយោជន៍ពាណិជ្ជកម្មពីព័ណ៌មានអំពីពេលនិង​ទី​កន្លែង​អ្នក​ដែលប្រើ​កម្មវិធី Skypeនេះ។ Skype អាចនឹងឱ្យទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់ ចូលមើលប្រវត្តិទំនាក់ទំនង​ទាំងអស់​របស់​លោក​អ្នកបានផងដែរ។

    VoIPផ្សេងទៀត

    ការប្រើVoIP ជាទូទៅគឺឥតគិតថ្លៃទេ (ឬមានតម្លៃថោកជាងការហៅទូរស័ព្ទចល័តគួរឱ្យកត់សម្គាល់ផងដែរ) ហើយបន្សល់​ទុក​ដាន​​​​​ទិន្នន័យ​តិចតួច។ តាមពិតទៅ ការហៅតាមVoIPមួយដែលមានសុវត្ថិភាព អាចជាមធ្យោបាយដែល​មានសុវត្ថិភាព​បំផុត​​សម្រាប់​​​ធ្វើការទាក់ទងគ្នា។

    CSipSimple គឺជាកម្មវិធីប្រើVoIPដ៏មាន​ឥទ្ធិ​ពល​មួយសម្រាប់ទូរស័ព្ទAndroid ដែលត្រូវបានថែទាំយ៉ាងល្អ និងមានរបៀបងាយស្រួលក្នុងបញ្ចូលកម្មវិធីជាច្រើនសម្រាប់​សេវា​VoIP​ផ្សេងៗ។

    បណ្តាញទូរស័ព្ទសុវត្ថិភាពបើកចំហ(OSTN) និងសឺវឺរបស់វាផ្តល់ដោយGuardian Project, ostel.co បច្ចុប្បន្ននេះ កំពុងផ្តល់​មធ្យោ​​បាយមានសុវត្ថិភាពបំផុតមួយ សម្រាប់ការទាក់ទងគ្នាជាសម្លេង។ ការស្គាល់ និងការទុកចិត្តអង្គភាពដែលប្រតិបត្តិការ​សឺវឺសម្រាប់តម្រូវការទំនាក់ទំនងតាមVoIPរបស់លោកអ្នក គឺជាចំណុចដ៏សំខាន់មួយដែលត្រូវគិតពិចារណា។

    នៅពេលប្រើកម្មវិធីCSipSimple លោកអ្នកមិនមានការទាក់ទងដោយផ្ទាល់ជាមួយដៃគូទំនាក់ទំនងរបស់លោកអ្នកទេ រាល់ គ្រប់​ទិន្នន័យ​ទាំងអស់របស់លោកអ្នកត្រូវបានបញ្ជូនទៅតាមរយៈសឺវឺ Ostelជាជំនួសវិញ។ ដំណើរការនេះ ធ្វើឱ្យមានការលំបាកខ្លាំង​ក្នុង​ការ​តាមដានរកប្រភពទិន្នន័យរបស់លោកអ្នក និងក្នុងការរកឃើញអ្នកដែលលោកអ្នកកំពុងនិយាយជាមួយ។ លើសពីនេះទៅ​ទៀត Ostel​ មិនរក្សាទុកទិន្នន័យណាមួយឡើយ លើកលែងតែទិន្នន័យអំពីគណនីដែលលោក​អ្នកត្រូវការ​ដើម្បី​បើក​ចូល​គណ​នី​​របស់អ្នកប៉ុណ្ណោះ។ គ្រប់ការនិយាយ​របស់លោកអ្នក ត្រូវបានធ្វើកូដនីយកម្មយ៉ាងមានសុវត្ថិភាព ហើយសូម្បីតែព័ត៌មាន​អំពី​ទិន្នន័យ (meta data) ​របស់​លោក​អ្នក ដែលជាធម្មតាមានលក្ខណៈលំបាកខ្លាំងដើម្បីក្លែងបន្លំនោះ ក៏ត្រូវបានបន្លំ​នៅពេលចរាចរណ៍​ទិន្នន័យ​ត្រូវ​បាន​ផ្ទេរ ​​តាមរយៈសឺវឺ ostel.coដែរ។ ប្រសិនបើលោកអ្នកដោនឡូតកម្មវិធីCSipSimpleពី ostel.co វានឹងមានមក​ជា​មួយ​ផងដែរនូវ​ការ​កំណត់​មុខងារ​​ជាមុនសម្រាប់ប្រើជាមួយostel ដែលចំណុចនេះធ្វើឱ្យងាយស្រួលបំផុតក្នុងដំឡើងនិងប្រើ។

    RedPhone គឺជាកម្មវិធីឥតគិតថ្លៃនិងបើកចំហមួយ ដែលធ្វើកូដនីយកម្មនូវទិន្នន័យទំនាក់ទំនងជាសម្លេង ដែលត្រូវបានផ្ញើរវាងឧបករណ៍ពីរដែលបើកដំណើរការកម្មវិធីនេះ។ វា​​ងាយស្រួលក្នុងការដំឡើង និងប្រើ ព្រោះវាបញ្ចូលខ្លួនវាផ្ទាល់​ទៅក្នុងដំណើរការនៃការហៅ និងកំណត់ត្រាទំនាក់ទំនងរបស់​លោក​​​​​​អ្នក។ ប៉ុន្តែ អ្នកដែលលោកអ្នកចង់និយាយជាមួយ ចាំបាច់ត្រូវដំឡើង និងប្រើកម្មវិធីRedPhoneផងដែរ។ ដើម្បីភាព​ងាយ​​ស្រួល​ប្រើ RedPhoneលេខទូរស័ព្ទចល័តរបស់លោកអ្នកត្រូវបានប្រើជាកត្តាកំណត់អត្តសញ្ញាណរបស់លោកអ្នក (ដែលមាន​លក្ខ​ណៈ​​ដូចជា​ឈ្មោះអ្នកប្រើប្រាស់នៅលើសេវាVoIPផ្សេងទៀតដែរ)។ យ៉ាងណាក៏ដោយ វាមានលក្ខណៈងាយស្រួលជាងមុនផងដែរ ​ក្នុង​ការ​វិភាគ​​អំពី​​ចរា​ចរណ៍ទិន្នន័យដែលវាបង្កើត និងតាមដានចរាចរណ៍ទិន្នន័យត្រឡប់ទៅលោកអ្នកវិញ តាម​រយៈលេខ​ទូរស័ព្ទ​ចល័ត​របស់​​​​​លោក​​អ្នក។ RedPhone ប្រើសឺវឺកណ្តាលមួយ ដែលជាចំណុចប្រមូលផ្តុំ និង ​ដែលដាក់​RedPhone​នៅក្នុង​ទីតាំង​ដែលមានឥទ្ធិពលមួយ ​​(ដែលមានការគ្រប់គ្រងទៅលើទិន្នន័យនេះមួយចំនួន)។

    មគ្គុទ្ទេសក៍អនុវត្តន៍សម្រាប់ CSipSimple, Ostel និង Redphone នឹងមានចេញក្នុងពេលឆាប់ៗខាងមុខនេះ។ នៅចន្លោះពេលរង់ចាំ​នេះ ព័ត៌​មានបន្ថែមអាចរកបានដោយចុចចូលតាមពាក្យដំណភ្ជាប់ខាងលើ។

    ការផ្ញើសារដោយសុវត្ថិភាព

    លោកអ្នកគួរមានការប្រុងប្រយ័ត្នជាមុន នៅពេលផ្ញើសារSMSនិងប្រើកម្មវិធីផ្ញើសាររហ័សភ្លាមៗ ឬកម្មវិធីជជែកគ្នា​នៅក្នុងស្មាត​ ហ្វូន​​​របស់លោកអ្នក។

    SMS

    ដូចដែលបានបរិយាយនៅក្នុង ជំពូក ១០ (ក្នុងផ្នែកស្តីពី ទំនាក់ទំនងជាអក្សរ ) ទំនាក់ទំនងតាមSMSជាស្វ័យប្រវត្តមិនមានសុវត្ថិភាពទេ។ អ្នកដែលមានសិទ្ធិចូលប្រើបណ្តាញទូរគមនាគមន៍ចល័ត​ អាច​ស្ទាក់​ចាប់​​សារទាំងនោះបានដោយងាយ ហើយការនេះឃើញកើតមានជារៀងរាល់ថ្ងៃ​នៅក្នុងស្ថានភាពជាច្រើន។ នៅក្នុងស្ថាន​ភាព​សំខាន់ កុំ​ទុកចិត្ត​ទៅលើ​ការ​ផ្ញើ​សារ​SMSដែលគ្មានសុវត្ថិភាពឱ្យសោះ។ គេក៏មិនទាន់មានមធ្យោបាយ​ដើម្បីបញ្ជាក់​អត្ត​សញ្ញាណ​​សារSMS នៅឡើយ ដូច្នេះគេមិនអាចដឹងបានទេថា តើខ្លឹមសាររបស់សារនោះត្រូវបានផ្លាស់ប្តូរឬអត់ក្នុងអំឡុងពេលបញ្ជូន ឬ​តើ​អ្នក​ផ្ញើសារ​នោះ​គឺជាអ្នកដែលបានសរសេរសារនោះពិតប្រាកដមែនដែរឬទេ។

    ការធានាសុវត្ថិភាពសារSMS

    TextSecure គឺជាកម្មវិធីFOSSមួយ ប្រើសម្រាប់ផ្ញើនិងទទួលSMSនៅក្នុងទូរស័ព្ទAndroidដែលមានសុវត្ថិភាព។ វាដំណើរការបានទាំងសារ​ធម្មតា និងសារដែលធ្វើកូដនីយកម្ម ហេតុនេះហើយ លោកអ្នកអាចប្រើវាជាកម្មវិធីគោលសម្រាប់ SMS ​របស់លោក​អ្នក​​បាន។ ដើម្បីផ្លាស់ប្តូរសារគ្នាជាទំរង់កូដនីយកម្មបាន វាតម្រូវឲ្យអ្នកផ្ញើ​ និង​អ្នក​ទទួល​​សារដំឡើងកម្មវិធីនេះដូចគ្នា។ កម្មវិធី​TextSecure រក​ឃើញដោយស្វ័យប្រវត្ត នៅពេលសារជាទម្រង់កូដនីយកម្មមួយ​ត្រូវបានទទួលពីអ្នកប្រើកម្មវិធីTextSecureម្នាក់​ផ្សេង​ទៀត។ វាអនុញ្ញាតឱ្យលោកអ្នកអាចផ្ញើសារដែលមានទម្រង់កូដនីយកម្ម ទៅកាន់មនុស្សច្រើនជាងម្នាក់ផងដែរ។ សារ​នា​នា​ជា​ស្វ័យ​​ប្រវត្តត្រូវបានចុះហត្ថលេខា ដែលស្ទើរតែមិនអាចលួចកែខ្លឹមសាររបស់ពួកវាបាន។ នៅក្នុងមគ្គុទ្ទេសក៍អនុវត្តន៍​អំពី​កម្ម​វិធីTextSecureរបស់យើងខ្ញុំ យើងខ្ញុំមានពន្យល់លម្អិត​អំពីលក្ខណៈពិសេសនិងរបៀបប្រើរបស់កម្មវិធីនេះ។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីTextSecure

    ការជជែកគ្នាដោយសុវត្ថិភាព

    ការផ្ញើសាររហ័សភ្លាមៗនិងការជជែកគ្នាតាមទូរស័ព្ទរបស់លោកអ្នក អាចបង្កើតព័ត៌មានជាច្រើនដែលប្រឈមទៅនឹងការស្ទាក់​ចាប់។ ការសន្ទនាទាំងនេះ អាចនឹងត្រូវបានប្រើដោយគូប្រជែងរបស់លោកអ្នកដើម្បីប្រឆាំងលោកអ្នកនៅថ្ងៃក្រោយ។ ដោយ​ហេតុ​នេះ​​ហើយ លោកអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់បំផុត អំពីអ្វីដែលលោកអ្នកលាតត្រដាង នៅពេលលោក​អ្នកកំពុង​សរសេរ​ក្នុង​ទូរ​ស័ព្ទ​​របស់លោកអ្នក​ ខណៈកំពុងប្រើកម្មវិធី​​ផ្ញើសារនិងជជែកគ្នារហ័សភ្លាមៗ។

    មានមធ្យោបាយមួយចំនួនដែលអាចឱ្យធ្វើការជជែក និងផ្ញើសាររហ័សភ្លាមៗបានដោយសុវត្ថិភាព។ មធ្យោបាយល្អបំផុត គឺត្រូវ​ប្រើ​វិធី​កូដនីយកម្មទាំងសងខាង ព្រោះវាឱ្យលោកអ្នកអាចប្រកដថា ដៃគូទំនាក់ទំនងម្ខាងទៀតគឺជាមនុស្សដែល​លោក​អ្នក​​ចង់​ទាក់ទងពិតប្រាកដ។

    យើងខ្ញុំសូមណែនាំកម្មវិធី Gibberbot* ដែលជាកម្មវិធីជជែកគ្នា​ជាអក្សរ​មួយ​ដែលមាន​​សុវត្ថិ​ភាព​​សម្រាប់ទូរស័ព្ទAndroid។ កម្មវិធីGibberbot ផ្តល់វិធីកូដនីយកម្មដែលងាយស្រួលនិងរឹងមាំ សម្រាប់​ការ​ជជែក​​គ្នារបស់លោកអ្នក ដោយប្រើពិធីការផ្ញើសារ មិនត្រូវបានចម្លងទុក។ វិធីកូដនីយកម្មនេះ ផ្តល់នូវទាំងយថាភាព (លោកអ្នកអាចផ្ទៀងផ្ទាត់ថា លោកអ្នកកំពុងជជែកគ្នាជាមួយដៃគូទំនាក់ទំនងពិតប្រាកដ) និង​សុវត្ថិភាពដែល​ឯក​រាជ្យ នៃវគ្គជជែកគ្នានីមួយៗ ដើម្បីធានាថា ទោះបីការបម្លែង​ជាទម្រង់កូដនីយកម្ម​នៃវគ្គ​ជជែក​គ្នា​មួយ​រង​ការ​ខូច​ខាត​ក៏​ដោយ ក៏វគ្គជជែក​គ្នាពីមុននិងនាពេលអនាគតនៅតែអាចធានាសុវត្ថិភាពបានដែរ។

    Gibberbot ត្រូវបានរចនាឡើងដើម្បីធ្វើការរួមគ្មាជាមួយកម្មវិធី Orbot ដូច្នេះសារជជែកគ្នារបស់លោកអ្នក​អាចត្រូវបានបញ្ជូន​តាម​រយៈ​​បណ្តាញកូដនីយកម្មអនាមិក Tor។ វិធីសាស្ត្រនេះ ធ្វើឱ្យមានការលំបាកខ្លាំងនៅ​ក្នុងការតាម​ដាន ​​​​ឬរក​ឃើញ​ពីសកម្មភាពនៃការផ្ញើសារ។

    <div class=getstarted markdown=1> អនុវត្តន៍៖ ចាប់ផ្តើមជាមួយមគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធី Gibberbot </div>

    សម្រាប់ iPhones កម្មវិធី ChatSecure ផ្តល់នូវលក្ខណៈពិសេសដូចគ្នានេះដែរ ទោះបីវាសូវ​ស្រួល​​ប្រើ​​ជា​មួយបណ្តាញ Tor ក៏ដោយ។

    មគ្គុទ្ទេសក៍អនុវត្តន៍មួយ​សម្រាប់កម្មវិធីChatSecure នឹងមានក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងចន្លោះពេលរង់ចាំនេះ ព័ត៌មាន​បន្ថែម​​អាច​រកឃើញនៅក្នុងគេហទំព័ររបស់វាបាន។

    កម្មវិធីអ្វីក៏ដោយដែលលោកអ្នកនឹងប្រើ តែងតែគិតគូរជានិច្ចអំពីគណនីដែលលោកអ្នកប្រើដើម្បីជជែកគ្នា។ ឧទា. ពេលលោកអ្នក​ប្រើកម្មវិធីGoogle Talk ព័ត៌មានសម្គាល់អត្តសញ្ញាណ និងពេលវេលានៃវគ្គជជែកគ្នារបស់លោកអ្នក​ត្រូវបានដឹងដោយ​ក្រុមហ៊ុន​Google ។ ផងដែរ ចូរយល់ព្រមជាមួយដៃគូសន្ទនារបស់អ្នកទៅលើការជជែកដោយមិនរក្សារការសន្ទនាទុក ជាពិសេសពេលដែលអ្នកជជែកគ្នាដោយគ្មានការបម្លែងសារជាកូដនីយកម្មនោះ។

    • [22/01/2014] ឥឡូវនេះ កម្មវិធីGibberbot ត្រូវបានស្គាល់ថាជាកម្មវិធីChatSecure។ មគ្គុទ្ទេសក៍អនុវត្តន៍ថ្មីចុងក្រោយ​​​​មួយ នឹង​មាន​​​ក្នុងពេលឆាប់ៗខាងមុខនេះ។

    ការរក្សាទុកព័ត៌មាន នៅក្នុងស្មាតហ្វូនរបស់លោកអ្នក

    ស្មាតហ្វូនមានលទ្ធភាពអាចផ្ទុកទិន្នន័យបាន។ ប៉ុន្តែ ទិន្នន័យដែលត្រូវបានរក្សាទុកនៅក្នុងវា អាចងាយនឹងចូលប្រើបានពីចម្ងាយ ឬ​ដោយផ្ទាល់ពី​ភាគី​ទីបី ។ ការប្រុងប្រយ័ត្នជាមូលដ្ឋានមួយចំនួន ​ដើម្បីកាត់បន្ថយ​ការចូល​ប្រើ​មិន​សមស្របនេះ ត្រូវបានពន្យល់​នៅ​ក្នុង មគ្គុទ្ទេសក៍ណែនាំមូលដ្ឋានអំពីការតម្លើងសម្រាប់ទូរស័ព្ទAndroid។ បន្ថែមពីលើ​នេះ លោកអ្នកអាច​ចាត់ជំហានអនុវត្តន៍ ដើម្បីធ្វើកូដនីយកម្មព័ត៌មានរសើបនៅក្នុងទូរស័ព្ទរបស់លោកអ្នក ដោយប្រើកម្មវិធីជាក់​លាក់ណាមួយ​។

    ឧបករណ៍ធ្វើកូដនីយកម្មទិន្នន័យ

    កម្មវិធី Android Privacy Guard (APG) អនុញ្ញាតឱ្យប្រើ OpenGPG ដើម្បីធ្វើកូដនីយកម្មឯកសារ និងអុីមែលបាន។ លោកអ្នកអាចប្រើវា ដើម្បីរក្សាសុវត្ថិភាពឯកសារនៅក្នុងទូរស័ព្ទរបស់លោកអ្នកនិងនៅពេលផ្ញើអុីមែល។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធី APG

    Cryptonite គឺជាកម្មវិធីកូដនីយកម្មប្រភេទ​FOSS ​មួយ​ផ្សេងទៀត។ វាមានលក្ខណៈពិសេសទំនើបជាងមុន សម្រាប់ទូរស័ព្ទ​ Android ​ដែល​ត្រូវ​បាន​​រៀប​ចំ​មូលដ្ឋានយ៉ាងពិសេសជាមួយហ្វឺមវែរមួយ។ សូមមើលផ្នែក ការប្រើស្មាតហ្វូនទំនើប សម្រាប់ព័ត៌មានបន្ថែម។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធី Cryptonite

    ការរក្សាពាក្យសម្ងាត់សុវត្ថិភាព

    លោកអ្នកអាចរក្សាទុកពាក្យសម្ងាត់ចាំបាច់ទាំងអស់របស់ខ្លួន នៅក្នុងឯកសារមួយដែលមានសុវត្ថិភាពនិងបានធ្វើកូដនីយកម្ម ដោយ​​​ប្រើកម្មវិធី​Keepass។ នៅក្នុងកម្មវិធី​Keepass លោកអ្នកចាំបាច់ត្រូវចងចាំតែពាក្យសម្ងាត់មេមួយប៉ុណ្ណោះ​ ដើម្បីអាច​ចូល​ប្រើ​​គ្រប់​​ពាក្យ​​សម្ងាត់​​​ផ្សេង​ទៀត​។ លោកអ្នកអាចប្រើពាក្យសម្ងាត់ដែលរឹងមាំបំផុត​​ សម្រាប់គណនីនីមួយៗដែ​ល​លោកអ្នកមាន ព្រោះ​​កម្មវិធី​នេះនឹងចងចាំពាក្យសម្ងាត់ទាំងនោះសម្រាប់លោកអ្នក ហើយថែមទាំងមានឧបករណ៍​បង្កើតជួយបង្កើតពាក្យសម្ងាត់​ថ្មីមួយ​សម្រាប់អ្នកផងដែរ។ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពឃ្លាំងផ្ទុកទិន្នន័យពាក្យសម្ងាត់របស់Keepass បានស្របពេល​គ្នា​រវាង​ទូរស័ព្ទ​និង​កុំព្យូទ័រ​របស់​លោក​​អ្នក។ យើងខ្ញុំណែនាំឱ្យលោកអ្នកធ្វើបច្ចុប្បន្នភាពដោយស្របពេលគ្នា ចំពោះតែពាក្យ​សម្ងាត់ណា​ដែល​លោក​អ្នកនឹង​ប្រើប្រាស់​ដោយ​​ពិត​ប្រាកដ​នៅក្នុងទូរស័ព្ទចល័តរបស់លោកអ្នកប៉ុណ្ណោះ។ លោកអ្នកអាចបង្កើត​ឃ្លាំងផ្ទុក​ទិន្នន័យ​ពាក្យ​សម្ងាត់​តូច​ជាង​នេះ​​ដាច់​ដោយឡែក​មួយ​នៅ​ក្នុងកុំព្យូទ័រ ហើយធ្វើបច្ចុប្បន្នភាពស្របពេលគ្នាចំពោះឃ្លាំងផ្ទុកទិន្នន័យនេះ ជំនួស​ឱ្យការថតចម្លង​ទៅ​ ស្មាត​ហ្វូនរបស់​លោក​អ្នកនូវឃ្លាំងផ្ទុកទិន្នន័យទាំងមូល​ដែលមានគ្រប់ពាក្យសម្ងាត់ទាំងអស់ដែលលោកអ្នកប្រើ។ ជាមួយគ្នា​នេះ​ដែរ ដោយសារ​គ្រប់​ពាក្យសម្ងាត់ទាំងអស់ត្រូវបានការពារដោយពាក្យសម្ងាត់មេមួយរបស់លោកអ្នក នោះវាគឺជាការសំខាន់​បំផុត​ដែល​លោក​អ្នកត្រូវ​ប្រើ​ពាក្យសម្ងាត់រឹងមាំបំផុត​សម្រាប់ឃ្លាំងផ្ទុកទិន្នន័យKeepassរបស់លោកអ្នក។ សូមមើល ជំពូក ៣ ៖ របៀបបង្កើត​និងថែ​រក្សា​ពាក្យសម្ងាត់សុវត្ថិភាព.

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំអំពី KeePassDroid

    ការផ្ញើអ៊ីមែលពីស្មាតហ្វូន

    នៅក្នុងផ្នែកនេះ យើងនឹងពិភាក្សាដោយសង្ខេបអំពីការប្រើអុីមែលនៅក្នុងស្មាតហ្វូន។ យើងសូមលើកទឹកចិត្តឱ្យលោកអ្នកទៅ​មើលផ្នែក ការធានាសុវត្ថិភាពអុីមែលរបស់លោកអ្នក និង ដំបូន្មានអំពីការឆ្លើយតបចំពោះ​ការ​ឃ្លាំ​មើល​​អុីមែល​ដែលជាប់​សង្ស័យ នៅក្នុង ជំពូក ៧ ៖ របៀបរក្សាភាពឯកជននៃទំនាក់ទំនងតាម​ អុីនធឺណិតរបស់​លោកអ្នក ដែលនៅក្នុងនោះយើងមានពិភាក្សាអំពីសុវត្ថិភាពមូលដ្ឋានរបស់អុីមែល។

    ជាដំបូង ត្រូវពិចារណាថា តើលោកអ្នកពិតជាត្រូវការប្រើស្មាតហ្វូនរបស់លោកអ្នក​ ដើម្បីចូលប្រើអុីមែលឬទេ។ ការ​ធានា​សុវត្ថិ​ភាព​សម្រាប់​កុំព្យូ​ទ័រ​​​និងអ្វីៗដែលមាននៅក្នុងកុំព្យូទ័រ ជាទូទៅមានលក្ខណៈងាយស្រួលជាង​ការធានាសុវត្ថិភាពសម្រាប់ទូរស័ព្ទចល័ត ដែល​មានដូចជាស្មាត​ហ្វូន​ជា​ដើម។ ស្មាតហ្វូនគឺមានភាពងាយរងហានិភ័យជាង ចំពោះការលួច ការតាមដាន និងការ​លួចប្រើ។

    ប្រសិន​បើលោកអ្នកចាំបាច់ដាច់ខាតត្រូវតែចូលប្រើអុីមែលតាមរយៈស្មាតហ្វូនរបស់លោកអ្នក លោកអ្នកត្រូវអនុវត្ត​ចំណាត់​ការ​មួយ​ចំនួនដើម្បីកាត់បន្ថយហានិភ័យទាំងនោះជាអតិបរមា។

    • មិនត្រូវទុកចិត្តស្មាតហ្វូនថា គឺជាមធ្យោបាយចម្បងសម្រាប់ចូលប្រើអុីមែលរបស់លោកអ្នកឡើយ។ លោកអ្នកមិនគួរ​ដោន​ឡូត ​(ឬ​លុប​​ចោល)អុីមែលពីសឺវឺអុីមែល ហើយរក្សាទុកពួកវាតែនៅក្នុងស្មាតហ្វូនរបស់លោកអ្នកឡើយ។ លោកអ្នក​អាច​បញ្ចូល​កម្មវិធី​អុីមែលរបស់លោកអ្នក ដោយកំណត់ឱ្យប្រើតែសំណៅចម្លងនៃអុីមែលប៉ុណ្ណោះ។

    • ប្រសិនបើលោកអ្នកប្រើកម្មវិធីកូដនីយកម្មអុីមែលជាមួយដៃគូទំនាក់ទំនងមួយចំនួនរបស់លោកអ្នក ត្រូវពិចារណា​បញ្ចូល​​កម្មវិធីកូដនីយកម្មអុីមែលនោះ ទៅក្នុងស្មាតហ្វូនរបស់លោកអ្នកផងដែរ។ អត្ថប្រយោជន៍បន្ថែមរបស់វាគឺថា អុីមែលដែលត្រូវបានធ្វើកូដនីយកម្មនឹងនៅតែរក្សាភាពសម្ងាត់របស់វាបាន ទោះបីទូរស័ព្ទ​នោះធ្លាក់ទៅក្នុង​ដៃ​មនុស្ស​អា​ក្រក់​ក៏ដោយ។

    ការរក្សាទុកកូនសោរសម្ងាត់ឯកជន​ នៅក្នុងទូរស័ព្ទចល័តរបស់លោកអ្នក មើលទៅហាក់ដូចជាមានហានិភ័យ។ ប៉ុន្តែ ផល​ប្រ​យោជន៍​​​​​នៃការអាចផ្ញើ និងរក្សាទុកអុីមែលកូដនីយកម្មយ៉ាងមានសុវត្ថិភាពនៅក្នុងទូរស័ព្ទចល័តនោះ ប្រ​ហែល​​​ជា​សំខាន់​ជាងហានិភ័យទាំងនោះ។ ត្រូវពិចារណាអំពីការបង្កើតគូកូនសោសម្ងាត់មួយសម្រាប់តែទូរស័ព្ទចល័ត (ដោយ​ប្រើ ​APG) សម្រាប់ប្រើនៅក្នុងស្មាតហ្វូនរបស់លោកអ្នក ដោយការធ្វើដូចនេះ លោកអ្នក​មិនចាំបាច់ថតចម្លង​កូន​សោរ​សម្ងាត់​ឯកជនរបស់លោកអ្នកពីក្នុងកុំព្យូទ័រទៅក្នុងទូរស័ព្ទចល័តឡើយ។ ត្រូវកត់សម្គាល់ថា ការនេះក៏តម្រូវ​ឱ្យលោកអ្នកត្រូវស្នើ​សុំ​​​ទៅ​ដៃគូទំនាក់ទំនងរបស់លោកអ្នក ឱ្យធ្វើកូដនីយកម្មអុីមែលដោយប្រើតែកូនសោសម្ងាត់សម្រាប់​ទូរស័ព្ទ​ចល័ត​​របស់​លោក​​អ្នកផងដែរ។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំអំពី K9 និង APG

    ការចាប់យកព៏ត៌មានផ្សព្វផ្សាយដោយប្រើស្មាតហ្វូន

    ការថតរូបភាព វីដេអូ ឬសម្លេងដោយប្រើស្មាតហ្វូនរបស់លោកអ្នក អាចជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ដើម្បីរៀបចំឯក​សារ​និង​ចែករំលែកព្រឹត្តិការណ៍សំខាន់ៗ។ ​ប៉ុន្តែ ការសំខាន់គឺត្រូវប្រុងប្រយ័ត្ន និងគោរពចំពោះភាពឯកជន និងសុវត្ថិភាព​របស់រូបភាព វីដេអូ ឬសម្លេងទាំងនោះ។ ឧទា. ប្រសិនបើលោកអ្នកថតរូបឬថតវីដេអូ ឬសម្លេងរបស់ព្រឹត្តិការណ៍សំខាន់មួយ វាប្រហែលជា​អាចមាន​គ្រោះថ្នាក់​​ចំពោះ​លោកអ្នក ឬអ្នកដែលមានរូប ឬសម្លេងនៅក្នុងការថតរបស់លោកអ្នក ប្រសិនបើទូរស័ព្ទ​របស់លោកអ្នកបានធ្លាក់​ទៅ​ក្នុងដៃមនុស្សអាក្រក់។ ក្នុងករណីនេះ មតិយោបល់ខាងក្រោមនេះ​អាចមានប្រយោជន៍សម្រាប់លោកអ្នក៖

    • ត្រូវមានយន្តការមួយ ដើម្បីអាប់ឡូតដោយសុវត្ថិភាព​នូវឯកសារមេឌាដែលបានថត ទៅក្នុងទីតាំងអនឡាញដែលត្រូវបានការពារ ហើយត្រូវលុបឯកសារទាំងនោះចោលភ្លាមៗពីទូរស័ព្ទ (ឬឱ្យបានលឿនបំផុតតាមដែលលោកអ្នកអាច) បន្ទាប់ពីបានថត។

    • ត្រូវប្រើកម្មវិធីដើម្បីធ្វើឱ្យព្រិលមើលមិនច្បាស់ចំពោះផ្ទៃមុខរបស់អ្នកដែលមានវត្តមាននៅក្នុងរូបភាព ឬវីដេអូទាំងនោះ ឬធ្វើឱ្យ​ខុស​​​​ពីភាពដើមចំពោះសម្លេងរបស់ឯកសារសម្លេងឬវីដេអូ ហើយរក្សាទុកតែសំណៅឯកសាររូបភាព ឬសម្លេង​ដែល​មើល​មិន​ច្បាស់​ឬ​ខុសពីភាពដើមប៉ុណ្ណោះនៅក្នុងទូរស័ព្ទចល័តរបស់លោកអ្នក ។

    • ត្រូវការពារ ឬលុបចោលព័ត៌មានទិន្នន័យអំពីពេលវេលានិងទីកន្លែង​ នៅក្នុងឯកសារមេឌាទាំងនោះ។

    Guardian Project បានបង្កើត​កម្មវិធី​ FOSS​ មួយ​​ដែលមាន​ឈ្មោះ​ថា ObscuraCam ដើម្បីចាប់ផ្ទៃមុខនៅលើរូបថត ហើយ​​ធ្វើ​ឱ្យផ្ទៃមុខនោះព្រិល​មើល​មិនច្បាស់។ ជាការពិត លោកអ្នកអាចជ្រើសរើសរបៀបធ្វើឱ្យព្រិលមើលមិនច្បាស់ និងអ្វីដែល​ត្រូវ​ធ្វើឱ្យព្រិលមើលមិនច្បាស់។ កម្មវិធី​Obscuracam លុប​ចោល​​ផងដែរ​នូវរូបថតដើម ហើយ ប្រសិនបើលោក​អ្នកបានតម្លើងសឺវឺមួយ​ដើម្បីអាប់ឡូតឯកសារមេឌាដែលថតបាន​ទាំង​នោះ កម្មវិធី​នេះមានផ្តល់មុខងារដែលមានលក្ខណៈងាយ​ស្រូល​ដើម្បី​​អាប់ឡូត​ឯកសារ​មេឌា​ទាំងនោះ។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធី Obscuracam

    នៅពេលសរសេរជំពូកនេះ អង្គការសិទ្ធិមនុស្សឈ្មោះ Witness កំពុងធ្វើការជាមួយGuardian Projectអំពីដំណោះស្រាយមួយចំពោះចំណុចទាំងបីខាងលើ។

    ការចូលប្រើអុីនធឺណិតដោយសុវត្ថិភាពពីស្មាតហ្វូន

    ដូចដែលបានពិភាក្សានៅក្នុង ជំពូក ៧ ៖ របៀបរក្សាភាពឯកជននៃទំនាក់ទំនងតាមអុីនធឺណិតរបស់លោកអ្នក​​ និង ជំពូក ៨ ៖ របៀបរក្សា​អនាមិក​ភាព​និងគេចវាងពីការរឹតត្បិតតាមអុីនធឺណិត ការ​ចូលមើលមាតិកានៅក្នុងអុីនធឺណិត ឬការផ្សព្វផ្សាយព័ត៌មានទៅអនឡាញ ដូចជារូបថតឬវីដេអូជាដើម បន្សល់ទុកនូវដាន​ស្នាម​ជាច្រើនអំពីអត្តសញ្ញាណ​ និងទីកន្លែងរបស់លោកអ្នក និងអ្វីដែលលោកអ្នកកំពុងធ្វើ។ បញ្ហានេះអាចធ្វើឱ្យលោកអ្នកជួបហានិ​ភ័យ។ ការប្រើស្មាតហ្វូនដើម្បីភ្ជាប់ការទាក់ទងជាមួយអុីនធឺណិត ធ្វើឱ្យហានិភ័យនេះ​កាន់តែមានកម្រិតខ្ពស់ថែមទៀត។

    ការចូលប្រើតាមរយៈសេវាភ្ជាប់អុីនធឺណិតឥតខ្សែ​ WiFi ឬសេវាទិន្នន័យចល័ត

    ស្មាតហ្វូនអនុញ្ញាតឱ្យលោកអ្នកអាចគ្រប់គ្រងរបៀបដែលលោកអ្នកចូលប្រើអុីនធឺណិត៖ តាមរយៈការភ្ជាប់សេវា​ឥត​ខ្សែ​ ដែល​ផ្តល់​ដោយចំណុចភ្ជាប់សេវាមួយ (ដូចជាហាងអុីនធឺណិតជាដើម) ឬតាមរយៈការភ្ជាប់សេវាទិន្នន័យចល័ត ដូចជា GPRS, EDGE ឬ UMTSជាដើម ដែល​ផ្តល់ដោយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តរបស់លោកអ្នក។

    ការប្រើសេវាWiFi កាត់បន្ថយដានស្នាមរបស់ទិន្នន័យដែលលោកអ្នកអាចបន្សល់ទុក​នៅក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ​ចល័ត​របស់​លោក​អ្នក (ព្រោះវាមិនបានភ្ជាប់ទំនាក់ទំនងជាមួយការ​ចុះឈ្មោះជាវសេវាទូរស័ព្ទចល័តរបស់លោកអ្នកទេ)។ ប៉ុន្តែ ជួនកាល​ការ​ភ្ជាប់​​សេវា​ទិន្នន័យ​ចល័ត គឺជាមធ្យោបាយតែមួយគត់ដើម្បីអនឡាញ។ ជាអកុសល ការភ្ជាប់សេវាទិន្នន័យ​ចល័ត ​(ដូចជាEDGE ឬ​UMTS​ជាដើម) មិនមែនជាស្តង់ដារបើកចំហទេ។ អ្នកអភិវឌ្ឍន៍ឯករាជ្យ និងវិស្វករផ្នែកសុវត្ថិភាព មិនអាចត្រួតពិនិត្យ​ពិធីការ​ទាំង​នេះដើម្បីដឹងអំពីរបៀបដែលពួកវាកំពុងត្រូវបានអនុវត្ត ដោយក្រុមហ៊ុនផ្តល់សេវាទិន្នន័យចល័តបានទេ។

    នៅក្នុងប្រទេសខ្លះ ក្រុមហ៊ុនផ្តល់សេវាទិន្នន័យចល័ត ធ្វើប្រតិបត្តិការនៅក្រោមនីតិកម្មខុសៗគ្នាច្រើនជាងក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត ដែលអាចនាំមកនូវការឃ្លាំមើលបានដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាល និងក្រុមហ៊ុន។

    ​មិនថាផ្លូវណាដែលលោកអ្នកជ្រើសយកសម្រាប់ទំនាក់ទំនងឌីជីតថលជាមួយស្មាតហ្វូនរបស់លោកអ្នកទេ លោកអ្នកអាចកាត់​បន្ថយ​ហានិភ័យបើកបង្ហាញទិន្នន័យរបស់លោកអ្នកបាន តាមរយៈការប្រើកម្មវិធីបម្លែងជាលក្ខណៈអនាមិក​ និង​កម្ម​វិធីកូដនីយកម្មបាន។

    ការបម្លែងជាលក្ខណៈអនាមិក

    ដើម្បីចូលប្រើព័ត៌មានអនឡាញជាលក្ខណៈអនាមិក លោកអ្នកអាចប្រើកម្មវិធីសម្រាប់Androidមួយ ដែលមាន​ឈ្មោះ​ថា ​Orbot។ Orbot បញ្ជូនទំនាក់ទំនងអុីនធឺណិតរបស់លោកអ្នក តាមរយៈ​បណ្តាញ​អនា​​មិកភាពTor។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយមគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីOrbot

    កម្មវិធីមួយផ្សេងទៀតឈ្មោះOrweb គឺជាកម្មវិធីបើកអុីនធឺណិតមួយ​ ដែលមានលក្ខណៈលើកកម្ពស់កម្រិតភាពឯកជន ដូចជា​ការ​ប្រើProxies និងការមិនរក្សាទុកប្រវត្តិបើកទំព័រអុីនធឺណិតនៅក្នុងកុំព្យូទ័រជាដើម។ Orbot និង Orweb ជាមួយគ្នាគឺជាកម្មវិធី​គេច​វាង​​ការ​ត្រួត​ពិនិត្តាយតាមអុីនធឺណិត និងFirewalls ហើយផ្តល់ការបើកអុីនធឺណិតក្នុងលក្ខណៈអនាមិក។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយមគ្គុទ្ទេសក៍ណែនាំអំពី កម្មវិធីOrweb

    Proxies

    សំណៅកម្មវិធី Firefox សម្រាប់ទូរស័ព្ទចល័ត – Firefox mobile អាចត្រូវបានបំពាក់ជាមួយមុខងារបន្ថែមProxy ដែលដឹកនាំចរាចរណ៍​ទិន្ន​ន័យ​របស់​លោក​អ្នក​ទៅ​​​​កាន់សឺវឺProxyមួយ។ ចរាចរណ៍ទិន្នន័យរបស់លោកអ្នក ​ចេញពីទីនោះទៅកាន់គេហទំព័រដែលលោកអ្នកកំពុងស្នើសុំ។ ដំ​ណើរ​ការនេះ​មានប្រយោជន៍ ក្នុងករណីមានការរឹតត្បិតតាមអុីនធឺណិត ប៉ុន្តែសំណើរបស់លោកអ្នកនៅតែអាចបើកបង្ហាញបាន លុះ​ត្រា​តែការ​ភ្ជាប់​សេវាពីទូរស័ព្ទរបស់លោកអ្នកទៅProxyនោះត្រូវបានធ្វើកូដនីយកម្ម។ យើងខ្ញុំ​សូមណែនាំ​មុខងារ​បន្ថែម ​Proxy Mobile របស់ Guardian Project​​​​ផងដែរ ដែលធ្វើឱ្យការប្រើProxyជាមួយFirefoxមានលក្ខណៈងាយស្រួល។ វាក៏ជា​មធ្យោ​បាយ​​​​តែ​មួយផងដែរ សម្រាប់បញ្ជូនការទំនាក់ទំនងចល័តរបស់Firefoxទៅកម្មវិធីOrbot និងប្រើ​បណ្តាញ​Tor​​។

    សុវត្ថិភាពកម្រិតខ្ពស់របស់ស្មាតហ្វូន

    ទទួលសិទ្ធិប្រើប្រាស់ទាំងស្រុងចំពោះស្មាតហ្វូនរបស់លោកអ្នក

    ស្មាតហ្វូនភាគច្រើនបំផុត មានសមត្ថភាពលើសពីប្រព័ន្ធប្រតិបត្តិការរបស់ពួកវា លើសពីកម្មវិធីរបស់អ្នកផលិត (ហ្វឺមវែរ) ឬ​លើស​ពី​អ្វី​ដែលកម្មវិធីរបស់ប្រតិបត្តិករទូរស័ព្ទចល័តអនុញ្ញាត។ ផ្ទុយទៅវិញ មុខងារមួយចំនួន​ត្រូវបាន'ចាក់សោរ' ដូច្នេះហើយ អ្នក​ប្រើ​ប្រាស់​មិនអាចគ្រប់គ្រង ឬផ្លាស់ប្តូរមុខងារទាំងនេះបាន ហើយពួកវានៅតែមិនអាចគ្រប់គ្រងបាន។ ក្នុងករណី​ភាគ​ច្រើន មុខ​ងារ​ទាំង​នេះ​មានលក្ខណៈមិនចាំបាច់សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទេ។ ប៉ុន្តែ មានកម្មវិធីនិងមុខងារមួយចំនួន ដែល​អាចលើក​កម្ពស់​កម្រិត​សុវត្ថិភាពទិន្នន័យ និងទំនាក់ទំនងតាមស្មាតហ្វូនបាន។ គេឃើញមានមុខងារ​មានស្រាប់មួយ​ចំនួន​ផ្សេងទៀត​ផង​ដែរ ដែល​អាច​ត្រូវលុបចេញ ដើម្បីជៀសវាងហានិភ័យផ្នែកសុវត្ថិភាព។

    សម្រាប់ហេតុផលនេះ និងហេតុផលផ្សេងទៀត អ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួន ជ្រើសរើសប្រើកម្មវិធីផ្សេងជាច្រើនទៀតសម្រាប់​ដំ​ណើរ​​​ការ​ស្មាតហ្វូន ដើម្បីទទួលបានឯកសិទ្ធិសមស្រប ដែលអនុញ្ញាតឱ្យពួកគេអាចបញ្ចូលមុខងារកម្រិតខ្ពស់ ឬអាចលុប​ចោល ​ឬ​កាត់​បន្ថយមុខងារផ្សេងទៀត។

    ដំណើរការជំនះលើដែនកំណត់​ដែលដាក់តម្រូវដោយក្រុមហ៊ុនទូរស័ព្ទចល័ត ឬអ្នកផលិតប្រព័​ន្ធប្រតិបត្តិការសម្រាប់ស្មាតហ្វូន ត្រូវ​បានគេហៅថា ដំណើរការរូត(Rooting) (ក្នុងករណីឧបករណ៍Android) ឬ ដំណើរការជេកប្រេក (Jailbreaking) (ក្នុងករណីជាឧបករណ៍ iOS ដូចជា iPhone ឬ iPad)។ ជា​​ទូ​ទៅ ដំណើរការរូត ឬជេលប្រេក ដែលជោគជ័យ នឹងផ្តល់ឲ្យលោកអ្នកមាន​គ្រប់​ឯកសិទ្ធិ​ដែល​ត្រូវការ​ ដើម្បីធ្វើការ​បញ្ចូល និងប្រើកម្មវិធី​បន្ថែម ធ្វើការផ្លាស់ប្តូរចំពោះការកំណត់មុខងារផ្សេងពីនេះ និងធ្វើការគ្រប់គ្រង​ទាំងស្រុង​ទៅ​លើ​កន្លែង​ផ្ទុកទិន្នន័យ​និងអង្គចងចាំ​របស់​ស្មាត​ហ្វូន។

    ព្រមាន៖ ដំណើរការរូត ឬជេលប្រេក មិនអាចជាដំណើរការបញ្ច្រាស់បានទេ ហើយវាតម្រូវឱ្យមាន​បទ​ពិសោធន៍​ជា​មួយ​របៀប​​បញ្ចូល​និងកំណត់មុខងារកម្មវិធី។ សូមពិចារណាអំពីចំណុចខាងក្រោមនេះ៖

    • មានហានិភ័យមួយដែលធ្វើឱ្យស្មាតហ្វូនរបស់លោកអ្នក​មិនអាចប្រតិបត្តិការបានជារៀងរហូត ឬធ្វើឱ្យវា'ក្លាយដូចជាដុំឥដ្ឋ'។
    • ការធានារបស់អ្នកផលិត ឬក្រុមហ៊ុនទូរស័ព្ទចល័ត អាចត្រូវបានចាត់ទុកជាមោឃៈ។
    • នៅក្នុងកន្លែងខ្លះ ដំណើរការនេះ​អាចមានលក្ខណៈខុសច្បាប់។

    ប៉ុន្តែ ប្រសិនបើលោកអ្នកមានការប្រុងប្រយ័ត្ន ទូរស័ព្ទដែលត្រូវបានធ្វើការរូត គឺជាមធ្យោបាយងាយស្រួលមួយ​ ដើម្បី​ទទួល​​បាន​​ការគ្រប់គ្រងច្រើនជាងមុនលើស្មាតហ្វូនរបស់លោកអ្នក ដើម្បីធ្វើឱ្យវាកាន់តែមានសុវត្ថិភាព។

    ### ហ្វឺមវែរផ្សេងទៀត ###

    ហ្វឺមវែរ សំដៅទៅលើកម្មវិធីដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងឧបករណ៍ជាក់លាក់។ កម្មវិធីទាំងនោះមានសហប្រតិ​បត្តិ​ការ​ជាមួយ​ប្រ​ព័ន្ធ​​ប្រតិបត្តិការ​របស់ឧបករណ៍នោះ ហើយទទួលខុសត្រូវចំពោះប្រតិបត្តិការមូលដ្ឋានរបស់គ្រឿងរឹងស្មាត​ហ្វូន​របស់​លោក​អ្នក ដូច​ជា អូប៉ាល័រ ម៉ាយក្រូហ្វូន កាមេរ៉ា ថាច់ស្គ្រីន អង្គចងចាំ កូនសោរ អង់តែន ជាដើម។

    ប្រសិនបើលោកអ្នកមានទូរស័ព្ទAndroidមួយ លោកអ្នកប្រហែលជាពិចារណាបញ្ចូលហ្វឺមវែរមួយ ដើម្បីលើកកម្ពស់​បន្ថែម​ដល់​ការ​គ្រប់​គ្រងទូរស័ព្ទ។ សូមកត់សម្គាល់ថា ដើម្បីបញ្ចូលហ្វឺមវែរផ្សេងមួយ លោកអ្នកចាំបាច់ត្រូវ​ធ្វើការ រូត ទូរស័ព្ទ​របស់​លោក​អ្នក​។

    ឧទា. ហ្វឺមវែរផ្សេងមួយសម្រាប់ទូរស័ព្ទAndroidគឺ Cyanogenmod ដែលឧទា.អនុញ្ញាត​ឱ្យ​លោក​អ្នកអាចលុបកម្មវិធីចេញពីកម្រិតប្រព័ន្ធនៃទូរស័ព្ទរបស់លោកអ្នក (ឧទា.កម្មវិធីដែលបញ្ចូលដោយ​អ្នក​ផលិត​ទូរស័ព្ទ ​ឬ​ប្រតិ​បត្តិករ​បណ្តាញទូរស័ព្ទចល័ត)។ ដោយការធ្វើដូចនេះ លោកអ្នកអាចកាត់បន្ថយចំនួនមធ្យោបាយ​ដែល​ទូរស័ព្ទ​របស់​លោកអ្នក​អាចត្រូវបានពិនិត្យតាមដាន ដែលមានដូចជាទិន្នន័យដែលត្រូវបានផ្ញើចេញ ទៅក្រុមហ៊ុនផ្តល់សេវារបស់លោកអ្នក​ដោយ​លោក​អ្នកមិនបានដឹងជាដើម។

    ជាងនេះទៅទៀត Cyanogenmod ជាស្វ័យប្រវត្តមានអមដោយកម្មវិធី OpenVPN មួយ ដែលអាចធ្វើឱ្យការដំឡើងមានភាពយឺត។ VPN (Virtual Private Network) គឺមធ្យោបាយមួយដើម្បីផ្តល់ទំនាក់ទំនងអុីនធឺណិតរបស់លោកអ្នក​បានដោយ​សុវត្ថិភាព (សូមមើលខាងក្រោម)។

    Cyanogenmod ផ្តល់ជូនផងដែរនូវទម្រង់ Incognito browsing mode ដែលក្នុងនោះ ប្រវត្តិនៃទំនាក់ទំនងរបស់លោកអ្នក​មិនត្រូវ​បានកត់ត្រាទុកនៅក្នុងស្មាតហ្វូនរបស់លោកអ្នកឡើយ។

    Cyanogenmod មានមុខងារពិសេសផ្សេងទៀតជាច្រើន។ ប៉ុន្តែ វាមិនអាចប្រើបានជាមួយគ្រប់ទូរស័ព្ទAndroidទាំងអស់ទេ ដូច្នេះ មុននឹងអនុវត្ត សូមពិនិត្យមើល បញ្ជីទូរស័ព្ទដែលអាចប្រើវាបានជាមុនសិន។

    ការធ្វើកូដនីយកម្មចំណុះផ្ទុកទិន្ន័យទាំងមូល

    ប្រសិនបើទូរស័ព្ទរបស់លោកអ្នកត្រូវបានរូត លោកអ្នកអាចពិចារណាធ្វើកូដនីយកម្ងកន្លែងផ្ទុកទិន្នន័យទាំងមូល​ ឬបង្កើតចំណុះទិន្នន័យមួយនៅក្នុងស្មាតហ្វូន ​ដើម្បីការពារព័ត៌មានមួយចំនួននៅក្នុងស្មាតហ្វូននោះ។

    កម្មវិធី Luks Manager អនុញ្ញាត​ឱ្យ​មាន​ការធ្វើកូដនីយកម្មចំណុះទិន្នន័យបានងាយស្រួល និងដែលរឹងមាំជាលក្ខណៈឌីណាមីក និងមានអន្តរផ្ទៃមុខងាយស្រួលសម្រាប់​អ្នកប្រើប្រាស់។ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកដំឡើងកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមរក្សាទុក​ទិន្ន​ន័យ​សំខាន់ៗ​នៅក្នុងទូរស័ព្ទAndroidរបស់លោកអ្នក ហើយគួរប្រើចំណុះទិន្នន័យកូដនីយកម្ម ដែលកម្មវិធី Luks Manager​ផ្តល់​​ឱ្យនោះ ដើម្បីរក្សាទុកគ្រប់ទិន្នន័យរបស់លោកអ្នក។

    Virtual Private Network (VPN)

    VPN ផ្តល់នូវរូងផ្លូវកូដនីយកម្មមួយតាមរយៈអុីនធឺណិត សម្រាប់ការទំនាក់ទំនងគ្នារវាងទូរស័ព្ទរបស់លោកអ្នកនិងសឺវឺ VPN។ វាមាន​លក្ខណៈ​ដូចhttps និងមិន​មាន​លក្ខណៈ​ដូច​​ចរាចរណ៍ទិន្នន័យកូដនីយកម្មផ្សេងទៀត។ វាត្រូវបានហៅថា រូងផ្លូវ ព្រោះវា​លាក់​​បាំង​​គ្រប់​សេវា ពិធីការ និងខ្លឹមសារទាំងអស់។ ការភ្ជាប់សេវាVPN ត្រូវបានធ្វើឡើងតែម្តងប៉ុណ្ណោះ និងត្រូវបានបញ្ចប់តែនៅពេលលោកអ្នក​សម្រេច​ចិត្តបញ្ចប់វា​ប៉ុណ្ណោះ។

    ត្រូវកត់សម្គាល់ថា ដោយសារគ្រប់ចរាចរណ៍ទិន្នន័យរបស់អ្នកទាំងអស់ឆ្លងកាត់សឺវឺ ProxyឬVPN អន្តរការីត្រូវការ​ចូលតែ​ក្នុងProxy ប៉ុណ្ណោះដើម្បីវិភាគអំពីសកម្មភាពរបស់លោកអ្នក។ ដោយហេតុនេះហើយ វាគឺជាការសំខាន់ដែលត្រូវ​ជ្រើស​រើស​ដោយ​​ប្រុងប្រយ័ត្ន​នៅក្នុងចំណោមសេវាProxy និងសេវាVPN។ យើងខ្ញុំសូមណែនាំផងដែរឱ្យ​លោកអ្នកប្រើProxyនិង/ឬVPN​ផ្សេងៗ​​គ្នា ព្រោះវាអាចកាត់បន្ថយផលប៉ះពាល់ដល់ការចែកចាយចរន្តទិន្នន័យរបស់លោកអ្នក។​

    យើងខ្ញុំសូមណែនាំឱ្យប្រើសឺវឺ RiseUp VPN ។ លោកអ្នក​អាចប្រើ RiseUp VPN នៅក្នុងទូរស័ព្ទAndroidបាន បន្ទាប់ពីដំឡើងកម្មវិធីCyanogenmodហើយ (សូមមើលខាងលើ)។ ការតម្លើង និងភ្ជាប់សេវាទៅ RiseUp VPN នៅក្នុង iPhone ក៏មានលក្ខណៈងាយស្រួលផងដែរ - សូមអានបន្ថែមនៅត្រង់នេះ