៩. របៀបការពារខ្លួនលោកអ្នក និងទិន្នន័យរបស់លោកអ្នក នៅពេលប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គម

តារាងមាតិកា

...Loading Table of Contents...

    សហគមន៍អនឡាញជាច្រើនបានកកើតឡើង ចាប់តាំងពីអុីនធឺណិតចាប់កំណើតមក។ ជាដំបូង មានការបង្កើតក្តារបិទប្រកាស និង​​បញ្ជីអុីមែលសម្រាប់ប្រជាជនជុំវិញពិភពលោក ធ្វើការភ្ជាប់ទំនាក់ទំនង និងចែករំលែកព័ត៌មាន​អំពី​ប្រធានបទ​ជាក់​​លាក់​​ផ្សេងៗ។ សព្វថ្ងៃនេះ គេហទំព័របណ្តាញទំនាក់ទំនងសង្គម ​បានពង្រីកវិសាលភាពទំនាក់ទំនងដែល​​កាន់តែ​អស្ចារ្យ​​ ហើយអនុញ្ញាតឱ្យលោកអ្នកអាចចែករំលែកសារ រូបភាព ឯកសារ និងព័ត៌មានបានយ៉ាងរហ័ស អំពីអ្វីដែលលោកអ្នកកំពុងធ្វើ ​និង​​កន្លែងដែលលោកអ្នកកំពុងស្ថិតនៅ។ មុខងារទាំងអស់នេះ មិនមែនថ្មី ឬមានតែមួយទេ – សកម្មភាពទាំងនេះ អាចត្រូវ​បាន​អនុវត្តផងដែរតាម​រយៈអុីនធឺណិត ដោយមិនចាំបាច់ចូលរួមក្នុងបណ្តាញទំនាក់ទំនងសង្គមនោះទេ។

    ទោះបីបណ្តាញទាំងនេះអាចមានប្រយោជន៍ច្រើន និងលើកកម្ពស់ទំនាក់ទំនងសង្គម ទាំងអនឡាញនិងមិនអនឡាញក៏ដោយ នៅ​ពេលប្រើពួកវា ព័ត៌មានរបស់លោកអ្នកក៏អាចធ្លាក់ដល់ដៃអ្នកដទៃដែលមានបំណងមិនល្អផងដែរ។ លោកអ្នកអាចគិតថា គេហ​ទំព័រ​​បណ្តាញ​​ទំនាក់ទំនងសង្គម​​មួយ គឺ​ប្រៀប​​ដូចជាកម្មវិធីជប់លៀងដ៏ធំមួយដែរ។ មានមនុស្សជាច្រើននៅទីនោះ​ដែល​លោក​អ្នក​ស្គាល់ និងមានមនុស្សខ្លះ​ទៀត​ដែល​​លោក​អ្នកមិនស្គាល់។ សាកល្បងស្រមៃគិតថា លោកអ្នកកំពុងដើរកាត់ពិធី ជប់លៀងនោះ ដោយ​​មាន​ព័ត៌​មាន​​លម្អិត​ផ្ទាល់​ខ្លួន និង​ព័ត៌មាន​បច្ចុប្បន្ន​អំពី​អ្វីដែលលោកអ្នកកំពុងគិត ត្រូវបានសរសេរ​នៅ​លើ​ស្លាកធំ​មួយ​បិទ​ជាប់​ក្រោយ​​ខ្នងរបស់លោកអ្នក ដែលអាច​ឱ្យ​គ្រប់​គ្នា​អាចអាន​វាបាន ដោយសូម្បីតែលោកអ្នកខ្លួនឯងមិនទាំងដឹងផង។ តើលោកអ្នក​ពិត​ជាចង់​ឱ្យគ្រប់គ្នា​ដឹង​គ្រប់​ព័ត៌មាន​ទាំងអស់នោះដែរទេ?

    ត្រូវចាំថា បណ្តាញទំនាក់ទំនងសង្គមត្រូវបានគ្រប់គ្រងជាកម្មសិទ្ធដោយក្រុមហ៊ុនឯកជន ហើយពួកគេរកប្រាក់បានដោយ​ការ​ប្រមូល​ទិន្ន​ន័យអំពីមនុស្សម្នាក់ៗ ហើយលក់ទិន្នន័យនោះបន្ត ជាពិសេសលក់ទៅឱ្យភាគីទីបីជាអ្នកផ្សាយពាណិជ្ជកម្ម។ នៅពេលលោក​អ្នក​ចូលទៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ លោកអ្នកកំពុងទុកចោលសេរីភាពរបស់អ្នកលើអុីនធឺណិត ហើយកំពុងចូល​ក្នុង​បណ្តាញមួយដែលត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយម្ចាស់គេហទំព័រនោះ។ បណ្តា​មុខងារ​កំណត់​ភាព​ឯក​ជន គឺ​គ្រាន់​តែ​មាន​ន័យ​ចង់ការពារលោកអ្នកពីសមាជិកផ្សេងទៀតរបស់បណ្តាញទំនាក់ទំនងសង្គមនោះតែប៉ុណ្ណោះ ប៉ុន្តែមុខងារកំណត់ទាំង នោះ​មិន​លាក់ទិន្នន័យរបស់លោកអ្នកពីម្ចាស់គេហទំព័រនោះឡើយ។ អ្វីដែលសំខាន់ លោកអ្នកកំពុងផ្តល់ទិន្នន័យទាំងអស់របស់ខ្លួន ទៅ​ឱ្យ​ម្ចាស់គេហទំព័រទំនាក់ទំនងសង្គមនោះ និងទុកចិត្តទៅលើពួកគេ។

    ប្រសិនបើលោកអ្នកធ្វើការជាមួយព័ត៌មាននិងប្រធានបទរសើប ហើយចាប់អារម្មណ៍ចំពោះការប្រើសេវាបណ្តាញទំនាក់ទំនង​សង្គម​នោះ វាគឺជាការសំខាន់ដែលលោកអ្នកត្រូវដឹងឱ្យបានច្បាស់លាស់ អំពីបញ្ហាភាពឯកជន និងសុវត្ថិភាពដែល​សេវា​ទាំង​នោះ​លើក​​​ឡើង​។ អ្នកតស៊ូមតិខាងសិទ្ធិមនុស្ស គឺងាយរងគ្រោះខ្លាំងណាស់នៅក្នុងការប្រើប្រាស់គេហទំព័រទំនាក់ទំនងសង្គម ហើយចាំបាច់​ត្រូវប្រុង​ប្រយ័ត្ន​បំផុត អំពីព័ត៌មានដែលខ្លួនបើកបង្ហាញអំពីខ្លួនឯង និងអំពីអ្នកដែលខ្លួនធ្វើការជាមួយ។

    មុនពេលលោកអ្នកប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមណាមួយ ការសំខាន់សម្រាប់លោកអ្នក គឺ​ត្រូវយល់អំពីរបៀប​ដែល​គេហទំព័រ​​ទាំង​នោះធ្វើឱ្យលោកអ្នកប្រឈមនឹងហានិភ័យ ហើយបន្ទាប់មក ចាត់ជំហានអនុវត្តន៍ដើម្បីការពារខ្លួនលោកអ្នក​ និង​អ្នក​ដែល​​​លោកអ្នកធ្វើការជាមួយ។ មគ្គុទ្ទេសក៍ណែនាំនេះ នឹងជួយលោកអ្នកឱ្យយល់អំពីបញ្ហាពាក់ព័ន្ធសុវត្ថិភាពក្នុងការប្រើ​គេហទំព័រ​បណ្តាញ​ទំនាក់ទំនងសង្គមទាំងនោះ។

    សេណារីយ៉ូពីក្រោយ

    ម៉ានសួរ និងម៉ាកដា គឺជាអ្នកការពារសិទ្ធិមនុស្សមកពីអាហ្វ្រិកខាងជើង។ ពួកគេកំពុងរៀបចំការដង្ហែរក្បួនមួយ ដែលនឹងប្រព្រឹត្ត​ធ្វើ​​នៅកណ្តាលទីក្រុងធំមួយ។ ពួកគេចង់ប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមFacebook ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។ ពួក​គេ​មានការព្រួយបារម្ភណ៍ថា អាជ្ញាធរអាចនឹងដឹងព័ត៌មាននេះ ហើយអាចនឹងតាម​ដានអ្នក​ដែលបង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​​នេះ។ ពួកគេគ្រោងប្រើTwitterនៅក្នុងអំឡុងពេលដង្ហែរក្បួន ដើម្បី​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ដំណើរ​វិវត្តន៍​របស់​ការ​ដង្ហែរ​​ក្បួននេះ។ ប៉ុន្តែ ចុះប្រសិនបើនគរបាលអាចពិនិត្យតាមដានtweets ហើយពង្រាយកងតម្រួតដើម្បីស្ទាក់ចាប់អ្នកដង្ហែរក្បួននោះ? ម៉ានសួរ និងម៉ាកដាគ្រោងរៀនចំផែនការ អំពីរបៀបចែករំលែករូបថត និងវីដេអូរបស់ការដង្ហែរក្បួននេះ ដោយមិនបើកបង្ហាញអត្ត​សញ្ញាណ​​របស់អ្នកចូលរួម ព្រោះពួកគេព្រួយបារម្ភណ៍ថា អ្នកចូលរួមអាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញ។

    យើងមិនមែនលើកទឹកចិត្តឱ្យលោកអ្នកឈប់ប្រើបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងនោះទេ។ ប៉ុន្តែ លោកអ្នកគួរចាត់វិធានការ​សុវត្ថិ​ភាព​​ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យលោកអ្នកអាចប្រើបណ្តាញទាំងនោះបាន ដោយមិនធ្វើឱ្យខ្លួនឯង​ ឬអ្នកដទៃទៀត​ប្រឈម​នឹង​ហា​និ​ភ័យ​។

    អ្វីដែលលោកអ្នកអាចរៀនបានពីជំពូកនេះ

    • របៀបដែលគេហទំព័របណ្តាញទំនាក់ទំនងសង្គម ងាយធ្វើឱ្យបែកព័ត៌មានរសើបដោយអចេតនា
    • របៀបការពារព័ត៌មានអំពីខ្លួនឯងនិងអ្នកដទៃ នៅពេលប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គម

    ដំបូន្មានទូទៅ អំពីការប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គម

    • ត្រូវសួរខ្លួនឯងជានិច្ចនូវសំណួរដូចខាងក្រោម៖
      • តើនរណាខ្លះ ដែលអាចចូលមើលព័ត៌មានដែលខ្ញុំកំពុងដាក់នៅលើអនឡាញ?
      • តើនរណាខ្លះ ជាអ្នកត្រួតត្រានិងគ្រប់គ្រងជាកម្មសិទ្ធិលើព័ត៌មាន ដែលខ្ញុំដាក់ទៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ?
      • តើព័ត៌មានអំពីខ្ញុំអ្វីខ្លះ ដែលដៃគូទំនាក់ទំនងរបស់ខ្ញុំផ្សព្វផ្សាយបន្តទៅមនុស្សដទៃទៀត?
      • តើនឹងមានបញ្ហាដល់ដៃគូទំនាក់ទំនងរបស់ខ្ញុំដែរឬទេ ប្រសិនបើខ្ញុំចែករំលែកព័ត៌មានអំពីពួកគេជាមួយមនុស្សដទៃទៀត?
      • តើខ្ញុំគួរទុកចិត្តគ្រប់អ្នកដែលខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយដែរឬទេ?
    • ត្រូវប្រាកដជានិច្ចថា លោកអ្នកប្រើពាក្យសម្ងាត់សុវត្ថិភាពដើម្បីបើកចូលបណ្តាញទំនាក់ទំនងសង្គម។ ប្រសិនបើមាន​នរណា​ម្នាក់ផ្សេងទៀតចូលក្នុងគណនីរបស់លោកអ្នក ពួកគេកំពុងទទួលបានសិទ្ធិចូលមើលព័ត៌មានជាច្រើនអំពីលោកអ្នក និង​អំពី​អ្នក​ដទៃ​​ទៀតដែលលោកអ្នកកំពុងភ្ជាប់ទំនាក់ទំនងជាមួយតាមរយៈបណ្តាញសង្គមនោះ។ ត្រូវមាន​ទម្លាប់ផ្លាស់​ពាក្យ​សម្ងាត់​របស់​លោក​​អ្នកឱ្យបានទៀងទាត់។ សូមមើល ជំពូក ៣ ៖ របៀបបង្កើត និងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព សម្រាប់ព័ត៌មានបន្ថែ​ម។

    • ត្រូវប្រាកដថា លោកអ្នកយល់អំពីមុខងារកំណត់ភាពឯកជន ដែលផ្តល់ជាស្វ័យប្រវត្តដោយ​គេហទំព័របណ្តាញទំនាក់ទំនង​សង្គម និងយល់អំពីរបៀបផ្លាស់ប្តូរពួកវា។

    • ត្រូវពិចារណាប្រើគណនី/អត្តសញ្ញាណផ្សេងគ្នា ឬអាចជារហស្សនាមផ្សេងគ្នា សម្រាប់យុទ្ធនាការ និងសកម្មភាពផ្សេងគ្នា។ ត្រូវ​​​​ចាំ​ថា គន្លឹះមួយចំពោះការប្រើបណ្តាញសង្គមដោយសុវត្ថិភាព គឺការដែលអាចទុកចិត្តលើសមាជិកទាំងឡាយ។ គណនីផ្សេងដាច់ដោយ​ឡែក​​​ពីគ្នា អាច​ជា​មធ្យោបាយល្អមួយដើម្បីធានាថា ការទុកចិត្តនោះអាចធ្វើទៅបាន។

    • ត្រូវប្រយ័ត្ន នៅពេលបើកចូលគណនីបណ្តាញសង្គមរបស់លោកអ្នក នៅក្នុងកន្លែងអុីនធឺណិតសាធារណៈ។ ត្រូវលុប​ចោល​ពាក្យ​សម្ងាត់ និងប្រវត្តិបើកទំព័រអុីនធឺណិតរបស់លោកអ្នក នៅពេលប្រើកម្មវិធីបើកអុីនធឺណិតមួយ​នៅលើកុំព្យូទ័រ​សាធា​រ​ណៈ​។ សូមមើល ជំពូក ៦ ៖ របៀបបំផ្លាញព័ត៌មានរសើប.

    • ចូរប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមដោយប្រើ https:// ដើម្បីការពារឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ និង ព័ត៌​មាន​​ផ្សេងទៀតដែលលោកអ្នកផ្សព្វផ្សាយទៅក្នុងគេហទំព័រនោះ។ ការប្រើ https:// ជាជាងការប្រើ http:// គឺបន្ថែមនូវស្រទាប់មួយ​ផ្សេង​​​​​​​​​​​​ទៀត ដោយការធ្វើកូដនីយកម្មនូវចរាចរណ៍ទិន្នន័យពីកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នក​ ទៅគេហទំព័រ​បណ្តាញ​ទំនាក់​​​ទំនងសង្គមរបស់លោកអ្នក។ សូមមើល ជំពូក ៨ ៖ របៀបរក្សា​អនាមិក​ភាព​ និងគេចវាងពីការរឹតត្បិតលើអុីនធឺណិត

    • ត្រូវប្រយ័ត្នអំពីការដាក់ព័ត៌មានច្រើនពេកទៅក្នុង ការធ្វើបច្ចុប្បន្នភាពពីស្ថានភាពរបស់លោកអ្នក – ទោះបី​លោក​អ្នក​ទុក​ចិត្តមនុស្សដែលមាននៅក្នុងបណ្តាញរបស់លោកអ្នកក៏ដោយ។ វាមានលក្ខណៈងាយស្រួល​ ដើម្បី​ឱ្យនរណា​ម្នាក់​ចម្លង​ព័ត៌មាន​របស់​លោកអ្នកបាន។

    • បណ្តាញទំនាក់ទំនងសង្គមភាគច្រើនបំផុត អនុញ្ញាតឱ្យលោកអ្នកបញ្ចូលព័ត៌មានជាមួយបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។ ឧទា. លោកអ្នកអាចសរសេរព័ត៌មានថ្មីមួយចូលក្នុងគណនី Twitter របស់លោកអ្នក ហើយព័ត៌មាន​នោះ​ត្រូវ​បាន​ចែករំឡែក​ដោយ​​​ស្វ័យប្រវត្តទៅ​ក្នុងគណនីFacebookរបស់លោកអ្នកផងដែរ។ ត្រូវប្រុងប្រយ័ត្ន​បំផុត​នៅពេល​ដាក់គណនី​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ច្រើនរបស់លោកអ្នករួមបញ្ចូលគ្នា! លោកអ្នកអាចលាក់អត្តសញ្ញាណនៅក្នុងគេហទំព័រមួយ ប៉ុន្តែ​បើកបង្ហាញអត្ត​សញ្ញាណ​នៅពេលប្រើគេហទំព័រមួយទៀត។

    • ត្រូវប្រយ័ត្នប្រយែងជានិច្ចចំពោះសុវត្តិភាពនៃព័ត៌មាន ដែលលោកអ្នកផ្សព្វផ្សាយនៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ។ មិនត្រូវពឹងផ្អែកទៅលើគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ ​ធ្វើជាកន្លែងផ្ទុកទិន្នន័យចម្បងសម្រាប់​ខ្លឹមសារ ឬព័ត៌មាន​របស់​លោក​​អ្នក​ឡើយ​។ វាងាយស្រួលសម្រាប់រដ្ឋាភិបាល ក្នុងការបិទសិទ្ធិប្រើប្រាស់គេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ​នេះ នៅ​ក្នុង​រវាង​​ដែន​​សមត្ថកិច្ចរបស់​ពួក​គេ ប្រសិនបើពួកគេភ្លាមៗនោះរកឃើញថា ខ្លឹមសាររបស់ព័ត៌មាននោះស្របនិងពួកគេ។ អ្នកគ្រប់​គ្រង​​​ទាំងអស់​​របស់​គេហ​ទំព័​របណ្តាញទំនាក់ទំនងសង្គមមួយ អាចសម្រេចធ្វើការលុបចោល​ខ្លឹមសារ​ដែលគេគិតថាមិនសមស្រប​ដោយ​ខ្លួន​ឯងផងដែរ ដើម្បីជៀសវាងការបិទសេវារបស់កម្មរបស់ពួកគេនៅក្នុងប្រទេសជាក់លាក់ណាមួយ។

    ការផ្សព្វផ្សាយព័ត៌មានលម្អិតផ្ទាល់ខ្លួន

    គេហ​ទំព័​របណ្តាញទំនាក់ទំនងសង្គម ស្នើសុំនូវទិន្នន័យជាច្រើនអំពីខ្លួនលោកអ្នកដើម្បីធ្វើឱ្យ​អ្នកប្រើប្រាស់ផ្សេងទៀតងាយស្រួលក្នុងការស្វែងរក និងភ្ជាប់ទំនាក់ទំនងជាមួយលោកអ្នក។ ជួនកាល ​ការ​ស្នើសុំព័ត៌មានផ្ទាល់ខ្លួនជាច្រើននេះបង្កើតនូវហានិភ័យធំបំផុតសម្រាប់អ្នកប្រើប្រាស់របស់គេហទំព័រទាំងនេះ ដូចជាការក្លែងបន្លំអត្តសញ្ញាណដែលកាន់តែកើត​​មាន​​ច្រើនឡើងៗ។ លើសពីនេះទៅទៀត ព័ត៌មានបន្ថែមអំពីខ្លួនលោកអ្នកផ្ទាល់ ដែលលោកអ្នកបើកបង្ហាញតាម​អន​ឡាញ​កាន់តែច្រើននោះ កាន់តែផ្តល់ភាពងាយស្រួលសម្រាប់អាជ្ញាធរ ក្នុងការកំណត់អត្តសញ្ញាណលោកអ្នក​និងពិនិត្យតាមដាន​សកម្ម​​ភាព​​​របស់​លោក​អ្នកផងដែរ។ សកម្មភាពអនឡាញរបស់សកម្មជនក្រៅស្រុកពីប្រទេសមួយចំនួន បាននាំឱ្យ​មានការផ្តោតមុខ​សញ្ញា​ទៅ​លើសមាជិក​គ្រួសាររបស់ពួកគេដោយអាជ្ញាធរនៅក្នុងមាតុភូមិរបស់ពួកគេ។

    ចូរសួរខ្លួនឯងថា៖ តើជាការចាំបាច់ដែរឬទេ​ ដែលត្រូវសរសេរព័ត៌មានខាងក្រោមទៅលើអនឡាញ? - ថ្ងៃខែឆ្នាំកំណើត - លេខទូរស័ព្ទទំនាក់ទំនង - អាសយដ្ឋាន - ព័ត៌មានលម្អិតអំពីសមាជិកគ្រួសារ - ទំនោរផ្លូវភេទ - ប្រវត្តិអប់រំនិងការងារ

    មិត្តភក្តិ អ្នកតាមដានព័ត៌មាន និងដៃគូទំនាក់ទំនង

    បន្ទាប់ពីបានបំពេញព័ត៌មានលម្អិតផ្ទាល់ខ្លួនក្នុងទម្រង់បែបបទរបស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ណា​មួយរួចហើយ ការទីមួយដែល​លោក​អ្នកត្រូវធ្វើ គឺបង្កើតការភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សដទៃទៀត។ មនុស្សទាំងនោះគួរតែជាអ្នកដែលលោកអ្នកស្គាល់​ និង​ទុក​​ចិត្ត​ – ប៉ុន្តែលោកអ្នកអាចភ្ជាប់ទំនាក់ទំនងផងដែរទៅសហគមន៍អនឡាញរបស់អ្នកដែលមានគំនិតដូចគ្នា ដែលលោក​អ្នក​មិន​ដែល​ជួប។ ការសំខាន់បំផុតដែលលោកអ្នកត្រូវយល់ដឹងគឺថា តើព័ត៌មានអ្វីខ្លះដែលលោកអ្នកអនុញ្ញាត​ឱ្យ​សហគមន៍​អន​ឡាញ​​នេះ​មាន​។

    នៅពេលប្រើគណនីបណ្តាញទំនាក់ទំនងសង្គមមួយដូចជាFacebookជាដើម ដែលមានផ្ទុកព័ត៌មានជាច្រើនអំពី​លោក​អ្នក​ផ្ទាល់​​នោះ លោកអ្នកត្រូវពិចារណាភ្ជាប់ទំនាក់ទំនងទៅកាន់តែអ្នកដែលលោកអ្នកស្គាល់ និងទុកចិត្តប៉ុណ្ណោះ ដើម្បីកុំឱ្យព័ត៌មានដែលលោកអ្នកផ្សព្វផ្សាយត្រូវបានប្រើខុស។

    ការធ្វើបច្ចុប្បន្នភាព (STATUS UPDATES)​​​

    នៅក្នុងTwitterនិងFacebook និងបណ្តាញស្រដៀងគ្នានេះផ្សេងទៀត ការធ្វើបច្ចុប្បន្នភាពគឺត្រូវ​ឆ្លើយ​នឹង​សំណួរ​ដូច​តទៅ៖ ឥឡូវនេះតើ​ខ្ញុំកំពុងធ្វើអ្វី? តើអ្វីកំពុងកើតឡើង? ការសំខាន់បំផុតដើម្បីយល់អំពីការធ្វើបច្ចុប្បន្នភាពនេះគឺ តើនរណាខ្លះ​ដែ​លជាក់ស្តែង​អាចមើលឃើញវា។ មុខងារកំណត់ដែលកម្មវិធីបណ្តាញទំនាក់​ទំនង​សង្គម​ផ្តល់​ឱ្យ​ដោយ​ស្វ័យប្រវត្តសម្រាប់ការធ្វើបច្ចុប្បន្ន​​ភាព ​​​គឺគ្រប់គ្នានៅលើអុីនធឺណិតអាចមើលឃើញវា។ ប្រសិនបើ​លោក​​​អ្នកចង់ឱ្យតែដៃគូទំនាក់ទំនងរបស់ខ្លួន​​ប៉ុណ្ណោះ​ដែល​អាច​មើល​ឃើញវា លោកអ្នកចាំបាច់​ត្រូវតែ​ប្រាប់​កម្មវិធី​បណ្តាញ​ទំនាក់​ទំនង​​​សង្គមនោះឱ្យលាក់​ពីបច្ចុប្បន្នភាព​របស់លោកអ្នកពីអ្នកដទៃទៀត។

    ដើម្បីធ្វើការនេះបាននៅក្នុងTwitter អ្នកត្រូវស្វែងរក“Protect Your Tweets”។ នៅក្នុងFacebook ត្រូវផ្លាស់ប្តូរមុខងារ​កំណត់ឱ្យ​ចែក​រំលែក​​​បច្ចុប្បន្នភាពរបស់លោកអ្នកជាមួយ “Friends Only”(“មិត្តភក្តិប៉ុណ្ណោះ”)។ ទោះបីលោកអ្នកផ្លាស់ប្តូរទៅ​ការកំណត់មុខងារ​ដូច​នេះ​​ក៏​ដោយ ត្រូវពិចារណាផងដែរថា តើអ្នកតាមដានព័ត៌មាន និងមិត្តភក្តិរបស់លោកអ្នក មានភាពងាយស្រួលកម្រិតណា​ក្នុង ការ​ផ្សព្វផ្សាយព័ត៌មាន​របស់​​​លោកអ្នកបន្ត។ ត្រូវយល់ព្រមជាមួយបណ្តាញមិត្តភក្តិរបស់លោកអ្នក អំពីវិធីសាស្ត្រទូទៅមួយ ចំពោះ​ការ​បញ្ជូន​ព័ត៌មានបន្ត​ពីគណនីបណ្តាញទំនាក់ទំនងសង្គមរបស់លោកអ្នក។ លោកអ្នកគួរគិតផងដែរអំពី អ្វីដែលលោកអ្នក​អាច​កំពុង​លាត​ត្រដាង​​​អំពីមិត្តភក្តិរបស់លោកអ្នក នូវអ្វីដែលពួកគេប្រហែលជាមិនចង់ឱ្យមនុស្សដទៃទៀតស្គាល់។ អ្វីដែលសំខាន់ គឺ​ត្រូ​វប្រយ័ត្ន​អំពី​ចំណុច​នេះ ហើយត្រូវសុំឱ្យអ្នកដទៃប្រយ័ត្នចំពោះអ្វីដែលពួកគេលាតត្រដាងអំពីលោកអ្នកផងដែរ។

    ធ្លាប់កើតមានហេតុចៃដន្យជាច្រើន ដែលព័ត៌មាននៅក្នុងការធ្វើបច្ចុប្បន្ន​​ភាព​​​ ត្រូវបានប្រើ​ដើម្បី​ប្រឆាំង​នឹង​អ្នក​​​ដែលផូស្តព័ត៌មាននោះ។ គ្រូ​បង្រៀនខ្លះ​នៅ​សហរដ្ឋអាមេ​រិក​ ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានអំពី​អា​រម្មណ៍ ដែល​ពួកគេមាន​ចំពោះ​សិស្ស​របស់​​ខ្លួន; និយោជិតខ្លះ​បានបាត់បង់ការងារ​របស់ខ្លួនដោយសារផ្សព្វផ្សាយព័ត៌មាន​អំពី​និយោជក​របស់​ខ្លួន។ នេះគឺជាអ្វី ដែលសឹងតែគ្រប់គ្នា​ចាំ​បាច់​ត្រូវតែប្រយ័ត្ន។

    ការចែករំលែកព័ត៌មានក្នុងអុីនធឺណិត

    ការចែករំលែកតំណភ្ជាប់ទៅកាន់គេហទំព័រមួយ ហើយទាក់ទាញការចាប់អារម្មណ៍របស់មិត្តភក្តិ​របស់លោកអ្នក គឺជា​ការ​ងាយ​ស្រួល។ ប៉ុន្តែ តើអ្នកដទៃទៀតណាខ្លះដែលនឹងចាប់អារម្មណ៍ ហើយពួកគេនឹងមានប្រតិកម្មដូចម្តេចខ្លះ? ប្រសិនបើលោក​អ្នក​​និយាយ​​ថា លោកអ្នកចូលចិត្តគេហទំព័រមួយដែលមានការទាក់ទងខ្លះទៅនឹងការចង់ផ្តួលរំលំ​របប​ជិះជាន់មួយ នោះ​របបនោះ​អាច​នឹង​មាន​​ការចាប់អារម្មណ៍ ហើយបន្ទាប់មកផ្តោតមុខសញ្ញាទៅលើលោកអ្នកផងដែរ។

    ប្រសិនបើលោកអ្នកចង់ឱ្យតែដៃគូទំនាក់ទំនងរបស់ខ្លួនមើលឃើញអ្វីដែលលោកអ្នកចែករំលែក​ ឬ​គូស​សម្គាល់ថាចាប់អារម្មណ៍នោះ លោកអ្នកត្រូវប្រាកដថា លោកអ្នកបានពិនិត្យមើលមុខងារកំណត់ភាពឯកជនរបស់លោកអ្នកឲ្យត្រឹមត្រូវ។

    ការលាតត្រដាងអំពីទីតាំងរបស់លោកអ្នក

    គេហទំព័របណ្តាញទំនាក់ទំនងសង្គមភាគច្រើនបំផុត នឹងបង្ហាញទីតាំងរបស់លោកអ្នក ប្រសិនបើមានទិន្នន័យនោះ។ មុខងារនេះ ជា​ទូទៅត្រូវបានផ្តល់ នៅពេលលោកអ្នកប្រើទូរស័ព្ទមួយដែលមានបើកដំណើរការGPS ដើម្បីធ្វើការទាក់ទងគ្នាជាមួយបណ្តាញ​ទំនាក់​ទំនងសង្គមមួយ។ ប៉ុន្តែកុំសន្មតជាមុនថា ការនេះមិនអាចធ្វើទៅបានទេប្រសិនបើលោកអ្នកមិនភ្ជាប់សេវាGPSពីទូរស័ព្ទ​នោះ​។ បណ្តាញ​ដែលកុំព្យូទ័ររបស់លោកអ្នកត្រូវបានភ្ជាប់ជាមួយនោះ អាចផ្តល់ទិន្នន័យអំពីទីតាំងផងដែរ។ មធ្យោបាយ​ដែល​មាន​សុវត្ថិ​ភាពបំផុតអំពីប្រការនេះ គឺត្រូវពិនិត្យផ្ទៀងផ្ទាត់មុខងារកំណត់របស់លោកអ្នក។

    ត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះមុខងារកំណត់ទីតាំង​នៅក្នុងគេហទំព័រចែករំលែករូបភាពនិងវីដេអូ។ កុំគ្រាន់តែសន្មត​ជា​មុន​ថា ពួកវាមិនកំពុងចែករំលែកទីតាំងរបស់លោកអ្នកឱ្យសោះ៖ ត្រូវពិនិត្យផ្ទៀងផ្ទាត់មុខងារកំណត់របស់លោកអ្នក ដើម្បីបញ្ជាក់ឱ្យ​បាន​ប្រាកដ​ច្បាស់លាស់។

    សូមមើលផងដែរនូវឯកសារអំពី ភាពឯកជននៃទីតាំង និងរបៀបជៀសវាងបាត់បង់វាជារៀងរហូត របស់គេហទំព័រ​ Electronic Frontier Foundation។

    ការចែករំលែករូបថត/វីដេអូ

    រូបថតនិងវីដេអូ អាចលាតត្រដាងអត្តសញ្ញាណរបស់មនុស្សបានយ៉ាងងាយស្រួលបំផុត។ ដូច្នេះ វាគឺជាការសំខាន់ ដែល​លោក​អ្នក​ត្រូវ​មាន​ការ​យល់​ព្រមពីម្ចាស់រូបថត ឬវីដេអូណាមួយដែលលោកអ្នកផ្សព្វផ្សាយទៅក្នុងបណ្តាញសង្គម។ ប្រសិនបើលោកអ្នកកំពុងផ្សព្វផ្សាយ​រូប​ភាព​​របស់នរណាម្នាក់ផ្សេងទៀត លោកអ្នកត្រូវដឹងអំពីប្រការ ដែលលោកអ្នកអាចនឹងធ្វើឱ្យប៉ះពាល់ដល់ភាពឯកជនរបស់​ពួក​គេ​។ មិនត្រូវផ្សព្វផ្សាយរូបថត​​ ឬវីដេអូរបស់នរណាម្នាក់​ ដោយមិនមានការយល់ព្រមពីពួកគេជាមុនឡើយ។

    រូបថត​ និងវីដេអូ អាចលាតត្រដាងព័ត៌មានជាច្រើន​ដោយអចេតនាផងដែរ។ កាមេរ៉ាជាច្រើនបានរក្សាទិន្នន័យបង្កប់ ដែលវានឹងបង្ហាញអំពីកាលបរិច្ឆេទ ពេលវេលា និងទីតាំងរបស់រូបថត ប្រភេទកាមេរ៉ា ។ល។ គេហទំព័រចែករំលែក​រូបថត​​ និងវីដេអូ អាចនឹងផ្សព្វផ្សាយព័ត៌មាននេះ នៅពេលលោកអ្នកអាប់ឡូតរូបថត​ និងវីដេអូនោះទៅគេហទំព័ររបស់ពួកគេ។

    កម្មវិធីជជែកគ្នា

    គេហទំព័របណ្តាញទំនាក់ទំនងសង្គមជាច្រើន មានកម្មវិធីដែលអនុញ្ញាតឱ្យលោកអ្នកអាចពិភាក្សាជាមួយមិត្តភក្តិបានភ្លាមៗ។ កម្មវិធីទាំងនេះប្រតិបត្តិការដូចកម្មវិធីផ្ញើសាររហ័សភ្លាមៗដែរ ហើយវាគឺជាផ្លូវអសុវត្ថិភាពបំផុតមួយក្នុងការទាក់ទងគ្នាតាមអុីនធឺណិត ដោយសារតែពួកវាអាចលាតត្រដាងបានទាំងអ្នកដែលលោកអ្នកកំពុងទាក់ទងជាមួយ និងអ្វីដែលលោក​អ្នក​កំពុង​និយាយ​គ្នា​​។

    ការភ្ជាប់ទៅគេហទំព័រនោះតាមរយៈhttps គឺជាតម្រូវការជាអប្បបរមាមួយដើម្បីជជែកគ្នាឲ្យមានសុត្ថិភាព ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ វាក៏មិនអាចធានាបានជានិច្ចថា ការជជែកគ្នារបស់លោកអ្នកកំពុងប្រើការភ្ជាប់មួយ​ដែល​មាន​សុវត្ថិ​ភាព​​ឡើយ។ ឧទា. កម្មវិធីជជែកគ្នារបស់Facebook ប្រើបណ្តាញខុសគ្នាមួយទៅកាន់HTTPS (ហើយងាយនឹងលាតត្រដាងព័ត៌មានជាង)​។

    ការប្រើកម្មវិធីជាក់លាក់មួយសម្រាប់ការជជែកគ្នារបស់លោកអ្នក គឺអាចមានសុវត្ថិភាពជាងនេះ ដូចជាកម្មវិធី Pidgin ជាមួយ​មុខ​ងារបន្ថែម​​​ពិសេសOff-the-record ដែលមានប្រើវិធីសាស្ត្របម្លែងជាទម្រង់សម្ងាត់ជាដើម។ សូមអានមគ្គុទ្ទេសក៍អនុវត្តន៍​របស់​កម្មវិធី​'Pidgin – កម្ម​វិធី​ផ្ញើសាររហ័សភ្លាមៗដែលមានសុវត្ថិភាព'។

    ការចូលរួម/ការបង្កើតក្រុម ព្រឹត្តិការណ៍ និងសហគមន៍

    តើព័ត៌មានអ្វីខ្លះដែលលោកអ្នកកំពុងផ្តល់ទៅឱ្យអ្នក​ដទៃ ប្រសិនបើលោកអ្នកចូលរួមក្នុងក្រុមមួយ ឬសហគមន៍មួយ? តើព័ត៌​មាន​នោះ​​​និយាយអ្វីខ្លះអំពីលោកអ្នក? តើមនុស្សកំពុងផ្សព្វផ្សាយអ្វីខ្លះទៅកាន់ពិភពលោក ប្រសិនបើពួកគេចូលរួម​ក្នុងក្រុម​ ឬ​សហ​គមន៍​​មួយ​ដែលលោកអ្នកបានបង្កើត? តើលោកអ្នកកំពុងដាក់អ្នកដទៃឱ្យប្រឈមហានិភ័យដោយរបៀបណា?

    នៅពេលលោកអ្នកចូលរួមក្នុងសហគមន៍ ឬក្រុមមួយនៅលើអនឡាញ វាកំពុងលាតត្រដាងអ្វីមួយអំពីលោកអ្នកទៅកាន់​អ្នកដទៃ។ ជារួម អ្នកដទៃអាចសន្មតថា លោកអ្នកគាំទ្រ ឬឯកភាពលើអ្វីដែលក្រុមនោះកំពុងនិយាយ ឬធ្វើ ដែលការនេះអាចធ្វើឱ្យ​លោក​អ្នក​ប្រឈម​​នឹងហានិភ័យ​ ប្រសិនបើលោកអ្នកត្រូវបានគេមើលឃើញថាសម្របខ្លួនតាម ឧទា. ក្រុមនយោបាយជាក់លាក់ណាមួយ។ ដូចគ្នានេះដែរ ប្រសិនបើលោកអ្នកចូលរួមក្នុងក្រុមមួយ​ដែលមានចំនួនសមាជិកយ៉ាងច្រើនដែលលោកអ្នកមិនស្គាល់នោះ វា​អាច​ធ្វើ​ឱ្យចុះខ្សោយដល់មុខងារកំណត់ភាពឯកជន និងសុវត្ថិភាពណាមួយដែលលោកអ្នកបានអនុវត្តចំពោះគណនីរបស់ខ្លួន ដែល​ដោយ​​ហេតុនេះហើយ លោកអ្នកត្រូវគិតថាតើព័ត៌មានអ្វីខ្លះដែលលោកអ្នកកំពុងផ្តល់ឱ្យ​ មុននឹងចូលរួម​ក្នុងក្រុម ​ឬសហ​គមន៍​នោះ។ តើលោកអ្នកកំពុងប្រើរូបថត ឬឈ្មោះពិត ដែលអាចឱ្យជនចម្លែកអាចកំណត់អត្តសញ្ញាណលោកអ្នកបានដែរឬទេ?

    ម្យ៉ាងទៀត ប្រសិនបើលោកអ្នកបង្កើតក្រុមមួយ ហើយមានមនុស្សជ្រើសរើសចូលរួមក្នុងក្រុមនេះ តើពួកគេកំពុងប្រកាសអ្វី​ដល់​ពិភព​​​លោកអំពីការចូលរួមនេះ? ឧទា. ក្រុមគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា ឬក្រុមនារីស្រឡាញ់នារី ដែលលោកអ្នក​បង្កើត​ដើម្បី​ជួយ​មនុស្ស ប៉ុន្តែដោយសារការចូលរួមក្នុងក្រុមនេះ អ្នកទាំងនោះកំពុងកំណត់អត្តសញ្ញាណខ្លួនឯងជាចំហថា ពួកគេជាអ្នក​ស្រឡាញ់ភេទ​ដូចគ្នា​ ឬជាអ្នកស្និទ្ធស្នាលនឹងអ្នក​ស្រឡាញ់ភេទដូចគ្នា ដែលអាចនាំមកនូវគ្រោះថ្នាក់សម្រាប់ពួកគេ​នៅក្នុងមជ្ឈដ្ឋាន​ពិត​។

    អនុវត្តន៍៖ ចាប់ផ្តើមជាមួយ ឧបករណ៍បណ្តាញទំនាក់ទំនងសង្គម៖ Facebook, Twitter, YouTube និងឧបករណ៍ផ្សេងទៀត

    គេហទំព័របណ្តាញទំនាក់ទំនងសង្គម

    គេហទំព័របណ្តាញទំនាក់ទំនងសង្គម៖ Facebook, Twitter និង ផ្សេងៗទៀត