គេហទំព័របណ្តាញទំនាក់ទំនងសង្គម៖ Facebook, Twitter និង ផ្សេងៗទៀត

Updated16 September 2014

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

ជំពូកនេះ មានបំណងជួយលោកអ្នកឱ្យចេះកំណត់មុខងារភាពឯកជន និងសុវត្ថិភាពរបស់គេហទំព័របណ្តាញទំនាក់ទំនងសង្គមពេញនិយមមួយចំនួន ក្នុងគោលបំណងធ្វើឱ្យការប្រើប្រាស់ពួកវាមានកម្រិតសុវត្ថិភាពខ្ពស់ជាងមុនមានកម្រិតហានិភ័យទាបជាងមុន។ ជាពិសេស ជំពូកនេះផ្តល់មគ្គុទ្ទេសក៍ជាជំហានៗអំពីការនេះ សម្រាប់ Facebook និង Twitter ព្រមទាំងពាក្យណែនាំទូទៅមួយចំនួនសម្រាប់ប្រើ YouTube និង Flickr។

គេហទំព័របណ្តាញទំនាក់ទំនងសង្គមទាំងនេះ គឺពេញនិយមបំផុត ហើយគឺជាឧបករណ៍បណ្តាញទំនាក់ទំនងសង្គមដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ពួកវាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន ហើយ (ដូចដែលបានកត់សម្គាល់នៅក្នុងជំពូក ៩. របៀបការពារខ្លួនលោកអ្នក និងទិន្នន័យរបស់លោកអ្នក នៅពេលប្រើប្រាស់គេហទំព័របណ្តាញទំនាក់ទំនងសង្គម) ក្រុមហ៊ុនទាំងនេះ រកប្រាក់បានដោយការប្រមូលព័ត៌មានអំពីអ្នកប្រើប្រាស់ និងលក់ព័ត៌មានទាំងនេះបន្តទៅឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម។

ការបង្ក្រាបរបស់រដ្ឋាភិបាល ជាដំបូងនឹងផ្តោតគោលដៅលើគេហទំព័រទាំងនេះ បន្ទាប់មកនឹងបិទពួកវា ហើយក្រុមហ៊ុនទាំងនេះនឹងធ្លាក់ក្រោមសម្ពាធរបស់រដ្ឋាភិបាល និងធ្វើការពិនិត្យនៅពេលចាំបាច់។ បើសិនក្រុមហ៊ុនទាំងនេះមិនត្រូវបានបិទចោលទេនោះ ពួកវាអាចនឹងត្រូវបានពិនិត្យតាមដានយ៉ាងសកម្មដោយរដ្ឋាភិបាលជាច្រើន ដែលជាអ្នកប្រមូលព័ត៌មានអំពីទិន្នន័យរបស់ប្រើប្រាស់ និងធ្វើសំណើសុំព័ត៌មានឯកជនរបស់បុគ្គលដែលខ្លួនចាប់អារម្មណ៍ ដែលជាញឹកញាប់ក្នុងនោះរួមមានទាំងអ្នកការពារសិទ្ធិមនុស្ស។ សូមកត់សម្គាល់ថា ក្រុមហ៊ុនដែលគ្រប់គ្រងកុំព្យូទ័របម្រើបណ្តាញទំនាក់ទំនងសង្គម មានសិទ្ធិចូលមើលឬប្រើគ្រប់ព័ត៌មានទាំងអស់របស់លោកអ្នក ដែលក្នុងនោះរួមមានទាំងទិន្នន័យឯកជន និងពាក្យសម្ងាត់របស់លោកអ្នក។

អាចជាការសំខាន់ ដែលលោកអ្នកត្រូវគិតគូរអំពីជម្រើសផ្សេងក្រៅពីគេហទំព័រទាំងនេះ ដែលមានដូចជា Diaspora, Crabgrass, Friendica, Pidder, ឬSecureShareជាដើម ដែលត្រូវបានរចនាឡើងដោយគិតគូរដល់សុវត្ថិភាពនិងសកម្មនិយមឌីជីតថល។ Social Swarm គឺជាក្រុមផ្តល់គំនិតដោះស្រាយបញ្ហាដែលដំណើរការ ដោយអង្គការមិនគិតប្រាក់ចំណេញមួយ ដែលអនុវត្តការពិភាក្សា ការលើកកម្ពស់ការយល់ដឹង និងយុទ្ធនាការឃោសនា ទាក់ទងទៅនឹងភាពឯកជននៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហើយអាចជាធនធានសិក្សាដ៏មានប្រយោជន៍មួយ។

គេហទំព័រស្រដៀងគ្នានេះផ្សេងទៀត អាចមានប្រជាប្រិយភាពនៅក្នុងតំបន់ខុសៗគ្នា ដូច្នេះ លោកអ្នកអាចនឹងចង់ស្វែងរកជម្រើសផ្សេងទៀត។ មុននឹងជ្រើសរើសយកគេហទំព័របណ្តាញទំនាក់ទំនងសង្គមមួយ លោកអ្នកគួរពិចារណាចំណុចខាងក្រោមនេះ៖

១. តើ គេហទំព័រនោះផ្តល់ការភ្ជាប់សេវាSSL (ដូចជា https)សម្រាប់អ្នកប្រើប្រាស់វា ជាជាងការភ្ជាប់សេវានេះតែក្នុងអំឡុងពេលបើកចូលគណនី ដែរឬទេ? តើមានបញ្ហាទាក់ទងនឹងការបម្លែងទម្រង់សម្ងាត់ ដូចជាបញ្ហាទាក់ទងនឹងវិញ្ញាបនបត្របម្លែងទម្រង់សម្ងាត់ជាដើម ដែរឬទេ?

២. ត្រូវអានដោយប្រុងប្រយ័ត្ន នូវកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណអ្នកប្រើប្រាស់ចុងក្រោយ (End User Licence Agreement) និង គោលនយោបាយអំពីភាពឯកជន ឬគោលនយោបាយអំពីការប្រើប្រាស់ទិន្នន័យ។ តើខ្លឹមសារ និងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ត្រូវបានចាត់ចែងដោយរបៀបណា? តើទិន្នន័យទាំងនោះត្រូវបានចែករំលែកជាមួយនរណាខ្លះ? សម្រាប់មុខងារបន្ថែមមានប្រយោជន៍ដែលជួយអ្នកប្រើប្រាស់ឱ្យយល់អំពីលក្ខខណ្ឌនៃសេវា (Terms of Service) របស់គេហទំព័រពេញនិយមជាច្រើន សូមមើល Terms of Service; Didn't Read

៣. តើជម្រើសភាពឯកជនអ្វីខ្លះដែលត្រូវបានផ្តល់សម្រាប់អ្នកប្រើប្រាស់? តើលោកអ្នកអាចជ្រើសរើស ដើម្បីចែករំលែកវីដេអូរបស់លោកអ្នកបានដោយសុវត្ថិភាពជាមួយមនុស្សមួយចំនួនតូចដែរឬទេ ឬតើពួកវាមានលក្ខណៈសាធារណៈដោយស្វ័យប្រវត្តដែរ ឬទេ?

៤. តើលោកអ្នកស្គាល់ ទីតាំងភូមិសាស្ត្ររបស់ប្រព័ន្ធកុំព្យូទ័របម្រើ ដែលមានយុត្តាធិការដែនដីលើប្រព័ន្ធកុំព្យូទ័របម្រើនោះ ឬដែលក្រុមហ៊ុននោះត្រូវបានចុះបញ្ជីដែរឬទេ? តើលោកអ្នកដឹងថាតើព័ត៌មាននេះទាក់ទងជាមួយភាពឯកជន និងសុវត្ថិភាពនៃសកម្មភាពអ៊ីមែលនិងព័ត៌មានរបស់លោកអ្នកយ៉ាងណាដែរឬទេ? តើម្ចាស់របស់គេហទំព័រទាំងនោះ នឹងប្រគល់ព័ត៌មានដែរឬទេ ប្រសិនបើពួកគេបានទទួលសំណើរបស់រដ្ឋាភិបាលមួយឱ្យធ្វើដូច្នេះ?

មគ្គុទ្ទេសក៍ណែនាំអំពី សុវត្ថិភាពរបស់ Facebook

Facebook គឺជាគេហទំព័របណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមមួយ ដែលភាពស្ទើរតែអាចចូលប្រើបានជាសកលរបស់វា មានន័យថាជាចំណេះដឹង ហើយ ការគ្រប់គ្រងនៃការកំណត់ភាពឯកជនរបស់វា គឺមានសារៈសំខាន់បំផុត។

គេហទំព័រដើម

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុតរបស់ជំពូកនេះ

  • កក្កដា ២០១៤

ឯកសារតម្រូវឱ្យអាន៖

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន៖

  • សមត្ថភាព ដើម្បីកាត់បន្ថយនូវចំនួនព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលត្រូវបានបង្ហាញជាសាធារណៈ នៅពេលលោកអ្នកប្រើ Facebook
  • សមត្ថភាព ដើម្បីគ្រប់គ្រងលើអ្នកដែលអាចចូលមើល Profile (ប្រវត្តិរូប), Status updates (បច្ចុប្បន្នភាពនៃស្ថានភាព), Photos (រូបថត), និងទិន្នន័យផ្សេងទៀតដែលមាននៅក្នុង Facebook និងពេលដែលពួកគេអាចចូលមើល ឬប្រើវាបាន។
  • សមត្ថភាព ដើម្បីកាត់បន្ថយ នូវចំនួនព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលត្រូវបានបង្ហាញដល់ភាគីទីបី ដែលក្នុងនោះរួមមានទាំងដៃគូផ្សាយពាណិជ្ជកម្ម និងគេហទំព័រពាក់ព័ន្ធរបស់ Facebook

១.១ ការដែលលោកអ្នកគួរដឹងអំពីគេហទំព័របណ្តាញទំនាក់ទំនងសង្គមនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

Facebook គឺជាគេហទំព័របណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក។ អ្នកតស៊ូមតិខាងសិទ្ធិមនុស្សអាចប្រើ និងធ្លាប់ប្រើវាបានយ៉ាងទូលំទូលាយដោយ ដើម្បីកសាងបណ្តាញប្រាស្រ័យទាក់ទងគ្នា ធ្វើការរៀបចំ និងផ្សព្វផ្សាយ ព្រឹត្តិការណ៍ ឬបញ្ហាជាច្រើន។ ប៉ុន្តែ វាក៏ជាប្រភពព័ត៌មានដ៏សម្បូរបែបមួយផងដែរ សម្រាប់អ្នកដែលប្រឆាំងនឹងសកម្មភាពរបស់អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស។ ដោយហេតុនេះហើយ ការដឹងអំពីការកំណត់គណនី និងភាពឯកជនផ្សេងៗដែលមាន គឺជាការសំខាន់បំផុត។

Facebook ត្រូវបានពិនិត្យតាមដានយ៉ាងសកម្មដោយរដ្ឋាភិបាលជាច្រើន រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។ ជាងនេះទៅទៀត គោលនយោបាយស្តីពីការប្រើប្រាស់ទិន្នន័យរបស់Facebookថ្លែងថា ពួកគេនឹងចែករំលែកព័ត៌មានរបស់លោកអ្នក តបទៅនឹងការស្នើសុំគតិយុត្តិនានា ដែលក្នុងនោះរួមមានទាំងការស៊ើបអង្កេតរបស់រដ្ឋាភិបាលផងដែរ។

វាគឺជាការសំខាន់ដែលត្រូវចងចាំថា ដោយសារលក្ខណៈបើកចំហរបស់Facebook សុវត្ថិភាព និងភាពឯកជនរបស់លោកអ្នកពឹងផ្អែកយ៉ាងខ្លាំងទៅលើសុវត្ថិភាពនិងភាពឯកជនរបស់មិត្តភក្តិ ឬដៃគូទំនាក់ទំនងរបស់លោកអ្នក។ ទោះបីការអនុវត្តពាក្យណែនាំទាំងនេះនឹងផ្តល់ឱ្យលោកអ្នកនូវកម្រិតភាពឯកជន និងសុវត្ថិភាពប្រសើរជាងមុនក៏ដោយ វានឹងមិនសូវមានប្រសិទ្ធភាពឡើយ ប្រសិនបើដៃគូទំនាក់ទំនង Facebook របស់លោកអ្នកមិនអនុវត្តពួកវាផងដែរទេនោះ។ ដោយហេតុនេះហើយ ការផ្សព្វផ្សាយទម្លាប់អនុវត្តន៍ទាំងនេះ ក្នុងចំណោមមិត្តភក្តិ គ្រួសារ និងដៃគូទំនាក់ទំនងផ្សេងទៀតរបស់លោកអ្នកនៅក្នុងFacebook គឺជាការសំខាន់ ដើម្បីលើកកម្ពស់សុវត្ថិភាពរបស់លោកអ្នក និងរបស់ពួកគេ។

មនុស្សជាច្រើនប្រើ Facebook Groups ជាមធ្យោបាយមួយ សម្រាប់ទាក់ទង និងរៀបចំជាលក្ខណៈសង្គម នយោបាយ និង វិជ្ជាជីវៈ។ ខណៈដែល Facebook ផ្តល់ឱ្យលោកអ្នក នូវសមត្ថភាពដើម្បីបង្កើតក្រុម“សម្ងាត់”នោះ វាគឺជាការសំខាន់ដែលត្រូវកត់សម្គាល់ថា គ្រប់ព័ត៌មានដែលត្រូវបានចែករំលែកនៅក្នុងក្រុមបែបនេះ ត្រូវបានចែករំលែកមិនត្រឹមតែរវាងសមាជិកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចែករំលែកជាមួយ Facebook និងអ្នកដែលមានសិទ្ធិចូលមើល ឬប្រើទិន្នន័យរបស់សមាជិកផងដែរ ដែលក្នុងនោះអាចរួមមានទាំងទីភ្នាក់ងាររដ្ឋាភិបាល ឬភាគីទីបីផ្សេងទៀតដែលស្នើសុំព័ត៌មានទាំងនោះ។ ជាជម្រើសផ្សេងមួយ យើងខ្ញុំសូមណែនាំឱ្យប្រើសេវា Crabgrass ដែលផ្តល់ដោយ RiseUp.Net ទោះបីសេវានេះត្រូវបានរចនាឡើងជាពិសេសសម្រាប់សកម្មនិយមក៏ដោយ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលមគ្គុទ្ទេសក៍អនុវត្តន៍៖ Crabgrass Secure Online Collaboration Platform

លោកអ្នកជានិច្ចកាលគួរតែរក្សាបច្ចុប្បន្នភាពអំពីFacebook Privacy Settings (ការកំណត់ភាពឯកជនរបស់Facebook)។ ការកំណត់ដែលគូសបង្ហាញនៅក្នុងមគ្គុទ្ទេសក៍នេះ នឹងជួយរក្សាឱ្យគណនី Facebook របស់លោកអ្នកមានសុវត្ថិភាពជាងមុន (ត្រឹមខែ មិថុនា ២០១៤)។ ប៉ុន្តែ ជានិច្ចកាល លោកអ្នកគួរតែមើលនៅក្នុង ទំព័រឯកសារជំនួយ ផ្លូវការរបស់ Facebook រកបច្ចុប្បន្នភាពនៃការកំណត់ភាពឯកជន និងសុវត្ថិភាពដែលមាន ឬរកយោបល់សម្រាប់សំណួរណាមួយរបស់លោកអ្នក។

ការកំណត់ទូទៅ និងការកំណត់សុវត្ថិភាព

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

២.០ របៀបបង្កើតគណនី Facebook

ដើម្បីបង្កើតគណនី Facebook ត្រូវបើកកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក (យើងខ្ញុំសូមណែនាំឱ្យប្រើកម្មវិធី Firefox ដែលមានបញ្ចូលមុខងារបន្ថែមសុវត្ថិភាព ឬ កម្មវិធី Tor Browser) ហើយវាយhttps://www.facebook.com ទៅក្នុងរបាអាសយដ្ឋាន ដើម្បីបើកគេហទំព័ររបស់Facebook។ សូមកត់សម្គាល់ថា អក្សរ s នៅក្នុងអាសយដ្ឋាន https ចង្អុលបង្ហាញថា ឥឡូវនេះ លោកអ្នកកំពុងភ្ជាប់ការទាក់ទង តាមរយៈការភ្ជាប់សេវាដែលមានសុវត្ថិភាពនិងក្នុងទម្រង់សម្ងាត់ (ដែលត្រូវបានស្គាល់ផងដែរថាជា Secure Socket Layer - SSL)។

ជំហានទី ១. បំពេញ ប្រអប់វាយអក្សរ First Name (គោត្តនាម) និង Last Name(នាម), បំពេញប្រអប់វាយអក្សរ e-mail address (អាសយដ្ឋានអ៊ីមែល) របស់លោកអ្នកចំនួនពីរដង ហើយបង្កើត Password (ពាក្យសម្ងាត់) ថ្មីមួយ។ លោកអ្នកត្រូវបានតម្រូវផងដែរឱ្យផ្តល់នូវ Birthday (ថ្ងៃខែឆ្នាំកំណើត) និងជ្រើសយក Gender (ភេទ) (មានតែជម្រើសភេទ 'ប្រុស' និង 'ស្រី' តែប៉ុណ្ណោះ)។

រូបភាព ២ ៖ ទម្រង់ដែលបំពេញរួចរាល់

កំណត់សម្គាល់ ៖ យើងខ្ញុំបានណែនាំឱ្យបង្កើតអាសយដ្ឋានអ៊ីមែលថ្មីមួយ ដើម្បីចុះឈ្មោះជាមួយ Facebook។ ប្រសិនបើលោកអ្នកប្រើអាសយដ្ឋានអ៊ីមែលសាធារណៈ ឬអាសយដ្ឋានអ៊ីមែលការងាររបស់លោកអ្នក វានឹងធ្វើឱ្យកាន់តែងាយស្រួលដល់គូបដិបក្ខរបស់លោកអ្នក ក្នុងការរកឃើញលោកអ្នក។ ត្រូវកត់សម្គាល់ផងដែរថា លក្ខខណ្ឌប្រើប្រាស់របស់ Facebookតម្រូវឱ្យលោកអ្នកប្រើឈ្មោះពិតរបស់ខ្លួននៅពេលប្រើ Facebook។ ជាការពិត ការធ្វើដូចនេះធ្វើឱ្យកាន់តែងាយស្រួលដល់គូបដិបក្ខរបស់លោកអ្នកក្នុងការរកឃើញលោកអ្នក និងតាមដានសកម្មភាពរបស់លោកអ្នក។ លោកអ្នកអាចផ្តល់ឈ្មោះក្លែងក្លាយមួយ ទោះបីការធ្វើដូចនេះប្រឆាំងទៅនឹងលក្ខខណ្ឌប្រើប្រាស់របស់ Facebook ក៏ដោយ ប៉ុន្តែ លោកអ្នកអាចនៅតែត្រូវបានកំណត់អត្តសញ្ញាណបាន តាមរយៈអាសយដ្ឋានពិធីការអ៊ីនធើរណែត (IP address) របស់លោកអ្នក និងចំណុចមួយចំនួនផ្សេងទៀត។ ការភ្ជាប់ទៅកាន់ Facebook តាមរយៈកម្មវិធីដូចជា Tor Browser មានលក្ខណៈពិបាកផងដែរ ព្រោះFacebook ចងចាំទីតាំងរបស់លោកអ្នក ហើយអាចយល់ច្រឡំចំពោះការបើកចូលគណនីរបស់លោកអ្នកថា ជាការព្យាយាមលួចចូល។

ដោយពិចារណាចំពោះគ្រប់ការទាំងអស់ខាងលើនេះ បើលោកអ្នកបារម្ភថា អត្តសញ្ញាណរបស់លោកអ្នក ឬការភ្ជាប់សកម្មភាព Facebook របស់លោកអ្នកទៅកាន់ការងារមិនអនឡាញ ឬជីវិតផ្ទាល់ខ្លួនរបស់លោកអ្នក ប្រហែលនាំមកការគំរាមកំហែងចំពោះអាយុជីវិត សេរីភាព សុខភាព ឬការងារ របស់លោកអ្នក ឬរបស់គ្រួសារ ឬមិត្តភក្តិរបស់លោកអ្នក នោះការមិនចុះឈ្មោះ ឬមិនប្រើ Facebook ប្រហែលជាការប្រសើរជាង។ សូមអានបន្ថែមអំពីរបៀបរក្សាអនាមិកភាពអនឡាញ នៅក្នុងជំពូក ៨. របៀបរក្សាអនាមិកភាព និងគេចវាងពីការត្រួតពិនិត្យអ៊ីនធើរណែត

កំណត់សម្គាល់៖ ត្រូវចងចាំថា ការជ្រើសរើសពាក្យសម្ងាត់ដែលរឹងមាំមួយ គឺជាការសំខាន់បំផុត ដើម្បីការពារគណនី និងព័ត៌មានរបស់លោកអ្នក។ សូមមើលជំពូក ៣ ៖ របៀបបង្កើត និងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព

ជំហានទី ២. ត្រូវប្រាកដថា លោកអ្នកបានអាននិងយល់អំពី លក្ខខណ្ឌប្រើប្រាស់ និង គោលនយោបាយស្តីពីការប្រើប្រាស់ទិន្នន័យ របស់ Facebook(https://www.facebook.com/legal/terms) មុននឹងចុចលើ sign up (ចុះឈ្មោះ)។ ឯកសារទាំងនេះ មានព័ត៌មានសំខាន់អំពីការដែលថា តើព័ត៌មានអ្វីខ្លះដែលលោកអ្នកកំពុងប្រគល់ទៅឱ្យ Facebook ហើយ តើព័ត៌មានទាំងនោះនឹងត្រូវបានFacebookប្រើប្រាស់ដោយរបៀបណាខ្លះ។

ជំហានទី ៣. នៅលើផ្ទាំង Find Your Friends (ស្វែងរកមិត្តរបស់លោកអ្នក) Facebook សុំឱ្យលោកអ្នកផ្តល់ អាសយដ្ឋានអ៊ីមែល និងពាក្យសម្ងាត់ ដើម្បីស្វែងរកដៃគូទំនាក់ទំនងចេញពីគណនីអ៊ីមែលរបស់លោកអ្នកនៅក្នុង Facebook ដែលលោកអ្នកអាចបន្ថែម(Add)ពួកគេជាដៃគូទំនាក់ទំនងនៅក្នុង Facebook បាននាពេលក្រោយ។ យើងខ្ញុំសូមណែនាំយ៉ាងមុតមាំឱ្យលោកអ្នកចុចលើ skip this step (រំលងជំហាននេះចោល)។

រូបភាព ៣ ៖ ផ្ទាំង Find Your Friends (ស្វែងរកមិត្តរបស់លោកអ្នក)

ជំហានទី ៤. នៅលើផ្ទាំង Profile Information (ព័ត៌មានប្រវត្តិរូប) Facebookសុំឱ្យលោកអ្នកផ្តល់ព័ត៌មានដូចជា វិទ្យាល័យ មហាវិទ្យាល័យ ឬសាកលវិទ្យាល័យដែលលោកអ្នកធ្លាប់សិក្សា និងនិយោជកបច្ចុប្បន្នរបស់លោកអ្នកជាដើម។ ខណៈដែលព័ត៌មាននេះអាចធ្វើមិត្តភក្តិកាន់តែងាយស្រួលរកឃើញលោកអ្នកនោះ វាក៏ធ្វើឱ្យគូបដិបក្ខរបស់លោកអ្នកកាន់តែងាយស្រួលរកឃើញលោកអ្នកផងដែរ។ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកចុចលើ skip this step (រំលងជំហាននេះចោល)។

ផ្អែកលើព័ត៌មានដែលលោកអ្នកផ្តល់នៅក្នុងជំហាននេះ Facebookនឹងបង្ហាញសំណើអំពីមិត្តរួមថ្នាក់ ឬសហសេវិកដែលអាចជាមិត្តរួមថ្នាក់ ឬសហសេវិករបស់លោកអ្នក ដែលលោកអ្នកអាចមានបំណងចង់ស្នើសុំធ្វើជាមិត្តនៅក្នុងFacebook។ ជាថ្មីម្តងទៀត ត្រូវពិចារណាដោយប្រុងប្រយ័ត្ន អំពីអ្នកដែលលោកអ្នកចង់ស្នើសុំធ្វើជាមិត្ត និង មិនត្រូវស្នើសុំធ្វើជាដៃគូទំនាក់ទំនងទៅនរណាម្នាក់ដែលលោកអ្នកមិនស្គាល់ និងមិនទុកចិត្តឡើយ

ប្រសិនបើលោកអ្នកមិនចង់ស្នើសុំនរណាម្នាក់ធ្វើជាមិត្តនៅត្រង់ចំណុចនេះទេ លោកអ្នកអាចចុចលើ skip this step (រំលងជំហាននេះចោល)។

រូបភាព ៤ ៖ ផ្ទាំង Profile Information (ព័ត៌មានប្រវត្តិរូប)

ជំហានទី ៥. នៅលើផ្ទាំង Profile Picture (រូបភាពប្រវត្តិរូប) Facebookសុំឱ្យផ្តល់រូបភាពរបស់លោកអ្នក ដោយប្រើវិធីអាប់ឡូតរូបភាព ឬ ថតរូបដោយប្រើកាមេរ៉ាអ៊ីនធើរណែតរបស់លោកអ្នក។

រូបភាព ៥ ៖ ផ្ទាំង Profile Picture (រូបភាពប្រវត្តិរូប)

កំណត់សម្គាល់៖ រូបភាពនេះ ព្រមទាំងរូបភាពក្រប (Cover photo) នៅលើថាមឡាញ (Timeline) នៃFacebook របស់លោកអ្នក នឹងអាចមើលឃើញដោយអ្នកដែលបើកទំព័រប្រវត្តិរូបរបស់លោកអ្នក រួមទាំងអ្នកដែលមិនមែនជាមិត្តរបស់លោកអ្នក ដោយមិនខ្វល់អំពីការកំណត់សុវត្ថិភាពរបស់លោកអ្នកឡើយ។ លោកអ្នកត្រូវពិចារណាដោយប្រុងប្រយ័ត្នបំផុតថា តើលោកអ្នកចង់ប្រើឬអត់នូវរូបថតមួយ ដែលក្នុងរូបថតនោះ លោកអ្នក មិត្តភក្តិ គ្រួសារ សហសេវិក ឬអង្គភាពរបស់លោកអ្នក អាចនឹងត្រូវបានមើលស្គាល់ដោយគូបដិបក្ខរបស់លោកអ្នក។

បន្ទាប់ពីលោកអ្នកចុច លើ Skip (រំលង) ឬ Save and Continue (ថតទុក និង បន្ត) លោកអ្នកនឹងត្រូវបានប្រាប់ឱ្យពិនិត្យមើលអាសយដ្ឋានអ៊ីមែលដែលលោកអ្នកបានផ្តល់។ ត្រង់ចំណុចនេះ លោកអ្នកគួរតែឃើញមានអ៊ីមែលមួយពី Facebook ដែលតម្រូវឱ្យលោកអ្នកចុចលើតំណភ្ជាប់មួយ ដើម្បីបញ្ជាក់អំពីសុពលភាពនៃអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក។ នៅពេលលោកអ្នកបានធ្វើការនេះរួចហើយ ទំព័រ Facebook របស់លោកអ្នកត្រូវបានបង្កើត។

២.១ ការកំណត់ទូទៅ

ជំហានទី ៦. នៅលើទំព័រដើមនៃ Facebook របស់លោកអ្នក, ត្រូវចុច លើសញ្ញាព្រួញតូចនៅក្បែរ Home នៅជ្រុងខាងលើខាងស្តាំ ហើយជ្រើសយក Settings

រូបភាព ៦ ៖ Options (ជម្រើស)

វានឹងនាំលោកអ្នកទៅម៉ឺនុយ Settings។ នៅខាងឆ្វេង លោកអ្នកអាចជ្រើសរើសប្រភេទផ្សេងគ្នានៃការកំណត់។ ស្លាកផ្ទាំងទីមួយ គឺ General Account Settings (ការកំណត់គណនីទូទៅ) ដែលនៅក្នុងនេះលោកអ្នកអាចផ្លាស់ប្តូរព័ត៌មានអំពីឈ្មោះ ឈ្មោះអ្នកប្រើប្រាស់ អ៊ីមែល ពាក្យសម្ងាត់ បណ្តាញ និងភាសារបស់លោកអ្នក។

រូបភាព ៧ ៖ General Account Settings (ការកំណត់គណនីទូទៅ)

ជំហានទី ៧. លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពពាក្យសម្ងាត់របស់លោកអ្នកឱ្យបានទៀងទាត់ យកល្អយ៉ាងហោចណាស់ឱ្យបានរៀងរាល់បីខែម្តង។ ត្រូវចងចាំថា ការជ្រើសរើសពាក្យសម្ងាត់ដែលរឹងមាំមួយ គឺជាការសំខាន់បំផុត ដើម្បីការពារគណនី និងព័ត៌មានរបស់លោកអ្នក។ សូមមើល កូនសៀវភៅណែនាំ ជំពូក ៣ ៖ របៀបបង្កើត និងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព.

រូបភាព ៩ ៖ ជម្រើសពាក្យសម្ងាត់

ជំហានទី ៨. បណ្តាញរបស់លោកអ្នក៖ Facebook អនុញ្ញាតឱ្យលោកអ្នកចូលរួមក្នុងបណ្តាញ ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ដូចជា វិទ្យាល័យ សាកលវិទ្យាល័យ និយោជក ភូមិកំណើត ឬទីក្រុងបច្ចុប្បន្នជាដើម ដើម្បីធ្វើជាមធ្យោបាយឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការរកឃើញ និងភ្ជាប់ទំនាក់ទំនងជាមួយលោកអ្នក។ ខណៈដែលចំណុចនេះអាចធ្វើឱ្យលោកអ្នកកាន់តែងាយស្រួលក្នុងការរកឃើញដៃគូទំនាក់ទំនងនោះ វាក៏នឹងធ្វើឱ្យគេ(រួមទាំងគូបដិបក្ខ) កាន់តែងាយស្រួលក្នុងការរកឃើញលោកអ្នកផងដែរ។ ដោយពិចារណាអំពីទំហំចំនួនអ្នកប្រើប្រាស់របស់គេហទំព័រនេះ លោកអ្នកមិនគួរចាំបាច់ត្រូវចូលរួមក្នុងបណ្តាញមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលលោកអ្នកស្គាល់និងទុកចិត្តនៅក្នុង Facebook ទេ។

២.២ ការកំណត់សុវត្ថិភាពរបស់ Facebook

ជំហានទី ៩. ចុច លើ នៅក្នុងម៉ឺនុយខាងឆ្វេងដៃ។ វានឹងបើកទំព័រ Security Settings (ការកំណត់សុវត្ថិភាព)។

រូបភាព ១០ ៖ ទំព័រ Security Settings (ការកំណត់សុវត្ថិភាព)

ជំហានទី ១០. ចុច លើស្លាកផ្ទាំង Login Notifications (ប្រាប់ដំណឹងអំពីការបើកចូលគណនី)។ ត្រង់ចំណុចនេះ លោកអ្នកអាចជ្រើសរើសឱ្យលោកអ្នកទទួលបានដំណឹង ប្រសិនបើមានការប៉ុនប៉ងបើកចូលគណនីទំព័រ Facebook របស់លោកអ្នក ចេញពីឧបករណ៍មួយដែលលោកអ្នកមិនធ្លាប់បានប្រើពីមុន។ លោកអ្នកត្រូវជ្រើសរើសថា តើត្រូវទទួលការជូនដំណឹងនេះតាមអ៊ីមែល ឬសារជាអក្សរ/Push Notification។

កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកជ្រើសយក ទទួលការជូនដំណឹងប្រាប់តាមរយៈសារជាអក្សរ មានន័យថា លោកអ្នកនឹងភ្ជាប់លេខទូរស័ព្ទចល័តរបស់លោកអ្នកទៅគណនី Facebook របស់លោកអ្នក ដែលធ្វើឱ្យសកម្មភាពរបស់លោកអ្នកនៅក្នុងគេហទំព័រនេះកាន់តែងាយស្រួលឱ្យកំណត់អត្តសញ្ញាណបាន។

រូបភាព ១២ ៖ ជម្រើស Login Notifications (ប្រាប់ដំណឹងអំពីការបើកចូលគណនី)

ជំហានទី ១១. Login Approvals (ការយល់ព្រមឱ្យបើកចូលគណនី)៖ សម្រាប់សុវត្ថិភាពបន្ថែម លោកអ្នកអាចជ្រើសរើសបញ្ចូលលេខកូដសុវត្ថិភាពមួយនៅរៀងរាល់ពេលដែលគណនីរបស់លោកអ្នកត្រូវបានបើកចូលពីកុំព្យូទ័រ ឬឧបករណ៍មួយដែល Facebook មិនទទួលស្គាល់។ លេខកូដសុវត្ថិភាពនេះ នឹងត្រូវបានផ្ញើតាមសារSMSទៅទូរស័ព្ទចល័តរបស់លោកអ្នក។

កំណត់សម្គាល់៖ ការបើកដំណើរការជម្រើសនេះ នឹងធ្វើឱ្យកាន់តែលំបាកដល់អ្នកដែលចង់បើកចូលគណនីរបស់លោកអ្នក លុះត្រាតែអ្នកនោះមានសិទ្ធិចូលមើល ឬប្រើទូរស័ព្ទចល័តរបស់លោកអ្នក។ ប៉ុន្តែ ដូចដែលបានបញ្ជាក់ខាងលើ វាក៏ធ្វើឱ្យលេខ ទូរស័ព្ទចល័តរបស់លោកអ្នកចូលរួមពាក់ព័ន្ធជាមួយគណនីFacebookរបស់លោកអ្នកផងដែរ។ លោកអ្នកគួរតែពិចារណាអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់ចំណុចនេះ សម្រាប់ស្ថានភាពផ្ទាល់ខ្លួនរបស់លោកអ្នក ហើយធ្វើការជ្រើសយកជម្រើសដែលលោកអ្នកគិតថាមានសុវត្ថិភាពជាងសម្រាប់លោកអ្នក។

រូបភាព ១៣ ៖ ជម្រើស Login Approvals (ការយល់ព្រមសម្រាប់ការបើកចូលគណនី)

ជំហានទី ១២. Code Generator (កម្មវិធីបង្កើតលេខកូដ) ៖ ការកំណត់នេះ អនុញ្ញាតឱ្យលោកអ្នកប្រើកម្មវិធី Facebook ចល័តនៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក ដើម្បីបង្កើតកូដបើកចូលគណនី ឬបង្កើតពាក្យសម្ងាត់ថ្មី។

ជំហានទី ១៣. Application Passwords (ពាក្យសម្ងាត់កម្មវិធី) ៖ ប្រសិនបើលោកអ្នកប្រើកម្មវិធីច្រើននៅក្នុង Facebook ជម្រើសនេះអនុញ្ញាតឱ្យលោកអ្នកអាចបង្កើតពាក្យសម្ងាត់សម្រាប់ពួកវានីមួយៗ។ ប៉ុន្តែ ប្រសិនបើលោកអ្នកមិនមានតម្រូវការជាក់លាក់ដើម្បីប្រើកម្មវិធីទាំងនេះទេនោះ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកជៀសវាងប្រើកម្មវិធីទាំងនេះនៅក្នុង Facebook។

ជំហានទី ១៤. Trusted Contacts (ដៃគូទំនាក់ទំនងដែលគួរទុកចិត្តបាន) ៖ ជម្រើសនេះ អនុញ្ញាតឱ្យលោកអ្នកជ្រើសយកដៃគូទំនាក់ទំនងមួយចំនួនចេញពីមិត្តនៅក្នុង Facebook របស់លោកអ្នក ដែលអាចជួយលោកអ្នកក្នុងបើកចូលគណនីរបស់លោកអ្នកបាន បើសិនដោយសារហេតុផលខ្លះលោកអ្នកមិនអាចបើកចូលបាន។ ការនេះអាចធ្វើទៅបាន តាមរយៈការចែករំលែកលេខកូដសម្ងាត់មួយជាមួយដៃគូទំនាក់ទំនងរបស់លោកអ្នក។ ប្រសិនបើលោកអ្នកសម្រេចចិត្តប្រើជម្រើសនេះ ត្រូវប្រាកដថា ត្រូវជ្រើសយកដោយប្រុងប្រយ័ត្ននូវដៃគូទំនាក់ទំនងទុកចិត្តរបស់លោកអ្នក ហើយ បង្កើតមធ្យោបាយទំនាក់ទំនងមួយដែលមានសុវត្ថិភាពដើម្បីចែករំលែកកូដសម្ងាត់នោះ។

ជំហានទី ១៥. Trusted Browsers (កម្មវិធីបើកអ៊ីនធើរណែតដែលគួរទុកចិត្តបាន)៖ ត្រង់នេះ លោកអ្នកអាចពិនិត្យមើលឡើងវិញនូវកម្មវិធីដែលត្រូវបានប្រើញឹកញាប់បំផុតដើម្បីបើកចូលគណនី Facebook របស់លោកអ្នក។

ជំហានទី ១៦. Active Sessions (វគ្គសកម្ម) ៖ កន្លែងនេះបង្ហាញពត៌មានលម្អិតអំពី Session (វគ្គ) ណាមួយរបស់ Facebook ដែលលោកអ្នកអាចធ្លាប់ភ្លេចចាកចេញពីគណនី (ឧទា. នៅក្នុងហាងអ៊ីនធើរណែតមួយ ឬកុំព្យូទ័ររបស់មិត្តភក្តិណាម្នាក់) ដែលដោយហេតុនេះហើយ វានៅសកម្មនៅឡើយ។ ទីតាំងរបស់វា ត្រូវបានកំណត់ដោយអាសយដ្ឋានពិធីការអ៊ីនធើរណែត (IP address)។

រូបភាព ១៤ ៖ ឧទាហរណ៍អំពី បញ្ជី Active Session (វគ្គសកម្ម) មួយចំនួន

ការបិទ Session (វគ្គ) ទាំងនេះ គឺការសំខាន់ណាស់ ដើម្បីបង្ការកុំឱ្យនរណាម្នាក់ផ្សេងទៀតអាចចូលប្រើគណនីFacebookរបស់លោកអ្នកបាន ជាពិសេស ប្រសិនបើលោកអ្នកកត់សម្គាល់ឃើញថា មានឧបករណ៍ណាមួយនៅក្នុងបញ្ជីនោះ ដែលមិនមែនជារបស់លោកអ្នក ឬដែលលោកអ្នកមិនស្គាល់។ ដើម្បីធ្វើការនេះ លោកអ្នកគ្រាន់តែចុចលើ End Activity (បញ្ចប់សកម្មភាព) ដែលស្ថិតនៅជិត Active Session (វគ្គសកម្ម)នីមួយៗ គឺជាការស្រេច។

ការកំណត់ភាពឯកជន និង ថាមឡាញ (Timeline)

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

៣.១ ការកំណត់ភាពឯកជន និង ឧបករណ៍ (Privacy Settings and Tools)

ជំហានទី ១. ដើម្បីផ្លាស់ប្តូរPrivacy Settings (ការកំណត់ភាពឯកជន) នៅក្នុង Facebook ត្រូវចុចលើ សញ្ញាព្រួញតូចនៅជិត Home នៅជ្រុងខាងលើខាងស្តាំ ហើយជ្រើសយក Settings

Figure 1: Options

ជំហានទី ២. លោកអ្នកនឹងឃើញម៉ឺនុយ Settings លេចមក។ នៅខាងឆ្វេងដៃ ត្រូវ ជ្រើសយក Privacy

រូបភាព ២ ៖ ទំព័រ Privacy Settings (ការកំណត់ភាពឯកជន)

តើនរណាខ្លះអាចមើលឃើញព័ត៌មានរបស់ខ្ញុំ?

ជំហានទី ៣. ជម្រើសទីមួយនៅក្នុងទំព័រនេះ គឺបង្កើតក្បួនខ្នាតស្វ័យប្រវត្តមួយសម្រាប់បច្ចុប្បន្នភាពស្ថានភាព (Status updates) នាពេលអនាគតរបស់លោកអ្នក៖ តើនរណាខ្លះអាចមើលឃើញការផូស្តព័ត៌មានរបស់លោកអ្នកនាពេលខាងមុខ? (Who can see your future posts?)។ ត្រង់ចំណុចនេះ លោកអ្នកអាចជ្រើសរើសរវាងការធ្វើឱ្យព័ត៌មានអាចមើលឃើញដោយ សាធារណជនអស់ ដោយមិត្តក្នុងFacebookរបស់លោកអ្នក ដោយខ្លួនលោកអ្នកតែម្នាក់ ឬដោយក្រុមថ្មីមួយដែលលោកអ្នកជាអ្នកកំណត់។ ត្រូវកត់សម្គាល់ថា លោកអ្នកអាចផ្លាស់ប្តូរចំណុចនេះ សម្រាប់បច្ចុប្បន្នភាពស្ថានភាព(Status updates)មួយៗបានផងដែរ ដូច្នេះ លោកអ្នកអាចសម្រេចថា តើព័ត៌មានណាខ្លះសម្រាប់សាធារណជន ព័ត៌មានណាខ្លះសម្រាប់មិត្តភក្តិ ឬព័ត៌មានណាខ្លះសម្រាប់ក្រុមជាក់លាក់មួយ។ គឺជាការសំខាន់ផងដែរដែលត្រូវកត់សម្គាល់ថា ព័ត៌មានទាំងអស់ដែលលោកអ្នកផូស្ត ត្រូវបានកត់ត្រាទុកដោយFacebook (រួមទាំងនៅពេលលោកអ្នកជ្រើសយក Only Me) ហើយព័ត៌មានទាំងនោះអាចត្រូវបានប្រគល់ដោយពួកគេទៅឱ្យភាគីទីបី។

ជំហានទី ៤. ជម្រើសទីពីរ អនុញ្ញាតឱ្យលោកអ្នកអាច ពិនិត្យមើលឡើងវិញ នូវការផូស្តព័ត៌មានដែលអ្នកប្រើប្រាស់Facebook ផ្សេងទៀតថេក(Tag)ឱ្យលោកអ្នក។ ដើម្បីមើលឃើញការនេះ ត្រូវចុចលើ Use Activity Log (ប្រើកំណត់ត្រាសកម្មភាព)។

រូបភាព ៣ ៖ អ្នកដែលអាចមើលឃើញការផូស្តព័ត៌មានរបស់លោកអ្នកនាពេលខាងមុខ

ជំហានទី ៥. ជម្រើសទីបី អនុញ្ញាតឱ្យលោកអ្នកអាចដាក់កម្រិតសិទ្ធិចូលមើលបច្ចុប្បន្នភាពស្ថានភាព(Status updates)ពីមុនរបស់លោកអ្នក ដែលអាចធ្លាប់មានលក្ខណៈសាធារណៈ។ ប៉ុន្តែ សូមកត់សម្គាល់អំពីដែនកំណត់របស់អ្នកដែលថេកព័ត៌មានឱ្យលោកអ្នក និងមិត្តភក្តិរបស់ពួកគេ នឹងនៅតែអាចមើលឃើញព័ត៌មាននេះ។

រូបភាព ៤ ៖ កំណត់ព្រំដែនឱ្យការផូស្តព័ត៌មានពីមុន

តើនរណាខ្លះអាចទាក់ទងខ្ញុំ?

ជំហានទី ៦. នៅក្នុងផ្នែកនេះ លោកអ្នកអាចសម្រេចថា តើនរណាខ្លះដែលអាចផ្ញើសំណើសុំធ្វើជាមិត្ត(Friend Request)មួយទៅកាន់លោកអ្នក។ ចំណុចនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុវត្ថិភាពព័ត៌មាន ព្រោះទីបំផុត នៅតែជាលោកអ្នកដែលជាអ្នកសម្រេចថា តើនរណាខ្លះដែលត្រូវទទួលយកធ្វើជាមិត្ត។ ជានិច្ចកាលលោកអ្នកគួរតែអនុវត្តការប្រយ័ត្ន និងជៀសវាងបន្ថែម(Add)មនុស្សដែលខ្លួនមិនស្គាល់ ឬមិនទុកចិត្ត។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការកំណត់នេះ ត្រូវចុចលើ Edit.

ជំហានទី ៧. តើសាររបស់នរណាខ្លះដែលខ្ញុំចង់ច្រោះដាក់ទៅក្នុងប្រអប់សំបុត្ររបស់ខ្ញុំ? (Whose messages do I want filtered into my inbox?) ៖ Facebook អនុញ្ញាតឱ្យលោកអ្នកច្រោះសារដែលលោកអ្នកទទួលបាន ដាក់ទៅក្នុងថតឯកសារពីរ គឺ៖ Inbox និង Other។ ចំណុចនេះ លោកអ្នកអាចជ្រើសរើសរវាងមុខងារ Basic Filtering (ដែលមានកម្រិតអនុញ្ញាតច្រើនជាងក្នុងការទទួលសារពីអ្នកដែលមិនស្ថិតនៅក្នុងបញ្ជីមិត្តរបស់លោកអ្នក) និង Strict Filtering (ដែលមានកម្រិតអនុញ្ញាតតិចជាង)។

រូបភាព ៥ ៖ តើនរណាខ្លះអាចទាក់ទងខ្ញុំបាន? (Who can contact me?)

តើនរណាខ្លះអាចស្វែងរកខ្ញុំបាន? (Who can look me up?)

ជំហានទី ៨. ត្រង់ចំណុចនេះ លោកអ្នកអាចកំណត់ភាពងាយស្រួល ដែលអ្នកដទៃអាចស្វែងរកលោកអ្នក ដោយការស្គាល់លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក (ទោះបីការនេះនៅអាចធ្វើបានតាមលក្ខណៈបច្ចេកទេសក៏ដោយ) ព្រមទាំងកម្រិតដែនកំណត់របស់អ្នកដទៃក្នុងការរកឃើញទំព័រ Facebook របស់លោកអ្នកតាមរយៈម៉ាស៊ីនស្វែងរក(Search Engines)។ ការកំណត់ដែលមានស្រាប់ ធ្វើឱ្យងាយស្រួលដល់អ្នកដទៃក្នុងស្វែងរកលោកអ្នកតាមរបៀបនេះ រាប់បញ្ចូលទាំងគូបដិបក្ខរបស់លោកអ្នកផងដែរ។ ចុចលើ Edit នៅលើជម្រើសពីរដំបូង ហើយត្រូវប្រាកដថា មានតែFriends (មិត្តភក្តិ)ប៉ុណ្ណោះ ដែលអាចស្វែងរកលោកអ្នកតាមរយៈអាសយដ្ឋានអ៊ីមែលនិងលេខទូរស័ព្ទ។ សម្រាប់ជម្រើសទីបី ត្រូវចុច លើ Edit បន្ទាប់មក លែងគូសយកប្រអប់ដែលនិយាយថា Let other search engines link to your timeline (អនុញ្ញាតឱ្យម៉ាស៊ីនស្វែងរកផ្សេងទៀតភ្ជាប់ទៅថាមឡាញ(Timeline)របស់លោកអ្នក)។

Figure 6: Who can look me up?

៣.២ ថាមឡាញ (Timeline) និង ធែក (Tagging)

ដូចដែលបានបញ្ជាក់ពីមុនរួចហើយ សុវត្ថិភាពព័ត៌មានរបស់លោកអ្នកនៅក្នុង Facebook មានការជាច្រើនដែលត្រូវធ្វើជាមួយឥរិយាបថមិត្តភក្តិរបស់លោកអ្នក។ នៅក្នុងម៉ឺនុយ Timeline and Tagging លោកអ្នកអាចកំណត់ពីអ្វីដែលត្រូវកើតឡើង នៅពេលមិត្តភក្តិថេកព័ត៌មានឱ្យលោកអ្នក ឬធែកការផូស្តព័ត៌មានរបស់លោកអ្នក ឬអាចកំណត់ពីអ្វីដែលត្រូវកើតឡើងនៅពេលពួកគេផូស្តព័ត៌មាននៅលើថាមឡាញរបស់លោកអ្នក។

ជំហានទី ១. នៅក្នុងរបាខាងខាងឆ្វេងដៃ ចុចលើម៉ឺនុយ Timeline and Tagging

រូបភាព ៧ ៖ ម៉ឺនុយ Timeline and Tagging

ជំហានទី ២. ប្រសិនបើលោកអ្នកចង់ឱ្យថាមឡាញរបស់លោកអ្នកពិតជារបស់លោកអ្នកយ៉ាងពិតប្រាកដនោះ លោកអ្នកគួរតែមិនអនុញ្ញាតឱ្យមានការផូស្តនៅលើថាមឡាញរបស់លោកអ្នកពីនរណាម្នាក់ក្រៅពីលោកអ្នកឡើយ។ ដើម្បីធ្វើការនេះ លោកអ្នកត្រូវចុចលើedit ដែលនៅជិត Who can post on your timeline (តើនរណាខ្លះអាចផូស្តព័ត៌មានទៅក្នុងថាមឡាញរបស់លោកអ្នក) បន្ទាប់មក ជ្រើសយក Only Me (តែខ្ញុំម្នាក់ឯងប៉ុណ្ណោះ)។

ជំហានទី ៣. ត្រង់ចំណុចនេះ លោកអ្នកអាចសម្រេចអំពី អ្វីដែលត្រូវកើតឡើង នៅពេលមិត្តភក្តិថេកឱ្យលោកអ្នកនូវការផូស្តព័ត៌មាននិងរូបថតរបស់ពួកគេ។ លោកអ្នកគួរតែចុចលើ edit ហើយ បើកដំណើរការ ជម្រើស Review posts that friends tag you in... (ពិនិត្យមើលឡើងវិញនូវព័ត៌មានដែលមិត្តភក្តិថេកឱ្យលោកអ្នក…) ដើម្បីឱ្យលោកអ្នកអាចបង្ការការថេកព័ត៌មានដែលខ្វះការទទួលខុសត្រូវពីមិត្តភក្តិដែលលេចមកនៅក្នុងថាមឡាញរបស់លោកអ្នក។ ប៉ុន្តែ ការធ្វើដូចនេះ នឹងមិនអាចរារាំងការផូស្តព័ត៌មានរបស់ពួកគេ (រួមទាំងការថេកព័ត៌មានរបស់លោកអ្នក) មិនឱ្យមើលឃើញដោយមិត្តភក្តិរបស់ពួកគេ (ឬប្រហែលដោយទាំងសាធារណជន) បានឡើយ ដោយអាស្រ័យទៅលើការកំណត់របស់ពួកគេ។

រូបភាព ៨ ៖ តើនរណាខ្លះអាចបន្ថែមព័ត៌មានទៅក្នុងថាមឡាញរបស់ខ្ញុំ? (Who can add things to my timeline?)

ជំហានទី ៤. តើនរណាខ្លះអាចមើលឃើញព័ត៌មាននៅក្នុងថាមឡាញរបស់ខ្ញុំ? (Who can see things on my timeline?) ៖ ជម្រើសនេះ ជាប់ទាក់ទងជាមួយជម្រើសមុនៗ។ មុននេះ យើងបានសម្រេចថា តើនរណាខ្លះដែលអាចផ្សព្វផ្សាយព័ត៌មានទៅក្នុង ថាមឡាញរបស់លោកអ្នក ហើយនៅចំណុចនេះ លោកអ្នកត្រូវសម្រេចថា តើនរណាខ្លះដែលអាចអានព័ត៌មាននេះបាន។ ប្រសិនបើលោកអ្នកចុច លើ Edit លោកអ្នកអាចផ្លាស់ប្តូរការកំណត់ទាំងនេះបាន ដើម្បីឱ្យគ្រប់គ្នា មិត្តរបស់មិត្ត ក្រុមមនុស្សដែលចងក្រងបង្កើតថ្មី ឬ លោកអ្នកតែម្នាក់ឯង អាចមើលឃើញព័ត៌មានដែលគេថេកឱ្យលោកអ្នក ឬព័ត៌មានផ្សេងទៀតដែលផូស្តទៅក្នុងថាមឡាញរបស់លោកអ្នក។

ជម្រើសទីមួយ View As គឺជាមធ្យោបាយគួរឱ្យចាប់អារម្មណ៍មួយ ដើម្បីមើលឃើញនូវអ្វីដែលមនុស្សមួយចំនួនអាចមើលឃើញនៅក្នុងថាមឡាញរបស់លោកអ្នក។ ប៉ុន្តែ ត្រូវចងចាំថា Facebookនៅតែអាចថតទុកគ្រប់ព័ត៌មានខាងលើ ហើយចែករំលែកព័ត៌មានទាំងនេះជាមួយភាគីទីបី ដែលក្នុងនោះរួមមានទាំងភ្នាក់ងារពង្រឹងការអនុវត្តច្បាប់។

រូបភាព ៩ ៖ តើនរណាខ្លះអាចមើលឃើញព័ត៌មាន នៅក្នុងថាមឡាញរបស់ខ្ញុំ? (Who can see things on my timeline?)

ជំហានទី ៥. តើខ្ញុំអាចគ្រប់គ្រងថេកដែលគេអេដមក និងការស្នើសុំថេកព័ត៌មានបានដោយរបៀបណា? (How can I manage tags people add and tagging suggestions?) ចំណុចនេះសំដៅទៅថេករបស់លោកអ្នកដែលផ្តល់ដោយដោយអ្នកប្រើប្រាស់ផ្សេងទៀតរបស់Facebook។ វាជាការប្រសើរបំផុត ប្រសិនបើលោកអ្នកបើកជម្រើស Review tags people add to your own posts before the tags appear on Facebook (ពិនិត្យមើលឡើងវិញនូវថេកដែលគេអេដទៅការផូស្តព័ត៌មានផ្ទាល់របស់លោកអ្នក មុននឹងថេកទាំងនោះបង្ហាញនៅក្នុងFacebook) ហើយកំណត់ព្រំដែនអ្នកមើលឃើញសម្រាប់ជម្រើសទីពីរទៅជា Only Me (តែខ្ញុំម្នាក់ប៉ុណ្ណោះ)។ Facebook បានចាប់ផ្តើមប្រើទម្រង់មួយនៃបច្ចេកវិទ្យាfacial recognition (ទទួលស្គាល់ផ្ទៃមុខ) ដែលអនុញ្ញាតឱ្យអាចកំណត់អត្តសញ្ញាណរូបថតដែលមើលទៅដូចជារូបលោកអ្នក នៅក្នុងចំណោមរូបថតមិត្តភក្តិឬដៃគូទំនាក់ទំនងរបស់លោកអ្នក ហើយស្នើសុំពួកគេថេកឱ្យលោកអ្នកនូវរូបថតទាំងនោះ។ ជាធម្មតា សម្រាប់អ្នកតស៊ូមតិខាងសិទ្ធិមនុស្ស ចំណុចនេះអាចមានលក្ខណៈរសើបពិសេស ដែលដោយហេតុនេះហើយ លោកអ្នកគួរតែបិទដំណើរការជម្រើសនេះ ប្រសិនបើវាមានសម្រាប់លោកអ្នក។

៣.៣ របៀបប្លុកចោលអ្នកប្រើប្រាស់ និង កម្មវិធី (Blocking User and Apps)

ជំហានទី ៦. នៅក្នុងម៉ឺនុយខាងឆ្វេង ជ្រើសយក Blocking។ ត្រង់ចំណុចនេះ Facebook ផ្តល់ឱកាស ដើម្បីប្លុកចោលព័ត៌មានដែលមិនចង់បាន ព័ត៌មានបំពាន និងព័ត៌មានដែលបង្កអន្តរាយ។

រូបភាព ១០ ៖ ជ្រើសយក Blocking ពីបញ្ជីទឹកធ្លាក់ស្វ័យប្រវត្ត

ជំហានទី ៧. Restricted List (បញ្ជីរឹតត្បិត)។ ត្រង់ចំណុចនេះ លោកអ្នកអាចអេដមិត្ត Facebook ដោយស្ងាត់ៗទៅក្នុងបញ្ជីមួយ ដែលនឹងកំណត់ឱ្យពួកគេអាចមើលឃើញតែព័ត៌មានដែលលោកអ្នកចែករំលែកជាសាធារណៈ នៅលើថាមឡាញរបស់លោកអ្នកតែប៉ុណ្ណោះ (ទៅតាមការកំណត់ដែលបានលើកបង្ហាញខាងលើ)។ ដើម្បីអេដមិត្តទៅក្នុងបញ្ជីនេះ ត្រូវចុចលើ Edit List

រូបភាព ១១ ៖ Restricted List (បញ្ជីរឹតត្បិត)

ជំហានទី ៨. Block users (ប្លុកចោលអ្នកប្រើប្រាស់)។ ត្រង់ចំណុចនេះ លោកអ្នកអាចប្លុកចោលអ្នកប្រើប្រាស់ណាមួយ មិនឱ្យចូលមើលទំព័រFacebookរបស់លោកអ្នក ព័ត៌មានណាមួយរបស់លោកអ្នក ឬមិនឱ្យស្នើសុំអេដលោកអ្នកជាមិត្តភក្តិ។

រូបភាព ១២ ៖ Block Users (ប្លុកចោលអ្នកប្រើប្រាស់)

ជំហានទី ៩. Block app invites (ប្លុកចោលការអញ្ជើញឱ្យប្រើកម្មវិធី)។ ជាញឹកញាប់ យើងនឹងមានមិត្ត Facebook ដែលចូលចិត្តកម្មវិធីជាក់លាក់មួយ (ជាទូទៅគឺកម្មវិធីហ្គេម) ហើយពួកគេនឹងផ្ញើការអញ្ជើញជាបន្តបន្ទាប់មកយើង ដើម្បីចូលរួមលេងហ្គេមនោះ។ ត្រង់ចំណុចនេះ លោកអ្នកអាចប្លុកចោលការអញ្ជើញឱ្យប្រើកម្មវិធីបែបនេះពីមិត្តភក្តិទាំងនោះបាន។

រូបភាព ១៣ ៖ Block App Invites (ប្លុកចោលការអញ្ជើញឱ្យប្រើកម្មវិធី)

ជំហានទី ១០. Block event invites(ប្លុកចោលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍)។ ស្រដៀងគ្នានេះដែរ ត្រង់ចំណុចនេះ លោកអ្នកអាចប្លុកចោលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ពីមិត្តFacebookមួយចំនួន។

រូបភាព ១៤ ៖ Block Event Invites (ប្លុកចោលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍)

ជំហានទី ១១. Block application (ប្លុកចោលកម្មវិធី)។ ត្រង់ចំណុចនេះ លោកអ្នកអាចរារាំងកម្មវិធីមួយមិនឱ្យប្រើបាន តែព័ត៌មានសាធារណៈរបស់លោកអ្នកនៅអាចមើលឃើញបានគ្រប់គ្នា។

រូបភាព ១៥ ៖ Block Apps (ប្លុកចោលកម្មវិធី)

៣.៤ អ្នកតាមដានព័ត៌មាន (Followers)

Facebook ផ្តល់ឱ្យលោកអ្នក នូវជម្រើសដែលអនុញ្ញាតឱ្យអ្នកចុះឈ្មោះអាចមើលព័ត៌មានរបស់លោកអ្នកបានដោយមិនចាំបាច់ក្លាយជាមិត្ត។ ប៉ុន្តែ ត្រូវដឹងថា ប្រសិនបើលោកអ្នកអនុញ្ញាតឱ្យអ្នកដទៃចុះឈ្មោះមើលព័ត៌មានរបស់លោកអ្នក ពេលនោះពួកគេអាចមានទិន្នន័យមួយចំនួនរបស់លោកអ្នក ហើយអ្នកដទៃទៀតនៅក្នុងបណ្តាញរបស់ពួកគេក៏អាចមើលឃើញផងដែរ។ ជម្រើសដែលមានសុវត្ថិភាពបំផុត គឺមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចុះឈ្មោះ ដើម្បីមើលព័ត៌មានរបស់លោកអ្នកឡើយ។

ជំហានទី ១៦. ចុចលើ Followers នៅលើម៉ឺនុយខាងឆ្វេង។

ជំហានទី ១៧. ត្រូវប្រាកដថា Friends ត្រូវបាន ជ្រើសយក

រូបភាព ១៨ ៖ Follower settings (ការកំណត់សម្រាប់អ្នកតាមដានព័ត៌មាន)

ការកំណត់សម្រាប់កម្មវិធី និងការផ្សាយពាណិជ្ជកម្ម (Applications and Advertising Settings)

បញ្ជីផ្នែក ដែលមាននៅក្នុងទំព័រនេះ៖

៤.១ កម្មវិធី

អ្នកប្រើប្រាស់ Facebook ជាច្រើន ចូលចិត្ត និងប្រើប្រាស់យ៉ាងសកម្មនូវកម្មវិធី — ឧទា. ហ្គេម និងកម្មវិធីពង្រឹងសមត្ថភាពទំនាក់ទំនងដូចជា social readers ជាដើម។ កម្មវិធីនីមួយៗត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយគណនី Facebook របស់លោកអ្នក ហើយទិន្នន័យមូលដ្ឋានរបស់គណនីFacebookលោកអ្នក នឹងមានចំពោះកម្មវិធីទាំងនេះ (ដូចជា ឈ្មោះ ភេទ រូបភាពសាធារណៈ និងបណ្តាញរបស់លោកអ្នកជាដើម)។ នៅពេលបញ្ចូលកម្មវិធីថ្មីមួយ វាអាចសុំការអនុញ្ញាតរបស់លោកអ្នក ដើម្បីមានសិទ្ធិចូលប្រើព័ត៌មានអំពីលោកអ្នកនិងមិត្តភក្តិរបស់លោកអ្នក។ ព័ត៌មាននេះរួមមានទិន្នន័យជាច្រើនដូចជា អាយុ ទីកន្លែងស្នាក់នៅ កម្រិតវប្បធម៌ រង្វង់មិត្តភក្តិ និងដៃគូទំនាក់ទំនងជាដើម។ ដោយហេតុនេះហើយ កម្មវិធីនោះអាចប្រមូលនិងចែករំលែកព័ត៌មានដូចជា ឈ្មោះប្រទេសនិងកន្លែងដែលលោកអ្នកកំពុងស្ថិតនៅជាដើម។ ក្នុងចំណោមព័ត៌មានទាំងនេះ មានព័ត៌មានខ្លះដែលលោកអ្នកអាចនឹងចាត់ទុកថាជាព័ត៌មានរសើប។ ដោយហេតុនេះហើយ សម្រាប់ហេតុផលសុវត្ថិភាព យើងខ្ញុំសូមណែនាំកុំឱ្យប្រើកម្មវិធីក្នុង Facebook ឱ្យសោះ ប្រសិនបើមិនត្រូវការប្រើជាចាំបាច់ទេនោះ។

ជំហានទី ១. ចុច លើ Apps នៅក្នុងម៉ឺនុយខាងឆ្វេង។

រូបភាព ១ ៖ ម៉ឺនុយ Application (កម្មវិធី)

ជំហានទី ២. Apps you use (កម្មវិធីដែលលោកអ្នកប្រើ)។ ត្រង់ចំណុចនេះ លោកអ្នកអាចបើក ឬបិទដំណើរការជម្រើសដែលហៅថា "Facebook Platform" ("វេទិកា Facebook") ដែលអនុញ្ញាតឱ្យលោកអ្នកអាចប្រើ Apps (កម្មវិធី)បាន។ ជាស្វ័យប្រវត្ត ជម្រើសនេះត្រូវបានបើកឱ្យដំណើរការ។ ឧទា. វាអនុញ្ញាតឱ្យលោកអ្នកចុះឈ្មោះសម្រាប់គេហទំព័រផ្សេងទៀត ដោយប្រើគណនី Facebook របស់លោកអ្នក។ ម្យ៉ាងទៀត ចំណុចនេះផ្តល់លក្ខណៈងាយស្រួល៖ មិនចាំបាច់ចំណាយពេលទៅលើការបំពេញទម្រង់បែបបទ ជាពិសេសប្រសិនបើលោកអ្នកមិនមានបំណងប្រើគេហទំព័រនោះញឹកញាប់ (ឧទា. លោកអ្នកចង់ផ្តល់មតិយោបល់មួយនៅលើរឿងមួយ ឬចុះហត្ថលេខាលើញត្តិមួយ)។ ម្យ៉ាងទៀត មតិយោបល់របស់លោកអ្នកនឹងត្រូវបានភ្ជាប់ទៅគណនី Facebook របស់លោកអ្នក ដែលត្រូវបានកត់ត្រាទុកនិងអាចត្រូវបានចែករំលែក។ ប្រសិនបើការប្រើ Apps (កម្មវិធី) មិនមានសារៈសំខាន់ចំពោះលោកអ្នក ឬការងាររបស់លោកអ្នកទេនោះ លោកអ្នកគួរតែ ចុច លើ Turn Off Platform (បិទវេទិកា) ដើម្បីការពារភាពឯកជនរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង។ ប្រសិនបើលោកអ្នកសម្រេចទុកជម្រើសនេះឱ្យមានដំណើរការ លោកអ្នកត្រូវគិតពិចារណាចំពោះបញ្ជីនៃកម្មវិធីដែលបានបញ្ចូលរួចគិតមកត្រឹមចំណុចនេះ។ តើលោកអ្នកពិតជាត្រូវការកម្មវិធីទាំងអស់នោះមែនឬ?

ជំហានទី ៣. បន្ទាប់ពី ចុច លើកម្មវិធីមួយរួចហើយ លោកអ្នកអាចមើលឃើញព័ត៌មានដែលវាមានសិទ្ធិចូលប្រើ។

រូបភាព ២ ៖ ព័ត៌មានលម្អិតអំពីកម្មវិធី(App)មួយ

ជំហានទី ៤. ដើម្បីលុបចោលកម្មវិធីមួយ ត្រូវចុច លើសញ្ញា 'x' នៅជិតកម្មវិធីដែលមានក្នុងបញ្ជី រួចចុចលើRemoveនៅក្នុងផ្ទាំងព្រមានដែលលេចមក។

រូបភាព ៣ ៖ លុបចោលកម្មវិធីមួយ

ជំហានទី ៥. Apps others use (កម្មវិធីដែលអ្នកផ្សេងទៀតប្រើ)។ យើងត្រូវពិចារណាផងដែរថា មិត្ត Facebook របស់យើងមួយចំនួន អាចនាំព័ត៌មានរបស់យើងចូលទៅក្នុងកម្មវិធីដែលពួកគេប្រើ។ បន្ទាប់ពីចុចលើ Apps others use លោកអ្នកអាចលែងគូសយកប្រអប់ដែលនៅក្បែរប្រភេទព័ត៌មានរបស់លោកអ្នក ដែលលោកអ្នកមិនចង់ចែករំលែកជាមួយកម្មវិធីរបស់មិត្តភក្តិលោកអ្នក។

រូបភាព ៤ ៖ Apps others use (កម្មវិធីដែលអ្នកផ្សេងទៀតប្រើ)

ជំហានទី ៦. Instant personalisation។ មុខងារ Instant Personalization របស់ Facebook ផ្តល់សិទ្ធិឱ្យគេហទំព័រមួយចំនួនចូលប្រើព័ត៌មានប្រវត្តិសាធារណៈរបស់លោកអ្នកផងដែរ នៅពេលលោកអ្នកបើកមើលគេហទំព័រទាំងនោះ។ អ្វីដែល គេហទំព័រទាំងនោះធ្វើគឺថា ពួកគេកែតម្រូវខ្លឹមសារអ៊ីនធើរណែតរបស់ខ្លួន ដើម្បីឱ្យត្រូវនឹងការចង់បាននិងតម្រូវការរបស់លោកអ្នក ដើម្បីបង្កើតបទពិសោធន៍ផ្ទាល់ខ្លួនមួយ។

ដើម្បីកាន់តែមានសុវត្ថិភាព ប្រសិនបើមានសេវានេះនៅក្នុងតំបន់របស់លោកអ្នក លោកអ្នកគួរតែបិទដំណើរការវា។

ជំហានទី ៧. ចុចលើ នៅក្រោមស្លាកផ្ទាំង Instant Personalisationចុចលើ នៅលើផ្ទាំងដែលលេចមកពន្យល់ថាតើ Instant Personalisation គឺជាអ្វី ហើយនៅផ្នែកខាងក្រោមនៃទំព័របន្ទាប់ ត្រូវប្រាកដថា ប្រអប់ដែលមានគូស Enable instant personalisation on partner websites ត្រូវបានលែងគូសយក

ការផ្សាយពាណិជ្ជកម្ម មានសារៈសំខាន់ជាមូលដ្ឋានចំពោះក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមនានា ព្រោះវាគឺជាប្រភពចំណូលរបស់ពួកគេ។ ការផ្សាយពាណិជ្ជកម្ម នឹងតែងតែមាននៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជាFacebookជាដើម។ ទោះបីជាយ៉ាងនោះក្តី យើងអាចធ្វើឱ្យពួកវាមានលក្ខណៈផ្ទាល់ខ្លួនតិចជាងមុន ដែលជាការវិវត្តន៍ត្រឹមត្រូវចំពោះកម្រិតសុវត្ថិភាព និងភាពឯកជននៃព័ត៌មានរបស់យើង។

ជំហានទី ១. នៅក្នុងជួរខាងឆ្វេង ជ្រើសយក Ads

បច្ចុប្បន្ននេះ Facebook សន្យាថាមិនភ្ជាប់ឈ្មោះ ឬរូបរបស់លោកអ្នកជាមួយការផ្សាយពាណិជ្ជកម្មរបស់ភាគីទីបីទេ ទោះបីពួកគេបានលៃទុកកន្លែងសម្រាប់កិច្ចការនេះដែលអាចនឹងកើតមាននៅក្នុងពេលអនាគតក៏ដោយ។ ការផ្លាស់ប្តូរការកំណត់ទាំងនេះ គឺជាគំនិតល្អមួយ ដើម្បីឱ្យព័ត៌មានលម្អិតរបស់លោកអ្នកនៅរក្សាជាឯកជន ក្នុងករណីដែលលក្ខខណ្ឌផ្សាយពាណិជ្ជកម្មមានការផ្លាស់ប្តូរនាពេលអនាគត៖

ជំហានទី ២. ចុច លើ Edit នៅក្បែរ Third Party Sites (គេហទំព័រភាគីទីបី)

ជំហានទី ៣. ជ្រើសយក No-one រួច ជ្រើសយក Save Changes

រូបភាព ៦ ៖ ការបិទគេហទំព័រភាគីទីបី

ជំហានទី ៤. Social Ads (ការផ្សាយពាណិជ្ជកម្មសង្គម)។ ត្រង់ចំណុចនេះ Facebook លើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ធ្វើជាទូតសម្រាប់ផលិតផល ឬទំព័រដែលពួកគេបាន 'liked' ('ចូលចិត្ត')។ នេះមានន័យថា លោកអ្នកអាចត្រូវបានប្រើប្រាស់ដើម្បីផ្សាយពាណិជ្ជកម្មទំព័រ ឬផលិតផលមួយទៅមិត្តភក្តិរបស់លោកអ្នក។ ប្រសិនបើចំណុចនេះធ្វើឱ្យលោកអ្នកមិនសប្បាយចិត្ត លោកអ្នកគួរតែបិទវា។

ជំហានទី ៥. នៅក្រោម Ads and friends (ការផ្សាយពាណិជ្ជកម្ម និង មិត្តភក្តិ) ត្រូវចុចលើ Edit រួច ជ្រើសយក No-One ពីម៉ឺនុយទម្លាក់។

រូបភាព ៧ ៖ ការបិទ Social Ads (ការផ្សាយពាណិជ្ជកម្មសង្គម)

ជំហានទី ៦. Website and mobile app custom audiences។ ជាស្វ័យប្រវត្ត Facebookព្យាយាមជ្រើសរើសបង្ហាញការផ្សាយពាណិជ្ជកម្មផ្តោតគោលដៅដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់លោកអ្នក។ ដើម្បីលុបបំបាត់ការនេះ លោកអ្នកត្រូវចុចលើតំណភ្ជាប់ Opt Out នៅក្នុងវាក្យខណ្ឌនេះ។

រូបភាព ៨ ៖ ជ្រើសយក 'Opt Out'

ការចុចលើតំណភ្ជាប់នេះ នឹងបើកទំព័រមួយដែលមានចំណងជើងថា Custom Audiences from your Website and Mobile App ដែលនៅក្នុងនោះ Facebook ផ្តល់ព័ត៌មានបន្ថែមអំពីគោលនយោបាយផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ នៅចំកណ្តាលនៃអត្ថបទនោះ មានប៊ូតុង Opt Out សម្រាប់ឱ្យលោកអ្នកបញ្ជាក់

បន្ទាប់ពីចុចលើប៊ូតុងបញ្ជាក់នេះ លោកអ្នកនឹងមើលឃើញលទ្ធផល៖

សូមកត់សម្គាល់ថា ការផ្លាស់ប្តូរដែលមានចំពោះការកំណត់នេះ មិនត្រូវបានកត់ត្រាទុកដោយFacebookទេ ប៉ុន្តែត្រូវបានរក្សាទុកនៅក្នុងកម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នក។ ដូច្នេះ លោកអ្នកត្រូវតែអនុវត្តឡើងវិញនូវដំណើរការនេះ សម្រាប់គ្រប់កម្មវិធីបើកអ៊ីនធើរណែត កម្មវិធី និងឧបករណ៍ ដែលលោកអ្នកប្រើ ដើម្បីភ្ជាប់ទៅកាន់ Facebook

មគ្គុទ្ទេសក៍ណែនាំអំពី សុវត្ថិភាពរបស់ Twitter

Twitter គឺជាបណ្តាញទំនាក់ទំនងសង្គមមួយ ដែលក្នុងនោះមនុស្សអាចចែករំលែកព័ត៌មានគ្នា តាមរយៈបច្ចុប្បន្នភាព ស្ថានភាព (Status updates) ដែលមានប្រវែង១៤០តួអក្សរ។ បច្ចុប្បន្នភាពស្ថានភាពទាំងនេះ កាលពីដើមដំបូងគឺឆ្លើយតបទៅនឹងសំណួរថា “តើឥឡូវនេះ អ្នកកំពុងធ្វើអ្វី?” ហើយចាប់តាំងពីពេលនោះមក វាបានវិវត្តក្លាយជាមធ្យោបាយមួយសម្រាប់ផ្សព្វផ្សាយប្រភេទព័ត៌មានជាច្រើន។ មិនដូចFacebookទេ នៅក្នុងTwitter លោកអ្នក'តាមដានព័ត៌មាន'('follow')អ្នកប្រើប្រាស់ផ្សេងទៀតដែលលោកអ្នកចាប់ អារម្មណ៍ ជាជាងអ្នកប្រើប្រាស់ដែលលោកអ្នកស្គាល់។

គេហទំព័រដើម

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុតរបស់ជំពូកនេះ

  • កញ្ញា ២០១៤

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន៖

  • សមត្ថភាព ដើម្បីកាត់បន្ថយចំនួនព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលត្រូវបានបង្ហាញជាសាធារណៈនៅពេលលោកអ្នកប្រើ Twitter។
  • សមត្ថភាព ដើម្បីគ្រប់គ្រងអ្នកដែលអាចមើលឃើញបច្ចុប្បន្នភាពស្ថានភាព(Status updates) រូបថត និងទិន្នន័យផ្សេងទៀត តាមរយៈTwitter
  • សមត្ថភាព ដើម្បីកាត់បន្ថយចំនួនព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលត្រូវបានធ្វើឱ្យមានដល់ភាគីទីបី

១.១ ការដែលលោកអ្នកគួរដឹងអំពីគេហទំព័របណ្តាញទំនាក់ទំនងសង្គមនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

Twitterថ្លែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់របស់ខ្លួនថា៖ “អាជ្ញាប័ណ្ណនេះ គឺលោកអ្នកអនុញ្ញាតឱ្យយើងខ្ញុំបង្ហាញធ្វីត(tweets)របស់លោកអ្នកទៅមនុស្សផ្សេងទៀតនៅក្នុងពិភពលោក និងអនុញ្ញាតឱ្យអ្នកដទៃទៀតធ្វើបានដូចគ្នានេះដែរ។ ប៉ុន្តែ អ្វីដែលជារបស់លោកអ្នក គឺជារបស់លោកអ្នក – លោកអ្នកគឺជាម្ចាស់នៃខ្លឹមសារព័ត៌មានរបស់លោកអ្នក។” ជាងនេះទៅទៀត Twitterរក្សាសិទ្ធិប្រគល់ព័ត៌មានរបស់លោកអ្នកទៅឱ្យរដ្ឋាភិបាល ទៅតាមការស្នើសុំ។

ទោះបី Twitter គឺជាគេហទំព័រមួយក៏ដោយ មនុស្សជាច្រើនប្រាស្រ័យទាក់ទងជាមួយនិងគ្រប់គ្រង Twitter តាមរយៈកម្មវិធីកុំព្យូទ័រឬស្មាតហ្វូនដែលត្រូវបានគេហៅថា កម្មវិធី Twitter។ ប្រសិនបើលោកអ្នកប្រើកម្មវិធី Twitter មួយ លោកអ្នកគួរតែប្រាកដថា វាកំពុងភ្ជាប់ទៅគេហទំព័រនោះដោយសុវត្ថិភាព នៅលើការភ្ជាប់សេវាមួយដែលត្រូវបានបម្លែងជាទម្រង់សម្ងាត់។ សូមមើលផ្នែក ការរក្សាភាពឯកជននៃវែបមែលរបស់លោកអ្នក នៅក្នុង ជំពូក ៧ ៖ របៀបរក្សាភាពឯកជននៃទំនាក់ទំនងតាមអ៊ីនធើរណែតរបស់លោកអ្នក

លើសពីនេះទៅទៀត ដូចជាFacebookដែរ មនុស្សជាច្រើនប្រើ Twitter ដោយភ្ជាប់ជាមួយគេហទំព័រ និងកម្មវិធីផ្សេងទៀតជាច្រើន ដើម្បីចែករំលែកបច្ចុប្បន្នភាពព័ត៌មាន(Status updates) រូបថត ទីតាំង តំណភ្ជាប់។ល។ ការភ្ជាប់ប្រើជាមួយកម្មវិធីទាំងនេះ ចោទជាហានិភ័យធ្ងន់ធ្ងរជាច្រើនខាងផ្នែកសុវត្ថិភាព ហើយ ការកំណត់ភាពឯកជននៅលើកម្មវិធីផ្សេងទៀតទាំងអស់ គឺសំខាន់ណាស់ ដោយត្រូវធ្វើឱ្យមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន។

Twitter ត្រូវបានពិនិត្យតាមដានយ៉ាងសកម្មដោយរដ្ឋាភិបាលជាច្រើន ដែលក្នុងនោះរួមមានទាំងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។ ជាងនេះទៅទៀត លក្ខខណ្ឌប្រើប្រាស់របស់ Twitter ថ្លែងថា ពួកគេនឹងចែករំលែកព័ត៌មានរបស់លោកអ្នកប្រសិនបើមានសំណើគតិយុត្តិ ដែលក្នុងនោះរួមមានទាំងការស៊ើបអង្កេតរបស់រដ្ឋាភិបាល។ សម្រាប់ព័ត៌មានបន្ថែម សូមមើល របាយការណ៍អំពីតម្លាភាព របស់ Twitter។

របៀបផ្លាស់ប្តូរការកំណត់មូលដ្ឋាន របស់គណនី Twitter

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

ការកំណត់ជាមូលដ្ឋានរបស់គណនី Twitter

ការកំណត់ជាមូលដ្ឋានរបស់គណនី Twitter អនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រងលើ៖ របៀបដែលអ្នកដទៃអាចរកឃើញនូវប្រវត្តិរូបរបស់លោកអ្នក ព័ត៌មានដែលលោកអ្នកចែករំលែក និងកម្រិតសុវត្ថិភាពដែលគណនីរបស់លោកអ្នកតម្រូវនៅពេលលោកអ្នកកំពុងប្រើសំណៅ Twitter ដែលប្រើក្នុងកម្មវិធីបើកអ៊ីនធើរណែត (ពោលគឺ មិនមែនជាកម្មវិធី Twitter កម្មវិធីសម្រាប់ស្មាតហ្វូន ឬ ទូរស័ព្ទ GSM)។

ជំហានទី ១. ដើម្បីចូលទៅក្នុងការកំណត់គណនីរបស់លោកអ្នក ត្រូវបើកចូលក្នុងគណនីរបស់លោកអ្នកដោយប្រើកម្មវិធី បើកអ៊ីនធើរណែត Mozilla Firefox បន្ទាប់មក ចុចលើរូបសញ្ញា ដែលនៅខាងលើខាងស្តាំនៃអេក្រង់ ដើម្បីបើកម៉ឺនុយ Options

រូបភាព ១ ៖ ម៉ឺនុយ Options (ម៉ឺនុយជម្រើស)

ជំហានទី ២. នៅក្នុងម៉ឺនុយទឹកធ្លាក់ ជ្រើសយក Settings។ វានឹងបើកបង្ហាញទំព័រ Settings។

ជំហានទី ៣. នៅលើទំព័រ Settings លោកអ្នកមានបញ្ជីទំព័រមួយនៅខាងឆ្វេងដៃ ដែលក្នុងនោះលោកអ្នកអាចចុចជ្រើសរើសរវាងប្រភេទផ្សេងៗនៃការកំណត់។

រូបភាព ២ ៖ ប្រភេទផ្សេងៗនៃការកំណត់

ប្រភេទទីមួយ គឺ ការកំណត់មូលដ្ឋានរបស់គណនី (Basic Account Settings)។

ជំហានទី ៤. នៅខាងលើបង្អស់នៃបញ្ជី Account Settings (ការកំណត់នៃគណនី) លោកអ្នកនឹងឃើញមានការកំណត់ឈ្មោះអ្នកប្រើប្រាស់(Username) និងអ៊ីមែល (Email)។ ត្រូវជ្រើសរើសដោយប្រុងប្រយ័ត្នថា តើលោកអ្នកចង់ប្រើឈ្មោះពិតប្រាកដ ឬរហស្សនាមរបស់លោកអ្នកធ្វើជាឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នក និងតើអាសយដ្ឋានអ៊ីមែលមួយណាដែលលោកអ្នកចង់ភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិរូបរបស់លោកអ្នក។ ប្រសិនបើលោកអ្នកចង់ការពារអត្តសញ្ញាណរបស់ខ្លួន ការបង្កើតអាសយដ្ឋានអ៊ីមែលថ្មីមួយ ដោយប្រើកម្មវិធី Tor Browser និងការប្រើអាសយដ្ឋានអ៊ីមែលថ្មីនេះដើម្បីភ្ជាប់ជាមួយ Twitter ដោយប្រើតែ Tor ប៉ុណ្ណោះ អាចជាការប្រសើរបំផុត។

រូបភាព ២៖ ការកំណត់ឈ្មោះអ្នកប្រើប្រាស់ និងអ៊ីមែល

២.២ ការកំណត់សុវត្ថិភាព និងភាពឯកជន

ជំហានទី ៥. ចុចលើ Security and privacy (សុវត្ថិភាពនិងភាពឯកជន) នៅក្នុងរបាខាងខាងឆ្វេង ដើម្បីចូលទៅទំព័រកំណត់សុវត្ថិភាព និងភាពឯកជន។

ជំហានទី ៦. Login verifications (ការពិនិត្យផ្ទៀងផ្ទាត់ការបើកចូលគណនី)។ ត្រង់ចំណុចនេះ Twitter ផ្តល់ឱ្យលោកអ្នកនូវជម្រើសផ្ញើសារទៅទូរស័ព្ទចល័ត ឬស្មាតហ្វូនរបស់លោកអ្នក នៅគ្រប់ពេលដែលគណនីរបស់លោកអ្នកត្រូវបានបើកចូល។ លោកអ្នកគួរតែប្រើវា បើសិនលោកអ្នកកំពុងប្រើកម្មវិធី Twitter នៅក្នុងស្មាតហ្វូនរបស់លោកអ្នក។ ក្នុងករណីនេះ ត្រូវជ្រើសយកជម្រើស Send login verifications to the Twitter app (ផ្ញើការពិនិត្យផ្ទៀងផ្ទាត់ការបើកចូលគណនីទៅកម្មវិធី Twitter)។

សូមកត់សម្គាល់ថា ថ្វីបើចំណុចនេះអាចមានប្រយោជន៍ ក្នុងការប្រាប់លោកអ្នកឱ្យដឹងភ្លាមៗ អំពីការប៉ុនប៉ងចូលប្រើគណនីរបស់លោកអ្នក ដោយគ្មានការអនុញ្ញាតក៏ដោយ ការភ្ជាប់ទូរស័ព្ទចល័តរបស់លោកអ្នកទៅគណនី Twitter របស់លោកអ្នក ធ្វើឱ្យគណនីរបស់លោកអ្នកអាចកំណត់អត្តសញ្ញាណបានកាន់តែងាយស្រួល ហើយលោកអ្នកមិនគួរប្រើវាឡើយប្រសិនបើលោកអ្នកចង់ប្រើ Twitter ជាលក្ខណៈអនាមិក ឬចង់ប្រើ Twitter ជាមួយរហស្សនាមមួយ។

ជំហានទី ៧. Photo tagging (ការថេករូបថត)។ ត្រង់ចំណុចនេះ Twitter អនុញ្ញាតឱ្យលោកអ្នកអាចគ្រប់គ្រងលើអ្នកដែលអាចថេកឱ្យលោកអ្នកនូវរូបថតដែលពួកគេអាប់ឡូត។ ដោយសារមិនមានជម្រើសឱ្យ ឯកភាពមិនឯកភាព លើការថេករូបថតនេះ លោកអ្នកគួរជ្រើសយកជម្រើស Do not allow anyone to tag me in photos (មិនអនុញ្ញាតឱ្យនរណាម្នាក់ធែករូបថតឱ្យខ្ញុំឡើយ)។ ចំណុចនេះ មានសារៈសំខាន់ពិសេស ក្នុងករណីដែល ឧទា. លោកអ្នកអាចត្រូវបានថតរូបក្នុងអំឡុងពេលតវ៉ា ដែលអាចនឹងយកទៅប្រើធ្វើជាភស្តុតាងនៅពេលក្រោយ។

រូបភាព ៣ ៖ ជម្រើស Photo Tagging (ការធែករូបថត)

ជំហានទី ៨. Tweet privacy (ភាពឯកជននៃធ្វីត)។ ត្រង់ចំណុចនេះ Twitter អនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រងលើអ្នកដែលអាចមើលឃើញធ្វីតរបស់លោកអ្នក៖ សម្រាប់សាធារណជនជាទូទៅ ឬសម្រាប់តែមនុស្សដែលលោកអ្នកអនុញ្ញាតឱ្យតាមដានព័ត៌មានរបស់លោកអ្នក។ សូមកត់សម្គាល់ថា ទោះបីលោកអ្នកជ្រើសយកជម្រើស Protect my tweets (ការពារធ្វីតរបស់ខ្ញុំ) ក៏ដោយ ក៏ធ្វីតរបស់លោកអ្នកនៅតែអាចចូលទៅក្នុងTwitterបាន ដែលដោយហេតុនេះហើយ ពួកវានៅតែអាចត្រូវបានកត់ត្រាទុក និងប្រគល់ទៅឱ្យភាគីទីបី។

ជំហានទី ៩. Tweet location (ទីតាំងរបស់ធ្វីត)។ ត្រង់ចំណុចនេះ Twitter ផ្តល់ឱ្យលោកអ្នកនូវជម្រើសអាចបន្ថែមទីតាំងមួយទៅឱ្យរបស់ធ្វីតលោកអ្នក។ ជាស្វ័យប្រវត្ត ជម្រើសនេះត្រូវបានបិទដំណើរការ។ ប្រសិនបើការចែករំលែកទីតាំងរបស់លោកអ្នកជាលក្ខណៈទូលំទូលាយ មានលក្ខណៈសមស្រប ដើម្បីរក្សាសុវត្ថិភាពបាននោះ ការបើកដំណើរការជម្រើសនេះអាចមានប្រយោជន៍។ ប៉ុន្តែ ជាទូទៅ លោកអ្នកគួរតែទុកលក្ខណៈពិសេសនេះឱ្យគ្មានដំណើរការ ព្រោះព័ត៌មានអំពីទីតាំងរបស់លោកអ្នកអាចមានប្រយោជន៍ច្រើនផងដែរ ចំពោះគូបដិបក្ខរបស់លោកអ្នក។

ជំហានទី ១០. Discoverability (ភាពអាចរកឃើញបាន)។ ត្រង់ចំណុចនេះ Twitter ផ្តល់ឱ្យលោកអ្នកនូវជម្រើសអនុញ្ញាតឱ្យគេអាចរកឃើញគណនី Twitter របស់លោកអ្នក បើសិនពួកគេមានអាសយដ្ឋានអ៊ីមែលរបស់លោកអ្នក។ ប្រសិនបើលោកអ្នកចង់រក្សាភាពឯកជនច្រើនជាងនេះសម្រាប់គណនី Twitter របស់លោកអ្នក លោកអ្នកគួរតែបិទដំណើរការជម្រើសនេះ។

រូបភាព ៤ ៖ ជម្រើស Discoverability (ភាពអាចរកឃើញបាន)

ជំហានទី ១១. Personalisation and promotion។ ត្រង់ចំណុចនេះ Twitterផ្តល់ឱ្យលោកអ្នកនូវជម្រើសអនុញ្ញាតឱ្យពួកគេពិនិត្យតាមដានឥរិយាបថរបស់លោកអ្នកនៅក្នុង Twitter និងគេហទំព័រផ្សេងទៀត ហើយរចនាខ្លឹមសារ និងការផ្សាយ ពាណិជ្ជកម្មដោយផ្អែកលើឥរិយាបថរបស់លោកអ្នក ព្រមទាំងចែករំលែកទិន្នន័យរបស់លោកអ្នកជាមួយភាគីទីបី។ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកគួរតែលែងគូសយកប្រអប់ទាំងនេះ ដើម្បីបង្កើនកម្រិតភាពឯកជនរបស់លោកអ្នក។

២.៣ ការកំណត់ពាក្យសម្ងាត់

ជំហានទី ១២. ត្រង់ចំណុចនេះ Twitter អនុញ្ញាតឱ្យលោកអ្នកផ្លាស់ប្តូរពាក្យសម្ងាត់របស់លោកអ្នក។ លោកអ្នកគួរតែជ្រើសយកពាក្យសម្ងាត់ដែលរឹងមាំនិងអាចចងចាំបាន ហើយធ្វើបច្ចុប្បន្នភាពវាឱ្យបានទៀងទាត់។ សម្រាប់ការណែនាំបន្ថែម សូមមើលរបៀបបង្កើត និងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព

រូបភាព ៥ ៖ ជម្រើស Password (ពាក្យសម្ងាត់)

សូមកត់សម្គាល់ថា Twitterផ្តល់ឱ្យលោកអ្នកផងដែរនូវជម្រើសភ្ជាប់ទំនាក់ទំនងពីទូរស័ព្ទចល័តរបស់លោកអ្នក ទៅគណនីរបស់លោកអ្នក ដើម្បី"លើកកម្ពស់កម្រិតសុវត្ថិភាព"។ ថ្វីបើចំណុចនេះអាចមានប្រយោជន៍នៅក្នុងស្ថានភាពជាក់ស្តែងមួយចំនួនក៏ដោយ តាមការដែលបានកត់សម្គាល់ខាងលើ លោកអ្នកមិនគួរប្រើជម្រើសនេះឡើយ បើសិនលោកអ្នកចង់រក្សាកម្រិតភាពឯកជនមួយចំពោះអត្តសញ្ញាណរបស់លោកអ្នកខណៈដែលកំពុងប្រើ Twitter

ជំហានទី ១៣. បន្ទាប់ពីលោកអ្នកបានធ្វើបច្ចុប្បន្នភាពពាក្យសម្ងាត់របស់លោកអ្នករួចហើយ ត្រូវចុចលើ Save changes (ថតទុកការផ្លាស់ប្តូរ)។

២.៤ ការកំណត់សម្រាប់ទូរស័ព្ទចល័ត

ជំហានទី ១៤. លោកអ្នកអាចបើក ការកំណត់របស់ Twitter សម្រាប់ទូរស័ព្ទចល័ត ដោយចុចលើ Mobile នៅក្នុងម៉ឺនុយខាងឆ្វេង។

ត្រង់ចំណុចនេះ Twitter លើកទឹកចិត្តឱ្យលោកអ្នកដោនឡូតកម្មវិធីសម្រាប់ស្មាតហ្វូន និងផ្តល់ឱ្យលោកអ្នកនូវជម្រើសបើកដំណើរការមុខងារ Twitter text messaging (សេវាផ្ញើសារជាអក្សររបស់Twitter) ដែលអនុញ្ញាតឱ្យលោកអ្នកអាចធ្វីតដោយផ្ទាល់ពីទូរស័ព្ទចល័តរបស់លោកអ្នក។ ដូចដែលបានកត់សម្គាល់ខាងលើ លោកអ្នកមិនគួរភ្ជាប់ទំនាក់ទំនងពីគណនី Twitterរបស់លោកអ្នកទៅទូរស័ព្ទចល័តរបស់លោកអ្នកឡើយ ប្រសិនបើលោកអ្នកចង់រក្សាកម្រិតភាពឯកជន ឬអនាមិកភាពមួយខណៈដែលកំពុងប្រើTwitter។ ជាមួយគ្នានេះផងដែរ ត្រូវចាំថា សារជាអក្សរដែលផ្ញើនៅលើបណ្តាញGSMមិនត្រូវបានបម្លែងជាទម្រង់សម្ងាត់ទេ ហើយអាចត្រូវបានគេស្ទាក់ចាប់ និងតាមដានដើម្បីរកអ្នកសរសេរសារបានដោយងាយ។ សម្រាប់ការណែនាំបន្ថែម សូមមើល របៀបប្រើស្មាតហ្វូនដោយសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន

កម្មវិធី Twitter និង កម្មវិធី(Apps)ផ្សេងៗ

បញ្ជីផ្នែកដែលមាននៅក្នុងទំព័រនេះ៖

៣.០ សេចក្តីណែនាំទូទៅអំពីកម្មវិធីTwitter និង កម្មវិធី(Apps)ផ្សេងៗ

អ្នកប្រើប្រាស់ Twitter អាចអនុញ្ញាតឱ្យកម្មវិធីភាគីទីបីផ្សេងៗជាច្រើន (ដែលរាប់បញ្ចូលទាំងគេហទំព័របណ្តាញទំនាក់ទំនងសង្គមនិងគេហទំព័រចែករំលែករូបថតផ្សេងទៀត) អាចប្រាស្រ័យទាក់ទងជាមួយគណនី Twitter របស់ពួកគេ ឧទា. ដើម្បីចែករំលែករូបថតដែលត្រូវបានអាប់ឡូត តាមរយៈគេហទំព័រជាច្រើនដូចជា InstagramTwitPic ជាដើម។ ប៉ុន្តែ ដូចដែលបញ្ជាក់នៅក្នុង របៀបការពារខ្លួនលោកអ្នក និងទិន្នន័យរបស់លោកអ្នក នៅពេលប្រើប្រាស់គេហទំព័របណ្តាញទំនាក់ទំនងសង្គម លោកអ្នកត្រូវតែប្រុងប្រយ័ត្ន នៅពេលបញ្ចូលប្រវត្តិរូបរបស់លោកអ្នកទៅក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ គេហទំព័រភាគីទីបីទាំងនេះ មានលក្ខខណ្ឌប្រើប្រាស់ គោលនយោបាយស្តីពីភាពឯកជន និងការកំណត់ភាពឯកជនផ្ទាល់ខ្លួនរបស់ពួកគេ ដែលមិនប្រាកដថាដូច Twitter ទេ។ ហេតុនេះហើយ ទោះបីគណនី Twitter របស់លោកអ្នកអាចមានសុវត្ថិភាពដោយធៀបក៏ដោយ ប្រវត្តិរូបរបស់លោកអ្នកដែលនៅលើគេហទំព័រកម្មវិធីភាគីទីបីអាចនឹងត្រូវបានបើកបង្ហាញទាំងស្រុង ហើយប្រសិនបើលោកអ្នកប្រើឈ្មោះអ្នកប្រើប្រាស់ និងអាសយដ្ឋានអ៊ីមែលដូចៗគ្នាសម្រាប់គេហទំព័រទាំងអស់នោះ គេនឹងអាចតាមដានលោកអ្នកបានដោយងាយ។ ចំនួនគេហទំព័រនិងកម្មវិធីបែបនេះ មានច្រើនសម្បូរបែប ហើយមានតែពីរបីប៉ុណ្ណោះដែលត្រូវបានលើកមកបរិយាយនៅក្នុងមគ្គុទ្ទេសក៍នេះ។ ប៉ុន្តែ គឺជាការសំខាន់ណាស់ ដែលលោកអ្នកត្រូវសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់លោកអ្នក នៅក្នុងគ្រប់កម្មវិធីភាគីទីបីទាំងអស់ដែលភ្ជាប់ទៅនឹងទំព័រ Twitter របស់លោកអ្នក។ ប្រសិនបើលោកអ្នកគិតថាពួកវាមិនមានសុវត្ថិភាពគ្រប់គ្រាន់ទេនោះ លោកអ្នកត្រូវលុបចោលប្រវត្តិរូបរបស់ខ្លួន ហើយដកហូតសិទ្ធិរបស់កម្មវិធីទាំងនោះមិនឱ្យចូលប្រើគណនី Twitter របស់លោកអ្នក។

ប្រសិនបើលោកអ្នកចង់ដកហូតសិទ្ធិរបស់កម្មវិធីមួយមិនឱ្យចូលប្រើប្រវត្តិរូប Twitter របស់លោកអ្នក៖

ជំហានទី ១. ចូលទៅផ្ទាំង Settings របស់គណនីលោកអ្នក រួច ចុចលើស្លាកផ្ទាំង Apps ដែលនៅខាងឆ្វេង។

រូបភាព ១ ៖ ម៉ឺនុយ Settings

ជំហានទី ២. បន្ទាប់ពីបើកបញ្ជីកម្មវិធីដែលត្រូវបានភ្ជាប់ទៅគណនី Twitter របស់លោកអ្នក ត្រូវជ្រើសយកកម្មវិធីដែលលោកអ្នកចង់ដកហូតសិទ្ធិ រួចចុចលើ

រូបភាព ២ ៖ គំរូនៃបញ្ជីកម្មវិធី

៣.១ Instagram

Instagram គឺជាកម្មវិធីចែករំលែករូបភាពដ៏មានប្រជាប្រិយមួយរបស់ Facebook សម្រាប់ស្មាតហ្វូន ហើយជាញឹកញាប់ត្រូវបានប្រើដោយភ្ជាប់ជាមួយ Twitter។ ដោយសារ Instagram ជាចម្បងគឺជាកម្មវិធីមួយប្រើនៅក្នុង ទូរស័ព្ទចល័ត ដូច្នេះ ការប្រើវាជាមួយ Twitter គឺបានភ្ជាប់គណនីរបស់លោកអ្នករួចជាស្រេចទៅទូរស័ព្ទចល័តរបស់លោកអ្នក ដែលអាចមានន័យថា ព័ត៌មានជាច្រើនដូចជាទីតាំងរបស់លោកអ្នកជាដើម នឹងត្រូវបានចែករំលែកជាមួយ Facebook, Instagram និង Twitter ហើយបន្ទាប់មកកម្មវិធីទាំងអស់នេះអាចនឹងចែករំលែកព័ត៌មាននេះជាមួយភាគីទីបី រួមទាំងរដ្ឋាភិបាលផងដែរ។ ដោយហេតុនេះហើយ លោកអ្នកមិនគួរប្រើកម្មវិធី Instagram នៅក្នុងគណនី ឬទូរស័ព្ទតែមួយ ដែលអាចមានព័ត៌មានរសើបឆ្លងកាត់ឡើយ។

៣.២ TwitPic

អ្នកប្រើប្រាស់ Twitter ជាច្រើន ប្រើគេហទំព័រ TwitPic សម្រាប់អាប់ឡូត និងរក្សាទុករូបថតដែលពួកគេចែករំលែកនៅក្នុងTwitter។ ត្រូវចងចាំថា TwitPic គឺជាក្រុមហ៊ុនផ្សេងដាច់ដោយឡែកមួយដែលមិនមែនជារបស់ Twitter ទេ និងមាន លក្ខខណ្ឌប្រើប្រាស់ខុសគ្នា និងគោលនយោបាយស្តីពីភាពឯកជនខុសគ្នា។ នៅក្នុងករណីនេះ ការសំខាន់ គឺត្រូវកត់សម្គាល់ថា TwitPic មិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើជម្រើសលាក់ប្រវត្តិរូប ឬរូបថតរបស់ខ្លួនឡើយ។ គ្រប់រូបថតទាំងអស់ដែលត្រូវបានអាប់ឡូតទៅក្នុង TwitPic ជាស្វ័យប្រវត្តមានលក្ខណៈសាធារណៈ ហើយលក្ខណៈនេះមិនអាចផ្លាស់ប្តូរបានឡើយ។ បើលោកអ្នកប្រើឈ្មោះអ្នកប្រើប្រាស់ដូចគ្នាសម្រាប់គណនី Twitter និង TwitPic របស់លោកអ្នក គូបដិបក្ខរបស់លោកអ្នកអាចនឹងចូលប្រើគ្រប់រូបថតដែលលោកអ្នកបានអាប់ឡូតទៅក្នុង TwitPic បានដោយងាយ។

TwitPic អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សេងទៀតអាចធែកឱ្យលោកអ្នកនូវរូបថតដែលពួកគេមាន។ ចំណុចនេះ អាចបង្កហានិភ័យធ្ងន់ធ្ងរដល់លោកអ្នក បើសិនមាននរណាម្នាក់ថេកឱ្យលោកអ្នកនូវរូបថតរសើប ព្រោះរួចមក រូបថតនេះនឹងផ្សាយជាសាធារណៈ។ ដោយហេតុនេះហើយ លោកអ្នកគួរតែកុំអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សេងទៀតអាចធែករូបថតរបស់ពួកគេឱ្យលោកអ្នក។

ជំហានទី ១. បើកចូលគណនី TwitPic របស់លោកអ្នក ដោយប្រើកម្មវិធីបើកអ៊ីនធើរណែត Firefox រួចចុចលើSettings នៅក្នុងម៉ឺនុយដែលស្ថិតនៅខាងលើខាងស្តាំនៃអេក្រង់។

រូបភាព ៣ ៖ របាម៉ឺនុយគេហទំព័ររបស់ TwitPic

ជំហានទី ២. នៅក្រោម Privacy លែងគូសយកប្រអប់ Allow others to tag my photos (អនុញ្ញាតឱ្យអ្នកដទៃធែករូបថតរបស់ខ្ញុំ) រួច ចុចលើប៊ូតុង Save Changes (ថតទុកការផ្លាស់ប្តូរ)។

រូបភាព ៤ ៖ ជម្រើស Tagging

ប្រសិនបើលោកអ្នកចង់លុបចោលរូបភាពរសើបចេញពី TwitPic

ជំហានទី ៣. ចុចលើ Profile នៅក្នុងម៉ឺនុយនៅខាងលើខាងស្តាំនៃអេក្រង់។

ជំហានទី ៤. ចុចលើ Delete ដែលស្ថិតនៅក្បែររូបថតដែលលោកអ្នកចង់លុបចោល។

រូបភាព ៥ ៖ ជម្រើសរូបភាព

ប្រសិនបើលោកអ្នកចង់លុបចោលគណនី TwitPic របស់លោកអ្នក៖

ជំហានទី ៥. ចុចលើ Settings នៅក្នុងម៉ឺនុយនៅខាងលើខាងស្តាំនៃអេក្រង់។

ជំហានទី ៦. នៅក្រោមផ្នែក Delete Account ត្រូវវាយពាក្យតាមរូបភាព"captcha"ចូលក្នុងប្រអប់វាយអក្សរ។

រូបភាព ៦ ៖ រូបភាព"captcha"នេះ ត្រូវបានបង្ហាញ មុនពេលលោកអ្នកអាចលុបប្រវត្តិរូបរបស់ខ្លួនបាន

ជំហានទី ៧. ចុចលើ

៣.៣ កម្មវិធីសម្រាប់ស្មាតហ្វូន

កម្មវិធីប្រើប្រាស់មួយចំនួនសម្រាប់ប្រាស្រ័យទាក់ទងជាមួយ Twitter មានផងដែរសម្រាប់ស្មាតហ្វូន ដែលមានដូចជា iPhone, Android, Blackberrys or Windows Phones ជាដើម។ ជាការសំខាន់ណាស់ដែលត្រូវចងចាំថា ស្មាតហ្វូនមានបញ្ហាសុវត្ថិភាពមួយចំនួននៅជាប់ជាមួយវា ហើយការប្រើកម្មវិធីទាំងនេះ នៅក្នុងស្មាតហ្វូនអាចគ្មានសុវត្ថិភាពជាងការប្រើនៅក្នុងកុំព្យូទ័ររបស់លោកអ្នក៖ ឧទា. ពួកវាអាចមិនភ្ជាប់ទៅកុំព្យូទ័របម្រើ Twitter ជាទម្រង់សម្ងាត់ និងបណ្តោយឱ្យខ្លឹមសារនៃធ្វីតរបស់លោកអ្នកត្រូវបានបើកបង្ហាញ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបកាត់បន្ថយហានិភ័យនៅពេលប្រើស្មាតហ្វូន សូមមើល របៀបប្រើស្មាតហ្វូនដោយសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន

YouTube

YouTube គឺជាសេវាមួយដែលត្រូវបានគ្រប់គ្រងជាកម្មសិទ្ធដោយGoogle ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចអាប់ឡូត និងចែករំលែកវីដេអូ។ វាបានក្លាយជាសេវាពេញនិយមនៅក្នុងចំណោមអ្នកការពារសិទ្ធិមនុស្ស សម្រាប់ចែករំលែកយុទ្ធនាការ និង ភស្តុតាងស្តីអំពីការរំលោភសិទ្ធិមនុស្សនិងបញ្ហាផ្សេងៗទៀត។

គេហទំព័រដើម

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុតរបស់ជំពូកនេះ

  • កញ្ញា ២០១៤

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

  • ដំបូន្មានអំពីរបៀបការពារភាពឯកជនរបស់លោកអ្នក និងភាពឯកជនរបស់អ្នកដទៃទៀត នៅពេលប្រើ YouTube ដើម្បីចែករំលែកវីដេអូ។

១.១ ការដែលលោកអ្នកគួរដឹងអំពីគេហទំព័រនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

YouTube មានលក្ខណៈអស្ចារ្យក្នុងការផ្សព្វផ្សាយវីដេអូរបស់លោកអ្នកទៅអ្នកប្រើប្រាស់រាប់ពាន់លាននាក់របស់វា។ ប៉ុន្តែ ដោយសារ YouTube ត្រូវបានគ្រប់គ្រងជាកម្មសិទ្ធដោយ Google ប្រសិនបើអ្នកនៅ Google រកឃើញខ្លឹមសារវីដេអូរបស់លោកអ្នកអាចជំទាស់បាន ពួកគេនឹងលុបចោល។ Google អាចប្រមូល និងចែករំលែកព័ត៌មានអំពីទិន្នន័យអ្នកប្រើប្រាស់ ទាំងអស់ ហើយចែករំលែកព័ត៌មាននេះជាមួយរដ្ឋាភិបាលជាច្រើន រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។ ជាងនេះទៅទៀត Google អាចចែករំលែកព័ត៌មានជាក់លាក់ទាក់ទងទៅនឹងវីដេអូរបស់លោកអ្នក (ឧទា. ដូចជាទិន្នន័យអំពីទីតាំងជាដើម) ទៅឱ្យភាគីទីបី រួមទាំងអង្គភាពរដ្ឋាភិបាលដែលស្នើសុំព័ត៌មាននេះផងដែរ។ នេះមានន័យថា YouTube មិនមែនជាកន្លែងល្អសម្រាប់រក្សាវីដេអូរបស់លោកអ្នកឱ្យមានសុវត្ថិភាពនោះទេ។ Google ធ្លាប់ត្រូវបានគេដឹងថា ចុះញ៉មក្រោមសំពាធឱ្យលុបចោលទិន្នន័យចេញពីYouTube ដើម្បីជៀសវាងកុំឱ្យគេហទំព័ររបស់ខ្លួនត្រូវបានត្រួតពិនិត្យ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ឱ្យគេមើលឃើញវីដេអូរបស់លោកអ្នក ត្រូវដាក់សំណៅចម្លងមួយរបស់វាទៅក្នុង YouTube – សូមកុំដាក់សំណៅវីដេអូដែលមានតែមួយរបស់លោកអ្នកទៅរក្សាទុកនៅក្នុង YouTube ឱ្យសោះ។

ព័ត៌មានដែលលោកអ្នកផូស្តទៅក្នុង YouTube នៅតែជារបស់លោកអ្នក។ ប្រសិនលោកអ្នកផូស្តព័ត៌មានទៅក្នុង YouTube លោកអ្នកកំពុងផ្តល់ឱ្យGoogleនូវអាជ្ញាប័ណ្ណមួយដើម្បីចែកចាយព័ត៌មាននោះ។

YouTube ត្រូវបានឬធ្លាប់ត្រូវបានគេប្រាប់ឱ្យដឹងថា មិនអាចចូលប្រើបាននៅក្នុងប្រទេសជាច្រើនដូចជា៖

  • ចិន
  • ភូមា
  • អ៊ីរ៉ង់
  • លីប៊ី
  • ស៊ីរី
  • អ៊ុយប៊ែរគីស្តង់
  • ទុយនេស៊ី
  • ទាកមេនីស្តង់ និង
  • ទួរគី

សូមមើល ផ្នែកចរាចរណ៍ទិន្នន័យរបស់ Google នៅក្នុងរបាយការណ៍ស្តីពីតម្លាភាពរបស់ពួកគេ សម្រាប់ព័ត៌មានលម្អិតបន្ថែម អំពីការត្រួតពិនិត្យបច្ចុប្បន្ន និងអតីតកាល និងការឆាឆៅបង្អាក់ផ្សេងទៀត។

ដំបូន្មានអំពី YouTube៖

  • មិនត្រូវផូស្តវីដេអូរបស់អ្នកដទៃដោយគ្មានការយល់ព្រមរបស់ពួកគេឡើយ។ ហើយសូម្បីតែមានការយល់ព្រមរបស់ពួកគេហើយក៏ដោយ ត្រូវសាកល្បងគិតអំពីផលវិបាកដែលអាចកើតមាន មុននឹងផូស្តវីដេអូនោះ។

  • នៅពេលលោកអ្នកបើកមើល YouTube ត្រូវវាយ https://www.youtube.com ទៅក្នុងប្រអប់អាសយដ្ឋាននៃកម្មវិធីបើក អ៊ីនធើរណែតរបស់លោកអ្នក - ការធ្វើដូចនេះនឹងធានាបានថា ទំនាក់ទំនងរវាងកុំព្យូទ័ររបស់លោកអ្នក និងកុំព្យូទ័របម្រើរបស់YouTube នឹងត្រូវបានបម្លែងជាទម្រង់សម្ងាត់ដោយការភ្ជាប់សេវាSecure Socket Layer(SSL)។ ដើម្បីជៀសវាងការតម្រូវឱ្យវាយបញ្ចូលអាសយដ្ឋានខាងលើនៅរៀងរាល់ពេលដែលលោកអ្នកភ្ជាប់សេវា Secure Socket Layer(SSL) នេះ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើកម្មវិធី Firefox ដោយមានមុខងារបន្ថែមដូចជា HTTPS Everywhere ជាដើម។

  • ដើម្បីឱ្យកម្រិតភាពឯកជនខ្ពស់ជាងមុន ត្រូវសាកល្បងបង្កើតគណនី Google ថ្មីនិងអនាមិកមួយ ដែលត្រូវបានបង្កើត និងចូលប្រើបានតែក្នុងខណៈពេលប្រើកម្មវិធី Tor Browser ប៉ុណ្ណោះ។ ត្រូវប្រើតែគណនីនេះសម្រាប់អាប់ឡូតវីដេអូទៅ ក្នុង YouTube ហើយ ទីតាំង និងទិន្នន័យកំណត់អត្តសញ្ញាណផ្សេងទៀតរបស់លោកអ្នកនឹងត្រូវបានលាក់ពីក្រុមហ៊ុនGoogle និងក្រុមហ៊ុនផ្សេងទៀត ដូចជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើរណែតជាដើម។ ប៉ុន្តែ ជាញឹកញាប់គេមិនអាចមើលវីដេអូនៅលើYouTubeដោយប្រើកម្មវិធី Tor Browser បានទេ។ ដើម្បីមើលវីដេអូបាន ការបង្កើតគណនីមួយផ្សេងទៀត និងការប្រើកម្មវិធីបើកអ៊ីនធើរណែតមួយដូចជាFirefox with Add-onsជាដើម អាចជាជម្រើសប្រសើរបំផុត។

  • សម្រាប់ការអាប់ឡូតវីដេអូរសើបពីឧបករណ៍ Androidមួយ ត្រូវពិចារណាប្រើកម្មវិធី InformaCam របស់ Guardian Project ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ នូវមុខងារគ្រប់គ្រងលើទិន្នន័យព័ត៌មានរបស់វីដេអូពួកគេមួយចំនួន ហើយជួយសម្រួលដល់ការអាប់ឡូតតាមបណ្តាញ Tor នៅពេលត្រូវបានប្រើដោយភ្ជាប់ជាមួយ Orbot

  • ត្រូវប្រើជម្រើស face-blurring (ធ្វើឱ្យផ្ទៃមុខព្រិលមើលមិនច្បាស់) របស់ YouTube សម្រាប់វីដេអូ ដែលមានមនុស្សអាចនឹងមិនចង់ឱ្យគេស្គាល់អត្តសញ្ញាណរបស់ខ្លួន ដូចជាវីដេអូអំពីការទាមទារតវ៉ាជាដើម។ សូមអានបន្ថែមនៅត្រង់កន្លែងនេះ

  • ត្រូវរក្សាទុកជានិច្ច នូវសំណៅថតចម្លងមួយនៃវីដេអូដែលលោកអ្នកចែករំលែកតាមរយៈ YouTube

  • ត្រូវប្រើការកំណត់ private (ឯកជន) ដើម្បីចែករំលែកវីដេអូជាមួយបុគ្គលជាក់លាក់ប៉ុណ្ណោះ។

ជម្រើសផ្សេងពី YouTube

ប្រសិនបើលោកអ្នកមិនចង់ភ្ជាប់វីដេអូរបស់លោកអ្នកជាមួយប្រវត្តិរូបក្នុង Google របស់លោកអ្នកទេនោះ លោកអ្នកមានជម្រើសផ្សេងមួយចំនួន ដូចជា Vimeo ជាដើម។ Vimeo មានសហគមន៍អ្នកប្រើប្រាស់តូចជាង YouTube។ ដូចជា YouTube ដែរ វាជួយសម្រួលដល់ការភ្ជាប់សេវាSSL ហើយផ្តល់ឱ្យអ្នកប្រើប្រាស់ នូវជម្រើសភាពឯកជនជាច្រើន និងសិទ្ធិគ្រប់គ្រងលើអាជ្ញាប័ណ្ណទូទៅថ្មី សម្រាប់វីដេអូរបស់ពួកគេ។ គេហទំព័រស្រដៀងគ្នានេះផ្សេងទៀត អាចមានប្រជាប្រិយនៅតាមតំបន់ផ្សេងៗគ្នា ដែលដោយហេតុនេះហើយ លោកអ្នកអាចនឹងមានជម្រើសផ្សេងៗដើម្បីជ្រើសយក។ មុននឹងជ្រើសយកមួយ លោកអ្នកគួរពិចារណាអំពីចំណុចខាងក្រោមនេះ៖

១. តើវាផ្តល់ការភ្ជាប់សេវាSSLសម្រាប់រាល់ការប្រើប្រាស់គេហទំព័រនោះ ជាជាងភ្ជាប់សេវាតែក្នុងអំឡុងពេលបើកចូលគណនី ដែរឬទេ? តើមានបញ្ហាទាក់ទងទៅនឹងការបម្លែងជាទម្រង់សម្ងាត់ ដូចជាបញ្ហាទាក់ទងទៅនឹងវិញ្ញាបនបត្របម្លែងជាទម្រង់សម្ងាត់ជាដើម ដែរឬទេ?

២. ត្រូវអានដោយប្រុងប្រយ័ត្ន នូវកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណអ្នកប្រើប្រាស់ចុងក្រោយ (End User Licence Agreement) និងគោលនយោបាយស្តីពីភាពឯកជន ឬគោលនយោបាយស្តីពីការប្រើប្រាស់ទិន្នន័យ។ តើខ្លឹមសារព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានចាត់ចែងដោយរបៀបណា? តើព័ត៌មាន និងទិន្នន័យទាំងនោះត្រូវបានចែករំលែកជាមួយនរណាខ្លះ?

៣. តើជម្រើសភាពឯកជនអ្វីខ្លះដែលត្រូវបានផ្តល់សម្រាប់អ្នកប្រើប្រាស់? តើលោកអ្នកអាចជ្រើសរើសចែករំលែកវីដេអូរបស់លោកអ្នកដោយសុវត្ថិភាពជាមួយមនុស្សមួយចំនួនតូចដែរឬទេ? ឬតើជម្រើសទាំងនោះសុទ្ធតែមានលក្ខណៈសាធារណៈ ដោយស្វ័យ ប្រវត្តដែរឬទេ?

៤. ប្រសិនបើលោកអ្នកអាប់ឡូតរូបភាពរសើប (ដូចជារូបភាពនៃការទាមទារតវ៉ាមួយជាដើម) តើគេហទំព័រនោះជួយសម្រួលដល់ការការពាររូបភាពទាំងនោះ(ដូចជាការធ្វើឱ្យផ្ទៃមុខមនុស្សព្រិលមើលមិនច្បាស់ជាដើម) ដែរឬទេ?

៥. តើលោកអ្នកស្គាល់ ទីតាំងភូមិសាស្ត្ររបស់ប្រព័ន្ធកុំព្យូទ័របម្រើ ដែលមានយុត្តាធិការដែនដីលើប្រព័ន្ធកុំព្យូទ័របម្រើនោះ ឬដែលក្រុមហ៊ុននោះត្រូវបានចុះបញ្ជីដែរឬទេ? តើលោកអ្នកដឹងថាតើព័ត៌មាននេះទាក់ទងទៅនឹងភាពឯកជន និងសុវត្ថិភាពនៃសកម្មភាពអ៊ីមែលនិងព័ត៌មានរបស់លោកអ្នកយ៉ាងណាដែរឬទេ? តើម្ចាស់របស់គេហទំព័រនោះ នឹងប្រគល់ព័ត៌មានចេញមកដែរឬទេ ប្រសិនបើពួកគេទទួលបានសំណើពីរដ្ឋាភិបាលឱ្យធ្វើដូច្នេះ?

Flickr

Flickr គឺជាគេហទំព័រផ្ទុក និងចែករំលែករូបភាពដ៏ពេញនិយមមួយ ដែលជាកម្មសិទ្ធិរបស់ Yahoo!

គេហទំព័រដើម

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

  • កញ្ញា ២០១៤

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

  • ដំបូន្មានអំពីរបៀបការពារភាពឯកជនរបស់លោកអ្នក និងភាពឯកជនរបស់អ្នកដទៃទៀត នៅពេលប្រើ Flickr ដើម្បីចែករំលែក រូបភាព។

១.១ ការដែលលោកអ្នកគួរដឹងអំពីគេហទំព័រនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

Flickr ត្រូវបានគ្រប់គ្រងជាកម្មសិទ្ធដោយ Yahoo! និងជួយសម្រួលផងដែរដល់ការដាក់រួមបញ្ចូលគ្នាជាមួយគណនីផ្សេងទៀត ដែលក្នុងនោះរួមមានទាំងគណនី Google និង Facebook ផងដែរ។ ខ្លឹមសារព័ត៌មានដែលត្រូវបានផូស្តទៅក្នុង Flickr គឺនៅតែជារបស់លោកអ្នក ដែលលោកអ្នកអាចផ្តល់អាជ្ញាប័ណ្ណឬសិទ្ធិចម្លងទូទៅផ្សេងៗបាន។ នៅពេលលោកអ្នកដាក់រូបថត ឬវីដេអូរបស់លោកអ្នកទៅក្នុង Flickr មានន័យថាលោកអ្នកកំពុងផ្តល់ឱ្យ Yahoo នូវអាជ្ញាប័ណ្ណមួយដើម្បីចែកចាយរូបថត ឬវីដេអូរបស់លោកអ្នក។ ដោយសារមានការកំណត់ឱ្យអាជ្ញាប័ណ្ណផ្សេងៗ Flickr មានលក្ខណៈប្រសើរអស្ចារ្យ ទាំងសម្រាប់ការស្វែងរករូបភាពដែលត្រូវបានប្រើនៅក្នុងយុទ្ធនាការឃោសនា និងសម្រាប់ជាធនធានចែករំលែករូបភាពជាមួយសហសេវិក សម្ព័ន្ធមិត្ត និងសមាជិកនៃបណ្តាញរបស់លោកអ្នក។ ប៉ុន្តែ ទិន្នន័យអ្នកប្រើប្រាស់របស់ Flickr ទំនងជាត្រូវបានប្រមូល និងត្រួតពិនិត្យតាមដានដោយរដ្ឋាភិបាលមួយចំនួន។

សម្រាប់ព័ត៌មានបន្ថែម សូមអាន គោលនយោបាយស្តីពីភាពឯកជន នៅក្នុងគេហទំព័រ Yahoo!

ការធ្វើបច្ចុប្បន្នភាពមុខងារកំណត់ភាពឯកជនរបស់ Flickr របស់លោកអ្នក

ជំហានទី ១. ដើម្បីចូលប្រើការកំណត់ Privacy&Permissions (ភាពឯកជន&ការអនុញ្ញាត)នៅក្នុង Flickr ត្រូវបើកចូលគណនី Flickr របស់លោកអ្នក ដោយប្រើកម្មវិធីបើកអ៊ីនធើរណែត Mozilla Firefox រួចចុចលើរូបសញ្ញានៅខាងលើខាងស្តាំនៃអេក្រង់ ហើយ ជ្រើសយក Settings

ជំហានទី ២. នៅក្នុងទំព័រធំ Settings ត្រូវជ្រើសយក Privacy & Permissions (ភាពឯកជន & ការអនុញ្ញាត)។

រូបភាព ២ ៖ ផ្ទាំង Flickr Privacy & Permissions settings (ការកំណត់ភាពឯកជន&ការអនុញ្ញាតរបស់ Flickr)

ជំហានទី ៣. ជាស្វ័យប្រវត្ត Flickr អនុញ្ញាតឱ្យអ្នកដទៃមើលឃើញរូបភាពរបស់លោកអ្នក។ ប្រសិនបើលោកអ្នកចង់បានកម្រិតភាពឯកជនខ្ពស់ជាងនេះ ត្រូវចុចលើ edit នៅលើជម្រើស Who can access your original image files (អ្នកដែលអាចចូលមើលឬប្រើឯកសាររូបភាពដើមរបស់លោកអ្នក) ហើយ ជ្រើសយក Only you (មានតែលោកអ្នកប៉ុណ្ណោះ)។ បន្ទាប់មក ចុចលើ Save (ថតទុក)។

រូបភាព ៣ ៖ អ្នកដែលអាចចូលមើល ឬប្រើឯកសាររូបភាពដើមរបស់លោកអ្នក

ជំហានទី ៤. ជាស្វ័យប្រវត្ត Flickr អនុញ្ញាតឱ្យអ្នកដែលអាចចូលមើល ឬប្រើព័ត៌មានរបស់លោកអ្នក អាចចែករំលែក ព័ត៌មាននោះបានទូលំទូលាយជាងនៅតាមគេហទំព័រជាច្រើន ដូចជា Facebook ឬ Twitter ជាដើម។ នេះអាចមានន័យថា ក្នុងករណីជារូបភាពរសើប ពួកវាអាចនឹងងាយធ្លាក់ចូលទៅក្នុងដៃមនុស្សអាក្រក់។ ដើម្បីអាចកំណត់ឱ្យលោកអ្នកតែម្នាក់ប៉ុណ្ណោះដែលអាចសម្រេចពីរបៀបចែករំលែករូបភាពបាន លោកអ្នកគួរតែបិទដំណើរការជម្រើសនេះ។ ដើម្បីបិទដំណើរការជម្រើសនេះ ត្រូវចុចលើ edit នៅក្បែរជម្រើស Allow others to share your stuff (អនុញ្ញាតឱ្យអ្នកដទៃអាចចែករំលែកព័ត៌មានរបស់ខ្ញុំបាន) ហើយជ្រើសយក No, thanks (ទេ សូមអរគុណ)។ បន្ទាប់មក ចុចលើ Save (ថតទុក)។

រូបភាព ៤ ៖ អនុញ្ញាតឱ្យអ្នកដទៃ អាចចែករំលែកព័ត៌មានរបស់លោកអ្នកបាន

ជំហានទី ៥. ជាស្វ័យប្រវត្តិ Flickr អនុញ្ញាតឱ្យសមាជិកអាចថេករូបថតឱ្យលោកអ្នក។ ការនេះអាចនឹងបង្កអន្តរាយ ឧទា. ប្រសិនបើមាននរណាម្នាក់ថេកឱ្យលោកអ្នកនូវរូបថតនៃការទាមទារតវ៉ាណាមួយ ឬប្រភេទបដិសេធច្បាប់រដ្ឋផ្សេងទៀត។ ដោយហេតុនេះហើយ លោកអ្នកគួរតែជ្រើសយក Only you (មានតែលោកអ្នកប៉ុណ្ណោះ) ដើម្បីអនុញ្ញាតឱ្យលោកអ្នកតែម្នាក់ប៉ុណ្ណោះដែលអាចធែករូបភាពឱ្យលោកអ្នកបាន។

រូបភាព ៥ ៖ បិទដំណើរការការធែកដោយអ្នកដទៃ

ជំហានទី ៦. ជាស្វ័យប្រវត្ត Flickr ចែករំលែកទិន្នន័យ EXIF របស់លោកអ្នកជាមួយអ្នកប្រើប្រាស់ដទៃទៀត – ដែលនោះ គឺជាព័ត៌មានទិន្នន័យ ដែលបានមកពីរូបភាពរបស់លោកអ្នក ដូចជាម៉ាកនិងម៉ូដែលកាមេរ៉ារបស់លោកអ្នក ទីតាំង និងពេលវេលាដែលរូបថតនោះត្រូវបានថតជាដើម។ ដោយសារព័ត៌មាននេះអាចមានលក្ខណៈរសើប លោកអ្នកគួរតែកុំចែករំលែកវាឱ្យសោះ។

រូបភាព ៦ ៖ ជម្រើសទិន្នន័យ EXIF

ជំហានទី ៧. ជាស្វ័យប្រវត្ត Flickr បើកឱ្យរូបភាព និងប្រវត្តិរូបសាធារណៈរបស់លោកអ្នកអាចរកឃើញបានតាមរយៈ ម៉ាស៊ីនស្វែងរក(Search Engines)។ ដើម្បីមានកម្រិតភាពឯកជន និងកម្រិតគ្រប់គ្រងប្រសើរជាងនេះលើអ្នកដែលអាចចូលមើល ឬប្រើព័ត៌មាន និងរូបភាពរបស់លោកអ្នក លោកអ្នកគួរតែលាក់ប្រវត្តិរូប និងរូបភាពរបស់លោកអ្នកពីការស្វែងរកជាសាធារណៈ។

រូបភាព ៧ ៖ ជម្រើសស្វែងរកជាសាធារណៈ

ជំហានទី ៨. New uploads (ការអាប់ឡូតថ្មី)៖ ការកំណត់ស្វ័យប្រវត្តរបស់ Flickr ផ្សព្វផ្សាយការចែករំលែកព័ត៌មាន និងការប្រាស្រ័យទាក់ទងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន នៅពេលលោកអ្នកអាប់ឡូតរូបភាពថ្មី។ លោកអ្នកគួរតែជ្រើសយកជម្រើសមានស្រាប់ដែលមានកម្រិតភាពឯកជនខ្ពស់ជាង ដូចជា៖

  • មិនអនុញ្ញាតឱ្យអ្នកដទៃមើលឃើញ ចែករំលែក ឬឱ្យមតិយោបល់បានភ្លាមៗ នៅលើរូបថតដែលលោកអ្នកអាប់ឡូតថ្មី
  • មិនអនុញ្ញាតឱ្យអ្នកដទៃមើលឃើញទិន្នន័យអំពីទីតាំង ឬ រូបថតដែលលោកអ្នកអាប់ឡូតថ្មី
  • អនុញ្ញាតសិទ្ធិមានកំណត់មួយប៉ុណ្ណោះចំពោះការចូលមើល ឬប្រើរូបថតដែលលោកអ្នកអាប់ឡូតថ្មី

ការកំណត់ទាំងនេះ ជាការពិត អាចត្រូវបានផ្លាស់ប្តូរទៅតាមការអាប់ឡូតនីមួយៗ ឧទា. ប្រសិនបើលោកអ្នកចង់រួមបញ្ចូលទិន្នន័យ EXIF ជាភស្តុតាងជាដើម។

រូបភាព ៨ ៖ ជម្រើសកំណត់ភាពឯកជនបន្ថែមសម្រាប់ការអាប់ឡូតថ្មី

ជម្រើសផ្សេងពី Flickr

ប្រសិនបើលោកអ្នកមិនចង់ភ្ជាប់រូបភាពរបស់លោកអ្នកជាមួយប្រវត្តិរូបនៅក្នុង Yahoo, GoogleFacebook របស់លោកអ្នកទេនោះ លោកអ្នកអាចមានជម្រើសផ្សេងមួយចំនួន។ គេហទំព័រស្រដៀងគ្នានេះផ្សេងទៀត អាចមានប្រជាប្រិយនៅតាមតំបន់ផ្សេងៗគ្នា ដែលដោយហេតុនេះហើយ លោកអ្នកអាចនឹងមានជម្រើសផ្សេងៗដើម្បីជ្រើសយក។ មុននឹងជ្រើសយកមួយ លោកអ្នកគួរពិចារណាអំពីចំណុចខាងក្រោមនេះ៖

១. តើវាផ្តល់ការភ្ជាប់សេវាSSLសម្រាប់រាល់ការប្រើប្រាស់គេហទំព័រនោះ ជាជាងភ្ជាប់សេវាតែក្នុងអំឡុងពេលបើកចូលគណនី ដែរឬទេ? តើមានបញ្ហាទាក់ទងទៅនឹងការបម្លែងជាទម្រង់សម្ងាត់ ដូចជាបញ្ហាទាក់ទងទៅនឹងវិញ្ញាបនបត្របម្លែងជាទម្រង់សម្ងាត់ជាដើម ដែរឬទេ?

២. ត្រូវអានដោយប្រុងប្រយ័ត្ន នូវកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណអ្នកប្រើប្រាស់ចុងក្រោយ (End User Licence Agreement) និងគោលនយោបាយស្តីពីភាពឯកជន ឬគោលនយោបាយស្តីពីការប្រើប្រាស់ទិន្នន័យ។ តើខ្លឹមសារព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានចាត់ចែងដោយរបៀបណា? តើព័ត៌មាន និងទិន្នន័យទាំងនោះត្រូវបានចែករំលែកជាមួយនរណាខ្លះ?

៣. តើជម្រើសភាពឯកជនអ្វីខ្លះដែលត្រូវបានផ្តល់សម្រាប់អ្នកប្រើប្រាស់? តើលោកអ្នកអាចជ្រើសរើសចែករំលែករូបថតរបស់លោកអ្នកដោយសុវត្ថិភាពជាមួយមនុស្សមួយចំនួនតូចដែរឬទេ? ឬតើជម្រើសទាំងនោះសុទ្ធតែមានលក្ខណៈសាធារណៈដោយស្វ័យប្រវត្តដែរឬទេ?

៤. ប្រសិនបើលោកអ្នកអាប់ឡូតរូបភាពរសើប (ដូចជារូបភាពនៃការទាមទារតវ៉ាមួយជាដើម) តើគេហទំព័រនោះជួយសម្រួលដល់ការការពាររូបភាពទាំងនោះ(ដូចជាការធ្វើឱ្យមុខមនុស្សព្រិលមើលមិនច្បាស់ជាដើម) ដែរឬទេ?

៥. តើលោកអ្នកស្គាល់ ទីតាំងភូមិសាស្ត្ររបស់ប្រព័ន្ធកុំព្យូទ័របម្រើ ដែលមានយុត្តាធិការដែនដីលើប្រព័ន្ធកុំព្យូទ័របម្រើនោះ ឬដែលក្រុមហ៊ុននោះត្រូវបានចុះបញ្ជីដែរឬទេ? តើលោកអ្នកដឹងថាតើព័ត៌មាននេះទាក់ទងទៅនឹងភាពឯកជន និងសុវត្ថិភាពនៃសកម្មភាពអ៊ីមែលនិងព័ត៌មានរបស់លោកអ្នកយ៉ាងណាដែរឬទេ? តើម្ចាស់របស់គេហទំព័រនោះ នឹងប្រគល់ព័ត៌មានចេញមកដែរឬទេ ប្រសិនបើពួកគេទទួលបានសំណើពីរដ្ឋាភិបាលឱ្យធ្វើដូច្នេះ?