របៀបរក្សា​អនាមិក​ភាព​ និងគេចវាងការរឹតត្បិតនៅលើអុីនធឺណិត

បានធ្វើបច្ចុប្បន្នភាព2010

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

ប្រទេសជាច្រើនជុំវិញពិភពលោក បានតម្លើងកម្មវិធីដែលបង្ការមិនឱ្យអ្នកប្រើប្រាស់ អុីនធឺណិត​នៅក្នុងប្រទេសទាំងនោះ ​អាច​បើក​​មើល​​គេហទំព័រ ឬប្រើសេវាអុីនធឺណិតមួយចំនួន។ បណ្តាក្រុមហ៊ុន សាលារៀន និងបណ្ណាល័យសាធារណៈ ជាទូទៅ​ប្រើ​កម្មវិធី​​កុំព្យូទ័រ​ស្រដៀងៗគ្នា ដើម្បីការពារនិយោជិត សិស្ស និងអតិថិជន មិនឱ្យចូលមើលព័ត៌មានដែលពួកគេ​គិតថាធ្វើឱ្យ​បែក​អារម្មណ៍​ ឬដែលនាំ​ទុក្ខ​ទោស។ បច្ចេកវិទ្យាត្រួតពិនិត្យប្រភេទនេះ មានក្នុងទម្រង់ផ្សេងៗគ្នា។ ឧបករណ៍ត្រួតពិនិត្យខ្លះ បិទ​គេហ​ទំព័រមួយដោយ​ពឹងផ្អែកលើIP addressរបស់គេហទំព័រនោះ ខណៈដែលឧបករណ៍​ត្រួតពិនិត្យ​ផ្សេងទៀតដាក់ឈ្មោះ​អាសយ​ដ្ឋាន​​​គេហ​ទំព័រខ្លះទៅក្នុងបញ្ជីខ្មៅ ឬស្រាវជ្រាវរកពាក្យគន្លឹះ​នៅក្នុងរាល់ការទំនាក់​​ទំនង​តាម​អុីនធឺណិត​ទាំងអស់។

មិនថាការរឹតត្បិតត្រូវបានធ្វើឡើងដោយវិធីណានោះទេ លោកអ្នកតែងតែជានិច្ចកាលអាចគេចវាងវិធីសាស្ត្ររឹតត្បិតទាំងនោះបាន ដោយពឹងផ្អែកទៅលើកុំព្យូទ័រ​អន្តរ​ការី​នៅ​ក្រៅ​ប្រទេស​ ដើម្បីចូលប្រើសេវាកម្មដែលត្រូវបាន​រឹតត្បិតទាំងនោះ​។ ដំណើរ​ការនេះ ជា​ញឹក​​ញាប់​​ត្រូវបានហៅថា ការគេចវាងការរឹតត្បិត ឬត្រូវបានហៅយ៉ាងសាមញ្ញថា គេចវាង ហើយ​កុំព្យូទ័រ​អន្តរការី​ត្រូវបានហៅថា Proxies (ប្រុកសុី)។​ Proxies ក៏មានក្នុង​ទម្រង់​​ខុសៗ​គ្នាជាច្រើនផងដែរ។ នៅក្នុងជំពូកនេះ មានរួមបញ្ចូលកិច្ចពិភាក្សាខ្លីមួយអំពី បណ្តាញអនាមិកភាពពហុប្រុកសុី ដែលបន្ត​ដោយការបរិយាយលម្អិតអំពីProxies គេចវាងមូលដ្ឋាន និង​​របៀបដែលពួកវាធ្វើការ។

វិធីសាស្ត្រទាំងពីរនេះ គឺជាមធ្យោបាយដែលមានប្រសិទ្ធភាព ដើម្បីគេចវាងឧបករណ៍រឹតត្បិតតាមអុីនធឺណិត ប៉ុន្តែវិធីសាស្ត្រ​ទីមួយ​មានលក្ខណៈសមស្របបំផុត បើសិនជាលោកអ្នកសុខចិត្តឲ្យអុីនធឺណិតដើរយឺិតបន្តិច ដើម្បីរក្សាអនាមិក​ភាពរបស់លោកអ្នកតាមអុីនធឺណិត។ ប្រសិនបើលោកអ្នកដឹងនិង​ទុកចិត្តបុគ្គល ​ឬអង្គភាព​ដែល​ធ្វើប្រតិ​បត្តិការ​Proxiesរបស់លោកអ្នក ឬប្រសិនបើល្បឿនបំពេញការងារមានសារៈសំខាន់ចំពោះលោកអ្នកជាង​អនា​មិកភាព នោះProxies គេចវាងមូលដ្ឋានមួយ ប្រហែលជាអាច​បម្រើ​​លោក​អ្នក​​បាន​ល្អជាងនេះ។

សេណារីយ៉ូខាងក្រោយ

:Snippet

អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ

 • របៀបចូលទៅក្នុងគេហទំព័រមួយដែលត្រូវបានបិទពីក្នុងប្រទេសរបស់លោកអ្នក
 • របៀបបង្ការគេហទំព័រដែលលោកអ្នកបានបើកមើល មិនឱ្យស្គាល់ទីតាំងរបស់លោកអ្នក
 • របៀបធ្វើឱ្យប្រាកដថា ទាំងISP និងអង្គភាពឃ្លាំមើលនៅក្នុងប្រទេសរបស់លោកអ្នក មិនអាចកំណត់​បាន​នូវ​គេហ​ទំព័រ ​និងសេវាអុីនធឺណិតដែលលោកអ្នកបើកមើល និងប្រើប្រាស់។

ការយល់ដឹងអំពីការរឹតត្បិតតាមអុីនធឺណិត

ការសិក្សាស្រាវជ្រាវ​ដែលធ្វើឡើងដោយអង្គការដូចជា OpenNet Initiative (ONI) និង Reporters Without Borders (RSF) ចង្អុលបង្ហាញថា ប្រទេសជាច្រើនធ្វើការត្រួតពិនិត្យមាតិកាដែលទាក់ទងសង្គម នយោបាយ និង​'សន្តិសុខជាតិ' ប៉ុន្តែកម្រនឹងផ្សព្វផ្សាយបញ្ជីលម្អិតនៃអ្វីដែលត្រូវបានបិទណាស់។ ជាធម្មតា អ្នកដែលចង់ត្រួតត្រាលើ​សិទ្ធិ​​ប្រើប្រាស់​អុីនធឺណិត​របស់​ពល​រដ្ឋខ្លួន ក៏អនុវត្តកិច្ចប្រឹងប្រែងពិសេសមួយផងដែរ ​ដើម្បីបិទProxiesនិងគេហទំព័រដែល​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​ផ្តល់​កម្មវិធី​​និងការ​​ណែនាំ​ ដើម្បីជួយប្រជាជនឱ្យគេចវាងពីឧបករណ៍ត្រួតរឹតត្បិតទាំងនេះ។ ទោះបីមានការ​ធានា​អំពី​សិទ្ធិប្រើប្រាស់ព័ត៌មានដោយសេរី ដែលត្រូវបានបញ្ចូលនៅក្នុងមាត្រា ១៩ នៃសេចក្តីប្រកាស​ជាសកល​ស្តី​ពី​​សិទ្ធិមនុស្ស​ក៏​ដោយ ចំនួនប្រទេសដែលធ្វើការរឹតត្បិតការប្រើប្រាស់អុីនធឺណិត បានបន្តកើនឡើង​យ៉ាងខ្លាំងក្នុងរយៈ​ពេលពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ប៉ុន្តែ ដោយសារការអនុវត្តការរឹតត្បិតការប្រើប្រាស់អុីនធឺណិតរីក​រាលដាលពេញពិភពលោកដូចនេះ ក៏នាំឱ្យមានការប្រើប្រាស់​ឧប​ករណ៍​គេចវាងការត្រួតពិនិត្យ ដែលត្រូវបានបង្កើត ពង្រាយ និងផ្សព្វផ្សាយដោយសកម្មជន អ្នកសរសេរកម្មវិធី និងអ្នកស្ម័គ្រចិត្តផង​ដែរ។

មុននឹងរុករកមធ្យោបាយផ្សេងៗដើម្បីគេចវាងការរឹតត្បិតតាមអុីនធឺណិត ជាដំបូង លោកអ្នកគួរអភិវឌ្ឍការយល់ដឹងជាមូលដ្ឋាន​មួយ អំពីរបៀបដែលឧបករណ៍រឹតត្បិតទាំងនេះធ្វើការជាមុនសិន។​ ការគិតពិចារណា​អំពី​គំរូ​បំព្រួញ​មួយ​នៃការ​ភ្ជាប់​សេវា​អុីនធឺណិត​របស់លោកអ្នក អាចនឹងជួយលោកអ្នកក្នុងការស្វែងយល់អំពីការនេះបាន។

ការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នក

ជំហានទីមួយនៃការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នក ជាទូទៅត្រូវបានធ្វើតាមរយៈ ក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត​ISPមួយ នៅផ្ទះ ការិយាល័យ សាលារៀន បណ្ណាល័យ ឬហាងអុីនធឺណិតជាដើម។ ISP​នោះ កំណត់ឱ្យកុំព្យូទ័ររបស់លោកអ្នកនូវIP Addressមួយ ដែលសេវា​អុីនធឺណិតផ្សេងៗអាច​ប្រើ​ដើម្បី​កំណត់អត្តសញ្ញាណលោកអ្នក និងផ្ញើព័ត៌មានឱ្យលោកអ្នក ដែលមានដូចជាអុីមែល និងទំព័រអុីនធឺណិត​ដែលលោកអ្នក​ស្នើ​​​សុំជាដើម។

អ្នកដែលស្គាល់IP addressរបស់លោកអ្នក អាចរកឃើញទីក្រុងដែលលោកអ្នកស្ថិតនៅ។ ប៉ុន្តែ អង្គ​ភាព​ដែលមានទំនាក់ទំនងល្អនៅក្នុងប្រទេសរបស់លោកអ្នក អាចប្រើព័ត៌មាននេះ​ដើម្បីកំណត់ទីតាំងជាក់លាក់​របស់​លោក​​អ្នក​បាន។

 • ISPរបស់លោកអ្នក នឹងស្គាល់អគារដែលលោកអ្នកកំពុងស្ថិតនៅ ឬខ្សែទូរស័ព្ទដែល​លោក​អ្នក​កំពុង​ប្រើ​ ប្រសិន​បើលោក​អ្នក​ប្រើ​ម៉ូដឹម(modem)ដើម្បីភ្ជាប់សេវាអុីនធឺណិត។
 • ហាងអុីនធឺណិត បណ្ណាល័យ ឬធុរកិច្ចរបស់លោកអ្នក នឹងស្គាល់កុំព្យូទ័រដែលលោកអ្នក​បានប្រើក្នុងពេលវេលាជាក់​លាក់​មួយ ព្រមទាំងចំណុចភ្ជាប់មានខ្សែ​ ឬឥតខ្សែដែលលោកអ្នកត្រូវបានភ្ជាប់ទៅ។
 • ទីភ្នាក់ងាររដ្ឋាភិបាល អាចនឹងដឹងអំពីព័ត៌មានលម្អិតទាំងនេះ ដោយសារឥទ្ធិពលរបស់ពួកគេទៅលើក្រុមហ៊ុនខាង​លើ។ នៅដំណាក់កាលនេះ ISPរបស់លោកអ្នកពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញកុំព្យូទ័រ​នៅក្នុងប្រទេស​របស់​​លោកអ្នក ដើម្បីភ្ជាប់អ្នកប្រើប្រាស់របស់ខ្លួន(រួមទាំងលោកអ្នកផងដែរ)ជាមួយពិភពលោក។ នៅចុងម្ខាងទៀតនៃការភ្ជាប់សេ​វា​​​របស់លោកអ្នក គេហទំព័រ ឬសេវាអុីនធឺណិតដែលលោកអ្នកកំពុងបើកមើល ឬប្រើ បានឆ្លងកាត់ដំណើរ​ការ​ស្រដៀង​គ្នា​នេះ​ដែរ គឺ​​បានទទួលIP addressesរបស់ខ្លួនពីISPមួយនៅក្នុងប្រទេសរបស់ខ្លួន។ ទោះបីគ្មាន​ការគ្រប់ព័ត៌មាន​បច្ចេក​​ទេសលម្អិតក៏ដោយ គំរូមូលដ្ឋានមួយដែលមានលក្ខណៈដូចនេះ អាចមានប្រយោជន៍ នៅពេលពិចារណា​អំពីឧបករណ៍​ផ្សេងៗ​ដែល​អនុញ្ញាត​ឱ្យលោកអ្នកអាចគេចវាងពីឧបករណ៍ត្រួតពិនិត្យ និងអាចរក្សាអនាមិកភាពនៅលើអុីនធឺណិត។

របៀបដែលគេហទំព័រត្រូវបានបិទ

នៅពេលលោកអ្នកចូលមើលទំព័រអុីនធឺណិតមួយ លោកអ្នកកំពុងបង្ហាញIP address​របស់​គេហទំព័រនោះទៅISPរបស់លោកអ្នក ហើយស្នើសុំឱ្យ​ISP​​របស់លោកអ្នក​ភ្ជាប់លោកអ្នក​ជាមួយ​ISPរបស់គេហទំព័រអុីនធឺណិតនោះ។ ហើយ ប្រសិនបើ​លោក​អ្នក​ភ្ជាប់សេវាអុីនធឺណិតមួយ ដែលមិនមានការរឹតត្បិត នោះដំណើរការវានឹងទៅតាមដំណើរយ៉ាងដូច្នោះ។ ប៉ុន្តែ ប្រសិនបើលោកអ្នកស្ថិតនៅក្នុងប្រទេសមួយដែលមានការត្រួតត្រាលើអុីនធឺណិត ជាដំបូង វានឹងធ្វើការផ្ទៀងផ្ទាត់ជាមួយ​បញ្ជីខ្មៅ​​នៃគេហទំព័រដែលត្រូវបានហាមឃាត់សិន ហើយបន្ទាប់មក ទើបធ្វើការសម្រេចថា តើអនុវត្ត​តាមសំណើរបស់​លោ​ក​អ្នកដែរឬទេ។

នៅក្នុងករណីខ្លះ អាចនឹងមានអង្គភាពកណ្តាលមួយ ដែលចាត់ចែងត្រួតពិនិត្យជំនួសឱ្យISPs។ ជាញឹក​ញាប់ នៅក្នុងបញ្ជីខ្មៅនឹងមានព័ត៌មានអំពីឈ្មោះអាសយដ្ឋាន​គេហទំព័រ​ ដូចជា www.blogger.com ជាដើម ជាជាងIP​​ addresses។ ហើយ​នៅក្នុងប្រទេសខ្លះ កម្មវិធីត្រួតពិនិត្យធ្វើការពិនិត្យតាមដានការភ្ជាប់សេវារបស់លោកអ្នក ជាជាងព្យាយាមបិទអាសយ​ដ្ឋាន​ អុីនធឺណិត។

កម្មវិធីកុំព្យូទ័រប្រភេទនេះ ធ្វើការស្គែនសំណើដែលលោកអ្នកស្នើសុំ និងទំព័រដែលត្រូវបានផ្តល់ត្រឡប់ទៅឱ្យលោកអ្នកវិញ រួច​ស្វែង​រក​ពាក្យគន្លឹះរសើប ហើយបន្ទាប់មកទើបសម្រេចថា តើឱ្យលោកអ្នកមើលឃើញលទ្ធផលដែរឬទេ។

ហើយ រឿងដែលអាក្រក់បំផុតនោះ នៅពេលទំព័រអុីនធឺណិតមួយត្រូវបានបិទ លោកអ្នកអាចមិនទាំងដឹងផង។ ឧបករណ៍​ត្រួត​ពិនិត្យខ្លះ​បង្ហាញ'ទំព័របញ្ជាក់ពីការបិទ'មួយ ដែលពន្យល់អំពីមូលហេតុដែលទំព័រអុីនធឺណិតនោះត្រូវបានបិទ ហើយខ្លះទៀត​បង្ហាញ​សេចក្តីពន្យល់បន្លំអំពី​កំហុស។ ឧទា. សារទាំងនេះអាចនឹងថ្លែងបញ្ជាក់ថា ទំព័រនេះមិនអាចរកឃើញទេ ឬថា អាសយដ្ឋាន​នេះ​មាន​ប្រកប​​តួអក្សរខុស។

ជាទូទៅ វាគឺជាការងាយបំផុតក្នុងការទទួលយកទស្សនៈមិនល្អមួយ ចំពោះការរឹតត្បិតតាមអុីនធឺណិត ជាជាង​ការព្យា​យាម​​សិក្សាស្រាវជ្រាវរកចំណុចខ្លាំង និងចំណុចខ្សោយរបស់បច្ចេកវិទ្យារឹតត្បិត ដែលត្រូវបាន​ប្រើ​នៅក្នុង​ប្រទេស​របស់​លោក​អ្នក។ និយាយម្យ៉ាងទៀត លោកអ្នកប្រហែលជាសន្មតផងដែរថា៖

 • ចរាចរណ៍អុីនធឺណិតរបស់លោកអ្នកត្រូវបានពិនិត្យតាមដាន​ដោយរកពាក្យគន្លឹះ

 • ដំណើរការត្រួតពិនិត្យ​ត្រូវបានអនុវត្តដោយផ្ទាល់នៅកម្រិតISP

 • គេហទំព័ដែលត្រូវបានបិទ គឺត្រូវបានចុះបញ្ជីខ្មៅដោយIP addressesរបស់ពួកវា និងឈ្មោះអាសយដ្ឋានគេហទំព័ររបស់ពួកវា

 • លោកអ្នកអាចនឹងត្រូវបានផ្តល់នូវមូលហេតុមិនច្បាស់លាស់ ឬបំភ័ន្តមួយ ក្នុងការពន្យល់អំពីមូលហេតុ​ដែលគេហទំព័រត្រូវបានបិទនោះ​​មិនអាចបើកបាន។ ជាទូទៅវាមិនបង្កអន្តរាយចំពោះការសន្មតជាលក្ខណៈទុទិដ្ឋិនិយមទាំងនេះទេ ទោះបីជាមានឧបករណ៍គេចវាងការរឹតត្បិតដែលមានប្រសិទ្ធភាពបំផុត អាចប្រើបានគ្រប់ការរឹតត្បិតទាំងឡាយក៏ដោយ។

  ម៉ានសួរ៖ ដូច្នេះ ប្រសិនបើថ្ងៃមួយខ្ញុំរកឃើញថា ខ្ញុំមិនអាចចូលប្រើប្លុក(blog)នេះបាន ប៉ុន្តែមិត្តម្នាក់នៅក្នុងប្រទេសមួយផ្សេងទៀត​នៅអាចមើលឃើញវាជាប្រក្រតី តើនោះមានន័យថា រដ្ឋាភិបាលបានបិទវាឬ?

​ម៉ាកដា៖ មិនប្រាកដជាអញ្ចឹងទេ។ អាចមានបញ្ហាខ្លះ ដែលប៉ះពាល់តែអ្នកដែលកំពុងព្យាយាមចូលប្រើគេហទំព័រនោះពីទីនេះប៉ុណ្ណោះ។ ឬ វាអាចជាបញ្ហាខ្លះជាមួយកុំព្យូទ័ររបស់ឯង ដែលអាចបង្ហាញតែទំព័រអុីនធឺណិតប្រភេទខ្លះប៉ុណ្ណោះ។ ទោះយ៉ាង​ណាក៏ដោយ ឯងកំពុងគិតត្រូវហើយ។ ឯងអាចសាកល្បងបើកមើលវាដោយខ្លួនឯងផងដែរ ខណៈដែលកំពុងប្រើឧបករណ៍គេចវាង​ការរឹតត្បិត។ ជាងនេះទៅទៀត ភាគច្រើនបំផុតនៃឧបករណ៍ទាំងនេះ គឺពឹងផ្អែកទៅលើកុំព្យូទ័របម្រើProxyខាងក្រៅជាច្រើន ដែល​មានលក្ខណៈដូចជាសុំឱ្យមិត្តម្នាក់នៅក្នុងប្រទេសមួយផ្សេងទៀត​ធ្វើតេស្តគេហទំព័រមួយឱ្យឯងអញ្ចឹង លើកលែងតែឯងត្រូវ​ធ្វើវា​ដោយខ្លួនឯង។

ការយល់ដឹងអំពីការគេចវាងពីការរឹតត្បិត

ប្រសិនបើលោកអ្នកមិនអាចចូលមើលគេហទំព័រមួយដោយផ្ទាល់បាន ដោយសារវាត្រូវបានបិទដោយវិធីសាស្ត្រមួយក្នុងចំណោម​វិធីសាស្ត្រដែលត្រូវបានពិភាក្សាខាងលើ លោកអ្នកចាំបាច់ត្រូវរកមធ្យោបាយគេចវាងពីឧបសគ្គនេះ។ សឺវឺproxyសុវត្ថិភាព ដែលស្ថិតនៅក្នុងប្រទេសមួយដែលមិនមានការរឹតត្បិតតាមអុីនធឺណិត អាចផ្តល់ការ​គេចវាងប្រភេទនេះ ដោយធ្វើការចាប់យកទំព័រអុីនធឺណិតដែលលោកអ្នកស្នើសុំ យកមកប្រគល់ឱ្យលោកអ្នក។ បើមើលតាមទស្សនៈISP'sរបស់លោកអ្នក លោកអ្នកគ្រាន់តែបង្ហាញថា កំពុងធ្វើទំនាក់ទំនងដោយសុវត្ថិភាព​ជា​មួយកុំព្យូទ័រមិនស្គាល់មួយ (សឺវឺ proxy)នៅកន្លែងណាមួយលើអុីនធឺណិតប៉ុណ្ណោះ។

ជាការពិត ទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលបន្ទុកត្រួតពិនិត្យអុីនធឺណិតនៅក្នុងប្រទេសរបស់លោកអ្នក (ឬក្រុមហ៊ុនដែលផ្តល់បច្ចុប្បន្នភាពសម្រាប់កម្មវិធីត្រួតពិនិត្យរបស់ទីភ្នាក់ងារនោះ) ប្រហែលបានដឹងជាយថាហេតុថា 'កុំព្យូទ័រមិនស្គាល់'នេះ គឺពិតជាproxyគេចវាងការត្រួតពិនិត្យ។ ប្រសិនបើមានការនេះកើតឡើង IP addressរបស់វា អាចត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ ហើយវានឹងលែងដំណើរការបានទៀតហើយ។ ប៉ុន្តែ ជាធម្មតា គេត្រូវការពេលវេលាមួយចំនួន​សម្រាប់បិទដំណើរការproxies ហើយអ្នកដែលបង្កើតនិងធ្វើបច្ចុប្បន្នភាពឧបករណ៍គេចវាងការត្រួតពិនិត្យ សុទ្ធតែ​បានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងនេះ។ ពួកគេជាទូទៅប្រយុទ្ធតបតវិញ​ ដោយប្រើវិធីមួយ ឬវិធីទាំងពីររខាងក្រោមនេះ៖

 • Proxiesលាក់កំបាំង ជួយធ្វើឲ្យមានលក្ខណៈពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់អ្នក។ នេះគឺជាហេតុផលមួយដែលអ្នកគួរប្រើproxiesដែលមានសុវត្ថិភាព។ ប៉ុន្តែ ការធ្វើកូដនីយកម្ម គឺជាផ្នែកតែមួយគត់នៃដំណោះស្រាយ។ ប្រតិបត្តិកររបស់proxy ត្រូវតែប្រុងប្រយ័ត្នផងដែរ នៅពេលបើកបង្ហាញទីតាំងរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ថ្មី ប្រសិនបើខ្លួនចង់រក្សាវាឱ្យលាក់កំបាំង។

 • Disposable proxies (Proxiesដែលអាចបោះចោលបាន) អាចត្រូវបានជំនួសបានភ្លាមៗ បន្ទាប់ពីត្រូវបានបិទ។ ក្នុងករណីនេះ ដំណើរការប្រាប់ទៅអ្នកប្រើប្រាស់អំពីរបៀបរកproxiesថ្មីជំនួសនោះ អាចនឹងមិនមានសុវត្ថិភាពឡើយ​។ ជាជំនួស ឧបករណ៍គេចវាងការត្រួតពិនិត្យនៃប្រភេទProxyនេះ ជាញឹកញាប់គ្រាន់តែព្យាយាមចែកចាយproxiesថ្មី ដែលមានល្បឿនលឿនជាងការដែលពួកវាត្រូវបានបិទប៉ុណ្ណោះ។

នៅចុងក្រោយបំផុត ដរាបណាលោកអ្នកអាចចូលប្រើបានproxyដែលលោកអ្នកទុកចិត្តហើយនោះ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែផ្ញើឱ្យវា​នូវសំណើរបស់លោកអ្នក និងមើលអ្វីៗទាំងអស់ដែលត្រឡប់មកវិញដោយ​ប្រើកម្មវិធីអុីនធឺណិតសមស្របមួយ។ ជាទូទៅ ភាពលម្អិតនៃដំណើរការនេះ ត្រូវបានចាត់ចែងជាស្វ័យប្រវត្តិ ដោយ​កម្មវិធី​គេចវាងការត្រួតពិនិត្យដែលលោកអ្នកបញ្ចូលទៅក្នុងកុំព្យូទ័ររួចហើយ ដោយផ្លាស់ប្តូរមុខងារកំណត់របស់កម្មវិធីបើក អុីនធឺណិតរបស់លោកអ្នក និងដោយចង្អុលកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកទៅកាន់ទំព័រproxyប្រើលើអុីនធឺណិតមួយ។ បណ្តាញអនាមិកភាពTor ដែលនឹងបរិយាយខាងក្រោមនេះ គឺប្រើវិធីសាស្ត្រទីមួយ​។ បន្ទាប់ពីនោះ គឺជាការពិភាក្សាមួយអំពីឧបករណ៍គេចវាងការត្រួតពិនិត្យរបស់proxyមូលដ្ឋាន និង proxyទោល ដែលប្រភេទនីមួយៗដំណើរការក្នុងរបៀបខុសប្លែកគ្នាបន្តិច។

បណ្តាញអនាមិកភាព និងសឺវឺProxyមូលដ្ឋាន

បណ្តាញអនាមិកភាព

បណ្តាញអនាមិកភាព ជាទូទៅ 'បញ្ជូនត្រឡប់ចុះឡើង' នូវចរាចរណ៍អុីនធឺណិតរបស់លោកអ្នករវាងproxies​មានសុវត្ថិភាពផ្សេងៗ ដើម្បីបំភ័ន្តអំពីកន្លែងរបស់លោកអ្នក និងអំពីអ្វីដែលលោកអ្នកកំពុងព្យា​យាម​​ចូលមើល​​។ ដំណើរការនេះ អាចកាត់បន្ថយនូវល្បឿននៃការបើកគេហទំព័រ និងសេវាអុីនធឺណិតផ្សេងទៀតយ៉ាងខ្លាំង។ ប៉ុន្តែ​ ការប្រើកម្មវិធីដូចជាTor វាផ្តល់នូវ​មធ្យោបាយគេចវាងមួយដែលអាចទុកចិត្តបាន មាន​សុវត្ថិភាព និងមានលក្ខណៈទូលំទូលាយ ដែលជួយលោកអ្នកមិនឱ្យ​ព្រួយ​បារម្ភណ៍​ថា តើ​លោកអ្នកត្រូវទុកចិត្តឬអត់ទៅ​លើ​បុគ្គល​​​ដែលប្រតិបត្តិការ​proxies​របស់លោកអ្នក និងគេហទំព័រ​ដែល​លោកអ្នកបើកមើល។ ជានិច្ចកាល លោក​​អ្នកត្រូវតែធានាថា លោកអ្នកមានការភ្ជាប់សេវាមួយ​ដែលត្រូវបាន​ធ្វើកូដនីយកម្ម (HTTPS) ទៅ​​កាន់គេហទំព័រសុវត្ថិភាពមួយ មុននឹងធ្វើការផ្លាស់ប្តូរព័ត៌មានរសើប​(ដូច​ជា​ពាក្យ​​សម្ងាត់​និងអ៊ីមែលជាដើម) ​តាម​រយៈ​កម្មវិធី​បើក​អុីនធឺណិតមួយ។

លោកអ្នកត្រូវតែបញ្ចូលកម្មវិធីដើម្បីប្រើTor ប៉ុន្តែលទ្ធផលដែលទទួលបាន ​គឺជាឧបករណ៍​មួយដែល​ផ្តល់​នូវ​អនាមិកភាព និងការគេចវាងពីការត្រួតពិនិត្យ។ រៀងរាល់ពេលដែលលោកអ្នកភ្ជាប់ទៅបណ្តាញTor លោក​អ្នក​គឺបានជ្រើសរើសផ្លូវចៃដន្យមួយ​ តាមរយៈproxies Torមានសុវត្ថិ​ភាពចំនួនបី។ ដំ​ណើរការនេះធានាថា ទាំងISPរបស់លោកអ្នក និង proxies ​​​​ផ្ទាល់​ សុទ្ធតែមិន​ស្គាល់​IPaddressរបស់កុំព្យូទ័ររបស់លោកអ្នក និង​ទីតាំង​របស់​សេវាអុីនធឺណិត​ដែល​លោក​អ្នក​ស្នើ​ឡើយ។ លោកអ្នកអាចយល់ដឹងបន្ថែមអំពីឧបករណ៍នេះ នៅក្នុង​មគ្គុទ្ទេសក៍​ណែ​នាំ​អំពីកម្មវិធីTor ។

អនុវត្តន៍៖ ចាប់ផ្តើមជាមួយ Tor (ថរ) - មគ្គុទ្ទេសក៍ណែនាំអំពី អនាមិកភាព និងការគេចវាងឌីជីតថល

ចំណុចខ្លាំងមួយរបស់Torគឺថា វាមិនគ្រាន់តែអាចធ្វើការជាមួយកម្មវិធីបើកអុីនធឺណិតបានប៉ុណ្ណោះទេ ប៉ុន្តែគេអាចប្រើ​វា​បានជា​មួយប្រភេទកម្មវិធីលើអុីនធឺណិតផ្សេងៗផងដែរ។ បណ្តាកម្មវិធីអ៊ីមែល (រាប់បញ្ចូលរាប់ទាំងកម្មវិធីMozilla Thunderbird) និងបណ្តាកម្មវិធីផ្ញើសាររហ័សភ្លាមៗ (រាប់បញ្ចូលទាំងកម្មវិធីPidgin) ក៏អាចដំណើរការតាមរយៈTor ដើម្បីចូលប្រើសេវាដែលមានការត្រួតពិនិត្យ ឬដើម្បីលាក់បាំង​ការប្រើសេវាទាំងនោះរបស់លោកអ្នកបាន។

Proxiesមូលដ្ឋានសម្រាប់ការគេចវាងពីការរឹតត្បិតលើអុីនធឺណិត

មានសំណួរសំខាន់បី ដែលលោកអ្នកគួរពិចារណា នៅពេលជ្រើសយកProxiesមូលដ្ឋានសម្រាប់ការគេចវាងពីការត្រួតពិនិត្យ។ ទី​មួយ៖ តើវាគឺជាឧបករណ៍ប្រើលើអុីនធឺណិត ឬតើវាតម្រូវឱ្យលោកអ្នកផ្លាស់ប្តូរមុខងារកំណត់ផ្សេងៗ ឬវាជាកម្មវិធីដែលតម្រូវឲ្យតម្លើងទៅក្នុង​កុំព្យូទ័រ​របស់​​​លោកអ្នក? ទីពីរ៖ តើវាមានសុវត្ថិភាពដែរឬទេ? ទីបី៖ តើវាជាលក្ខណៈឯកជនឬសាធារណៈ?

Proxiesប្រើលើអុីនធឺណិត និង Proxiesផ្សេងទៀត

Proxiesប្រើលើអុីនធឺណិត ទំនងជាProxiesដែលងាយស្រួលប្រើបំផុត។ ពួកវាគ្រាន់តែ​តម្រូវឱ្យលោកអ្នក​ចង្អុល​​បង្ហាញកម្មវិធីបើកអុីនធឺណិតទៅកាន់គេហទំព័ររបស់Proxyមួយ បន្ទាប់មកវាយបញ្ចូលអាសយ​ដ្ឋាន​ដែលអ្នកចង់បើកមើល និងចុចលើប៊ូតុងមួយតែប៉ុណ្ណោះ។ បន្ទាប់មក Proxy​នឹងបង្ហាញខ្លឹមសារដែលស្នើសុំ នៅក្នុងទំព័រអុីនធឺណិតរបស់វាផ្ទាល់។ លោកអ្នកអាចចូល​មើលមាតិកាផ្សេងៗបន្តជាធម្មតា​តាមតំណភ្ជាប់នោះ ឬបញ្ចូលអាសយដ្ឋានថ្មីមួយទៅក្នុងProxy ប្រសិនបើលោកអ្នកចង់​មើលគេហទំព័រ​ផ្សេង​ទៀត។ លោកអ្នកមិនចាំបាច់ត្រូវបញ្ចូលកម្មវិធីណាមួយ ឬផ្លាស់ប្តូរមុខងារកំណត់ណាមួយរបស់កម្មវិធី​បើក​អុីនធឺណិតឡើយ ព្រោះ Proxiesដែលប្រើលើអុីនធឺណិតគឺ៖

 • ងាយស្រួលប្រើ
 • អាចចូលប្រើបានពីកុំព្យូទ័រសាធារណៈ ដូចជាកុំព្យូទ័រនៅតាមហាងអុីនធឺណិតជាដើម ដែលនៅទីនោះលោកអ្នកប្រហែល​ជា​មិន​ត្រូវបានអនុញ្ញាតឱ្យបញ្ចូលកម្មវិធី ឬផ្លាស់ប្តូរមុខងារកំណត់របស់កម្មវិធីឡើយ។
 • មានសុវត្ថិភាពខ្ពស់ជាង ប្រសិនបើលោកអ្នកព្រួយបារម្ភណ៍អំពី ការដែលត្រូវ'ចាប់បាន'ជាមួយកម្មវិធីគេចវាងការរឹតត្បិត ​ដែល​មាន​នៅក្នុងកុំព្យូទ័ររបស់លោកអ្នក។

Proxiesប្រើលើអុីនធឺណិត ទំនងជាមានគុណវិបត្តិខ្លះផងដែរ។ ពួកវាមិនបង្ហាញគេហទំព័រ​បាន​​ត្រឹម​ត្រូវ​ជា​និច្ច​នោះទេ ហើយ Proxiesប្រើលើអុីនធឺណិតជាច្រើន​ នឹងមិនអាច​ផ្ទុក​គេហទំព័រស្មុគស្មាញ(រួមទាំង គេហ​​ទំព័រដែលមានខ្លឹមសារជាសម្លេង និងវីដេអូ)ឡើយ។ ជាមួយគ្នានេះដែរ Proxyនឹង​បន្ថយ​ល្បឿន​ប្រើប្រាស់អុីនធឺណិត នៅពេលវាមានអ្នកប្រើប្រាស់វាកាន់តែច្រើននោះ។ ហើយ ជាការពិត ​Proxiesប្រើលើ​អុីនធឺណិត ​ធ្វើការតែជាមួយ​គេហទំព័រអុីនធឺណិត​ប៉ុណ្ណោះ​។ ឧទា. លោកអ្នកមិនអាចប្រើកម្មវិធីផ្ញើសាររហ័ស​ភ្លាមៗ ឬកម្មវិធីប្រើអុីមែល ដើម្បីចូលប្រើសេវាដែលត្រូវបានបិទ តាម​រយៈ​​Proxy​ប្រើលើអុីនធឺណិតឡើយ។ ជាចុងក្រោយ ​Proxy​ប្រើលើអុីនធឺណិត​ដែលមានសុវត្ថិភាព ក៏ផ្តល់​កម្រិតរក្សាការសម្ងាត់មានកំណត់ផងដែរ ព្រោះពួកវាខ្លួនឯងក៏ត្រូវតែចូលនិងកែនូវ​ព័ត៌​មាន​ដែលបញ្ជូន​ត្រឡប់​ពី​គេហ​ទំព័រ​ទៅឱ្យលោកអ្នកផងដែរ។ ប្រសិនបើពួកវាមិនបានធ្វើដូចនេះទេនោះ លោកអ្នកក៏ប្រហែលនឹងមិនអាចចុចមើលតំណភ្ជាប់នោះបានដែរ។ ចំណុចនេះ ត្រូវបានពិភាក្សាបន្ថែមនៅក្នុងផ្នែកខាងក្រោម។

ប្រភេទ​Proxies​ផ្សេងៗទៀត ជាទូទៅតម្រូវឱ្យលោកអ្នកបញ្ចូលកម្មវិធីមួយ ឬកំណត់មុខងារ​ឱ្យ​អាសយ​ដ្ឋាន​Proxy​ខាងក្រៅមួយនៅក្នុងកម្មវិធីបើកអុីនធឺណិត ឬប្រព័ន្ធប្រតិបត្តិការ​របស់​លោក​អ្នក។ នៅ​ក្នុង​ករណី​ទីមួយ កម្មវិធីគេចវាងរបស់លោកអ្នក ជាទូទៅ នឹងផ្តល់មធ្យោបាយខ្លះក្នុងការបើកនិងបិទ​ដំណើរ​ការកម្មវិធីនេះ ដោយវានឹងប្រាប់ទៅកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកថា តើត្រូវប្រើ​Proxyនេះ ​​ឬអត់។ កម្មវិធី​កុំព្យូទ័រដូច​នេះ ជា​​ញឹកញាប់អនុញ្ញាតឱ្យលោកអ្នកអាចផ្លាស់ប្តូរ ​Proxies​បានដោយស្វ័យប្រវត្តិ ប្រសិនបើProxyមួយត្រូវ​បានបិទ ដូចដែលបានពិភាក្សាខាងលើ។ នៅ​ក្នុង​ករណី​ទីពីរ ប្រសិនបើលោកអ្នកត្រូវតែ​កំណត់​​មុខងារឱ្យអាសយដ្ឋាន​Proxy​ខាងក្រៅមួយនៅក្នុងកម្មវិធីបើក​អុីនធឺណិត ឬ​ប្រព័ន្ធ​ប្រតិ​បត្តិការ​របស់​​លោក​អ្នក លោកអ្នកចាំបាច់ត្រូវ​ដឹង​អំពី​អាសយដ្ឋាន​Proxyឲ្យច្បាស់ ព្រោះអាសយដ្ឋាននោះអាចនឹងផ្លាស់ប្តូរនៅពេល​Proxyនោះត្រូវបានបិទ ឬដើរ​យឺតខ្លាំង​រហូត​ដល់មិនអាចប្រើបាន។

ទោះបីវាអាចនឹងពិបាកប្រើជាង​Proxyប្រើលើអុីនធឺណិតបន្តិចក៏ដោយ វិធីសាស្ត្រគេចវាង​ការត្រួត​ពិនិត្យ​​​នេះទំនងបង្ហាញបានត្រឹមត្រូវជាង នូវទំព័រអុីនធឺណិតដែលស្មុគស្មាញ ហើយអាចនឹងចំណាយ​ពេល​យូរជាង​ក្នុង​ការ​ថយ​​ល្បឿន ព្រោះមនុស្សកាន់តែច្រើនចាប់ផ្តើមប្រើសឺវឺ Proxyនោះ។ ម្យ៉ាងទៀត ​Proxiesមានច្រើនសម្រាប់ប្រើប្រាស់ និងប្រើបានម្រាប់កម្មវិធីអុីនធឺណិតផ្សេងៗគ្នាផងដែរ។ ឧទា. HTTP ​Proxiesសម្រាប់កម្មវិធីបើកអុីនធឺណិត, SOCKS ​Proxies សម្រាប់​កម្មវិធីអ៊ីមែល​និង​កម្មវិធីជជែកគ្នា និង ​VPN Proxiesដែលអាចផ្លាស់ប្តូរអាសយដ្ឋានចរាចរណ៍​អុីនធឺណិត​ទាំង​អស់​របស់​លោកអ្នក ដើម្បីគេចវាងពីការត្រួតពិនិត្យ។

Proxiesដែលមានសុវត្ថិភាព និង Proxiesដែលគ្មានសុវត្ថិភាព៖

នៅក្នុងជំពូកនេះ Proxyដែលមានសុវត្ថិភាពមួយ គឺសំដៅទៅលើ Proxy​ណា​ដំណើរការជាមួយការភ្ជាប់សេវាដែលបានធ្វើកូដនីយកម្ម​ទៅកាន់អ្នកប្រើប្រាស់របស់វា។ ចំណែក Proxyគ្មានសុវត្ថិភាព សំដៅលើ Proxy ដែលនៅតែអនុញ្ញាតឱ្យលោកអ្នកគេចវាងពីការ​ត្រួត​ពិនិត្យ​បាន ប៉ុន្តែមិនអាចការពារលោកអ្នកពីវិធីសាស្ត្រស្គែនរកពាក្យគន្លឹះ ឬអាសយ​ដ្ឋានគេហទំព័រជាក់លាក់បានឡើយ។ ហើយវាក៏មិនមែនជាគំនិតល្អផងដែរ ក្នុងការប្រើProxyគ្មានសុវត្ថិភាព​មួយ ដើម្បីបើកចូលមើល​គេហទំព័រ​ដែល​​មានកូដនីយកម្មដូចជា គណនី​វែប​មែល និង គេហទំព័រធនាគារជាដើម។ ការធ្វើដូចនេះ លោកអ្នកអាចនឹងបើកបង្ហាញព័ត៌មានរសើប ដែលជាធម្មតា​គួរ​តែត្រូវ​បានលាក់។ ហើយ ដូច​ដែល​បាន​បញ្ជាក់ពីមុនរួចហើយ Proxiesដែលគ្មានសុវត្ថិភាព ជាញឹកញាប់​ មាន​លក្ខណៈងាយស្រួលរកឃើញពីកម្មវិធីត្រួតពិនិត្យ​​ និងងាយត្រូវបានគេ​បិទក្រោមគោលនយោបាយត្រួតពិនិត្យអុីនធឺណិត។ ជាចុងក្រោយ ​មាន Proxiesឥតគិតថ្លៃ លឿន និងមានសុវត្ថិភាពជាច្រើនដែលលោកអ្នកអាចប្រើបាន ដោយមិនចាំបាច់ប្រើProxyមួយដែល​គ្មាន​សុវត្ថិភាពនោះទេ។

លោកអ្នកនឹងដឹងថា Proxyប្រើលើអុីនធឺណិតមួយមានសុវត្ថិភាព ប្រសិនបើលោកអ្នកអាចចូល​ទៅ​ក្នុង​ទំព័រ​អុីនធឺណិតរបស់Proxyនោះផ្ទាល់ ដោយប្រើអាសយដ្ឋាន​HTTPS​មួយ​។ ដោយសារ ការភ្ជាប់សេវា​វែប​មែលអាចធ្វើទៅបានទាំងជាមួយសេវាភ្ជាប់មានសុវត្ថិភាព និងគ្មានសុវត្ថិភាព ដូច្នេះ​លោក​អ្នក​គួរតែ​ប្រា​កដ​ថា លោកអ្នកប្រើអាសយដ្ឋានដែលមានសុវត្ថិភាព។ ក្នុងករណីនេះ លោកអ្នក​អាចនឹងទទួលបាន 'ការព្រមានអំពីវិញ្ញាបនបត្រសុវត្ថិភាព' មួយ ពីកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកផងដែរ ដើម្បី​បន្តដំណើរការទៅមុខទៀត។ នេះ​គឺជា​ករណី​សម្រាប់ Peacefire Proxy ដែលលើកមកពិភាក្សាខាងក្រោមនេះ។ ការ​ព្រ​មាន​ដូចនេះ បង្ហាញថា មាននរណាម្នាក់ (ដូចជា ISPរបស់លោកអ្នក ឬហេក​ឃ័រ​ជាដើម)​ ប្រហែល​កំពុង​ពិនិត្យ​តាម​ដាន​ការភ្ជាប់សេវារបស់លោកអ្នកទៅកាន់Proxyនោះ។ ទោះបីមាន​ការព្រមានទាំងនេះក៏ដោយ វាអាចនៅតែ​ជា​គំនិត​ល្អមួយ ដែលត្រូវប្រើ Proxiesដែលមាន​សុវត្ថិ​ភាព ​នៅគ្រប់ពេលវេលាដែលអាចធ្វើទៅបាន។ ប៉ុន្តែ នៅពេលពឹងផ្អែកទៅលើProxiesបែបនេះ​ដើម្បីគេចវាងពីការរឹតត្បិត លោកអ្នកគួរជៀសវាង​បើក​គេហ​ទំព័រ​ដែលមានសុវត្ថិភាព ប្រសិនបើលោកអ្នកមិន​ទាន់បានពិនិត្យ​ផ្ទៀង​​​ផ្ទាត់ស្លាកសម្គាល់ SSL របស់ Proxy ទេនោះ។ ដើម្បីអនុវត្តប្រការនេះ លោក​អ្នក​ចាំបាច់ត្រូវមានមធ្យោបាយទំនាក់ទំនងប្រកបដោយសុវត្ថិភាព​មួយ ជា​មួយ​​​អ្នកគ្រប់គ្រងរបស់ Proxyនោះ។​ ជាការល្អបំផុត លោកអ្នកមិនត្រូវបញ្ចូលពាក្យសម្ងាត់​ ឬផ្លាស់ប្តូរ​ព័ត៌​មាន​​រសើបទៅវិញទៅមក នៅពេលប្រើProxiesអុីនធឺណិត​ជាទូទៅឡើយ។

លោកអ្នកគួរជៀសវាងចូលប្រើព័ត៌មានរសើបតាមរយៈ Proxyអុីនធឺណិតមួយផងដែរ លុះត្រាតែ​លោក​អ្នក​ទុក​ចិត្ត​លើអ្នកដែលដំណើរការProxyនោះ។ ចំណុចនេះ ត្រូវអនុវត្តរាល់ពេលលោកអ្នកបើកចូល Proxy ដោយមិនគិតថា លោកអ្នកបានឃើញ ឬមិនបានឃើញនូវ​ការ​​ព្រមាន​របស់ ​វិញ្ញា​បន​បត្រសុវត្ថិភាពនោះទេ។ វា​ក៏ត្រូវ​អនុ​វត្តផងដែរ ទៅបី​លោក​អ្នក​ស្គាល់អ្នកប្រតិបត្តិការរបស់ Proxyនោះច្បាស់​ល្មម​នឹង​អាច​ពិនិត្យ​​​​ផ្ទៀង​ផ្ទាត់​​ស្លាកសម្គាល់ របស់សឺវឺ មុនពេលបញ្ជាឱ្យកុំព្យូទ័រ​បើកអុីនធឺណិតរបស់​លោកអ្នក​ទទួលយកការ​ព្រ​មាន​​នោះ​ក៏ដោយ។ នៅពេលលោក​អ្នក​ពឹង​ផ្អែក​ទៅលើសឺវឺ Proxyទោលមួយ អ្នកគ្រប់គ្រងរបស់វា​នឹង​ស្គាល់​ជានិច្ចនូវ IP address របស់លោកអ្នក និងគេហទំព័រដែលលោកអ្នកកំពុងបើកមើល។ ប៉ុន្តែ សំខាន់ជាងនេះទៅទៀត ​បើសិន Proxyនោះប្រើនៅលើអុីនធឺណិត ប្រតិបត្តិ​ករ​អាក្រក់អាចនឹងចូលមើលគ្រប់ព័ត៌មាន​ទាំងអស់ ដែលឆ្លងកាត់រវាងកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នក​ និងគេហ​ទំព័រ​ដែលលោកអ្ន​ក​បើក​មើល រួមបញ្ចូល​ទាំងខ្លឹម​សារ​វែប​មែល និងពាក្យសម្ងាត់របស់លោកអ្នកផងដែរ។

សម្រាប់ Proxies ដែលមិនប្រើលើអុីនធឺណិត លោកអ្នកប្រហែលជាត្រូវធ្វើការ​ស្រាវ​ជ្រាវតូចមួយ ដើម្បី​កំណត់ថា តើការភ្ជាប់សេវាដែលមានសុវត្ថិភាពអាចប្រើជាមួយវាបានដែរឬទេ។ គ្រប់ Proxies​ និង​បណ្តាញ​កុំព្យូទ័រអនាមិកភាពទាំងអស់ដែលលើកមកណែនាំនៅក្នុងជំពូកនេះ គឺសុទ្ធតែមានសុវត្ថិភាព។

Proxiesឯកជន និង Proxiesសាធារណៈ

Proxiesសាធារណៈ ទទួលយកការភ្ជាប់សេវាពីគ្រប់មនុស្សទាំងអស់ ចំណែកឯ Proxies​ឯកជនវិញ ជាទូទៅតម្រូវឱ្យមានឈ្មោះអ្នកប្រើប្រាស់មួយ និងពាក្យសម្ងាត់មួយ។ Proxiesសាធារណៈពិតជាមានអត្ថប្រយោជន៍ត្រង់ថា វាបើកឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ និងជាសាធារណៈ ប៉ុន្តែ​ពួក​វា​​ក៏ទំនង​ជា​មានចរាចរណ៍ចង្អៀតយ៉ាងឆាប់ផងដែរ។ ជាលទ្ធផល ទោះបី Proxies​សាធារណៈ​អាច​នឹង​មាន​លក្ខណៈ​​ស្មុគស្មាញផ្នែកបច្ចេកទេស និងថែទាំបានល្អដូចProxies​ឯក​ជនក៏ដោយ ​ពួកវាជាញឹកញាប់តែងតែ​មាន​ល្បឿន​យឺត។ ចំណែក Proxiesឯកជនទំនងជាត្រូវ​បានប្រតិបត្តិការ​ជាអាជីវកម្ម​សម្រាប់រក​ប្រាក់​ចំណេញ ឬដោយក្រុម​អ្នកគ្រប់គ្រង​ដែលបង្កើត​គណនី​សម្រាប់​អ្នកប្រើ​ប្រាស់​ដែល​ពួក​គេ​ស្គាល់តាមលក្ខណៈ​ផ្ទាល់ខ្លួន​ ឬ​ការងារសង្គម​។ ដោយ​សារមូលហេតុនេះ ជាទូទៅវាមានលក្ខណៈងាយស្រួល​ក្នុង​ការកំណត់​​អំពីអ្វី​ដែល​ជម្រុញរ​ទឹកចិត្ត​ប្រតិបត្តិករ​របស់​Proxiesឯកជនមួយ។ ប៉ុន្តែ លោកអ្នកមិនគួរដោយសារហេតុនេះធ្វើការសន្មតថា Proxies​ឯកជនមានលក្ខណៈកាន់តែអាចទុកចិត្ត​បាន​ជា​សារ​វន្ត​​នោះ​ឡើយ។ ជាចុងក្រោយ ក្នុងបទពិសោធន៍កន្លង​មក មូល​ហេតុប្រាក់ចំណេញ​ធ្លាប់នាំឱ្យសេវាកម្មអនឡាញបើកបង្ហាញព័ត៌មានអ្នកប្រើ​ប្រាស់របស់ខ្លួនផងដែរ។

Proxiesសាមញ្ញ,គ្មានសុវត្ថិភាព, និងសាធារណៈ ជាញឹកញាប់អាចត្រូវបានរកឃើញនៅតាមម៉ាសុីនស្វែងរក (Search Engine) ដោយវាយពាក្យ ​​​ដូចជា' public proxy' ជាដើម ប៉ុន្តែ​លោកអ្នកមិនគួរពឹងផ្អែកទៅលើ Proxies​ដែលរកឃើញតាមមធ្យោបាយនេះឡើយ។ ប្រសិនជាមានជម្រើស លោកអ្នកគួរប្រើ Proxyឯកជន និងមានសុវត្ថិភាពមួយ ដែលប្រតិបត្តិការដោយអ្នកដែលលោកអ្នកស្គាល់ និងទុកចិត្តដោយ​​ផ្ទាល់​ឬដោយកេរ្តិ៍ឈ្មោះ ក្នុងការរក្សាសុវត្ថិភាពសឺវឺរបស់ពួកគេក្នុងកំរិតខ្ពស់។ លោកអ្នកប្រើ ឬមិនប្រើ​Proxy អុីនធឺណិត គឺអាស្រ័យទៅលើតម្រូវការ និងចំណូលចិត្ត​ជាក់​លាក់​ផ្ទាល់​ខ្លួនរបស់លោកអ្នក។ ពេលណាក៏ដោយ​ ដែលលោកអ្នកកំពុងប្រើ ​Proxyមួយដើម្បី​គេច​វាង​​ពីការត្រួតពិនិត្យ ការប្រើកម្មវិធី ​Firefox​និងការបញ្ចូលមុខងារ​បន្ថែម NoScript គឺជាគំនិតល្អមួយផងដែរ ដែលដូច​ដែលបាន​លើកមកពិភាក្សានៅក្នុង មគ្គុទ្ទេសក៍ណែនាំអំពីកម្មវិធី Firefox។ ការធ្វើដូចនេះ អាចជួយការពារ​លោក​អ្នក​​ពី​​ Proxiesអាក្រក់ និងពីគេហទំព័រ​ដែលប្រហែលកំពុងព្យាយាមស្វែងរក IP address​ ពិតរបស់លោកអ្នក។ ជាចុងក្រោយ ត្រូវកុំភ្លេច​ថា សូម្បីតែ ​Proxy ដែល​ត្រូវ​បាន​ធ្វើកូដនីយកម្មក៏ដោយ ក៏នឹងមិនធ្វើឱ្យគេហទំព័រគ្មាន​សុវត្ថិភាព​មួយ​ក្លាយ​ជា​មាន​​​សុវត្ថិ​ភាព​ដែរ។ លោកអ្នកនៅតែត្រូវប្រាកដថា លោកអ្នកមានការភ្ជាប់​សេវា ​HTTPSមួយ មុននឹង​ផ្ញើ​ ឬ​ទទួល​ព័ត៌​មាន​រសើប។

ប្រសិនបើលោកអ្នកមិនអាចរកបុគ្គល អង្គភាព ឬក្រុមហ៊ុន ដែលផ្តល់សេវា ​Proxy ​ដែលលោកអ្នក​អាចទុកចិត្ត មានតម្លៃសមរម្យ និងអាចប្រើប្រាស់បានពីប្រទេសរបស់លោកអ្នកទេនោះ លោក​អ្នកគួរ​គិត​ពិចារ​ណា​អំពី​​ការប្រើបណ្តាញកុំព្យូទ័រអនាមិកភាពTor ដែលត្រូវបានពិភាក្សានៅក្រោមផ្នែក បណ្តាញ​កុំព្យូទ័រ​អនាមិកភាព ខាងលើ។

Proxiesសម្រាប់ការគេចវាងពីការរឹតត្បិត

ខាងក្រោមនេះ គឺជាកម្មវិធី និង ​Proxiesជាក់លាក់មួយចំនួន ដែលអាចជួយលោកអ្នក​គេចវាង​ពី​ការ​ត្រួត​ពិនិត្យ។ មានកម្មវិធីគេចវាងការត្រួតពិនិត្យថ្មីជាច្រើន ត្រូវបានបង្កើតជាបន្តបន្ទាប់ ហើយកម្មវិធីដែលមានស្រាប់​ត្រូវបានធ្វើ​បច្ចុប្បន្ន​ភាព​ជាប្រចាំផងដែរ។ ដូច្នេះ លោកអ្នកគួរបើកមើលគេហទំព័រSecurity in-a-Boxអនឡាញ និងធនធាននានាដែលគូស​បង្ហាញ​នៅ​ក្នុង​ផ្នែក ​សេចក្តីសម្រាប់អានបន្ថែមខាងក្រោម ដើម្បីយល់ដឹងបន្ថែម។

Virtual Private Network (VPN) based proxies)

VPN Proxiesដែលបង្ហាញនៅខាងក្រោមនេះ ធ្វើឱ្យការភ្ជាប់សេវាអុីនធឺណិតរបស់លោកអ្នកទាំងស្រុងតាមProxy ខណៈ​​ដែលលោកអ្នកកំពុង“ត្រូវបានភ្ជាប់សេវារបស់វា”។ វាអាចមានប្រយោជន៍ ប្រសិនបើលោកអ្នកប្រើក្រុមហ៊ុនផ្តល់សេវាអុីមែល​​ ឬ​សារ​រហ័ស​ភ្លាមៗដែលស្ថិតក្រោមការត្រួតពិនិត្យ​នៅក្នុងប្រទេសរបស់លោកអ្នក។

Riseup VPN. គឺសម្រាប់អ្នកប្រើប្រាស់ដែលមានគណនីអុីមែលនៅក្នុង​សឺវឺ Riseup។ សហករណ៍នេះ ផ្តល់​លទ្ធភាព​ភ្ជាប់សេវាទៅកាន់សឹវឺVPN Proxyមួយដែលមានសុវត្ថិភាព, ឯកជន, និងឥតគិតថ្លៃ។ សូមអាន ការ​យល់​ដឹង​បន្ថែមអំពី Riseup VPN និង របៀបភ្ជាប់សេវាទៅកាន់វា

Your-Freedom គឺជា​ Proxy​ VPN/​SOCKS គេច​​វាងការត្រួតពិនិត្យមួយ​ ដែលមានលក្ខណៈឯកជន និងមាន​សុវត្ថិភាព​។ វាគឺជាកម្មវិធី Freewareមួយ ដែលអាចត្រូវបានប្រើ ដើម្បី​​គេចវាង​ការ​រឹតត្បិតលើអុីនធឺណិត​​​ដោយឥតគិតថ្លៃ។ មានការដាក់កម្រិតមួយចំនួនអំពីល្បឿនផ្ទេរទិន្នន័យ និងអំពីរយៈ​ពេល​​​ដែល​លោក​អ្នកអាច​ប្រើវា​បាន​​ (ដូចជា៣ម៉ោង​/ថ្ងៃ, ឬ៩ម៉ោង/សប្តាហ៍)។ លោកអ្នកអាចបង់ថ្លៃបន្ថែម ដើម្បីអាចចូលប្រើប្រាស់សេវា​កម្ម​ដែល​មាន​លក្ខណៈ​​ពាណិជ្ជកម្ម​មួយ ដែលមានល្បឿនលឿនជាងនេះ និងមានការដាក់កម្រិតតិចជាងនេះ។ ដើម្បីប្រើប្រាស់Your-Freedom លោក​អ្នកចាំបាច់ត្រូវ ដោនឡូតកម្មវិធី ហើយ បង្កើតគណនីមួយ ដែលចំណុចទាំងពីរនេះអាចអនុវត្តបាននៅក្នុង គេហទំព័រ​របស់​Your-Freedom។ លោកអ្នកចាំបាច់​ត្រូវកំណត់មុខងារកម្មវិធីបើកអុីនធឺណិតរបស់លោកអ្នកឱ្យ​ប្រើ Proxy OpenVPNផងដែរ នៅពេលភ្ជាប់សេវាទៅ​អុីនធឺណិត​។ លោកអ្នកអាច អានបន្ថែមនៅក្នុងកម្រងឯកសាររបស់Your-Freedom

Freegate គឺជា​Proxy VPN គេចវាងការរឹតត្បិត​​មួយ ដែលមានលក្ខណៈសាធារណៈ សុវត្ថិភាព​ និងឥតគិតថ្លៃផងដែរ។ លោកអ្នកអាច ដោនឡូតសំណៅចុងក្រោយ​បំផុតនៃ​កម្មវិធី Freegateអានអត្ថបទដែលគួរឱ្យចាប់អារម្មណ៍អំពីវា បាន។

SecurityKISS គឺជា​Proxy VPN គេចវាងការរឹតត្បិត​​មួយ ដែលមានលក្ខណៈសាធារណៈ សុវត្ថិភាព​ និងឥតគិតថ្លៃផងដែរ។ ដើម្បីប្រើវា លោកអ្នកចាំបាច់ត្រូវដោនឡូត​ និងដំណើរការកម្មវិធី​មួយ​។ វាមិនតម្រូវឱ្យចុះឈ្មោះបើកគណនីអ្វីឡើយ។ អ្នកប្រើប្រាស់​ដែល​ឥត​បង់​ថ្លៃ ត្រូវបានកម្រិតការប្រើប្រាស់ត្រឹម៣០០មេហ្គាបៃ/ថ្ងៃ និងស្ថិតក្នុងចំណោមចរាចរណ៍អុីនធឺណិតចង្អៀតក្នុង​Proxy​នេះ។ ការចុះឈ្មោះដែលមានការបង់ថ្លៃ ផ្តល់ជូននូវការប្រើប្រាស់គ្មានកំណត់ និងតាមរយៈសឺវឺVPNកាន់តែ​ច្រើន​។ សូមមើល គេហទំព័ររបស់ SecurityKISS ដើម្បីយល់ដឹងបន្ថែម

<!-- Psiphon1 អាចជាជម្រើសល្អមួយ ប្រសិនបើលោកអ្នកស្គាល់អ្នកមានកុំព្យូទ័រប្រើWindowsមួយ ដែលទុកឱ្យបើក​ដំណើរ​ការ​ចោល និងភ្ជាប់ទៅកាន់សេវាអុីនធឺណិតដែលមានល្បឿនលឿន និងមិនស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងប្រទេសមួយ​ផ្សេងទៀត។ ដើម្បី​ប្រើ Psiphon លោកអ្នកត្រូវតែសុំឱ្យអ្នកនោះដោនឡូតកម្មវិធីនេះពី​ គេហទំព័រCivisec រួចបញ្ចូលវាទៅក្នុងកុំព្យូទ័រនោះ ហើយបង្កើតគណនីមួយសម្រាប់លោកអ្នក និងផ្ញើឱ្យ​លោក​អ្នក​នូវ​ IP address របស់ Proxyនោះ អមជាមួយ​ឈ្មោះអ្នកប្រើ​ប្រាស់​ និង​ពាក្យ​សម្ងាត់​របស់លោកអ្នកផងដែរ។ មធ្យោបាយនេះ នឹងឱ្យលោកអ្នកអាចចូលក្នុងគណនីផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុង Proxy​គេចវាងការត្រួតពិនិត្យមួយ ដែលគួរទុកចិត្ត មានសុវត្ថិភាព មានលក្ខណៈឯកជន និងប្រើនៅលើអុីនធឺណិត។ ប៉ុន្តែ មុននឹងប្រើវា លោកអ្នកគួរផ្ទៀងផ្ទាត់អំពីស្លាកសម្គាល់របស់ ​​Proxyនោះសិន ដូចដែលបានពិភាក្សានៅក្នុងផ្នែក Proxiesមាន​សុវត្ថិភាព និង Proxiesគ្មានសុវត្ថិភាព ខាងលើនេះ និងនៅក្នុង សេចក្តីបន្ថែម គ របស់ មគ្គុទ្ទេសក៍ណែនាំសម្រាប់អ្នកប្រើប្រាស់Psiphon​ដែលត្រូវបានរួមបញ្ចូលជាមួយ​គ្នា​នោះ។ →

Psiphon3 គឺជាកម្មវិធីគេចវាងការរឹតត្បិតមួយ ដែលមានលក្ខណៈសាធារណៈ មានសុវត្ថិភាព ប្រើ​បច្ចេកវិទ្យាProxy VPN, SSH and HTTP ដើម្បីផ្តល់ឱ្យលោកអ្នកនូវសិទ្ធិបើកមើលទំព័រអុីនធឺណិតបានដោយមិនឆ្លងកាត់ការ​ត្រួតពិនិត្យ។ ដើម្បីអាចប្រើវាបាន លោក​អ្នកចាំបាច់ត្រូវដោនឡូតកម្មវិធីនេះពី គេហទំព័រ Psiphon3 ហើយ​បើកដំណើរ​ការ​វា​ដើម្បី​ជ្រើសរើសយកទម្រង់ ដែលលោកអ្នកចង់ប្រើ VPN, SSH, SSH+។ Psiphon3 អាចដំណើរការបានជាមួយឧបករណ៍Androidផង​ដែរ​។ សូមមើល គេហទំព័រ ដើម្បីយល់ដឹងបន្ថែម។

Proxiesលើអុីនធឺណិត៖ Peacefire ថែរក្សា Proxiesដែលមានលក្ខណៈសាធារណៈ និងនៅលើអុីនធឺណិតជាច្រើន រួមទាំង Proxies ​មាន​សុវត្ថិភាព ឬគ្មានសុវត្ថិភាព ដោយអាស្រ័យទៅលើរបៀបដែលលោកអ្នកចូលប្រើពួកវា។ នៅពេលប្រើ ​​ProxyPeacefireមួយ លោកអ្នកត្រូវតែបញ្ចូលអាសយ​ដ្ឋាន HTTPS ដើម្បីឱ្យមានការភ្ជាប់សេវាមានសុវត្ថិភាពមួយ រវាងលោកអ្នក​ និង ​​Proxyនោះ។ ​​Proxiesថ្មីជាច្រើន ត្រូវបានប្រកាសប្រាប់ជាបន្តបន្ទាប់ ទៅ​អ្នកដែល​មាន​នៅក្នុង​​បញ្ជី​អាសយដ្ឋាន​​របស់ពួកគេ។ លោកអ្នកអាចចុះឈ្មោះដើម្បីទទួលបច្ចុប្បន្នភាពព័ត៌មាន នៅក្នុងគេហទំព័ររបស់​Peacefire ផងដែរ។

សេចក្តីសម្រាប់អានបន្ថែម