របៀបបង្កើត និងថែរក្សាពាក្យសម្ងាត់សុវត្ថិភាព

បានធ្វើបច្ចុប្បន្នភាព2010

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

សេវាធានាសុវត្ថិភាពជាច្រើន ដែលអនុញ្ញាតឲ្យយើងមានអារម្មណ៍សុខស្រួលក្នុងការប្រើបច្ចេកវិទ្យាឌីជីតថលដើម្បីធ្វើការងារសំខាន់ៗ ចាប់ពីការបើកចូលគណនីកុំព្យូទ័រនិងផ្ញើអ៊ីមែល រហូតដល់ ការធ្វើកូដនីយកម្ម និងការលាក់ទិន្នន័យរសើប តែងតម្រូវឲ្យយើងត្រូវចងចាំពាក្យសម្ងាត់មួយ។ ពាក្យសម្ងាត់ ឃ្លាសម្ងាត់ ឬខ្សែអក្សរសម្ងាត់ទាំងនេះ ជាញឹកញាប់គឺជារបាំងការពារដំបូង(ពេលខ្លះគឺជារបាំងការពារតែមួយ) រវាងព័ត៌មានរបស់លោកអ្នក និងអ្នកដែលអាចនឹងចង់អាន ចម្លង ផ្លាស់ប្តូរ ឬបំផ្លាញព័ត៌មាននោះ ដោយគ្មានការអនុញ្ញាតពីអ្នក។ មានមធ្យោបាយជាច្រើន ដែលក្នុងនោះអ្នកដទៃអាចនឹងដឹងពីពាក្យសម្ងាត់របស់លោកអ្នក ប៉ុន្តែលោកអ្នកអាចការពារមិនឲ្យពួកគេដឹងបាន ដោយអនុវត្តស្នៀតជាក់លាក់មួយចំនួន និងដោយប្រើ ឧបករណ៍ឃ្លាំងផ្ទុកទិន្នន័យពាក្យសម្ងាត់សុវត្ថិភាព ដែលមានដូចជាកម្មវិធី KeePassX ជាដើម។

សេណារីយ៉ូពីក្រោយ

:Snippet

អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ

ការជ្រើសរើស និង​ថែរក្សា​ពាក្យសម្ងាត់​សុវត្ថិភាព

ជាទូទៅ នៅពេលលោកអ្នកចង់ការពារអ្វីមួយ លោកអ្នកតែងតែចាក់សោរវាទុក ដោយប្រើកូនសោមួយ។ ផ្ទះ រថយន្ត និងសោរកង់ សុទ្ធតែមានកូនសោររូបវន្ត; ឯកសារដែលត្រូវបានការពារ ក៏មានកូនសោរ កូដនីយកម្ម; ប័ណ្ណធនាគារក៏មានលេខ PIN កូដ; ហើយគណនីអ៊ីមែលក៏មានពាក្យសម្ងាត់។ កូនសោរទាំងអស់នេះ ទាំងកូនសោររូបវន្ត និងកូនសោរអេឡិកត្រូនិក មានលក្ខណៈរួមមួយគឺ៖ ពួកវាអាចបើកសោររៀងៗខ្លួនបានដោយប្រសិទ្ធភាព ទោះស្ថិតនៅក្នុងដៃរបស់មនុស្សដទៃក៏ដោយ។ លោកអ្នកអាចបញ្ចូលកម្មវិធី Firewall ទំនើបៗ បង្កើតគណនីអ៊ីមែលដែលមានសុវត្ថិភាព និងថាសទិន្នន័យកូដនីយកម្ម ប៉ុន្តែ ប្រសិនបើពាក្យសម្ងាត់របស់លោកអ្នកខ្សោយ ឬប្រសិនបើលោកអ្នកបណ្តោយឲ្យវាធ្លាក់ចូលក្នុងដៃមនុស្សអាក្រក់ ពាក្យសម្ងាត់ទាំងនោះនឹងគ្មានប្រយោជន៍អ្វីសម្រាប់លោកអ្នកឡើយ។

សមាសធាតុនៃពាក្យសម្ងាត់ដែលរឹងមាំ

ពាក្យសម្ងាត់ គួរមានលក្ខណៈស្មុគស្មាញ ដើម្បីឲ្យកម្មវិធីកុំព្យូទ័រពិបាកក្នុងការរាវរក។

 • ធ្វើឲ្យវាមានប្រវែងវែង៖ ពាក្យសម្ងាត់កាន់តែវែង កម្មវិធីកុំព្យូទ័រទំនងជាកាន់តែលំបាក ក្នុងការរាវរក នៅក្នុងរយៈពេលសមស្របមួយ។ លោកអ្នកគួរសាកល្បងបង្កើតពាក្យសម្ងាត់ ដែលរួមមានតួអក្សរចំនួនដប់តួឬច្រើនជាងនេះ។ មានអ្នកខ្លះប្រើពាក្យសម្ងាត់ ដែលមានពាក្យច្រើនជាងមួយ ដោយមានឬគ្មានការដកឃ្លារវាងពាក្យទាំងនោះ ដែលជាញឹកញាប់ត្រូវបានហៅថា ឃ្លាសម្ងាត់។ នេះជាគំនិតដ៏ល្អអស្ចារ្យមួយ ប្រសិនបើកម្មវិធី ឬសេវាដែលលោកអ្នកកំពុងប្រើ អនុញ្ញាតឲ្យលោកអ្នកអាចជ្រើសរើសយកពាក្យសម្ងាត់បានវែងទៅតាមការចង់បាន។
 • ធ្វើឲ្យវាមានលក្ខណៈស្មុគស្មាញ៖ បន្ថែមពីលើប្រវែង ភាពស្មុគស្មាញរបស់ពាក្យសម្ងាត់ ជួយបង្ការមិនឲ្យកម្មវិធី'បំបែកពាក្យសម្ងាត់'ស្វ័យប្រវត្តិ រាវរកឃើញនូវបន្សំពាក្យត្រឹមត្រូវនៃតួអក្សរផងដែរ។ ប្រសិនបើអាចធ្វើបាន លោកអ្នកគួរតែដាក់រួមបញ្ចូលនូវតួអក្សរធំ តួអក្សរតូច លេខ និងនិមិត្តសញ្ញា ដែលមានដូចជាសញ្ញាវណ្ណយុត្តិជាដើម ទៅក្នុងពាក្យសម្ងាត់របស់ខ្លួនជានិច្ច ។

ពាក្យសម្ងាត់ គួរមានលក្ខណៈពិបាកសម្រាប់អ្នកដទៃក្នុងការរាវរក។

 • ធ្វើឲ្យវាមានងាយស្រួលអនុវត្ត៖ ប្រសិនបើលោកអ្នកត្រូវតែកត់ត្រាទុកពាក្យសម្ងាត់របស់ខ្លួន ដោយសារមិនអាចចងចាំវាបាន លោកអ្នកអាចនឹងជួបប្រទះប្រភេទគំរាមកំហែងថ្មីទាំងស្រុងមួយ ដែលអាចនាំឲ្យលោកអ្នក ងាយរងគ្រោះដោយសារអ្នកដែលមើលឃើញតុធ្វើការរបស់លោកអ្នក ឬដែលមានសិទ្ធិចេញចូលផ្ទះរបស់លោកអ្នក កាន់កាបូបរបស់លោកអ្នក ឬធុងសម្រាមនៅខាងក្រៅការិយាល័យរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមិនអាចគិតឃើញពាក្យសម្ងាត់មួយ ដែលមានប្រវែងវែង និងស្មុគស្មាញ ប៉ុន្តែលោកអ្នកអាចនៅចងចាំបានទេ ផ្នែក ការចងចាំពាក្យសម្ងាត់សុវត្ថិភាព ខាងក្រោម អាចនឹងជួយលោកអ្នកបានខ្លះ។ ប្រសិនបើមិនអាចជួយបានទេនោះ លោកអ្នកគួរជ្រើសរើសពាក្យសម្ងាត់សុវត្ថិភាពមួយ ប៉ុន្តែលោកអ្នកអាចនឹងចាំបាច់ត្រូវកត់ត្រាវាទុកដោយប្រើ ឃ្លាំងផ្ទុកទិន្នន័យពាក្យសម្ងាត់សុវត្ថិភាព ដែលមានដូចជា កម្មវិធី KeePassX ជាដើម។ សម្រាប់គោលបំណងនេះ ប្រភេទផ្សេងៗទៀតនៃឯកសារដែលការពារដោយពាក្យសម្ងាត់ រួមទាំងឯកសារ Microsoft Word ផងដែរ មិនគួរទុកចិត្តឡើយ ព្រោះពួកវាជាច្រើនអាចត្រូវបានបំបែកតែក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយប្រើកម្មវិធីដែលមានដោយឥតគិតថ្លៃនៅលើអ៊ីនធឺណិត។
 • កុំដាក់ព័ត៌មានផ្ទាល់ខ្លួន៖ ពាក្យសម្ងាត់របស់លោកអ្នក មិនគួរជាព័ត៌មានដែលទាក់ទងខ្លួនលោកអ្នកឡើយ។ កុំជ្រើសរើសយកពាក្យ ឬឃ្លាណាមួយដោយផ្អែកលើព័ត៌មានដូចជា ឈ្មោះ លេខសន្តិសុខសង្គម លេខទូរស័ព្ទ ឈ្មោះកូន ឈ្មោះសត្វចិញ្ចឹម ថ្ងៃខែឆ្នាំកំណើត របស់លោកអ្នក ឬ អ្វីមួយផ្សេងទៀតដែលគេអាចដឹងបាន ដោយគ្រាន់តែធ្វើការស្រាវជ្រាវបន្តិចបន្តួចអំពីលោកអ្នក។
 • រក្សាវាជាការសម្ងាត់៖ មិនត្រូវប្រាប់ពាក្យសម្ងាត់របស់លោកអ្នកទៅនរណាម្នាក់ឡើយ លើកលែងតែវាគឺជាការចាំបាច់បំផុត។ ហើយប្រសិនបើលោកអ្នកត្រូវការប្រាប់ពាក្យសម្ងាត់មួយទៅមិត្តភក្តិ សមាជិកគ្រួសារ ឬ សហសេវិក លោកអ្នកគួរតែផ្លាស់ប្តូរវា ទៅជាពាក្យសម្ងាត់បណ្តោះអាសន្នមួយជាមុនសិន ហើយប្រាប់ពាក្យ សម្ងាត់បណ្តោះអាសន្ននោះ។ បន្ទាប់មក ត្រូវផ្លាស់ប្តូរទៅដូចដើមវិញ នៅពេលលោកអ្នកប្រើវារួច។ ជាញឹកញាប់ មានវិធីផ្សេងៗជាច្រើន សម្រាប់ការចែករំលែកពាក្យសម្ងាត់ ដែលមានដូចជា ការបង្កើតគណនីដាច់ដោយឡែកមួយសម្រាប់បុគ្គលនីមួយៗ ដែលត្រូវការប្រើប្រាស់ ជាដើម។ ការរក្សាពាក្យសម្ងាត់របស់លោកអ្នកជាការសម្ងាត់ មានន័យផងដែរថា លោកអ្នកត្រូវប្រុងប្រយ័ត្នចំពោះអ្នកដែលអាចនឹងលួចអានពីក្រោយខ្នង នៅពេលលោកអ្នកកំពុងវាយពាក្យសម្ងាត់នោះ ឬកំពុងស្វែងរកវានៅក្នុង ឃ្លាំងផ្ទុកទិន្នន័យពាក្យសម្ងាត់សុវត្ថិភាព

ពាក្យសម្ងាត់គួរត្រូវបានជ្រើសរើស ក្នុងកម្រិតដែលអាចកាត់បន្ថយការខូចខាតជាអតិបរមា ក្នុងករណីមាននរណាម្នាក់ស្គាល់ពាក្យសម្ងាត់នោះ។

 • ធ្វើឲ្យវាមានតែមួយគត់៖ ជៀសវាងប្រើពាក្យសម្ងាត់ដូចៗគ្នាសម្រាប់គណនីដែលមានលើសពីមួយ។ បើមិនដូច្នេះទេ អ្នកដែលស្គាល់ពាក្យសម្ងាត់នោះ នឹងអាចចូលទៅដល់ព័ត៌មានរសើបរបស់លោកអ្នកបានកាន់តែច្រើន។ នេះគឺជាការពិត ព្រោះសេវាកម្មវិធីមួយចំនួនធ្វើឲ្យមានលក្ខណៈងាយស្រួលក្នុងការបំបែកពាក្យសម្ងាត់។ ឧទា. ប្រសិនបើលោកអ្នកប្រើពាក្យសម្ងាត់ដូចៗគ្នា សម្រាប់គណនីអ្នកប្រើប្រាស់ Windows និងគណនី Gmail របស់លោកអ្នក នោះអ្នកដែលមានសិទ្ធិប្រើកុំព្យូទ័ររបស់លោកអ្នកអាចបំបែកពាក្យសម្ងាត់របស់ Windows ហើយប្រើពាក្យសម្ងាត់ Windows នោះ ដើម្បីចូលទៅក្នុងគណនី Gmail របស់លោកអ្នកផងដែរ។ សម្រាប់ហេតុផលស្រដៀងគ្នានេះ ការឆ្លាស់គ្នារវាងពាក្យសម្ងាត់ ដោយប្តូរគ្នាទៅវិញទៅមករវាងគណនីផ្សេងគ្នា មិនមែនជាគំនិតល្អឡើយ។
 • រក្សាវាឲ្យថ្មីជានិច្ច៖ ផ្លាស់ប្តូរពាក្យសម្ងាត់របស់លោកអ្នកក្នុងរយៈពេលទៀងទាត់មួយ ដោយយកល្អគួរផ្លាស់ប្តូរវាយ៉ាងហោចណាស់នៅរៀងរាល់បីខែម្តង។ មានអ្នកខ្លះ ប្រើពាក្យសម្ងាត់មួយមិនដែលផ្លាស់ប្តូរសោះ។ នេះមិនមែនជាគំនិតល្អឡើយ ព្រោះថាអ្នកប្រើពាក្យសម្ងាត់មួយកាន់តែយូរ អ្នកដទៃមានឲ្យកាសកាន់តែច្រើនដើម្បីរាវរកពាក្យសម្ងាត់នោះ។ ដូចគ្នានេះផងដែរ ប្រសិនបើនរណាម្នាក់អាចលួចប្រើពាក្យសម្ងាត់របស់លោកអ្នកដើម្បីចូលប្រើព័ត៌មាន និងសេវារបស់លោកអ្នកដោយលោកអ្នកមិនបានដឹង អ្នកនោះនឹងបន្តធ្វើដូច្នេះរហូតដល់លោកអ្នកបានផ្លាស់ប្តូរពាក្យសម្ងាត់នោះ។

:Snippet

ការចងចាំ និង​កត់ត្រា​ទុក​ពាក្យ​សម្ងាត់​សុវត្ថិភាព

បន្ទាប់ពីបានអានការណែនាំខាងលើនេះ លោកអ្នកប្រហែលជាឆ្ងល់ថា តើមនុស្សដែលគ្មានការចងចាំល្អ អាចនឹងចាំពាក្យសម្ងាត់ដែលមានប្រវែងវែង ស្មុគស្មាញ និងគ្មានអត្ថន័យ ដោយមិនកត់ត្រាទុក បានដោយរបៀបណា។ សារៈសំខាន់នៃការប្រើពាក្យសម្ងាត់ខុសៗគ្នាសម្រាប់គណនីនីមួយៗ ធ្វើឲ្យរឹតតែពិបាកថែមទៀត។ ប៉ុន្តែ មានវិធីសាស្ត្រពីរបី ដែលអាចនឹងជួយលោកអ្នកបង្កើតពាក្យសម្ងាត់ដែលងាយស្រួលចងចាំ ប៉ុន្តែពិបាកនឹងរាវរកឃើញបំផុត ទោះបីអ្នកនោះគឺជាមនុស្សឆ្លាត ហើយប្រើកម្មវិធី'បំបែកពាក្យសម្ងាត់'ទំនើបក៏ដោយ។ លោកអ្នកក៏នៅមានជម្រើសកត់ត្រាពាក្យសម្ងាត់របស់លោកអ្នកផងដែរ ដោយប្រើកម្មវិធីមួយ ដូចជា KeePassX ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គោលបំណងនេះជាដើម។

ការចងចាំពាក្យសម្ងាត់សុវត្ថិភាព

ការប្រើតួអក្សរប្រភេទខុសៗគ្នា មានសារៈសំខាន់ណាស់នៅពេលបង្កើតពាក្យសម្ងាត់មួយ។ ការនេះអាចធ្វើទៅបានតាមមធ្យោបាយផ្សេងៗគ្នាជាច្រើនដូចខាងក្រោម៖

 • លាយគ្នារវាងអក្សរធំនិងអក្សរតូច ដូចជា៖ 'My naME is Not MR. MarSter' ជាដើម
 • លាយគ្នារវាងលេខ និងអក្សរ ដូចជា៖ 'a11 w0Rk 4nD N0 p14Y' ជាដើម
 • ដាក់បញ្ចូលនិមិត្តសញ្ញាខ្លះៗ ដូចជា៖ 'c@t(heR1nthery3' ជាដើម
 • ប្រើពហុភាសា ដូចជា៖ 'Let Them Eat 1e gateaU au ch()colaT' ជាដើម

វិធីសាស្ត្រណាមួយក្នុងចំណោមវិធីសាស្ត្រទាំងនេះ អាចជួយលោកអ្នកបង្កើនភាពស្មុគស្មាញរបស់ពាក្យសម្ងាត់សាមញ្ញមួយបាន ហើយវាអាចឲ្យលោកអ្នកបង្កើតបានពាក្យសម្ងាត់សុវត្ថិភាពមួយ ដែលអាចចងចាំបានទៀតផង។ អក្សរជំនួសទូទៅមួយចំនួន (ដូចជា ការប្រើលេខ០ជំនួយឲ្យអក្សរ'o' ឬ និមិត្តសញ្ញា'@'ជំនួសឲ្យអក្សរ'a') ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបំបែកពាក្យសម្ងាត់រួចយូរមកហើយ ប៉ុន្តែការប្រើអក្សរជំនួសទាំងនេះនៅតែជាគំនិតល្អមួយ។ ពួកវាបង្កើនចំនួនពេលវេលារាវរកពាក្យសម្ងាត់ ដែលតម្រូវដោយកម្មវិធីបំបែកពាក្យសម្ងាត់។ ហើយនៅក្នុងស្ថានភាពខ្លះ វាជួយការពារអ្នកពីអ្នកដទៃដែលអាចស្មានពាក្យសម្ងាត់របស់អ្នកត្រូវដោយចៃដន្យផងដែរ។

អ្នកអាចទាញយកអត្ថប្រយោជន៍របស់វិធីជំនួយស្មារតី ដែលមានលក្ខណៈបុរាណ ដើម្បីបង្កើតពាក្យសម្ងាត់បានផងដែរ ដូចជាការប្រើអក្សរកាត់ជាដើម។ វិធីសាស្ត្រនេះ អាចបម្លែងពីឃ្លាវែងទៅជាពាក្យស្មុគស្មាញ ហើយមើលទៅហាក់ដូចជាការផ្សំពាក្យដោយចៃដន្យ៖

 • 'To be or not to be? That is the question' ក្លាយទៅជា '2Bon2B?TitQ'
 • 'We hold these truths to be self-evident: that all men are created equal' ក្លាយទៅជា 'WhtT2bs-e:taMac='
 • 'Are you happy today?' ក្លាយទៅជា 'rU:-)2d@y?'

ទាំងនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗ ដើម្បីជួយលោកអ្នកបង្កើតបានវិធីសាស្ត្រផ្ទាល់ខ្លួន ក្នុងការបម្លែងពាក្យនិងឃ្លាទៅជាអក្សរសម្ងាត់ ដើម្បីធ្វើឲ្យពាក្យទាំងនោះមានលក្ខណៈស្មុគស្មាញ និងអាចចងចាំបាន។

ការខិតខំតូចមួយ ដើម្បីធ្វើឲ្យពាក្យសម្ងាត់មានលក្ខណៈកាន់តែស្មុគស្មាញ គឺធ្វើដំណើរលើផ្លូវដ៏វែងមួយ។ ការបង្កើនប្រវែងរបស់ពាក្យសម្ងាត់ដោយតួអក្សរពីរបី ឬដោយបន្ថែមលេខ ឬតួអក្សរពិសេស អាចធ្វើឲ្យវាកាន់តែពិបាកបំបែកបាន។ តារាងខាងក្រោមនេះ បង្ហាញអំពីរយៈពេលដែលHacker អាចនឹងប្រើដើម្បីបំបែកបញ្ជីពាក្យសម្ងាត់ដែលមានលក្ខណៈកាន់តែស្មុគស្មាញឡើងៗ ដោយសាកល្បងបន្សំពាក្យខុសៗគ្នាជាបន្ត បន្ទាប់។

ពាក្យសម្ងាត់គំរូ រយៈពេលដើម្បីបំបែក ដោយប្រើកុំព្យូទ័រដែលមានល្បឿនធម្មតា រយៈពេលដើម្បីបំបែក ដោយប្រើកុំព្យូទ័រដែលមានល្បឿនលឿន
bananas តិចជាង ១ ថ្ងៃ តិចជាង ១ ថ្ងៃ
bananalemonade ២ ថ្ងៃ តិចជាង ១ ថ្ងៃ
BananaLemonade ៣ ខែ ១៤ ថ្ងៃ តិចជាង ១ ថ្ងៃ
B4n4n4L3m0n4d3 ៣ សតវត្ស ៤ ទសវត្ស ១ ខែ ២៦ ថ្ងៃ
We Have No Bananas ១៩១៥១៤៦៦ សតវត្ស ៣៩៩០ សតវត្ស
W3 H4v3 N0 B4n4n45 ២០២១០២១៣៧២២៧៤២ សតវត្ស ៤២១០៤៦១១៩២សតវត្ស

ជាការពិត ពេលវេលាដែលអាចនឹងចំណាយ ដើម្បីបំបែកពាក្យសម្ងាត់ណាមួយខាងលើនេះ អាចនឹងប្រែប្រួលយ៉ាងខ្លាំង ដោយអាស្រ័យទៅតាមប្រភេទនៃការវាយប្រហារ និងធនធានដែលអ្នកវាយប្រហារមាន។ លើសពីនេះទៅទៀត វិធីសាស្ត្រថ្មីៗដើម្បីបំបែកពាក្យសម្ងាត់កំពុងត្រូវបានបង្កើតជារៀងរាល់ថ្ងៃ។ ដូចគ្នាដែរ តារាងខាងលើនេះបង្ហាញពីផលលំបាកក្នុងការបំបែកពាក្យសម្ងាត់ផងដែរ ដោយគ្រាន់តែអ្នកផ្លាស់ប្តូរតួអក្សរ និងប្រើពីរពាក្យ ឬ បើប្រើឃ្លាខ្លីមួយប៉ុណ្ណោះ។

តារាងខាងលើនេះ គឺឈរលើមូលដ្ឋានគណនារបស់Passfault (ផាសហ្វលថ៍)។ Passfault គឺជាគេហទំព័រអ៊ីនធឺណិតមួយក្នុងចំណោមគេហទំព័រអ៊ីនធឺណិតជាច្រើន ដែលអនុញ្ញាតឲ្យលោកអ្នកអាចធ្វើតេស្តពីភាពរឹងមាំនៃពាក្យសម្ងាត់របស់លោកអ្នកបាន។ ប៉ុន្តែ ដោយសារកម្មវិធីទាំងនេះមានសមត្ថភាពខ្ពស់ខាងបង្ហាញឲ្យឃើញប្រសិទ្ធភាពរវាងប្រភេទពាក្យសម្ងាត់ផ្សេងគ្នា លោកអ្នកមិនគួរបញ្ចូលពាក្យសម្ងាត់ពិតរបស់ខ្លួនទៅក្នុងគេហទំព័រទាំងនេះឡើយ។

ការកត់ត្រាពាក្យសម្ងាត់ទុកដោយសុវត្ថិភាព

ទោះបីជាគំនិតច្នៃប្រឌិតតូចមួយអាចនឹងជួយអ្នកឲ្យចងចាំបានគ្រប់ពាក្យសម្ងាត់របស់ខ្លួនក៏ដោយ ការដែលតម្រូវឲ្យមានការផ្លាស់ប្តូរពាក្យសម្ងាត់ទៅតាមកាលកំណត់ញឹកញាប់នោះ អាចធ្វើឲ្យអ្នកទល់ច្រកក្នុងការរកគំនិតច្នៃប្រឌិតរបស់អ្នកផងដែរ។ មានវិធីសាស្ត្រផ្សេងមួយ ដែលឲ្យលោកអ្នកអាចបង្កើតពាក្យសម្ងាត់យ៉ាងមានសុវត្ថិភាព សម្រាប់គណនីទាំងអស់របស់លោកអ្នកបាន ដោយមិនចាំបាច់ចង់ចងចាំពួកវាឡើយ។ ជំនួសឲ្យការចងចាំ លោកអ្នកអាចកត់ត្រាពួកវាទុកនៅក្នុងឃ្លាំងផ្ទុកទិន្នន័យពាក្យសម្ងាត់សុវត្ថិភាព ដែលមានកូដនីយកម្ម និងអាចយកតាមខ្លួនបានដូចជា កម្មវិធីKeePassX ជាដើម។

អនុវត្តន៍៖ ចាប់ផ្តើមជាមួយកម្មវិធី KeePassX - មគ្គុទ្ទេសក៍ណែនាំអំពីការរក្សាទុកពាក្យសម្ងាត់សុវត្ថិភាព

ជាការពិត ប្រសិនបើលោកអ្នកប្រើវិធីសាស្ត្រនេះ នោះវាជាការសំខាន់ណាស់ដែលអ្នកត្រូវបង្កើតនិងចងចាំពាក្យសម្ងាត់សុវត្ថិភាពដ៏រឹងមាំមួយសម្រាប់កម្មវិធីKeePassX ឬកម្មវិធីណាមួយផ្សេងទៀតដែលលោកអ្នកជ្រើសរើសប្រើ។ រៀងរាល់ពេលដែលលោកអ្នកត្រូវការបញ្ចូលពាក្យសម្ងាត់សម្រាប់គណនីជាក់លាក់មួយ លោកអ្នកស្វែងរកវាដោយគ្រាន់តែប្រើតែពាក្យសម្ងាត់មេរបស់លោកអ្នកមួយប៉ុណ្ណោះ ហើយវាមានភាពងាយស្រួលជាងការរអនុវត្តតាមការណែនាំខាងលើ។ KeePassX អនុញ្ញាតឲ្យអ្នកយកតាមខ្លួនបាន មានន័យថា លោកអ្នកអាចដាក់ទិន្នន័យនោះទៅក្នុងអង្គចងចាំUSB ដើម្បីប្រើប្រាស់ពាក្យសម្ងាត់ទាំងឡាយ នៅពេលលោកអ្នកនៅឆ្ងាយពីកុំព្យូទ័ររបស់ខ្លួន។

ទោះបីវាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលត្រូវរក្សាគណនីដ៏ច្រើនរបស់ខ្លួនក៏ដោយ វិធីសាស្ត្រនេះក៏មានគុណវិបត្តិខ្លះៗផងដែរ។ គុណវិបត្តិចម្បងទីមួយ ប្រសិនបើលោកអ្នកបាត់ ឬលុបចោលឃ្លាំងផ្ទុកទិន្នន័យពាក្យសម្ងាត់នេះដែលមានតែមួយនេះដោយចៃដន្យ លោកអ្នកនឹងមិនអាចចូលគណនីណាមួយ ក្នុងចំណោមគណនីដែលមានពាក្យសម្ងាត់ផ្ទុកនៅក្នុងឃ្លាំងផ្ទុកទិន្នន័យនោះបានទៀតឡើយ។ ដោយហេតុនេះហើយ វាជាការសំខាន់បំផុតដែលលោកអ្នកត្រូវថតចម្លងឃ្លាំងផ្ទុកទិន្នន័យ KeePassX របស់លោកអ្នកទុក។ សូមមើល ជំពូក ៥ ៖ របៀបស្តារយកមកវិញនូវព័ត៌មានដែលបាត់បង់ សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធសាស្ត្រថតចម្លងទិន្នន័យ។ ជាសំណាងល្អ ការដែលឃ្លាំងផ្ទុកទិន្នន័យរបស់លោកអ្នកត្រូវបានបម្លែងជាអក្សរសម្ងាត់ មានន័យថា លោកអ្នកមិនបាច់ភ័យស្លន់ស្លោឡើយ នៅពេលលោកអ្នកបាត់អង្គចងចាំUSB ឬថាសចម្លងទិន្នន័យ ដែលមានសំណៅចម្លងនៃឃ្លាំងផ្ទុកទិន្នន័យនោះ។

គុណវិបត្តិចម្បងទីពីរ អាចនឹងមានលក្ខណៈកាន់តែសំខាន់ថែមទៀត។ ប្រសិនបើលោកអ្នកភ្លេចពាក្យសម្ងាត់មេរបស់កម្មវិធី KeePassX របស់លោកអ្នក នោះគ្មានមធ្យោបាយណាដើម្បីស្តារយកពាក្យសម្ងាត់ ឬអ្វីៗផ្សេងទៀតដែលមាននៅក្នុងឃ្លាំងផ្ទុកទិន្នន័យនោះបានមកវិញឡើយ។ ដូច្នេះ លោកអ្នកត្រូវប្រាកដថា បានជ្រើសរើសយកពាក្យសម្ងាត់មេមួយដែលធានាសុវត្ថិភាពនិងអាចចងចាំបាន!

នៅក្នុងស្ថានភាពខ្លះ ចំណុចខ្លាំងរបស់វិធីសាស្ត្រនេះក្លាយជាចំណុចខ្សោយរបស់ខ្លួនទៅវិញ។ ប្រសិនបើនរណាម្នាក់បង្ខំលោកអ្នកឲ្យផ្តល់ពាក្យសម្ងាត់មេរបស់ឃ្លាំងផ្ទុកទិន្នន័យ KeePassX របស់លោកអ្នក អ្នកនោះនឹងអាចប្រើគ្រប់ពាក្យសម្ងាត់ទាំងអស់ដែលរក្សាទុកនៅក្នុងទិន្នន័យ KeePassX ។ ប្រសិនបើករណីនេះគឺជាស្ថានភាពមួយដែលលោកអ្នកអាចនឹងប្រឈម លោកអ្នកអាចនឹងចាត់ទុកឃ្លាំងផ្ទុកទិន្នន័យ KeePassX របស់លោកអ្នកគឺជាឯកសាររសើបមួយ ហើយការពារវាតាមរបៀបដូចដែលបរិយាយនៅក្នុង ជំពូក ៤ ៖ របៀបការពារឯកសាររសើបនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ លោកអ្នកអាចបង្កើតឃ្លាំងផ្ទុកទិន្នន័យ KeePassX ដាច់ដោយឡែកមួយផងដែរ ដើម្បីរក្សាទុកពាក្យសម្ងាត់ការពារព័ត៌មានរសើបច្រើនទៀត ហើយរក្សាការប្រុងប្រយ័ត្នបន្ថែមចំពោះឃ្លាំងផ្ទុកទិន្នន័យនោះ។

:Snippet

សេចក្តី​សម្រាប់​អាន​បន្ថែម