របៀប​ការពារ​កុំព្យូទ័រ​របស់​លោកអ្នក​ពី Malware (ម៉លវែរ) និង​ Hackers (​ហែកឃឺ​)

បានធ្វើបច្ចុប្បន្នភាព2010

មគ្គុទេសក៍នេះមិនមានអ្នកមើលថែទៀតឡើយ

ដោយមិនគិតថាអ្នកមានគោលដៅធំប៉ុណ្ណានោះទេ ការរក្សាកុំព្យូទ័ររបស់លោកអ្នកឲ្យមានសុវត្ថិភាពល្អ គឺជាជំហានដំបូងដ៏សំខាន់បំផុតមួយឆ្ពោះទៅរកសុវត្ថិភាពដែលល្អជាងនេះ។ ហេតុដូច្នេះហើយ មុននឹងលោកអ្នក ចាប់ផ្តើមព្រួយបារម្ភខ្លាំងទៅលើ ពាក្យសម្ងាត់ដែលរឹងមាំ ការប្រាស្រ័យទាក់ទងជាឯកជន និងការលុបឯកសារចោលដោយសុវត្ថិភាពនោះ លោកអ្នកត្រូវធ្វើឱ្យប្រាកដថា កុំព្យូទ័ររបស់អ្នក មិនងាយរងគ្រោះដោយ hackers ឬរងការញាំញីដោយកម្មវិធីព្យាបាទ ដែលជាទូទៅត្រូវបានគេហៅថា malware ដែលមានដូចជា virus (វីរុស) និង spyware (ស្ប៉ាយវែរ) ជាដើម។ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចធានាបានអំពីប្រសិទ្ធភាព នៃកម្មវិធីការពារសុវត្ថិភាពណាផ្សេងទៀត ដែលលោកអ្នកប្រហែលនឹងយកមកប្រើឡើយ។ សរុបសេចក្តីមក គ្មានប្រយោជន៍ក្នុងការចាក់សោរទ្វាររបស់លោកអ្នកឡើយ ប្រសិនបើចោរកំពុងស្ថិតនៅក្នុងផ្ទះរបស់លោកអ្នករួចទៅហើយនោះ ហើយវាក៏មិនជួយលោកអ្នកប៉ុន្មានដែរ ក្នុងការដែលទៅស្វែងរកចោរនៅក្នុងផ្ទះ ប្រសិនបើលោកអ្នកទុកទ្វារឱ្យនៅបើកចំហនោះ។

ដោយហេតុនេះហើយ ជំពូកនេះពន្យល់អំពីរបៀបថែទាំកម្មវិធីកុំព្យូទ័ររបស់លោកអ្នក និងរបៀបប្រើប្រាស់កម្មវិធីដូចជា Avast (អេវ៉ាស), Spybot (ស្ប៉ាយបត) និង Comodo Firewall (ខូម៉ូដូហ្វាយអឺវ៉ល) ដើម្បីការពារកុំព្យូទ័ររបស់លោកអ្នកទប់ទល់នឹងគ្រោះថ្នាក់គ្រប់ពេលនៃការឆ្លង malware និងការវាយប្រហាររបស់hacker។ ទោះបីកម្មវិធីដែលណែនាំនៅក្នុងជំពូកនេះគឺសម្រាប់ Windows ដែលជាប្រព័ន្ធប្រតិបត្តិការ ងាយរងគ្រោះបំផុតចំពោះការគំរាមកំហែងទាំងនេះក៏ដោយ អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ GNU/Linux (គន្នូ/លីនុក) និង Apple OS X (អែបផល អូអេស អិច) ក៏មានការប្រឈមទៅនឹងហានិភ័យទាំងនេះផងដែរ ហើយក៏គួរនៅទទួលយកមធ្យោបាយដែលបង្ហាញខាងក្រោមនេះផងដែរ។

សេណារីយ៉ូពីក្រោយ

:Snippet

អ្វីដែលលោកអ្នកអាចរៀនពីជំពូកនេះ###

 • ការយល់ដឹងបន្ថែមអំពីលក្ខណៈនៃការគំរាមកំហែងជាក់លាក់ខ្លះដែល malware បង្កឡើងចំពោះភាពឯកជន និងបូរណភាពនៃព័ត៌មានរបស់លោកអ្នក ស្ថេរភាពនៃកុំព្យូទ័ររបស់លោកអ្នក និងភាពអាចទុកចិត្តបាននៃកម្មវិធីការពារសុវត្ថិភាពផ្សេងទៀត
 • របៀបដែលលោកអ្នកអាចប្រើកម្មវិធីដែលត្រូវបានណែនាំមួយចំនួន ដើម្បីជួយការពារលោកអ្នកពីការគំរាមកំហែងទាំងនេះ
 • របៀបថែទាំកុំព្យូទ័ររបស់លោកអ្នកឱ្យមានសុវត្ថិភាព ដោយការធ្វើបច្ចុប្បន្នភាពកម្មវិធីកុំព្យូទ័រជាញឹកញាប់
 • ហេតុផលដែលលោកអ្នកគួរប្រើកម្មវិធី freeware (ហ្វ្រីវែ) ដើម្បីជៀសវាងពីគ្រោះថ្នាក់ដែលបណ្តាលមកពីការផុតកំណត់អាជ្ញាប័ណ្ណរបស់កម្មវិធី ឬកម្មវិធីលួចចម្លង និងកម្មវិធី FOSS (ហ្វូស) ដ៏ពេញនិយមនានា (ប្រសិនបើមាន) ដើម្បីពង្រឹងសុវត្ថិភាពរបស់លោកអ្នក។

Viruses (វីរុស)

មានវិធីសាស្ត្រផ្សេងៗជាច្រើនដើម្បីធ្វើចំណាត់ថ្នាក់ Virus (វីរុស) ហើយវិធីសាស្ត្រនីមួយៗនេះមានមកជាមួយសំណុំឈ្មោះប្រភេទVirusផ្ទាល់ខ្លួនរបស់វា។ Worms (វ៉ម) Macroviruses (ម៉ាក្រូវីរុស) Trojans (ត្រូជែន) និង Blackdoors (ប្លែកដរ) គឺជាឧទាហរណ៍ខ្លះៗនៃVirusដែលត្រូវបានស្គាល់ច្បាស់។ Virusជាច្រើនក្នុងចំណោមVirusទាំងនេះ ឆ្លងរាលដាលតាមរយៈអ៊ីនធឺណិត អ៊ីមែល ទំព័រអ៊ីនធឺណិតដែលមានការព្យាបាទ ឬតាមរយៈមធ្យោបាយផ្សេងទៀត ដើម្បីចម្លងទៅកុំព្យូទ័រដែលគ្មានការការពារ។ Virusផ្សេងៗទៀត ឆ្លងរាលដាលតាមរយៈឧបករណ៍ផ្ទុកទិន្នន័យចល័ត ជាពិសេសឧបករណ៍ដូចជាUSB (យូអេសប៊ី) និង External Hard Drive (អ៊ិចធឺណលហាតដ្រាយ) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសរសេរ និងអានព័ត៌មានបានជាដើម។ Virus អាចបំផ្លាញ ធ្វើឲ្យខូច ឬឆ្លងចូលទៅក្នុងឯកសារនៅក្នុងកុំព្យូទ័ររបស់លោកអ្នក រួមទាំងទិន្នន័យដែលមាននៅលើ External Drive (អ៊ិចធឺណលដ្រាយ) ផងដែរ។ ពួកវាអាចត្រួតត្រាកុំព្យូទ័ររបស់លោកអ្នក ហើយអាចប្រើប្រាស់កុំព្យូទ័រអ្នក ដើម្បីវាយប្រហារទៅលើកុំព្យូទ័រផ្សេងទៀតផងដែរ។ សំណាងល្អ មានកម្មវិធីកម្ចាត់ Virus ជាច្រើនដែលលោកអ្នកអាចប្រើដើម្បីការពារខ្លួន និងការពារមនុស្ស ដែលអ្នកធ្វើការផ្លាស់ប្តូរព័ត៌មានជាមួយបាន។

កម្មវិធីកម្ចាត់ Virus

មានកម្មវិធី Freeware (ហ្វ្រីវែ)កម្ចាត់Virusដ៏ប្រសើរមួយសម្រាប់Windows ដែលមានឈ្មោះថាAvast (អេវ៉ាស)។ កម្មវិធីនេះ មានលក្ខណៈងាយស្រួលប្រើប្រាស់ ត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងទៀងទាត់ និងត្រូវបានស្ងើចសរសើរដោយអ្នកជំនាញកម្ចាត់Virusជាច្រើន។ កម្មវិធីនេះ តម្រូវឲ្យលោកអ្នកចុះឈ្មោះរៀងរាល់១៤ខែម្តង ប៉ុន្តែការចុះឈ្មោះ ការធ្វើបច្ចុប្បន្នភាព និងកម្មវិធីផ្ទាល់ គឺឥតមានបង់ថ្លៃអ្វីឡើយ។

អនុវត្តន៍៖ ចាប់ផ្តើមជាមួយកម្មវិធី Avast! - កម្មវិធីកម្ចាត់វីរុស

មានកម្មវិធីកម្ចាត់Virusដ៏ល្បីឈ្មោះជាលក្ខណៈពាណិជ្ជកម្មជាច្រើនផ្សេងទៀត ដែលជាជម្រើសផ្សេងក្រៅពីកម្មវិធីAvast។ កម្មវិធីClam Win (ខ្លែមវីន) គឺជាជម្រើសកម្មវិធីឥតគិតថ្លៃនិងបើកចំហ ឬសរសេរកាត់ថា FOSSផ្សេងមួយពីកម្មវិធី*Avast។ ទោះបីវាខ្វះលក្ខណៈពិសេសខ្លះដែលមានសារៈសំខាន់សម្រាប់កម្មវិធីកម្ចាត់Virusចម្បងមួយក៏ដោយ កម្មវិធី[Clam Win*](/km/glossary#Clam_Win) មានអត្ថប្រយោជន៍ ដោយវាអាចដំណើរការចេញពីUSBមួយ ដើម្បីស្គែនកុំព្យូទ័ររបស់លោកអ្នក ដែលមិនត្រូវបានអនុញ្ញាតឲ្យបញ្ចូលកម្មវិធីទៅក្នុងកុំព្យូទ័រនោះបាន។

ដំបូន្មានអំពីការប្រើកម្មវិធីកម្ចាត់Virusដោយប្រសិទ្ធភាព

 • មិនត្រូវដំណើរការកម្មវិធីកម្ចាត់Virusពីរក្នុងពេលតែមួយ ព្រោះការធ្វើដូចនេះអាចនឹងធ្វើឲ្យកុំព្យូទ័ររបស់លោកអ្នកដំណើរការយឺតបំផុត ឬខូចតែម្តង។ ត្រូវលុបកម្មវិធីកម្ចាត់Virusមួយចេញពីកុំព្យូទ័រសិន មុននឹងបញ្ចូលកម្មវិធីកម្ចាត់Virusមួយផ្សេងទៀត។
 • ត្រូវប្រាកដថា កម្មវិធីកម្ចាត់Virusរបស់លោកអ្នក អនុញ្ញាតឲ្យលោកអ្នកអាចទទួលបានបច្ចុប្បន្នភាពរបស់វា។ កម្មវិធីលក្ខណៈពាណិជ្ជកម្មជាច្រើនដែលត្រូវបានបញ្ចូលរួចជាមុននៅលើកុំព្យូទ័រថ្មី ត្រូវតែធ្វើការចុះឈ្មោះ (ឬបង់ថ្លៃ)នៅត្រង់ចំណុចខ្លះ បើមិនដូច្នោះទេ ពួកវានឹងឈប់ទទួលបច្ចុប្បន្នភាពរបស់ខ្លួន។ គ្រប់កម្មវិធីកុំព្យូទ័រទាំងអស់ដែលត្រូវបានណែនាំនៅទីនេះ អនុញ្ញាតឲ្យមានការធ្វើបច្ចុប្បន្នភាពដោយឥតគិតថ្លៃ។
 • ត្រូវឲ្យប្រាកដថា កម្មវិធីកម្ចាត់Virusរបស់លោកអ្នកធ្វើបច្ចុប្បន្នភាពខ្លួនឯងបានដោយទៀងទាត់។ Virusថ្មីៗ ត្រូវបានសរសេរ និងចែកចាយជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យកុំព្យូទ័ររបស់លោកអ្នកនឹងប្រឈមហានិភ័យយ៉ាងរហ័ស ប្រសិនបើលោកអ្នកមិនអាចតាមទាន់ការកំណត់អត្តសញ្ញាណVirusថ្មីៗទេនោះ។ កម្មវិធីAvast នឹងស្វែងរកបច្ចុប្បន្នភាពនៃកម្មវិធីនោះដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកភ្ជាប់ទៅអ៊ីនធឺណិត។
 • ត្រូវបើកដំណើការមុខងារស្វែងរកVirus 'always on' នៃកម្មវិធីកម្ចាត់Virusរបស់លោកអ្នកជានិច្ច ប្រសិនបើមាន។ កម្មវិធីផ្សេងៗគ្នាមានឈ្មោះខុសៗគ្នាសម្រាប់មុខងារនេះ ប៉ុន្តែពួកវាភាគច្រើនមានលក្ខណៈពិសេសមួយដូចនេះ។ វាអាចត្រូវបានគេហៅថា 'Realtime Protection' ឬ 'Resident Protection' ឬ អ្វីម្យ៉ាងដែលស្រដៀងគ្នានេះ។ សូមមើល ផ្នែក ៣.២.១ នៃ មគ្គុទ្ទេសក៍ណែនាំអំពីកម្មវិធីAvastដើម្បីយល់ដឹងបន្ថែមអំពីមុខងារ'Resident Scanner'របស់កម្មវិធីនោះ។
 • ត្រូវស្គែនគ្រប់ឯកសារទាំងអស់ដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នកឲ្យបានទៀងទាត់។ លោកអ្នកមិនចាំបាច់ធ្វើការនេះជារៀងរាល់ថ្ងៃទេ (ជាពិសេសប្រសិនបើកម្មវិធីកម្ចាត់Virusរបស់លោកអ្នកមានមុខងារ'always on'ដូចបរិយាយខាងលើ) ប៉ុន្តែលោកអ្នកគួរធ្វើវាម្តងកាលផងដែរ។ ភាពញឹកញាប់នៃការងារនេះ អាចនឹងអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។ តើថ្មីៗនេះលោកអ្នកបានភ្ជាប់កុំព្យូទ័ររបស់ខ្លួនទៅបណ្តាញកុំព្យូទ័រមិនស្គាល់ដែរឬទេ? តើលោកអ្នកបានចែករំលែកប្រើUSBជាមួយនរណាខ្លះ? តើលោកអ្នកបានទទួលឯកសារចម្លែកដែលភ្ជាប់មកជាមួយអ៊ីមែលញឹកញាប់ដែរឬទេ? តើថ្មីៗនេះ មាននរណាម្នាក់ផ្សេងទៀតនៅក្នុងផ្ទះ ឬការិយាល័យរបស់លោកអ្នកបានជួបបញ្ហាVirusដែរឬទេ? សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបស្គែនឯកសារដែលប្រសើរបំផុត សូមមើល មគ្គុទ្ទេសក៍ណែនាំអំពីកម្មវិធីAvast.

ការបង្ការការឆ្លងVirus

 • ត្រូវប្រយ័ត្នបំផុតនៅពេលបើកឯកសារភ្ជាប់របស់អ៊ីមែល ឯកសារដែលទទួលបាន(ឧទា.នៅលើកម្មវិធី Instant Messaging ដូចជា MSN, Skype។ល។) ឬដោនឡូតបានពីអ៊ីនធឺណិត។ វិធីល្អបំផុត គឺជៀសវាងបើកឯកសារណាដែលទទួលបានពីប្រភពមិនស្គាល់។ ប្រសិនបើលោកចាំបាច់ត្រូវការបើកឯកសារភ្ជាប់នោះ ជាដំបូងលោកអ្នកគួររក្សាវាទុកទៅក្នុងថតឯកសារមួយនៅក្នុងកុំព្យូទ័ររបស់លោកអ្នកសិន បន្ទាប់មកបើកកម្មវិធីដែលត្រូវនឹងប្រភេទឯកសារនោះ(ដូចជា Microsoft Word ឬ Adobe Acrobat ជាដើម)ដោយខ្លួនលោកអ្នកផ្ទាល់។ ប្រសិនបើលោកអ្នកបើកឯកសារភ្ជាប់នោះដោយចូលតាមម៉ឺនុយFileរបស់កម្មវិធី ជំនួសឲ្យការចុចពីរដងលើឯកសារនោះ ឬជំនួសការអនុញ្ញាតឲ្យកម្មវិធីអ៊ីមែលបើកឯកសារនោះដោយស្វ័យប្រវត្តិ កុំព្យូទ័ររបស់លោកអ្នកទំនងជាមានកម្រិតប្រឈមទាបជាងក្នុងការឆ្លងVirus។
 • ត្រូវពិចារណាជាមុនអំពីហានិភ័យដែលអាចកើតមាន មុននឹងស៊កឧបករណ៍ផ្ទុកទិន្នន័យចល័តដូចជា CDs (ស៊ីឌី), DVDs (ឌីវីឌី) និង USB ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ ជាដំបូង លោកអ្នកគួរពិនិត្យមើលឲ្យច្បាស់សិនថា កម្មវិធីកម្ចាត់Virusរបស់លោកអ្នកមានបច្ចុប្បន្នភាពចុងក្រោយបំផុត ហើយមុខងារស្គែនរកVirusរបស់វាកំពុងដំណើរការឬនៅ។ គឺជាគំនិតល្អមួយផងដែរ ដែលលោកអ្នកត្រូវបិទមុខងារ'AutoPlay'របស់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ដែលVirusអាចប្រើដើម្បីចម្លងទៅកុំព្យូទ័ររបស់លោកអ្នក។ នៅក្រោមWindows XP គំនិតនេះអាចធ្វើទៅបានដោយចូលទៅក្នុងMy Computer, ចុចម៉ោវស៍ខាងស្តាំលើ CD ឬDVD, ជ្រើសរើសPropertiesរួចចុចលើស្លាកAutoPlay។ សម្រាប់ប្រភេទខ្លឹមសារនីមួយៗ ជ្រើសរើសយក Take no actionPrompt me each time to choose an action ហើយបន្ទាប់មកចុចលើ OK
 • លោកអ្នកអាចជួយបង្ការការឆ្លងVirusបានមួយចំនួនផងដែរ ដោយប្តូរទៅប្រើកម្មវិធីកុំព្យូទ័រឥតគិតថ្លៃនិងបើកចំហ ដែលជាញឹកញាប់មានសុវត្ថិភាពជាង ហើយនិងមិនមែនជាគោលដៅរបស់អ្នកសរសេរVirus។

:Snippet

Spyware (ស្ប៉ាយវែរ)

Spyware (ស្ប៉ាយវែរ) គឺក្រុមកម្មវិធីព្យាបាទមួយ ដែលអាចតាមដានការងារដែលលោកអ្នកធ្វើនៅលើកុំព្យូទ័ររបស់លោកអ្នក និងនៅលើអ៊ីនធឺណិត ហើយផ្ញើព័ត៌មានអំពីកុំព្យូទ័រនោះ ទៅអ្នកដែលមិនមានសិទ្ធិប្រើប្រាស់។ កម្មវិធីទាំងនេះអាចកត់ត្រាពាក្យដែលលោកអ្នកវាយនៅលើឃីប៊ត ចលនាម៉ៅវស៍របស់អ្នក គេហទំព័រដែលលោកអ្នកបើកមើល និងកម្មវិធីដែលលោកអ្នកដំណើរការ និងក្នុងចំណោមការងារជាច្រើនផ្សេងទៀត។ ជាលទ្ធផល ពួកវាអាចបង្កអន្តរាយដល់សុវត្ថិភាពកុំព្យូទ័ររបស់លោកអ្នកនិងបើកបង្ហាញព័ត៌មានសម្ងាត់ សកម្មភាព និងទំនាក់ទំនងរបស់លោកអ្នក។ កុំព្យូទ័រឆ្លងSpyware ដូចគ្នាទៅនឹងការឆ្លងVirusផងដែរ ដូច្នេះដំបូន្មានជាច្រើននៅខាងលើនេះមានប្រយោជន៍ផងដែរសម្រាប់ការពារប្រឆាំងក្រុមថ្នាក់ទីពីរនៃ Malwareនេះ។ ដោយសារទំព័រអ៊ីនធឺណិត គឺជាប្រភពចម្បងមួយនៃការឆ្លងSpyware លោកអ្នកគួរមានការប្រុងប្រយ័ត្នបន្ថែមចំពោះគេហទំព័រដែលលោកអ្នកបើកមើល ហើយត្រូវប្រាកដថា កម្មវិធីបើកអ៊ីនធើរណែតរបស់លោកអ្នកមានសុវត្ថិភាព។

:Snippet

កម្មវិធីកម្ចាត់ Spyware

លោកអ្នកអាចប្រើកម្មវិធីកម្ចាត់Spyware ដើម្បីការពារកុំព្យូទ័រពីការគំរាមកំហែងនេះបាន។ Spybot (ស្ប៉ាយបត) គឺជាកម្មវិធីមួយប្រភេទសម្រាប់ដោះស្រាយបញ្ហានេះ ហើយវាធ្វើការបានយ៉ាងល្អក្នុងការកំណត់ និងកម្ចាត់ចោលប្រភេទកម្មវិធីព្យាបាទមួយចំនួន ដែលកម្មវិធីប្រឆាំងមេរោគមិនអាចធ្វើបាន។ ដូចកម្មវិធីប្រឆាំងមេរោគដែរ វាសំខាន់បំផុតដែលលោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពរបស់ Spybot’s Malware Definition ហើយដំណើរការស្គែនវាឲ្យបានញឹកញាប់។

អនុវត្តន៍៖ ចាប់ផ្តើមជាមួយ Spybot - មគ្គុទ្ទេសក៍កម្ចាត់Spyware

ការបង្ការការឆ្លងSpyware

 • ត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលបើកមើលទំព័រអ៊ីនធឺណិត។ រកមើលផ្ទាំងwindowsដែលលេចចេញមកដោយស្វ័យប្រវត្តិ ហើយអានផ្ទាំងទាំងនោះដោយប្រុងប្រយ័ត្ន ដោយមិនចេះតែចុចលើYesOKនោះទេ។ ពេលមានការសង្ស័យ លោកអ្នកគួរបិទផ្ទាំង'pop up windows'នោះ ដោយចុចលើសញ្ញាXនៅជ្រុងខាងស្តាំខាងលើ ជាជាងការចុចលើពាក្យCancel។ ការធ្វើដូចនេះ អាចជួយបង្ការលោកអ្នកពីការចាញ់បោកការបញ្ឆោតរបស់គេហទំព័រអ៊ីនធឺណិតក្នុងការបញ្ចូល Malware ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក។
 • ត្រូវលើកកម្ពស់សុវត្ថិភាពនៃកម្មវិធីបើកអ៊ីនធឺណិតរបស់លោកអ្នក ដោយបង្ការវាមិនឲ្យដំណើរការដោយស្វ័យប្រវត្តិនូវកម្មវិធីបង្កអន្តរាយធ្ងន់ធ្ងរ ដែលពេលខ្លះមាននៅក្នុងទំព័រអ៊ីនធឺណិតដែលលោកអ្នកបើកមើល។ ប្រសិនបើលោកអ្នកកំពុងប្រើកម្មវិធី Firefox លោកអ្នកអាចបញ្ចូលមុខងារបន្ថែម NoScript ដែលមានបរិយាយនៅក្នុង ផ្នែក ៤ របស់ មគ្គុទ្ទេសក៍ណែនាំអំពីកម្មវិធី Firefox.
 • មិនត្រូវទទួលយក ឬដំណើរការកម្មវិធីប្រភេទនេះ ប្រសិនបើវាមកពីទំព័រអ៊ីនធឺណិតដែលលោកអ្នកមិនស្គាល់ ឬមិនទុកចិត្ត។

:Snippet

Firewalls (ហ្វាយអឺវ៉ល)

Firewall គឺជាកម្មវិធីទីមួយនៅក្នុងកុំព្យូទ័រ ដែលមើលឃើញទិន្នន័យពីអ៊ីនធឺណិតចូលក្នុងកុំព្យូទ័រ។ ហើយវាក៏ជាកម្មវិធីចុងក្រោយនៅក្នុងកុំព្យូទ័រ ដែលចាត់ចែងព័ត៌មានចេញទៅក្រៅវិញផងដែរ។ មានមុខងារដូចជាសន្តិសុខដែលយាមនៅមាត់ទ្វារអគារមួយ Firewall ទទួល ត្រួតពិនិត្យ និងសម្រេចរាល់ការចេញចូលគ្រប់ទិន្នន័យទាំងអស់ក្នុងកុំព្យូទ័ររបស់អ្នក។ ជាធម្មតា វាជាការសំខាន់ណាស់ដែលលោកអ្នកត្រូវការពារខ្លួន ទល់នឹងការភ្ជាប់សេវាគួរឲ្យសង្ស័យពីអ៊ីនធឺណិត និងពីបណ្តាញកុំព្យូទ័រក្នុងស្រុកទាំងឡាយ ដែលពួកវានីមួយៗអាចនឹងបើកផ្លូវឲ្យក្រុម Hacker និងVirus ចូលទៅកាន់កុំព្យូទ័ររបស់លោកអ្នកបាន។ ជាការជាក់ស្តែង ការពិនិត្យតាមដានការភ្ជាប់ចេញទៅក្រៅចេញពីកុំព្យូទ័ររបស់លោកអ្នកមានសារៈសំខាន់ខ្លាំងណាស់។

Firewall ល្អមួយ អនុញ្ញាតឲ្យលោកអ្នក អាចជ្រើសរើស ការអនុញ្ញាតការចេញចូលរបស់កម្មវិធីនីមួយៗ នៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ នៅពេលកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងនេះព្យាយាមទាក់ទងទៅពិភពខាងក្រៅ នោះFirewall របស់លោកអ្នកនឹងរារាំងការប៉ុនប៉ងនេះ ហើយផ្តល់ការព្រមានមួយដល់អ្នក លើកលែងតែFirewall ស្គាល់កម្មវិធីនោះ ហើយដឹងថាអ្នកបានអនុញ្ញាតឲ្យកម្មវិធីនោះប្រតិបត្តិការតភ្ជាប់ទៅក្រៅបាន។ ដំណើរការនេះ ធ្វើឡើងដើម្បីបង្ការ Malware ដែលមានរួចហើយនោះ មិនឲ្យចម្លងVirus ឬនាំក្រុមHackerចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ នៅក្នុងគោលបំណងនេះ Firewallផ្តល់ទាំងខ្សែការពារជួទីពីរ ទាំងប្រព័ន្ធព្រមានជាមុន ដែលអនុញ្ញាតឲ្យអ្នកអាចដឹងបាន នៅពេលសុវត្ថិភាពកុំព្យូទ័ររបស់លោកអ្នកកំពុងត្រូវបានគំរាមកំហែង។

កម្មវិធី Firewall

បណ្តាសំណៅថ្មីៗរបស់ Microsoft Windows មានរួមបញ្ចូលកម្មវិធី Firewall មកជាមួយ និងត្រូវបានបើកឲ្យដំណើរការដោយស្វ័យប្រវត្តិជាស្រេច។ ប៉ុន្តែគួរឲ្យស្តាយ មុខងារកម្មវិធី Firewall របស់ Windowsនៅមានកំណត់ ឧទា. វាមិនត្រួតពិនិត្យការភ្ជាប់ចេញទៅក្រៅទេ។ ប៉ុន្តែ មានកម្មវិធី Freeware ដ៏ល្អប្រសើរមួយឈ្មោះថា Comodo Personal Firewall ដែលអាចធ្វើការងារថែទាំសុវត្ថិភាពកុំព្យូទ័ររបស់លោកអ្នក បានប្រសើរជាងនេះ។

អនុវត្តន៍៖ ចាប់ផ្តើមជាមួយ មគ្គុទ្ទេសក៍ណែនាំអំពីកម្មវិធី Comodo Firewall (ខូម៉ូដូ ហ្វាយអឺវ៉ល)

ការបង្ការការភ្ជាប់បណ្តាញកុំព្យូទ័រដែលមិនគួរទុកចិត្ត

 • ត្រូវបញ្ចូលតែកម្មវិធីសំខាន់ៗដែលលោកអ្នកត្រូវការប្រើសម្រាប់ការងាររសើបប៉ុណ្ណោះ នៅក្នុងកុំព្យូទ័ររបស់អ្នក ហើយត្រូវប្រាកដថា លោកអ្នកទទួលបានកម្មវិធីទាំងនោះពីប្រភពមួយ ដែលត្រូវបានគេទទួលស្គាល់។ លុបកម្មវិធីទាំងឡាយណា ដែលលោកអ្នកមិនត្រូវការប្រើចេញពីកុំព្យូទ័ររបស់អ្នក។
 • ត្រូវផ្តាច់កុំព្យូទ័ររបស់លោកអ្នកពីអ៊ីនធឺណិត នៅពេលលោកអ្នកឈប់ប្រើវា ហើយបិទវាទាំងស្រុងនៅពេលយប់។
 • មិនត្រូវចែលរំលែកពាក្យសម្ងាត់Windowsរបស់លោកអ្នកជាមួយនរណាម្នាក់ឡើយ។
 • ប្រសិនបើលោកអ្នកបានបើកដំណើរការសេវា'Windows services'ណាមួយដែលលោកអ្នកលែងប្រើ លោកអ្នកគួរបិទដំណើរការនោះចោល។ សូមមើលផ្នែក សម្រាប់ការអានបន្ថែម សម្រាប់ព័ត៌មានបន្ថែមអំពីចំណុចនេះ។
 • ត្រូវប្រាកដថា កុំព្យូទ័រទាំងអស់នៅលើបណ្តាញកុំព្យូទ័រការិយាល័យរបស់លោកអ្នក មានបញ្ចូលកម្មវិធីFirewall ផងដែរ។
 • ប្រសិនបើលោកអ្នកមិនទាន់បញ្ចូលកម្មវិធីFirewallណាមួយទេ លោកអ្នកគួរពិចារណាបញ្ចូលកម្មវិធីFirewallបន្ថែមមួយ ដើម្បីការពារបណ្តាញកុំព្យូទ័រមូលដ្ឋានទាំងមូលនៅការិយាល័យរបស់លោកអ្នក។ Broadband gatewaysពាណិជ្ជកម្មជាច្រើន មានរួមបញ្ចូលកម្មវិធីFirewall ដែលងាយស្រួលប្រើ ហើយការបើកដំណើរការវា អាចជួយធ្វើឲ្យបណ្តាញកុំព្យូទ័របស់លោកអ្នកមានសុវត្ថិភាពខ្ពស់ជាងមុនផងដែរ។ ប្រសិនបើលោកអ្នកមិនប្រាកដថាត្រូវចាប់ផ្តើមជាមួយវានៅកន្លែងណាទេនោះ លោកអ្នកប្រហែលជាត្រូវសុំជំនួយពីអ្នកដែលបានជួយតម្លើងបណ្តាញកុំព្យូទ័ររបស់លោកអ្នក។

:Snippet

ការរក្សាកម្មវិធីកុំព្យូទ័ររបស់លោកអ្នកឱ្យមានបច្ចុប្បន្នភាពជានិច្ច

កម្មវិធីកុំព្យូទ័រ ជាទូទៅមានទំហំធំ និងស្មុគស្មាញ។ វាមិនអាចជៀសរួចទេដែលថា កម្មវិធីខ្លះក្នុងចំណោមកម្មវិធីដែលលោកអ្នកប្រើជាទៀងទាត់មិនមានបញ្ហានោះ ហើយវាក៏ជាទូទៅផងដែរថា បញ្ហាទាំងនោះហើយ ដែលអាចនឹងបង្កអន្តរាយដល់សុវត្ថិភាពសន្តិសុខកុំព្យូទ័ររបស់លោកអ្នក។ ទោះជាយ៉ាងនោះក្តី អ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័របានរកឃើញនៅបញ្ហាទាំងនោះជាបន្តបន្ទាប់ ហើយបានបញ្ចេញបច្ចុប្បន្នភាពនៃកម្មវិធី ដើម្បីជួសជុលបញ្ហាទាំងនោះ។ ដោយហេតុនេះហើយ ទើបវាជាការសំខាន់ណាស់ ដែលលោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីទាំងអស់នៅក្នុងកុំព្យូទ័ររបស់លោកអ្នក ឲ្យបានញឹកញាប់ រួមទាំងប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រផងដែរ។ ប្រសិនបើWindowsមិនធ្វើបច្ចុប្បន្នភាពខ្លួនឯងដោយស្វ័យប្រវត្តិទេនោះ លោកអ្នកអាចធ្វើវាដោយខ្លួនឯងបាន ដោយប្រើម៉ោវស៍ចុចលើម៉ឺនុយStart, ជ្រើសយកAll Programs ហើយចុចលើWindows Update។ កម្មវិធីInternet Explorerនឹងបើកឡើង ហើយនាំលោកអ្នកទៅទំព័រMicrosoft Update ដែលនៅទីនោះលោកអ្នកអាចបើកដំណើរការមុខងារធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ Automatic Updates បាន។ សូមមើលផ្នែកសេចក្តីសម្រាប់អានបន្ថែម សម្រាប់ព័ត៌មានបន្ថែមអំពីចំណុចនេះ។

ស្រដៀងគ្នានេះដែរ វាជាការសំខាន់ណាស់ដែលត្រូវប្រាកដថា កម្មវិធីដែលបានបញ្ចូលរួចនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ។ ដើម្បីសម្រេចការនេះបាន ជាដំបូងលោកអ្នកចាំបាច់ត្រូវដឹងថា តើមានកម្មវិធីអ្វីខ្លះនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ហើយប្រហែលជាអ្នកត្រូវលុបកម្មវិធីដែលមិនសំខាន់ ចេញផងដែរ (នៅលើWindows ត្រូវចូលទៅក្នុង Control Panel និង ProgramsAdd/Remove Programs)។ បន្ទាប់មក ត្រូវពិនិត្យមើលកម្មវិធីនីមួយៗឡើងវិញ ថាតើវាគឺជាសំណៅកម្មវិធីថ្មីចុងក្រោយបំផុតឬនៅ តើវាអាចធ្វើបច្ចុប្បន្នភាពបានដោយរបៀបណា ហើយតើវានឹងធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិដោយខ្លួនឯងនៅពេលក្រោយដែរឬទេ។

ការរក្សាបច្ចុប្បន្នភាពជាមួយក្រុមកម្មវិធីFreeware និង FOSS (កម្មវិធីឥតគិតថ្លៃនិងបើកចំហ)

កម្មវិធីកុំព្យូទ័រជាប់កម្មសិទ្ធិ ជាញឹកញាប់តម្រូវឲ្យមានភស្តុតាងបង្ហាញថា វាត្រូវបានទិញដោយស្របច្បាប់ មុនពេលវាអនុញ្ញាតឲ្យលោកអ្នកអាចធ្វើបច្ចុប្បន្នភាពវាបាន។ ប្រសិនបើលោកអ្នកកំពុងប្រើសំណៅលួចចម្លង ឧទា. កម្មវិធី Microsoft វាអាចនឹងមិនអនុញ្ញាតឲ្យអ្នកធ្វើបច្ចុប្បន្នភាពបានទេ ដែលនេះជាកត្តាដែលបណ្តាលឲ្យអ្នក និងព័ត៌មានរបស់លោកអ្នកប្រឈមនឹងហានិភ័យបំផុត។ ដោយសារការគ្មានអាជ្ញាប័ណ្ណមានសុពលភាព លោកអ្នកកំពុងធ្វើឲ្យខ្លួនឯង និងអ្នកដទៃប្រឈមនឹងហានិភ័យ។ ការពឹងផ្អែកទៅលើកម្មវិធីកុំព្យូទ័រមិនស្របច្បាប់ អាចនាំហានិភ័យជាលក្ខណៈមិនមែនបច្ចេកទេសផងដែរ។ នៅក្នុងប្រទេសកាន់តែច្រើនទៅៗ អាជ្ញាធរបានចាប់ផ្តើមត្រួតពិនិត្យស្វែងរកអង្គភាព ដែលមានអាជ្ញាប័ណ្ណមានសុពលភាពសម្រាប់កម្មវិធីកុំព្យូទ័រនីមួយៗ ដែលពួកគេកំពុងប្រើ។ ប៉ូលីសបានរឹបអូសកុំព្យូទ័រ និងបិទអង្គភាពជាច្រើនដោយឈរលើមូលហេតុ“លួចចម្លងកម្មវិធី”។ យុត្តិកម្មនេះអាចត្រូវបានរំលោភបំពានបានដោយងាយនៅក្នុងបណ្តាប្រទេស ដែលអាជ្ញាធរមានហេតុផលនយោបាយ ដើម្បីជ្រៀតជ្រែកចូលក្នុង កិច្ចការរបស់អង្គភាពណាមួយ។ សំណាងល្អ លោកអ្នកមិនចាំបាច់ត្រូវទិញកម្មវិធីកុំព្យូទ័រដែលមានតម្លៃថ្លៃ ដើម្បីការពារខ្លួនពីយុត្តិសាស្ត្របែបនេះឡើយ។

យើងសូមណែនាំឲ្យលោកអ្នកសាកល្បងប្រើ FreewareFOSS (កម្មវិធីកុំព្យូទ័ឥតគិតថ្លៃនិងបើកចំហ) ជំនួសឲ្យ កម្មវិធីកុំព្យូទ័រជាប់កម្មសិទ្ធណាមួយដែលលោកអ្នកកំពុងប្រើ ជាពិសេសកម្មវិធីដែលមិនមានអាជ្ញាប័ណ្ណ។ កម្មវិធី Freeware និងកម្មវិធីFOSS ជាញឹកញាប់ត្រូវបានសរសេរដោយអ្នកស្ម័គ្រចិត្ត និងអង្គការមិនគិតប្រាក់ចំណេញ ដែលជាអ្នកបញ្ចេញ និងថែមទាំងធ្វើបច្ចុប្បន្នភាពកម្មវិធីទាំងនេះដោយឥតគិតថ្លៃ។ ជាពិសេសជាងនេះទៅទៀត បណ្តាកម្មវិធីFOSS ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាងកម្មវិធី ជាប់កម្មសិទ្ធិ ព្រោះពួកវាត្រូវបានអភិវឌ្ឍនៅក្នុងរបៀបមួយ មានតម្លាភាព ដែលកូដដើមរបស់ពួកវា អាចត្រួតពិនិត្យមើលបានដោយក្រុមអ្នកជំនាញផ្សេងៗ ដែលអាចកំណត់អត្តសញ្ញាណបញ្ហា និងចូលរួមចំណែកផ្តល់ដំណោះស្រាយផ្សេងៗ។

កម្មវិធី FOSS ជាច្រើនមានលក្ខណៈដូចគ្នា និងធ្វើការស្ទើរតែដូចគ្នាទៅនឹងកម្មវិធីកុំព្យូទ័រជាប់កម្មសិទ្ធិទាំងឡាយដែរ។ ស្របពេលជាមួយគ្នានោះ លោកអ្នកអាចប្រើកម្មវិធីទាំងនេះអមជាមួយកម្មវិធីកុំព្យូទ័រជាប់កម្មសិទ្ធ រួមទាំងប្រព័ន្ធប្រតិបត្តិការWindows ដោយគ្មានបញ្ហាអ្វីឡើយ។ ទោះបីសហសេវិករបស់លោកអ្នកបន្តប្រើសំណៅពាណិជ្ជកម្ម នៃកម្មវិធីប្រភេទជាក់លាក់មួយក៏ដោយ លោកអ្នកនៅតែអាចផ្លាស់ប្តូរឯកសារ និងចែករម្លែកព័ត៌មានជាមួយពួកគេបានដោយងាយស្រួល។ ជាពិសេស លោកអ្នកអាចនឹងពិចារណាប្រើកម្មវិធី Firefox, Thunderbird និង LibreOffice ជំនួយឲ្យកម្មវិធី Internet Explorer, Outlook ឬ Outlook Express និង Microsoft Office បានផងដែរ។

តាមពិត លោកអ្នកថែមទាំងអាចនឹងដកខ្លួនចេញពីការប្រើប្រព័ន្ធប្រតិបត្តិការ Microsoft Windowsទាំងស្រុងបាន ដោយសាកល្បងប្រើប្រភេទកម្មវិធីFOSS ឈ្មោះថា GNU/Linux ដែលមានសុវត្ថិភាពជាងមុនផងដែរ។ មធ្យោបាយល្អបំផុតដើម្បីដឹងថាតើលោកអ្នកត្រៀមខ្លួនផ្លាស់ប្តូរបានហើយឬនៅ គឺការសាកល្បងវាសិន។ លោកអ្នកអាចដោនឡូតសំណៅ LiveCDមួយរបស់ Ubuntu Linux, រក្សាវាទុកនៅលើCD ឬDVDមួយ, ដាក់CD ឬDVDនោះទៅក្នុងកុំព្យូទ័រ ហើយចាប់ផ្តើមដំណើរការកុំព្យូទ័រឡើងវិញ។ នៅពេលដែលកុំព្យូទ័រត្រូវបានចាប់ផ្តើមរួចរាល់ កុំព្យូទ័ររបស់លោកអ្នកនឹងដំណើរការកម្មវិធី GNU/Linux ហើយលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីដែលខ្លួនគិតចង់ធ្វើបាន។ សូមកុំបារម្ភ រឿងនេះ មិនកើតជាអចិន្ត្រៃយ៍ទេ។ នៅពេលលោកអ្នកធ្វើការងារចប់ហើយ គ្រាន់តែបិទកុំព្យូទ័រហើយយកUbuntu LiveCDចេញ គឺជាការស្រេច។ ពេលលោកអ្នកចាប់ផ្តើមដំណើរការកុំព្យូទ័រនៅពេលបន្ទាប់ លោកអ្នកនឹងត្រឡប់នៅក្នុងWindows ហើយគ្រប់កម្មវិធី មុខងារកំណត់ និងទិន្នន័យរបស់លោកអ្នក នឹងមានលក្ខណៈដូចដើម។ បន្ថែមពីលើអត្ថប្រយោជន៍សុវត្ថិភាពទូទៅរបស់កម្មវិធីកុំព្យូទ័រដែលមានប្រភពចំហ Ubuntuមានមុខងារធ្វើបច្ចុប្បន្នភាពមួយដោយឥតគិតថ្លៃនិងងាយស្រួលប្រើប្រាស់ ដែលនឹងរក្សាប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក និងកម្មវិធីកុំព្យូទ័រច្រើនផ្សេងទៀតរបស់លោកអ្នក មិនឲ្យហួសសម័យនិងគ្មានសុវត្ថិភាពបាន។

សម្រាប់អានបន្ថែម

 • សូមមើលជំពូកស្តីពី Malicious Softwareនិង Spam និង សេចក្តីបន្ថែមអំពីមុខងារកំណត់របស់កម្មវិធីអ៊ីនធណិត នៅក្នុងសៀវភៅ Digital Security and Privacy for Human Rights Defenders
 • សូមរក្សាបច្ចុប្បន្នភាពព័ត៌មានអំពីមេរោគនៅលើគេហទំព័រ Virus Bulletin
 • រៀនពីរបៀបកំណត់ថា តើសេវា'Windows services'ណាខ្លះដែលមិនចាំបាច់ ហើយ បិទដំណើរការសេវាដែលលោកអ្នកមិនត្រូវការប្រើ
 • កម្មវិធីផ្សេងៗទៀតរបស់ Tactical Technology Collective អាចជួយលោកអ្នកផ្លាស់ប្តូរទៅប្រើកម្មវិធី FOSS និង Freeware សម្រាប់គ្រប់តម្រូវការកម្មវិធីកុំព្យូទ័រទាំងអស់របស់លោកអ្នកបាន។
 • ដោនឡូត free bootable rescue CDs ដើម្បីស្គែនកុំព្យូទ័ររបស់លោកអ្នក និងកម្ចាត់មេរោគ ដោយមិនចាំបាច់ចាប់ផ្តើមដំណើរការWindowsនៅលើកុំព្យូទ័ររបស់លោកអ្នក។
 • ប្រសិនបើលោកអ្នកគិតថា កុំព្យូទ័ររបស់ខ្លួនមានឆ្លងVirus ឬMalware មួយចំនួនផ្សេងទៀត សូមអាន មគ្គុទ្ទេសក៍ណែនាំអំពីការកម្ចាត់Malwareសម្រាប់Windows.
 • LibreOffice គឺជាសំណុំកម្មវិធីឥតគិតថ្លៃនិងបើកចំហសម្រាប់យ៉ាងបានឥទ្ធិពលសម្រាប់ Windows, Macintosh និង GNU/Linux។
 • សូមមើលUbuntu ដែលជាប្រព័ន្ធប្រតិបត្តិការមួយមានលក្ខណៈលឿន សេរី និងងាយស្រួលប្រើបំផុត។ Ubuntu នឹងដំណើរការជាមួយឯកសារកុំព្យូទ័រទាំងអស់ដែលមានស្រាប់នៅក្នុងកុំព្យូទ័ររបស់អ្នក ម៉ាស៊ីនបោះពុម្ព កាមេរ៉ា ឧបករណ៍ចាក់តន្ត្រី និងស្មាតហ្វូនរបស់លោកអ្នក ហើយវាភ្ជាប់មកជាមួយនូវ កម្មវិធីដែលឥតគិតថ្លៃរាប់ពាន់។