Recuva - កម្មវិធីស្តារយកទិន្នន័យមកវិញ

Recuva ជាកម្មវិធីស្តារយកទិន្នន័យមកវិញមួយ ដែលងាយស្រួលប្រើប្រាស់។ កម្មវិធីនេះអាចឲ្យលោកអ្នកស្កែនរក និងទាញយក ឯកសារ ថតឯកសារ និងព័ត៌មានផ្សេងទៀត ដែលត្រូវបានលុបចោលពីមុន រាប់បញ្ចូលទាំងអ៊ីមែល រូបភាព និងឯកសារវីដេអូ ផ្សេងៗ។ Recuva ក៏ប្រើបច្ចេកទេសសរសេរជាន់ពីលើដែលមានសុវត្ថិភាព ដើម្បីលុបចោលព័ត៌មានសំខាន់ ព័ត៌មានឯកជន ឬព័ត៌មានរសើប។

របៀបដំឡើងកម្មវិធី Recuva

  • សូមអានសេចក្តីផ្តើមសង្ខេបនៃ មគ្គុទ្ទេសក៍អនុវត្តន៍
  • ចុច លើរូបសញ្ញា Recuva ខាងក្រោមនេះ ដើម្បីបើកទំព័រទាញយក www.piriform.com/recuva/builds
  • នៅក្នុងផ្នែក 'Recuva - Slim' ត្រូវ ចុច លើប៊ូតុង 'Download'
  • រក្សាទុក ឯកសារ 'rcsetup_slim.exe' ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក រួចបើកចូលទៅរកឯកសារនោះ បន្ទាប់មក ចុចផ្ទួន លើឯកសារ ដើម្បីបើកកម្មវិធីដំឡើងកម្មវិធី។
  • សូមអាន 'ពាក្យណែនាំអំពីការដំឡើងកម្មវិធី' នៅក្នុងផ្នែកបន្ទាប់ មុនពេលលោកអ្នកអនុវត្តបន្ត
  • បន្ទាប់ពីលោកអ្នកបានដំឡើងកម្មវិធី Recuva ដោយជោគជ័យរួចហើយ លោកអ្នកអាចលុបចោលកម្មវិធីដំឡើងកម្មវិធីនេះពីកុំព្យូទ័ររបស់លោកអ្នកបាន។

Recuva:

ទំព័រដើម

www.piriform.com/recuva

តម្រូវការរបស់កុំព្យូទ័រ

  • គ្រប់កំណែ Windows ទាំងអស់ (កំណត់សម្គាល់៖ កំណែកម្មវិធីដែលអាចប្រើបានជាមួយ Windows 98 លែងមានហើយ)

កំណែដែលប្រើក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

  • ១.៣

អាជ្ញាប័ណ្ណ

  • Freeware (កម្មវិធីសេរី)

ឯកសារតម្រូវឲ្យអាន

កម្រិត៖ ១. កម្រិតដំបូង, ២. កម្រិតមធ្យម, ៣. កម្រិតលើមធ្យម, ៤. កម្រិតមានបទពិសោធន៍, ៥. កម្រិតខ្ពស់

ពេលតម្រូវ ដើម្បីអាចចាប់ផ្តើមប្រើកម្មវិធីនេះបាន៖ ២០ នាទី

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

  • សមត្ថភាព ក្នុងការមានលទ្ធភាពអនុវត្តបច្ចេកទេសស្កែនផ្សេងៗ
  • សមត្ថភាព ក្នុងការស្តារយកឯកសារ ដែលបានលុបចោលក្នុងកុំព្យូទ័ររបស់លោកអ្នក កាលពីមុនមកវិញ
  • សមត្ថភាព ក្នុងការលុបចោលព័ត៌មានឯកជន ឬព័ត៌មានរសើបបានដោយសុវត្ថិភាព

កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS និង Microsoft Windows

សម្រាប់អ្នកប្រើ GNU Linux យើងខ្ញុំសូមណែនាំកម្មវិធី R-Linux។ អ្នកប្រើ Mac OS អាចនឹងចូលចិត្តប្រើកម្មវិធី TestDisk និង PhotoRec ដែលអាចប្រើបានជាមួយ Microsoft Windows និង GNU Linux ផងដែរ។ បន្ថែមពីលើកម្មវិធី Recuva លោកអ្នកអាចប្រើកម្មវិធីស្តារយកឯកសារមកវិញដោយឥតគិតថ្លៃផ្សេងទៀត ដែលអាចប្រើបានជាមួយ Microsoft Windows ដែលគួរតែត្រូវបានណែនាំឲ្យប្រើ ៖

១.១ ប្រការគួរយល់ដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើ

នៅក្នុងស្ថានភាពដែលឯកសារឯកជន ឬឯកសារសំខាន់អាចនឹងត្រូវបានលុបចោលដោយភាន់ច្រឡំ កម្មវិធី Recuva អាចជួយលោកអ្នកស្កែនរក និងស្តារយកឯកសារខ្លះមកវិញ។ ដូចបានលើកយកមកពិភាក្សាក្នុងជំពូក ៦ ៖ របៀបបំផ្លាញព័ត៌មានរសើប ឯកសារមួយដែលត្រូវបានលុបចោលដោយប្រើមុខងារ Delete (លុបចោល) តាមស្តង់ដាររបស់ប្រព័ន្ធប្រតិបត្តិការWindows ទោះបីជា ធុងសម្រាម ត្រូវបានសម្អាតហើយក៏ដោយ ក៏ឯកសារនោះប្រហែលជានៅមាននៅក្នុងកុំព្យូទ័រនៅឡើយ។

ប៉ុន្តែ មានស្ថានភាពមួយចំនួនទៀត ដែលកម្មវិធី Recuva មិនអាចស្តារយកព័ត៌មានមកវិញបាន។ ប្រសិនបើលោកអ្នកបានលុបចោលជាអចិន្ត្រៃយ៍ ឬជូតលុបឯកសារបណ្តោះអាសន្ន ដោយប្រើកម្មវិធី CCleaner ដែលមានបើកដំណើរការជម្រើស Secure file deletion (Slower) ( ការលុបចោលឯកសារដែលមានសុវត្ថិភាព (យឺតជាងមុន)) នោះឯកសារដែលត្រូវបានលុបចោលទាំងនោះ នឹងមិនអាចស្តារយកមកវិញបានឡើយ។ កម្មវិធីRecuva មិនអាចស្តារយកឯកសារមកវិញបានឡើយ បន្ទាប់ពីមានការប្រើកម្មវិធីដូចជា CCleanerEraser ដើម្បីជូតលុបផ្ទៃថាសដែលនៅទំនេរ ឬប្រសិនបើ Windows ខ្លួនឯងបានសរសេរជាន់ពីលើផ្ទៃដែលមានផ្ទុកឯកសារពីមុន។ កម្មវិធី Recuva ក៏មិនអាចស្តារយកឯកសារដែលខូចខាតមកវិញដែរ។

កម្មវិធី Recuva អាចប្រើដើម្បីសរសេរជាន់ពីលើទិន្នន័យឯកជន ឬទិន្នន័យរសើបរបស់លោកអ្នកបានយ៉ាងមានសុវត្ថិភាពផងដែរ។