Tor Browser – កម្មវិធីអនាមិកភាព និងគេចវាងឌីជីតថល

កម្មវិធី Tor Browser ត្រូវបានបង្កើតឡើង ដើម្បីបង្កើនអនាមិកភាពនៃសកម្មភាពរបស់លោកអ្នកនៅលើអ៊ីនធើរណែត។ កម្មវិធីនេះក្លែងបន្លំអត្តសញ្ញាណរបស់លោកអ្នក និងការពារសកម្មភាពអនឡាញរបស់លោកអ្នក ពីទម្រង់ឃ្លាំមើលជាច្រើនដែលមាននៅលើអ៊ីនធើរណេត។ Tor ក៏អាចប្រើដើម្បីគេចវាងពីកម្មវិធីត្រួតពិនិត្យអ៊ីនធើរណែតផងដែរ។

របៀបដោនឡូតកម្មវិធី Tor Browser

 • សូមអានសេចក្តីផ្តើមសង្ខេបនៃមគ្គុទ្ទេសក៍អនុវត្តន៍
 • ចុចលើរូបសញ្ញា Tor ខាងក្រោមនេះ ដើម្បីបើកទំព័រអ៊ីនធើរណែត https://www.torproject.org/easy-download.html.en
 • ស្ក្រូលទំព័រចុះក្រោម បន្ទាប់មក ចុចលើតំណភ្ជាប់ Tor Browser for Microsoft Windows
 • ថតទុកឯកសារបញ្ចូលកម្មវិធី បន្ទាប់មក បើកចូលទៅរកវា ហើយចុចរហ័សពីរដងលើវា
 • បន្ទាប់ពីទាញយកកម្មវិធី Tor Browser រួចហើយ លោកអ្នកអាចលុបចោលឯកសារបញ្ចូលកម្មវិធី ដែលលោកអ្នកបានថតទុក នៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។

Tor:

កំណត់សម្គាល់ ៖ ប្រសិនបើលោកអ្នកស្ថិតនៅកន្លែងមួយដែលសិទ្ធិចូលប្រើគេហទំព័ររបស់ Tor Project (គម្រោង Tor) ត្រូវបានបិទ លោកអ្នកអាចស្នើសុំសំណៅឯកសារបញ្ចូលកម្មវិធី Tor Browser Bundle មួយតាមរយៈអ៊ីមែល។ ដើម្បីធ្វើការនេះ ត្រូវផ្ញើអ៊ីមែលទៅ gettor@torproject.org ដោយបញ្ជាក់នៅក្នុងអង្គអ៊ីមែលនូវសំណៅ Tor ដែលលោកអ្នកចង់បាន។ ឧទា. windows ប្រសិនបើលោកអ្នកមានកុំព្យូទ័រប្រើ Windows, osx ប្រសិនបើលោកអ្នកប្រើកុំព្យូទ័រ Apple ឬ linux ប្រសិនបើលោកអ្នកមានកុំព្យូទ័រប្រើ Linux។ លោកអ្នកនឹងទទួលបានការឆ្លើយតបមួយចំពោះអ៊ីមែលរបស់លោកអ្នក ដែលនៅក្នុងអ៊ីមែលឆ្លើយតបនោះ មានតំណភ្ជាប់ដើម្បីដោនឡូតឯកសារបញ្ចូលកម្មវិធីតាមរយៈ Dropbox។ សេចក្តីលម្អិតបន្ថែមអំពីលក្ខណៈពិសេសនេះ មាននៅក្នុង គេហទំព័រ Tor Project (គម្រោង Tor)

គេហទំព័រដើម

https://www.torproject.org

សេចក្តីតម្រូវសម្រាប់កុំព្យូទ័រ

 • គ្រប់សំណៅ Windows ទាំងអស់ (XP ឬ ថ្មីជាងនេះ)
 • មានភ្ជាប់សេវាអ៊ីនធើរណែត

សំណៅកម្មវិធី ដែលប្រើនៅក្នុង មគ្គុទ្ទេសក៍ណែនាំនេះ

 • Tor Browser: 3.5.3

កាលបរិច្ឆេទ កែសម្រួលចុងក្រោយបំផុត របស់ជំពូកនេះ

 • មីនា ២០១៤

អាជ្ញាប័ណ្ណ

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

 • សមត្ថភាព ដើម្បីលាក់បាំងអត្តសញ្ញាណឌីជីតថលរបស់លោកអ្នក ពីគេហទំព័រដែលលោកអ្នកបើកមើល
 • សមត្ថភាព ដើម្បីលាក់បាំងគោលដៅអនឡាញរបស់លោកអ្នក ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធើរណែត (ISPs) និងយន្តការឃ្លាំមើលផ្សេងទៀត
 • សមត្ថភាព ដើម្បីគេចវាងពីការត្រួតពិនិត្យអ៊ីនធើរណែតនិងវិធានចម្រោះ

កម្មវិធីដែលអាចប្រើបានជាមួយ GNU Linux, Mac OS និង Microsoft Windows

កម្មវិធី Tor Browser មានសម្រាប់ប្រព័ន្ធប្រតិបត្តិការ GNU Linux, Mac OS, Microsoft Windows និងAndroidTor គឺជាកម្មវិធីដែលត្រូវបានណែនាំនិងធ្វើតេស្តហ្មត់ចត់បំផុត សម្រាប់រក្សាអនាមិកភាពនៃសកម្មភាពអនឡាញរបស់លោកអ្នក។ ប៉ុន្តែ យើងខ្ញុំសូមណែនាំដំណោះស្រាយមួយចំនួនផ្សេងទៀត ដូចខាងក្រោមនេះ៖

 • Riseup VPN គឺជាកុំព្យូទ័របម្រើ Proxy Virtual Private Network (VPN) ឥតគិតថ្លៃមួយ សម្រាប់ Linux, MAC, Android និង Microsoft Windows
 • Psiphon3 គឺជាដំណោះស្រាយ Virtual Private Network (VPN) ពាណិជ្ជកម្មឥតគិតថ្លៃមួយ សម្រាប់ Microsoft Windows និង Android OS
 • Dynaweb FreeGate គឺជាកម្មវិធី Proxy ឥតគិតថ្លៃមួយ សម្រាប់ Microsoft Windows
 • Your Freedom គឺជាកម្មវិធី Proxy ពាណិជ្ជកម្មមួយ ដែលផ្តល់ជូនផងដែរនូវសេវាឥតគិតថ្លៃ(ប៉ុន្តែយឺតជាង)មួយ។ កម្មវិធីនេះមានសម្រាប់ Linux, Mac OS និង Microsoft Windows

១.១ ការដែលលោកអ្នកគួរដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើវា

Tor Browser គឺជាកម្មវិធីមួយ ដែលបង្កើតឡើងដើម្បីបង្កើនភាពឯកជននៃសកម្មភាពនិងទម្លាប់ប្រើប្រាស់អ៊ីនធើរណែតរបស់លោកអ្នក។ វាជួយបិទបាំងអត្តសញ្ញាណរបស់លោកអ្នក និងសកម្មភាពអនឡាញរបស់លោកអ្នក ឱ្យរួចផុតពីទម្រង់ឃ្លាំមើលអ៊ីនធើរណែតជាច្រើន។ Tor អាចមានប្រយោជន៍ជាមធ្យោបាយធានាសុវត្ថិភាពមួយនៃការគេចវាងពីលក្ខខណ្ឌកម្រិតអេឡិកត្រូនិក ដើម្បីឱ្យលោកអ្នកអាចចូលមើល ឬផ្សព្វផ្សាយគេហទិនានុលេខន៍(blogs)និងរបាយការណ៍ព័ត៌មាន។

Tor ការពារអនាមិកភាពរបស់លោកអ្នក ដោយការបញ្ជូនទំនាក់ទំនងទិន្នន័យតាមរយៈបណ្តាញកុំព្យូទ័របម្រើចែកចែកមួយដែលដំណើរការដោយអ្នកស្ម័គ្រចិត្តមកពីទូទាំងពិភពលោក។ ការប្រើ Tor លាក់បាំងគេហទំព័រដែលលោកអ្នកបើកមើលពីអ្នកមើលដែលមានសក្តានុពល និងលាក់បាំងទីតាំង/អត្តសញ្ញាណរបស់លោកអ្នកពីគេហទំព័រទាំងនោះ។ កម្មវិធីនេះ ក៏ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រាកដថា កុំព្យូទ័របម្រើនៅក្នុងបណ្តាញ Tor មិនស្គាល់ទាំងទីតាំងរបស់លោកអ្នក និងគេហទំព័រដែលលោកអ្នកកំពុងបើកមើលផងដែរ។

Tor ក៏ចាត់ជំហានអនុវត្តន៍ផងដែរ ដើម្បីបម្លែងជាទម្រង់សម្ងាត់នូវទំនាក់ទំនងដែលធ្វើទៅកាន់ និងតាមរយៈបណ្តាញរបស់វា ប៉ុន្តែ វិធានការនេះមិនអាចពង្រីកគ្រប់ផ្លូវទៅកាន់គេហទំព័រមួយដែលកំពុងផ្ញើ ឬទទួលទិន្នន័យតាមបណ្តាញមិនមានទម្រង់សម្ងាត់បានទេ (ឧទា. បណ្តាញដែលមិនផ្តល់ការប្រើពិធីការសុវត្ថិភាព https)។ ទោះជាដូច្នេះក្តី អត្ថប្រយោជន៍នៃការប្រើ Tor នៅពេលបើកចូលគេហទំព័រទាំងនេះគឺថា Tor អាចធានាសុវត្ថិភាពទំនាក់ទំនងទិន្នន័យរបស់លោកអ្នក ទៅដល់ត្រឹមជំហានរវាងចំណុចចុងក្រោយបំផុតនៃប្រព័ន្ធកុំព្យូទ័របម្រើTor និងគេហទំព័រដែលគ្មានសុវត្ថិភាព។ នេះគឺជាចន្លោះឱកាសដើម្បីស្ទាក់ចាប់ទិន្នន័យដែលឆ្ពោះទៅជំហានចុងក្រោយនោះ។

Tor Browser Bundle រួមមាន កម្មវិធី Tor និង សំណៅកែសម្រួលមួយនៃកម្មវិធីបើកអ៊ីនធើរណែត Firefox ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ការការពារបន្ថែមនៅខណៈពេលដែលប្រើវា។ Browser Bundle រួមមានផងដែរនូវមុខងារបន្ថែម NoScript និង មុខងារបន្ថែម HTTPS-Everywhere

កំណត់សម្គាល់ ៖ មានការទូទាត់តុល្យភាពមួយរវាងអនាមិកភាព និងល្បឿន។ ច្បាស់ណាស់ វានឹងដំណើរការយឺតជាងការប្រើកម្មវិធីបើកអ៊ីនធើរណែតផ្សេងទៀតដែលមាន នៅក្នុងកុំព្យូទ័ររបស់លោកអ្នក ព្រោះ Tor ជួយសម្រួលដល់ការបើកទំព័រ អ៊ីនធើរណែតជាលក្ខណៈអនាមិក ដោយប្រើវិធីសាស្ត្របញ្ជូនចរាចរណ៍ទិន្នន័យរបស់លោកអ្នកត្រឡប់ចុះឡើងឆ្លងកាត់កុំព្យូទ័រ និងកុំព្យូទ័របម្រើរបស់អ្នកស្ម័គ្រចិត្តដែលស្ថិតនៅផ្នែកផ្សេងៗជាច្រើននៃពិភពលោក។

និយមន័យ

 • Bridge Relay ៖ Bridge Relay គឺជាកុំព្យូទ័របម្រើ Tor មួយដែលមិនត្រូវបានប្រកាសជាសាធារណៈ។ ប្រសិនបើលោកអ្នកជ្រើសរើសប្រើ Bridge មួយ នោះកុំព្យូទ័របម្រើអាចផ្តល់ឱ្យលោកអ្នកនូវសិទ្ធិចូលប្រើបណ្តាញ Tor ទោះបី Tor ត្រូវបានបិទមិនឱ្យប្រើនៅក្នុងប្រទេសលោកអ្នកក៏ដោយ។

 • Port ៖ នៅក្នុងជំពូកនេះ Port គឺជាចំណុចច្រកចេញចូលមួយ ដែលតាមរយៈវា កម្មវិធីអាចប្រាស្រ័យទាក់ទងជាមួយសេវាដែលដំណើរការនៅក្នុងកុំព្យូទ័រភ្ជាប់ជាបណ្តាញផ្សេងទៀត។ ប្រសិនបើអាសយដ្ឋានទំព័រអ៊ីនធើរណែត(URL)មួយ (ដែលមានដូចជា www.google.com ជាដើម) ផ្តល់ឱ្យលោកអ្នកនូវ'អាសយដ្ឋានផ្លូវ'របស់សេវាមួយ នោះ Port នឹងប្រាប់លោកអ្នកថា តើ'ទ្វារ'ណាដែលត្រូវប្រើនៅពេលលោកអ្នកទៅដល់គោលដៅត្រឹមត្រូវ។ នៅពេលបើកអ៊ីនធើរណែត ជាទូទៅលោកអ្នកប្រើ Port 80 សម្រាប់គេហទំព័រមិនមានសុវត្ថិភាព (http://mail.google.com) និង Port 443 សម្រាប់គេហទំព័រមានសុវត្ថិភាព (https://mail.google.com)។

 • Proxy ៖ Proxy គឺជាកម្មវិធីអន្តការីមួយ ដែលដំណើរការនៅក្នុងកុំព្យូទ័ររបស់លោកអ្នក នៅក្នុងបណ្តាញកុំព្យូទ័រមូលដ្ឋានរបស់លោកអ្នក ឬនៅកន្លែងផ្សេងទៀតនៅលើអ៊ីនធើរណែត ដែលជួយបញ្ជូនទំនាក់ទំនងរបស់លោកអ្នកបន្តទៅកាន់គោលដៅចុងក្រោយរបស់វា។

 • Route ៖ Route គឺជាផ្លូវទំនាក់ទំនងនៅលើអ៊ីនធើរណែត នៅចន្លោះរវាងកុំព្យូទ័ររបស់លោកអ្នកនិងកុំព្យូទ័របម្រើគោលដៅ។