TrueCrypt - កម្មវិធីរក្សាទុកឯកសារដ៏មានសុវត្ថិភាព

កម្មវិធីTruecrypt (ទ្រូឃ្រីប) រក្សាទុកឯកសាររបស់លោកអ្នកយ៉ាងមានសុវត្ថិភាព ដោយការពារអ្នកណាក៏ដោយ ដែលគ្មានពាក្យសម្ងាត់ត្រឹមត្រូវ ពុំអាចបើកមើលឯកសារទាំងនោះបាន។ កម្មវិធីប្រដូចទៅនឹង ទូដែក អេឡិកត្រូនិកមួយ ដែលលោកអ្នកអាចប្រើដើម្បីដើម្បីការពារឯកសាររបស់លោកអ្នកបានយ៉ាងមានសុវត្ថិភាព។

របៀបទាញយកកម្មវិធី TrueCrypt

  • ដោយសារស្ថានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងការវិវឌ្ឍន៍របស់កម្មវិធី TrueCrypt និងកង្វះខាតភាពច្បាស់លាស់ស្ដីពីកំណែក្រោយបំផុត ដែលអាចរកបាននៅលើគេហទំព័រអ្នកអភិវឌ្ឍ (សូមមើលសេចក្តីពន្យល់ដែលនៅក្បែរនោះ) យើងនឹងផ្តល់កំណែ Version 7.1a របស់វិធីនេះ ដែលមានដូចខាងក្រោមនេះ។
  • ចុច លើតំណភ្ជាប់ខាងក្រោម ឲ្យត្រូវទៅតាមប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក ដើម្បីទាញយកកម្មវិធីសម្រាប់ដំឡើងកម្មវិធី
  • រក្សាទុកកម្មវិធីសម្រាប់ដំឡើងកម្មវិធីនេះ ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក បន្ទាប់មក បើកចូល ទៅកម្មវិធីសម្រាប់ដំឡើងកម្មវិធីនេះ រួចចុចផ្ទួន លើឯកសារនោះ
  • បន្ទាប់ពីលោកអ្នកដំឡើងកម្មវិធី TrueCrypt បានយ៉ាងជោគជ័យរួចហើយ លោកអ្នកអាចលុបចោលកម្មវិធីសម្រាប់ដំឡើងកម្មវិធីនេះចេញពីក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។

TrueCrypt:

 

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៤ ទំព័ររបស់អ្នកអភិវឌ្ឍកម្មវិធី TrueCrypt បានចាប់ផ្តើមប្រាប់អ្នកប្រើប្រាស់ថា ការអភិវឌ្ឍកម្មវិធី TrueCrypt ត្រូវបានផ្អាកសិនក្នុងពេលនេះ។ កាលៈទេសៈដែលនៅពីក្រោយស្ថានភាពនេះ នៅពុំទាន់មានអ្នកណាដឹងច្បាស់នៅឡើយទេ។ ទំព័ររបស់អ្នកអភិវឌ្ឍកម្មវិធី TrueCrypt នេះ បានផ្ដល់កំណែ Version 7.2 នៃកម្មវិធី TrueCrypt ដែលមុខងារមួយចំនួនត្រូវបានលុបចោល។ ថ្វីបើមានការបញ្ចេញកំណែថ្មីនេះក៏ដោយ យើងខ្ញុំក៏នៅតែណែនាំ ឲ្យលោកអ្នកបន្តប្រើកំណែ Version 7.1a សិន (សូមមើលពាក្យណែនាំអំពីការទាញយក) រហូតដល់ពេលដែលយើងបានដឹងព័ត៌មានបន្ថែម អំពីរឿងរ៉ាវដែលបានកើតឡើង និងអំពីផែនការសម្រាប់អនាគត នៃការអភិវឌ្ឍកម្មវិធី TrueCrypt។ សម្រាប់ជម្រើសផ្សេងពីកម្មវិធី TrueCrypt សូមមើលផ្នែក "GNU Linux, Mac OS និងកម្មវិធីផ្សេងៗទៀត ដែលអាចប្រើបានជាមួយ Microsoft Windows" នៅក្នុងផ្នែកខាងក្រោម។

ទំព័រដើម

www.truecrypt.org

តម្រូវការរបស់កុំព្យូទ័រ

  • Windows 2000/XP/2003/Vista/7
  • សិទ្ធិអ្នកគ្រប់គ្រង ដែលតម្រូវសម្រាប់ការដំឡើងកម្មវិធី ឬដើម្បីបង្កើតប្រអប់ទិន្នន័យ ប៉ុន្តែមិនអាចចូលមើល ឬប្រើប្រាស់ប្រអប់ទិន្នន័យមានស្រាប់។

កំណែដែលប្រើនៅក្នុងមគ្គុទ្ទេសក៍ណែនាំនេះ

  • 7.1a

កាលបរិច្ឆេទកែសម្រួលចុងក្រោយបំផុតរបស់ជំពូកនេះ

  • ឧសភា ២០១៤

អាជ្ញាប័ណ្ណ

  • កម្មវិធីសេរី និងបើកចំហ

កំណែអាចយកតាមខ្លួនបាន

ឯកសារតម្រូវឱ្យអាន

អត្ថប្រយោជន៍ ដែលលោកអ្នកនឹងទទួលបាន

  • សមត្ថភាព ក្នុងការការពារឯកសាររបស់លោកអ្នកពីអ្នកឈ្លានពាន បានយ៉ាងមានប្រសិទ្ធភាព ឬពីការចូលឬប្រើប្រាស់ដោយគ្មានការអនុញ្ញាត
  • សមត្ថភាព ក្នុងការរក្សាទុកកំណែឯកសារសំខាន់ៗរបស់លោកអ្នកបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព

GNU Linux, Mac OS និងកម្មវិធីផ្សេងៗទៀតដែលអាចប្រើបានជាមួយ Microsoft Windows៖

កំណត់សម្គាល់៖ កំណែកម្មវិធី TrueCrypt ក៏អាចប្រើជាមួយ GNU Linux និង Mac OS ដែរ។

កម្មវិធីជាច្រើនដែលប្រើនៅលើប្រព័ន្ធប្រតិបត្តិការ GNU Linux (ឧ. Ubuntu) អាចប្រើជាមួយមុខងារកូដនីយកម្ម ឬវិកូដនីយកម្មឌីណាមិកចំពោះឌីសទាំងមូល ក្នុងលក្ខណៈជាមុខងារស្តង់ដារមួយ។ លោកអ្នកអាចសម្រេចចិត្តប្រើមុខងារទាំងនោះ នៅពេលលោកអ្នកដំឡើងប្រព័ន្ធនេះ។ លើសពីនេះទៅទៀត យើងខ្ញុំសូមណែនាំ ឲ្យលោកអ្នកបើកដំណើរការកូដនីយកម្មរបស់ថតឯកសារ home ក្នុងអំឡុងពេលដំឡើងកម្មវិធី។ លោកអ្នកអាចបន្ថែមមុខងារកូដនីយកម្មទៅក្នុងប្រព័ន្ធ Linux របស់លោកអ្នក ដោយរួមបញ្ចូលនូវ dm-crypt និង cryptsetup and LUKS។ វិធីសាស្ត្រមួយទៀត គឺត្រូវប្រើ ScramDisk for Linux SD4L ដែលជាកម្មវិធីកូដនីយកម្ម ឬវិកូដនីយកម្មមួយ ដែលមានលក្ខណៈសេរី និងបើកចំហ។

សម្រាប់Mac OS លោកអ្នកអាចប្រើ FileVault ដែលជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការនេះ ដើម្បីផ្តល់នូវមុខងារកូដនីយកម្ម និងវិកូដនីយកម្មដែលមានលក្ខណៈឌីណាមិក សម្រាប់មាតិកាទាំងអស់ដែលមានក្នុងថាសទិន្នន័យទាំងមូលរបស់លោកអ្នក និង/ឬដែលមានក្នុងថតឯកសារ home និងថតឯកសាររងទាំងអស់របស់លោកអ្នក។

សម្រាប់កម្មវិធីជម្រើសផ្សេងមួយដែលប្រើលើMicrosoft Windows យើងខ្ញុំសូមណែនាំឲ្យប្រើ៖

  • DiskCryptor ជាកម្មវិធីកូដនីយកម្ម ដែលមានលក្ខណៈសេរី និងបើកចំហមួយ ដែលផ្តល់មុខងារធ្វើកូដនីយកម្មដល់គ្រប់ផ្នែកនៃថាស រាប់បញ្ចូលទាំងផ្នែកនៃប្រព័ន្ធប្រតិបត្តិការផងដែរ។
  • AxCrypt ជាកម្មវិធីសេរី និងបើកចំហមួយ ដែលអាចធ្វើកូដនីយកម្មឯកសារដាច់ដោយឡែកពីគ្នា។

នៅក្នុងកំណែ MS Windows 7 Ultimate ឬ Enterprise editions ឬ MS Windows 8 Pro និង Enterprise editions លោកអ្នកនឹងឃើញមានកម្មវិធី BitLocker ដែលអាចប្រើដើម្បីធ្វើកូដនីយកម្មថាសទិន្នន័យទាំងមូល។ សូមកត់សម្គាល់ថា BitLocker គឺជាកម្មវិធីជាប់កម្មសិទ្ធ មានលក្ខណៈបិទ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Microsoft ហើយកម្មវិធីនេះ មិនត្រូវបានធ្វើសវនកម្មដោយឯករាជ្យដើម្បីបញ្ជាក់អំពីកម្រិតការពារ និងកម្រិតភាពឯកជន ដែលកម្មវិធីនេះផ្តល់សម្រាប់ព័ត៌មានរបស់លោកអ្នកឡើយ។

១.១ ប្រការគួរយល់ដឹងអំពីកម្មវិធីនេះ មុនពេលលោកអ្នកចាប់ផ្តើមប្រើ

កម្មវិធី TrueCrypt នឹងការពារទិន្នន័យរបស់លោកអ្នក មិនឲ្យគេចូលមើលឬប្រើបាន ការពារដោយប្រើពាក្យសម្ងាត់ ដែលនឹងបង្កើតដោយលោកអ្នក។ ប្រសិនបើលោកអ្នកភ្លេចពាក្យសម្ងាត់នេះ លោកអ្នកនឹងបាត់បង់សិទ្ធិចូលប្រើទិន្នន័យរបស់ខ្លួន! កម្មវិធី TrueCrypt ប្រើដំណើរការមួយមានឈ្មោះថា កូដនីយកម្មដើម្បីការពារឯកសាររបស់លោកអ្នក។ សូមចងចាំថា ការប្រើវិធីធ្វើកូដនីយកម្ម គឺខុសច្បាប់ក្នុងប្រទេសមួយចំនួន។ ជាជាងការធ្វើកូដនីយកម្មនូវឯកសារជាក់លាក់ណាមួយ កម្មវិធី TrueCrypt បង្កើតតំបន់ការពារមួយ ដែលមានឈ្មោះថា ប្រអប់ទិន្នន័យ ក្នុងកុំព្យូទ័ររបស់លោកអ្នក។ លោកអ្នកអាចរក្សាទុកនូវឯកសាររបស់លោកអ្នកនៅក្នុងប្រអប់ទិន្នន័យដែលត្រូវបានធ្វើកូដនីយកម្មនេះបានដោយសុវត្ថិភាព។

កម្មវិធី TrueCrypt អាចឲ្យលោកអ្នកបង្កើតប្រអប់ទិន្នន័យដែលត្រូវបានធ្វើកូដនីយកម្មមួយ ឬប្រអប់ទិន្នន័យលាក់កំបាំងមួយ។ ប្រអប់ទិន្នន័យប្រភេទនីមួយៗ នឹងរក្សាទុកឯកសាររបស់លោកអ្នកជាសម្ងាត់ ប៉ុន្តែប្រអប់ទិន្នន័យលាក់កំបាំង អនុញ្ញាតឲ្យលោកអ្នកលាក់ព័ត៌មានរសើបនៅក្រោយព័ត៌មានមិនសូវសំខាន់ ដើម្បីការពារព័ត៌មាននោះ នៅពេលលោកអ្នកត្រូវបានបង្ខំឲ្យបើកបង្ហាញប្រអប់ទិន្នន័យ TrueCrypt របស់លោកអ្នក។ មគ្គុទ្ទេសក៍ណែនាំនេះ មានពន្យល់លម្អិតអំពីប្រភេទប្រអប់ទិន្នន័យទាំងពីរនេះ។